ការថ្វាយបង្គំ Worship

Worship pdf download

ការ​ថ្វាយ​បង្គំ​

សេចក្ដី​ផ្ដើម

«ការ​ថ្វាយ​បង្គំ​» ​ប្រហែ​ល​ជា​ពាក្យ​ដែល​ពួក​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​ប្រើ​ខុស​ច្រើនបំផុត។ ជា​រឿយ​ៗ​នៅ ពេល​ពួក​គ្រីស្ទ​បរិស័ទ​ប្រើ​ពាក្យ​ការ​ថ្វាយបង្គំ​ ពួកគេ​សំដៅ​ទៅ​លើ​ការ​ច្រៀង។ នៅក្នុង​កម្ម​វិធី​របស់​ពួក​ជំនុំ​ ជារឿយ​ៗ​ពួក​គ្រីស្ទ​បរិស័ទ​និយាយ​ថា នៅពេល​យើង​ចាប់​ផ្តើម​ច្រៀង​ នោះ​យើង​កំពុង​ចូល​ទៅ​ក្នុង​ពេល​វេលា​ថ្វាយ​បង្គំ​ហើយ។ ជារឿយៗ​នៅពេល​ពួក​គ្រីស្ទ​បរិស័ទ​ប្រើ​ពាក្យ «អ្នក​ដឹក​នាំ​ថ្វាយ​បង្គំ» ពួកគេ​កំពុង​សំដៅ​ទៅលើ​មនុស្ស​ដែល​ដឹក​នាំ​ការ​ច្រៀង។ ការ​គិត​ដូច្នេះ​គឺ​ធម្ម​តាទេ​នៅក្នុង​បណ្តា​ប្រទេសដែល​និយាយ​ភាសា​អង់គ្លេស ​និង​ពួក​បេសកជន​ដែល​និយាយ​ភាសា​អង់គ្លេស​បាន​នាំ​ការ​គិត​ដូច​នេះ​មក​កាន់​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​ព្រះ​គម្ពីរ​បង្ហាញ​ថា ការ​គិត​ដូច​នេះ​ពិត​ជា​ខុស​ទាំង​ស្រុង។

អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ការ​ថ្វាយ​បង្គំ

ព្រះ​យេស៊ូវ​មាន​បន្ទូល​នៅក្នុង​យ៉ូហាន ៤:២៣ ថា «នឹងមាន​ពេលវេលា​មក ក៏​នៅ​ឥឡូវនេះ​ហើយ​ នោះ​ពួក​អ្នក​ដែល​ថ្វាយបង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត ពីព្រោះ​ព្រះវរបិតា​ទ្រង់​រក​ពួក​អ្នក​យ៉ាងនោះ ឱ្យបានថ្វាយ​បង្គំ​ទ្រង់»។ ច្បាស់​ណាស់​ នៅពេល​ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ «គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត​» ទ្រង់​មិន​កំពុង​សំដៅ​ទៅលើ​សកម្ម​ភាព​ច្រៀង​នោះ​ទ្បើយ។ នៅពេល​ព្រះ​យេស៊ូវ​ដក​ស្រង់​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ «គេថ្វាយបង្គំ​អញ​ជា​ឥតប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្តី​ដែលជា​បញ្ញត្ត​របស់​ម​នុស្ស​វិញ» (ម៉ាថាយ ១៥:៩;  ម៉ាកុស​ ៧:៧) ទ្រង់​មិន​កំពុង​សំដៅ​លើ​ការ​ច្រៀង​ជា​ឥត​ប្រយោជន៍​នោះទេ។ នៅពេល​យ៉ូហាន ៩:៣៨ និយាយ​ថា «គាត់ទូលថា  “ខ្ញុំជឿហើយ  ព្រះអម្ចាស់អើយ  រួចគាត់ក៏​ក្រាបថ្វាយបង្គំទ្រង់”» វា​មិន​មាន​ន័យ​ថា គាត់​បាន​ចាប់​ផ្តើម​ច្រៀង​ដោយ​ខ្លួន​ឯង​ នៅ​មុខ​ព្រះ​យេស៊ូវ​នោះទេ។ លោក​ប៉ុល​សរសេរ​នៅក្នុង​រ៉ូម​ ១២:១ ថា យើង​គួរ​តែ​ថ្វាយ​រូប​កាយ​របស់​យើង​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ​ដែល​នេះ​គឺជា​សកម្ម​ភាព​ខា​ង​វិញ្ញាណ​ក្នុង​ការ​ថ្វាយ​បង្គំ។ នៅទី​នេះ ​សកម្ម​ភាព​ថ្វាយ​បង្គំ​របស់យើង​មិន​មែន​ជា​ការ​ច្រៀង​ទេ ប៉ុន្តែ​ជា​ការ​ថ្វាយ​ជីវិត​របស់​យើង​ទៅ​ចំពោះ​ព្រះវិញ។ នេះ​មិន​មាន​ន័យ​ថា ការ​ច្រៀង​មិន​មែនជា​ការ​ថ្វាយ​បង្គំ​នោះទេ។ ​ការ​ច្រៀង​គឺជា​ការ​ថ្វាយ​បង្គំ​ ប៉ុន្តែ​របៀប​ដែល​យើង​ប្រើ​ពាក្យ​នៅ​សព្វ​ថ្ងៃនេះ​អាច​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ​ តើ​ព្រះ​គម្ពីរ​បង្រៀន​អ្វី​អំពី​ការ​ថ្វាយ​បង្គំ?

ពាក្យ​ក្នុង​ព្រះ​គម្ពីរ​សំរាប់​ការ​ថ្វាយ​បង្គំ​

តើ​ពាក្យ​ថ្វាយ​បង្គំ​មាន​ន័យ​ដូច​ម្តេច? តើ​ពាក្យ​គោរព​មានន័យ​ដូច​ម្តេច? តើ​ពាក្យ​បំរើ​មានន័យ​ដូច​ម្តេច? ជា​ធម្ម​តា​នៅពេល​យើង​សួរសំនួរ​នេះ​ដល់​ជន​ជាតិ​ខ្មែរ​ ពួក​គេ​និយាយ​ថា ពាក្យ​ទាំង​នេះ​មាន​អត្ថន័យ​ខុស​គ្នា​ខ្លាំង​ណាស់​ ជា​ពិសេស​ពាក្យ​ថ្វាយ​បង្គំ និង​បំរើ។ ប៉ុន្តែ​ពាក្យ​ទាំង​នេះ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅក្នុង​ព្រះគម្ពីរ។ ពាក្យ​ភាសា​ហេព្រើរ​ និង​ភាសា​ក្រិក​មាន​ន័យ​ត្រួត​លើ​គ្នា។ សូម​ប្រៀប​ធៀប​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ​លើ​និក្ខមនំ ៨:១​ «ចូរបើកឱ្យរាស្ត្រអញ​ចេញទៅថ្វាយបង្គំអញ»​ (ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​) «ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង»​ (គខប)។ តើ​ហេតុ​អ្វី​បាន​ជា​ការ​បក​ប្រែ​មួយ​ បក​ប្រែ​ពាក្យ​ហេព្រើរ​ עבד ដោយ​ការ​ប្រើ​ពាក្យ​ថ្វាយ​បង្គំ ហើយ​ការ​បក​ប្រែ​មួយ​ទៀត​ បក​ប្រែ​ពាក្យ​ហេព្រើរ​នេះ​ជា​ពាក្យ​ គោរព​បំរើ​ ទៅ​វិញ?​ ការ​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​បក​ប្រែ​ដូច​នេះ​ដែរ។  ការ​បក​ប្រែ​ខ្លះ​បក​ប្រែ​ជា «ការ​ថ្វាយ​បង្គំ​» (​worship) ហើយ​ខ្លះ​ទៀត​បក​ប្រែ​ជា «​បំរើ» (serve)។ នេះ​ដោយ​សារ​តែយើង​អាច​បក​ប្រែ​ពាក្យ​ עבד ជា​ពាក្យ​ទាំង​ពីរ​ខាង​លើ​ (ថ្វាយបង្គំបម្រើ​) ប៉ុន្តែ​អត្ថន័យ​គ្រឹះ​គឺ បម្រើ​ ហើយជាទូទៅ​ពាក្យ​ហេព្រើរត្រូវ​គេ​បក​ប្រែ​ជា «បំរើ​» ឬ​ជា​មួយ​ពាក្យ​ដែល​ទាក់​ទង​នឹង «បំរើ​» នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ វា​ជា​ពាក្យ​ដដែល​ដែល​គេ​បាន​ប្រើ​ដើម្បី​បរិយាយ​អំពី​អ៊ីស្រាអែល​ «បំរើ​» ស្តេច​ផារ៉ោន​ (និក្ខមនំ​ ១:១៤)។ ដូច្នេះ ​ស្តេច​ផារ៉ោន​ត្រូវ​តែ​ដោះ​លែង​រាស្ត្រ​របស់​ព្រះ​ ដើម្បី​ពួក​គេ​អាច​ឈប់បំរើ​ស្តេច​ផារ៉ោនហើយ​បម្រើ​ព្រះ​វិញ។​ ​បើ​អញ្ចឹង​ តើ​ហេតុ​អ្វី​បាន​ជា​កា​របក​ប្រែ​ខ្លះ​បក​ប្រែ​ពាក្យ​នេះ​ជា «​ថ្វាយ​បង្គំ»?​ ពីព្រោះ​បើ​យោង​តាម​ព្រះ​គម្ពីរ​ ​របៀប​គន្លឹះ​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​គឺ​ដោយ​ការ​បំរើ​ទ្រង់។ នៅពេល​យើង​បំរើ​ទ្រង់​ នោះ​យើង​កំពុង​ថ្វាយ​បង្គំ​ទ្រង់​ ហើយ​ប្រសិន​បើ​យើង​មិន​បំរើ​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​ទេ នោះ​យើង​មិន​កំពុង​ថ្វាយ​បង្គំទ្រង់​នោះទេ។ ពាក្យ​ហេព្រើរ​មួយ​ទៀត​សំរាប់ការ​ថ្វាយ​បង្គំ​ (hištaḥa) មាន​ន័យ​ថា ឱន​ចុះត្រឹម​ចង្កេះ​ ហើយ​មាន​អត្ថន័យ​គ្រឹះ​ជា ការ​ឱន​ចុះ​ដោយ​ការ​គោរព​ ឬ​ថ្វាយ​បង្គំ​ (ឧទាហរណ៍ លោកុប្បត្តិ ២៤:២៦, ៤៨) ដូច​ជា​ជន​ជាតិ​ខ្មែរ​ធ្វើ​ចំពោះ​មហាក្សត្រ​របស់​ពួក​គេ​ផង​ដែរ។ ​

