ពួកចៅហ្វាយ ២:៦-១៤ Judges 2:6-15 John Piper

Judges 2 Piper pdf download

The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below.

http://www.desiringgod.org/sermons/will-the-next-generation-know

 

ស៊េរី៖ ការចិញ្ចឹមបីបាច់ថែរក្សា និងការបង្រៀនកូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់

 

ពួកចៅហ្វាយ ២:១៤

 

បណ្ដាំជូនចំពោះលោកឪពុកអ្នកម្ដាយ

 

ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះជាម្ចាស់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​អនុវត្ត​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​ក្មេងៗ​នៅ​ក្នុង​ក្រុមជំនុំ​របស់​យើង។ នៅ​ក្នុង​ក្រុមជំនុំ​យើង​មាន​អ្នក​ខ្លះ​មិន​ទាន់​មាន​កូនចៅ​នឹង​គេ​នៅ​ឡើយ​ទេ ហើយ​ខ្លះ​ក៏​ប្រហែល​ជា​នឹង​មិន​មាន​ផង។ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មាន​កូន​ធំ​ពេញ​វ័យ​រួច​ទៅ​ហើយ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចង់​ជំរាប​ដល់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ជ្រាប ពី​ព្រោះ​ការ​ដែល​ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​កូនៗ​របស់​យើង​គឺ​ជា​ការ​សំខាន់​ខ្លាំង​ណាស់ ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ទាក់ទង​នឹង​ទស្សនវិស័យ​នៃ​ជីវិត​ជា​គ្រីស្ទបរិស័ទ​ដែរ។ ក្នុង​នាម​ជា​អ្នក​ដែល​មាន​វ័យ​ចំណាស់​ការ​ដែល​ត្រូវ​ដឹង​ពី​អ្វី​ដែល​ព្រះជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល​មក​កាន់​កូនៗ​របស់​យើង​នោះ​គឺ​ជា​ការ​សំខាន់​ណាស់។ យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ចំណែក​ក្នុង​ការ​ជួយ​ថែរក្សា និង​បង្ហាត់​បង្រៀន​នូវ​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​បើក​សម្ដែង​ដល់​កូនៗ​ជំនាន់​ក្រោយ។ មិន​ថា​ខ្ញុំ​ចែកចាយ​ទៅ​កាន់​កូនៗ ទៅកាន់​លោកឪពុក​អ្នកម្ដាយ ឬ​ក៏​អ្នក​ដែល​នឹង​ធ្វើ​ជា​ឪពុកម្ដាយ​គេ​នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ គឺ​យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​ស្ដាប់​ព្រះរាជសារ​របស់​ព្រះជាម្ចាស់​ត្រង់​នេះ​ជាមួយ​គ្នា​ដោយ​យកចិត្ត​ទុកដាក់។

 

ដំណកូនចៅដែលមិនស្គាល់ព្រះជាម្ចាស់

 

យោង​តាម​កណ្ឌគម្ពីរ ពួក​ចៅហ្វាយ ២:៨ យើង​បាន​ដឹង​ថា លោក យ៉ូស្វេ បាន​ស្លាប់​ទៅ​ក្នុង​ជំនាន់​អាយុ​១១០​ឆ្នាំ។ លោក​បាន​ដឹកនាំ​សាសន៍​​អ៊ីស្រាអែល​​​ឲ្យ​ចូល​ទៅ​កាន់​ទឹកដី​កាណាន​ដែល​ជា​ទឹកដី​សន្យា ហើយ​បាន​ទទួល​ជ័យជម្នះ​ជា​ច្រើនលើកច្រើនសា ហើយ​ក៏​បាន​ធ្វើ​ជា​គំរូ​នៃ​ជំនឿ​លើ​ព្រះជាម្ចាស់​ដ៏​ល្អ​ម្នាក់​ដែរ។ ក្រោយពី​លោក​បាន​ស្លាប់​ទៅ ក៏​នៅ​មាន​អ្នក​ខ្លះ​ដែល​រស់នៅ​ជំនាន់​លោក​នៅ​មាន​ជីវិត​រស់នៅ​នៅ​ឡើយ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ពួក​គេ​ក៏​បាន​ស្លាប់​ទៅ​ដែរ។ ពេល​ដែល​ពួក​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ ពេល​នោះ​សាសន៍​អ៊‌ីស្រាអែល​បាន​បម្រើ​ព្រះជាម្ចាស់​យ៉ាង​ស្មោះ​ត្រង់ ពីព្រោះ​ពួក​គេ​នៅ​ចងចាំ​ពី​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​នៅ​ឡើយ។ កណ្ឌគម្ពីរ ពួក​ចៅហ្វាយ ២:៧ បាន​ចែង​ថា «ពួក​បណ្ដា​ជន​ក៏​គោរព​ប្រតិបត្តិ​ដល់​ព្រះ​យេហូវ៉ា នៅ​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ និង​ពួក​ចាស់ទុំ​ដែល​រស់​នៅ​ក្រោយ​លោក​ដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសម្រេចឲ្យពួក​​អ៊ីស្រាអែល»។ ពេល​ដែល​សាសន៍​​​អ៊ីស្រាអែល​នៅ​ចងចាំ​ពី​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​សម្រេច​សម្រាប់​ពួក​គេ ពួក​គេ​ក៏​នៅ​តែ​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​ដដែល។

 

