យ៉ូហាន ១៤:១៥-៣១ John 14:15-31

John 14.15-31

យ៉ូហាន​ ១៤:១៥៣១

ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៤:១-១៤ យើង​បាន​រៀន​ថា ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​សេចក្តី​ពិត​ ឬ​ទ្រង់​បង្រៀន​អំពី​សេចក្តី​ពិត​ទេ ប៉ុន្តែ​ទ្រង់​​ក៏​មាន​បន្ទូល​ថា ទ្រង់​គឺជា​សេចក្តី​ពិត​នោះ​ឯង​ផង​ដែរ​។ ព្រះ​យេស៊ូវ​បាន​បង្រៀន​សេចក្តី​ពិត​នេះ​នៅ​យប់​មុន​ថ្ងៃ​ដែល​ទ្រង់​បាន​សុគត ហើយ​គោល​បំណង​នៃ​សេចក្តី​បង្រៀន​នេះ​គឺ​ដើម្បី​ពន្យល់​អំពី​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​សំរេច​តាមរយៈ​ការ​សុគត​ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​អំពី​សេចក្តី​បង្រៀន​នេះ​ដែល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់។ ពួកគេ​និយាយ​ថា គំនិត​នេះ​តូច​ចង្អៀត​ណាស់។ ប៉ុន្តែ​យើង​មិន​គួរ​ត្អូញត្អែរ​ថា ព្រះ​បាន​ប្រទាន​ផ្លូវ​តែ​មួយ​នោះ​ទេ​ ពីព្រោះ​យើង​ត្រូវ​ការ​ផ្លូវ​តែ​មួយ ហើយ​ព្រះ​បាន​ប្រទាន​ផ្លូវ​នោះ ​តាម​រយៈ​សេចក្តី​មេត្តា​ករុណា ​និង​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​ផ្ទាល់។

សូម​អាន​យ៉ូហាន​ ១៤:១៥-៣១ ទាំង​មូល។​ ​

ចូរ​អាន ​ខ.១៥ ទ្បើង​វិញ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

បើ​យើង​ស្រឡាញ់​ព្រះគ្រីស្ទ​ តើ​យើង​នឹង​ធ្វើ​អ្វីខ្លះ?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ ការ​ស្រលាញ់​ព្រះយេស៊ូវ​មិន​គ្រាន់​តែ​ជា​ការ​មាន​អារម្មណ៍​វិជ្ចមាន​និង​អរ​សប្បាយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​ការ​ស្តាប់​បង្គាប់​ដល់​ទ្រង់​ផង​ដែរ។ តើ​អ្នក​បង្ហាញ​ថា អ្នក​ស្រលាញ់​ព្រះយេស៊ូវ តាម​រយៈ​ការ​ស្តាប់​បង្គាប់​ទ្រង់​ដែរ​ឬ​ទេ?

ចូរ​អាន ​ខ.១៦-២១។

តើ​ព្រះនាម​ (ឬ​ឋានន្តរ) អ្វី​​ដែល​ព្រះយេស៊ូវ​ប្រទាន​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ខ. ១៦និង​១៧?

ហេតុ​អ្វី​បាន​ជា​មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​​បាន​?

ការ​ពន្យល់ និង​ការ​អនុវត្ត​៖  ចូរ​ចង​ចាំ​ថា ពួក​សិស្ស​បាន​ថប់​បារម្ភ ដោយ​ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ចាក​ចេញ​ពី​ពួកគេ​ ហើយ​ពួកគេ​មិន​អាច​ទៅ​តាម​ទ្រង់​បាន​ទេ។  នៅ​ក្នុង​១៤:១-៦ ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា វា​ជា​ការ​ល្អ​សំរាប់​ពួកគេ​ ដែល​ទ្រង់​នឹង​ចាក​ចេញ​ទៅ ពីព្រោះ​ទ្រង់​នឹង​យាង​ទៅ​ដើម្បី​រៀប​ចំកន្លែង​មួយ​សំរាប់​ពួកគេ​ នៅ​ក្នុង​ដំណាក់​របស់​ព្រះវរបិតា។  ឥឡូវ​នេះ​ ព្រះយេស៊ូវ​​ប្រទាន​ហេតុផល​ទីពីរ​ ដែល​​វា​ជា​ការ​ល្អ​​ ដែល​ទ្រង់​ចាក​ចេញ​ទៅ គឺដោយ​ព្រោះ​ទ្រង់​នឹង​យាង​ទៅ​ឯ​ព្រះវរបិតា នោះ​ទ្រង់​និង​ព្រះវរបិតា​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​ពួកគេ។  នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​ នឹង​ជា​ការ​ប្រសើរ ពីព្រោះ​ព្រះយេស៊ូវ​នឹង​ចាក​ចេញ​ពី​ពួកគេ​ខាង​សាច់​ឈាម​ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​ពួកគេ​ជា​រៀង​រហូត (ខ. ១៦)។  លើស​ពី​នេះ​ទៅ​ទៀត​ ព្រះយេស៊ូវ​នឹង​មិន​បោះ​បង់​ពួកគេ​ចោល(​ចេញ​ទៅ​ដោយ​មិន​ត្រលប់​មក​វិញ​)ទេ ពីព្រោះ​នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​ នោះ​ព្រះយេស៊ូវ​និង​ព្រះវរបិតា​គង់​នៅ​ជា​មួយ​ពួកគេ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ​។  ពេល​ខ្លះ​យើង​គិត​ថា វា​ជា​ការ​អស្ចារ្យ​ដែល​ធ្វើ​ជា​សិស្ស​ម្នាក់​ ដែល​បាន​ដើរ​ជា​មួយ​ព្រះយេស៊ូវ។ បាទ វា​ពិត​ជា​អស្ចារ្យ​មែន ប៉ុន្តែ​ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​មាន​ព្រះយេស៊ូវ​និង​ព្រះវរបិតា​គង់​ជាមួយ​យើង​ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​គឺ​ប្រសើរ​​ខ្លាំង​ជាង​ ​។

