Christ pdf download
ឋានន្តរ៖ ព្រះគ្រីស្ទ
ឋានន្តរសាមញ្ញរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ ព្រះគ្រីស្ទ ដែលលេចឡើង៥៣១ដង។ ព្រះគម្ពីរសញ្ញាថ្មីបានប្រើឋានន្តរនេះជាញឹកញាប់ ដែលមានមនុស្សជាច្រើនគិតថា «ព្រះគ្រីស្ទ» គឺជាផ្នែកនៃព្រះនាមរបស់ទ្រង់។ ប៉ុន្តែ «ព្រះយេស៊ូវ» គឺជាព្រះនាមរបស់ទ្រង់ ហើយ «ព្រះគ្រីស្ទ» គឺជាឋានន្តររបស់ទ្រង់។ ពាក្យ «ព្រះគ្រីស្ទ» គឺជាពាក្យភាសាក្រិក ដែលស្មើនឹងពាក្យហេព្រើរ «ព្រះមែស៊ី» (Messiah) ដែលមានន័យថា «អង្គដែលត្រូវបានចាក់ប្រេងតាំង»។ ពាក្យ «ព្រះគ្រីស្ទ» បញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវត្រូវព្រះចាក់ប្រេងតាំងសំរាប់តំណែងនិងកាតព្វកិច្ចរបស់ទ្រង់។
ពេលដំបូងក្នុងបេសកកម្មរបស់ព្រះយេស៊ូវ មនុស្សខ្លះបានជឿថា ទ្រង់គឺជាព្រះមែស៊ី (ពួកសិស្សរបស់ទ្រង់បានមើលឃើញឋានន្តរនេះរួចហើយ យ៉ូហាន ១:៤១) ប៉ុន្តែពួកគេបានយល់ខុសអំពីព្រះមែស៊ី។ ពួកគេបានកំពុងរងចាំនរណាម្នាក់ ដែលនឹងមករំដោះពួកគេចេញពីចក្រភពរ៉ូម។ ប៉ុន្តែព្រះយេស៊ូវបានពន្យល់ថា តួនាទីរបស់ទ្រង់ ក្នុងឋានន្តរជាព្រះគ្រីស្ទគឺ ដើម្បីនាំនគរព្រះមក ប៉ុន្តែទ្រង់មិនបានមានបន្ទូលអំពីសេចក្តីលំអិតថា ទ្រង់កំពុងនាំនគរព្រះមកដោយរបៀបណានោះទេ ដែលនេះផ្ទុយនឹងទស្សនៈរបស់ពួកសិស្ស។ នៅពេលព្រះយេស៊ូវមិនធ្វើតាមទស្សនៈរបស់ពួកគេអំពីព្រះមែស៊ី នោះមនុស្សបានចាប់ផ្តើមឆ្ងល់ថា ទ្រង់ជានរណា។
នៅពេលព្រះយេស៊ូវបានសួរពួកសិស្សរបស់ទ្រង់ថា បណ្តាជនគិតថាទ្រង់ជាអ្នកណា នោះពួកគេបានឆ្លើយថា «អ្នកខ្លះថា យ៉ូហាន-បាទីស្ទ អ្នកខ្លះថា អេលីយ៉ា ហើយខ្លះថា យេរេមា ឬហោរាណាមួយ» (ម៉ាថាយ ១៦:១១៣-១៤)។ បន្ទាប់មកព្រះយេស៊ូវសួរពួកគេថា «តើអ្នករាល់គ្នាគិតថា ខ្ញុំជាអ្នកណា? ស៊ីម៉ូន-ពេត្រុសបានឆ្លើយថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦:១៦)។ ព្រះយេស៊ូវបានឆ្លើយតបថា «អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ត្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងអោយអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ»។ ព្រះយេស៊ូវបានយាងមកផែនដី នៅពេលមនុស្សមានចិត្តរឹង។ ពួកគេមិនអាចស្តាប់លឺព្រះបន្ទូលរបស់ព្រះ នៅពេលព្រះបន្ទូលត្រូវបាននិយាយមកកាន់ពួកគេ។ ពួកគេមិនស្គាល់ព្រះរាជបុត្រានៃព្រះ នៅពេលដែលទ្រង់កំពុងតែនៅចំពោះភ្នែករបស់ពួកគេឡើយ។ ប៉ុន្តែព្រះបានបើកភ្នែករបស់ពេត្រុស ហើយគាត់បានស្គាល់ថា ព្រះយេស៊ូវគឺជាព្រះមែស៊ី។
