ពាក្យលំនាំ៖ អេសេគាល Introduction to Ezekiel

Ezekiel Intro pdf download

អេសេគាល​ Ezekiel

សារៈសំខាន់​នៃ​កណ្ឌ​អេសេគាល​ Importance of Ezekiel

កណ្ឌ​អេសេគាល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កណ្ឌ​នេះ​បាន​ប្រកាស​ព្រះ​រាជសារ​ជា​ច្រើន​ ដែល​មាន​សារៈសំខាន់​ខ្លាំង​ សំរាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​ការ​អភិវឌ្ឍន៍​សេចក្តី​បង្រៀន​របស់​ព្រះ​គម្ពីរ​អំពី​ព្រះ​វិហារ។

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេសេគាល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​អេសេគាល​ Historical background to Ezekiel and basic message

  • ​អេសេគាល​គឺ​ជា​បុរស​វ័យ​ក្មេង​ ដែល​ជា​សង្ឃ​ម្នាក់​ (បូជាចារ្យ​) ដែល​បាន​រៀប​ការ​ និង​រស់​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ​កង​ទ័ព​បាប៊ីឡូន​របស់​ស្តេច​នេប៊ូក្នេសា​បាន​ចាប់​យក​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​៥៩៧​មុន​គ.ស។ ​ពួកគេ​បាន​ចាប់​យក​ទីក្រុង ​ ហើយ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ព្រះ​វិហារ។ អេសេគាល​ក៏​ត្រូវ​បាន​ចាប់​ឲ្យ​ធ្វើ​ជា​ឈ្លើយ​សឹក​ជាមួយ​ប្រជាជន ​ពី​ទីក្រុង​យេរូសាឡិម​ជាច្រើន​នាក់​ផង​ដែរ។ ​ស្តេច​យេហូយ៉ាគីន​ ​ទាហាន​១០០០០​នាក់​របស់​ទ្រង់ ​ពួក​មនុស្ស​មាន​ជំនាញ និង​ពាណិជ្ជករ ​ត្រូវ​បាន​និរទេស​ទៅ​ឯ​បាប៊ីឡូន។ ​បន្ទាប់​ពី​បួន​ឬ​ប្រាំ​ឆ្នាំ នៅពេល​អេសេគាល​ហៀប​នឹង​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ​នោះ​ ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​អោយ​ធ្វើ​ជា​ហោរា​ម្នាក់។ ​ការ​នេះ​កើត​ឡើង​មុន​ពេល​ការ​បំផ្លាញ​ទីក្រុង​យេរូសាឡិម​ចុង​ក្រោយ​ក្នុង​ឆ្នាំ​៥៨៧/៦​មុន​គ.ស។​
  • ឈ្មោះ​របស់​អេសេគាល​មាន​ន័យ​ថា «​ព្រះ​ផ្តល់​កំឡាំង​» ដែល​សមស្រប​សំរាប់​បុរស​ម្នាក់​ ដែល​ព្រះ​បាន​ត្រាស់​ហៅ​អោយ​ប្រកាស​ព្រះបន្ទូល​សំរាប់​មនុស្ស​មួយ​ក្រុម​ ដែល​បាប៊ីឡូន​បាន​ចាប់​យក​នៅ​ពេល​និរទេស។ ​ជនជាតិ​យូដា ដែល​ត្រូវ​បាន​និរទេស ​គឺ​បាន​សង្ស័យ​អំពី​អំណាច​ព្រះចេស្តា​និង​សេចក្តី​យុត្តិធម៌​របស់​ព្រះ។ តើ​ព្រះ​របស់​បាប៊ីឡូន​មាន​អំណាច​ខ្លាំង​ក្លា​ជាង​ឬ? ទេ។ ​សារ​របស់​អេសេគាល​ប្រកាស​ថា​ ព្រះ​នឹង​បំផ្លាញ​ទីក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ ហើយ​សូម្បី​តែ​ការ​និរទេស​គឺ​ជា​សកម្មភាព​របស់​ព្រះ​ដែរ គឺ​ជា​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ព្រះ​លើ​រាស្ត្រ​របស់​ទ្រង់​ ហើយ​ព្រះ​ក៏​គង់​នៅ​ជាមួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ក្នុង​ការ​និរទេស​នេះ​ផង​ដែរ។ ​ព្រះ​មិន​បាន​បោះ​បង់​ពួកគេ​ចោល​ទេ គឺ​ទ្រង់​នឹង​ស្តា​ពួក​គេ​ឡើង​វិញ។ ​អេសេគាល​បាន​ទទួល​និមិត្ត​ដ៏​អស្ចារ្យ។ ទីមួយ​ គឺ​អំពី​ព្រះ​ធ្វើ​ចលនា​ជុំ​វិញ​បល្ល័ង្ក​រទេះ​មួយ ដែល​មាន​កង់​បែរ​ទៅ​គ្រប់​ទិស ហើយ​កង់​នីមួយៗ​មាន​ភ្នែក។ ​និមិត្ត​មួយ​ទៀត​ អំពី​ច្រក​ភ្នំ​មួយ​ ដែល​ពេញ​ដោយ​ឆ្អឹង​ស្ងួត​ហួតហែង​ ដែល​ទទួល​បាន​រូប​កាយ​និង​ជីវិត​ ហើយ​បាន​ក្លាយ​ជា​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ​មួយ​កង។ ​គាត់​ទទួល​បាន​និមិត្ត​ដ៏​អស្ចារ្យ​អំពី​ព្រះវិហារ​ថ្មី​មួយ។ អេសេគាល​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្វី​ ដែល​ព្រះ​កំពុង​ធ្វើ​ នៅក្នុង​ការ​ដាក់​ទណ្ឌកម្ម​យូដា ការ​ដួល​រលំ​របស់​ទីក្រុង​យេរូសាឡិម​ និង​ការ​បំផ្លាញ​ព្រះ​វិហារ​ផង​ដែរ។ ​ថ្វីបើ ​អេសេគាល​រស់​នៅ​បាប៊ីឡូន​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​បាន​ទទួលនិមិត្ត​អំពី​អ្វី ដែលកើត​ឡើង​នៅក្នុង​យូដា​ដែរ។ ​
  • ​ទំនាយ​ជា​ច្រើន​របស់​អេសេគាល​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​ គឺ​ទំនាយ​ដំបូង​គេ​ត្រូវ​បាន​ប្រកាស​នៅក្នុង​រដូវ​ក្តៅ​ នា​ឆ្នាំ​៥៩៣​មុន​គ.ស ​ប្រហែល​ជា​បួន​ឬ​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​ការ​និរទេស​ ហើយ​ទំនាយ​ចុង​ក្រោយ​បង្អស់​ ​ត្រូវ​បាន​ប្រកាស​នៅ​ប្រហែល​២២ឆ្នាំ​ក្រោយ​មក​ទៀត។ (​សំរាប់​សេចក្តី​លំអិត​អំពី​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​កណ្ឌ​អេសេគាល​ សូម​មើល​សេចក្តី​អធិប្បាយ​ចេញ​ពី​អេសេគាល​ជំពូក ១-៣​ដោយ​លោក Don Carson)។