ព្រះយេស៊ូវ​បាន​សន្យា​​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ​ «មួយ​អង្គ​ទៀត» ដើម្បី​កុំ​អោយ​ពួក​សិស្ស​របស់​ទ្រង់​ត្រូវ​ចោល​​អោយ​នៅ​កំព្រា (១៤:១៨)។ ​​ព្រះ​ដ៏​ជា​ជំនួយ​ ដែល​នឹង​យាង​មក បាន​ជំនួស​វត្ត​មាន​ខាង​សាច់​ឈាម​របស់​ព្រះយេស៊ូវ ហើយ​បន្ទាប់​ពី​ការ​យាង​ចាក​ចេញ​របស់​ព្រះយេស៊ូវ​ នោះ​ព្រះ​ដ៏​ជា​ជំនួយ​​នឹង​ធ្វើ​សំរាប់​ពួក​សិស្ស​​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​​បាន​ធ្វើ​សំរាប់​ពួកគេ​ពីមុន​។ ធ្វើ​ដូច​ជា​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដែរ​គឺ ព្រះ​ដ៏​ជា​ជំនួយ​កំសាន្ត​ចិត្ត​និង​បង្រៀន​ពួក​សិស្ស ​នាំ​ពួក​សិស្ស​ចូលក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ហើយ​ប្រាប់​ពួកគេ​អំពី​កិច្ច​ការ​ដែល​នឹង​ត្រូវ​មក​ដល់​។

ពាក្យ «លោកិយ» នៅ​ក្នុង​ខ. ១៧ សំដៅ​ទៅលើ​​មនុស្ស​ដែល​បដិសេធ​ព្រះយេស៊ូវ​។

ចូរ​អាន ​ខ.២២-២៤។

តើ យូដាស​បាន​សួរ​អ្វីខ្លះ?

តើ ព្រះ​យេស៊ូវ​បាន​ឆ្លើយ​យ៉ាង​ម៉េច?

ពាក្យ​ ដែល​ព្រះ​យេស៊ូវ​និយាយ ​ជា​ព្រះបន្ទូល​​របស់​​នរណា?

ការ​ពន្យល់៖  ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​១៤:១-៤ ថា ទ្រង់​នឹង​ចាក​ចេញ​ទៅ​រៀប​ចំ​កន្លែង​មួយ​សំរាប់​យើង​ នៅ​ក្នុង​ដំណាក់​របស់​ព្រះវរបិតា។ យើង​រង់​ចាំ​ស្ថាន​សួគ៌ សំរាប់​ការ​នេះ​​ត្រូវ​បាន​បំពេញ​សំរេច​។ ប៉ុន្តែ​នៅ​ពេល​យើង​កំពុង​រង់​ចាំ​ការ​នេះ ព្រះវរបិតា​និង​ព្រះរាជបុត្រា​យាង​មក​កាន់​យើង​ រៀប​ចំ​ដំណាក់​របស់​ទ្រង់​ជាមួយ​យើង​ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ​តាមរយៈ​ការ​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឥឡូវ​នេះ​យើង​ទទួល​បាន​ជីវ្ហាវិញ្ញាណ​ពី​​​អ្វី​ ដែល​យើង​នឹង​ទទួល​បាន​នៅ​​លើ​​ស្ថាន​សួគ៌។  នៅ​ពេល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ទៅ​កាន់​លោកិយ​ទាំង​មូល ប៉ុន្តែ​ឥឡូវ​នេះ​ តែ​អស់​អ្នក​ដែល​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ ដែល​ស្រលាញ់​និង​ស្តាប់​បង្គាប់​​ព្រះយេស៊ូវ នឹង​បាន​ស្គាល់​ទ្រង់។

ចូរ​អាន ​ខ.២៥-២៧។

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​អ្វី​សំរាប់​ពួក​សិស្ស​?