ហោរា សង្ឃ និងស្តេច
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានមនុស្សជាច្រើនត្រូវបានទទួលការចាក់ប្រេងតាំង។ អ្នកណាដែលព្រះបានចាក់ប្រេងតាំងសំរាប់ការងារមួយគឺជា «អ្នកដែលបានទទួលការចាក់ប្រេងតាំង»។ ព្រះបានចាក់ប្រេងតាំងពួកសង្ឃ ពួកហោរា និងពួកស្តេច។ ប៉ុន្តែ ដោយសារសេចក្តីសន្យារបស់ព្រះកាន់តែមានភាពច្បាស់លាស់ នោះព្រះបានចាប់ផ្តើមមានបន្ទូលថា នៅថ្ងៃអនាគត ទ្រង់នឹងបញ្ជូនមួយអង្គ ដែលនឹងជាអង្គដែលបានចាក់ប្រេងតាំងចុងក្រោយបំផុត គឺព្រះគ្រីស្ទ។
ពួកអ្នកកំណែទំរង់បានសង្ខេបអំពីតួនាទីនៃព្រះមែស៊ី ដោយនិយាយថា ឋានន្តរនេះយ៉ាងហោចណាស់មានធាតុបី។ ព្រះគ្រីស្ទគឺជាហោរាម្នាក់ ពីព្រោះព្រះបានមានបន្ទូលថា ក្នុងថ្ងៃអនាគត ទ្រង់នឹងបញ្ជូនហោរាម្នាក់ ដូចជាម៉ូសេ (ចោទិយកថា ១៨:១៥) ទ្រង់ជាស្តេចមួយអង្គ ពីព្រោះព្រះមែស៊ីត្រូវមកតាមពូជពង្សរបស់ស្តេចដាវីឌ ហើយនឹងទទួលនគរមួយ ដែលមិនចេះផុត ទុកជាមរដក (អេសាយ ៩:៧) ហើយទ្រង់ជាសង្ឃម្នាក់ ពីព្រោះព្រះមែស៊ីត្រូវធ្វើជាសម្តេចសង្ឃតាមរបៀបម៉ិលគីស្សាដែក (ទំនុកដំកើង ១១០:៤)។
ចំលើយរបស់ពួកសិស្សនៅក្នុងម៉ាថាយ ១៦:១៤ បង្ហាញថា មនុស្សជាច្រើនបានចាត់ទុកព្រះយេស៊ូវជាហោរាម្នាក់។ ជាហោរាម្នាក់នៅក្នុងអ៊ីស្រាអែលមិនមែនត្រូវធ្វើជាគ្រូទាយ ឬគ្រូជោគវាសនានោះឡើយ។ ហោរាជាម្នាក់ដែលព្រះបានចាក់ប្រេងតាំងអោយនិយាយព្រះបន្ទូលព្រះទៅកាន់មនុស្ស។ សាររបស់ហោរាពិតប្រាកដគឺជាសារដែលគាត់បានទទួលពីព្រះមក។
នៅក្នុងអ៊ីស្រាអែល មានតំណែងពីរដែលមានសារៈសំខាន់ខាងសាសនា៖ សង្ឃ និងហោរា។ អស់អ្នកដែលមានតំណែងទាំងពីរនេះ មានការរួមគ្នាជាច្រើនគឺ ពួកគេត្រូវបានព្រះ ចាក់ប្រេងតាំង ពួកគេត្រូវបានព្រះញែកជាបរិសុទ្ធ ពួកគេទទួលអំណោយទានពីព្រះ ហើយពួកគេដើរតួនាទីជាសម្រុះសម្រួល (អ្នកកណ្ដាល ស្ពានមេត្រី អ្នកសង្រួបសង្រួម)។ តួនាទីរបស់សង្ឃគឺត្រូវនិយាយទៅកាន់ព្រះជំនួសអោយបណ្តាជន។ បណ្តាជននឹងសុំអោយសង្ឃអធិស្ឋានសំរាប់ពួកគេ ហើយគាត់នឹងអធិស្ឋានទូលអង្វរជាមួយព្រះ។ ប៉ុន្តែហោរាមានតួនាទីផ្ទុយពីនេះ គឺហោរានិយាយមកកាន់បណ្តាជន គឺគាត់ប្រកាសព្រះបន្ទូលដែលគាត់បានទទួលពីព្រះអង្គ។ ហោរាគឺជាអ្នកនាំសាររបស់ព្រះ។