គម្រោង Outline

ព្រះជាម្ចាស់​ប្រគល់​មុខ​ការ​អោយ​អេសេគាល​ (១:១-៣:២១)

ការ​ព្រមាន​អំពី​ការ​បំផ្លាញ​ទីក្រុង​យេរូសាឡិម​ដែល​ត្រូវ​មកដល់ (៣:២២-២៤:២៧)

ទំនាយ​ទាស់​ប្រឆាំង​នឹង​ជាតិសាសន៍​ជុំ​វិញ (២៥:១-៣២:៣២)

និមិត្ត​អំពី​ការ​ស្តា​ឡើង​វិញ​ បន្ទាប់​ពី​ការ​ដួល​រលំ​របស់​ទីក្រុង​យេរូសាឡិម (៣៣:១-៤៨:៣៥)

របៀប​អាន​កណ្ឌ​អេសេគាល​ ​How to read Ezekiel

ដើម្បី​ឲ្យ​យល់​ និង​អនុវត្ត​ កណ្ឌ​អេសេគាល​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​អេសេគាល​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ?

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​មាន​សាច់​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​រហូត​ដល់​ការ​បង្ក​បង្កើត​ជា​ថ្មី។ ដំបូង​ទ្រង់​បាន​បង្កើត​គ្រប់​សព្វ​យ៉ាង​ល្អ ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ក្នុង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​មិន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  នៅក្នុង​២សាំយូអែល ៧ ​ព្រះ​បាន​មាន​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ ជា​មួយ​នឹង​ស្តេច​ដាវីឌ​ថា ពូជពង្ស​មួយ​របស់​ស្តេច​ដាវីឌ​នឹង​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ​នឹង​សាង​សង់​ព្រះវិហារ​របស់​ព្រះ​នៅក្នុង​យេរូសាឡិម។​  មុន​ដំបូង​សេចក្តី​សន្យា​នេះ​ត្រូវ​បាន​បំពេញ​សំរេច​ជា​ដំបូង​តាម​រយៈ​ស្តេច​សាឡូម៉ូន ដែល​បាន​សាង​សង់​ព្រះ​វិហារ។ បន្ទាប់​ពី​ស្តេច​សាឡូម៉ូន​មក នគរ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​នគរ​ខាង​ជើង​ហៅ​ថា អ៊ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ហៅ​ថា យូដា ដែល​មាន​ក្រុង​យេរូសាឡិម​ជា​រាជធានី។ ​ការ​ផ្ដាច់​សម្ព័ន្ធមេត្រី​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាន​នាំ​ទៅ​ដល់​ពេលវេលា ​ដែល​អ៊ីស្រាអែល​ធ្លាក់​ចុះ។​ ទោះ​បី​ជា​មាន​ស្តេច​មួយ​ចំនួន​ដូច​ជា ស្តេច​ហេសេគា និង​យ៉ូសៀស​ ប៉ុន​ប៉ង​ធ្វើ​កំណែទម្រង់​ក៏ដោយ ក៏​ដំណើរ​ការ​នៃ​ការ​ធ្លាក់​ចុះ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​ដែរ​ ​ហើយ​ពួកគេ​ត្រូវ​បញ្ចប់​ដោយ​ការ​វិនាស​នៃ​សញ្ញ​ដែល​មើល​ឃើញ​ទាំង​អស់​នៃ​សម្ព័ន្ធមេត្រី​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះ​ ដូច​ជា យេរូសាឡិម​ និង​ព្រះ​វិហារ។ ​

ចំនុច​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​យល់​កណ្ឌ​អេសេគាល។  ហោរា​អេសេគាល​បាន​ប្រកាស​ថា​ អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ជាតិ​សាសន៍​បរិសុទ្ធ និង​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់នោះ​ទេ​ ដូច្នេះ​ ​ព្រះ​ពិត​ជា​នឹង​ដាក់​ការ​ជំនុំជំរះ​លើ​ពួកគេ ហើយ​និង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។ ដូច្នេះ ​ការ​ជំនុំជំរះ​ ដែល​ព្រះ​បាន​ប្រកាស​តាមរយៈ​ហោរា​អេសេគាល ត្រូវ​បាន​ព្រមាន​រួច​ហើយ​នៅក្នុង​កណ្ឌ​ចោទិយកថា។ ​ការ​ព្រមាន​ពី​សម័យ​មុន​ទាំង​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកាស​របស់​ហោរា​អេសេគាល។  ​សេចក្តី​សន្យា​របស់​ព្រះ​នឹង​ស្តេច​ដាវីឌ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​សន្យា​ ដែល​ព្រះ​ប្រកាស​តាមរយៈ​ហោរា​អេសេគាល ទាក់​ទង​នឹង​ពូជ​របស់​ស្តេច​ដាវីឌ។ ​

​ព្រះ​វិហារ​គឺ​ជា​ផ្នែក ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល ​ក្នុង​ការ​ជួយ​អោយ​យើង​យល់​កណ្ឌ​អេសេគាល។ ​អេសេគាល​គឺ​ជា​សង្ឃ​ម្នាក់​ ​ដូច្នេះ​ហើយ​គាត់​ចាប់​អារម្មណ៍​លើ​ព្រះ​វិហារ​ជា​ពិសេស។ ​ព្រះ​វិហារ​គឺ​ជា​កន្លែង​ ដែល​ព្រះ​នាម​របស់​ព្រះ​គង់​នៅ (ចោទិយកថា ១២:១១; ២សាំយូអែល ៧:១៣) ​តំណាង​អោយ​វត្តមាន​របស់​ព្រះ​នៅចំណោម​រាស្ត្រ​របស់​ទ្រង់ និង​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ទៅ​ដល់​រាស្ត្រ​របស់​ទ្រង់។ ​ផ្ទៃ​រឿង​ទាំង​អស់​នេះ​សំខាន់​ខ្លាំង​ណាស់​នៅក្នុង​កណ្ឌ​អេសេគាល។​