តើ ព្រះ​យេស៊ូវ​សន្យា​ថា ទ្រង់​នឹង​ប្រទាន​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត៖  ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ពួក​សិស្ស​ពី «គ្រប់​​សេចក្តី​ទាំង​អស់»។ «គ្រប់​សេចក្តី​ទាំង​អស់» មិន​មាន​ន័យ​​ថា យើង​អាច​ដឹង​អំពី​ប្រធាន​បទ​ទាំង​អស់​ទេ ប៉ុន្តែ​ដឹង​គ្រប់​សេចក្តី​ទាំង​អស់​​ដែល​ព្រះ​ទ្រង់​ផ្ទាល់​បាន​បង្រៀន​ពួកគេ។ ទ្រង់​នឹង​រំលឹក​ពួក​សិស្ស​​​ពី «គ្រប់​សេចក្តី​​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ដែរ»។ សេចក្តី​សន្យា​នេះ​សំខាន់​ណាស់​សំរាប់​សព្វថ្ងៃ​នេះ ពីព្រោះ​វា​គឺជា​ទី​បន្ទាល់​អំពី​ព្រះ​យេស៊ូវ ដែល​ពួក​សិស្ស​បាន​សរសេរ​កត់​ត្រា​ចុះ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ដែល​បាន​ជួយ​ពួកគេ​អោយ​យល់​និង​ចង​ចាំ​គ្រប់​ទាំង​សេចក្តី​ពិត​ ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួកគេ សូម្បី​តែ​នៅពេល​ទ្រង់​បាន​បង្រៀន​​ហើយ​ពួកគេ​មិន​បាន​យល់​ក៏​ដោយ។ ដូច្នេះ យើង​អាច​ជឿ​ទុក​ចិត្ត​លើ​ព្រះគម្ពីរ​សញ្ញា​ថ្មី​បាន​។ ។

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ពួក​ហោរា​ក្លែង​ក្លាយ​បាន​ប្រកាស​អំពី​សន្តិ​ភាព ប៉ុន្តែ​មិន​​បាន​មាន​សន្តិ​ភាព​នោះ​ទេ (យេរេមា ៦:១៣-១៤)។ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី សន្តិភាព​របស់​ចក្រភព​រ៉ូម​បាន​មក​ពី​កំឡាំង​របស់​កង​ទ័ព​​រ៉ូម៉ាំង។ ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម ប្រជាជន​​អាច​មិន​មាន​ទុក្ខ​លំបាក ប៉ុន្តែ​​វា​មិន​មែន​ជា​សន្តិភាព​ពិត​ប្រាកដ​នៅ​ក្នុង​ចិត្ត​ឡើយ​។ នៅពេល​ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​សេចក្តី​សុខសាន្ត​របស់​ទ្រង់​ទៅ​អោយ​​​ពួក​សិស្ស​របស់​ទ្រង់​ គឺ​ទ្រង់​កំពុង​មាន​បន្ទូល​អំពី​​​សេចក្តី​សុខសាន្តនៃ​ចិត្ត​ក្នុង​កណ្តាល​ទុក្ខ​លំបាក​និង​ការ​បៀត​បៀន​​ជាច្រើន​ ដែល​ជា​​​​​សេចក្តី​សុខសាន្ត​ដែល​ពួកគេ​នឹង​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ​​​​សេចក្តី​សុខសាន្ត​ដែល​ព្រះយេស៊ូវ​ប្រទាន​​មិន​មាន​ន័យ​ថា យើង​នឹង​មិន​មាន​បញ្ហា​នោះ​ទេ (១៦:៣៣) ប៉ុន្តែ​​វា​ជា​​​ ​​សេចក្តី​សុខសាន្ត​ដែល​ចេញ​មក​ពី​ការ​ដែល​យើង​ដឹង​ថា យើង​ជា​របស់​ព្រះ​។ ​ជារឿយ​ៗ​ លោកិយ​ចង់​បាន​សន្តិភាព​ ដែល​លោកិយ​អាច​ផ្តល់​អោយ​ ដូច​ជា​អ្វី​ដែល​​ចក្រភព​រ៉ូម​​អាច​ផ្តល់​អោយ​ផង​ដែរ​។ តើ​អ្នក​ផ្តល់​តំលៃ​លើ​សន្តិភាព​នៅ​ក្នុង​លោកិយ​ខ្លាំង​ជាង​​​​​​សេចក្តី​សុខសាន្តដែល​ព្រះយេស៊ូវ​ប្រទាន​អោយ​ដែរ​ឬទេ?​

​ចូរ​អាន ​ខ.២៨-៣១។

ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​គួរតែ​​សប្បាយ​ចិត្ត​ដោយ​​ព្រោះ​ព្រះ​យេស៊ូវ​នឹង​ទៅ​ឯ​ព្រះ​វរបិតា​?