ដោយសារតែទ្រង់គឺជាព្រះគ្រីស្ទ នោះព្រះយេស៊ូវមានលក្ខណៈខុសពីហោរានិងសង្ឃផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ ទ្រង់មិនគ្រាន់តែជាហោរាដ៏អស្ចារ្យ និងជាសម្តេចសង្ឃដ៏ខ្ពស់បំផុតនោះទេ ប៉ុន្តែទ្រង់មានឋានន្តរដោយអង្គទ្រង់តែម្តង។ ក្នុងនាមជាហោរាម្នាក់ ព្រះយេស៊ូវមិនគ្រាន់តែបានប្រកាសព្រះបន្ទូលព្រះប៉ុណ្ណោះទេ ប៉ុន្តែបានប្រកាសថា អង្គទ្រង់ផ្ទាល់គឺជាព្រះបន្ទូលដ៏រស់និងត្រឡប់ជាសាច់ឈាមផងដែរ។ ព្រះយេស៊ូវមិនគ្រាន់តែបានផ្សាយព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែទ្រង់គឺជាព្រះបន្ទូលផងដែរ (យ៉ូហាន ១:១)។ ព្រះយេស៊ូវមិនគ្រាន់តែបានមានបន្ទូលថា «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ» ដូចហោរាផ្សេងទៀតទេ ប៉ុន្តែមានបន្ទូលដោយអំណាចរបស់ព្រះផ្ទាល់តែម្តង គឺប្រកាសថា « ខ្ញុំប្រាប់អ្នករាល់គ្នា»។ ហោរាទាំងអស់ទៀតបានប្រកាសទំនាយអំពីព្រះគ្រីស្ទដែលនឹងមកដល់។ ដូច្នេះ ព្រះរាជសារស្នូលនៃសេចក្តីបង្រៀនរបស់ហោរាអំពីព្រះយេស៊ូវគ្រីស្ទគឺ ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់។ ទ្រង់ខុសពីសង្ឃទាំងអស់ទៀត ពីព្រោះពួកគេបានថ្វាយយញ្ញបូជាជាសត្វ ប៉ុន្តែទ្រង់បានថ្វាយអង្គទ្រង់សំរាប់អំពើបាបរបស់យើងវិញ (ហេព្រើរ ៩:៧-១២; ១០:១១-១២) គឺទ្រង់ជាយញ្ញបូជា។
តួនាទីរបស់ព្រះមែស៊ី ដែលមនុស្សក្នុងសម័យរបស់ព្រះយេស៊ូវចាប់អារម្មណ៍ជាងគេនោះគឺ ទ្រង់គឺជាស្តេច (ពីទំនាយដូចជាដានីយ៉ែល ៩:២៥; អេសាយ ១១:១-៩…)។ ព្រះបានសន្យាជាមួយស្តេចដាវីឌថា ពូជមួយនឹងសោយរាជ្យលើបល្ល័ង្ករបស់គាត់អស់កល្បជានិច្ច (២សាំយ៉ូអែល ៧) ហើយព្រះយេស៊ូវ ដែលមកពីពូជរបស់ស្តេចដាវីឌ បំពេញសំរេចសេចក្តីសន្យានេះ (លូកា ១:៣២-៣៣)។ ទោះយ៉ាងណា មនុស្សពិតជាមិនបានយល់អំពីព្រះគ្រីស្ទជាសង្ឃម្នាក់ ដែលនឹងថ្វាយរូបកាយរបស់ទ្រង់ផ្ទាល់ជាយញ្ញបូជា នោះទេ។ សេចក្តីពិតនេះជួយពន្យល់ម៉ាថាយ ១៦។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ទ្រង់គឺជាព្រះគ្រីស្ទ។ អ្វីដែលទ្រង់បានមានបន្ទូលក្រោយនោះគឺគួរអោយភ្ញាក់ផ្អើលណាស់។ ព្រះយេស៊ូវបានណែនាំពួកសិស្សថា ពួកគេមិនគួរប្រាប់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទ ទេ (ខ.