ការ​ប្រែ​ចិត្ត និង​​ជំនឿ Repentance and Faith

Repentance and faith pdf download

ការ​ប្រែ​ចិត្ត និង​​សេចក្តីជំនឿ

នៅ​ពេល​អ្នក​ណា​ម្នាក់​មាន​សេចក្តីជំនឿ​ពិត​ប្រាកដ របៀប​មួយ​ដែល​គាត់​នឹង​បង្ហាញ​សេចក្តីជំនឿ​របស់​គាត់​គឺ​ដោយ​ការ​ប្រែ​ចិត្ត។ ​ពេល​ខ្លះ​មនុស្ស​​សួរ​ថា តើ​មួយ​ណា​​មាន​មុន សេចក្តីជំនឿ ឬ​ការ​ប្រែចិត្ត? នេះ​គឺ​ជា​សំនួរ​ឥត​ប្រយោជន៍ ពីព្រោះ​សេចក្តីជំនឿ ​និង​ការ​ប្រែ​ចិត្ត​​​​​មិន​មាន​នៅ​ដោយ​​ខ្វះ​គ្នា​បាន​ឡើយ​។

ការ​ប្រែ​ចិត្ត​ មាន​ពីរ​ផ្នែក​គឺ ការ​ងាក​ចេញ​ពី​អំពើ​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ (កិច្ច​ការ ៣:១៩)។ ធាតុ​ទាំង​ពីរ​នេះ​សំខាន់​ចាំ​បាច់​សំរាប់​ការ​ប្រែ​ចិត្ត​ពិតប្រាកដ​ណាស់។ ​មនុស្ស​ម្នាក់​អាច​ងាក​ចេញ​ពី​អំពើ​បាប​ខ្លះ ដោយ​មិន​ងាក​បែរ​មក​ឯ​ព្រះ។ ​ជា​ឧទាហរណ៍ គាត់​អាច​មើល​ឃើញ​ថា អំពើ​បា​ប​ខ្លះ​ដូច​ជា​ការ​ស្រវឹង​​បំផ្លាញ​ជីវិត​របស់​គាត់ ដូច្នេះ​គាត់​ឈប់​ពិសារ​ស្រា។ ទង្វើ​នេះ​ជួយ​​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​​ទង្វើ​នេះ​មិន​មាន​ន័យ​ថា ព្រះ​បាន​សង្គ្រោះ​គាត់ ឬ​មាន​ន័យ​ថា គាត់​បាន​ប្រែចិត្ត​ ទៅ​តាម​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញា​ថ្មី​​បង្គាប់​អោយ​យើង​​ប្រែចិត្ត​នោះ​ឡើយ​។ គាត់​នៅតែ​នឹង​ប្រឈម​មុខ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ព្រះ​ សំរាប់​ការ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ដដែល​។ ម៉្យាង​វិញ​ទៀត​ មនុស្ស​ម្នាក់​អាច​អំពាវ​នាវ​ដល់​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ប៉ុន្តែ​គាត់​មិន​មាន​បំណង​ចាក​ចេញ​ពី​អំពើ​បាប​របស់​គាត់​នោះ​ទេ។

ដោយ​សារ​តែ​ការ​ប្រែ​ចិត្ត​ទាក់​ទង​ជាមួយ​ការ​ងាក​​បែរ​មក​ឯ​ព្រះ​យេស៊ូវ ហើយ​សេចក្តីជំនឿ​គឺ​ជា​ការ​ទុកចិត្ត​​លើ​ព្រះយេស៊ូវ នោះ​ទាំង​ពីរ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏ត្រឹម​ត្រូវ​ទៅ​ចំពោះ​ព្រះយេស៊ូវ​។ ដូច្នេះ ដើម្បី​អោយ​អ្នកណា​ម្នាក់​បាន​ជឿ ​​និង​ប្រែចិត្ត​ពិត​ប្រាកដ​ នោះ​គាត់​ត្រូវ​ការ​ស្តាប់​ឮ​ដំណឹងល្អ។ នេះ​គឺជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ចូរ​ប្រែ​ចិត្ត​ចុះ​ ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ​» (ម៉ាថាយ ៣:២)។ ការ​ប្រែ​ចិត្ត​គឺ​ជា​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ​ចំពោះ​នគរ​​ ដែល​នឹង​មក​តាម​រយៈ​ព្រះយេស៊ូវ។ ដូច​គ្នា​ដែរ​ពេត្រុស​​បាន​ប្រាប់​អោយ​មនុស្ស​ប្រែ​ចិត្ត​ បន្ទាប់​ពី​គាត់​បាន​ប្រកាស​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​​ទៅ​កាន់​ពួក​គេ​ប៉ុណ្ណោះ (កិច្ចការ ២:៣៨)។

