យ៉ូហាន ១៧:១-២៦
ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:១៦-៣៣ យើងបានរៀនថា មនុស្សលោកស្អប់ព្រះយេស៊ូវ ដូច្នេះហើយគេរីករាយនៅពេលដែលព្រះយេស៊ូវបានសុគត។ លោកិយបានគិតថា ពួកគេបានកំចាត់ព្រះអង្គចេញពីមនុស្សលោកនិងជីវិតរបស់គេ ហើយពួកសិស្សកាន់ទុក្ខព្រះយេស៊ូវ ព្រោះពួកគេបានបាត់បង់ម្ចាស់របស់ពួកគេ។ ដូចគ្នាដែរ ពេលបច្ចុប្បន្ននេះមនុស្សលោកមានការប៉ងប្រាថ្នាចង់កំចាត់ព្រះយេស៊ូវចេញ។ ការសុគតរបស់ទ្រង់មិនមែនជាព្រឹត្តិការណ៍ដែលធ្វើអោយទ្រង់ភ្ញាក់ផ្អើលទេ ពីព្រោះព្រះអង្គឈ្វេងយល់ជាមុនអំពីអ្វីដែលនឹងកើតឡើង។ ការដឹងថា ព្រះទ្រង់ទតពិនិត្យ ហើយទ្រង់ជ្រាបគ្រប់សេចក្ដីទាំងអស់ ហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមក ដើម្បីបង្រៀនយើងនិងជួយយើង ហើយប្រទានយើងនូវសេចក្ដីសុខសាន្ត នៅក្នុងទុក្ខវេទនា ដែលយើងទទួលពីលោកិយនេះ។ សេចក្ដីសុខសាន្ត ដែលយើងមាននៅក្នុងព្រះយេស៊ូវ មិនមែនមានន័យថា យើងនឹងមិនមានទុក្ខវេទនាទេ។ យើងពិតជាមានទុក្ខវេទនាមែន ប៉ុន្តែការរស់ឡើងវិញនិងជ័យជម្នះរបស់ព្រះយេស៊ូវនាំអោយយើងមានសេចក្ដីសុខសាន្តនិងក្ដីអំណរ។
សូមអានយ៉ូហាន ១៧:១-២៦ ទាំងមូល។
ចូរអាន ខ.១-៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
ព្រះយេស៊ូវបានទូលអង្វរសូមអ្វីនៅក្នុងខ.១?
តើព្រះវរបិតាបានប្រទានឱ្យព្រះរាជបុត្រាមានអំណាចលើគ្រប់ទាំងមនុស្សដើម្បីធ្វើអ្វី?
តើ ជីវិតអស់កល្បជានិច្ចគឺជាអ្វី (ខ.៣)?
តើ ព្រះយេស៊ូវបានធ្វើអ្វី?
ព្រះយេស៊ូវបានទូលអង្វរសូមអ្វីនៅក្នុងខ.៥?
