តើអ្វីសំខាន់បំផុតសំរាប់ព្រះ? What is most important to God?

What is most important to God pdf download

តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ?

ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ (អេសេគាល​ ៣៦:២២)

ដ្បិត​ចាប់​តាំង ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង (ម៉ាឡាគី​ ១:១១)

សូម​ឱ្យ​ព្រះនាម​ទ្រង់ បាន​បរិសុទ្ធ (ម៉ាថាយ​ ៦:៩)

ជារឿយៗ ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​ថា តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ? ជា​ធម្មតា ពួកគេ​ឆ្លើយ​ថា «មនុស្ស» «មនុស្ស​មាន​បាប»       «លោកិយ» «ការ​ស្តាប់​បង្គាប់» «សេចក្តី​សង្គ្រោះ»…។ល។​ ចំលើយ​ទាំង​នេះ​ដាក់​មនុស្ស​នៅ​កណ្តាល​ ហើយ​និយាយ​ថា មនុស្ស​មាន​សារៈសំខាន់​បំផុត​សំរាប់​ព្រះ។ ប៉ុន្តែ​ការ​នេះ​បង្ហាញ​អំពី​សេចក្តីជំនឿ ដែល​មិន​ដើរ​តាម​ព្រះ​គម្ពីរ​ទេ ពីព្រោះ​នៅ​ក្នុង​ព្រះគម្ពីរ ព្រះ​បើក​សំដែង​ថា ទ្រង់​គឺ​ជា​ចំនុច​កណ្តាល ដែល​ទ្រង់​មាន​សារៈសំខាន់​បំផុត ហើយ​ការ​ពិត​អ្វី​ដែល​សំខាន់​បំផុត​សំរាប់​ព្រះ​គឺ ព្រះ​ទ្រង់​ផ្ទាល់ គឺ​សិរីល្អ​របស់​ទ្រង់​ផ្ទាល់ ព្រះ​កិត្តិនាម​របស់​ទ្រង់​ផ្ទាល់ និង​ព្រះនាម​របស់​ទ្រង់​ផ្ទាល់។ នៅ​ខាង​ក្រោម​នេះ យើង​នឹង​មើល​លើ​បទ​គម្ពីរ​ផ្សេងៗ​នៅក្នុង​ព្រះគម្ពីរ ដែល​បង្ហាញ​អំពី​សេចក្តី​ពិត​នេះ។​

បទ​គម្ពីរ​ដែល​បង្ហាញ​អំពី​ការ​សំខាន់​បំផុត​សំរាប់​ព្រះ​គឺ​ព្រះ​និង​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់

អេសេគាល ៣៦:១៩៣២៖ នៅ​ក្នុង​សញ្ញាចាស់អ៊ីស្រាអែល​ គឺជា​រាស្រ្ត​ពិសេស​របស់​ព្រះ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ​ នោះ​ព្រះ​បាន​បញ្ជូន​ពួកគេ​ទៅ​ក្នុង​ការ​និរទេស​ទៅ​បាប៊ីឡូន។ ព្រះ​បាន​បញ្ជូន​អេសេគាល​ ទៅ​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​និរទេស​នោះ។ តាម​រយៈ​អេសេគាល ព្រះ​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​និរទេស​ថា ព្រះ​នឹង​សង្គ្រោះ​ពួកគេ ហើយ​ក៏​ទាយ​ផង​ដែរ​អំពី​សម័យ​ថ្មី​ ដែល​ព្រះ​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​រាស្ត្រ​របស់​ទ្រង់។ សូម​កត់​សំគាល់​នៅ​ក្នុង​ជំពូក​នេះ​ថា ព្រះ​ព្រួយ​ព្រះទ័យ​ ដែល​អ៊ីស្រាអែល​បាន​បង្អាប់​ព្រះនាម​របស់​ទ្រង់​ ដោយ​អត្តចរិត​អាក្រក់​របស់​ពួកគេ (ខ. ២០-២៣) ហើយ​ទ្រង់​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា នៅពេល​ទ្រង់​សង្គ្រោះ​ពួកគេ មិន​មែន​ជា​ប្រយោជន៍​របស់​ពួកគេ​ទេ ប៉ុន្តែ​សំរាប់​ជា​ប្រយោជន៍​ដល់ ​(ដោយ​យល់​ដល់) ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ។ ដូច្នេះ ព្រះ​កំពុង​មាន​បន្ទូល​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​មិន​មែន​ជា​សេចក្តី​សង្គ្រោះ​របស់​ពួកគេ​ទេ​ ប៉ុន្តែ​ជា​កេរ្តិ៍ឈ្មោះ  ដែល​ជា​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់      ​វិញ។

