Judges 2 Piper pdf download
The following is an abridged translation of a sermon by John Piper. If you wish to read the original English, please go to the link below.
http://www.desiringgod.org/sermons/will-the-next-generation-know
ស៊េរី៖ ការចិញ្ចឹមបីបាច់ថែរក្សា និងការបង្រៀនកូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់
ពួកចៅហ្វាយ ២:៦–១៤
បណ្ដាំជូនចំពោះលោកឪពុកអ្នកម្ដាយ
ថ្ងៃនេះ ខ្ញុំចង់ចែកចាយព្រះបន្ទូលព្រះជាម្ចាស់ឲ្យអ្នកទាំងអស់គ្នាអនុវត្តតាម ដើម្បីជាប្រយោជន៍ដល់ក្មេងៗនៅក្នុងក្រុមជំនុំរបស់យើង។ នៅក្នុងក្រុមជំនុំយើងមានអ្នកខ្លះមិនទាន់មានកូនចៅនឹងគេនៅឡើយទេ ហើយខ្លះក៏ប្រហែលជានឹងមិនមានផង។ ហើយអ្នកខ្លះទៀតក៏មានកូនធំពេញវ័យរួចទៅហើយដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ជំរាបដល់អ្នកទាំងអស់គ្នាឲ្យបានជ្រាប ពីព្រោះការដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនៗរបស់យើងគឺជាការសំខាន់ខ្លាំងណាស់ ហើយក៏ជាផ្នែកមួយដែលទាក់ទងនឹងទស្សនវិស័យនៃជីវិតជាគ្រីស្ទបរិស័ទដែរ។ ក្នុងនាមជាអ្នកដែលមានវ័យចំណាស់ការដែលត្រូវដឹងពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់កូនៗរបស់យើងនោះគឺជាការសំខាន់ណាស់។ យើងទាំងអស់គ្នាត្រូវមានចំណែកក្នុងការជួយថែរក្សា និងបង្ហាត់បង្រៀននូវសេចក្ដីដែលព្រះជាម្ចាស់បានបើកសម្ដែងដល់កូនៗជំនាន់ក្រោយ។ មិនថាខ្ញុំចែកចាយទៅកាន់កូនៗ ទៅកាន់លោកឪពុកអ្នកម្ដាយ ឬក៏អ្នកដែលនឹងធ្វើជាឪពុកម្ដាយគេនៅថ្ងៃខាងមុខនោះទេ គឺយើងទាំងអស់គ្នាចាំបាច់ត្រូវស្ដាប់ព្រះរាជសាររបស់ព្រះជាម្ចាស់ត្រង់នេះជាមួយគ្នាដោយយកចិត្តទុកដាក់។
ដំណកូនចៅដែលមិនស្គាល់ព្រះជាម្ចាស់
យោងតាមកណ្ឌគម្ពីរ ពួកចៅហ្វាយ ២:៨ យើងបានដឹងថា លោក យ៉ូស្វេ បានស្លាប់ទៅក្នុងជំនាន់អាយុ១១០ឆ្នាំ។ លោកបានដឹកនាំសាសន៍អ៊ីស្រាអែលឲ្យចូលទៅកាន់ទឹកដីកាណានដែលជាទឹកដីសន្យា ហើយបានទទួលជ័យជម្នះជាច្រើនលើកច្រើនសា ហើយក៏បានធ្វើជាគំរូនៃជំនឿលើព្រះជាម្ចាស់ដ៏ល្អម្នាក់ដែរ។ ក្រោយពីលោកបានស្លាប់ទៅ ក៏នៅមានអ្នកខ្លះដែលរស់នៅជំនាន់លោកនៅមានជីវិតរស់នៅនៅឡើយ ប៉ុន្តែមួយរយៈក្រោយមកពួកគេក៏បានស្លាប់ទៅដែរ។ ពេលដែលពួកគេនៅមានជីវិតនៅឡើយ ពេលនោះសាសន៍អ៊ីស្រាអែលបានបម្រើព្រះជាម្ចាស់យ៉ាងស្មោះត្រង់ ពីព្រោះពួកគេនៅចងចាំពីការដ៏អស្ចារ្យរបស់ទ្រង់នៅឡើយ។ កណ្ឌគម្ពីរ ពួកចៅហ្វាយ ២:៧ បានចែងថា «ពួកបណ្ដាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ និងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសម្រេចឲ្យពួកអ៊ីស្រាអែល»។ ពេលដែលសាសន៍អ៊ីស្រាអែលនៅចងចាំពីការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានសម្រេចសម្រាប់ពួកគេ ពួកគេក៏នៅតែបម្រើទ្រង់យ៉ាងស្មោះត្រង់ដដែល។