ការពន្យល់និងការជញ្ជឹងគិត៖ «កាលព្រះយេស៊ូវ មានបន្ទូលសេចក្តីទាំងនោះរួចហើយ» សំដៅទៅលើអ្វីដែលទ្រង់បានបង្រៀនរួចហើយនៅក្នុងបន្ទប់ខាងលើ (ជំពូក ១៣-១៦)។
«ពេលកំណត់» គឺជាពាក្យសំខាន់នៅក្នុងកណ្ឌយ៉ូហាន (២:៤; ៧:៦,៨,៣០; ៨:២០; ១២:២៣)។ ម្តងហើយម្តងទៀត ព្រះយេស៊ូវបានមានព្រះបន្ទូលថា ពេលវេលារបស់ទ្រង់មិនទាន់មកដល់នៅឡើយ។ ឥឡូវនេះ ពេលកំណត់របស់ព្រះយេស៊ូវបានមកដល់ហើយ គឺដល់ពេលដែលទ្រង់ត្រូវសុគតនៅលើឈើឆ្កាងហើយ។ នេះបង្ហាញថា ការសុគតនេះគឺជាកម្រិតខ្ពស់បំផុតនៃបេសកកម្មរបស់ទ្រង់។ ព្រះយេស៊ូវទទួលសិរីរុងរឿងដោយសារទ្រង់ស្ដាប់បង្គាប់ព្រះវរបិតា រហូតដល់ការសុគតនៅលើឈើឆ្កាង ហើយដោយសារការរស់ឡើងវិញនិងការឡើងទៅស្ថានសួគ៌។ យើងត្រូវចងចាំថា នៅក្នុងវប្បធម៌សម័យនោះ មនុស្សមិនទទួលសិរីរុងរឿងដោយព្រោះខ្លួនស្លាប់លើឈើឆ្កាងទេ ផ្ទុយទៅវិញ ការស្លាប់នៅលើឈើឆ្កាងនាំអោយពួកគេបានទទួលការអាម៉ាស់វិញ។ សេចក្ដីអធិស្ឋាននេះបានបង្ហាញថា ព្រះយេស៊ូវយល់ព្រមស្ដាប់បង្គាប់ព្រះវរបិតារហូតដល់ការសុគត។ តើគំរូរបស់ព្រះយេស៊ូវនៅទីនេះបានលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?
ចូរអាន ខ.៦-១២។
តើ ព្រះយេស៊ូវបានសំដែងអំពីព្រះវរបិតាយ៉ាងដូចម្ដេច (ខ.៧-៩)?
ព្រះយេស៊ូវបានទូលអង្វរសូមអ្វីសម្រាប់ពួកសិស្សនៅក្នុងខ.១១?
ការពន្យល់និងការអនុវត្ត៖ ព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះវរបិតាបានប្រទានពួកសិស្សមកព្រះគ្រីស្ទ។ ជាញឹកញាប់ ពួកគ្រីស្ទបរិស័ទយល់ឃើញថា ព្រះយេស៊ូវជាព្រះអំណោយទានរបស់ព្រះចំពោះយើង។ យើងកម្រគិតថា ខ្លួនយើងជាអំណោយទានរបស់ព្រះវរបិតាទៅចំពោះព្រះយេស៊ូវណាស់។ អំណោយទាំងពីរមិនដូចគ្នាទេ យើងមិនធ្វើអ្វីសោះ ដើម្បីទទួលបានព្រះយេស៊ូវជាអំណោយទានពីព្រះជាម្ចាស់ ប៉ុន្តែសំរាប់ព្រះយេស៊ូវវិញ គឺទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ដើម្បីទទួលបានយើងជាអំណោយទានពី ព្រះវរបិតា។ ទោះបីជាព្រះយេស៊ូវមិននៅក្នុងលោកិយនេះទៀតក៏ដោយ ក៏ព្រះអង្គនៅតែថែរក្សាយើងដោយសេចក្ដីអធិស្ឋានរបស់ទ្រង់ដែរ។ ខ.១១៖ ការរួបរួមពិតគឺការរួបរួមក្នុងព្រះនាមរបស់ព្រះជាម្ចាស់។
ខ.១២ សំដៅទៅលើយូដាស។
ចូរអាន ខ.១៣-១៩។
តើ ព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះពេលទ្រង់នៅក្នុងលោកនេះនៅឡើយ ដើម្បីអោយពួកសិស្សមានអ្វី?
ព្រះយេស៊ូវបានទូលអង្វរសូមអ្វីសម្រាប់ពួកសិស្សនៅក្នុងខ.១៥?
ព្រះយេស៊ូវបានទូលអង្វរសូមអ្វីសម្រាប់ពួកសិស្សនៅក្នុងខ.១៧?