២. តើ​គោល​បំណង​របស់​កណ្ឌ​អេសេគាល​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ជាដំបូង ហោរា​អេសេគាល​បាន​ព្រមាន​យូដា​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ជា​ពិត។ ​គាត់​ក៏​បាន​ប្រាប់​ផង​ដែរ​ថា អនាគត​គេ​នឹង​ពោរ​ពេញ​ដោយ​សេចក្ដី​សង្ឃឹម ​ពីព្រោះ​ព្រះ​នឹង​សម្រេច​តាម​ព្រះបន្ទូល​សន្យា​ជាមួយ​ស្តេច​ដាវីឌ                           (២សាំយូអែល ៧) ហើយ​នឹង​បញ្ជូន​បុត្រា​របស់​ស្តេច​ដាវីឌ​អោយ​មក​គ្រប់​គ្រង​និង​ប្រទាន​សេចក្តី​សង្គ្រោះ ហើយ​តាម​រយៈ​បុត្រា​នោះ ព្រះ​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​របស់​ព្រះ។  និមិត្ត​ពី​ដើម​ដំបូង​ដល់​ចុង​បញ្ចប់​បង្ហាញ​ថា ព្រះ​នៅ​តែ​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់។ ​ទោះបី​ជា​វត្តមាន​របស់​ទ្រង់​បាន​ចាក​ចេញ​ពី​ព្រះ​វិហារ​នៅក្នុង​ទីក្រុង​យេរូសាឡិម​ក៏ដោយ ក៏​ទ្រង់​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់​នៅក្នុង​បាប៊ីឡូន​ ហើយ​ទ្រង់​សន្យា​ប្រទាន​អនាគត​ដ៏​អស្ចារ្យ​មួយ ដែល​ទ្រង់​នឹង​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់​ (អេសេគាល ៤៨:៣៥)។​

៣. តើ​កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​មាន​របៀប​ជា​ច្រើន​ ដែល​កណ្ឌ​អេសេគាល​ទាក់​ទំនង​នឹង​កណ្ឌ​ផ្សេងៗ ដែល​មាន​បន្ទាប់​ពី​វា។  នៅពេល​ពួក​ហោរា​ទាយ​អំពី​ការ​ស្តា​អ៊ីស្រាអែល​និង​យូដា​ឡើង​វិញ​ នៅក្នុង​របៀប​ផ្សេងៗ ពួក​ហោរា​ ដែល​សរសេរ​កណ្ឌគម្ពីរ ប្រកាស​អំពី​សេចក្តី​សង្ឃឹម​ដែល​ស្តី​ពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​នៅក្នុង​អនាគត ដោយ​ប្រើ​រូបភាព​ចេញ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​អតីតកាល។ ​

​ដូច្នេះ សេចក្តី​សង្ឃឹម​សំរាប់​រាស្ត្រ​របស់​ព្រះ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​និមិត្ត​ ដែល​ទាក់​ទង​នឹង​ព្រះ​វិហារ​ ដែល​រាស្ត្រ​របស់​ព្រះ​បាន​មាន​ពី​អតីតកាល។ ​ព្រះ​វិហារ​ថ្មី​នឹង​មាន​ភាព​ស្រដៀង​គ្នា​នឹង​ព្រះ​វិហារ ដែល​ពួកគេ​បាន​មាន​តាំង​ពី​មុន ប៉ុន្តែ​មាន​លក្ខណៈ​អស្ចារ្យ​ខ្លាំង​ជាង។ ​រូបភាព​ខ្លះ​អំពី​ការ​បង្ក​បង្កើត​ថ្មី​នៅក្នុង​វិវរណៈ ២១-២២ ​ចេញ​មក​ពី​និមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ​ថ្មី​នៅក្នុង​ជំពូក​៤០-៤៨។​

​អេសេគាល​ ៣៦-៣៧ ​ប្រកាស​អំពី​ពេល​អនាគត ដែល​ព្រះ​នឹង​ប្រទាន​អោយ​រាស្ត្រ​របស់​ទ្រង់​នូវ​ចិត្ត​ថ្មី​និង​ជីវិត​ថ្មី​តាមរយៈ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ​ការ​នេះ​ត្រូវ​បាន​បំពេញ​សំរេច​នៅក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី នៅពេល​ព្រះ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​មក​ ដែល​ជា​សេចក្តី​សន្យា​នៃ​សម្ព័ន្ធ​មេត្រី​ថ្មី (ម៉ាថាយ ៣:១១; យ៉ូហាន ៣:១-៨; កិច្ចការ ២:៣៣; កាឡាទី ៣:១៤)។​

