សាសន៍​កាណាន​ Canaanites

សាសន៍​កាណានCanaanites គឺ​ជា​ពូជពង្ស​របស់​កាណាន​ ដែល​ជា​កូនប្រុស​របស់​ហាំ (សូម​មើល http://www.dkdl.org/?page_id=2024)។ ​បន្ទាប់​ពី​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ចេញ​ពី​ទឹកដី​កំណើត​របស់​ពួកគេ​មក  ពួកគេ​ហាក់​ដូច​ជា​បាន​មក​ដល់​ឈូង​សមុទ្រ​ពើស៊ី​ហើយ​បាន​រស់​នៅ​ទី​នោះ​មួយ​រយៈ។ ​បន្ទាប់មក​ ពួកគេ​ពង្រីក​ទៅ​ដល់​ទិស​ខាង​លិច​ ឆ្លង​កាត់​ភ្នំ​នៃ​លេបាណន់​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ​ដោយ​កាន់កាប់​ទឹកដី​ទាំង​អស់​ ដែល​ក្រោយ​មក​ទៀត​ ​គេ​បាន​ហៅ​ប៉ាឡេស្ទីន​ហើយ​ក៏​ទៅដល់​ខាង​លិច​ឆៀង​ខាង​ជើង​ដល់​ជួរ​ភ្នំ​តើរុស។ ក្រុម​នេះ​មាន​ចំនួន​មនុស្ស​ច្រើន​ខ្លាំង​ណាស់​ ដូច​ដែល​យើង​អាច​មើល​ឃើញ​នៅ​ក្នុង​បញ្ជី​ជាតិសាសន៍​ (លោកុប្បត្ដិ​ ១០)។ ​មានការ​លើក​ឡើង​ពី​ពូជអំបូរ​ចំនួន​ប្រាំ​មួយដង​  ខុសៗ​គ្នា​នៅ​ក្នុង​ និក្ខមនំ ៣:៨, ១៧; ២៣:២៣; ៣៣:២;៣៤:១១។ ​នៅ​ក្នុង​ និក្ខមនំ​ ១៣:៥ «សាសន៍​ពេរិស៊ីត​» ត្រូវ​បាន​លុប​ចោល។ «សាសន៍​គើកាស៊ី​» ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ចោទិយកថា​ ៧:១; យ៉ូស្វេ ៣:១០។

​សាសន៍​កាណាន​គឺ​ជា​អ្នក​រស់​នៅ«ខាង​សមុទ្រ​ហើយ​មាត់ទន្លេ​យ័រ​ដាន់​» (ជនគណនា ១៣:២៩) ទីវាល​និង​ជ្រលង​យ៉ាង​ល្អ​ដែល​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ភីលេស្ទីន។ ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន ​ដែល​ជា​ទីក្រុង​ល្បីល្បាញ​របស់​ពួកគេ​ គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​ដូច្នេះ​ឈ្មោះ​ «កាណាន» ​បាន​សំដៅ​ទៅ​លើ​ «អ្នក​ជំនួញ» ឬ «ឈ្មួញ» (យ៉ូប​ ៤១:៦; សុភាសិត​ ៣១:២៤, នៅ​ក្នុង​ខ​នេះ ​ពាក្យ​ភាសា​ហេព្រើរ​ដើម​ដែល​គេ​បកប្រែ «អ្នក​ជំនួញ» គឺ ​«សាសន៍​កាណាន» ​ សេផានា ​១:១១; អេសេគាល ​១៧:៤)។ ​ពេលខ្លះ​ឈ្មោះ «កាណាន» ​នេះ​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​សំគាល់​លើ​ពួក​សាសន៍​ដទៃ​មាន​ទី​លំនៅ​នៅ​លើ​ទឹក​ដី​សន្យា​ (លោកុប្បត្ដិ​ ១២:៦; ជនគណនា ២១:៣; ពួកចៅហ្វាយ ​១:១០)។

​នៅ​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ ព្រះ​បាន​បង្គាប់​អោយ​ពួកគេ​សំឡាប់​ពូជពង្ស​របស់​កាណាន​ចោល​ទាំង​អស់​ (និក្ខមនំ​ ២៣:២៣; ជនគណនា ​៣៣:៥២, ៥៣; ចោទិយកថា ​២០:១៦, ១៧)។ ​ការ​សំឡាប់​នេះ​ត្រូវ​ធ្វើ​បន្តិច​ម្តងៗ​បើ​មិន​ដូច្នោះ​ទេ​នោះ​សត្វ​ព្រៃ​នឹង​កើត​ឡើង​កាន់​តែ​ច្រើន​ និក្ខមនំ ​២៣:២៩; ចោទិយកថា​ ៧:២២-២៣)។ ​កណ្ឌ​គម្ពីរ​យ៉ូស្វេ​មាន​ផ្ទុក​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​ដណ្តើម​យក​ទឹក​ដី​នេះ។ ទោះ​យ៉ាង​ណា​ការ​កំចាត់​ពូជសាសន៍​ទាំង​នេះ​ចោល​ទាំង​ស្រុង​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​នោះ​ទេ។ ក្រុង​យេរូសាឡិម​មិន​ត្រូវ​បាន​គេ​ចាប់​យក​ទេ​រហូត​ដល់​សម័យ​ស្តេច​ដាវីឌ (២សាំយូអែល ៥:៦, ៧)។ នៅ​សម័យ​ស្តេច​សាឡូម៉ូន​ ការ​កេណ្ឌ​មនុស្ស​ពី​សាសន៍​កាណាន​យក​មក​បម្រើ ​នៅ​តែ​មាន​នៅ​ក្នុង​ទឹក​ដី (១ពង្សាវតារក្សត្រ ​៩:២០-២១)។ សូម្បី​តែ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​ពី​ការ​និរទេស​ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដែល​មក​ពី​សាសន៍​កាណាន​ទាំង​ប្រាំ​អំបូរ​នៅ​តែ​ឃើញ​មាន​វត្ត​មាន​នៅ​ក្នុង​ទឹកដី។​

​ពួក​ក្រិក​បាន​ហៅ​ពួកគេ​ថា​សាសន៍​ភេនីស។ ពួកគេ​បាន​ល្បីល្បាញ​ក្នុងនាម​ជា​ឈ្មួញ​និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ហើយ​ពួកគេ​ក៏​មាន​ជំនាញ​ខាង​សិល្បៈ​ផង​ដែរ។​ ពួកគេ​បាន​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ​ ដែល​ជាទូទៅ​ពួកគេ​បាន​ហៅ​ថា​ព្រះ​បាល​ដែល​មានន័យ​ថា «ម្ចាស់»។ ​តំបន់​នីមួយៗ​មាន​ព្រះ​បាល​ពិសេស​របស់​គេ​ហើយ​ពួកគេ​ផ្តល់​ឈ្មោះ​អោយ​ព្រះ​បាល​នៅ​តំបន់​ផ្សេងៗ​ជា​រួម​ថា បាលីម Baalim «ពួក​ម្ចាស់»។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top