និក្ខមនំ ៩:១៣១៦៖ កណ្ឌ​និក្ខមនំ​កត់​ត្រា​អំពី​រឿង​ល្បីល្បាញ​អំពី​ព្រះ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​អេស៊ីព្ទ។ តើ​ហេតុ​អ្វី​ព្រះ​បាន​ធ្វើ​ការ​នេះ? ជា​ធម្មតា មនុស្ស​ឆ្លើយ​ថា ដោយ​ព្រោះ​ព្រះ​បាន​ស្រលាញ់​អ៊ីស្រាអែល ដែល​ជា​រាស្ត្រ​របស់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ទត​ឃើញ​ពួកគេ​មាន​ការ​កៀប​សង្កត់ ហើយ​ព្រះ​ប្រឆាំង​នឹង​ការ​កៀប​សង្កត់។ នេះ​គឺ​ជា​ការ​ពិត ប៉ុន្តែ​នៅ​មាន​ចំលើយ​ច្រើន​ជាង​នេះ​ទៀត​ ដូច​ជា​ព្រះ​បាន​ធ្វើ​ការ​នេះ ដោយ​ព្រោះ​ទ្រង់​បាន​នឹក​ចាំ​អំពី​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​អ័ប្រាហាំ   អ៊ីសាក និង​យ៉ាកុប (និក្ខមនំ ២:២៤)។ ប៉ុន្តែ​ក៏​នៅ​មាន​ចំលើយ​ច្រើន​ជាង​នេះ​ទៀត​ផង​ដែរ។ តើ​ហេតុ​អ្វី​ព្រះ​នាំ​ការ​វិនាស​មក​លើ​អេស៊ីព្ទ? ប្រសិន​បើ​ព្រះ​ស្រលាញ់​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​គឺជា​អ្វី​ដែល​សំខាន់​បំផុត​សំរាប់​ព្រះអង្គ​ ចុះ​ហេតុអ្វីបានជា​ទ្រង់​មិន​សង្គ្រោះ​អ៊ីស្រាអែល ហើយ​ទុក​អេស៊ីព្ទ​អោយ​នៅ​ដដែល​ទៅ? ទ្រង់​មាន​អំណាច​ធ្វើ​ការ​នេះ ប៉ុន្តែ​ទ្រង់​មិន​បាន​ធ្វើ​ទេ តែ​បាន​នាំ​គ្រោះ​កាច​ទាំង​ដប់​មក​លើ​អេស៊ីព្ទ​វិញ។ តើ​ហេតុអ្វី? និក្ខមនំ ៩:១៣-១៦ ជួយ​ឆ្លើយ​នឹង​សំនួរ​នេះ។ បទ​គម្ពីរ​នេះ​បង្ហាញ​ថា ព្រះ​បាន​ធ្វើ​អោយ​ផារ៉ោន​មាន​ចិត្ត​រឹង ដើម្បី​អោយ​ព្រះ​អាច​បង្កើត​គ្រោះ​កាច​ទាំង​ដប់​នេះ ដើម្បី អោយ​ព្រះនាម​របស់​ទ្រង់​នឹង​ត្រូវ​បាន​ប្រកាស​ទូទាំង​ផែនដី។ ព្រះ​បាន​នាំ​ការ​វិនាស​មក​លើ​អេស៊ីព្ទ (រួម​ទាំង​ការ​សំឡាប់​កូន​ប្រុស​ច្បង​របស់​ពួកគេ) ដើម្បី​អោយ​ព្រះនាម​របស់​ទ្រង់​ត្រូវ​បាន​ប្រកាស​ទូទាំង​ផែនដី។ ការ​នេះ​បើក​សំដែង​ថា ព្រះនាម​របស់​ព្រះ​គឺជា    ​អាទិភាព​ខ្ពស់​បំផុត។ តាមរយៈ​ការ​នាំ​គ្រោះ​កាច​មក​លើ​ពួកគេ ព្រះ​បាន​បង្ហាញ​អំពី​អំណាច​របស់​ទ្រង់ ហើយ​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​គ្រប់​គ្រង​លើ​ស្នាព្រះហស្ត​ ហើយ​រូប​ព្រះ​របស់​ជនជាតិ​អេស៊ីព្ទ​មិន​គ្រប់​គ្រង​ឡើយ។