យើង​អាច​មើល​ឃើញ​អត្ថន័យ​ទាំង​នេះផង​ដែរ​ ដោយ​មើល​ទៅ​លើ​ពាក្យ​ភាសា​ក្រិក​ដែល​ត្រូវ​បាន​បក​ប្រែ​ជា «​ថ្វាយ​បង្គំ​»។ ​ពាក្យ​ក្រិក​គន្លឹះ​សំរាប់​ការ​ថ្វាយ​បង្គំ​គឺ latreia (នាម​) ដែល​មានន័យ​ថា ការ​បំរើ​ service ​(ministry)។ ​(ឧ​ទាហរណ៏ រ៉ូម ១:៩) និង latreuō ​(កិរិ​យាស័ព្ទ​) ដែល​មានន័យ​ថា បំរើ​ និង​ proskyneō (កិរិយា​ស័ព្ទ​)។ ពាក្យ​មួយ​ទៀត​ដែល​មិន​សូវ​ត្រូវ​បានគេ​ប្រើ​គឺ sebō។ ​

តើ​ការ​ថ្វាយ​បង្គំ​គឺជា​អ្វី?

វា​ជា​ការ​សំខាន់​ក្នុង​ការ​មើល​លើ​ពាក្យ​ និង​ខ​គម្ពីរ​ទាំង​នេះ​ដែល​មាន​ខាង​លើ​ ពីព្រោះ​គ្មាន​កន្លែង​ណា​នៅក្នុង​ព្រះ​គម្ពីរ​បាន​ផ្តល់​អត្ថន័យ​លើ​ការ​ថ្វាយ​បង្គំ​នោះទេ។ ប៉ុន្តែ​នៅពេល​យើង​ពិនិត្យ​ពាក្យសំរាប់​ការ​ថ្វាយ​បង្គំ​តាម​ព្រះគម្ពីរនៅ​ក្នុង​បរិបទ​ផ្សេង​ៗ​ នោះ​នាំ​ឲ្យ​យើង​មើល​ឃើញ​ច្បាស់​ថា អត្ថន័យ​ចំបង​គឺជា ការ​គោរព ការ​បំរើ​ និង​ការ​កោត​ខ្លាច។​១ មាន​និយម​ន័យ​មួយ​ចំនួន​សំរាប់​ការ​ថ្វាយ​បង្គំ​ រួម​ទាំង​ការ​គោរព​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ​ ដែល​វា​ជា​អំពើ​បាប​ (ការ​ថ្វាយ​បង្គំ​រូប​ព្រះ​) បើសិន​យើង​ថ្វាយ​ការ​គោរព​នោះ​ទៅ​ដ​ល់​ស្នា​ព្រះ​ហស្ត​ណា​មួយ​នោះ។​ ការ​កោត​ខ្លាច​នៅ​ចំពោះ​វត្ត​មានដ៏​ថ្កុំថ្កើងរបស់​ព្រះ​អម្ចាស់។ ការ​បង្ហាញ​ការ​កោត​ខ្លាច​ និង​ការ​សរសើរ​តម្កើង​ដល់​ព្រះ។ ​ការ​ថ្វាយ​បង្គំ​មាន​ទាំង​សកម្ម​ភាព​ដូច​ជា ការ​សរសើរ​តម្កើង​ ការ​អរ​ព្រះគុណ ការ​បំរើ​ព្រះ  សេចក្តី​អធិស្ឋាន​ ​ ការ​ថ្វាយ​យញ្ញ​បូជា និង​សម្ប​ថ។ ​

យើង​គួរ​តែ​ថ្វាយ​បង្គំ​ព្រះ ពីព្រោះ​ទ្រង់​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​

យើង​គួរ​តែ​ថ្វាយ​បង្គំ​ព្រះ ពីព្រោះ​ទ្រង់​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​និង​ការ​សរសើរ​តម្កើង​ (២សាំ​យ៉ូ​អែល ២២:៤; ១​របាក្សត្រ​ ១៦:២៥; ទំនុក​ដំកើង ១៨:៣; ៤៨:១; ៩៦:៤; ១៤៥:៣;​ វិ​វរណៈ ៥:១២)។ ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺជា​ការ​អាក្រក់​ហើយ​ល្ងី​ល្ងឺ ពីព្រោះ​យើង​ថ្វាយ​បង្គំ​របស់​ដែល​មិន​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ។ ​ពាក្យ​ភាសា​អង់​គ្លេស​ worship មក​ពី ពាក្យ​ សម​នឹង​ទទួល​បាន​ worthy ។ (ភាសា​អង់​គ្លេស​ចាស់​ «weorthscipe»=«worth-ship») ដែល​មាន​ន័យ​ដើម​ជា​សកម្ម​ភាព​របស់​មនុស្ស​ជាតិ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ដល់​ព្រះ​ ពី​ព្រោះ​ទ្រង់​សម​នឹង​ទទួល​ការ​គោរព​នោះ។​

ការ​ថ្វាយ​បង្គំ​ពិត​ប្រាកដ​ គឺជា​ឆ្លើយ​តប​ចំពោះ​ព្រះ​ដែល​បើក​សម្តែងអង្គ​ទ្រង់​

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ ជន​ជាតិ​អ៊ីស្រា​អែល​គឺជា​អ្នកថ្វាយ​បង្គំ​ដ៏ពិត​ប្រាកដ​របស់​ព្រះ​ ហើយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ ពួក​គ្រីស្ទ​បរិស័ទ​គឺ​ជា​អ្នក​ថ្វាយ​បង្គំ​ដ៏ពិត​ប្រាកដ​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ ជន​ជាតិ​អ៊ីស្រាអែល​គឺ​ជា​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ ហើយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ គឺជា​ពួក​គ្រីស្ទ​បរិស័ទ​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិ​ត​វិញ។ តើ​ហេតុ​អ្វី​ក្រុម​ទាំង​នេះ​គឺជា​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត? ពីព្រោះ​ពួក​គេ​គឺជា​មនុស្ស​ដែល​ព្រះ​បាន​បើក​សម្តែង​អង្គ​ទ្រង់​ទៅ​កាន់​ តាមរយៈ​ព្រះ​បន្ទូល​ និង​សកម្ម​ភាព​របស់​ទ្រង់​ធ្វើ​ការ​ជា​មួយ​គ្នា។ អ៊ីស្រាអែល ​បាន​ទទួល​បាន​ព្រះ​បន្ទូល​របស់​ព្រះ​ ​ហេតុនេះ​ហើយ​បាន​ជា​ពួក​គេ​វិសេស​ជាង​ពួក​សាសន៍ដទៃ​ (រ៉ូម ៣:១-២)។ ដោយ​សារ​តែ​អ៊ីស្រាអែល​ បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ នោះ​ពួកគេ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​អាច​ថ្វាយ​បង្គំ​ទ្រង់​បាន។ ពួក​សាសន៍ដទៃ​មិន​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ  ដូច្នេះ​ពួកគេ​មិន​បាន​ស្គាល់​ព្រះ​ហើយ​ថ្វាយ​បង្គំ​រូប​ព្រះ​វិញ​ (រ៉ូម​ ១:១៨-៣២)។ ប៉ុន្តែ​ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគ្រីស្ទ​គឺជា​ព្រះ​បន្ទូល​របស់​ព្រះ ដំណឹងល្អ​គឺជា​ព្រះ​បន្ទូល​របស់​ព្រះ​ ដូច្នេះ​អស់​អ្នក​ដែល​ទទួល​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ អាច​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​បាន​ហើយ។

ការ​អនុវត្តៈ ​យើង​ចាំ​បាច់​ត្រូវ​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ ដែល​ជា​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ ទៅ​កាន់​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​បាន។ ប៉ុន្តែ​ ការ​ថ្វាយ​បង្គំ​ពិត​ប្រាកដ​មិន​គ្រាន់​តែ​ជា​ការ​ថ្វាយ​បង្គំ​ព្រះដ៏​ពិត​នោះទេ ប៉ុន្តែ​ជា​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​តាម​របៀប​ដែល​ព្រះ​សព្វ​ព្រះ​ហឫ​ទ័យ។ ការ​ថ្វាយ​បង្គំ​បែប​នេះ​នាំ​ទៅ​ដល់​ចំនុច​បន្ទាប់​មក​ទៀត។

ការ​ថ្វាយ​បង្គំ​ដ៏ពិត​ប្រាកដ​គឺជា​ការ​ថ្វាយ​បង្គំ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​