​ការ​ប្រែ​ចិត្ត​ពិតប្រាកដ​ទាក់​ទង​ជាមួយ​ការ​មើល​ឃើញ​​ត្រឹមត្រូវ​អំពី​លក្ខណៈ​របស់​​​អំពើ​បាប គឺ​បាប​មិន​គ្រាន់​តែ​ជា​​ទង្វើ​អសីលធម៌​ទេ ប៉ុន្តែ​ជា​ការ​បះបោរ​ប្រឆាំង​នឹង​អំណាច​ប្រកប​ដោយ​សេចក្តី​ស្រលាញ់ ​និង​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ។ ​ការ​យល់​ដឹង​ថ្មី​អំពី​ព្រះ​និង​អំពើ​បាប​របស់​យើង​ហើយ​ ដែល​​​នាំ​​​យើង​អោយ​​​ប្រែចិត្ត​ពិតប្រាកដ​។ នៅពេល​យើង​ប្រែចិត្ត​ យើង​មាន​បំណង​ចិត្ត​ធំធេង​ ដើម្បី​ផ្លាស់​ប្តូរ​ជីវិត​របស់​យើង​ និង​រស់​នៅ​ដើម្បី​ផ្គាប់​ព្រះហឫទ័យ​របស់​ព្រះ​តែ​ប៉ុណ្ណោះ (កិច្ចការ​ ២៦:២០)។ នេះ​គឺ​ជា​ការ​ប្រែចិត្ត​។

សេចក្តី​ជំនឿ​ គឺជា​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ ជា​ព្រះអង្គ​សង្គ្រោះ​​តែមួយ​ ដែល​​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង​ (កិច្ច​ការ ២០:២១; រ៉ូម ៣:២៥)។ ​​សេចក្ដី​ជំនឿ​គឺ​ជា​​ការ​មក​​ឯ​ព្រះគ្រីស្ទ ​និង​ប្រែ​ចិត្ត ទូល​សូម​សេចក្តី​មេត្តាករុណា ហើយ​ដឹង​ថា​ មាន​តែ​តាម​រយៈ​ការ​សុគត​ និង​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​ប៉ុណ្ណោះ ​ដែល​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​។ សេចក្តីជំនឿ​ឮ​សេចក្តី​ពិត​នៃ​ដំណឹងល្អ ហើយ​ជឿ​តាម​។ សេចក្តី​ជំនឿ​ដែល​សង្គ្រោះ​​មាន​គ្រឹះ​លើ​សេចក្ដី​ពិតដូច​ជា​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើឆ្កាង​ហើយ​រស់​ឡើង​វិញ​ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ សេចក្តី​ជំនឿពិត​ប្រាកដ​​ទុក​ចិត្ត​​លើ​ព្រះ​គ្រីស្ទ​និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ជំនួស​យើង​ អោយ​យើង​បាន​សេចក្តី​សង្គ្រោះ។ សេចក្តី​ជំនឿ​គឺជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រះអង្គ​សង្គ្រោះ​​ ដែល​ដំណឹងល្អ​ប្រកាស (១ពេត្រុស ១:២១)។