ប៉ុន្តែ​ក្នុង​ខ១០​បាន​ចែង​ថា បន្ទាប់ពី​លោក យ៉ូស្វេ និង​ពួក​អ្នក​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ពួកគេ​បាន​ស្លាប់​អស់​ទៅ ពេល​នោះ «…មាន​មនុស្ស​១​ដំណ​ទៀត​ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សម្រេច​ដល់​ពួក​​អ៊ីស្រាអែល​ទេ»។ ខ១១​និង​១២​បាន​ប្រាប់​យើង​ពី​លទ្ធផល​នៃ​ការ​មិន​ស្គាល់​ព្រះជាម្ចាស់ «នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិបត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ​បាល គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក…»។ នៅ​ក្នុង​ខ១៤​បាន​ពណ៌នា​ពី​ការ​ដែល​ព្រះជាម្ចាស់​ឆ្លើយ​តប​ទៅ​នឹង​ការ​ដែល​សាសន៍​​​អ៊ីស្រាអែល​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដទៃ​យ៉ាង​ដូច្នេះ​ថា «ដូច្នេះ ព្រះយេហូវ៉ា​ក៏​កើត​មាន​សេចក្តី​ខ្ញាល់​នឹង​ពួក​​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ…»។

 

សរុប​មក រឿង​នេះ​មាន​លំដាប់​លំដោយ​ដូចតទៅ៖ ទី​មួយ ពួក​បណ្ដា​ជន​បាន​គោរព​ប្រតិបត្តិ ហើយ​បម្រើ​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​ពិត ពីព្រោះ​លោក យ៉ូស្វេ និង​ពួក​ជំនាន់​លោក​បាន​រក្សា​នូវ​ការ​ចងចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ក្នុង​ចំណោម​ពួក​គេ។ ទី​ពីរ មាន​មនុស្ស​មួយ​ដំណ​ទៀត​បាន​កើត​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះជាម្ចាស់ ឬ​ការ​ដែល​ទ្រង់​បាន​សម្រេច​ដល់​ពួកគេ​ទេ។ ទី​បី បណ្ដា​ជន​ជំនាន់​ថ្មី​នេះ​បាន​បែរ​ទៅ​តាម​ព្រះ​ដទៃ ព្រមទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ក្លែងក្លាយ​ទៀត​ផង។ នៅ​ទី​បំផុត ព្រះជាម្ចាស់​បាន​ចាក់​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​លើ​ពួក​គេ។ មេរៀន​បី​ដែល​ខ្ញុំ​ដកស្រង់​ពី​អត្ថបទ​នេះ​យក​មក​ចែកចាយ​វា​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​វា​ជា​មេរៀន​ចាំបាច់​ខ្លាំង​ណាស់។ មេរៀន​ទី​មួយ នៅ​ពេល​ដែល​សហគមន៍​ណា​មួយ​រក្សា​ការ​ចងចាំ​ពី​ការ​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ ជា​ពិសេស​សហគមន៍​ដែល​ធ្លាប់​មាន​   បទពិសោធន៍​ទៅ​នឹង​អំណាច​របស់​ព្រះជាម្ចាស់​ដោយ​ផ្ទាល់ នោះ​ជំនឿ ក៏ដូចជា​ការ​ស្ដាប់​បង្គាប់​របស់​សហគមន៍​នោះ​ក៏​នឹង​កើន​ឡើង​ដែរ។ មេរៀន​ទី​ពីរ ប្រសិន​បើ​យើង​ដែល​ជា​ឪពុកម្ដាយ​មិន​បាន​បង្រៀន​កូនៗ​ឲ្យ​ស្គាល់​ព្រះជាម្ចាស់​ទេ នោះ​មាន​ន័យ​ថា យើង​មិន​ត្រឹមតែ​នាំ​ឲ្យ​ពួក​គេ​គ្មាន​ជំនឿ និង​បដិសេធ​ទ្រង់​ប៉ុណ្ណោះ​នោះ​ទេ តែ​លើស​ពី​នោះ​ទៅ​ទៀត​យើង​បាន​នាំ​ឲ្យ​ពួកគេ​ហិនវិនាស​ទៀត​ផង។ មេរៀន​ទី​បី កាតព្វកិច្ច​ឪពុកម្ដាយ​គឺ​ត្រូវ​តែ​បង្ហាត់​បង្រៀន​កូន​ចៅ​ខ្លួន​ពី​ព្រះបន្ទូល​ព្រះជាម្ចាស់ ក៏​ដូចជា​ការ​សង្គ្រោះ​របស់​ទ្រង់ ដើម្បី​ឲ្យ​កូនៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​ទ្រង់ ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

 

ដោយសារ​តែ​មេរៀន​ពីរ​ដំបូង​បង្កើត​បាន​ជា​មេរៀន​ទី​បី ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ពី​មេរៀន​ទី​បី​នេះ​ឲ្យ​បាន​ក្បោះក្បាយ​បន្តិច។ ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ចំពោះ​ឪពុកម្ដាយ គឺ​ឲ្យ​ពួកគាត់​បង្ហាត់​បង្រៀន​កូនៗ​របស់​ខ្លួន​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បើក​សម្ដែង​ពី​អង្គ​ទ្រង់​ឲ្យ​កូនៗ​បាន​ស្គាល់។ ឯ​ទំនួលខុសត្រូវ​ដែល​ឪពុកម្ដាយ​មាន​ចំពោះ​កូនៗ គឺ​ត្រូវ​បង្ហាត់​បង្រៀន​ពួកគេ​ឲ្យ​ស្គាល់​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់ ក៏​ដូចជា​យល់​ពី​ទ្រង់​ឲ្យ​បាន​ត្រឹមត្រូវ។ ផ្ទះ​គឺ​ជា​សាលា​រៀន​ដ៏​សំខាន់​បំផុត​ដែល ​កូនៗ​គួរ​ទៅ​រៀន។ ឯ​គ្រូ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​កូនៗ​នោះ​គឺ ឪពុកម្ដាយ​ផ្ទាល់​តែ​ម្ដង។