ជា​រឿយ​ៗ​ពួក​គ្រីស្ទ​បរិស័ទ​គ្រាន់​តែ​គិត​ថា ​ការ​ថ្វាយ​បង្គំ​គឺជា​ការ​ច្រៀង លើស​ពី​នេះ​ទៅ​ទៀត​ គេ​ខ្វល់​ខ្វាយ​អំពី តើ​ខ្ញុំ​ចូល​ចិត្ត​ការ​ច្រៀង​នេះឬទេ ប៉ុន្តែ​យើង​នឹង​ឃើញ​ថា អ្វី​ដែល​សំខាន់​នោះ​មិន​មែន​យើង​ចូល​ចិត្ត​ការ​ច្រៀង ឬ​ការ​ថ្វាយ​បង្គំ​ ឬ​អត់​នោះទេ ប៉ុន្តែ​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​ ឬ​អត់វិញ។ សូម​អាន​ខ​គម្ពីរ​ដូច​ត​ទៅ​នេះ:

ជនគណនា​ ១៥:៧; ហូសេ​ ៨:១៣, ៩:៤; អេម៉ុស​ ៥:២១-២៣; មីកា​ ៦:៧-៨; ម៉ាឡាគី​ ១:៨-១៤, ៣:៣-៤; យ៉ូហាន​ ៤:២៣-២៤; រ៉ូម​ ១២:១-២; ហេព្រើរ​ ១០:៦-៨, ១៣:១៥-១៦; ១ពេត្រុស​ ២:៥

ផ្ទៃ​រឿង​នៅក្នុង​បទ​គម្ពីរ​ទាំង​នេះ​ គឺជា​ការ​ថ្វាយ​បង្គំ ដង្វាយ និង​យញ្ញបូជា​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​ ឬព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក។ ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​សព្វ​ហឫទ័យ​ទទួលយក​ មិន​គ្រាន់​តែ​ជា​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​នោះទេ ប៉ុន្តែ​ជា​ការ​ថ្វាយ​បង្គំ​ទ្រង់​នៅក្នុង​របៀប​ដែល​ធ្វើ​តាម​ព្រះ បន្ទូល​របស់​ទ្រង់​នៅក្នុង​ជីវិត​ទាំង​មូល​របស់​យើង។ មាន​របៀប​ខ្លះ​ៗ​ដែល​មនុស្ស​បរាជ័យ​ក្នុង​កា​រថ្វាយ​បង្គំ​បែប​នេះ ។ របៀប​មួយ​គឺ​ថា ពួកគេ​គ្រាន់​តែ​ធ្វើ​តាម​ព្រះប​ន្ទូល​របស់​ព្រះ​ខ្លះ​ ប៉ុន្តែ​ព្រ​ងើយ​កន្តើយ​ ឬ​បដិសេធ​ផ្នែក​ខ្លះៗ​ទៀត។ ​របៀប​នេះ​ជា​រឿយ​ៗ​បាន​កើត​ទ្បើង​នៅក្នុង​អ៊ីស្រា​អែល។ ពួកគេ​បាន​រក្សា​ច្បាប់​អំពី​យញ្ញ​បូជា​ និង​ពិធី​បុណ្យ​សាសនា​ ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ​នោះទេ។ ពួកគេ​មាន​ភាព​អសីល​ធម៌​ផ្លូវ​ភេទ លោភលន់​ ថ្វាយ​បង្គំ​រូប​ព្រះ​…ល។ ពួក​គេ​បាន​គិត​ថា ព្រះ​នឹង​សព្វ​ព្រះ​ទ័យ​ដោយ​ព្រោះពួកគេ​បាន​ថ្វាយ​យញ្ញ​បូ​ជា​ និង​ធ្វើ​ពិធី​បុណ្យ​សាសនា​ ប៉ុន្តែ​បទ​គម្ពីរ​ទាំង​ប៉ុន្មាន​ខាង​លើ​បង្ហាញ​ថា ទ្រង់​មិន​សព្វ​ព្រះទ័យ​ទេ ហើយ​ថា ទ្រង់​ចង់​ឲ្យ​ពួក​គេ​បញ្ឈប់​ពិធីបុណ្យ​សាសនា ​ហើយ​បិទ​ព្រះ​វិហារ​ទៅ។ របៀប​មួយ​ទៀត​ដែល​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​នៅក្នុង​របៀប​ដែល​ព្រះ​មិនសព្វ​ព្រះទ័យ​គឺ ពួកគេ​បដិសេធ​ ឬ​ព្រ​ងើយ​កន្តើយ​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​ ហើយ​គ្រាន់​តែ​ថ្វាយ​បង្គំ​នៅក្នុង​របៀប​ដែល​ពួកគេ​ចង់​បាន​ប៉ុណ្ណោះ។ នៅក្នុង​ចោទិ​យកថា ១២:៤-៦ ព្រះ​ព្រមាន​អ៊ីស្រាអែ​ល​មិន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​តាម​បៀប​របស់​ពួកសាសន៏​ដទៃ​ដែល​នៅជុំ​វិញ​ពួកគេនោះ​ទ្បើយ។ ពួកគេ​មិន​អាច​និយាយ​ថា យើង​កំពុង​ថ្វាយ​បង្គំ​ព្រះ​យ៉ា​វ៉េ​ដែល​ជា​ព្រះ​ដ៏​ពិត ប៉ុន្តែ​តាមរបៀប​របស់​ពួកសាសន៍​ដទៃ​បាន​ទ្បើយ។ ​ព្រះ​មិន​ទទួល​យក​ការ​ថ្វាយ​បង្គំ​បែប​នេះ​ទ្បើយ។ ពួកគេ​ត្រូវ​តែ​ថ្វាយ​បង្គំ នាំ​យក​ដង្វាយ​ និង​យញ្ញ​បូជា​ទៅកាន់​កន្លែង​ដែល​ព្រះ​បាន​ជ្រើស​យក។ ក្រោយ​មក​ទៀត​ ទ្រង់​បាន​ជ្រើស​យក​យេរូសាទ្បឹម ដូច្នេះ​ពួកគេ​ត្រូវ​តែ​នាំ​យក​ដង្វាយ​និង​យញ្ញ​បូជា​របស់គេ​ទៅ​កាន់​យេរូសាទ្បឹម។ ដូច្នេះ នៅពេល​ពួក​គេ​ថ្វាយ​ដង្វាយ​ និង​យញ្ញ​បូជា​នៅទីខ្ពស់​ ក៏​ព្រះ​មិន​ទទួល​យក​ដែរ ទោះ​បី​ជា​ពួក​គេ​និយាយ​ថា ពួកគេ​កំពុង​ថ្វាយ​ដង្វាយ​ទៅកាន់​ព្រះ​យ៉ា​វ៉េ​ក៏​ដោយ។ ម្តង​ទៀត​ គោល​ការណ៍​គឺ​ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​បាន​ ហើយ​បើសិន​ការ​ថ្វាយ​បង្គំ​នោះ​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់​ នោះ​ទ្រង់​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក។​

បញ្ហា​របស់​យើង​គឺថា យើង​ទាំង​អស់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​ទ្បើយ។ យើង​ទាំង​អស់​គ្នា​មិន​គ្រាន់​តែ​មាន​បាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មាន​និស្ស័យ​បាប​ ហើយ​អស់​អ្នក​ដែល​និស្ស័យ​បាប​គ្រប់​គ្រងលើ​ មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ទេ​ (រ៉ូម​ ៨:៨)។ ដូច្នេះ តើ​ឲ្យ​ព្រះ​ទទួល​យក​យើង​និ​ងការ​ថ្វាយ​បង្គំ​របស់​យើង​យ៉ាង​ដូច​ម្តេច​ទៅ?

ព្រះ​យេស៊ូវ ​គឺជា​អ្នក​ថ្វាយ​បង្គំ​ដ៏ពិត​ប្រាកដ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ ព្រះ​មិន​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​អ៊ីស្រា​អែល​ ដោយ​ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​ពួកគេ​ធ្វើ​តាមរ​យៈ​ព្រះ​បន្ទូល​របស់​ទ្រង់។ ពួកគេ​មិន​បាន​ថ្វាយ​បង្គំ​ដោយ​សេចក្តីពិត​នោះទេ។ ប៉ុន្តែ​ អំពី​ព្រះ​យេស៊ូវ​នោះ​ព្រះ​មាន​បន្ទូល​ថា «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជាទី​ពេញ​ចិត្ត​អញ​ណាស់»​ (ម៉ាថាយ ៣:១៧)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​ធ្វើ​តាម​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​វរបិតា (យ៉ូហាន ៨:២៩)។

យើង​ត្រ​ទ្បប់​ជា​អ្នក​ថ្វាយ​បង្គំ​ដ៏ពិត​ប្រាកដ​តាមរយៈ​ព្រះ​យេស៊ូវ។ ឥទ្បូវ​នេះ​យើង​ត្រទ្បប់​ជា​អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ​ដោយ​ការ​ទទួល​យក​ព្រះយេស៊ូវ​ ពីព្រោះ​នៅពេល​យើង​ទទួល​យក​ទ្រង់​ ព្រះបាន​អត់​ទោស​យើង​ និង​រាប់​យើងជាសុចរិត យើង​ទទួល​យក​សេចក្តី​ពិត ហើយ​ទទួល​ស្គាល់​ថា​ ព្រះគឺជា​សេចក្តី​ពិត​ (យ៉ូហាន ៣:៣៣) ហើយ​ព្រះ​ទទួល​យក​ «ដង្វាយ​» របស់​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ (១ពេត្រុស ២:៥)។ តាមរ​យៈ​ព្រះ​យេស៊ូវ​យើង​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​បង្គំ​ដោយ​ព្រះ​វិញ្ញាណ​ និង​សេចក្តីពិត​ ដែល​ជា​អ្វី​ដែល​ព្រះ​វរបិតា​ស្វែង​រក​ (យ៉ូហាន ៤:២៣-២៤)។ ព្រះយេស៊ូវ​ ក៏​បាន​មាន​បន្ទូល​ថា «សូមញែកគេ ចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត​គឺជា​ព្រះបន្ទូល​របស់​ទ្រង់»​ (យ៉ូហាន​ ១៧:១៧)។ ដូច្នេះម្ត​ង​ទៀត ថ្វាយ​បង្គំ​ដោយ​សេចក្តី​ពិត​មាន​ន័យ​ថា យើង​ថ្វាយ​បង្គំ​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ ពីព្រោះ​ព្រះ​បន្ទូល​របស់​ទ្រង់ ​គឺ​ជា​សេចក្តី​ពិត។