តើ ព្រះ​យេស៊ូវ​ធ្វើ​តាម​បង្គាប់​ព្រះវរបិតា​ទៅ​ដល់ឈើឆ្កាង​ដើម្បី​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ «ចៅហ្វាយ​របស់​លោកិយ​នេះ»​ សំដៅ​ទៅ​លើ​មារ​សាតាំង។  ទោះ​បី​ជា​ការ​សុគត​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើឆ្កាង​គឺ​ជា​ផែនការណ៍​របស់​ព្រះ​វរបិតា​ក៏​ដោយ ក៏​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ជា​សកម្មភាព​របស់​មារ​សាតាំង​ផង​ដែរ។

ជា​ធម្មតា នៅពេល​មនុស្ស​គិត​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ពួកគេ​គិត​អំពី​របៀប​ដែល​ការ​សុគត​នេះ​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​ចំពោះ​លោកិយ​។ បាទ ការ​សុគត​របស់​ព្រះយេស៊ូវ​ពិត​ជា​បង្ហាញ​អំពី​ សេចក្តី​ស្រលាញ់​​របស់​ព្រះ​ចំពោះ​លោកិយ​មែន ប៉ុន្តែ​នៅ​ទី​នេះ ព្រះយេស៊ូវ​បង្រៀន​ថា ការ​សុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​​បង្រៀន​អំពី​សេចក្តី​ស្រលាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់​។ ​មនុស្ស​ជា​ញឹក​ញាប់​បាន​ភ្លេច​ចំនុច​មួយ​នេះ​អំពី​ឈើ​ឆ្កាង​។ យើង​មាន​ភាព​អាត្មា​និយម​ណាស់​ ប្រសិន​បើ​យើង​គ្រាន់​តែ​គិត​​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​សំរាប់​យើង​ ហើយ​មិន​គិត​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះរាជបុត្រា​ចំពោះ​ព្រះវរបិតា​នោះ។ លើស​ពី​នេះ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​ថា លោកិយ​ត្រូវ​តែ​រៀន​អំពី​ការ​នេះ​។ យើង​ត្រូវ​តែ​កែ​ការ​យល់​ដឹង​ខ្សោយ​​របស់​យើង​អំពី​ឈើ​ឆ្កាង​ ហើយ​អោយ​តំលៃ​លើ​អ្វី​ដែល​ឈើ​ឆ្កាង​បើក​សំដែង​អំពី​ព្រះ​។ យើង​ត្រូវ​តែ​បង្រៀន​ថា ឈើ​ឆ្កាង​បើក​សំដែង​សេចក្តី​ស្រលាញ់​របស់​ព្រះរាជបុត្រា​ចំពោះ​ព្រះ​វរបិតា។ ឈើ​ឆ្កាង​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​បំពេញ​សំរេច​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ ដែល​ត្រូវ​ស្រលាញ់​ព្រះ​លើស​ជាង​អ្វីៗ​​ទាំង​អស់ ពីព្រោះ​ទ្រង់​បាន​ស្រលាញ់​ព្រះវរបិតា ​ដែល​គង់​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់ ​ជា​ង​​ព្រះជន្ម​របស់​ទ្រង់​ ហើយ​បាន​បង្ហាញ​សេចក្តី​ស្រលាញ់​របស់​ទ្រង់​​ ដោយ​​ធ្វើ​តាម​បញ្ជា​រហូត​ដល់​​​សោយ​ទិវង្គត​លើ​ឈើឆ្កាង។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ខ្លះអំពី​ព្រះ​នៅក្នុងយ៉ូហាន​ ១៤:១៥៣១?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

One comment on “យ៉ូហាន ១៤:១៥-៣១ John 14:15-31
  1. Than thuon says:

    ខ្ញុំត្រូវកែកាន់តាមបញ្ញាត្តរបស់ព្រះដោយស្រឡាញ់ និងស្តាប់បង្គាប់។

Leave a Reply to Than thuon Cancel reply

Your email address will not be published. Required fields are marked *

*

Top