​ការ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​នេះ​នាំ​អោយ​រាស្ត្រ​របស់​ព្រះ​លែង​ប្រមាថ​ដល់​ព្រះ​នាម​របស់​ទ្រង់​ទៀត​ហើយ ប៉ុន្តែ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់​វិញ​ (៣៦:២០-២៣)។ ​គ្រីស្ទបរិស័ទ​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដូច្នេះ​យើង​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់​បាន។ សិរី​រុង​រឿង​នៃ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សំរាប់​យើង​ (ម៉ាថាយ​ ៦:៩; រ៉ូម​ ១៥:៩; អេភេសូរ​ ១:១២; ១ពេត្រុស​ ២:៩; ៤:១១)។

​អេសេគាល ៣៤:២៣-២៤ និង​៣៧:២៤-២៥ ប្រាប់​អំពី​ព្រះ​ប្រទាន​អ្នក​បំរើ​របស់​ទ្រង់ គឺ​ (ពូជ​) ស្តេច​ដាវីឌ​ ជា​អ្នក​គង្វាល​និង​ជា​ស្តេច​លើ​រាស្ត្រ​របស់​ទ្រង់។ ការ​នេះ​ត្រូវ​បាន​បំពេញ​សំរេច​យ៉ាង​ច្បាស់លាស់​ដោយ​ព្រះ​យេស៊ូវ ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ (ម៉ាថាយ​ ១:១; យ៉ូហាន​ ១០:១១-១៤; ១៩:១៩)។

 

៤. តើ​កណ្ឌ​អេសេគាល​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​អេសេគាល​បង្រៀន​ថា