ការសង្កេតមើល៖ ព្រះយេស៊ូវបានលើកឡើងនូវពាក្យ «ព្រះបន្ទូល» ចំនួនពីរដង (១៤,១៧)។ ជាលើកដំបូង ដើម្បីបង្រៀនអំពី ការញុះញង់ ការស្អប់របស់ពិភពលោកចំពោះព្រះបន្ទូល ហើយនៅក្នុងខ.១៧ ព្រះអង្គញែកពួកសិស្សចេញជាបរិសុទ្ធដោយសារព្រះបន្ទូល។ ព្រះយេស៊ូវបានចាត់ពួកសិស្សឱ្យទៅក្នុងលោកិយដើម្បីប្រកាសព្រះបន្ទូល។
ចូរអាន ខ.២០-២៦។
នៅអត្ថបទនេះ តើព្រះយេស៊ូវអធិស្ឋានសម្រាប់នរណា (ខ.២០)?
តើ ព្រះយេស៊ូវបានទូលអង្វរសូមអ្វីសម្រាប់អស់អ្នកដែលនឹងជឿ (ខ.២១-២៣)?
តើ ព្រះយេស៊ូវចង់ឱ្យពួកអ្នកដែលព្រះវរបិតាប្រទានមកឯព្រះរាជបុត្រាទៅឯណា (ខ.២៤)?
តើ លោកិយស្គាល់ព្រះវរបិតាឬទេ?
យើងខ្ញុំអាចស្គាល់ព្រះវរបិតាបានយ៉ាងដូចម្ដេច (ខ.២៦)?
តើ ព្រះយេស៊ូវបាននាំឱ្យយើងស្គាល់ព្រះវរបិតាដើម្បីអ្វី?
តើ ព្រះយេស៊ូវបានបង្រៀនអ្វីខ្លះអំពីលោកិយនេះនៅក្នុងជំពូក១៧ (ខ. ៧, ១១, ១៣, ១៤, ១៥, ១៦, ១៨)?
ការពន្យល់និងការអនុវត្ត៖ សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូវបានទាក់ទងនឹងផ្ទៃរឿងសំខាន់នៅក្នុងកណ្ឌយ៉ូហាន ជាពិសេសជំពូក១៣-១៧។ ផ្ទៃរឿងទាំងនេះរួមមាន ទំនាក់ទំនងរវាងព្រះវរបិតានិងព្រះរាជបុត្រា ព្រះយេស៊ូវនិងពួកសិស្ស ព្រះវរបិតានិងពួកសិស្ស ព្រះយេស៊ូវនិងលោកិយ ហើយពួកសិស្សនិងលោកិយ។ ព្រះយេស៊ូវគឺត្រូវ រៀបរាប់អំពីជម្លោះមួយរវាងភាគីពីរ ភាគីម្ខាងមានព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកដែលជឿលើព្រះយេស៊ូវ ហើយភាគីម្ខាងទៀតមានមារសាតាំងនិងលោកិយ។ លោកិយស្អប់ព្រះយេស៊ូវ ប៉ុន្តែព្រះយេស៊ូវនិងអ្នកដើរតាមព្រះយេស៊ូវបានឈ្នះលោកនេះហើយ។ ទាំងនេះបានបំពេញ សម្រេចទំនាយនៅក្នុងលោកុប្បត្ដិ ៣:១៥។ នៅក្នុងសង្គ្រាម វាជាការសំខាន់ណាស់ដែលភាគីមានការរួបរួម។ ហើយគ្រីស្ទបរិស័ទក៏គួរតែមានការរួបរួមដូចគ្នាផងដែរ។ តើ អ្នកមានសាមគ្គីភាពជាមួយគ្រីស្ទបរិស័ទដែរឬទេ? តើ អ្នកត្រូវធ្វើអ្វីដើម្បីអោយមានសាមគ្គីភាពជាមួយបងប្អូននៅក្នុងព្រះគ្រីស្ទ?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះយេស៊ូវចេញពីយ៉ូហាន ១៧:១–២៦?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply