Most important principle for pastors pdf download
គោលការណ៍សំខាន់បំផុតសំរាប់គ្រូគង្វាល
សំនួរដ៏ធំ
គ្រូគង្វាលគឺជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ហើយសំរាប់អ្នកដឹកនាំទាំងអស់សំនួរដ៏សំខាន់ណាស់គឺ «តើ ខ្ញុំកំពុងតែនាំគេទៅណា?» ដូច្នេះសំនួរមួយរដ៏សំខាន់ណាស់សំរាប់គ្រូគង្វាលគឺ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» បើសិនជាយើងមិនអាចឆ្លើយសំនួរនោះយ៉ាងច្បាស់ នោះយើងមិនអាចដឹកនាំយ៉ាងល្អបានទេ។
ចម្លើយដ៏ច្បាស់និងសាមញ្ញ
ចម្លើយដ៏ច្បាស់និងសាមញ្ញនៅក្នុងសញ្ញាថ្មីចំពោះសំនួរ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» គឺព្រះយេស៊ូវ។ ហាក់ដូចជានេះជាចម្លើយយ៉ាងជាក់ស្ដែង ប៉ុន្តែនេះគឺជាចម្លើយដែលមនុស្សប្រញាប់ភ្លេច។ អ្នកដឹកនាំអាចបញ្ឆោតខ្លួនហើយគិតថា គេនាំសមាជិកទៅព្រះគ្រីស្ទ ប៉ុន្តែ នៅក្នុងចិត្តហេតុដែលជំរុញអោយគេធ្វើការដឹកនាំ គឺដើម្បីដឹកនាំសមាជិកទៅគេខ្លួនឯង។ នេះគឺជាអាកប្បកិរិយាដែលខុស។
ចូរអាន អេភេសូរ ៤:១១-១៦។ នៅអត្ថបទនេះលោកប៉ុលបង្រៀនថា ព្រះគ្រីស្ទបានប្រទានអ្នកដឹកនាំនៅក្នុងពួកជំនុំប្រយោជន៍ឲ្យគេនឹងសាងព្រះកាយរបស់ព្រះគ្រីស្ទទៅជាមនុស្សពេញវ័យនៅក្នុងព្រះគ្រីស្ទ ហើយនេះនឹងនាំអោយយើងបានផ្គុំគ្នា ជៀសវាងពីនិងមិនតាមសេចក្ដីបង្រៀនក្លែងក្លាយ។ គោលបំណងទាំងនេះបានកើតឡើងដោយយើងនិយាយនិងប្រតិបត្តិតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ (១៥)។
ការអនុវត្តន៍: គ្រូគង្វាលត្រូវប្រតិបត្តិតាមនិងប្រកាសព្រះគ្រីស្ទ
ការអនុវត្តន៍មួយដ៏ច្បាស់ដែលមកពីគោលការណ៍ទីមួយនៅខាងលើគឺ គ្រូគង្វាលត្រូវប្រតិបត្តិតាមព្រះគ្រីស្ទនៅក្នុងជីវិតខ្លួនឯង ប្រយោជន៍ដើម្បីគេធ្វើជាគំរូល្អចំពោះគ្រីស្ទបរិស័ទ ហើយការអនុវត្តន៍មួយទៀតដ៏ច្បាស់គឺគេត្រូវប្រកាសព្រះគ្រីស្ទនៅក្នុងពួកជំនុំផងដែរប្រយោជន៍ដើម្បីនាំគេទៅព្រះគ្រីស្ទ។ លោកប៉ុលបានសរសេរនៅក្នុង កូល៉ុស ១:២៨ យើងខ្ញុំប្រកាសប្រាប់ទ្រង់ (ព្រះគ្រីស្ទ) ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឱ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ នេះគឺជាសេចក្ដីសង្ខេបដ៏ល្អអំពីសកម្មភាពនិងគោលបំណងនៃគ្រូគង្វាល។ គេមានភារកិច្ចប្រកាសព្រះគ្រីស្ទដោយយល់ដល់គោលបំណងគឺយើងទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ទ។