សកម្ម​ភាព​ថ្វាយ​បង្គំ​របស់​យើង ​គឺជា​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​មេត្តា​ករុ​ណា​របស់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​តាម​រយៈ​ព្រះគ្រីស្ទ។ យើង​ត្រូវ​តែ​ចង​ចាំ​ថា​រ៉ូម​ ១២:១-២ មាន​បន្ទាប់​ពី​អ្វី​ដែល​លោក​ប៉ុល​បាន​សរសេរ​នៅក្នុង​គម្ពីរ​រ៉ូម​ជំពូក​ ១-១១។ សូម​កុំ​បំបែក​រ៉ូម​ ១២:១-២ ចេញ​ពី​រ៉ូម​ ១-១១។​  នៅក្នុង​រ៉ូម​ ១-១១ លោក​ប៉ុល​ពន្យល់​អំពី​ដំណឹងល្អ​ដែល​បង្ហាញ​ពី​សេចក្តី​មេត្តា​ករុណា​ដ៏​ធំធេង​របស់​ព្រះ​មក​កាន់​យើង​តាម​រ​យៈ​ព្រះគ្រីស្ទ​ ដែល​យើង​ទទួល​បាន​ដោយ​យើ​ង​ជឿលើ​ព្រះគ្រីស្ទ។ បន្ទាប់​មក​ប៉ុល​សរសេរ​ថា «ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយសេចក្តី​មេត្តាករុណា​នៃ​ព្រះ ឱ្យបាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជារ​ស់ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់ព្រះ ជាការ​គោរព​នៃ​អ្នក​រាល់គ្នា ដែលមាន​ទំនង កុំឱ្យ ត្រាប់​តាម​សម័យ​នេះឡើយ​ ចូរ​ឱ្យ​អ្នក​រាល់គ្នា​បាន​ផ្លាស់ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជាថ្មី​ឡើង​ ដើម្បី​នឹង​អាច​មើល ឱ្យបាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ ដែល​ល្អ​ស្រួលទទួល​ ហើយ​គ្រប់​លក្ខណ៍​ផង»​ (​រ៉ូម​ ១២:១-២)។ ដូច្នេះ ចូរ​កត់​សំគាល់​ថា ការ​ថ្វាយ​រូប​កាយ​របស់​យើង​គឺជា​ឆ្លើយ​តប​ទៅ​ចំពោះ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​តាមរយៈ​ព្រះគ្រីស្ទ។

អ្វី​ដែល​មនុស្ស​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​មាន​កា​រផ្លាស់​ប្តូរ​តាម​កំទ្បុង​ពេល​ខុស​ៗ​គ្នា​នៅក្នុង​ព្រះគម្ពីរ​

អ្វី​ដែល​រាស្ត្រ​របស់​ព្រះ​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់​មាន​ការ​ផ្លាស់​ប្តូរ​តាម​កំទ្បុង​ពេល​ខុស​ៗ​គ្នា​នៅក្នុង​ព្រះគម្ពីរ។ ទោះ​យ៉ាង​ណា មាន​ធាតុ​ខ្ជាប់​ខ្ជួន​ខ្លះ​ដែល​យើង​បាន​មើល​ឃើញ​ខាង​លើ។ ជា​ឧ​ទា​ហរណ៍ ការ​ថ្វាយ​បង្គំ​ពិត​ប្រាកដ​ តែង​តែ​ជា​ការ​ឆ្លើលយ​តប​ចំពោះ​ការ​បើក​សម្តែអ​របស់​ព្រះ​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ។ ទាក់​ទង​នឹង​ចំនុច​នេះ​ ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​និង​ទទួល​យក ​ត្រូវ​តែ​ និង​តែង​តែ​មក​ពី​សេចក្តី​ជំនឿ​ ពីព្រោះ​យើង​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ដោយ​គ្មាន​សេចក្តី​ជំនឿ​បាន​ទ្បើយ​ (ហេព្រឺ ១១:៦)។ ម្តង​ទៀត​ សេចក្តី​ជំនឿ​ដ៏​ពិតគឺជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ។ ជា​ឧ​ទាហរណ៍ មូល​ហេតុ​ដែល​អ័ប្រាហាំ​អាច​មាន​សេចក្តី​ជំនឿបាន​គឺថា គាត់​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​ហើយ​អ័ប្រាហាំ​បាន​ជឿ​ព្រះបន្ទូល​នោះ។ ប៉ុន្តែ​ព្រះ​បន្ទូល​ដែល​យើង​ជឿ​ និង​ដើរ​តាម​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សម័យ​ផ្សេងៗក្នុង​ខ្សែ​រឿង​របស់​ព្រះគម្ពីរ។

អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន​ (ទី​បរិសុទ្ធ​របស់​ព្រះ)។

នៅក្នុង​សួន​ច្បារ​អេដែនអ័ដាម​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​គាត់​ត្រូវ​តែ​ធ្វើ​ការ​ មើល​ថែ​រក្សា​ និង​ការ​ពារ​សួន​ច្បារ។​ ​សកម្ម​ភាព​ថ្វាយ​បង្គំ​របស់​គាត់​គឺ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះបន្ទូល​នោះ​ដោយ​ការ​បំរើ​ព្រះ​នៅក្នុង​សួន​ច្បារ។ នៅ​ពេល​គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​មិន​ស្តាប់​បង្គាប់​គឺជា​ភាព​បរាជ័យ​មួយ​ក្នុងការ​ដែល​ពួក​គេ​គួរ​តែ​បំរើ​ ស្តាប់​បង្គាប់​ និង​ថ្វាយ​បង្គំ​ព្រះ។

អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​ (ទី​បរិសុទ្ធ​ថ្មី​របស់​ព្រះ)

អ៊ីស្រាអែល​បាន​ទទួល​ក្រឹត្យ​វិន័យ ​ដែល​បាន​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​នៅក្នុង​ទឹក​ដី​សន្យា។ ក្រឹត្យ​វិន័យ​បាន​រួម​បញ្ចូល​ទាំង​ច្បាប់​ដែល​ទាក់​ទង​នឹង​សីល​ធម៌ ការ​ងារ​ជា​សង្ឃ ព្រះ​វិហារ​ ដង្វាយ​ និង​យញ្ញ​បូជា​…ល។ ពួក​គេថ្វាយ​បង្គំ​ព្រះ​ដោយ​ស្ដាប់​បង្គាប់​ក្រិត្យវិន័យ​ទាំង​នោះ។ យើង​បាន​ឃើញ​ខាង​លើ​ថា ចោទិយកថា ១២ កត់​ត្រា​សេចក្តី​បង្គាប់​របស់​ព្រះ​ថា ពួកគេ​ត្រូវ​តែ​នាំ​យក​ដង្វាយ​ទៅកាន់​កន្លែង​ដែល​ព្រះ​បាន​ជ្រើស​យក​ ដែល​ទី​បំផុត​ជា​យេរូសាទ្បឹម។

ព្រះ​យេស៊ូវ​ និង​សម្ព័ន្ធ​មេត្រី​ថ្មី​

ទោះ​យ៉ាង​ណា ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ​ ព្រះ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ដោយ​ព្រោះ​ព្រះ​យេស៊ូវ​បាន​យាង​មក ប៉ុន្តែ​ការ​ថ្វាយ​បង្គំ​នៅតែស្ថិត​ក្រោម​គោល​ការណ៍​ដូច​ដែល​យើង​បាន​កត់​សំគាល់​ខាង​លើ​ដដែល។ ខាង​ក្រោម​នេះ​យើង​នឹង​កត់​សំគាល់​លើ​ការ​ផ្លាស់​ប្តូរខ្លះ។

១. កា​រផ្លាស់​ប្តូរ​ធំ​មួយ​គឺថា​ ឥទ្បូវ​នេះ​ការ​ថ្វាយ​បង្គំ​របស់​យើង​ពាក់​ព័ន្ធ​នឹង​ព្រះ​ត្រៃ​ឯក។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ដើម្បីឱ្យមនុស្សទាំងអស់បាន​គោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជា​គោរព​ប្រតិបត្តិ​ដល់ព្រះវរបិតាដែរ អ្នកណា​ដែល​មិន គោរពប្រតិបត្តិ​ដល់ព្រះរាជបុត្រា នោះក៏មិនគោរព ប្រតិបត្តិដល់ព្រះវរបិតា ដែល​ចាត់ឱ្យទ្រង់មកដែរ»​  (​យ៉ូហាន ៥:២៣)។ យើង​មើល​ឃើញ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មីថា​មនុស្ស​បាន​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​ ​ (ឧ​ទាហរណ៍ លូកា​ ២៤:៥២; យ៉ូហាន ៩:៣៨; វិវរ​ណៈ ៥:៨-១៤)