ទំនុកដំកើង ១០៦:៨ អេសេគាល ២០:១៤៖ នៅ​ពេល​ព្រះ​បាន​បញ្ចប់​ការ​អស្ចារ្យ​របស់​ទ្រង់ ជនជាតិ​អ៊ីស្រាអែល​ក៏​បាន​បំភ្លេច​ព្រះ​ ហើយ​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​លឿន​ ដូច្នេះ​ហេតុអ្វី​ទ្រង់​បាន​សង្គ្រោះ​ពួកគេ? បទ​គម្ពីរ​ទាំងនេះ​បង្ហាញ​ថា ព្រះ​បាន​សង្គ្រោះ​ពួកគេ «ដោយ​យល់​ដល់​ព្រះ​នាម​របស់​ទ្រង់​» (ទំនុកដំកើង ១០៦:៨)។

លេវីវិន័យ ១០:៣៖ ណាដាប​និង​អ័ប៊ីហ៊ូវ​ ​មិនបាន​ស្តាប់​បង្គាប់​សេចក្តី​បង្គាប់​របស់​ព្រះ ហើយ​ព្រះ​បាន​សំឡាប់​ពួក​គេ​     ភ្លាមៗ។ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​បាន​ធ្វើ​ដូច្នេះ? បទ​គម្ពីរ​នេះ​ប្រាប់​យើង​ថា ព្រះ​បាន​សំឡាប់​ណាដាប​និង​អ័ប៊ីហ៊ូវ ដើម្បី​បង្ហាញ​ថា ទ្រង់​បរិសុទ្ធ ហើយ​មនុស្ស​ត្រូវ​គោរព​ទ្រង់​ដែល​បរិសុទ្ធ។ ប្រសិន​បើ​មនុស្ស​តែង​តែ​សំខាន់​បំផុត​សំរាប់​ព្រះ ​សំខាន់​ជាង​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​សំឡាប់​ពួក​គេ​ឡើយ។

ជនគណនា ២៥:១៣៖ នៅ​ក្នុង​ជនគណនា ២៥ ព្រះ​បាន​នាំ​គ្រោះ​កាច​មួយ​ទាស់​នឹង​រាស្ត្រ​ជាច្រើន​របស់​ទ្រង់ ពីព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​អសីលធម៌​ផ្លូវ​ភេទ ហើយ​បាន​ថ្វាយ​ដង្វាយ​ដល់​ពួក​ព្រះ​ក្លែង​ក្លាយ។ ភីនេហាស​បាន​សំឡាប់​ជនជាតិ          ​អ៊ីស្រាអែល​ម្នាក់​និង​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។ ព្រះ​សព្វ​ហឫទ័យ​ចំពោះ​ទង្វើ​របស់​ភីនេហាស។ តើ​ហេតុ​អ្វី? ពីព្រោះ​ភីនេហាស​បាន​ឆេះ​ឆួល​សំរាប់​កិត្តិនាម​របស់​ព្រះ ដូចជា​ព្រះ​ឆេះឆួល​សំរាប់​កិត្តិនាម​របស់​ទ្រង់​ផ្ទាល់​ដែរ (ខ. ១១)។ ម្តង​ទៀត ប្រសិន​បើ​មនុស្ស​និង​សុភមង្គល និង​សុខមាលភាព​របស់​មនុស្ស​គឺ​ជា​អ្វី ដែល​សំខាន់​បំផុត​សំរាប់​ព្រះ នោះ​ព្រះ​នឹង​មិន​នាំ​ការ​វិនាស​បែប​នេះ​មក​លើ​រាស្ត្រ​របស់​ទ្រង់​ផ្ទាល់​នោះ​ឡើយ។ ប៉ុន្តែ​ទង្វើ​នេះ​កើត​ឡើង​ដោយ​ភាព​ឆេះឆួល​របស់​ទ្រង់​សំរាប់​កិត្តិនាម​របស់​ទ្រង់។

ទំនុកដំកើង ១៩:; អេសាយ ៤៣:៧; ១ពេត្រុស ២:៩៖ តើ​ហេតុអ្វី​បាន​ជា​ព្រះ​បាន​បង្កើត​លោកិយ? តើ​ហេតុ​អ្វី​បាន​ជា ព្រះ​បាន​បង្កើត​អ៊ីស្រាអែល ឬ​ពួកជំនុំ? ចំលើយ​ទាំង​អស់​គឺថា ព្រះ​បាន​បង្កើត​យើង​មក​សំរាប់​សិរីល្អ​របស់​ទ្រង់។

