ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់
កំណើតរបស់អ៊ីសាក (លោកុប្បត្ដិ ២១:១-៧) គឺជាដំណោះស្រាយចំពោះបញ្ហា ដែលត្រូវបានកត់សំគាល់នៅក្នុងលោកុប្បត្ដិ ១១:៣០ ថា «ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ» និង ជាពេលចាប់ផ្តើមបំពេញ សំរេចសេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាមថា «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង» (១២:២)។ នៅពេលនោះអាប់រ៉ាម មានអាយុ៧៥ ឆ្នាំ (១២:៤)។ តើព្រះអាចបំពេញសំរេចសេចក្តីសន្យានេះដោយរបៀបណា? បន្ទាប់ពីរយៈពេល២៥ ឆ្នាំក្រោយមក «ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ» (២១:១)។ បញ្ហាមួយពេលអធិប្បាយរឿងនេះគឺ យើងត្រូវមិនភ្លេចដាក់រឿងនេះទៅក្នុងបរិបទនៃរឿងធំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិ ១១ ហើយយើងត្រូវជ្រើសរើសអត្ថបទគម្ពីរត្រឹមត្រូវ និងអធិប្បាយវាជារឿងតែមួយ។ ព្រះបានមានបន្ទូលសន្យាប្រទានពូជពង្សដល់អ័ប្រាហាំម្តងហើយ ម្តងទៀតជាច្រើនដង (១៣:១៦; ១៥:៥; ១៧:២, ៥-៦)។ ព្រះបានបញ្ជាក់ច្បាស់ថា សេចក្តីសន្យារបស់ទ្រង់នឹងត្រូវបានបំពេញសំរេចតាមរយៈនាងសារ៉ា (១៧:១៦) មិនមែនតាមរយៈនាងហាការទេ។
អ្នកនិទានពិពណ៌នាពីរដងថា អ័ប្រាហាំមាន «វ័យចាស់» (ខ.២, ៧) និង «អាយុបាន១០០ឆ្នាំហើយ» (ខ.៥) ដែលនេះសង្កត់ធ្ងន់ថា វាគឺជាការងារដ៏អស្ចារ្យរបស់ព្រះ ដែលបានបង្កើតអ៊ីសាក។ អ្នកនិទានសង្កត់ធ្ងន់លើការស្តាប់បង្គាប់របស់អ័ប្រាហាំចំពោះព្រះពេលគាត់ដាក់ឈ្មោះកូនប្រុសរបស់គាត់ថា អ៊ីសាក (ខ.៣) និងការកាត់ស្បែក កូនរបស់គាត់នៅថ្ងៃទីប្រាំបី «ដូចជាព្រះទ្រង់បង្គាប់មក» (ខ.៤)។ ព្រះជាម្ចាស់មាន ព្រះបន្ទូល ឬសេចក្តីសន្យាជាមុនត្រូវបានលើកឡើងចំនួនបីដង «ដូចជាទ្រង់ [ព្រះអម្ចាស់] បានមានបន្ទូល» «តាមដែលទ្រង់សន្យា» «ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់» (ខ.១-២)។ ឈ្មោះអ៊ីសាក («គាត់សើច») ត្រូវបានលើកឡើងចំនួនបីដង (ខ.៣, ៤, ៥) និងពាក្យឫស «សើច» ចំនួនពីរដង (ខ.៦)។ អត្ថបទគម្ពីរនេះ គឺនិយាយអំពីព្រះបានធ្វើការអស្ចារ្យ ដើម្បីបំពេញសំរេចសេចក្តីសន្យារបស់ទ្រង់ជាមួយអ័ប្រាហាំ និងសារ៉ា ហើយសំណើចគឺជា លទ្ធផល។ សារ៉ាដឹងថា មានតែព្រះទេ ដែលអាចប្រទានកូនប្រុសនេះដល់ស្ត្រីអារវ័យ៩០ឆ្នាំ។ គាត់លាន់មាត់ថា «ព្រះទ្រង់បានធ្វើអោយអញសើច» (២១:៦)។
