Repentance and faith pdf download
ការប្រែចិត្ត និងសេចក្តីជំនឿ
នៅពេលអ្នកណាម្នាក់មានសេចក្តីជំនឿពិតប្រាកដ របៀបមួយដែលគាត់នឹងបង្ហាញសេចក្តីជំនឿរបស់គាត់គឺដោយការប្រែចិត្ត។ ពេលខ្លះមនុស្សសួរថា តើមួយណាមានមុន សេចក្តីជំនឿ ឬការប្រែចិត្ត? នេះគឺជាសំនួរឥតប្រយោជន៍ ពីព្រោះសេចក្តីជំនឿ និងការប្រែចិត្តមិនមាននៅដោយខ្វះគ្នាបានឡើយ។
ការប្រែចិត្ត មានពីរផ្នែកគឺ ការងាកចេញពីអំពើបាប ហើយងាកបែរមករកព្រះ (កិច្ចការ ៣:១៩)។ ធាតុទាំងពីរនេះសំខាន់ចាំបាច់សំរាប់ការប្រែចិត្តពិតប្រាកដណាស់។ មនុស្សម្នាក់អាចងាកចេញពីអំពើបាបខ្លះ ដោយមិនងាកបែរមកឯព្រះ។ ជាឧទាហរណ៍ គាត់អាចមើលឃើញថា អំពើបាបខ្លះដូចជាការស្រវឹងបំផ្លាញជីវិតរបស់គាត់ ដូច្នេះគាត់ឈប់ពិសារស្រា។ ទង្វើនេះជួយក្នុងជីវិតរបស់គាត់ ប៉ុន្តែទង្វើនេះមិនមានន័យថា ព្រះបានសង្គ្រោះគាត់ ឬមានន័យថា គាត់បានប្រែចិត្ត ទៅតាមអ្វីដែលព្រះគម្ពីរសញ្ញាថ្មីបង្គាប់អោយយើងប្រែចិត្តនោះឡើយ។ គាត់នៅតែនឹងប្រឈមមុខចំពោះការដាក់ទណ្ឌកម្មរបស់ព្រះ សំរាប់ការបះបោរប្រឆាំងនឹងទ្រង់ដដែល។ ម៉្យាងវិញទៀត មនុស្សម្នាក់អាចអំពាវនាវដល់ព្រះសំរាប់សេចក្តីមេត្តាករុណា ប៉ុន្តែគាត់មិនមានបំណងចាកចេញពីអំពើបាបរបស់គាត់នោះទេ។
ដោយសារតែការប្រែចិត្តទាក់ទងជាមួយការងាកបែរមកឯព្រះយេស៊ូវ ហើយសេចក្តីជំនឿគឺជាការទុកចិត្តលើព្រះយេស៊ូវ នោះទាំងពីរនេះគឺជាការឆ្លើយតបដ៏ត្រឹមត្រូវទៅចំពោះព្រះយេស៊ូវ។ ដូច្នេះ ដើម្បីអោយអ្នកណាម្នាក់បានជឿ និងប្រែចិត្តពិតប្រាកដ នោះគាត់ត្រូវការស្តាប់ឮដំណឹងល្អ។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលថា «ចូរប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ» (ម៉ាថាយ ៣:២)។ ការប្រែចិត្តគឺជាការឆ្លើយតបត្រឹមត្រូវចំពោះនគរ ដែលនឹងមកតាមរយៈព្រះយេស៊ូវ។ ដូចគ្នាដែរពេត្រុសបានប្រាប់អោយមនុស្សប្រែចិត្ត បន្ទាប់ពីគាត់បានប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទទៅកាន់ពួកគេប៉ុណ្ណោះ (កិច្ចការ ២:៣៨)។
ការប្រែចិត្តពិតប្រាកដទាក់ទងជាមួយការមើលឃើញត្រឹមត្រូវអំពីលក្ខណៈរបស់អំពើបាប គឺបាបមិនគ្រាន់តែជាទង្វើអសីលធម៌ទេ ប៉ុន្តែជាការបះបោរប្រឆាំងនឹងអំណាចប្រកបដោយសេចក្តីស្រលាញ់ និងព្រះទ័យទុកដាក់របស់ព្រះ។ ការយល់ដឹងថ្មីអំពីព្រះនិងអំពើបាបរបស់យើងហើយ ដែលនាំយើងអោយប្រែចិត្តពិតប្រាកដ។ នៅពេលយើងប្រែចិត្ត យើងមានបំណងចិត្តធំធេង ដើម្បីផ្លាស់ប្តូរជីវិតរបស់យើង និងរស់នៅដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះតែប៉ុណ្ណោះ (កិច្ចការ ២៦:២០)។ នេះគឺជាការប្រែចិត្ត។