ប៉ុន្តែក្នុងខ១០បានចែងថា បន្ទាប់ពីលោក យ៉ូស្វេ និងពួកអ្នកដែលបានឃើញការអស្ចារ្យរបស់ព្រះជាម្ចាស់ ពួកគេបានស្លាប់អស់ទៅ ពេលនោះ «…មានមនុស្ស១ដំណទៀតក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសម្រេចដល់ពួកអ៊ីស្រាអែលទេ»។ ខ១១និង១២បានប្រាប់យើងពីលទ្ធផលនៃការមិនស្គាល់ព្រះជាម្ចាស់ «នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក…»។ នៅក្នុងខ១៤បានពណ៌នាពីការដែលព្រះជាម្ចាស់ឆ្លើយតបទៅនឹងការដែលសាសន៍អ៊ីស្រាអែលក្រាបថ្វាយបង្គំព្រះដទៃយ៉ាងដូច្នេះថា «ដូច្នេះ ព្រះយេហូវ៉ាក៏កើតមានសេចក្តីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ…»។
សរុបមក រឿងនេះមានលំដាប់លំដោយដូចតទៅ៖ ទីមួយ ពួកបណ្ដាជនបានគោរពប្រតិបត្តិ ហើយបម្រើព្រះជាម្ចាស់ដែលជាព្រះដ៏ពិត ពីព្រោះលោក យ៉ូស្វេ និងពួកជំនាន់លោកបានរក្សានូវការចងចាំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងចំណោមពួកគេ។ ទីពីរ មានមនុស្សមួយដំណទៀតបានកើតមក ជាមនុស្សដែលមិនបានស្គាល់ព្រះជាម្ចាស់ ឬការដែលទ្រង់បានសម្រេចដល់ពួកគេទេ។ ទីបី បណ្ដាជនជំនាន់ថ្មីនេះបានបែរទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះក្លែងក្លាយទៀតផង។ នៅទីបំផុត ព្រះជាម្ចាស់បានចាក់សេចក្ដីខ្ញាល់របស់ទ្រង់លើពួកគេ។ មេរៀនបីដែលខ្ញុំដកស្រង់ពីអត្ថបទនេះយកមកចែកចាយវាមានលក្ខណៈសាមញ្ញ ប៉ុន្តែវាជាមេរៀនចាំបាច់ខ្លាំងណាស់។ មេរៀនទីមួយ នៅពេលដែលសហគមន៍ណាមួយរក្សាការចងចាំពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ ជាពិសេសសហគមន៍ដែលធ្លាប់មាន បទពិសោធន៍ទៅនឹងអំណាចរបស់ព្រះជាម្ចាស់ដោយផ្ទាល់ នោះជំនឿ ក៏ដូចជាការស្ដាប់បង្គាប់របស់សហគមន៍នោះក៏នឹងកើនឡើងដែរ។ មេរៀនទីពីរ ប្រសិនបើយើងដែលជាឪពុកម្ដាយមិនបានបង្រៀនកូនៗឲ្យស្គាល់ព្រះជាម្ចាស់ទេ នោះមានន័យថា យើងមិនត្រឹមតែនាំឲ្យពួកគេគ្មានជំនឿ និងបដិសេធទ្រង់ប៉ុណ្ណោះនោះទេ តែលើសពីនោះទៅទៀតយើងបាននាំឲ្យពួកគេហិនវិនាសទៀតផង។ មេរៀនទីបី កាតព្វកិច្ចឪពុកម្ដាយគឺត្រូវតែបង្ហាត់បង្រៀនកូនចៅខ្លួនពីព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាការសង្គ្រោះរបស់ទ្រង់ ដើម្បីឲ្យកូនៗជំនាន់ក្រោយបានស្គាល់ទ្រង់ ហើយទទួលបានសេចក្ដីសង្គ្រោះ។