២០)។ ហេតុអ្វី? ពីព្រោះអ៊ីស្រាអែលមិនទាន់យល់អំពីព្រះមែស៊ីនៅឡើយទេ។ អ្វីដែលមនុស្សមិនអាចយល់បាននោះគឺថា ព្រះមែស៊ីក៏ជាស្តេចសង្ឃដ៏អស្ចារ្យដែលនឹងថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាសំរាប់មនុស្សផងដែរ។ ព្រះមែស៊ីមិនគ្រាន់តែជាស្តេចមួយអង្គទេ ទ្រង់ក៏ត្រូវធ្វើជាអ្នកបំរើរងទុក្ខរបស់អ៊ីស្រាអែលទៀតផង។ ដូច្នេះ នៅពេលព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា ទ្រង់ ដែលជាព្រះគ្រីស្ទ ត្រូវតែរងទុក្ខនិងសុគត នោះពេត្រុសបានយកព្រះយេស៊ូវទៅមួយម្ខាង ហើយបាននិយាយថា ការនេះមិនអាចកើតឡើងបានទេ។ នៅស្ថានភាពនេះ សូម្បីតែពេត្រុសក៏មិនបានយល់ថា ស្តេចដ៏ជាព្រះមែស៊ី ហោរាដ៏ជាព្រះមែស៊ី ក៏ត្រូវតែធ្វើជាសង្ឃដ៏ជាព្រះមែស៊ី ដែលនឹងរងទុក្ខផងដែរ។ ព្រះយេស៊ូវបានបែរមកហើយមានបន្ទូលនឹងពេត្រុសថា «សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្តីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ» (ម៉ាថាយ ១៦:២៣)។ តើការនេះអស្ចារ្យដែរឬទេ? មុនពេលនេះបន្តិច ព្រះយេស៊ូវបានមានបន្ទូលទៅពេត្រុសថា «អ្នកឈ្មោះពេត្រុសហើយខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»។ ឥឡូវនេះទ្រង់មានបន្ទូលថា «សាតាំងអើយ ចូរថយទៅក្រោយអញទៅ»។
អ្នកខ្លះកាត់ស្រាយបទគម្ពីរនេះដោយពន្យល់ថា នៅពេលពេត្រុសមានភាពកម្សោយនេះ សាតាំងបានចូលក្នុងគាត់ ហើយពាក្យដែលបានចេញពីមាត់របស់គាត់ ប្រឆាំងនឹងបំណងចិត្តរបស់គាត់ទេ។ ពួកគេនិយាយថា វាពិតជាមិនមែន ស៊ីម៉ូន-ពេត្រុសដែលកំពុងតែនិយាយឡើយ ប៉ុន្តែវាគឺជាសាតាំងដែលបានគ្រប់គ្រងស៊ីម៉ូនទេតើ។ នេះគឺជាការកាត់ស្រាយខុសហើយ។
សូមចងចាំ នៅពេលព្រះយេស៊ូវបាននៅក្នុងទីរហោស្ថានអស់សែសិបថ្ងៃ ដើម្បីអោយសាតាំងបានល្បួងទ្រង់។ សាតាំងបានព្យាយាមល្បួងព្រះយេស៊ូវអោយទទួលមកុដរបស់ទ្រង់ដោយគ្មានការឈឺចាប់ នគរមួយដោយគ្មានការរងទុក្ខ ដើម្បីបំពេញ សំរេចបេសកកម្មជាព្រះមែស៊ីរបស់ទ្រង់ដោយមិនចាំបាច់សុគត។ ព្រះយេស៊ូវបានបន្ទូលថា «ទេ»។ ប៉ុន្តែនៅទីនេះគំនិតដដែលនេះបានលេចឡើងម្តងទៀតតាមរយៈពេត្រុស។ ពេត្រុសមិនអាចទទួលយកបានថា ព្រះគ្រីស្ទនឹងរងទុក្ខនិងសុគតបែបនេះឡើយ។
ពេត្រុស ដែលជាថ្មដា ឥឡូវនេះក្លាយជាសាតាំងវិញហើយ។ ពីថ្មីទៅជាទីបង្អាក់ចិត្ត! ព្រះយេស៊ូវបានពន្យល់អំពីមូលហេតុដែលពេត្រុសបានក្លាយជាដូចនេះថា «ឯងមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សវិញ»។ នៅពេលពេត្រុសទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ នោះព្រះយេស៊ូវបានមានបន្ទូលថា