  • «ពួក​គេ​នឹង​ទទួល​ស្គាល់​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា (ព្រះអម្ចាស់) ពិត»​ គឺ​ជា​ឃ្លា​មួយ​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​អេសេគាល​ដែល​បាន​លេច​ឡើង​ច្រើន​ដង (៦:៧,១០,១៣,១៤; ៧:៤,២៧; ១១:១០,១២; ១២:១៥,១៦,២០; ១៣:១៤,២១,២៣; ១៤:៨; ១៥:៧; ១៦:៦២; ២០:២០,២៦,៣៨,៤២,៤៤; ២២:១៦; ២៤:២៧; ២៥:៥,៧,១១,១៧; ២៦:៦; ២៨:២២,២៣,២៦; ២៩:៦,៩,២១; ៣០:៨,១៩,២៥,២៦; ៣២:១៥; ៣៣:២៩; ៣៤:២៧; ៣៥:៤,៩,១៥; ៣៦:១១,២៣,៣៨; ៣៧:៦,១៣; ៣៨:២៣; ៣៩:៦,២២,២៨)។ ​គំនិត​ចំបង​តាម​អត្ថបទ​ទាំង​នេះ​គឺ​ថា ​ព្រះ​នឹង​បើក​សំដែង​អង្គ​ទ្រង់​ជា​ព្រះ​ដ៏​ពិត​ ដោយ​ការ​ប្រកាស​អំពី​អនាគត​និង​អ្វី ដែល​ទ្រង់​នឹង​ធ្វើ​ ហើយ​បន្ទាប់​មក​ទ្រង់​ធ្វើ​ការ​នោះ។ នៅពេល​មនុស្ស​មើល​ឃើញ​ថា ទ្រង់​បាន​ធ្វើ​តាម​អ្វី ដែល​ទ្រង់​បាន​មាន​បន្ទូល​ពី​មុន​ ហើយ​ថា ទ្រង់​គ្រប់គ្រង​លើ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ នោះ​បើក​សំដែង​ថា ទ្រង់​គឺ​ជា​ព្រះ​ដ៏​ពិត។ ចំនុច​នេះ​ក៏​ផ្តល់​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ជំនឿ​របស់​យើង​ផង​ដែរ​ ​ពីព្រោះ​យើង​មើល​នៅក្នុង​ព្រះគម្ពីរ យើង​ឃើញ​ថា ព្រះ​តែង​តែ​បាន​ធ្វើ​តាម​អ្វី​ ដែល​ទ្រង់​បាន​ទាយ​ជាមុន​ថា ទ្រង់​នឹង​ធ្វើ។​
  • ព្រះ​ស្អប់​ការ​ថ្វាយ​បង្គំ​រូប​ព្រះ (៥:៩; ៦:៤-៩; ៨:៣-៥; ១១:២១; ១៤:៣-៧; ២៣:៣០; ៣០:១៣; ៣៦:១៨; ៣២:៣៤; ៥១:១៧,៤៧,៥២)។
  • ព្រះជាម្ចាស់​គង់​ជា​មួយ​រាស្រ្ត​របស់​ព្រះ​ (៤៨:៣៥)។
  • ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ (២០:៩,១៤,២២,៣៩,៤៤; ៣៦:២០-២៣; ៣៩:៧,២៥; ៤៣:៧-៨)។
  • ព្រះ​ទ្រង់​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ទ្រង់ ​ទោះ​បី​ជា ​វា​មើលទៅ​ហាក់​ដូច​ជា​មិន​ស្មោះ​ត្រង់​យោង​ទៅ​តាម​បទពិសោធន៍​របស់​យើង​ក្តី​ (គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ចំពោះ​ស្តេច​ដាវីឌ។ ពួក​អ៊ីស្រាអែល​រិះ​គិតថា ប្រហែល​ជា​ព្រះជាម្ចាស់​មិន​ស្មោះ​ត្រង់​)។​
  • ព្រះ​ទ្រង់​បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។
  • ព្រះជាម្ចាស់​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​កត់​ទុក​នៅ​ក្នុង​កណ្ឌ​អេសេគាល​គឺជា​សកម្ម​ភាព​របស់​ព្រះ។
  • ព្រះអង្គ​មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់ ហើយ​ពន្យល់​អំពី​ផែនការ​របស់​ទ្រង់​សំរាប់​លោកិយ។
  • ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ព្រះ​បាន​បញ្ជូន​ពួក​ហោរា​របស់​ទ្រង់​មក​ឯ​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ប្រាប់​ពួកគេ​អោយ​ប្រែចិត្ត (៣៣:១១)។ ដូច​គ្នា​ផង​ដែរ សព្វថ្ងៃ​នេះ​ ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះ​បញ្ជូន​គ្រីស្ទ​បរិស័ទ​ទៅ​ក្នុង​លោកិយ​ ដើម្បី​ប្រកាស​ដំណឹងល្អ​អោយ​មនុស្ស​បាន​ជឿ​លើ​ព្រះយេស៊ូវ និង​ងាក​បែរ​មក​រក​ទ្រង់​វិញ។
  • ព្រះជាម្ចាស់​ស្អប់​និមិត្ត​ហេតុ​ដែល​ឥត​បាន​ការ ហើយ​ពាក្យ​ទស្សន៍ទាយ​កុហក (១២:២៤; ១៣:៦-៩,២៣; ២២:២៨)។
  • ព្រះ​ប្រទាន​ចិត្ត​ថ្មី​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ (១១:១៩; ៣៦:២៦)។
  • ចិត្ត​របស់​យើង​អាក្រក់​ខ្លាំង​ណាស់ ដូច្នេះ​យើង​ត្រូវ​ការ​អោយ​ព្រះ​ប្រទាន​ចិត្ត​ថ្មី​មួយ​ដល់​យើង។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • មនុស្ស​ចូល​ចិត្ត​ថ្វាយ​បង្គំ​រូប​ព្រះ។ យើង​ដើរ​តាម​រូប​ព្រះ​ផ្សេងៗ​ដោយ​លឿន​ជាង​ការ​ដើរ​តាម​ព្រះ​ដ៏​ពិត។
  • ព្រះ​បន្ទូល​របស់​ព្រះ​លើក​ទឹក​ចិត្ត​មនុស្ស​អោយ​វិល​មក​ទ្រង់​វិញ (៣៣:១១)។
  • ​នៅពេល​មនុស្ស​ភ្លេច​ព្រះ​ហើយ​តាម​រូប​ព្រះ​ នោះ​សីលធម៌​របស់​ពួកគេ​ធ្លាក់​ចុះ។
  • មនុស្ស​លាយ​ឡំ​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ជាមួយ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដោយ​ងាយ​ស្រួល។ ​យើង​មើល​ឃើញ​ការ​នេះ​តាម​រយៈ​រូប​ព្រះ​ផ្សេងៗ​នៅក្នុង​ព្រះ​វិហារ​ (ឧទាហរណ៍​ ៨:៥-១៦)។​