១សាំយូអែល ១២:២២; អេសាយ ៤៨:៩-១១៖ នៅពេល​អ៊ីស្រាអែល​បាន​បន្ត​បះបោរ​ប្រឆាំង​នឹង​ទ្រង់ ហេតុអ្វី​បាន​ជា​ព្រះ​មិន​បាន​បដិសេធ​ពួកគេ? បទ​គម្ពីរ​ទាំង​នេះ​បង្រៀន​ថា មិន​មែន​ដោយ​សារ​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ទ្រង់​សំរាប់​មនុស្ស​ទេ ប៉ុន្តែ​សំរាប់​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​វិញ។ ទ្រង់​នឹង​មិន​បដិសេធ​ពួកគេ ដោយ​យល់​ដល់​ព្រះ​នាម​របស់​ទ្រង់។ ព្រះ​មាន​បន្ទូល​ថា ទ្រង់​ដក​យក​សេចក្តី​ក្រោធ​របស់​ទ្រង់​វិញ​ ដោយ​យល់​ដល់​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់ ​ទ្រង់​មិន​អោយ​សិរីល្អ​របស់​ទ្រង់​ដល់​អ្នកដទៃ​ឡើយ។ ​និយាយ​តាម​របៀប​ផ្សេង គឺ​ទ្រង់​នឹង​បំផ្លាញ​មនុស្ស​ ប៉ុន្តែ​ដោយ​សារ​ការ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់​នោះ​ទេ ​ទ្រង់​មិន​បាន​បំផ្លាញ​ឡើយ។ តើ​ការ​នេះ​បើក​សំដែង​អ្វី​ខ្លះ​អំពី​អាទិភាព​របស់​ព្រះ?

ម៉ាឡាគី ១:១១៖ ខ​គម្ពីរ​នេះ​បញ្ជាក់​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ដើម្បី​អោយ​ព្រះនាម​របស់​ទ្រង់​បាន​ដំកើង​ឡើង​ពាស​ពេញ​លើ​ផែនដី។

ម៉ាថាយ ៦:១០៖ នៅ​ក្នុង​គំរូ​សេចក្តី​អធិស្ឋាន​របស់​ព្រះយេស៊ូវ ការ​ដំបូង ​ដែល​ទ្រង់​បង្រៀន​យើង​អោយ​អធិស្ឋាន​នោះ មិន​មែន​អំពី​យើង​និង​សេចក្តី​ត្រូវ​ការ​របស់​យើង​ទេ ប៉ុន្តែ​អោយ​អធិស្ឋាន​ថា​ព្រះ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ ​

យ៉ូហាន​ ១៧:៥៖ ​យ៉ូហាន ១៧ គឺ​ជា​សេចក្តី​អធិស្ឋាន​របស់​ព្រះគ្រីស្ទ​វែង​ជាង​គេ​នៅ​ក្នុង​ព្រះគម្ពីរ។ ទ្រង់​អធិស្ឋាន​សំរាប់​ការ​ខ្លះៗ ប៉ុន្តែ​ការ​ដំបូង​គេ​ទ្រង់​អធិស្ឋាន​សំរាប់​នោះ​គឺ អង្គ​ទ្រង់​ផ្ទាល់ ហើយ​អោយ​ទ្រង់​បាន​ទទួល​សិរីល្អ​នៅ​លើ​ស្ថាន​សួគ៌។ វា​ជា​ការ​ត្រឹម​ត្រូវ​ ដែល​ព្រះ​យេស៊ូវ​ធ្វើ​ដូចនេះ (សូម​មើល​ខាង​ក្រោម​)។

រ៉ូម ១:, ៣យ៉ូហាន ៧៖ បេសកកម្ម​ក្នុង​ការ​ហៅ​មនុស្ស​អោយ​ជឿ​លើ​ព្រះយេស៊ូវ​គឺ​សំរាប់​ព្រះនាម​របស់​ព្រះ​និង​ព្រះ    ​យេស៊ូវ។

អេភេសូរ ១:១១១២៖ ​ព្រះ​បាន​សង្គ្រោះ​យើង​សំរាប់​គោល​បំណង​អោយ​គេ​សរសើរ​ដំកើង​សិរីល្អ​របស់​ទ្រង់។

ភីលីព ២:១១៖ អនាគត​នៃ​មនុស្ស​ម្នាក់ៗ​គឺ​ថា ពួកគេ​ថ្លែង​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះអម្ចាស់ ប៉ុន្តែ​ការ​នេះ​ដើម្បី​លើក​តម្កើង​សិរី​រុង​រឿង​ព្រះជាម្ចាស់​ជា​ព្រះ​វរបិតា។ ដូច្នេះ គោលដៅ​ដែល​គ្រប់​ទាំងអស់​កំពុង​ឆ្ពោះ​ទៅ​មុខ​គឺ​សំរាប់​សិរីល្អ​របស់​ព្រះ។