ដោយសារតែមេរៀនពីរដំបូងបង្កើតបានជាមេរៀនទីបី ដូច្នេះខ្ញុំចង់និយាយពីមេរៀនទីបីនេះឲ្យបានក្បោះក្បាយបន្តិច។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះឪពុកម្ដាយ គឺឲ្យពួកគាត់បង្ហាត់បង្រៀនកូនៗរបស់ខ្លួននូវអ្វីៗដែលទ្រង់បានបើកសម្ដែងពីអង្គទ្រង់ឲ្យកូនៗបានស្គាល់។ ឯទំនួលខុសត្រូវដែលឪពុកម្ដាយមានចំពោះកូនៗ គឺត្រូវបង្ហាត់បង្រៀនពួកគេឲ្យស្គាល់ពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាយល់ពីទ្រង់ឲ្យបានត្រឹមត្រូវ។ ផ្ទះគឺជាសាលារៀនដ៏សំខាន់បំផុតដែល កូនៗគួរទៅរៀន។ ឯគ្រូដ៏មានឥទ្ធិពលចំពោះកូនៗនោះគឺ ឪពុកម្ដាយផ្ទាល់តែម្ដង។
ទីបន្ទាល់ពីព្រះគម្ពីរចំពោះលោកឪពុកអ្នកម្ដាយ
ជាដំបូង ខ្ញុំចង់ផ្ដល់នូវភស្តុតាងមួយចំនួនចេញពីព្រះគម្ពីរដែលទាក់ទងនឹងការដាស់តឿនឪពុកម្ដាយ បន្ទាប់មកខ្ញុំនឹងព្យាយាមឆ្លើយតបនឹងគំនិតជំទាស់លើការបង្រៀននេះ។ កណ្ឌគម្ពីរ ចោទិយកថា ៦:៤-៩ គឺជាខគម្ពីរយោងសម្រាប់ភស្តុតាងដ៏សំខាន់ចំពោះការបង្រៀននេះ។ បញ្ញត្តិដ៏សំខាន់បំផុតដែលដកស្រង់ចែញពីគម្ពីរសាសន៍យូដាគឺ «ចូរស្ដាប់ចុះ ឱ អ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង»។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា នេះហើយជាបញ្ញត្តិដ៏សំខាន់បំផុត។ ដូចដែលសាសន៍យូដាគ្រប់គ្នាដឹង ហើយខ្ញុំក៏ចង់ឲ្យលោកអ្នកគ្រប់គ្នាដឹងដែរថាខគម្ពីរបន្ទាប់ពីបញ្ញត្តិដ៏សំខាន់នេះមានរៀបរាប់ពីអ្វីដែរ «សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង…»។ ទំនួលខុសត្រូវចម្បងរបស់ឪពុកម្ដាយ គឺការស្រឡាញ់ព្រះជាម្ចាស់ បន្ទាប់ទៀតគឺការរក្សាព្រះបន្ទូលទ្រង់ក្នុងចិត្តពួកគេ ក៏ដូចជាការបង្ហាត់បង្រៀនព្រះបន្ទូលនោះដល់កូនៗពួកគេដែរ។
កណ្ឌគម្ពីរ ចោទិយកថា ៤:៩ ក៏បានបញ្ជាដូចខគម្ពីរខាងលើដែរ៖ «ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ»។ ខគម្ពីរនេះក៏បាននិយាយសំដៅចំពោះជីដូនជីតា មិនគ្រាន់តែឪពុកម្ដាយប៉ុណ្ណោះទេ។ កណ្ឌគម្ពីរ ចោទិយកថា ១១:១៨-១៩ ក៏ចែងស្រដៀងគ្នានឹង ៤:៩ ដែរ «ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យអញទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងឯងចុះ…ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង…»។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺឲ្យគ្រួសាររក្សានូវសេចក្ដីដែលទ្រង់បានសម្ដែងទុក។ ជាធម្មតា របៀបដែលកូនៗនៅជំនាន់ក្រោយអាចនឹងដឹងពីអ្វីដែលអ្នកជំនាន់មុនបានដឹង គឺតាមរយៈការបង្ហាត់បង្រៀនរបស់ឪពុកម្ដាយ។ កណ្ឌគម្ពីរ យ៉ូអែល ១:៣ បានចែងថា «ចូរប្រាប់ដល់កូនអ្នករាល់គ្នាចុះ ហើយឲ្យកូនប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ដំណទៅមុខទៀតតៗទៅ»។