២. ទី​កន្លែង។ ជា​រឿយ​ៗ​ពួក​គ្រីស្ទ​បរិស័ទ​មិន​ដឹង​អំពី​សារៈ​សំខន់​នៃ​ចោទិយកថា ១២ ដើម្បី​ឲ្យយល់​ការ​សន្ទ​នា​របស់​ព្រះយេស៊ូវ​ជា​មួយ​នឹង​ស្ត្រី​សាសន៍​សាម៉ារី​នោះទេ។ សូម​ចង​ចាំ​ថា​ ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​ចោទិ​យ​កថា ១២ ថា ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​ថ្វាយ​បង្គំ​ និង​នាំ​ដង្វាយ​ និង​យញ្ញា​បូជា​របស់​ខ្លួន​មក​ក្នុង​យេរូសាទ្បឹម។ បន្ទាប់​ពី​រាជ្យ​ស្តេច​សាទ្បូ​ម៉ូន​ អ៊ីស្រាអេល​ត្រូវ​ចែក​ជា​ពីរ ហើយ​សាម៉ារី​បាន​ក្លាយ​ជា​រាជ​ធានី​នៃ​អាណាចក្រ​ខាង​ជើង​ ហើយ​យេរូសាទ្បឹម​ក្លាយ​ជា​រាជធានី​នៃ​អាណា​ចក្រ​ខាង​ត្បូង​ ដែល​ហៅ​ថា​យូដា។ ​មនុស្ស​នៃ​អាណា​ចក្រ​ខាង​ជើង​ ដែល​មាន​សាម៉ារី​ជា​រាជធានី មិន​ចង់​ទៅ​ឯ​យេរូសាទ្បឹម​ដើម្បី​ថ្វាយ​បង្គំ​នោះ​ទេ ដូច្នេះ​ពួកគេ​បាន​បង្កើត​កន្លែង​ផ្សេង​ៗ​ទៀត​នៅក្នុង​អាណាចក្រ​ខាង​ជើង​ ដែល​ពួកគេ​អាច​ថ្វាយ​បង្គំ​បាន។ ​ការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ពិភាគ្សា​អស់​ជា​ច្រើន​សតវត្ស​រវាង​ពួក​យូដា​និង​មនុស្សមក​ពី​អាណាចក្រ​ខាង​ជើង​ (​រួម​ទាំង​សាសន៏​សាម៉ារី​) អំពី​ទី​កន្លែង​ដែល​ពួកគេ​គួរ​តែ​ថ្វាយ​បង្គំ។ ពួកយូដា​អាច​សំអាង​លើ​ចោទិយកថា​ ១២ និង​ព្រះ​វិហារ​នៅក្នុង​យេរូសាទ្បឹម​ ហើយ​និយាយ​ថា យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​នៅក្នុង​យេរូសាទ្បឹម។ ដោយ​ព្រោះ​ការ​នេះ​គឺជា​ការ​ពិភា​គ្សា​ធំ​ដែល​ពួក​យូដា​និង​សាសន៏​សាម៉ារី​មាន​ជំលោះ​អស់​ជា​ច្រើន​សតវត្ស​ នោះ​វាជា​បញ្ហា​ដែល​ស្ត្រី​សាសន៏​សាម៉ារី​លើក​ទ្បើង​ក្នុង​ការ​សន្ទនា​ជាមួយ​ព្រះយេស៊ូវ​ នៅ​ពេល​គាត់​ដឹង​ថា​ទ្រង់​គឺជា​ហោរា​ម្នាក់​ (យ៉ូហាន ៤:១៩-២០)។ ​ចម្លើយ​របស់​ព្រះ​គឺ​អស្ចារ្យ​ណាស់។ ជារឿយ​ៗ​យើង​មិន​ដឹង​ថា​ចំលើយ​របស់ព្រះ​យេស៊ូវ​អស្ចារ្យ​ប៉ុណ្ណា​នោះទេ។ ទ្រង់​ឆ្លើយ​នៅក្នុង ៤:២១-២៤ ថា ទ្រង់​កំពុង​នាំ​សម័យ​ថ្មី​មក​ដល់​ ខណៈ​ដែល​ចោទិយកថា ១២​ លែង​ត្រូវ​ការ​ការ​ស្តាប់​បង្គាប់​តាម​ទៀត​ហើយ។ ព្រះ​វិហារ​ដែល​ជា​ទី​កណ្តាល​នៃ​ការ​ថ្វាយ​បង្គំ​របស់​អ៊ីស្រាអែល​ លែង​ចាំ​បាច់​ទៀត​ហើយ។ ឥទ្បូវ​នេះ​ទីកន្លែង​ថ្វាយ​បង្គម​មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែលសំខាន់​គឺថា យើង​ថ្វាយ​បង្គំ​ដោយ​ព្រះ​វិញ្ញាណ​និង​សេចក្តី​ពិត​វិញ។ ​មាន​តែ​អស់​អ្នក​ដែល​ទទួល​យក​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ដែល​អាច​ថ្វាយ​បង្គំ​បែប​នេះ​បាន​ ពី​ព្រោះ​មាន​តែ​អស់​អ្នក​ដែល​ទទួល​យក​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ដែល​មាន​ព្រះ​វិញ្ញាណ។

៣. ពួក​សង្ឃ​និង​យញ្ញ​បូជា។ ​ពួក​សង្ឃ​និង​យញ្ញ​បូជា​គឺ​ចំនុច​កណ្តាល​នៃ​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់។ ​ប៉ុន្តែ​ បើសិន​ព្រះ​វិហារ​លែង​ចាំ​បាច់​ទៀត​ នោះ​តើ​ពួក​សង្ឃ ​និង​យញ្ញ​បូជា​លែង​ចាំ​បាច់​ទៀត​ដែរ​ឬ​ទេ? ដោយ​សារ​តែ​ជីវិត​ ការ​សុគត ការ​រស់​ទ្បើង​វិញ​ និង​ការ​យាង​ត្រទ្បប់​ទៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេស៊ូវ ​ពួក​សង្ឃ ​និង​យញ្ញ​បូជា​លែង​ចាំ​បាច់​ទៀត​ហើយ។ ​កណ្ឌ​គម្ពីរ​ហេព្រើរ​បង្រៀន​ថា ព្រះយេស៊ូវ​បំពេញ​សំរេច​ការ​ងារ​ទាំង​អស់​នេះ​ហើយ។ ទ្រង់​គឺជា​សម្តេច​សង្ឃ​របស់យើង​ ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ជា​យញ្ញ​បូជា​ឥត​ខ្ចោះ​ជំនួស​អំពើ​បាប​របស់​យើង។ ដូច្នេះ ​ការ​ងារ​ជា​សង្ឃ​មាន​ការ​ផ្លាស់​ប្រែ​ទៅ​ (​ហេព្រើរ​ ៧:១២) ហើយ​សេចក្តី​បញ្ញត្ត​ដែល​មាន​ពីមុន​ត្រូវ​លើក​ចោល​វិញ​ (​ហេព្រើរ​ ៧:១៨)។ ការ​ផ្លាស់​ប្តូរ​នេះ​មាន​ន័យ​ថា​ សារ​ដំណឹងល្អ​នៃ​ការ​សុគត​ និង​ការ​រស់​ទ្បើង​វិញ​របស់​ព្រះ​យេស៊ូវ​ផ្លាស់​ប្តូរ​អ្វី​ដែល​យើង​ធ្វើ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ។ នៅក្នុង​ព្រះ​គម្ពីរសញ្ញា​ចាស់ ​ការ​ថ្វាយ​បង្គំ​ជាប់​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​វិហារ​ ពួក​សង្ឃ ដង្វាយ​ និង​យញ្ញ​បូជា។ សូម​ស្រមើ​ស្រម៉ៃថា អ្នក​ជា​សាសន៍​យូដា​ម្នាក់​នៅក្នុង​សតវត្ស​ទី​មួយ​ដែល​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់។ ប្រជាជន​របស់​អ្នក​បាន​ថ្វាយ​បង្គំ​ព្រះ​តាមរយៈ​ពួក​សង្ឃ​ និង​ការ​ថ្វាយ​ដង្វាយ​ និង​យញ្ញ​បូជា។ ឥទ្បូវ​គេ​បាន​ប្រាប់​អ្នក​ថា យើង​លែង​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​នេះ​ទៀត​ហើយ។ តើ​អ្នកគិត​យ៉ាង​ដូចម្តេច? អ្នក​នឹង​សួរ​ថា អញ្ចឹង​តើ​យើង​ថ្វាយ​បង្គំ​ព្រះ​ដោយ​របៀប​យ៉ាង​ដូច​ម្តេច​ទៅ? មាន​ចម្លើយនៅ​ក្នុង​ រ៉ូម ១២:១; ហេព្រឺ ១៣:១៥; ១ពេត្រុស ២:៤។ តើហេតុ​អ្វី​ប៉ុល​និយាយ​ថា «​យញ្ញ​បូជា​រស់​» នៅក្នុង​រ៉ូម​ ១២:១? ពីព្រោះ​ពួកគេ​មាន​ទំលាប់​សំលាប់​យញ្ញបូជា​ដែល​គេ​ថ្វាយ។​ ប៉ុន្តែ​ឥទ្បូវ​នេះ ជំនួស​ឲ្យ​ការ​នាំ​សត្វ​ទៅថ្វាយ​ព្រះ​ហើយ​សម្លាប់សត្វ​នោះ​ យើង​នាំ​យក​ជីវិត​របស់​យើង​ផ្ទាល់​ទៅថ្វាយ​ព្រះ​ និង​ថ្វាយ​រូប​កាយ​របស់​យើង​ជា​យញ្ញ​បូជា​រស់​ ដោយ​សារ​តែ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​នៅក្នុង​ការ​សង្រ្គោះ​យើង​តាមរយៈ​ព្រះ​យេស៊ូវវិញ។ ​យើង​មិន​ថ្វាយ​យញ្ញ​បូជា​ខាង​សាច់​ឈាម​ទេ​ (សត្វ…ល) ប៉ុន្តែ​យើង​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ​វិញ​ (១ពេត្រុស ២:៤)។ យើង​ថ្វាយ​ការ​សរសើរ​ និង​ប្រកាស​អំពី​ព្រះនាម​របស់​ព្រះ​យេស៊ូវ (​ហេព្រើរ​ ១៣:១៥)។ សូម​កត់សំគាល់​ថា នៅក្នុង​ខ​គម្ពីរ​ទាំង​នេះ​ អ្នក​និពន្ធ​ថ្លែង​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ ​និង​ទទួល​យក​ការ​ថ្វាយ​បង្គំ​បែប​នេះ។ យើង​មិន​មាន​ពួក​សង្ឃ​ដូច​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទៀត​ទេ ប៉ុន្តែ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​គឺជា «ពួក​សង្ឃ​» ហើយ​ព្រះគ្រីស្ទ ​គឺជា​សម្តេច​សង្ឃ​របស់​យើង​រាល់​គ្នា។