វិវរណៈ ៤:១១៖ គ្រីស្ទ​បរិស័ទ​ដឹង​ថា យើង​នឹង​សរសើរ​ដំកើង​ព្រះ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ប៉ុន្តែ​ជា​ញឹកញាប់​មិន​គិត​អំពី​អត្ថន័យ​របស់​ការ​នេះ​ទេ។ ស្ថានសួគ៌ (​ហើយ​ស្ថានសួគ៌​ថ្មី និង​ផែនដី​ថ្មី) គឺ​ជា​កន្លែង​ឥត​ខ្ចោះ យោង​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ថា អ្វី​ជា​ឥត​ខ្ចោះ។ ​ព្រះ​មាន​បំណង​ព្រះហឫទ័យ​អោយ​មនុស្ស​សរសើរ​ដំកើង​និង​ថ្វាយ​បង្គំ​ទ្រង់​អស់កល្បជានិច្ច។ ការ​នេះ​មិន​គ្រាន់​តែ​ជា​អ្វី ដែល​យើង​ធ្វើ​ដើម្បី​ឆ្លើយ​តប​ប៉ុណ្ណោះទេ ប៉ុន្តែ​ជា​អ្វី​ដែល​ព្រះ​ធ្វើ​អោយ​កើត​ឡើង​ដោយ​អំណាច​របស់​ទ្រង់ ហើយ​គឺ​ជា​គោលដៅ​ដែល​ផ្គាប់​ព្រះហឫទ័យ​របស់​ទ្រង់។

 

យ៉ូហាន​ ១៤:៣១ គឺ​ជា​បទ​គម្ពីរ​មួយ​ទៀត​ ដែល​បង្ហាញ​ថា ជារឿយៗ​យើង​យក​មនុស្ស​ជា​អាទិភាព នៅពេល​យើង​គួរ​តែ​យក​ព្រះ​ជាអាទិភាព។ ជា​ធម្មតា នៅ​ពេល​គ្រីស្ទ​បរិស័ទ​គិត​អំពី​សេចក្តី​ស្រលាញ់​នៅ​ឯ​ឈើ​ឆ្កាង​ ពួកគេ​គិត​ថា វា​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​សំរាប់​យើង។ គំនិត​នេះ​ត្រឹម​ត្រូវ។ ប៉ុន្តែ​គ្រីស្ទបរិស័ទ​ស្ទើរ​តែ​ភ្លេច​គិត​អំពី​ ​ឬ​ដឹង​ថា ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​បើក​សំដែង​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​យេស៊ូវ​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់។ ម្តង​ទៀត​ ការ​នេះ​បង្ហាញ​ថា យើង​មាន​គំនិត​យក​មនុស្ស​ជា​អាទិភាព​ប៉ុណ្ណា។ នៅ​យប់​មុន​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា ការ​សុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​នឹង​សំដែង​អំពី​សេចក្តី​ស្រលាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់​ ដែល​គង់​នៅ​ស្ថានសួគ៌។ លើស​ពី​នេះ ទ្រង់​បាន​មាន​បន្ទូល​ថា លោកិយ​ត្រូវ​រៀន​អំពី​ការ​នេះ។ គឺថា លោកិយ​ត្រូវ​តែ​រៀន​អំពី​មេរៀន​នៃ​ឈើ​ឆ្កាង​ថា ព្រះយេស៊ូវ​ស្រលាញ់​ព្រះ​វរបិតា​របស់​ទ្រង់​ ដែល​គង់​នៅ​ស្ថានសួគ៌។ ប៉ុន្តែ​នៅ​ពេល​យើង​ចែក​ចាយ​ព្រះ​រាជសារ​អំពី​ឈើឆ្កាង យើង​តែង​តែ​ចែកចាយ​ថា វា​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​សំរាប់​យើង​ (ដែល​ជា​ការ​ត្រឹម​ត្រូវ) ហើយ​បែរ​ជា​យើង​មិន​និយាយ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះយេស៊ូវ​សំរាប់​ព្រះ​វរបិតា​របស់​ទ្រង់​សោះ។ ឈើ​ឆ្កាង​គឺ​ជា​ការ​បើក​សំដែង​អំពី​សេចក្តី​ស្រលាញ់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រះត្រៃឯក​ ហើយ​ព្រះ​ចង់​អោយ​មនុស្ស​បាន​ដឹង​អំពី​ការ​នេះ ដូច្នេះ​យើង​មិន​គួរ​មិន​និយាយ​អំពី​ការ​នេះ​ឡើយ។