 

ទីបន្ទាល់ពីព្រះគម្ពីរចំពោះលោកឪពុកអ្នកម្ដាយ

 

ជា​ដំបូង ខ្ញុំ​ចង់​ផ្ដល់​នូវ​ភស្តុតាង​មួយ​ចំនួន​ចេញពី​ព្រះគម្ពីរ​ដែល​ទាក់ទង​នឹង​ការ​ដាស់​តឿន​ឪពុកម្ដាយ បន្ទាប់​មក​ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​តប​នឹង​គំនិត​ជំទាស់​លើ​ការ​បង្រៀន​នេះ។ កណ្ឌគម្ពីរ ចោទិយកថា ៦:៤-៩ គឺ​ជា​ខគម្ពីរ​យោង​សម្រាប់​ភស្តុតាង​ដ៏​សំខាន់​ចំពោះ​ការ​បង្រៀន​នេះ។ បញ្ញត្តិ​ដ៏​សំខាន់​បំផុត​ដែល​ដក​ស្រង់​ចែញ​ពី​គម្ពីរ​សាសន៍​យូដា​គឺ «ចូរ​ស្ដាប់​ចុះ ឱ  ​អ៊ីស្រាអែល​អើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់ ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង»។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា នេះ​ហើយ​ជា​បញ្ញត្តិ​ដ៏​សំខាន់​បំផុត។ ដូច​ដែល​សាសន៍​យូដា​គ្រប់​គ្នា​ដឹង​ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​លោកអ្នក​គ្រប់​គ្នា​ដឹង​ដែរ​ថា​ខគម្ពីរ​បន្ទាប់​ពី​បញ្ញត្តិ​ដ៏​សំខាន់​​នេះ​មាន​រៀបរាប់​ពី​អ្វី​ដែរ «សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង…»។ ទំនួល​ខុស​ត្រូវ​ចម្បង​របស់​ឪពុកម្ដាយ គឺ​ការ​ស្រឡាញ់​ព្រះ​ជាម្ចាស់ បន្ទាប់​ទៀត​គឺ​ការ​រក្សា​ព្រះ​បន្ទូល​ទ្រង់​ក្នុង​ចិត្ត​ពួក​គេ ក៏​ដូច​ជា​ការ​បង្ហាត់​បង្រៀន​ព្រះ​បន្ទូល​នោះ​ដល់​កូនៗ​ពួក​គេ​ដែរ។

 

កណ្ឌគម្ពីរ ចោទិយកថា ៤:៩ ក៏​បាន​បញ្ជា​ដូច​ខគម្ពីរ​ខាង​លើ​ដែរ៖ «ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន​ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ»។ ខគម្ពីរ​នេះ​ក៏​បាន​និយាយ​សំដៅ​ចំពោះ​ជីដូន​ជីតា មិន​គ្រាន់​តែ​ឪពុកម្ដាយ​ប៉ុណ្ណោះ​ទេ។ កណ្ឌគម្ពីរ ចោទិយកថា ១១:១៨-១៩ ក៏​ចែង​ស្រដៀង​គ្នា​នឹង ៤:៩ ដែរ  «ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ…ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង…»។ ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​គឺ​ឲ្យ​គ្រួសារ​រក្សា​នូវ​សេចក្ដី​ដែល​ទ្រង់​បាន​សម្ដែង​ទុក។ ជា​ធម្មតា របៀប​ដែល​កូនៗ​នៅ​ជំនាន់​ក្រោយ​អាច​នឹង​ដឹង​ពី​អ្វី​ដែល​អ្នក​ជំនាន់​មុន​បាន​ដឹង គឺ​តាមរយៈ​ការ​បង្ហាត់បង្រៀន​របស់​ឪពុកម្ដាយ។ កណ្ឌ​គម្ពីរ យ៉ូអែល ១:៣ បាន​ចែង​ថា «ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​ត‍ៗ​ទៅ»។

 

ព្រះគម្ពីរ​សញ្ញា​ថ្មី​មិន​សូវ​រៀប​រាប់​ពី​ឪពុកម្ដាយ និង​កូនៗ​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​យើង​នៅ​តែ​ឃើញ​យ៉ាង​ច្បាស់​ថា ឪពុកម្ដាយ​នៅ​តែ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ​អំពី​ព្រះជាម្ចាស់​ដែរ។ ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ១៩:១៤ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​បន្ទោស​ដល់​ពួក​សិស្ស​នៅ​ពេល​ដែល​ពួក​គេ​ឃាត់​មិន​ឲ្យ​កូន​ក្មេង​មក​ឯ​ទ្រង់។ ក្រោយមក​ទ្រង់​ក៏​បាន​ទទួល​ពួក​គេ ប្រទាន​ពរ​ដល់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​សរសើរ​ដល់​ឪពុកម្ដាយ ដោយ​សារ​ពួកគេ​បាន​យក​ចិត្ត​ទុកដាក់​លើ​កូនៗ​ខ្លួន។ មាន​មេរៀន​ដ៏​ជាក់​ច្បាស់​មួយ​ក្នុង​អត្ថបទ​នេះ​គឺ៖ លោកឪពុក​អ្នកម្ដាយ​អើយ ចូរ​នាំ​កូនៗ​ខ្លួន​មក​ឯ​ព្រះ​យេស៊ូវ​ចុះ។ សព្វ​ថ្ងៃ​នេះ របៀប​ដែល​យើង​ចូល​ទៅ​ឯ​ព្រះ​យេស៊ូវ​គឺ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់។ ហេតុ​ដូច្នោះ​ហើយ ឱ​លោកឪពុក​អ្នកម្ដាយ​រាល់​គ្នា​អើយ! ចូរ​បង្រៀន​ព្រះបន្ទូល​ដល់​កូនៗ​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​ព្រះ​យេស៊ូវ​ផង។