ព្រះគម្ពីរសញ្ញាថ្មីមិនសូវរៀបរាប់ពីឪពុកម្ដាយ និងកូនៗប៉ុន្មានទេ។ ទោះជាយ៉ាងនេះក្ដី ក៏យើងនៅតែឃើញយ៉ាងច្បាស់ថា ឪពុកម្ដាយនៅតែមានទំនួលខុសត្រូវក្នុងការបង្ហាត់បង្រៀនកូនៗអំពីព្រះជាម្ចាស់ដែរ។ ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៩:១៤ យើងឃើញថា ព្រះយេស៊ូវបានបន្ទោសដល់ពួកសិស្សនៅពេលដែលពួកគេឃាត់មិនឲ្យកូនក្មេងមកឯទ្រង់។ ក្រោយមកទ្រង់ក៏បានទទួលពួកគេ ប្រទានពរដល់ពួកគេ ហើយទ្រង់ក៏បានសរសើរដល់ឪពុកម្ដាយ ដោយសារពួកគេបានយកចិត្តទុកដាក់លើកូនៗខ្លួន។ មានមេរៀនដ៏ជាក់ច្បាស់មួយក្នុងអត្ថបទនេះគឺ៖ លោកឪពុកអ្នកម្ដាយអើយ ចូរនាំកូនៗខ្លួនមកឯព្រះយេស៊ូវចុះ។ សព្វថ្ងៃនេះ របៀបដែលយើងចូលទៅឯព្រះយេស៊ូវគឺតាមរយៈព្រះបន្ទូលរបស់ទ្រង់។ ហេតុដូច្នោះហើយ ឱលោកឪពុកអ្នកម្ដាយរាល់គ្នាអើយ! ចូរបង្រៀនព្រះបន្ទូលដល់កូនៗខ្លួន ដើម្បីឲ្យពួកគេស្គាល់ព្រះយេស៊ូវផង។
នៅពេលដែលសាវ័ក ប៉ុល ណែនាំពីរបៀបដែលឪពុកម្ដាយ និងកូនៗគួរមានទំនាក់ទំនងបែបណាក្នុងគ្រួសារជាគ្រីស្ទបរិស័ទចំពោះគ្នានឹងគ្នាក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១-៤ និងកូល៉ុស ៣:២០-២១ គាត់គ្រាន់តែបញ្ជាក់ជាថ្មីនូវលំនាំដែលព្រះគម្ពីរសញ្ញាចាស់បានបង្រៀនតែប៉ុណ្ណោះ៖ ឱកូនរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយ! ឱឪពុករាល់គ្នាអើយ! ចូរបង្រៀនកូនៗទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ចុះ!
យោងតាមបទគម្ពីរខាងលើនេះ ខ្ញុំសន្និដ្ឋានថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យមានគ្រួសារ ហើយឲ្យឪពុកម្ដាយមានទំនួលខុសត្រូវក្នុងការបង្ហាត់បង្រៀនកូនៗឲ្យចេះដឹងអំពីព្រះគម្ពីរ។ ហេតុដែលកណ្ឌគម្ពីរ ពួកចៅហ្វាយ ២:១០ ចែងថាមានជំនាន់មនុស្សដែលមិនបានស្គាល់ព្រះជាម្ចាស់ ពីព្រោះមានឪពុកម្ដាយជាច្រើនមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេទេ។ ជាលទ្ធផល មនុស្សជំនាន់ក្រោយៗទៀតបានបោះបង់ព្រះជាម្ចាស់ចោល ហើយបានបណ្ដាលឲ្យទ្រង់ជំនុំជម្រះពួកគេទៀតផង។ ខគម្ពីរទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងដែលជាឪពុកម្ដាយមិនបំពេញទំនួលខុសត្រូវនេះទេ នោះយើងមិនគ្រាន់តែនាំឲ្យកូនៗយើងមិនស្គាល់ព្រះជាម្ចាស់ ហើយមិនឲ្យពួកគេជឿលើទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងនាំឲ្យពួកគេជួបនូវក្ដីហិនវិនាសផងដែរ។
តើយើងកំពុងតែនាំឲ្យកូនៗយើងចេះរើសអើងឬ?