គំនិត​ជំទាស់

មនុស្ស​អះអាង​ថា វា​ជា​ការ​អាក្រក់​របស់​ព្រះ ដែល​មាន​ឥរិយាបថ​ថា ​ព្រះនាម​និង​សិរីល្អ​របស់​ទ្រង់​សំខាន់​បំផុត ពីព្រោះ​ទ្រង់​មាន​អំនួត។ ពួក​គេ​និយាយ​ថា យើង​មិន​គួរ​ស្វែងរក​សិរីល្អ​ផ្ទាល់​ខ្លួន​ទេ ពីព្រោះ​យើង​អាច​មាន​អំនួត ហើយ​ព្រះ​ក៏​មិន​គួរ​ធ្វើ​ដូច្នោះ​ដែរ។ ប៉ុន្តែ​គំនិត​នេះ​ខុស​ខ្លាំង​ណាស់។ គំនិត​នេះ​មិន​យល់​អំពី​ភាព​ខុស​គ្នា​រវាង​ព្រះ​និង​យើង។ សេចក្តី​ពិត​គឺ​ថា ព្រះ​គឺ​ជា​អង្គ​ដែល​មាន​សិរីរុងរឿង​បំផុត។ ទ្រង់​គឺ​ជា​ព្រះអាទិករ​ និង​អង្គ​ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ហើយ​នឹង​វិនិច្ឆ័យ​មនុស្ស​គ្រប់​គ្នា។ មនុស្ស​ជាតិ​មិន​មែន​ជា​អ្វី​មួយ​ទាំង​នេះ​ទេ។ យើង​ត្រូវ​តែ​អោយ​តំលៃ​ខ្ពស់​លើ​អ្វី​ដែល​មាន​គុណ​តំលៃ​ខ្ពស់ ហើយ​អោយ​តំលៃ​ទាប​លើ​អ្វី​ដែល​មាន​គុណ​តំលៃ​ទាប។ វា​មិន​ត្រឹម​ត្រូវ​ទេ ដែល​អោយ​តំលៃ​ប៊ិច​មួយ​ដើម​ខ្ពស់​ជាង​ជីវិត​របស់​មនុស្ស    ​ម្នាក់។ ប៉ុន្តែ​ព្រះ​ពិតជា​មាន​គុណ​តំលៃ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូវ​ហៅ​យើង​អោយតំលៃ​ព្រះ​លើស​ជាង​អ្វីៗ​ទាំង​អស់ (ម៉ាថាយ ៦:២៤, ១០:៣៥-៣៧)។ ប្រសិន​បើ​ព្រះ​មិន​មាន​គុណ​តំលៃ​ខ្ពស់​ជាង​របស់​ទាំង​អស់​ទេ នោះ​ជា​ការ​ខុស​ ដែល​ព្រះ​យេស៊ូវ​ហៅ​យើង​អោយ​ធ្វើ​ដូច្នោះ។ ដូច្នេះ​ម្តង​ទៀត ព្រះ​មានគុណ​តំលៃ​ខ្ពស់​ជាង​របស់​ទាំង​អស់។ ដូច្នេះ ព្រះ​ពិត​ជា​ខុស​បើ​គិត​ថា ទ្រង់​មិន​មាន​គុណ​តំលៃ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់​ទេ ខណៈ​ដែល​សេចក្តី​ពិត​គឺថា ទ្រង់​ពិត​ជា​មាន​គុណ​តំលៃ​ខ្ពស់​ជាង​មែន។ លើ​ស​ពី​នេះ ក្នុង​នាម​ជា​ព្រះអាទិករ ព្រះ​មាន​គ្រប់​ទាំង​សិទ្ធិ​ក្នុង​ការ​បង្កើត​យើង​មក​សំរាប់​សិរីល្អ​របស់​ទ្រង់។

ការ​អនុវត្ត

សេចក្តី​ពិត​ទាំង​ឡាយ ​ដែល​យើង​បាន​រៀន​ខាង​លើ​ មាន​ការ​អនុវត្ត​សំខាន់ៗ​សំរាប់​ជីវិត​របស់​គ្រីស្ទបរិស័ទ។