 

នៅ​ពេល​ដែល​សាវ័ក ប៉ុល ណែនាំ​ពី​របៀប​ដែល​ឪពុកម្ដាយ និង​កូនៗ​គួរ​មាន​ទំនាក់​ទំនង​បែប​ណា​ក្នុង​គ្រួសារ​ជា​គ្រីស្ទ​បរិស័ទ​ចំពោះ​គ្នា​នឹង​គ្នា​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:១-៤ និង​កូល៉ុស ៣:២០-២១ គាត់​គ្រាន់​តែ​បញ្ជាក់​ជា​ថ្មី​នូវ​លំនាំ​ដែល​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​បង្រៀន​តែ​ប៉ុណ្ណោះ៖ ឱ​កូន​រាល់​គ្នា​អើយ! ចូរ​ស្ដាប់​បង្គាប់​ឪពុកម្ដាយ! ឱ​ឪពុក​រាល់​គ្នា​អើយ! ចូរ​បង្រៀន​កូនៗ​ទៅ​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​ចុះ!

 

យោង​តាម​បទ​គម្ពីរ​ខាង​លើ​នេះ ខ្ញុំ​សន្និដ្ឋាន​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មាន​គ្រួសារ ហើយ​ឲ្យ​ឪពុកម្ដាយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ​ឲ្យ​ចេះ​ដឹង​អំពី​ព្រះ​គម្ពីរ។ ហេតុ​ដែល​កណ្ឌ​គម្ពីរ ពួកចៅហ្វាយ ២:១០ ចែង​ថា​មាន​ជំនាន់​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ​ជាម្ចាស់ ពី​ព្រោះ​មាន​ឪពុកម្ដាយ​ជា​ច្រើន​មិន​បាន​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​គេ​ទេ។ ជា​លទ្ធផល មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​បាន​បោះ​បង់​ព្រះ​ជាម្ចាស់​ចោល ហើយ​បាន​បណ្ដាល​ឲ្យ​ទ្រង់​ជំនុំជម្រះ​ពួក​គេ​ទៀត​ផង។ ខគម្ពីរ​ទាំង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​យើង​ដែល​ជា​ឪពុកម្ដាយ​មិន​បំពេញ​ទំនួល​ខុស​ត្រូវ​នេះ​ទេ នោះ​យើង​មិន​គ្រាន់​តែ​នាំ​ឲ្យ​កូនៗ​យើង​មិន​ស្គាល់​ព្រះ​ជាម្ចាស់ ហើយ​មិន​ឲ្យ​ពួក​គេ​ជឿ​លើ​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែម​ទាំង​នាំ​ឲ្យ​ពួក​គេ​ជួប​នូវ​ក្ដី​ហិនវិនាស​ផង​ដែរ។

 

តើយើងកំពុងតែនាំឲ្យកូនៗយើងចេះរើសអើង?

 

ខ្ញុំ​ចង់​ឲ្យ​លោកឪពុក​អ្នកម្ដាយ​នៅ​ក្នុង​ក្រុមជំនុំ​យើង​បង្ហាត់​បង្រៀន​កូនៗ​របស់​ខ្លួន​នៅ​ផ្ទះ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ ឥឡូវ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​នូវ​ជំទាស់​ដែល​លោកអ្នក​អាច​នឹង​មាន។ ជំទាស់​ទី​មួយ ប្រហែលជា​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា ឪពុកម្ដាយ​គ្មាន​សិទ្ធិ​ប្រាប់​កូនៗ​ពី​សេចក្ដី​ពិត​តាម​ចិត្ត​​ខ្លួន​ឯង​នោះ​ឡើយ។ គេ​ថា ឪពុកម្ដាយ​គួរ​តែ​អនុញ្ញាត​ឲ្យ​កូនៗ​ជ្រើស​រើស​សាសនា​ណា​ក៏​បាន​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ការ​ជ្រើស​រើស​របស់​ពួក​គេ​កើត​ឡើង​ពី​ខ្លួន​ឯង មិន​មែន​ដោយ​សារ​ឪពុកម្ដាយ​ជា​អ្នក​បង្ខិត​បង្ខំ​នោះ​ទេ។ ប៉ុន្តែ ការ​ជំទាស់​នេះ​មាន​បញ្ហា​បួន​យ៉ាង​។ បញ្ហា​ទាំង​នោះ​គឺ៖

 

១) គំនិត​នោះ ផ្ទុយ​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្គាប់៖ ឪពុកម្ដាយ​ត្រូវ​បង្រៀន​កូនៗ​ពី​សេចក្ដី​ពិត​អំពី​ព្រះ​ជាម្ចាស់។

