មេរៀន​ទី២ លោកុប្បត្តិ​ ២ ថ្ងៃទីប្រាំពីរ សេចក្ដីសម្រាក Gen. 2:1-3 The Seventh Day

Lesson 2 Gen.2 The Seventh Day pdf download

គោល​បំណង​ដ៏​ធំ

តើ​អ្នក​មាន​គោល​បំណង​នៅ​ក្នុង​ជីវិត​ដែរឬទេ?  សេចក្ដី​ផ្ដើម​នៃ​ព្រះ​គម្ពីរ​គឺ​សំខាន់​ពីព្រោះ​វា​បាន​បង្រៀន​យើង​ថា ព្រះជាម្ចាស់​បាន​បង្កើត​គ្រប់​អ្វី​ទាំង​អស់​ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ លោកុប្បត្ដិ​១-២ បាន​សំដែង​គោល​បំណង​របស់​ព្រះជាម្ចាស់​ក្នុង​ការ​បង្កើត។

លោកុប្បត្ដិ​ ១:១-២:៣ បញ្ជាក់​​ប្រាប់​អំពី​​ថ្ងៃ​ទាំង​ប្រាំ​ពីរ ហើយ​ថ្ងៃ​ទី​ប្រាំ​ពីរ​ខុសប្លែក​​ពី​ថ្ងៃ​ទី​មួយ​ដល់​ទី​ប្រាំ​មួយ។  សូម​អាន​លោកុប្បត្ដិ​ ២:១-៣ ហើយ​ព្យាយាម​ស្វែងរក​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​ទី​ប្រាំពីរ​និង​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​មួយ។​

ថ្ងៃ​ទី​ប្រាំ​ពីរ​ខុសប្លែក​​ពី​ថ្ងៃ​ទី​មួយ​ដល់​ទី​ប្រាំ​មួយ​យ៉ាង​ហោច​ណាស់​បួន​យ៉ាង។

១. ព្រះជាម្ចាស់​ទ្រង់​​ឈប់​សម្រាក​ នេះ​គឺ​ជា​ថ្ងៃ​​សម្រាក។

២. ព្រះជាម្ចាស់​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​នេះ។  នៅ​ថ្ងៃ​ទី​ប្រាំ​ទ្រង់​ប្រទាន​ពរ​ដល់​សត្វ​រស់​រវើក​និង​បក្សា​បក្សី​ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​ព្រះអង្គ​ទ្រង់​ប្រទាន​ពរ​ដល់​មនុស្ស ប៉ុន្តែ​គ្មាន​កន្លែង​ណា​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​មួយ​ដែល​និទាន​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ។  ដូច្នេះ​នេះ​បង្ហាញ​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ពេលវេលា​​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ

៣. ព្រះជាម្ចាស់​ទ្រង់​បាន​ញែក​ថ្ងៃ​នេះ​ទុក​ជា​បរិសុទ្ធ​ ដូច្នេះ​នេះ​បង្ហាញ​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ពេលវេលា​​ដ៏​បរិសុទ្ធ។

៤. រាល់ថ្ងៃ​ពី​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំមួយ​មាន​ល្ងាច​មាន​ព្រឹក​ឡើង ប៉ុន្តែ​ថ្ងៃ​ទី​ប្រាំពីរ​ឥត​មាន​ពាក្យ​នេះ ដូច្នេះ​ហាក់​ដូច​ជា​ថ្ងៃ​នេះ​មិន​ចប់​ទេ គ្មាន​ថ្ងៃ​ទី​ប្រាំបី​ហើយ​យើង​ក៏​មិន​ត្រឡប់​ទៅ​ថ្ងៃ​ទី​មួយ​វិញ​ដែរ។  ​ដូច្នេះ​ ថ្ងៃ​ទី​ប្រាំ​ពីរ​​តំណាង​​ពេលវេលា​​ដ៏​បរិសុទ្ធ​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច

តើ​ហេតុ​អ្វី​បាន​ជា​ព្រះជាម្ចាស់​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ?  តើ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​បន្ត​ទៅ​ថ្ងៃ​ទី​ប្រាំបី?  និទានកថា​បាន​បញ្ចប់​នៅ​ទី​នេះ​ពីព្រោះ​ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ទី​បញ្ចប់​ ហើយ​ជា​គោល​បំណង​នៃ​ការ​បង្កើត​របស់​សព្វសារពើ។  នា​ពេល​មានការ​រត់​ប្រណាំង ​អ្នក​ប្រកួត​រត់​​រហូត​មក​ដល់​ខ្សែ​ជ័យ ប៉ុន្តែ​គេ​បញ្ចប់​ការ​រត់​បន្ទាប់​ពី​គេ​ឆ្លង​​ខ្សែ​ជ័យ ពីព្រោះ​គេ​បាន​ទៅដល់​គោលដៅ​ហើយ។

