យ៉ូហាន​ ១៧:១-២៦ John 17:1-26

John 17.1-26

យ៉ូហាន​ ១៧:១-២៦

ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៦:១៦-៣៣ យើង​បាន​រៀន​ថា មនុស្ស​លោក​ស្អប់​ព្រះយេស៊ូវ ដូច្នេះ​ហើយ​គេ​រីករាយ​នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុគត។  លោកិយ​បាន​គិត​ថា​ ពួកគេ​បាន​កំចាត់​ព្រះអង្គ​ចេញ​ពី​មនុស្ស​លោក​និង​ជីវិត​របស់​គេ ​ហើយ​ពួក​សិស្ស​កាន់​ទុក្ខ​ព្រះ​យេស៊ូវ ព្រោះ​ពួក​គេ​បាន​បាត់​បង់​ម្ចាស់​របស់​ពួក​គេ។ ​ដូច​គ្នា​ដែរ ពេល​បច្ចុប្បន្ន​នេះ​មនុស្ស​លោក​មាន​ការ​ប៉ង​ប្រាថ្នា​ចង់​កំចាត់​ព្រះ​យេស៊ូវ​ចេញ។  ការ​សុគត​របស់​ទ្រង់​មិន​មែន​ជា​ព្រឹត្តិ​ការណ៍​ដែល​ធ្វើ​អោយ​ទ្រង់​ភ្ញាក់​ផ្អើល​ទេ ពីព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើតឡើង។  ​ការ​ដឹង​ថា ព្រះ​ទ្រង់​ទត​ពិនិត្យ ហើយ​ទ្រង់​ជ្រាប​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណបរិសុទ្ធ​មក​ ដើម្បី​បង្រៀន​យើង​និង​ជួយ​យើង​ ហើយ​ប្រទាន​យើង​នូវ​សេចក្ដី​សុខសាន្ត​ នៅក្នុង​ទុក្ខ​វេទនា​ ដែល​យើង​ទទួល​ពី​លោកិយ​នេះ។  សេចក្ដី​សុខសាន្ត ​ដែល​យើង​មាន​នៅ​ក្នុង​ព្រះ​យេស៊ូវ​ មិន​មែន​មាន​ន័យ​ថា ​យើង​នឹង​មិន​មាន​ទុក្ខ​វេទនា​ទេ។   ​យើង​ពិត​ជា​មាន​ទុក្ខ​វេទនា​មែន​ ប៉ុន្តែ​ការ​រស់​ឡើង​វិញ​និង​ជ័យជម្នះ​របស់​ព្រះ​យេស៊ូវ​នាំ​អោយ​យើង​មាន​សេចក្ដី​សុខសាន្ត​និង​ក្ដី​អំណរ។

សូម​អាន​យ៉ូហាន​ ១៧:១-២៦ ទាំង​មូល។

ចូរ​អាន ​ខ.១-៥ ទ្បើង​វិញ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​នៅ​ក្នុង​ខ.១?

តើ​ព្រះ​វរបិតា​បាន​ប្រទាន​ឱ្យ​ព្រះរាជបុត្រា​មាន​អំណាច​លើ​គ្រប់​ទាំង​មនុស្ស​ដើម្បី​ធ្វើ​អ្វី?

តើ ជីវិត​អស់កល្ប​ជា​និច្ច​គឺ​ជា​អ្វី (ខ.៣)?

តើ ព្រះ​យេស៊ូវ​បាន​ធ្វើ​អ្វី?

ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​នៅ​ក្នុង​ខ.៥?

ការ​ពន្យល់​និង​ការ​ជញ្ជឹង​គិត​៖ ​«កាល​ព្រះយេស៊ូវ មាន​បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ»​ សំដៅ​ទៅ​លើ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​រួច​ហើយ​នៅក្នុង​បន្ទប់​ខាង​លើ (ជំពូក​ ១៣-១៦)។