 

២) ទោះ​បើ យើង​មិន​បង្រៀន​កូនៗ​របស់​យើង​ពី​ព្រះ​ជាម្ចាស់​ក៏ដោយ ក៏​នោះ​​មាន​ន័យ​ថា​យើង​កំពុង​តែ​បង្រៀន​គេ​អំពី​ព្រះ​ជាម្ចាស់ ដោយ​សារ​យើង​បង្រៀន​គេ​ថា ព្រះ​យេស៊ូ​វ​មិន​សំខាន់​អី​បន្ដិច​សោះ​ឡើយ។ ការ​ដែល​យើង​មិន​បង្រៀន​ពួក​គេ​នោះ​ក៏​មាន​ន័យ​ថា ឪពុកម្ដាយ​មិន​រាប់​ទ្រង់​ជា​ទី​អំណរ​ដូច​គ្រឿង​សង្ហារឹម​ថ្មីៗ​ក្នុង​ផ្ទះ ឬ​ថ្ងៃ​ឈប់​សម្រាក ឬ​ការងារ​ឪពុក ឬ​ប្រធាន​បទ​ក្នុង​ការ​សន្ទនា​របស់​ពួក​គេ​នោះ​ទេ។ ការ​មិន​បង្រៀន​ពី​គុណ​តម្លៃ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ការ​បង្រៀន​ថា​យើង​មិន​ចាំ​បាច់​អើពើ​នឹង​ទ្រង់​ទេ។

 

៣) វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​ដែល​ថា ការ​បង្រៀន​កូនៗ​ពី​ព្រះ​ជាម្ចាស់​នឹង​នាំ​ឲ្យ​ពួក​គេ​កប់​គំនិត ឬ​ក៏​មាន​ការ​រើស​អើង​ដោយ​មិន​ចេះ​គិត​គូរ​​ធ្វើ​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង។ ការ​នេះ​អាច​កើត​ឡើង​បាន ប្រសិនបើ​ឪពុកម្ដាយ​ស្ថិត​ក្នុង​សភាព​មិន​រឹង​មាំ ហើយ​ជំនឿ​របស់​ពួកគាត់​ដូចជា​អ្នក​សង់​ផ្ទះ​លើ​ដី​ខ្សាច់​នោះ។ ប៉ុន្តែ​ប្រសិន​បើ​ឪពុកម្ដាយ​មាន​មូល​ហេតុ​ជាក់​លាក់​ក្នុង​ការ​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​នោះ​ពួកគេ​នឹង​ផ្ដល់​មូល​ហេតុ​ទាំង​នោះ​ទៅ​ដល់​កូនៗ​របស់​ពួកគេ​ជា​មិន​ខាន។ យើង​ឃើញ​ស្រាប់​ហើយ​ថា មិន​ដែល​មាន​អ្នកណា​ចោទ​ឪពុកម្ដាយ​ខ្លួន​ថា គាត់​កំពុង​តែ​នាំ​ឲ្យ​កូនៗ​ចេះ​រើស​អើង ដោយ​សារ​តែ​ពួក​គេ​បង្រៀន​កូនៗ​ថា ផែនដី​មាន​រាង​មូល ផ្កាយ​តូចៗ​ដែល​យើង​ឃើញ​ពេល​យប់​គឺ​ធំ​ជាង​ផែនដី​ទៅ​ទៀត ហើយ​ថា​តាមពិត​ព្រះ​អាទិត្យ​នៅ​នឹង​ថ្កល់​ហើយ​ផែនដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ចោទ? ពីព្រោះ​យើង​ដឹង​ហើយ​ថា ការ​ទាំង​អស់​នោះ​គឺ​ជា​ការ​ពិត ហើយ​យើង​អាច​ផ្ដល់​ភស្តុតាង​ជាក់​លាក់ ដើម្បី​បង្ហាញ​កូនៗ​ពី​ការ​ពិត​ទាំង​នេះ។ ការ​នេះ​មិន​ខុស​ពី​ជំនឿ​គ្រីស្ទ​បរិស័ទ​ដែល​ជឿ​ថា គ្រីស្ទ​សាសនា​ជា​ជំនឿ​ពិត ដោយ​មាន​ភស្តុតាង​ជាក់​លាក់​នោះ​ទេ។

 

៤) ការ​មិន​ផ្ដល់​ឲ្យ​កូនៗ​នូវ​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ នោះ​មិន​មែន​ជា​ការ​ស្រឡាញ់​ដល់​ពួក​គេ​ទេ ដោយ​សារ​យើង​ជឿ​ថា កូនៗ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ក៏​អាច​ឲ្យ​ពួកគេ​រួច​ផុត​ពី​ទុក្ខវេទនា​ក្នុង​នរក បែរមក​ទទួល​ការ​អរសប្បាយ​នៅ​ស្ថាន​សួគ៌​វិញ ដូច្នេះ​យើង​ត្រូវ​បង្រៀន​ពួកគេ​ពី​ផ្លូវ​ដ៏​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ មាន​ន័យ​ថា យើង​មិន​បាន​ស្រឡាញ់​ពួកគេ​សោះ​ឡើយ។ ពេល​ខ្ញុំ​មើល​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ទាំង​បី​នាក់​របស់​ខ្ញុំ ខ្ញុំ​តែង​តែ​អធិស្ឋាន​ថា «ឱ​ព្រះ​គ្រីស្ទ​អើយ! កុំ​ឲ្យ​ទូលបង្គំ​បរាជ័យ​ក្នុង​ការ​នាំ​កូនៗ​របស់​ទូលបង្គំ​ទៅ​ស្ថាន​សួគ៌​ឡើយ»។

 

ចុះបើខ្ញុំមិនសូវចេះព្រះគម្ពីរវិញ?