លើស​ពីនេះ លោក​ប៉ុល​សរសេរ​នៅក្នុង​រ៉ូម​ ១:៩ ថា «ព្រះដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ​ ក្នុង​ដំណឹងល្អ​ពី​ព្រះរាជ​បុត្រា​ទ្រង់​»។ ពាក្យ​ «បំរើ​» នៅទីនេះ​គឺជា​ពាក្យ​ដែល​ត្រូវ​បាន​បក​ប្រែជាការ​ថ្វាយ​បង្គំ​ផង​ដែរ។ ​របៀប​ដែលលោក​ប៉ុល​ថ្វាយ​បង្គំ​ព្រះ​មិន​មែន​ជា​ការ​ថ្វាយ​យញ្ញ​បូជា​ទេ ប៉ុន្តែ​ដោយ​ការ​ប្រកាស​ដំ​ណឹង​ល្អ​វិញ។ ដូច្នេះ ​ការ​អធិ​ប្បាយ​គឺជា​សកម្ម​ភាព​ថ្វាយ​បង្គំ​មួយ។ ​ដូច្នេះ ​ជា​ការ​ខុស​ក្នុង​ការ​និយាយ​ថា ពេល​វេលា​ច្រៀង​នៅក្នុង​ពួក​ជំនុំ​ គឺជា​ការ​ថ្វាយ​បង្គំ​ ប៉ុន្តែ​មិន​និយាយ​ថា ​សេចក្តី​អធិ​ប្បាយ​ គឺជា​ការ​ថ្វាយ​បង្គំ​នោះ។ ​ការ​អធិ​ប្បាយ ​គឺជាសកម្ម​ភាព​ថ្វាយ​បង្គំ​ដោយ​អ្នក​អធិ​ប្បាយ។  ​អស់​អ្នក​ដែល​ស្តាប់​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​ បានស្តាប់​ឮ​ព្រះ​បន្ទូលដែល​ដឹក​នាំ​ពួកគេ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​បាន​ក្នុង​របៀប​ដែល​ព្រះ​សព្វ​ព្រះ​ហឫ​ទ័យ ​ដោយ​គេ​រីក​ចម្រើន​នៅក្នុង​ការ​យល់​ដឹង​អំពី​ព្រះ​ សេចក្តី​ស្រលាញ់​របស់​ទ្រង់​សំរាប់​យើង​ ដែល​ឃើញ​នៅក្នុង​ព្រះ​គ្រីស្ទ​ និង​បំណង​ព្រះ​ហឫទ័​យ​ទ្រង់​សំរាប់យើង​ ដែល​ទាំង​អស់​តាមរយៈ​ការ​រៀន​ព្រះ​គម្ពីរ។ ​នៅក្នុង​របៀប​នេះ​ អ្នកអធិ​ប្បាយ​គឺជា​ «​អ្នកដឹក​នាំ​ថ្វាយ​បង្គំ​»​ ម្នាក់​ ពីព្រោះ​គាត់​កំពុង​ដឹក​នាំ​មនុស្ស​ទៅ​កាន់​ព្រះ និង​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។

លើស​ពីនេះ លោក​ប៉ុល​និយាយ​ថា ការ​អធិ​ប្បា​យ​ដំណឹងល្អ​មិន​គ្រាន់​តែ​ជា​សកម្ម​ភាព​បំរើ​ព្រះ ថ្វាយ​បង្គំ​ព្រះប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កាតព្វ​កិច្ច​បែប​ពួក​សង្ឃ​ផង​ដែរ​ (រ៉ូម ១៥:១៥-១៦)។ ដូច្នេះ ​អ្វី​ដែល​ពួក​សង្ឃ​មាន​ន័យ​សំរាប់​យើង​ផ្លាស់​ប្តូរ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់។​ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ ពួកសង្ឃ​បាន​ថ្វាយ​បង្គំ​ដោយ​ការ​ថ្វាយ​យញ្ញ​បូជា​និង​ដង្វាយ​ទៅ​តាមក្រឹត្យ​វិន័យ។​ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី លោក​ប៉ុល​និយាយ​ថា​ គាត់​ថ្វាយ​បង្គំ​ព្រះ​ដោយ​ការ​ប្រកាស​អំពី​ព្រះ​យេស៊ូវ​ ដែល​ជា​យញ្ញ​បូជា​ពិត​តែ​មួយ​ដែល​ព្រះ​អាច​ទទួល​យកបាន។ ​លោក​ប៉ុល​មិន​ថ្វាយ​យញ្ញ​បូជា​ទេ ប៉ុន្តែ​តាមរយៈ​ការ​ប្រកាស​ដំណឹងល្អ​ដែល​ពួក​សាសន៍​ដទៃ​អាច​ជា​ដង្វាយ​ដែល​ព្រះ​ទទួល​យក​បាន។ ម្តង​ទៀត​ បទ​គម្ពីរ​នេះ​បង្ហាញ​ថា យើង​ត្រទ្បប់​ជា​ដង្វាយ​ដែល​ព្រះ​ទទួល​យក​បាន​តាមរយៈ​ព្រះយេស៊ូវ​ ហើយ​យើង​បរិសុទ្ធ​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

​កុំ​ត្រ​ទ្បប់​ទៅ​កាន់​ព្រះ​គម្ពីរ​សញ្ញា​ចាស់​

ដូច្នេះ ជា​ការ​សំខាន់​ដែល​យើង​មិន​ត្រ​ទ្បប់​ទៅកាន់​របៀប​ថ្វាយ​បង្គំ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ ពីព្រោះ​របៀប​នោះ​ដូច​ជា​ការ​បដិសេធ​ព្រះ​យេស៊ូវ​ដែរ។ នេះគឺ​ជា​សេចក្តី​ល្បួង​មួយ​ដែល​ពួក​គ្រីស្ទ​បរិស័ទ​ដែល​ជា​សាសន៍​យូដា​បាន​ប្រឈម​នៅក្នុង​សតវត្ស​ទី​មួយ ហើយ​កណ្ឌ​គម្ពីរ​ហេព្រើរ​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេកុំ​ត្រទ្បប់​ទៅតាម​របៀប​ចាស់នោះ​វិញ។ នេះ​គឺជា​កំហុស​មួយ​ដែល​ពួក​ជំនុំ​រ៉ូម៉ាំង​កាតូលិក​បាន​ប្រព្រឹត្ត។ ​នៅក្នុ​ងប្រវត្តិ​សាស្ត្រ​ ​ពួក​ជំនុំ​រ៉ូម៉ាំង​កាតូលិក​បាន​អភិវឌ្ឍ ​ប្រព័ន្ធ​មួយ​ដែល​ពួកគេ​មាន​ពួកសង្ឃ​ដែល​ថ្វាយ​យញ្ញ​បូជា​ជំនួស​ឲ្យ​បណ្តាជន​ដូច​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​ពួកគេ​បាន​ធ្វើ​កម្ម​វិធី​ថ្វាយ​បង្គំ​នៅក្នុង​ជំនុំ​ជា​ភាសា​ដែល​មនុស្ស​មិន​យល់។ ពួក​គេ​បាន​ជឿ​ថា តួនាទី​របស់​អ្នកដឹក​នាំ​គឺជា​សង្ឃ​ថ្វាយ​យញ្ញ​បូជា​ហើយ​សកម្មភាព​នោះ​សំខាន់​ជាងការ​អធិប្បាយ។ នៅ​ក្នុង​កំណែ​ទំរង់​សេចក្តី​ជំនឿ​ ពួក​អ្នក​កំណែ​ទំរង់​បាន​យល់​យ៉ាង​ច្បាស់​ថា នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ពួក​អ្នក​ដឹក​នាំ​មិន​មែនជា​ពួក​សង្ឃ​ដែល​ថ្វាយ​យញ្ញ​បូជា​ជំនួស​ឲ្យ​មនុស្ស​នោះទេ ប៉ុន្តែ​តួ​នាទី​របស់​ពួក​គេ​គឺ​ត្រូវ​អធិ​ប្បាយ​អំពី​ព្រះគ្រីស្ទ​ដើម្បី​ឲ្យ​ពួកគេ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​ទុកចិត្ត​លើ​ទ្រង់។ នៅក្នុង​របៀប​នេះ មនុស្ស​ដែល​ទទួល​យក​ព្រះ​យេស៊ូវ​ត្រ​ទ្បប់​ជា​ដង្វាយ​ដែល​ព្រះ​ទទួល​យក។ ដូច្នេះ ការ​ងារ​ជា​សង្ឃ​របស់​អស់​ពួក​អ្នក​ជឿ​គឺជា​សេចក្តីពិត​សំខាន់​មួយ​ដែល​ពួក​អ្នក​កំណែ​ទំរង់​បាន​ប្រកាស។