ខ្ញុំចង់ឲ្យលោកឪពុកអ្នកម្ដាយនៅក្នុងក្រុមជំនុំយើងបង្ហាត់បង្រៀនកូនៗរបស់ខ្លួននៅផ្ទះ ដើម្បីឲ្យពួកគេស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ឥឡូវ សូមអនុញ្ញាតឲ្យខ្ញុំឆ្លើយតបនូវជំទាស់ដែលលោកអ្នកអាចនឹងមាន។ ជំទាស់ទីមួយ ប្រហែលជាមានអ្នកខ្លះលើកឡើងថា ឪពុកម្ដាយគ្មានសិទ្ធិប្រាប់កូនៗពីសេចក្ដីពិតតាមចិត្តខ្លួនឯងនោះឡើយ។ គេថា ឪពុកម្ដាយគួរតែអនុញ្ញាតឲ្យកូនៗជ្រើសរើសសាសនាណាក៏បានដោយខ្លួនឯង ដើម្បីឲ្យការជ្រើសរើសរបស់ពួកគេកើតឡើងពីខ្លួនឯង មិនមែនដោយសារឪពុកម្ដាយជាអ្នកបង្ខិតបង្ខំនោះទេ។ ប៉ុន្តែ ការជំទាស់នេះមានបញ្ហាបួនយ៉ាង។ បញ្ហាទាំងនោះគឺ៖
១) គំនិតនោះ ផ្ទុយពីអ្វីដែលព្រះគម្ពីរបានបង្គាប់៖ ឪពុកម្ដាយត្រូវបង្រៀនកូនៗពីសេចក្ដីពិតអំពីព្រះជាម្ចាស់។
២) ទោះបើ យើងមិនបង្រៀនកូនៗរបស់យើងពីព្រះជាម្ចាស់ក៏ដោយ ក៏នោះមានន័យថាយើងកំពុងតែបង្រៀនគេអំពីព្រះជាម្ចាស់ ដោយសារយើងបង្រៀនគេថា ព្រះយេស៊ូវមិនសំខាន់អីបន្ដិចសោះឡើយ។ ការដែលយើងមិនបង្រៀនពួកគេនោះក៏មានន័យថា ឪពុកម្ដាយមិនរាប់ទ្រង់ជាទីអំណរដូចគ្រឿងសង្ហារឹមថ្មីៗក្នុងផ្ទះ ឬថ្ងៃឈប់សម្រាក ឬការងារឪពុក ឬប្រធានបទក្នុងការសន្ទនារបស់ពួកគេនោះទេ។ ការមិនបង្រៀនពីគុណតម្លៃដ៏អស់កល្បជានិច្ចរបស់ព្រះគ្រីស្ទ គឺជាការបង្រៀនថាយើងមិនចាំបាច់អើពើនឹងទ្រង់ទេ។
៣) វាមិនមែនជាការពិតនោះទេដែលថា ការបង្រៀនកូនៗពីព្រះជាម្ចាស់នឹងនាំឲ្យពួកគេកប់គំនិត ឬក៏មានការរើសអើងដោយមិនចេះគិតគូរធ្វើការជ្រើសរើសដោយខ្លួនឯង។ ការនេះអាចកើតឡើងបាន ប្រសិនបើឪពុកម្ដាយស្ថិតក្នុងសភាពមិនរឹងមាំ ហើយជំនឿរបស់ពួកគាត់ដូចជាអ្នកសង់ផ្ទះលើដីខ្សាច់នោះ។ ប៉ុន្តែប្រសិនបើឪពុកម្ដាយមានមូលហេតុជាក់លាក់ក្នុងការធ្វើជាគ្រីស្ទបរិស័ទនោះពួកគេនឹងផ្ដល់មូលហេតុទាំងនោះទៅដល់កូនៗរបស់ពួកគេជាមិនខាន។ យើងឃើញស្រាប់ហើយថា មិនដែលមានអ្នកណាចោទឪពុកម្ដាយខ្លួនថា គាត់កំពុងតែនាំឲ្យកូនៗចេះរើសអើង ដោយសារតែពួកគេបង្រៀនកូនៗថា ផែនដីមានរាងមូល ផ្កាយតូចៗដែលយើងឃើញពេលយប់គឺធំជាងផែនដីទៅទៀត ហើយថាតាមពិតព្រះអាទិត្យនៅនឹងថ្កល់ហើយផែនដីវិលជុំវិញព្រះអាទិត្យនោះឡើយ។ ហេតុអ្វីបានជាគ្មានអ្នកចោទ? ពីព្រោះយើងដឹងហើយថា ការទាំងអស់នោះគឺជាការពិត ហើយយើងអាចផ្ដល់ភស្តុតាងជាក់លាក់ ដើម្បីបង្ហាញកូនៗពីការពិតទាំងនេះ។ ការនេះមិនខុសពីជំនឿគ្រីស្ទបរិស័ទដែលជឿថា គ្រីស្ទសាសនាជាជំនឿពិត ដោយមានភស្តុតាងជាក់លាក់នោះទេ។