 

ជំទាស់​ទី​ពីរ​ដែល​ឪពុកម្ដាយ​តែង​តែ​ជួប​ប្រទះ​គឺ​ថា៖ ខ្ញុំ​មិន​សូវ​ចេះ​ព្រះ​គម្ពីរ​ទេ ដូច្នេះ​ខ្ញុំ​ក៏​មិន​អាច​បង្រៀន​កូនៗ ឬ​ឆ្លើយ​សំណួរ​ពិបាកៗ​របស់​ពួកគេ​បាន​នោះ​ដែរ។ ខ្ញុំ​មាន​ហេតុ​ផល​ពីរ​យ៉ាង​ដែល​ខ្ញុំ​ចង់​លើក​ឡើង ដើម្បី​កុំ​ឲ្យ​លោក​អ្នក​គេចវេះ​ក្នុង​ការ​បង្រៀន​កូនៗ ដោយសារ​តែ​គិត​ថា​ខ្លួន​ឯង​មិន​សូវ​ចេះ​ព្រះគម្ពីរ។ ទី​មួយ លោក​អ្នក​នៅ​តែ​អាច​រៀន​សូត្រ ហើយ​ចម្រើន​ចំណេះ​ដឹង​អំពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​បាន​គឺ​មិន​ទាន់​ហួស​ពេល​ទេ។ លោក​អ្នក​ប្រហែល​នឹង​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ល្អ​ជាង​គ្រូ​បង្រៀន​ម្នាក់​ទៀត​ដែល​បាន​បង្រៀន​ព្រះ​គម្ពីរ​ជា​យូរ​មក​ហើយ​ក៏​ថា​បាន ព្រោះ​ព័ត៌មាន​អំពី​ព្រះ​គម្ពីរ​គឺ​ថ្មី​ចំពោះ​លោក​អ្នក។ និស្សិត​មហាវិទ្យាល័យ​ភាគច្រើន​មិន​ដែល​ចាប់អារម្មណ៍​ថា មុខ​វិជ្ជា​ដែល​ពួក​គេ​កំពុង​តែ​រៀន​ពី​គ្រូ គឺ​ជា​មុខ​វិជ្ជា​ដែល​គ្រូ​ទើប​តែ​បង្រៀន​លើក​ដំបូង​នោះ​ទេ ហើយ​ក៏​មិន​បាន​ដឹង​ដែរ​ថា គ្រូ​នោះ​ចេះ​មិន​លើស​ពួកគេ​ប៉ុន្មាន​នោះ​ដែរ។ ប៉ុន្តែ​ជា​ទូទៅ គ្រូៗ​ដឹង​ពី​មេរៀន​ដែល​គាត់​នឹង​ត្រូវ​បង្រៀន ដូច្នេះ​គាត់​អាច​រៀបចំ​ទុក​ជា​មុន ហើយ​គាត់​ក៏​មាន​      បទពិសោធន៍​ខ្លះៗ​ក្នុង​ការ​ឆ្លើយ​សំណួរ​ពិបាកៗ​ដែរ។ ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដូច​នឹង​គ្រូ​បង្រៀន​នៅ​ឯ​មហាវិទ្យាល័យ ទាក់​ទង​ទៅ​នឹង​ការ​បង្រៀន​កូនៗ​ពី​ព្រះ​គម្ពីរ ចូរ​ធ្វើ​ដូច​ពួក​គេ​ចុះ ដោយ​រៀបចំ​មេរៀន​ឲ្យ​បាន​មុន​មួយ​ថ្ងៃ មុន​នឹង​ត្រូវ​បង្រៀន។ ឱ! ឪពុកម្ដាយ​រាល់​គ្នា​អើយ កុំ​ឲ្យ​ភ្លេច​ឲ្យ​សោះ​ឡើយ​ថា ព្រះ​ជាម្ចាស់​បាន​ប្រគល់​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្រៀន​កូនៗ​ដល់​អ្នករាល់គ្នា ហើយ​ក៏​ត្រូវ​ចាំ​ដែរ​ថា ទំនួល​ខុស​ត្រូវ​នោះ ធំ​ជាង​ការ​ដែល​គ្រូ​មហាវិទ្យាល័យ​បង្រៀន​និស្សិត​ទៅ​ទៀត។

 