នោះ​ជា​រូប​ភាព​ដែល​យើង​មាន​នៅ​ក្នុង​លោកុប្បត្ដិ​ ២:១-៣។  ព្រះជាម្ចាស់​ទ្រង់​ក៏​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​ពីព្រោះ​ថ្ងៃ​នេះ​គឺ​ជា​គោល​បំណង។  ដូច្នេះ​នេះ​បង្រៀន​ថា ។ ប្រ​សិន​បើ​នេះ​ជា​គោល​បំណង​របស់​ព្រះជាម្ចាស់​ ដូច្នេះ​នេះ​ក៏​ជា​គោល​បំណង​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។  បើ​មនុស្ស​មាន​គោល​បំណង​ក្នុង​ជីវិត​ដែល​ខុស​គ្នា​នឹង​គោល​បំណង​របស់​ព្រះអាទិករ​ នោះ​គឺ​ជា​ភាព​ល្ងង់។

ប៉ុន្តែ​ បើ​សិន​ជា​យើង​​ពិនិត្យ​មើល​លោកីយ៍​បច្ចុប្បន្ន​កាល​ យើង​ឃើញ​ថា​យើង​មិន​រស់​នៅ​ក្នុង​ពេលវេលា​​ដ៏​បរិសុទ្ធ​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​នោះ​ទេ ប៉ុន្តែ​នៅ​សម័យ​ពុករលួយ​ដែល​មាន​បញ្ហា​​និង​សេចក្ដី​ទុក្ខ​លំបាក​​ជា​ច្រើន​។  តើ​នេះ​បាន​កើត​ឡើង​ដោយ​របៀប​ណា​?  អត្ថបទ​​បន្ទាប់​ពី​ថ្ងៃ​ទី​ប្រាំ​ពីរ គឺ​និទានកថា​សួនច្បារ​អេដែន​បាន​ផ្តល់​​ចម្លើយ​សំរាប់​សំនួរ​នោះ។  ចម្លើយ​ខ្លី​គឺ មនុស្ស​បាន​បះបោរ​ជំទាស់​នឹង​ព្រះអង្គ​ ហើយ​យើង​ខាត​បង់​សេចក្ដី​​សម្រាក​នេះ ដែល​ជា​ពេល​វេលា​​ដ៏​បរិសុទ្ធ​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​នេះ។

ស្អាង​​គោល​បំណង​​ឡើង​ធ្វើ​ជា​ថ្មី​

ព្រះ​គម្ពីរ​ទាំង​មូល​បាន​និទាន​អំពី​ផែនការ​របស់​ព្រះជាម្ចាស់​ដើម្បី​នឹង​ស្អាង​គោល​បំណង​សំរាប់​​​របស់​សព្វសារពើ​​(គឺ​សេចក្ដី​សម្រាក​)ជា​ថ្មី​ឡើង​វិញ។  ព្រះអង្គ​បាន​ជ្រើស​រើស​ពួក​អ៊ីស្រាអែល​​ទៅ​ជា​ប្រជារាស្ត្រ​ដែល​ជា​ចំណែក​មត៌ក​របស់​ទ្រង់ ​ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ស្រុក​មួយ​ហើយ​ស្រុក​នោះ​គឺ​ជា​«​សេចក្តី​សំរាក»​ (ចោទិយកថា​ ១២:៩; យ៉ូស្វេ​ ១:១៣) គឺ​ជា​កន្លែង​ដែល​ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ពួក​អ៊ីស្រាអែល​ហើយ​ជា​ទី​កន្លែង​បរិសុទ្ធ​របស់​ព្រះអង្គ។  ​ប្រជា​រាស្រ្ត​របស់​ព្រះអង្គ​បាន​ទទួល​សេចក្ដី​​​សម្រាក។

បរាជ័យ​ម្ដង​ទៀត​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ព្រះជាម្ចាស់​បាន​ប្រកាស​ថា ជនជាតិ​អ៊ីស្រាអែល​ខ្លះ​នឹង​មិន​ដែល​ចូល​មក​ក្នុង​សេចក្តី​សំរាក​របស់​ព្រះអង្គ​​ឡើយ​ពីព្រោះ​គេ​ទាស់​ទទឹង​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជាម្ចាស់​ (ទំនុកដំកើង​ ៩៥:៨-១១)។

