យ៉ូហាន ១៤:១៥–៣១
ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១-១៤ យើងបានរៀនថា ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា ទ្រង់ស្គាល់សេចក្តីពិត ឬទ្រង់បង្រៀនអំពីសេចក្តីពិតទេ ប៉ុន្តែទ្រង់ក៏មានបន្ទូលថា ទ្រង់គឺជាសេចក្តីពិតនោះឯងផងដែរ។ ព្រះយេស៊ូវបានបង្រៀនសេចក្តីពិតនេះនៅយប់មុនថ្ងៃដែលទ្រង់បានសុគត ហើយគោលបំណងនៃសេចក្តីបង្រៀននេះគឺដើម្បីពន្យល់អំពីអ្វី ដែលព្រះយេស៊ូវបានសំរេចតាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ មនុស្សជាច្រើនត្អូញត្អែរអំពីសេចក្តីបង្រៀននេះដែលថា ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់។ ពួកគេនិយាយថា គំនិតនេះតូចចង្អៀតណាស់។ ប៉ុន្តែយើងមិនគួរត្អូញត្អែរថា ព្រះបានប្រទានផ្លូវតែមួយនោះទេ ពីព្រោះយើងត្រូវការផ្លូវតែមួយ ហើយព្រះបានប្រទានផ្លូវនោះ តាមរយៈសេចក្តីមេត្តាករុណា និងព្រះរាជបុត្រាតែមួយរបស់ទ្រង់ផ្ទាល់។
សូមអានយ៉ូហាន ១៤:១៥-៣១ ទាំងមូល។
ចូរអាន ខ.១៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
បើយើងស្រឡាញ់ព្រះគ្រីស្ទ តើយើងនឹងធ្វើអ្វីខ្លះ?
ការពន្យល់ និងការអនុវត្ត៖ ការស្រលាញ់ព្រះយេស៊ូវមិនគ្រាន់តែជាការមានអារម្មណ៍វិជ្ចមាននិងអរសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការស្តាប់បង្គាប់ដល់ទ្រង់ផងដែរ។ តើអ្នកបង្ហាញថា អ្នកស្រលាញ់ព្រះយេស៊ូវ តាមរយៈការស្តាប់បង្គាប់ទ្រង់ដែរឬទេ?
ចូរអាន ខ.១៦-២១។
តើព្រះនាម (ឬឋានន្តរ) អ្វីដែលព្រះយេស៊ូវប្រទានដល់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ. ១៦និង១៧?
ហេតុអ្វីបានជាមនុស្សលោកពុំអាចទទួលព្រះវិញ្ញាណបរិសុទ្ធបាន?
ការពន្យល់ និងការអនុវត្ត៖ ចូរចងចាំថា ពួកសិស្សបានថប់បារម្ភ ដោយព្រោះព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងចាកចេញពីពួកគេ ហើយពួកគេមិនអាចទៅតាមទ្រង់បានទេ។ នៅក្នុង១៤:១-៦ ព្រះយេស៊ូវបានពន្យល់ថា វាជាការល្អសំរាប់ពួកគេ ដែលទ្រង់នឹងចាកចេញទៅ ពីព្រោះទ្រង់នឹងយាងទៅដើម្បីរៀបចំកន្លែងមួយសំរាប់ពួកគេ នៅក្នុងដំណាក់របស់ព្រះវរបិតា។ ឥឡូវនេះ ព្រះយេស៊ូវប្រទានហេតុផលទីពីរ ដែលវាជាការល្អ ដែលទ្រង់ចាកចេញទៅ គឺដោយព្រោះទ្រង់នឹងយាងទៅឯព្រះវរបិតា នោះទ្រង់និងព្រះវរបិតានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់ពួកគេ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមក នឹងជាការប្រសើរ ពីព្រោះព្រះយេស៊ូវនឹងចាកចេញពីពួកគេខាងសាច់ឈាម ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេជារៀងរហូត (ខ. ១៦)។ លើសពីនេះទៅទៀត ព្រះយេស៊ូវនឹងមិនបោះបង់ពួកគេចោល(ចេញទៅដោយមិនត្រលប់មកវិញ)ទេ ពីព្រោះនៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមក នោះព្រះយេស៊ូវនិងព្រះវរបិតាគង់នៅជាមួយពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធវិញ។ ពេលខ្លះយើងគិតថា វាជាការអស្ចារ្យដែលធ្វើជាសិស្សម្នាក់ ដែលបានដើរជាមួយព្រះយេស៊ូវ។ បាទ វាពិតជាអស្ចារ្យមែន ប៉ុន្តែការមានព្រះវិញ្ញាណបរិសុទ្ធ និងមានព្រះយេស៊ូវនិងព្រះវរបិតាគង់ជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធនោះគឺប្រសើរខ្លាំងជាង ។
ព្រះយេស៊ូវបានសន្យានឹងបញ្ជូនព្រះដ៏ជាជំនួយ «មួយអង្គទៀត» ដើម្បីកុំអោយពួកសិស្សរបស់ទ្រង់ត្រូវចោលអោយនៅកំព្រា (១៤:១៨)។ ព្រះដ៏ជាជំនួយ ដែលនឹងយាងមក បានជំនួសវត្តមានខាងសាច់ឈាមរបស់ព្រះយេស៊ូវ ហើយបន្ទាប់ពីការយាងចាកចេញរបស់ព្រះយេស៊ូវ នោះព្រះដ៏ជាជំនួយនឹងធ្វើសំរាប់ពួកសិស្សនូវអ្វីដែលព្រះយេស៊ូវបានធ្វើសំរាប់ពួកគេពីមុន។ ធ្វើដូចជាព្រះយេស៊ូវបានធ្វើដែរគឺ ព្រះដ៏ជាជំនួយកំសាន្តចិត្តនិងបង្រៀនពួកសិស្ស នាំពួកសិស្សចូលក្នុងគ្រប់ទាំងសេចក្តីពិត ហើយប្រាប់ពួកគេអំពីកិច្ចការដែលនឹងត្រូវមកដល់។
ពាក្យ «លោកិយ» នៅក្នុងខ. ១៧ សំដៅទៅលើមនុស្សដែលបដិសេធព្រះយេស៊ូវ។
ចូរអាន ខ.២២-២៤។
តើ យូដាសបានសួរអ្វីខ្លះ?