«​ពេល​កំណត់»​ គឺ​ជា​ពាក្យ​សំខាន់​នៅ​ក្នុង​កណ្ឌ​យ៉ូហាន​ (២:៤; ៧:៦,៨,៣០; ៨:២០; ១២:២៣)។  ម្តង​ហើយ​ម្តង​ទៀត ព្រះ​យេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ពេលវេលា​របស់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ។  ឥឡូវ​នេះ ​ពេល​កំណត់​របស់​ព្រះ​យេស៊ូវ​បាន​មក​ដល់​ហើយ គឺ​ដល់​ពេល​ដែល​ទ្រង់​ត្រូវ​សុគត​នៅ​លើ​ឈើឆ្កាង​ហើយ។  នេះ​បង្ហាញ​ថា ការ​សុគត​នេះ​គឺ​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​បេសកកម្ម​របស់​ទ្រង់។  ព្រះ​យេស៊ូវ​ទទួល​សិរីរុងរឿង​ដោយសារ​ទ្រង់​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​ ​រហូត​ដល់​ការ​សុគត​នៅ​លើ​ឈើឆ្កាង​ ហើយ​ដោយ​សារ​ការ​រស់​ឡើង​វិញ​និង​ការ​ឡើង​ទៅ​ស្ថានសួគ៌។  យើង​ត្រូវ​ចង​ចាំ​ថា នៅ​ក្នុង​វប្បធម៌​សម័យ​នោះ មនុស្ស​មិន​ទទួល​សិរី​រុង​រឿង​ដោយ​ព្រោះ​ខ្លួន​ស្លាប់​លើ​ឈើឆ្កាង​ទេ ​ផ្ទុយ​ទៅ​វិញ ​ការ​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​នាំ​អោយ​ពួក​គេ​បាន​ទទួល​ការ​អាម៉ាស់​វិញ។  សេចក្ដី​អធិស្ឋាន​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​យល់​ព្រម​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​រហូត​ដល់​ការ​សុគត។ តើ​គំរូ​របស់​ព្រះ​យេស៊ូវ​នៅ​ទី​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ដូចម្ដេច?

ចូរ​អាន ​ខ.៦-១២។​

តើ ព្រះ​យេស៊ូវ​បាន​សំដែង​អំពី​ព្រះ​វរបិតា​យ៉ាង​ដូចម្ដេច (ខ.៧-៩)?

ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​សម្រាប់​ពួក​សិស្ស​នៅ​ក្នុង​ខ.១១?

ការ​ពន្យល់​និង​ការ​អនុវត្ត​៖  ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា ព្រះ​វរបិតា​បាន​ប្រទាន​ពួក​សិស្ស​មក​ព្រះគ្រីស្ទ។  ​ជា​ញឹក​ញាប់ ពួក​គ្រីស្ទបរិស័ទ​យល់ឃើញ​ថា ព្រះយេស៊ូវ​ជា​ព្រះ​អំណោយ​ទាន​របស់​ព្រះ​ចំពោះ​យើង។ យើង​កម្រ​គិត​ថា​ ​ខ្លួន​យើង​ជា​អំណោយ​ទាន​របស់​ព្រះ​វរបិតា​ទៅ​ចំពោះ​ព្រះយេស៊ូវ​ណាស់។  អំណោយ​ទាំង​ពីរ​មិន​ដូច​គ្នា​ទេ យើង​មិន​ធ្វើ​អ្វី​សោះ​ ដើម្បី​ទទួល​បាន​ព្រះ​យេស៊ូវ​ជា​អំណោយ​ទាន​ពី​ព្រះ​ជា​ម្ចាស់​ ​ប៉ុន្តែ​សំរាប់​ព្រះ​យេស៊ូវ​វិញ​ ​គឺ​ទ្រង់​ត្រូវ​សុគត​នៅ​លើ​ឈើឆ្កាង ​ដើម្បី​ទទួល​បាន​យើង​ជា​អំណោយ​ទាន​ពី​ ​ព្រះ​វរបិតា។  ទោះ​បី​ជា​ព្រះ​យេស៊ូវ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ក៏ដោយ​ ​ក៏​ព្រះអង្គ​នៅ​តែ​ថែរក្សា​យើង​ដោយ​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់​ដែរ។ ខ.១១៖ ការ​រួបរួម​ពិត​គឺ​ការ​រួបរួម​ក្នុង​ព្រះនាម​របស់​ព្រះជាម្ចាស់។

ខ.១២ សំដៅ​ទៅ​លើ​យូដាស។

ចូរ​អាន ​ខ.១៣-១៩។​

តើ ​ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ដូច្នេះ​ពេល​ទ្រង់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​អោយ​ពួក​សិស្ស​មាន​អ្វី?

ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​សម្រាប់​ពួក​សិស្ស​នៅ​ក្នុង​ខ.១៥?

ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​សម្រាប់​ពួក​សិស្ស​នៅ​ក្នុង​ខ.១៧?