៤) ការមិនផ្ដល់ឲ្យកូនៗនូវអ្វីដែលពួកគេពិតជាត្រូវការ នោះមិនមែនជាការស្រឡាញ់ដល់ពួកគេទេ ដោយសារយើងជឿថា កូនៗនឹងទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះយេស៊ូវតែមួយប៉ុណ្ណោះ ហើយក៏អាចឲ្យពួកគេរួចផុតពីទុក្ខវេទនាក្នុងនរក បែរមកទទួលការអរសប្បាយនៅស្ថានសួគ៌វិញ ដូច្នេះយើងត្រូវបង្រៀនពួកគេពីផ្លូវដ៏ត្រឹមត្រូវ បើមិនដូច្នោះទេ មានន័យថា យើងមិនបានស្រឡាញ់ពួកគេសោះឡើយ។ ពេលខ្ញុំមើលកូនប្រុសជាទីស្រឡាញ់ទាំងបីនាក់របស់ខ្ញុំ ខ្ញុំតែងតែអធិស្ឋានថា «ឱព្រះគ្រីស្ទអើយ! កុំឲ្យទូលបង្គំបរាជ័យក្នុងការនាំកូនៗរបស់ទូលបង្គំទៅស្ថានសួគ៌ឡើយ»។
ចុះបើខ្ញុំមិនសូវចេះព្រះគម្ពីរវិញ?
ជំទាស់ទីពីរដែលឪពុកម្ដាយតែងតែជួបប្រទះគឺថា៖ ខ្ញុំមិនសូវចេះព្រះគម្ពីរទេ ដូច្នេះខ្ញុំក៏មិនអាចបង្រៀនកូនៗ ឬឆ្លើយសំណួរពិបាកៗរបស់ពួកគេបាននោះដែរ។ ខ្ញុំមានហេតុផលពីរយ៉ាងដែលខ្ញុំចង់លើកឡើង ដើម្បីកុំឲ្យលោកអ្នកគេចវេះក្នុងការបង្រៀនកូនៗ ដោយសារតែគិតថាខ្លួនឯងមិនសូវចេះព្រះគម្ពីរ។ ទីមួយ លោកអ្នកនៅតែអាចរៀនសូត្រ ហើយចម្រើនចំណេះដឹងអំពីសេចក្ដីពិតនៃព្រះគម្ពីរបានគឺមិនទាន់ហួសពេលទេ។ លោកអ្នកប្រហែលនឹងក្លាយជាគ្រូបង្រៀនម្នាក់ដែលល្អជាងគ្រូបង្រៀនម្នាក់ទៀតដែលបានបង្រៀនព្រះគម្ពីរជាយូរមកហើយក៏ថាបាន ព្រោះព័ត៌មានអំពីព្រះគម្ពីរគឺថ្មីចំពោះលោកអ្នក។ និស្សិតមហាវិទ្យាល័យភាគច្រើនមិនដែលចាប់អារម្មណ៍ថា មុខវិជ្ជាដែលពួកគេកំពុងតែរៀនពីគ្រូ គឺជាមុខវិជ្ជាដែលគ្រូទើបតែបង្រៀនលើកដំបូងនោះទេ ហើយក៏មិនបានដឹងដែរថា គ្រូនោះចេះមិនលើសពួកគេប៉ុន្មាននោះដែរ។ ប៉ុន្តែជាទូទៅ គ្រូៗដឹងពីមេរៀនដែលគាត់នឹងត្រូវបង្រៀន ដូច្នេះគាត់អាចរៀបចំទុកជាមុន ហើយគាត់ក៏មាន បទពិសោធន៍ខ្លះៗក្នុងការឆ្លើយសំណួរពិបាកៗដែរ។ ប្រសិនបើលោកអ្នកកំពុងតែស្ថិតនៅក្នុងកាលៈទេសៈដូចនឹងគ្រូបង្រៀននៅឯមហាវិទ្យាល័យ ទាក់ទងទៅនឹងការបង្រៀនកូនៗពីព្រះគម្ពីរ ចូរធ្វើដូចពួកគេចុះ ដោយរៀបចំមេរៀនឲ្យបានមុនមួយថ្ងៃ មុននឹងត្រូវបង្រៀន។ ឱ! ឪពុកម្ដាយរាល់គ្នាអើយ កុំឲ្យភ្លេចឲ្យសោះឡើយថា ព្រះជាម្ចាស់បានប្រគល់ទំនួលខុសត្រូវក្នុងការបង្រៀនកូនៗដល់អ្នករាល់គ្នា ហើយក៏ត្រូវចាំដែរថា ទំនួលខុសត្រូវនោះ ធំជាងការដែលគ្រូមហាវិទ្យាល័យបង្រៀននិស្សិតទៅទៀត។