. យក​ព្រះ​ជា​អាទិភាព​ពិតប្រាកដ៖ យើង​ត្រូវ​តែ​មាន​ជីវិតដែល​ផ្ដោត​លើ​ព្រះ (លើ​ព្រះគ្រីស្ទ)​ពិត​ប្រាកដ​ មិន​មែន​លើ​ខ្លួន​ឯង​ឡើយ។​ យើង​ត្រូវ​តែ​មាន​សេចក្តីជំនឿ ដែល​មាន​ប្រព័ន្ធ​ដែល​ពិត​ជា​ដាក់​ព្រះ​នៅ​កណ្តាល មិន​មែន​ជា​យើង​ទេ។ ប៉ុន្តែ​ទោះ​បី​ជា​យើង​និយាយ​ថា ព្រះ​ធំ​និង​ប្រសើរ​ជាង​យើង​ក៏​ដោយ​ ប្រសិន​បើ​យើង​និយាយ​ថា មនុស្ស​មាន​សារៈសំខាន់​បំផុត​សំរាប់​ព្រះ នោះ​យើង​បាន​ដាក់​មនុស្ស​នៅ​កណ្តាល​ម្តង​ទៀត​ហើយ។ យើង​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ឡើយ។

. រស់​នៅ​សំរាប់​សិរីល្អ​របស់​ទ្រង់៖ គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ពីព្រោះ​ព្រះ​បាន​សង្គ្រោះ​យើង​សំរាប់​ជា​ (ដោយ​យល់​ដល់) សិរីល្អ​របស់​ទ្រង់។ វា​ជា​ការ​អាក្រក់​ ប្រសិន​បើ​រាស្ត្រ​របស់​ព្រះ​មាន​អាទិភាព​ផ្សេង​ដែល​ខ្ពស់​ជាង​នេះ។ សិរីល្អ​របស់​ព្រះ ភាព​បរិសុទ្ធ​នៃ​ព្រះនាម​របស់​ទ្រង់​មាន​សារៈសំខាន់​ជាង​សុវត្ថិភាព​ សុខភាព  សុភមង្គល ឬ​កិត្តិយស​របស់​យើង​ទៅ​ទៀត។ ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​អោយ​យើង​បាក់​មុខ តើ​ការ​នេះ​ធ្វើ​អោយ​យើង​ខឹង​ជាង​នៅពេល​ព្រះនាម​របស់​ព្រះ​ត្រូវ​បាន​បង្អាប់​ឬ? ​ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​អោយ​យើង​បាក់​មុខ តើ​អ្នក​ប្រតិកម្ម​ក្នុង​របៀប​មិន​គោរព​ព្រះ ​ហើយ​បង្អាប់​ព្រះ​នាម​ទ្រង់​ឬ? ប្រសិន​បើ​ដូច្នោះ​មែន វា​បង្ហាញ​នៅក្នុង​ចិត្ត​របស់​អ្នក​ថា កិត្តិយស​របស់​អ្នក​សំខាន់​ជាង​ព្រះនាម​របស់​ព្រះ​ទៅ​ទៀត។ ប្រសិន​បើ​យើង​ពិត​ជា​រស់​នៅ​សំរាប់​សិរីល្អ​របស់​ព្រះ​មែន នោះ​នៅពេល​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​ ដែល​យើង​គិត​ថា ជា​ការ​មិន​គោរព​ដល់​យើង​ ឬ​ធ្វើ​អោយ​យើង​បាក់​មុខ នោះ​យើង​នឹង​មិន​មាន​ប្រតិកម្ម​អវិជ្ជមាន​ទេ​ ប៉ុន្តែ​យើង​នឹង​គិតថា «ការ​នេះ​គឺ​ជា​ឱកាស​មួយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ការ​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រលាញ់»។ ​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ​យើង​មាន​ព្រះ​នាម​របស់​ព្រះ និង​ព្រះ​នាម​របស់​ព្រះគ្រីស្ទ      (១ពេត្រុស ៤:១៦) ដូច្នេះ​ ប្រសិន​បើ​យើង​មិន​បរិសុទ្ធ​ទេ នោះ​យើង​បង្អាប់​ព្រះ​នាម​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះ   គ្រីស្ទ​ហើយ។ ប្រសិន​បើ​យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​ចង់​ធ្វើ​ដូចនេះ​ទេ។ ឧទាហរណ៍ មនុស្ស​ម្នាក់​រស់​នៅ​  សំរាប់​សិរីល្អ​របស់​ព្រះ​មិន​អាច​លួច​អ្វី​ពី​ពួក​ជំនុំ (ឬ​ពី​អ្នក​ណា​ផ្សេង​) ​ឡើយ ពីព្រោះ​គាត់​ដឹង​ថា គាត់​ធ្វើ​ដូចនោះ​ គាត់​កំពុង​អោយ​ព្រះនាម​របស់​ព្រះ​ត្រូវ​គេ​បង្អាប់​ហើយ។