ទី​ពីរ លោក​អ្នក​មិន​គួរ​អត់​បង្រៀន​កូនៗ​ដោយ​សារ​តែ​លោក​អ្នក​មិន​មាន​ចំណេះ​ដឹង​អំពី​ព្រះគម្ពីរ​គ្រប់​គ្រាន់​នោះ​ទេ ពីព្រោះ​លោក​អ្នក​នៅ​តែ​អាច​បង្រៀន​មេរៀន​ខ្លះៗ​បាន នៅ​ពេល​ដែល​លោក​អ្នក​មិន​អាច​ឆ្លើយ​សំណួរ​ពិបាកៗ​របស់​កូនៗ។ ឧទាហរណ៍ លោក​អ្នក​អាច​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​បន្ទាបខ្លួន។ ប្រសិន​បើ​លោក​អ្នក​មាន​មូលដ្ឋាន​មាំមួន​ក្នុង​ព្រះ​ជាម្ចាស់​ហើយ នោះ​លោក​អ្នក​នឹង​ហ៊ាន​បង្ហាញ​ដល់​កូនៗ​ថា លោកអ្នក​មិន​ចេះ ជា​ជាង​អួត​ខ្លួន ឬ​ក៏​ធ្វើ​ជា​មនុស្ស​លាក់​ពុត​នោះ  ​ឡើយ។ ពេល​នោះ​កូនៗ​នឹង​ចេះ​បន្ទាប​ខ្លួន​ដែរ។ ឧទាហរណ៍​មួយ​ទៀត លោក​អ្នក​អាច​បង្រៀន​ឲ្យ​កូនៗ​ចេះ​បង្កើត​    យុទ្ធសាស្ត្រ​ខ្លះៗ​ក្នុង​ការ​ស្វែង​រក​ចម្លើយ​លើ​សំណួរ​ពិបាកៗ​ដែល​ពួក​គេ​មាន។ ឱ! ឪពុកម្ដាយ​រាល់​គ្នា​អើយ កុំ​បណ្ដោយ​ឲ្យ​ការ​មិន​ចេះ​ព្រះ​គម្ពីរ​រារាំង​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​កូនៗ​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោក​អ្នក​រីក​ចម្រើន​ខាង​ឯ​វិញ្ញាណ ហើយ​ទ្រង់​ក៏​នឹង​ជួយ​លោក​អ្នក​ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ​ដែរ។

 

ចុះបើកូនៗខ្ញុំមិនស្ដាប់បង្គាប់វិញ?

 

ជំទាស់​ចុង​ក្រោយ​ដែល​ឪពុកម្ដាយ​តែង​តែ​ជួប​ប្រទះ​គឺ​ថា កូនៗ​របស់​ខ្ញុំ​មិន​ចេះ​អង្គុយ​ស្ងៀម​យូរ ដើម្បី​ស្ដាប់​ព្រះ​បន្ទូល ឬ​ក៏​ទទួល​ការ​ប្រៀន​ប្រដៅ​ឡើយ។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ព្រះ​វិហារ​សព្វ​ថ្ងៃ​នេះ។ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​តែង​តែ​ឃើញ​បញ្ហា​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ពេល​ដែល​យើង​ទៅ​លេង​កន្លែង​ផ្សេងៗ។ យើង​ឃើញ​ឪពុកម្ដាយ​ជា​ច្រើន​មិន​ចេះ​មើល​កូនៗ​គេ​សោះ ជា​ពិសេស​នៅ​ពេល​ដែល​កូនៗ​មិន​ស្ដាប់​បង្គាប់។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ចម្លែក​ណាស់​ចំពោះ​យើង ពេល​ដែល​យើង​បាន​ឃើញ​ឪពុកម្ដាយ​ដែល​មាន​ភាព​វៃឆ្លាត មាន​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ហើយ​មាន​សន្ដាន​ចិត្ត​ល្អ​ស្ទើរ​គ្រប់​ជំពូក ប៉ុន្តែ​ពួក​គេ​បែរ​ជា​មិន​ចេះ​មើល​កូនៗ​នៅ​ពេល​ដែល​កូន​មិន​ស្ដាប់​បង្គាប់។ មើល​ទៅ​វា​ហាក់​ដូច​ជា​ឪពុកម្ដាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ជឿ​ថា គេ​មិន​អាច​រំពឹង​ឲ្យ​កូនៗ​គេ​ស្ដាប់​បង្គាប់​បាន​ឡើយ។

 

ខ្ញុំ​ជឿ​ថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ចំពោះ​ស្ថានភាព​ត្រង់​នេះ​ចង់​បង្រៀន​ថា ឪពុកម្ដាយ​ត្រូវ​តែ​ស្ដារ​នូវ​ការ​រំពឹង​​ឲ្យ​កូនៗ​ស្ដាប់​បង្គាប់​ខ្លួន​ឡើង​វិញ ហើយ​ត្រូវ​ស្ដារ​ការ​ដាក់​វិន័យ​លើ​កូនៗ​ឲ្យ​បាន​ម៉ឺងម៉ាត់ តែ​ត្រូវ​ធ្វើ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​បន្ទាប​ខ្លួន ដែល​ការ​នេះ​អាច​បណ្ដាល​ឲ្យ​កូនៗ​ចេះ​ស្ដាប់​បង្គាប់។ បើ​មើល​ទៅ តាំង​ពី​បុរាណ​មក ចរិត​លក្ខណៈ​របស់​កូនៗ​មិន​មាន​អ្វី​ខុស​គ្នា​ពី​កូនៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត នៅ​តែ​ពេញ​ដោយ​ប្រាជ្ញា​ដដែល។ កណ្ឌ​គម្ពីរ សុភាសិត ១៣:២៤ «អ្នក​ណា​ដែល​មិន​សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា​ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ​ផ្ចាល​វា»។ សុភាសិត ១៩:១៨ «ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង​ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ…»។ សុភាសិត ២២:១៥ «សេចក្ដី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយ​ផ្ចាល នឹង​បណ្ដេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន»។ សុភាសិត ២៣:១៣-១៤ «កុំ​ឲ្យ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ គឺ​ឯង​នឹង​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ ហើយ​យ៉ាង​នោះ នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់»។ សុភាសិត ២៩:១៥, ១៧      «រំពាត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្ដោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្ដាយ​មាន​សេចក្ដី​ខ្មាស​វិញ…ចូរ​ស្ដី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក​រាយ​ផង»។