ការ​អនុវត្ត​

១. សូម​សញ្ជឹង​គិតលើ ការសិក្សា និង​មាន​អំណរ​នៅក្នុង​ឧត្តម​ភាព​របស់​ព្រះ។ ការ​ធ្វើ​ដូច​នេះ​ជួយ​យើង​ឲ្យ​មើល​ឃើញ​ថា​ ទ្រង់​សម​នឹង​ទទួល​បាន​ការ​ថ្វាយ​បង្គំ។

២. យើង​មិន​គួរ​គិត​ថា ការ​ថ្វាយ​បង្គំ​គ្រាន់​តែ​ជា​សកម្ម​ភាព​មួយ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ពួកជំនុំ​នោះ​ទ្បើយ។ នៅ​ពេល​យើង​គិត​អំពី​ពួកជំនុំ​ យើង​មិ​ន​គួរ​គិត​ថា ការ​ថ្វាយ​បង្គំ​គ្រាន់​តែ​ជា​ការ​ច្រៀង​ប៉ុណ្ណោះ​ទ្បើយ។ គ្មាន​ហេតុ​ផល​តាម​ព្រះ​គម្ពីរ​ដែល​នាំ​ឲ្យ​យើង​គិត​ថា អ្នកដឹក​នាំ​ចម្រៀង​គឺជា «អ្នក​ដឹក​នាំ​ថ្វាយ​បង្គំ» លើស​ជាង​អ្នក​អធិ​ប្បាយគឺជា «អ្នកដឹក​នាំ​ថ្វាយ​បង្គំ​»​ (ឬ​អ្នក​ដឹក​នាំ​ពួក​ជំនុំ​អធិស្ឋាន​គឺជា «អ្នក​ដឹក​នាំ​ថ្វាយ​បង្គំ»​) នោះទ្បើយ។ ជីវិត​ទាំង​ស្រុង​របស់​យើង​គឺជា​សកម្ម​ភាព​ថ្វាយ​បង្គំ​ ពីព្រោះ​យើង​បំរើ​ព្រះ​រៀង​រាល់​ថ្ងៃ​នៅក្នុង​ជីវិត​របស់យើង។ ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើការ​អ្វី​ក៏ដោយ នោះ​ចូរ ធ្វើ​ទាំងអស់​សំរាប់​ចម្រើន​សិរី​ល្អ​ដល់​ព្រះ​ចុះ​ (១កូរិនថូស​ ១០:៣១) ហើយ​ក្នុង​គ្រប់ការ​ទាំងអស់ ទោះ​បើ​ការ​អ្វីដែល​អ្នក​រាល់គ្នា​នឹងធ្វើដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើទាំងអស់ ដោយ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូ​វ (កូល៉ុស​ ៣:១៧)។ យើង​ត្រូវ​តែ​ថ្វាយ​ជីវិត​ទាំង​ស្រុង​របស់​យើង​ជា​យញ្ញ​បូជា​រស់​ ហើយ​សកម្ម​ភាព​នៃការ​បំរើ​ព្រះ​ទាំង​អស់​ជា​រៀង​រាល់​ថ្ងៃ ​គឺជា​ការ​ថ្វាយ​បង្គំ។ ការ​ធ្វើ​ជា​ឪពុក​ល្អ​ ឬ​ជា​ម្តាយ​ល្អ​ ឬ​ជា​កូន​ល្អ​គឺជា​សកម្ម​ភាព​ថ្វាយ​បង្គំ​មួយ។ ការ​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ ​គឺជា​ការ​ថ្វាយ​បង្គំ។ ការ​ស្រលាញ់​អ្នកជិត​ខាង​របស់​យើង​ គឺជា​ការថ្វាយ​បង្គំ និង​ការ​នាំ​មនុស្ស​ឲ្យ​សរសើរ​តម្កើង​ព្រះ។ ​

៣. នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គ្មាន​កន្លែង​ណា​និយាយ​ថា យើង​ទៅ​ព្រះ​វិហារ(ពួកជំនុំ​)​ដើម្បី​ថ្វាយ​បង្គំនោះ​ទេ ប៉ុន្តែ​ជីវិត​ទាំ​ង​ស្រុង​របស់​យើង​គឺជា​ការ​ថ្វាយ​បង្គំ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​គ្មាន​កន្លែង​ណា​និយាយ​ថា ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​ គឺជា​កម្ម​វិធី​ថ្វាយ​បង្គំ​នោះទេ។ នៅពេល​គ្រីស្ទ​បរិស័ទ​ខ្លះ​ឮ​ដូច្នេះ ពួកគេ​សួរ​ថា «អញ្ចឹង​ហេតុ​អ្វី​ទៅ​ព្រះ​វិហារ?»។ យើង​ក៏​ថ្វាយ​បង្គំ​នៅ​ឯ​ព្រះ​វិហារ​ផង​ដែរ​ ប៉ុន្តែ​កម្ម​វិធី​ទាំង​មូលនៃ​ពួកជំនុំ​ គឺ​ជា​សកម្ម​ភាព​ថ្វាយ​បង្គំ​ (រួម​ទាំង​ការ​ច្រៀង​ ការ​អធិ​ស្ឋាន ការ​អធិ​ប្បាយ…ល) ហើយ​ពួកជំនុំ​គឺជា​ការ​ថ្វាយ​បង្គំ​ជា​ក្រុម ​ក៏​សំខាន់​ផង​ដែរ​នៅ​ក្នុង​ព្រះគម្ពីរ។

៤. នៅ​ពេល​យើង​គិត​អំពី​ការ​ថ្វាយ​បង្គំ​ ការ​ដែល​យើង​ចូល​ចិត្ត ​ឬ​មិន​ចូល​ចិត្ត​មិន​មែន​ជា​រឿង​សំខាន់​បំផុត​នោះទេ ប៉ុន្តែ​សំខាន់​បំផុត​នោះ​គឺ​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ចំពោះ​ការ​ថ្វាយ​បង្គំ​ ឬ​អត់​វិញ។ ដូច្នេះ យើង​គួរ​តែ​សួរ​ថា តើ​ជីវិត​របស់​យើងផ្គាប់​ព្រះ​ហឫទ័យព្រះ​ឬ​ទេ? តើ​ការ​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​របស់​យើង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ដែរ​ឬ​ទេ? យើង​ក៏​គួរ​តែ​សួរ​ថា តើ​កម្ម​វិធី​ថ្វាយ​បង្គំ​របស់​ពួក​ជំនុំ​របស់​យើង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ដែរ​ឬ​ទេ? ជា​រឿយ​ៗ​ពួក​គ្រីស្ទ​បិរស័ទ​យល់​ខុស​ចំពោះ​ការ​ថ្វាយ​បង្គំ ហើយ​គ្រាន់​តែ​ខ្វល់​ខ្វាយ​ថា តើពួកគេ​ចូល​ចិត្ត ​ឬ​មិន​ចូល​ចិត្ត​ការ​ថ្វាយ​បង្គំ។ លើស​ពីនេះ ពួកគេគិត​ថា​ការ​ថ្វាយ​បង្គំ​គ្រាន់​តែ​ជា​ការ​ច្រៀង​ អញ្ចឹង​ពួក​គេ​អាច​និយាយ​ថា «ការ​ថ្វាយ​បង្គំ​នៅ​ពួកជំនុំ​នេះ​ល្អ​» ពីព្រោះ​ពួកគេ​គិត​ថា​កា​រច្រៀង ​និង​ភ្លេង​ពិរោះ ឬ​ថា «ការ​ថ្វាយ​បង្គំ​នៅ​ពួកជំនុំ​នោះ​អន់​» ពីព្រោះ​ការ​ច្រៀង​ និង​ភ្លេង​មិន​ពិរោះ​សោះ។ ការ​គិត​បែប​នេះ​ពិត​ជា​មិន​តាម​ព្រះ​គម្ពីរ​នោះទ្បើ​យ​ (ប៉ុន្តែ​យើង​គួរ​តែ​ព្យា​យាម​ធ្វើ​ឲ្យ​ការ​ច្រៀង​ និង​ភ្លេង​នៅ​ក្នុង​ពួក​ជំនុំ​យើង​បាន​ល្អ)។ ការ​ថ្វាយ​បង្គំ​នៅ​ពួក​ជំនុំ​ល្អ​ បើសិន​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ ហើយ​ការ​ថ្វាយ​បង្គំ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ បើសិន​ពួកគេ​កំពុង​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត​ ហើយ​សមាជិក​និមួយ​ៗ​រស់​នៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ។