ព្រះគ្រីស្ទ គឺជាទីកណ្ដាលនិងគោលបំណងនៃព្រះគម្ពីរ
នៅក្នុង លូកា ២៤:២៥-២៧,៤៤-៤៦ ព្រះយេស៊ូវបានបញ្ជាក់ប្រាប់ពួកសិស្សថា សញ្ញាចាស់ទាំងមូលគឺអំពីព្រះគ្រីស្ទផ្ទាល់។ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេអោយយល់អត្ថន័យគម្ពីរសញ្ញាចាស់ ហើយការយល់អត្ថន័យគម្ពីរសញ្ញាចាស់គឺជាការយល់ថា គម្ពីរសញ្ញាចាស់ទាំងមូលគឺអំពីព្រះគ្រីស្ទ ជាពិសេសការសុគតនិងការរស់ឡើយវិញរបស់ទ្រង់។
នៅក្នុង ធីម៉ូថេ ទី២ ៣:១៥ លោកប៉ុលសរសេរថា ព្រះគម្ពីរទាំងមូលគឺបានសរសេរទុកប្រយោជន៍ដើម្បីនាំយើងទៅព្រះគ្រីស្ទ ហើយទទួលសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រីស្ទ។ ដូច្នេះហើយ គោលបំណងនៃព្រះគម្ពីរគឺនាំយើងទៅព្រះគ្រីស្ទ ហើយនេះជាគោលបំណងនិងភារកិច្ចរបស់គ្រូគង្វាលផងដែរ គឺនាំពួកជំនុំទៅព្រះ គ្រីស្ទ។
ឧបមាថាម្នាក់ត្រូវបង្រៀនពីសៀវភៅមួយហើយអ្នកនោះមានគោលបំណងនៅក្នុងមេរៀនដែលខុសគ្នានឹងគោលបំណងនៃសៀវភៅនោះ។ នោះជាសកម្មភាពដែលឥតប្រយោជន៍ហើយខុសពីព្រោះគ្រូបង្រៀននិងសៀវភៅដែលគាត់បង្រៀនមានគោលបំណងខុសគ្នា។ ខ្លឹមសារនៃមេរៀនដែលលោកគ្រូកំពុងតែបង្រៀនខុសគ្នានឹងខ្លឹមសាររបស់សៀវភៅ។ គ្រូគង្វាលនិងអ្នកដឹកនាំនៅពួកជំនុំត្រូវបង្រៀននិងអធិប្បាយព្រះគម្ពីរ ហើយព្រះគម្ពីរនោះគឺជាសៀវភៅ។ បើសិនជាគ្រូគង្វាលមានគោលបំណងនៅក្នុងការបង្រៀនរបស់គាត់ដែលខុសគ្នានឹងគោលបំណងរបស់ព្រះគម្ពីរ នោះឥតមានប្រយោជន៍។ ប៉ុន្តែ បើសិនជាគ្រូគង្វាលនិងព្រះគម្ពីរមានគោលបំណងតែមួយ នោះមានប្រសិទ្ធភាព។ មធ្យោបាយរបស់គ្រូគង្វាលក្នុងភារកិច្ច ដឹកនាំសមាជិកទៅព្រះគ្រីស្ទគឺ បង្រៀនអធិប្បាយនិងប្រកាសព្រះបន្ទូល គឺជាព្រះគម្ពីរ ហើយព្រះគម្ពីរគឺជាឧបករណ៍ត្រឹមត្រូវពីព្រោះតួនាទីរបស់ព្រះគម្ពីរគឺធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ទាំងសញ្ញាចាស់និងសញ្ញាថ្មី។
ទោះយ៉ាងណាក៏ដោយ ជារឿយៗគ្រីស្ទបរិស័ទ សូម្បីតែគ្រូគង្វាល មិនសូវយល់អំពីរបៀបដែលសញ្ញាចាស់បានចង្អុលទៅចំពោះព្រះគ្រីស្ទ។ ការយល់ដឹងនេះគឺជាការសំខាន់ណាស់។ ដូច្នេះហើយ យើងផ្ដល់យោបល់ថា ចូរអានឯកសារអំពីប្រកាសព្រះគ្រីស្ទពីសញ្ញាចាស់។ មេរៀនទាំងនោះបានបង្ហាញពីរបៀបយើងអាចប្រកាសព្រះគ្រីស្ទអោយបានត្រឹមត្រូវពីអត្ថបទផ្សេងៗនៅក្នុងសញ្ញាចាស់ ហើយនេះនឹងជួយអោយសេចក្ដីអធិប្បាយរបស់យើងមានខ្លឹមសារដែលស្មោះត្រង់នឹងព្រះគម្ពីរ។
Leave a Reply