ទីពីរ លោកអ្នកមិនគួរអត់បង្រៀនកូនៗដោយសារតែលោកអ្នកមិនមានចំណេះដឹងអំពីព្រះគម្ពីរគ្រប់គ្រាន់នោះទេ ពីព្រោះលោកអ្នកនៅតែអាចបង្រៀនមេរៀនខ្លះៗបាន នៅពេលដែលលោកអ្នកមិនអាចឆ្លើយសំណួរពិបាកៗរបស់កូនៗ។ ឧទាហរណ៍ លោកអ្នកអាចបង្រៀនពួកគេឲ្យចេះបន្ទាបខ្លួន។ ប្រសិនបើលោកអ្នកមានមូលដ្ឋានមាំមួនក្នុងព្រះជាម្ចាស់ហើយ នោះលោកអ្នកនឹងហ៊ានបង្ហាញដល់កូនៗថា លោកអ្នកមិនចេះ ជាជាងអួតខ្លួន ឬក៏ធ្វើជាមនុស្សលាក់ពុតនោះ ឡើយ។ ពេលនោះកូនៗនឹងចេះបន្ទាបខ្លួនដែរ។ ឧទាហរណ៍មួយទៀត លោកអ្នកអាចបង្រៀនឲ្យកូនៗចេះបង្កើត យុទ្ធសាស្ត្រខ្លះៗក្នុងការស្វែងរកចម្លើយលើសំណួរពិបាកៗដែលពួកគេមាន។ ឱ! ឪពុកម្ដាយរាល់គ្នាអើយ កុំបណ្ដោយឲ្យការមិនចេះព្រះគម្ពីររារាំងអ្នករាល់គ្នាមិនឲ្យបង្រៀនកូនៗនោះឡើយ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យលោកអ្នករីកចម្រើនខាងឯវិញ្ញាណ ហើយទ្រង់ក៏នឹងជួយលោកអ្នកឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវដែរ។
ចុះបើកូនៗខ្ញុំមិនស្ដាប់បង្គាប់វិញ?
ជំទាស់ចុងក្រោយដែលឪពុកម្ដាយតែងតែជួបប្រទះគឺថា កូនៗរបស់ខ្ញុំមិនចេះអង្គុយស្ងៀមយូរ ដើម្បីស្ដាប់ព្រះបន្ទូល ឬក៏ទទួលការប្រៀនប្រដៅឡើយ។ នេះជាបញ្ហាដ៏ធំមួយក្នុងព្រះវិហារសព្វថ្ងៃនេះ។ ប្រពន្ធខ្ញុំ និងខ្ញុំតែងតែឃើញបញ្ហានេះម្ដងហើយម្ដងទៀតនៅពេលដែលយើងទៅលេងកន្លែងផ្សេងៗ។ យើងឃើញឪពុកម្ដាយជាច្រើនមិនចេះមើលកូនៗគេសោះ ជាពិសេសនៅពេលដែលកូនៗមិនស្ដាប់បង្គាប់។ វាជារឿងដ៏គួរឲ្យចម្លែកណាស់ចំពោះយើង ពេលដែលយើងបានឃើញឪពុកម្ដាយដែលមានភាពវៃឆ្លាត មានការតាំងចិត្តយ៉ាងមុតមាំ ហើយមានសន្ដានចិត្តល្អស្ទើរគ្រប់ជំពូក ប៉ុន្តែពួកគេបែរជាមិនចេះមើលកូនៗនៅពេលដែលកូនមិនស្ដាប់បង្គាប់។ មើលទៅវាហាក់ដូចជាឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទជាច្រើនជឿថា គេមិនអាចរំពឹងឲ្យកូនៗគេស្ដាប់បង្គាប់បានឡើយ។
ខ្ញុំជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះស្ថានភាពត្រង់នេះចង់បង្រៀនថា ឪពុកម្ដាយត្រូវតែស្ដារនូវការរំពឹងឲ្យកូនៗស្ដាប់បង្គាប់ខ្លួនឡើងវិញ ហើយត្រូវស្ដារការដាក់វិន័យលើកូនៗឲ្យបានម៉ឺងម៉ាត់ តែត្រូវធ្វើដោយក្ដីស្រឡាញ់ និងការបន្ទាបខ្លួន ដែលការនេះអាចបណ្ដាលឲ្យកូនៗចេះស្ដាប់បង្គាប់។ បើមើលទៅ តាំងពីបុរាណមក