ការ​ប្រែ​ចិត្ត​ដែល​នៅ​តែ​បន្ត​ធ្វើ​

ការ​ប្រែ​ចិត្ត​ត្រូវ​តែ​បន្ត​ការ​ប្រែចិត្ត​បន្ទាប់​ពី​យើង​បាន​សង្គ្រោះ​ហើយ។ (សំបុត្រ​ផ្សេងៗ​ទៅកាន់​ពួក​ជំនុំ​ទាំង​ប្រាំពីរ​នៅ​ក្នុង​វិវរណៈ ២-៣ ជារឿយៗ​បង្គាប់​ពួកគេ​អោយ​ប្រែ​ចិត្ត​)។ បន្ទាប់​ពី​យើង​បាន​កើត​ជា​ថ្មី​ហើយ​ យើង​នៅ​តែ​ជា​មនុស្ស​មាន​បាប​ ហើយ​យើង​នៅ​តែ​បំពាន​ក្រិត្យ​វិន័យ​របស់​ព្រះ​។ ជីវិត​គ្រីស្ទ​បរិស័ទ​គឺ​ជា​ការ​បន្ត​ប្រយុទ្ធ​ជា​មួយ​អំពើ​បាប ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។

យើង​ត្រូវ​តែ​ប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ចេញ​ពី​អំពើ​បាប​ ដែល​យើង​ប្រព្រឹត្ត​​ក្នុង​ថ្ងៃ​នោះ។ ប្រសិន​បើ​យើង​មិន​សារភាព​ហើយ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​​ទេ នោះ​អំពើ​បា​ប​នឹង​​​លូតលាស់​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​បំផ្លាញ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ។ ​​

សេចក្តីជំនឿ​ពិត​ប្រាកដ​មាន​ន័យ​ថា យើង​អនុញ្ញាត​អោយ​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ​គ្រប់​គ្រង​ជីវិត​របស់​យើង​​ចាប់​តាំង​​ពី​ពេល​ដែល​យើង​ជឿ។ មនុស្ស​ម្នាក់​មាន​សេចក្តី​ជំនឿ​ពិត​ប្រាកដ​ត្រូវ​តែ​ខុស​ពី​អ្នក​ដទៃ។ ការ​ប្រែចិត្ត​ពិត​ប្រាកដ​មិន​គ្រាន់​តែ​ជា​អារម្មណ៍​សោក​ស្តាយ​ចំពោះ​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះទេ មិន​គ្រាន់​តែជា​ការ​ស្តាយ​ក្រោយ​ចំពោះ​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ផង​ដែរ​។ ក្នុង​ពេល​ជាមួយ​គ្នា សេចក្តី​ជំនឿ​ពិតប្រាកដ​ដឹង​ថា ព្រះ​មិន​សង្គ្រោះ​យើង​ដោយ​ព្រោះ​យើង​ល្អ​គ្រប់​គ្រាន់​ បន្ទាប់​ពី​យើង​បាន​ប្រែចិត្ត​នោះ​ទេ ប៉ុន្តែ​ទ្រង់​សង្គ្រោះ​យើង​​ដោយ​ព្រោះ​ទ្រង់​បាន​សន្យា​នឹង​អត់​ទោស​ដល់​យើង​ តាមរយៈ​ព្រះយេស៊ូវ​ទទួល​ទណ្ឌកម្ម ​ដើម្បី​រំដោះ​​​បាប​របស់​យើង​វិញ។ សេចក្តីជំនឿ​ពិត​ប្រាកដ​ដឹង​ថា យើង​បាន​សង្គ្រោះ​ដោយ​សារ​តែ​សេចក្តី​ស្រលាញ់​ និង​សេចក្តីល្អ​របស់​ព្រះ មិន​មែន​ដោយ​សារ​សេចក្តី​ល្អ​របស់​យើង​ ហើយ​ជា​លទ្ធផល​ សេចក្តីជំនឿ​ពិតប្រាកដ​ដឹក​នាំ​​យើង​អោយ​ស្រលាញ់​ព្រះ​ និង​រស់​នៅ​សំរាប់​ទ្រង់​។

សំនួរ

១. ប្រសិន​​បើ​មនុស្ស​ម្នាក់​និយាយ​ថា គាត់​មាន​សេចក្តីជំនឿ​លើ​ព្រះ​គ្រីស្ទ​ ប៉ុន្តែ​មិន​​បាន​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​ហើយ​ងាក​បែរ​មក​ឯ​ព្រះគ្រីស្ទ​វិញ តើ​នេះ​គឺ​ជា​សេចក្តី​ជំនឿ​តាម​ព្រះគម្ពីរ​ដែរឬ​ទេ?

២. តើ​ព្រះ​សង្គ្រោះ​យើង​ដោយ​របៀប​ណា​?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top