ការ​សង្កេត​មើល៖ ព្រះយេស៊ូវ​បាន​លើក​ឡើង​នូវ​ពាក្យ ​«ព្រះបន្ទូល​»​ ​ចំនួន​ពីរ​ដង (១៤,១៧)។ ជា​លើក​ដំបូង​ ដើម្បី​បង្រៀន​អំពី​ ការ​ញុះញង់ ​ការ​ស្អប់​របស់​ពិភពលោក​ចំពោះ​ព្រះបន្ទូល​ ហើយ​នៅ​ក្នុង​ខ.១៧ ព្រះអង្គ​ញែក​ពួក​សិស្ស​ចេញ​ជា​បរិសុទ្ធ​ដោយសារ​ព្រះបន្ទូល។  ព្រះ​យេស៊ូវ​បាន​ចាត់​ពួក​សិស្ស​ឱ្យ​ទៅ​ក្នុង​លោកិយ​ដើម្បី​ប្រកាស​ព្រះបន្ទូល។

​ចូរ​អាន ​ខ.២០-២៦។

នៅ​អត្ថបទ​នេះ តើ​ព្រះ​យេស៊ូវ​អធិស្ឋាន​សម្រាប់​នរណា (ខ.២០)?

តើ ព្រះ​យេស៊ូវ​បាន​ទូល​អង្វរ​សូមអ្វី​សម្រាប់​អស់អ្នក​ដែល​នឹង​ជឿ (ខ.២១-២៣)?

​តើ ព្រះ​យេស៊ូវ​ចង់​ឱ្យ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​ប្រទាន​មក​ឯ​ព្រះរាជ​បុត្រា​ទៅ​ឯ​ណា (ខ.២៤)?

តើ លោកិយ​ស្គាល់​ព្រះ​វរបិតា​ឬ​ទេ?

យើង​ខ្ញុំ​អាច​ស្គាល់​ព្រះ​វរបិតា​បាន​យ៉ាង​ដូច​ម្ដេច (ខ.២៦)?

តើ ព្រះ​យេស៊ូវ​បាន​នាំ​ឱ្យ​យើង​ស្គាល់​ព្រះ​វរបិតា​ដើម្បី​អ្វី?

តើ ព្រះ​យេស៊ូវ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​លោកិយ​នេះ​នៅក្នុង​ជំពូក១៧ (ខ. ៧, ១១, ១៣, ១៤, ១៥, ១៦, ១៨)?

ការ​ពន្យល់​និង​ការ​អនុវត្ត​៖  ​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​បាន​ទាក់​ទង​នឹង​ផ្ទៃរឿង​សំខាន់​នៅ​ក្នុង​កណ្ឌ​យ៉ូហាន​ ជា​ពិសេស​ជំពូក​១៣-១៧។  ​ផ្ទៃរឿង​ទាំង​នេះ​រួម​មាន​ ទំនាក់​ទំនង​រវាង​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា​ ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​ ព្រះ​វរបិតា​និង​ពួក​សិស្ស​ ព្រះ​យេស៊ូវ​និង​លោកិយ​ ហើយ​ពួក​សិស្ស​និង​លោកិយ។  ព្រះយេស៊ូវ​គឺ​ត្រូវ​ រៀបរាប់​អំពី​ជម្លោះ​មួយ​រវាង​ភាគី​ពីរ ភាគី​ម្ខាង​មាន​ព្រះ​វរបិតា​ ព្រះរាជ​បុត្រា ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ និង​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ​ ហើយ​ភាគី​ម្ខាង​ទៀត​មាន​មារ​សាតាំង​និង​លោកិយ។  លោកិយ​ស្អប់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​ព្រះ​យេស៊ូវ​និង​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ឈ្នះ​លោក​នេះ​ហើយ។  ទាំង​នេះ​បាន​បំពេញ ​សម្រេច​ទំនាយ​នៅ​ក្នុង​លោកុប្បត្ដិ​ ៣:១៥។  ​នៅ​ក្នុង​សង្គ្រាម​ វា​ជា​ការ​សំខាន់​ណាស់​ដែល​ភាគី​មាន​ការ​រួប​រួម។  ​ហើយ​គ្រីស្ទបរិស័ទ​ក៏​គួរ​តែ​មាន​ការ​រួប​រួម​ដូច​គ្នា​ផង​ដែរ។  តើ អ្នក​មាន​សាមគ្គីភាព​ជា​មួយ​គ្រីស្ទបរិស័ទ​ដែរ​ឬ​ទេ​?  តើ អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អោយ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ព្រះគ្រីស្ទ​?

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះ​យេស៊ូវ​ចេញ​ពី​យ៉ូហាន​ ១៧:២៦?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top