ពេត្រុសបានទទួលការបើកសំដែងពីព្រះ ឥឡូវនេះទ្រង់មានបន្ទូលថា ពេត្រុសបានត្រឡប់ទៅកំរិតមនុស្សវិញ ដែលគិតតាមគំនិតរបស់មនុស្សលោក។ ពេត្រុសបានទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ប៉ុន្តែមិនទទួលស្គាល់នូវអ្វីដែលព្រះគ្រីស្ទត្រូវធ្វើ (រងទុក្ខ និងសុគតនៅលើឈើឆ្កាង) នោះទេ។ ព្រះគ្រីស្ទមិនគ្រាន់តែសុគតនៅលើឈើឆ្កាង ក្នុងនាមជាសម្តេចសង្ឃដ៏អស្ចារ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការស្តាប់បង្គាប់របស់ទ្រង់ ដែលបានសំដែងនៅក្នុងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដែលទ្រង់បានទទួលអំណាចធ្វើជាស្តេចលើទាំងអស់ (ភីលីព ២:៥-១១)។ ដូច្នេះហើយបានជាផ្លាកសញ្ញានៅលើឈើឆ្កាងសរសេរថា «ស្តេចនៃសាសន៍យូដា»។
រឿងអាស្រូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺថា ព្រះគ្រីស្ទ ដែលជាស្តេច នឹងរងទុក្ខ ហើយសុគតនៅលើឈើឆ្កាង។ សេចក្តីពិតនេះគឺជាថ្មជំពប់សំរាប់ពួកយូដា (១កូរិនថូស ១:២៣) ហើយសព្វថ្ងៃនេះពួកយូដានៅតែមិនអាចទទួលយកបានថា ព្រះគ្រីស្ទរបស់ពួកគេនឹងរងទុក្ខតាមរបៀបនេះ ហើយពួកមូស្លីមជឿថា ហោរាម្នាក់របស់ព្រះមិនអាចរងទុក្ខដោយការសុគតដ៏ទាបថោករបស់ឧក្រិដ្ឋជននេះបានឡើយ។ ប៉ុន្តែដូចជាពេត្រុសដែរ ព្រះបើកសំដែងដល់យើងនូវអ្វីដែលអ្នកដទៃមិនអាចមើលឃើញ គឺថា ព្រះគ្រីស្ទដែលបានសុគតនិងមានព្រះជន្មរស់ឡើងវិញគឺជាហោរា សម្តេចសង្ឃ និងស្តេចរបស់យើង។
Bibliography
Akin, D. L., Martin, R. P., & Draper, C. W. (2003). Christ, Christology. In (C. Brand, C. Draper, A. England, S. Bond, E. R. Clendenen, & T. C. Butler, Eds.)Holman Illustrated Bible Dictionary. Nashville, TN: Holman Bible Publishers.
Easton, M. G. (1893). In Easton’s Bible dictionary. New York: Harper & Brothers.
Elwell, W. A., & Beitzel, B. J. (1988). In Baker encyclopedia of the Bible. Grand Rapids, MI: Baker Book House.
Hurtado, L. W. (1992). Christ. In (J. B. Green & S. McKnight, Eds.) Dictionary of Jesus and the Gospels. Downers Grove, IL: InterVarsity Press.
Sproul, R. C. (2005). The Unexpected Jesus: The Truth Behind His Biblical Names. Fearn, UK: Christian Focus Publications.
Leave a Reply