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ជា​ដំបូង យើង​ត្រូវ​តែ​មើល​ឃើញ​ថា​ កណ្ឌ​អេសេគាល​ទាក់​ទង​នឹង​ជីវិត​របស់​យើង​ តាមរយៈ​ព្រះ​យេស៊ូវ។​ គ្រប់​ទំនាយ​និង​សេចក្តី​សន្យា​ទាំងអស់​អំពី​ព្រះ​យេស៊ូវ​ ដែល​បាន​លើក​ឡើង​នៅ​ចំណង​ជើង​ទី​៣​ខាង​លើ បង្ហាញ​អំពី​របៀប​ដែល​កណ្ឌ​អេសេគាល​មាន​ការ​អនុវត្ត​ចំពោះ​យើង។ ​យើង​មាន​សេចក្តី​សង្ឃឹម​និង​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះ​យេស៊ូវ​ ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ ដែល​គ្រប់គ្រង​លើ​យើង។

២. តើ​យើង​ត្រូវ​ការ​នូវ​ការ​សង្គ្រោះ​ចេញ​ពី​អ្វី? ​ជារឿយៗ គ្រីស្ទបរិស័ទ​អាច​និយាយ​ថា ព្រះ​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង​ ប៉ុន្តែ​នេះ​ពិត​ជា​មានន័យ​យ៉ាង​ដូចម្តេច?​ អេសេគាល​បង្ហាញ​ថា វា​មាន​ន័យ​ថា ​យើង​ត្រូវ​ការ​បាន​សង្គ្រោះ​ចេញ​ពី​សេចក្តី​ក្រោធ​របស់​ព្រះ​ចំពោះ​អំពើ​បាប​របស់​យើង។ ​ព្រះ​យេស៊ូវ​ធ្វើ​ការ​នេះ (រ៉ូម ៥:៩)។

៣. អេសេគាល​បង្ហាញ​ថា ព្រះ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ដោយសារ​ព្រះ​គុណ​របស់​ទ្រង់​ និង​សំរាប់​ជា​សិរី​រុង​រឿង​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។ ​ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ក៏​មើលឃើញ​ថា យើង​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់​និង​សំរាប់​ជា​សិរីល្អ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ​ផង​ដែរ​ (អេភេសូរ ២:៨-១០)។​

​៤. វត្តមាន​របស់​ព្រះ​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់​គឺ​ជា​ផ្ទៃ​រឿង​ដ៏​សំខាន់​មួយ។ ​យ៉ូហាន ១:១៤ បង្ហាញ​ថា ព្រះ​គង់​នៅចំណោម​រាស្ត្រ​របស់​ទ្រង់​តាមរយៈ​ព្រះ​យេស៊ូវ​ ហើយ​វិវរណៈ ២១-២២ ​ប្រើ​និមិត្ត​អំពី​ព្រះ​វិហារ​ថ្មី​នៅក្នុង​អេសេគាល​ ៤០-៤៨ តាមរយៈ​ព្រះ​យេស៊ូវ។ ​នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​នឹង​បំពេញ​សំរេច​សេចក្តី​សង្ឃឹម​អំពី​ព្រះ​វិហារ​នា​ពេល​អនាគត​នេះ​ នៅពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ​ ហើយ​ព្រះ​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់ (វិវរណៈ ២១:៣)។

៥. ​ការ​ត្រាស់​ហៅ​របស់​អេសេគាល​សំខាន់​ណាស់​សំរាប់​យើង​នា​សព្វ​ថ្ងៃ​នេះ។ ​ព្រះ​បាន​ប្រទាន​កំឡាំង​ដល់​គាត់​អោយ​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ស្មោះ​ត្រង់​ទៅកាន់​មនុស្ស ដែល​មិន​ចង់​ស្តាប់​ព្រះ​រាជសារ​របស់​ព្រះ។ ​នៅ​សព្វ​ថ្ងៃ​នេះ​ព្រះ​ក៏​ប្រទាន​អោយ​យើង​នូវ​កំឡាំងផង​ដែរ។ (ដើម្បី​រៀន​បន្ថែម​អំពី​ចំនុច​នេះ សូម​មើល​សេចក្តី​អធិប្បាយ​ចេញ​ពី​អេសេគាល​ជំពូក ១-៣​របស់​លោក Don Carson)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top