. សេចក្តី​អធិស្ឋាន៖ សេចក្តី​ពិត​ដែល​បង្ហាញ​ថា ព្រះនាម​របស់​ព្រះ​សំខាន់​បំផុត មាន​ឥទ្ធិពល​ដល់​របៀប​ដែល​យើង   ​អធិស្ឋាន។ ដូច​ដែល​យើង​បាន​មើល​ឃើញ​ខាង​លើ​ហើយ​ ​ការ​ដំបូង​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​អធិស្ឋាន​នោះ​គឺ «សូម​អោយ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ»។ តើ​អ្នក​អធិស្ឋាន​សំរាប់​តែ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ប៉ុណ្ណោះ​ ឬ​អធិស្ឋាន​អោយ​ព្រះ​នាម​របស់​ព្រះ​បាន​ដំកើង​ឡើង? លើស​ពី​នេះ សូម​កត់​សំគាល់​អំពី​របៀប ​ដែល​រាស្ត្រ​របស់​ព្រះ ​ទូល​សូម​អោយ​ព្រះ​ជួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ នៅ​ក្នុង​យេរេមា ១៤:៧ យេរេមា​ទូល​សូម​សេចក្តី​មេត្តាករុណា​របស់​ព្រះ ប៉ុន្តែ​មិន​ទូល​សូម​ដោយ​ផ្អែក​លើ​សេចក្តីល្អ​និង​គុណ​តំលៃ​របស់​អ៊ីស្រាអែល​ទេ ប៉ុន្តែ​ដោយ​យល់​ដល់​ព្រះ​នាម​របស់​ព្រះ​វិញ។ ទំនុក​ដំកើង ២៥:១១, ៧៩:៩ និង​ដានីយ៉ែល ៩:១៩ គឺ​ជា​សេចក្តី​អធិស្ឋាន​ ដែល​ទូល​សូម​អោយ​ព្រះ​អត់​ទោស «​ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះ​»។ ទំនុកដំកើង ៣១:៣ ទូល​សូម​អោយ​ព្រះ​ដឹកនាំ «ដោយ​យល់​ដល់​ព្រះ​នាម​របស់​ព្រះ​»។ ទំនុកដំកើង ១៤៣:១១​ ទូល​សូម​អោយ​ព្រះ​រំដោះ​អ្នកនិពន្ធ​ចេញ​ពី​ទុក្ខ​លំបាក «ដោយ​យល់​ដល់​ព្រះ​នាម​របស់​ព្រះ»។ នៅពេល    ​រាស្ត្រ​របស់​ព្រះ​បាន​អធិស្ឋាន​ ពួកគេ​មិន​គ្រាន់​តែ​គិត​អំពី​ស្ថាន​ភាព​របស់​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេ​ក៏​គិត​អំពី​ព្រះ​នាម​របស់​ព្រះ​ផង​ដែរ ពួកគេ​ទូល​សូម​អោយ​ព្រះ​បញ្ចេញ​សកម្ម​ភាព ដោយ​យល់​ដល់​ព្រះ​នាម​របស់​ទ្រង់។ ​

. អាន​ព្រះគម្ពីរ៖​ តាមរយៈ​ការ​អាន​ព្រះគម្ពីរ យើង​ស្គាល់​ព្រះ​កាន់​តែ​ច្រើន​ ហើយ​រៀន​បាន​អ្វី​ដែល​ផ្គាប់​ព្រះហឫទ័យ​និង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ ដូច្នេះ ប្រសិន​បើ​យើង​ពិត​ជា​មាន​សេចក្តីជំនឿ ដែល​យក​ព្រះ​និង​ព្រះគ្រីស្ទ​ជា​ចំនុច​កណ្តាល​មែន​ នោះ​យើង​នឹង​ចង់​រៀន​ព្រះគម្ពីរ ដើម្បីឲ្យ​យើង​អាច​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​បាន។ ប៉ុន្តែ​ប្រសិន​បើ​យើង​យក​ខ្លួន​ឯង​ជា​ចំនុច​កណ្តាល​ នោះ​យើង​នឹង​មិន​ចាប់​អារម្មណ៍​ការ​អាន​ព្រះគម្ពីរ ហើយ​នៅពេល​យើង​អាន​ព្រះ​គម្ពីរ យើង​នឹង​អាន​ស្វែង​រក​តែ​អ្វី ដែល​នឹង​ជួយ​យើង​នៅ​ក្នុង​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ គឺ​មិន​អាន​ដើម្បី​ស្គាល់​ព្រះ​ រៀន​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​យើង​ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​អោយ​បំរើ​ទ្រង់​អស់​មួយ​ជីវិត​របស់​យើង​ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​ឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top