ក្រុង អាសដូឌ Ashdod (Azotus)
ស្រុកភីលីស្ទីនមានក្រុងដ៏សំខាន់ចំនួនប្រាំដូចជា ក្រុងអាសដូឌ ក្រុងកាសា ក្រុងអាសកាឡូន ក្រុងកាថ និង ក្រុងអេក្រូន (មាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅទីក្រុងទាំងប្រាំនេះ យ៉ូស្វេ ១៣:៣) ក្រុងអាសដូឌស្ថិតនៅរវាងភូមិយ៉ុបប៉េនិងក្រុងកាសា ហើយមានចម្ងាយប្រហែលជាប្រាំគីឡូម៉ែត្រពីច្រាំងសមុទ្រ។ នៅពេលពួកអ៊ីស្រាអែលបានចូលទឹកដីសន្យា ជនជាតិអាណាក់បានរស់នៅក្រុងអាសដូឌ (យ៉ូស្វេ ១១:២១, ២២)។ អំបូរយូដាបានទទួលក្រុងអាសដូឌ (យ៉ូស្វេ ១៥: ២០,៤៦-៤៧)។
នៅសម័យអេលី ពួកភីលីស្ទីនបានដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅឯក្រុងអាសដូឌ (១សាំយូអែល ៥:១)។ ទោះបីជាស្តេចដាវីឌនិងស្តេចសាឡូម៉ូនមានអំណាចនៅក្រុងអាសដូឌក៏ដោយ ក៏គេមិនបានច្បាំងដណ្ដើមយកក្រុងនេះទាំងស្រុងឡើយ ប៉ុន្តែគឺស្តេចអូសៀសបានច្បាំងដណ្ដើមយកក្រុងនេះវិញ (២របាក្សត្រ ២៦:៦)។ ទោះយ៉ាងណា បន្ទាប់ពីអំណាចយោធានៅស្រុកយូដាសាបរលាប នោះក្រុងអាសដូឌបានទទួលឯករាជ្យជាថ្មីម្តងទៀត។ ក្រោយមក ក្រុងអាសដូឌត្រូវបានគេផ្លាស់ប្តូរឈ្មោទៅជា «អាសូត» (Azotus) ដែលនៅទីនេះ លោកភីលីពបានប្រកាសដំណឹងល្អ (កិច្ចការ ៨:៤០)។
Leave a Reply