ពេល​ខ្លះ​ពួក​ជំនុំ​ផ្សេង​ៗ​គិត​ថា ពួកគេ​មាន​ការ​ថ្វាយ​បង្គំ​ល្អ ​ពីព្រោះ​មាន​ភ្លេង​ពិរោះ ប៉ុន្តែ​ពួក​អ្នក​ដឹក​នាំ​មិន​ស្មោះ​ត្រង់​ក្នុង​ជីវិត​អាពាហ៌​ពិពាហ៌ មនុស្ស​បាន​លួច​ប្រាក់​ពី​ដង្វាយ​របស់​ពួក​ជំនុំ​ សមាជិក​មាន​ជម្លោះ​ជា​មួយ​គ្នា​ ហើយ​ពួក​អ្នក​ដឹក​នាំ​មិន​អធិប្បាយ​ព្រះ​គម្ពីរ​ទាំង​មូល​ (ឧ​ទាហរណ៍ ពួក​គេ​មិន​ដែល​ប្រកាស​អ្វី​ដែល​ព្រះ​មាន​បន្ទូល​អំពី​សេចក្តី​ក្រោធ​របស់​ព្រះ​សោះ​)។ នៅក្នុង​ករណី​ទាំង​នេះ បើសិន​ពួកជំនុំ​គិត​ថា​ ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​ល្អ​ នោះ​ពួក​គេ​បាន​បញ្ឆោត​ខ្លួន​ឯង​ហើយ។​ បើសិន​ពួក​ជំនុំ​ពិត​ជា​មិន​ទុក​ចិត្ត ​និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​របស់​ព្រះ​ បើសិន​ពួកគេ​មិន​ប្រកាស​ដំណឹងល្អ​ពិត​ប្រាកដ​ បើសិន​សមា​ជិក​និមួយ​ៗ​ មិនស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក បើសិន​ការ​អធិប្បាយ​អន់ បើសិន​ការ​អធិស្ឋាន​មិន​ល្អ​ នោះ​ការ​ថ្វាយ​បង្គំ​គឺ​អន់ ទោះ​បើ​ពួក​គេ​មាន​ភ្លេង ​និង​ការ​ច្រៀង​បាន​ពិរោះយ៉ាង​ណា​ក៏​ដោយ។ ពួក​ជំនុំ​ជា​ច្រើន​បាន​បញ្ឆោត​ខ្លួន​ឯង​តាម​របៀប​នេះ។ នៅពេល​យើង​បន្ត​ដូច​នេះ នោះ​យើង​អាច​ដូច​ជា​អ៊ីស្រា​អែល​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ ដែល​ព្រះ​មាន​បន្ទូល​ថា​ទ្រង់​បាន​ស្អប់​ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​ ហើយ​ចង់​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​ថ្វាយ​បង្គំ​របស់​គេ។ ព្រះ​យេស៊ូវ​បាន​ប្រទាន​ការ​ព្រមាន​ដូច​គ្នា​នេះ​ទៅកាន់​ពួក​ជំនុំ​ផ្សេងៗ​នៅ​ក្នុង​សំបុត្រ​ទៅកាន់​ពួក​ជំនុំ​ផ្សេង​ៗ​នៅក្នុង​កណ្ឌ​វិវរណៈ​ជំពូក​២-៣។

៥. ក្រុម​គ្រួសារ​ គឺជា​កន្លែង​មួយ​សំរាប់​ការ​ថ្វាយ​បង្គំ។ ឪ​ពុក​ម្តាយ​ដែលជា​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​បង្រៀន​កូន​ៗ​របស់​ខ្លូន​អំពី​ព្រះ​ និង​ដំណឹងល្អ​ ក្រុម​គ្រួសារ​អាច​អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​ អធិស្ឋាន​ជាមួយ​គ្នា​ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាមួយ​គ្នា​នៅពេល​ពួកគេ​ស្រលាញ់​គ្នា​ទៅវិញ​ទៅ​មក។ ​

៦. ការ​អធិ​ប្បាយ​ គឺ​សំខាន់​ក្នុង​ការដឹក​នាំ​ក្រុម​ជំនុំ​ថ្វាយ​បង្គំ​ព្រះ។ ដើម្បី​ធ្វើ​ដូច​នេះ ការ​អធិ​ប្បាយ​ត្រូវ​ពន្យល់​ព្រះ​គម្ពីរ និង​សរសើរ​តម្កើង​ព្រះ​វរបិតា​ ព្រះ​រាជ​បុត្រា​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ខ្លះ​ការ​ច្រៀង​ផ្តោត​លើ​ព្រះ  (​ដែល​ល្អ​) ប៉ុន្តែ​ការ​អធិ​ប្បាយ​ផ្តោត​លើ​មនុស្ស​ (​ដែល​អាក្រ​ក់​)។ ជា​រឿយ​ៗ​បទ​ចម្រៀង​ថ្វាយ​បង្គំ​ផ្តោត​លើ​លក្ខណៈ​របស់​ព្រះ​ និង​ការ​ងារ​ដ៏​អស្ចារ្យ​របស់​ព្រះ  ប៉ុន្តែ​ការ​អធិ​ប្បាយ​មិន​ផ្តោត​លើ​ព្រះទេ​ បែរ​ជា​ផ្តោ​តលើ​បញ្ហា​បច្ចប្បន្ន​ ហើយបញ្ហា ​និង​ទំនាក់​ទំនងផ្ទាល់​ខ្លួន​ទៅ​វិញ។ ​ការ​ធ្វើ​ដូច​នេះ​ជា​ការ​ខុស។ លោក​ប៉ុល​និយាយ​ថា យើង​ប្រកាស​ពី​ព្រះ​គ្រីស្ទ​ (កូល៉ុស​ ១:២៨)។ សេចក្តី​អធិ​ប្បាយ​ ត្រូវ​តែ​នាំ​មនុស្ស​ឲ្យ​និយាយ​ថា «ព្រះ​ធំ​អស្ចារ្យ​ណាស់​ ហើយ​ទ្រង់​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​មែន​» «យើង​មាន​សេចក្តី​សង្រ្គោះ​ដ៏​ធំ​ធេង​តាម​រយៈ​ព្រះ​យេស៊ូវ» «ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់ព្រះ​នៅក្នុង​ព្រះគម្ពីរ​នាំ​ឲ្យ​យើង​ដឹង​អំពី​របៀប​ស្រលាញ់​និង​បំរើ​ទ្រង់​»។ ដូច្នេះ ការ​អធិ​ប្បាយ​គឺ​ជា​ទំនួល​ខុស​ត្រូវ​ធំមួយ​ ហើយ​អ្នក​អធិប្បាយ​ត្រូវ​ខិត​ខំ​សិក្សា​ព្រះ​គម្ពីរ​ និង​រៀប​ចំ​សេចក្តី​អធិ​ប្បាយ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។ ប៉ុន្តែ​គោល​ដៅ​នៃ​សេចក្តី​អធិ​ប្បាយ​មិន​ដើម្បី​លើក​តម្កើង​អ្នក​អធិ​ប្បាយ​នោះទេ ប៉ុន្តែ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះគ្រីស្ទ​វិញ។ ​គោល​ដៅ​របស់​សេចក្តី​អធិ​ប្បាយ ​គឺ​ត្រូវ​ដឹក​នាំ​ក្រុម​ជំនុំ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ​តាមរ​បៀប​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។ ដើម្បី​ជួយ​ឲ្យពួ​ក​អ្នក​អធិប្បាយ​អាច​ធ្វើ​ដូច្នេះ​បាន​ ​ពួកគេ​មិន​គួរ​គ្រាន់​តែ​អាន​សៀវ​ភៅ​អំពី​អាពាហ៌​ពិពាហ៌ ទំនាក់​ទំនង​ ការ​ងារ​ ការ​គ្រប់​គ្រង​ជំនុំ…ល. ប៉ុ​ន្តែ​ពួក​គេ​គួរ​តែ​អាន​សៀវ​ភៅ​អំពី​ព្រះ​ និង​ព្រះ​គម្ពីរ​ដែល​ជួយ​ឲ្យ​ពួកគេ​ស្គាល់​ព្រះ​កាន់​តែច្បាស់​ យល់​អំពី​ឧ​ត្តម​ភាព​របស់​ទ្រង់​ និង​យល់​អំពី​ផែនការណ៍ ​និង​គោល​បំណង​របស់​ទ្រង់​ដែល​បាន​បើក​សម្តែង​នៅ​ក្នុង​ព្រះគម្ពីរ។

៧. យើង​ទន្ទឹង​រង់​ចាំ​ការ​បង្ករ​បង្កើត​ថ្មី​ ដែល​ជា​កន្លែង​ដែល​ប្រ​ជារាស្ត្រ​ដែល​ព្រះ​បាន​ប្រោស​លោះ​ហើយ​ ​នឹង​ថ្វាយ​បង្គំ​ទ្រង់​ជា​រៀង​ដរាប​ទៅ។

 

 

កំណត់​

១. Alexander, T. D., & Rosner, B. S. (Eds.). (2000). In New dictionary of biblical theology. Downers Grove, IL: InterVarsity Press.

២. Easton, M. G. (1893). In Easton’s Bible dictionary. New York: Harper & Brothers.

៣. Ferguson, S. B., & Packer, J. I. (2000). In New dictionary of theology. Downers Grove, IL: InterVarsity Press.

៤. Marshall, I. H. (1996). Worship. In (D. R. W. Wood, A. R. Millard, J. I. Packer, & D. J. Wiseman, Eds.)New Bible dictionary. Leicester, England; Downers Grove, IL: InterVarsity Press.

 

ឯកសារ​និង​សៀវភៅ​ស្រាវ​ជ្រាវ​

Alexander, T. D., & Rosner, B. S. (Eds.). (2000). In New dictionary of biblical theology. Downers Grove, IL: InterVarsity Press.

Easton, M. G. (1893). In Easton’s Bible dictionary. New York: Harper & Brothers.

Elwell, W. A., & Beitzel, B. J. (1988). In Baker encyclopedia of the Bible. Grand Rapids, MI: Baker Book House.

Ferguson, S. B., & Packer, J. I. (2000). In New dictionary of theology. Downers Grove, IL: InterVarsity Press.

Marshall, I. H. (1996). Worship. In (D. R. W. Wood, A. R. Millard, J. I. Packer, & D. J. Wiseman, Eds.)New Bible dictionary. Leicester, England; Downers Grove, IL: InterVarsity Press.

Piper, J.  “Preaching as worship, meditations on Expository Exultation” (1995). Trinity Journal, 16(1), 27–45.

Leave a Reply

Your email address will not be published. Required fields are marked *

*

Top