តើ ព្រះយេស៊ូវបានឆ្លើយយ៉ាងម៉េច?
ពាក្យ ដែលព្រះយេស៊ូវនិយាយ ជាព្រះបន្ទូលរបស់នរណា?
ការពន្យល់៖ ព្រះយេស៊ូវបានមានបន្ទូលនៅក្នុង១៤:១-៤ ថា ទ្រង់នឹងចាកចេញទៅរៀបចំកន្លែងមួយសំរាប់យើង នៅក្នុងដំណាក់របស់ព្រះវរបិតា។ យើងរង់ចាំស្ថានសួគ៌ សំរាប់ការនេះត្រូវបានបំពេញសំរេច។ ប៉ុន្តែនៅពេលយើងកំពុងរង់ចាំការនេះ ព្រះវរបិតានិងព្រះរាជបុត្រាយាងមកកាន់យើង រៀបចំដំណាក់របស់ទ្រង់ជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ តាមរយៈការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ឥឡូវនេះយើងទទួលបានជីវ្ហាវិញ្ញាណពីអ្វី ដែលយើងនឹងទទួលបាននៅលើស្ថានសួគ៌។ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ ទ្រង់នឹងសំដែងអង្គទ្រង់ទៅកាន់លោកិយទាំងមូល ប៉ុន្តែឥឡូវនេះ តែអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលស្រលាញ់និងស្តាប់បង្គាប់ព្រះយេស៊ូវ នឹងបានស្គាល់ទ្រង់។
ចូរអាន ខ.២៥-២៧។
តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើអ្វីសំរាប់ពួកសិស្ស?
តើ ព្រះយេស៊ូវសន្យាថា ទ្រង់នឹងប្រទានអ្វី?
ការពន្យល់ និងការអនុវត្ត៖ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនពួកសិស្សពី «គ្រប់សេចក្តីទាំងអស់»។ «គ្រប់សេចក្តីទាំងអស់» មិនមានន័យថា យើងអាចដឹងអំពីប្រធានបទទាំងអស់ទេ ប៉ុន្តែដឹងគ្រប់សេចក្តីទាំងអស់ដែលព្រះទ្រង់ផ្ទាល់បានបង្រៀនពួកគេ។ ទ្រង់នឹងរំលឹកពួកសិស្សពី «គ្រប់សេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាដែរ»។ សេចក្តីសន្យានេះសំខាន់ណាស់សំរាប់សព្វថ្ងៃនេះ ពីព្រោះវាគឺជាទីបន្ទាល់អំពីព្រះយេស៊ូវ ដែលពួកសិស្សបានសរសេរកត់ត្រាចុះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានជួយពួកគេអោយយល់និងចងចាំគ្រប់ទាំងសេចក្តីពិត ដែលព្រះយេស៊ូវបានបង្រៀនពួកគេ សូម្បីតែនៅពេលទ្រង់បានបង្រៀនហើយពួកគេមិនបានយល់ក៏ដោយ។ ដូច្នេះ យើងអាចជឿទុកចិត្តលើព្រះគម្ពីរសញ្ញាថ្មីបាន។ ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកហោរាក្លែងក្លាយបានប្រកាសអំពីសន្តិភាព ប៉ុន្តែមិនបានមានសន្តិភាពនោះទេ (យេរេមា ៦:១៣-១៤)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សន្តិភាពរបស់ចក្រភពរ៉ូមបានមកពីកំឡាំងរបស់កងទ័ពរ៉ូម៉ាំង។ នៅក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម ប្រជាជនអាចមិនមានទុក្ខលំបាក ប៉ុន្តែវាមិនមែនជាសន្តិភាពពិតប្រាកដនៅក្នុងចិត្តឡើយ។ នៅពេលព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងប្រទានសេចក្តីសុខសាន្តរបស់ទ្រង់ទៅអោយពួកសិស្សរបស់ទ្រង់ គឺទ្រង់កំពុងមានបន្ទូលអំពីសេចក្តីសុខសាន្តនៃចិត្តក្នុងកណ្តាលទុក្ខលំបាកនិងការបៀតបៀនជាច្រើន ដែលជាសេចក្តីសុខសាន្តដែលពួកគេនឹងទទួលបានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ សេចក្តីសុខសាន្តដែលព្រះយេស៊ូវប្រទានមិនមានន័យថា យើងនឹងមិនមានបញ្ហានោះទេ (១៦:៣៣) ប៉ុន្តែវាជា សេចក្តីសុខសាន្តដែលចេញមកពីការដែលយើងដឹងថា យើងជារបស់ព្រះ។ ជារឿយៗ លោកិយចង់បានសន្តិភាព ដែលលោកិយអាចផ្តល់អោយ ដូចជាអ្វីដែលចក្រភពរ៉ូមអាចផ្តល់អោយផងដែរ។ តើអ្នកផ្តល់តំលៃលើសន្តិភាពនៅក្នុងលោកិយខ្លាំងជាងសេចក្តីសុខសាន្តដែលព្រះយេស៊ូវប្រទានអោយដែរឬទេ?