នៅ​ពេល​ដែល​កូន​មាន​វ័យ​ចម្រើន​ធំ​ឡើង​ល្មម ដើម្បី​អាច​យល់​ពី​ការ​បង្គាប់​បញ្ជា​របស់​លោកអ្នក ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ធ្វើ​តាម​បាន នោះ​លោកអ្នក​ដែល​ជា​ឪពុកម្ដាយ​គួរ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ក៏​ត្រូវ​ដាក់​ពិន័យ​កូនៗ​នៅ​ពេល​ដែល​ពួកគេ​មិន​ព្រម​ស្ដាប់បង្គាប់ រហូត​ទាល់​តែ​ពួកគេ​ចេះ​ស្ដាប់បង្គាប់​មិន​ថា​នៅ​ផ្ទះ​ក្ដី ឬ​នៅ​មជ្ឈដ្ឋាន​ខាងក្រៅ​ក្ដី។ ប្រសិន​បើ​ខ្ញុំ​និយាយ​សំដៅ​លើ​អ្នក​រំលោភ​បំពាន​សិទ្ធិ​កុមារ ខ្ញុំ​នឹង​និយាយ​ច្រើន​ចំណុច​បន្ថែម​ទៀត។ ការ​ឱប​ថើប ការ​ស្រឡាញ់ ការ​អត់​ទោស និង​ការ​ចំណាយ​ពេល​វេលា​ជាមួយ​កូនៗ វា​សំខាន់​ដូច​ជា​ការ​ប្រៀនប្រដៅ​ដែរ។ តាម​ធម្មតា ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ចន្លោះ​ពី​២០-៣០ឆ្នាំ​មិន​ខ្វល់​​ចំពោះ​កូនៗ​ក្នុងកា​រមិន​ស្ដាប់​បង្គាប់ទេ តែ​ដល់​ពេល​គេ​ខ្វល់​វិញ ​នោះវា​​​ហួស​ពេល​បាត់​ទៅ​ហើយ ហើយ​ពេល​គេ​ចង់​ដាក់​ពិ​ន័យ​កូនៗ​នោះ​ក៏​ពុំ​សូវម៉ឺង​ម៉ាត់ និង​ទៀងទាត់​ដែរ។ ចំពោះ​ខ្ញុំ ខ្ញុំ​មិន​មាន​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​អំពី​ចិត្ត​ក្មេងៗ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​និយាយ​ចេញ​ពី​ការ​យល់​ដឹង​របស់​ខ្ញុំ​ទៅ​លើ​បទ​គម្ពីរ ពី​បទ​ពិសោធ​ដែល​ខ្ញុំ​មាន​ជា​មួយ​កូន​ប្រុស​ទាំង​បី​របស់​ខ្ញុំ និង​ពី​ការ​សង្កេត​មើល​លើ​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។

 

ខ្ញុំ​សុំ​បញ្ចប់​មេរៀន​នេះ​ជាមួយ​នឹង​ដំបូន្មាន​ពីរ និង​ការ​សន្យា​មួយ។ ដំបូន្មាន​ទី​មួយ សូម​លោកឪពុក​អ្នកម្ដាយ ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ទៅ​លើ​កម្រិត​នៃ​ការ​បង្រៀន​កូនៗ​ពី​ព្រះជាម្ចាស់ និង​ការ​បង្រៀន​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​លោក​អ្នក​ដែល​​ជា​តំណាង​របស់​ទ្រង់​ថា​មាន​លក្ខណៈ​ខ្លាំងក្លា​ប៉ុណ្ណា។ ដំបូន្មាន​ទី​ពីរ ឪពុកម្ដាយ​ទាំង​អស់​មាន​ទំនួលខុសត្រូវ​យ៉ាង​ចាំបាច់​បំផុត​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ​ខ្លួន​អំពី​ព្រះជាម្ចាស់ និង​អំពី​ក្ដី​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែរ (នេះ​ហើយ​ជា​ចំណុច​ចម្បង​នៃ​មេរៀន​នេះ)។ ការ​បង្រៀន​ឲ្យ​ពួក​គេ​ស្គាល់​ពី​ការ​នេះ​គឺ​សំខាន់​ណាស់ ព្រោះ​វា​ទាក់​ទង​នឹង​ការ​សង្គ្រោះ​របស់​ពួក​គេ។ ដូច្នេះ ខ្ញុំ​សុំ​បញ្ចប់​មេរៀន​ដោយ​លើក​យក​សេចក្ដី​សន្យា​ពី​កណ្ឌ​គម្ពីរ សុភាសិត ២៣:២៤-២៥ «ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ​សារ​កូន​នោះ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្ដាយ​ឯង​បាន​រីក​រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង»។

 

សូម​ព្រះ​ជាម្ចាស់​បំពេញ​គ្រួសារ​យើង​ជាមួយ​នឹង​អំណរ​បែប​នេះ​ឲ្យ​បាន​រៀង​រហូត​តទៅ!

 

One comment on “ពួកចៅហ្វាយ ២:៦-១៤ Judges 2:6-15 John Piper
  1. chanthou says:

    I am so proud of you to share this lesson to us and help us to pray to God the most high for us how to lead our kids to know him and hope in him through his spirit.
    God bless you

Leave a Reply

Your email address will not be published. Required fields are marked *

*

Top