សេចក្តីជំនឿ គឺជាការទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះតែមួយ ដែលសង្គ្រោះយើងចេញពីអំពើបាបរបស់យើង (កិច្ចការ ២០:២១; រ៉ូម ៣:២៥)។ សេចក្ដីជំនឿគឺជាការមកឯព្រះគ្រីស្ទ និងប្រែចិត្ត ទូលសូមសេចក្តីមេត្តាករុណា ហើយដឹងថា មានតែតាមរយៈការសុគត និងព្រះជន្មរស់ឡើងវិញរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចទទួលសេចក្ដីសង្គ្រោះបាន។ សេចក្តីជំនឿឮសេចក្តីពិតនៃដំណឹងល្អ ហើយជឿតាម។ សេចក្តីជំនឿដែលសង្គ្រោះមានគ្រឹះលើសេចក្ដីពិតដូចជាព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងហើយរស់ឡើងវិញ ប៉ុន្តែលើសពីនេះទៅទៀត សេចក្តីជំនឿពិតប្រាកដទុកចិត្តលើព្រះគ្រីស្ទនិងអ្វីដែលទ្រង់បានធ្វើជំនួសយើង អោយយើងបានសេចក្តីសង្គ្រោះ។ សេចក្តីជំនឿគឺជាការឆ្លើយតបចំពោះព្រះអង្គសង្គ្រោះ ដែលដំណឹងល្អប្រកាស (១ពេត្រុស ១:២១)។
ការប្រែចិត្តដែលនៅតែបន្តធ្វើ
ការប្រែចិត្តត្រូវតែបន្តការប្រែចិត្តបន្ទាប់ពីយើងបានសង្គ្រោះហើយ។ (សំបុត្រផ្សេងៗទៅកាន់ពួកជំនុំទាំងប្រាំពីរនៅក្នុងវិវរណៈ ២-៣ ជារឿយៗបង្គាប់ពួកគេអោយប្រែចិត្ត)។ បន្ទាប់ពីយើងបានកើតជាថ្មីហើយ យើងនៅតែជាមនុស្សមានបាប ហើយយើងនៅតែបំពានក្រិត្យវិន័យរបស់ព្រះ។ ជីវិតគ្រីស្ទបរិស័ទគឺជាការបន្តប្រយុទ្ធជាមួយអំពើបាប ដូច្នេះហើយយើងត្រូវតែប្រែចិត្តជារៀងរាល់ថ្ងៃ។
យើងត្រូវតែប្រែចិត្តជារៀងរាល់ថ្ងៃចេញពីអំពើបាប ដែលយើងប្រព្រឹត្តក្នុងថ្ងៃនោះ។ ប្រសិនបើយើងមិនសារភាពហើយប្រែចិត្តចេញពីអំពើបាបទេ នោះអំពើបាបនឹងលូតលាស់នៅក្នុងចិត្តរបស់យើង ហើយបំផ្លាញទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ។
សេចក្តីជំនឿពិតប្រាកដមានន័យថា យើងអនុញ្ញាតអោយសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទគ្រប់គ្រងជីវិតរបស់យើងចាប់តាំងពីពេលដែលយើងជឿ។ មនុស្សម្នាក់មានសេចក្តីជំនឿពិតប្រាកដត្រូវតែខុសពីអ្នកដទៃ។ ការប្រែចិត្តពិតប្រាកដមិនគ្រាន់តែជាអារម្មណ៍សោកស្តាយចំពោះអំពើបាបរបស់យើងប៉ុណ្ណោះទេ មិនគ្រាន់តែជាការស្តាយក្រោយចំពោះអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឈប់ប្រព្រឹត្តអំពើបាបផងដែរ។ ក្នុងពេលជាមួយគ្នា សេចក្តីជំនឿពិតប្រាកដដឹងថា ព្រះមិនសង្គ្រោះយើងដោយព្រោះយើងល្អគ្រប់គ្រាន់ បន្ទាប់ពីយើងបានប្រែចិត្តនោះទេ ប៉ុន្តែទ្រង់សង្គ្រោះយើងដោយព្រោះទ្រង់បានសន្យានឹងអត់ទោសដល់យើង តាមរយៈព្រះយេស៊ូវទទួលទណ្ឌកម្ម ដើម្បីរំដោះបាបរបស់យើងវិញ។ សេចក្តីជំនឿពិតប្រាកដដឹងថា យើងបានសង្គ្រោះដោយសារតែសេចក្តីស្រលាញ់ និងសេចក្តីល្អរបស់ព្រះ មិនមែនដោយសារសេចក្តីល្អរបស់យើង ហើយជាលទ្ធផល សេចក្តីជំនឿពិតប្រាកដដឹកនាំយើងអោយស្រលាញ់ព្រះ និងរស់នៅសំរាប់ទ្រង់។
សំនួរ
១. ប្រសិនបើមនុស្សម្នាក់និយាយថា គាត់មានសេចក្តីជំនឿលើព្រះគ្រីស្ទ ប៉ុន្តែមិនបានប្រែចិត្តចេញពីអំពើបាបហើយងាកបែរមកឯព្រះគ្រីស្ទវិញ តើនេះគឺជាសេចក្តីជំនឿតាមព្រះគម្ពីរដែរឬទេ?
២. តើព្រះសង្គ្រោះយើងដោយរបៀបណា?
Leave a Reply