ចូរអាន ខ.២៨-៣១។
ហេតុអ្វីបានជាពួកសិស្សគួរតែសប្បាយចិត្តដោយព្រោះព្រះយេស៊ូវនឹងទៅឯព្រះវរបិតា?
តើ ព្រះយេស៊ូវធ្វើតាមបង្គាប់ព្រះវរបិតាទៅដល់ឈើឆ្កាងដើម្បីអ្វី?
ការពន្យល់ និងការអនុវត្ត៖ «ចៅហ្វាយរបស់លោកិយនេះ» សំដៅទៅលើមារសាតាំង។ ទោះបីជាការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងគឺជាផែនការណ៍របស់ព្រះវរបិតាក៏ដោយ ក៏ការសុគតរបស់ព្រះយេស៊ូវជាសកម្មភាពរបស់មារសាតាំងផងដែរ។
ជាធម្មតា នៅពេលមនុស្សគិតអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ពួកគេគិតអំពីរបៀបដែលការសុគតនេះបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះចំពោះលោកិយ។ បាទ ការសុគតរបស់ព្រះយេស៊ូវពិតជាបង្ហាញអំពី សេចក្តីស្រលាញ់របស់ព្រះចំពោះលោកិយមែន ប៉ុន្តែនៅទីនេះ ព្រះយេស៊ូវបង្រៀនថា ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងបង្រៀនអំពីសេចក្តីស្រលាញ់របស់ទ្រង់ចំពោះព្រះវរបិតារបស់ទ្រង់។ មនុស្សជាញឹកញាប់បានភ្លេចចំនុចមួយនេះអំពីឈើឆ្កាង។ យើងមានភាពអាត្មានិយមណាស់ ប្រសិនបើយើងគ្រាន់តែគិតអំពីសេចក្តីស្រលាញ់របស់ព្រះសំរាប់យើង ហើយមិនគិតអំពីសេចក្តីស្រលាញ់របស់ព្រះរាជបុត្រាចំពោះព្រះវរបិតានោះ។ លើសពីនេះ ព្រះយេស៊ូវបានមានបន្ទូលថា លោកិយត្រូវតែរៀនអំពីការនេះ។ យើងត្រូវតែកែការយល់ដឹងខ្សោយរបស់យើងអំពីឈើឆ្កាង ហើយអោយតំលៃលើអ្វីដែលឈើឆ្កាងបើកសំដែងអំពីព្រះ។ យើងត្រូវតែបង្រៀនថា ឈើឆ្កាងបើកសំដែងសេចក្តីស្រលាញ់របស់ព្រះរាជបុត្រាចំពោះព្រះវរបិតា។ ឈើឆ្កាងបង្ហាញថា ព្រះយេស៊ូវបានបំពេញសំរេចការទទួលខុសត្រូវរបស់មនុស្ស ដែលត្រូវស្រលាញ់ព្រះលើសជាងអ្វីៗទាំងអស់ ពីព្រោះទ្រង់បានស្រលាញ់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌របស់ទ្រង់ ជាងព្រះជន្មរបស់ទ្រង់ ហើយបានបង្ហាញសេចក្តីស្រលាញ់របស់ទ្រង់ ដោយធ្វើតាមបញ្ជារហូតដល់សោយទិវង្គតលើឈើឆ្កាង។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះអំពីព្រះនៅក្នុងយ៉ូហាន ១៤:១៥–៣១?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
ខ្ញុំត្រូវកែកាន់តាមបញ្ញាត្តរបស់ព្រះដោយស្រឡាញ់ និងស្តាប់បង្គាប់។