ការ​អនុវត្ត​នៅ​ក្នុង​សញ្ញា​ថ្មី​

អ្នក​និពន្ធ​នៃ​កណ្ឌ​ហេព្រើរ​បាន​ប្រើ​ផ្ទៃរឿង​នេះ​​ប្រយោជន៍​​ដើម្បី​អប់​រំ​គ្រីស្ទបរិស័ទ។  នៅ​ហេព្រើរ​ ៣:៧-៤:១១ គាត់​បាន​ដក​ស្រង់​ពី​ទំនុកដំកើង​ ៩៥ យ៉ាង​ហោច​ណាស់​បួន​ដង ហើយ​បាន​ដក​ស្រង់​ លោកុប្បត្ដិ​ ២:២ អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​យក​មក​​អនុវត្តន៍​ចំពោះ​គ្រីស្ទបរិស័ទ។  ការ​អនុវត្ត​នៅ​ក្នុង​អត្ថបទ​នេះ​គឺ​ថា យើង​ដែល​បាន​ជឿ​លើ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​បាន​ចូល​សេចក្ដី​​សម្រាក​នោះ​ហើយ (៤:៣) ហើយ​យើង​ត្រូវ​បន្ត​ជឿ​លើ​ព្រះគ្រីស្ទ​ហើយ​បង្ហាញ​ជំនឿ​នោះ​ដោយ​យើង​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​ប្រយោជន៍​ឲ្យ​យើង​នឹង​ចូល​សេចក្ដី​សម្រាក​​ចុងក្រោយ​ដែល​យើង​នឹង​ទទួល​នៅ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក​វិញ (ហេព្រើរ​ ៤:៩-១១; ១១:១-១២:៣)។

បើ​អញ្ចឹង​ តើ​ការ​អនុវត្ត​នៃ​ លោកុប្បត្ដិ​ ២:១-៣ សំរាប់​គ្រីស្ទបរិស័ទ​បច្ចុប្បន្ន​នេះ​គឺ​ជា​អ្វី?  ចម្លើយ​គឺ ជឿ​និង​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ។  បើ​យើង​យល់​ លោកុប្បត្ដិ​ ២:១-៣ នៅ​ក្នុង​បរិបទ​នៃ​រឿង​តែ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​ នោះ​យើង​បាន​យល់​ថា​ បើ​យើង​បង្រៀន​និង​អនុវត្តន៍​ លោកុប្បត្ដិ​ ២:១-៣ ​យើង​ត្រូវ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។​​

អ្នក​ខ្លះ​ប្រឆាំង​តប​ទៅ​នឹង​ការ​កាត់​ស្រាយ​នេះ​ហើយ​ថា ទស្សនៈ​នេះ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ព្រះគ្រីស្ទ​ខ្លាំង​ពេក​ ប៉ុន្តែ​យើង​បាន​ឃើញ​ហើយ​នៅ​ខាង​លើ​ថា នេះ​ជា​មធ្យោបាយ​យ៉ាង​ពិត​ប្រាកដ​របស់​អ្នក​និពន្ធ​នៅ​ក្នុង​សញ្ញា​ថ្មី​ក្នុង​ការ​អនុវត្ត​ លោកុប្បត្ដិ​ ២:១-៣។

មេរៀន​នេះ​ជា​តែ​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ច្រើន​ទៀត​ដែល​បញ្ជាក់​ថា របៀប​ដែល​សញ្ញាចាស់​បាន​ទាក់​ទង​នឹង​យើង​បច្ចុប្បន្ន​កាល​គឺ​តាមរយៈ​ព្រះគ្រីស្ទ។  នេះ​ជា​មធ្យោបាយ​របស់​អ្នក​និពន្ធ​នៅ​ក្នុង​សញ្ញា​ថ្មី។  មេរៀន​ក្រោយ​នឹង​ផ្តល់​      ឧទាហរណ៍​បន្ថែម​ទៀត។

2 comments on “មេរៀន​ទី២ លោកុប្បត្តិ​ ២ ថ្ងៃទីប្រាំពីរ សេចក្ដីសម្រាក Gen. 2:1-3 The Seventh Day
  1. chanthou says:

    អរព្រះគុណព្រះអង្គ និងអរគុណដល់លោកអ្នកដែលបានជួយយើងខ្ញុំបានយល់មេរៀននេះទាក់ទងនឹងព្រះគម្ពីរសញ្ញាថ្មី។​សូមព្រះគ្រីស្ទប្រទានពរ

  2. Meas Pa says:

    I hope to pu pose’s me and to be god bless!

Leave a Reply

Your email address will not be published. Required fields are marked *

*

Top