ផ្ទៃរឿង និងគោលដៅ
យើងអាចមានផ្ទៃរឿងថា «ចូរអរសប្បាយនៅក្នុងសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ពីព្រោះព្រះអង្គបំពេញ សំរេចសេចក្តីសន្យារបស់ទ្រង់ ដោយប្រទានអ៊ីសាកដោយការអស្ចារ្យ។»
នៅពេលអ៊ីស្រាអែលនៅក្នុងស្រុកម៉ូអាប់ បន្ទាប់ពីការធ្វើដំណើរពិបាកកាត់តាមទីរហោស្ថាន ឬនៅក្នុងការនិរទេសនៅក្នុងបាប៊ីឡូន ដោយព្រោះព្រះអង្គបោះបង់គេចេញពីទឹកដីសន្យា ប្រហែលជាគេធ្លាក់ទឹកចិត្ត ក៏ប៉ុន្តែ រឿងនេះនឹងលើទឹកចិត្តដល់អ៊ីស្រាអែលអោយមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ដោយសារព្រះអង្គស្មោះត្រង់ និងមានឫទ្ធានុភាព។ ដូច្នេះ គោលដៅនៃសារនេះសំរាប់អ៊ីស្រាអែលគឺ «ដើម្បីលើកទឹកចិត្តអ៊ីស្រាអែលអោយអរសប្បាយនៅក្នុងសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដែលបានប្រទានអ៊ីសាកមកដោយការអស្ចារ្យ ដែលអ៊ីសាកនាំអ៊ីស្រាអែលអោយក្លាយជាជាតិសាសន៍មួយ»។
របៀបប្រកាសពីព្រះគ្រីស្ទ
ផ្ទៃរឿង៖ ពូជរបស់ស្ត្រី៖ របៀបមួយក្នុងការប្រកាសពីព្រះគ្រីស្ទចេញពីរឿងនេះគឺ ត្រូវសំឡឹងមើលផ្ទៃរឿង «ពូជរបស់ស្ត្រី»។ ព្រះបានសន្យាជាមួយនាងអេវ៉ាថា ពូជរបស់នាងនឹងជាន់ក្បាលរបស់សាតាំង។ តាមរយៈការអភិវឌ្ឍន៍នៃសេចក្តីសន្យារបស់ព្រះនៅក្នុងកណ្ឌលោកុប្បត្ដិ យើងមើលឃើញថា ពូជរបស់អេវ៉ាគឺជាពូជរបស់សារ៉ា។ រឿងនេះបង្ហាញអំពីព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ និងបំពេញសំរេចផែនការរបស់ទ្រង់ ក្នុងការជាន់ក្បាលរបស់សាតាំងដោយការអស្ចារ្យ។ គ្មានអ្វីអាចបញ្ឈប់ព្រះពីការបំពេញសំរេចផែនការរបស់ទ្រង់បានឡើយ សូម្បីវ័យចំណាស់របស់អ័ប្រាហាំ និងសារ៉ាក៏មិនអាចបញ្ឈប់បានដែរ។ ក្រោយមកទៀត ព្រះនឹងប្រទានកូនប្រុសម្នាក់ទៀតដោយការអស្ចារ្យ គឺយ៉ាកុប/អ៊ីស្រាអែលដល់អ៊ីសាក និងរេបិកា ដែលជាស្ត្រីអារ។ ជាចុងក្រោយ កូនប្រុសរបស់យ៉ាកុប ផ្តល់កំណើតដល់ជាតិសាសន៍អ៊ីស្រាអែល ហើយព្រះមែស៊ីនឹងប្រសូតមកពីអ៊ីស្រាអែល (សូមមើលពង្សាវតាររបស់ព្រះយេស៊ូវនៅក្នុងម៉ាថាយ ១ និងលូកា ៣)។ កំណើតរបស់អ៊ីសាកមានការអស្ចារ្យ ប៉ុន្តែកំណើតរបស់ព្រះយេស៊ូវកាន់តែមានការអស្ចារ្យទៅទៀត។ នៅពេលព្រះធ្វើការអស្ចារ្យកាន់តែធំ ការចាប់ទុំផ្ទៃនិងការប្រសូត របស់ព្រះយេស៊ូវ ទាំងពួកទេវតា ពួកអ្នកគង្វាល ស៊ីម្មាន អាន្ន៉ា និងពួកហោរាចារ្យអរសប្បាយទាំងអស់គ្នា។ ទោះបីជាកំណើតរបស់អ៊ីសាកនាំមកនូវអំណរដ៏ធំ កំណើតរបស់ព្រះយេស៊ូវរឹតតែនាំមកនូវអំណរកាន់តែធំទៅទៀត ពីព្រោះព្រះយេស៊ូវបំពេញសំរេចផែនការរបស់ព្រះនៅក្នុងការសង្គ្រោះមនុស្ស និងបំផ្លាញសាតាំង។
ផ្ទៃរឿង៖ ជាតិសាសន៍ និងជាតិសាសន៍ទាំងអស់៖ ព្រះបានសន្យាធ្វើអោយអ័ប្រាហាំក្លាយជា «ឪពុកនៃជាតិសាសន៍ដ៏ច្រើនសន្ធឹក» ដូច្នេះ កំណើតរបស់អ៊ីសាកគឺជា ការបំពេញសំរេចដើមដំបូងមួយ។ សេចក្តីសន្យារបស់ព្រះជាមួយអ័ប្រាហាំឈានទៅដល់ការបំពេញសំរេចខ្ពស់លើសពីអ៊ីសាក ទៅដល់ពូជរបស់អ័ប្រាហាំ គឺព្រះយេស៊ូវគ្រីស្ទ ដែលបង្គាប់ពួកសិស្សរបស់ទ្រង់អោយ «បញ្ចុះបញ្ចូលអោយសិស្សនៅគ្រប់ទាំងសាសន៍។» មានជាតិសាសន៍មួយចេញមកតាមរយៈអ៊ីសាក គឺអ៊ីស្រាអែល ដែលជារាស្ត្ររបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ តាមរយៈពូជរបស់អ៊ីសាក ព្រះយេស៊ូវ ហៅមនុស្សពីគ្រប់ជាតិសាសន៍អោយធ្វើជារាស្ត្ររបស់ទ្រង់ (សូមមើលរ៉ូម ៤:១៦-២០)។ ប៉ុន្តែ សេចក្តីសន្យានេះមិនទាន់បានបំពេញសំរេចទាំងស្រុងនៅឡើយទេ។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទបំរើព្រះ ដើម្បីបំពេញសំរេចសេចក្តីសន្យានេះ នៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ជាតិសាសន៍ទាំងអស់។ សេចក្តីសន្យារបស់ព្រះជាមួយអ័ប្រាហាំនឹងត្រូវបានបំពេញសំរេចនៅពេលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ហើយមនុស្សមួយហ្វូងយ៉ាងធំ «មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» នឹងឈរ «នៅមុខបល្ល័ង្ក និងកូនចៀម» (វិវរណៈ ៧:៩-១០)។
ចម្រៀងរបស់សារ៉ា និងចម្រៀងរបស់ម៉ារា។ កំណើតដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ និងការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធលើកទឹកចិត្តគ្រីស្ទបរិស័ទអោយអរសប្បាយចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដូចជាកំណើតដ៏អស្ចារ្យរបស់អ៊ីសាក បានលើកទឹកចិត្តអ៊ីស្រាអែលអោយអរសប្បាយចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ផងដែរ។ យើងអាចមើលឃើញ ដោយមើលទៅលើចម្រៀងសរសើរតម្កើងរបស់សារ៉ា នៅពេលអ៊ីសាកបានកើតមក (២១:៦-៧) ហើយចម្រៀងសរសើរតម្កើងរបស់ម៉ារាអំពីកំណើតរបស់ព្រះយេស៊ូវ (លូកា ១:៤៦-៥៥)។
ការដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី
ក្រៅពីការដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីខាងលើ នៅតែមានទំនាក់ទំនងពីលោកុប្បត្ដិ ២១:១-៧ ទៅកាន់អត្ថបទគម្ពីរក្រោយៗទៀតផងដែរ (លូកា ១:៦៨-៧៣ ចម្រៀងរបស់សាការីអំពីកំណើតរបស់ព្រះយេស៊ូវ និងហេព្រើរ ១១:១១-១២)។
ផ្ទៃរឿង គោលដៅ និងរចនាសម្ព័ន្ធសំរាប់សេចក្តីអធិប្បាយ
គោលដៅរបស់អ្នកនិទានគឺ «ដើម្បីលើកទឹកចិត្តអ៊ីស្រាអែលអោយអរសប្បាយចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដែលបានធ្វើការអស្ចារ្យដែលនាំអោយមានជនជាតិអ៊ីស្រាអែលដែលជារាស្ត្រពិសេសរបស់ព្រះអម្ចាស់។» ស្រដៀងគ្នាដែរ យើងអាចមានគោលដៅរបស់យើងនៅក្នុងការអធិប្បាយអត្ថបទនេះគឺ ដើម្បីលើកទឹកចិត្តពួកជំនុំអោយអរសប្បាយចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដែលបានហៅយើងដោយការអស្ចារ្យអោយធ្វើជារាស្ត្រពិសេសរបស់ព្រះអម្ចាស់។ សេចក្តីអធិប្បាយរបស់យើងគួរតែមានចំនុចខ្លះៗ ដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។
១. បង្ហាញផែនការរបស់ព្រះក្នុងការសង្គ្រោះយើងចេញពីអំពើបាប ហើយបំផ្លាញសាតាំងតាមរយៈពូជរបស់អេវ៉ា (លោកុប្បត្ដិ ៣:១៥)។
២. បង្ហាញអំណាចរបស់ព្រះក្នុងការសំដែងការអស្ចារ្យ ដែលនៅទីនេះយើងមើលឃើញនៅពេលព្រះប្រទានពូជរបស់សារ៉ា (ពេលគាត់មានវ័យចំណាស់) ដែលនាំអោយមានជនជាតិអ៊ីស្រាអែល។
៣. សារ៉ាបានមានអំណរ ហើយអ៊ីស្រាអែលគួរអរសប្បាយ ពីព្រោះព្រះបានធ្វើការនេះសំរាប់ពួកគេតាមរយៈឫទ្ធានុភាព និងសេចក្តីស្មោះត្រង់របស់ទ្រង់។
៤. ព្រះយេស៊ូវគឺជាពូជចុងក្រោយ ជាពូជរបស់សារ៉ា ជាពូជរបស់អេវ៉ា ដែលសង្គ្រោះយើង និងបំផ្លាញសាតាំង។
៥. សព្វថ្ងៃនេះ យើងគួរតែមានអំណរចំពោះអ្វី ដែលព្រះបានធ្វើសំរាប់យើងតាមរយៈព្រះយេស៊ូវ ដូចជាមានអំណរនៅពេលព្រះយេស៊ូវបានប្រសូតមកផងដែរ។
ចំនុចទាំងនេះ បង្រៀនអំពីគំនិតចម្បងរបស់បទគម្ពីរ សំរាប់អ៊ីស្រាអែល ហើយអនុវត្តអត្ថបទនេះយ៉ាងស្មោះត្រង់មកកាន់យើងតាមរយៈព្រះយេស៊ូវ។ វាក៏មានការអនុវត្តគឺ «អរសប្បាយ»។
Leave a Reply