ចរិតលក្ខណៈរបស់កូនៗមិនមានអ្វីខុសគ្នាពីកូនៗនៅពេលបច្ចុប្បន្ននេះឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងកណ្ឌគម្ពីរ សុភាសិត នៅតែពេញដោយប្រាជ្ញាដដែល។ កណ្ឌគម្ពីរ សុភាសិត ១៣:២៤ «អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថាស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា»។ សុភាសិត ១៩:១៨ «ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ…»។ សុភាសិត ២២:១៥ «សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្ដេញសេចក្ដីនោះ ឲ្យបាត់ចេញបាន»។ សុភាសិត ២៣:១៣-១៤ «កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់»។ សុភាសិត ២៩:១៥, ១៧ «រំពាត់ នឹងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្ដោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្ដាយមានសេចក្ដីខ្មាសវិញ…ចូរស្ដីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង»។
នៅពេលដែលកូនមានវ័យចម្រើនធំឡើងល្មម ដើម្បីអាចយល់ពីការបង្គាប់បញ្ជារបស់លោកអ្នក ហើយមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើតាមបាន នោះលោកអ្នកដែលជាឪពុកម្ដាយគួរបង្រៀនកូនៗឲ្យចេះធ្វើអ្វីដែលត្រឹមត្រូវ ហើយក៏ត្រូវដាក់ពិន័យកូនៗនៅពេលដែលពួកគេមិនព្រមស្ដាប់បង្គាប់ រហូតទាល់តែពួកគេចេះស្ដាប់បង្គាប់មិនថានៅផ្ទះក្ដី ឬនៅមជ្ឈដ្ឋានខាងក្រៅក្ដី។ ប្រសិនបើខ្ញុំនិយាយសំដៅលើអ្នករំលោភបំពានសិទ្ធិកុមារ ខ្ញុំនឹងនិយាយច្រើនចំណុចបន្ថែមទៀត។ ការឱបថើប ការស្រឡាញ់ ការអត់ទោស និងការចំណាយពេលវេលាជាមួយកូនៗ វាសំខាន់ដូចជាការប្រៀនប្រដៅដែរ។ តាមធម្មតា ឪពុកម្ដាយដែលមានវ័យចន្លោះពី២០-៣០ឆ្នាំមិនខ្វល់ចំពោះកូនៗក្នុងការមិនស្ដាប់បង្គាប់ទេ តែដល់ពេលគេខ្វល់វិញ នោះវាហួសពេលបាត់ទៅហើយ ហើយពេលគេចង់ដាក់ពិន័យកូនៗនោះក៏ពុំសូវម៉ឺងម៉ាត់ និងទៀងទាត់ដែរ។ ចំពោះខ្ញុំ ខ្ញុំមិនមានជំនាញផ្នែកចិត្តសាស្ត្រអំពីចិត្តក្មេងៗនោះទេ។ ខ្ញុំគ្រាន់តែនិយាយចេញពីការយល់ដឹងរបស់ខ្ញុំទៅលើបទគម្ពីរ ពីបទពិសោធដែលខ្ញុំមានជាមួយកូនប្រុសទាំងបីរបស់ខ្ញុំ និងពីការសង្កេតមើលលើអ្នកដទៃតែប៉ុណ្ណោះ។
ខ្ញុំសុំបញ្ចប់មេរៀននេះជាមួយនឹងដំបូន្មានពីរ និងការសន្យាមួយ។ ដំបូន្មានទីមួយ សូមលោកឪពុកអ្នកម្ដាយ ពិចារណាឲ្យបានម៉ត់ចត់ទៅលើកម្រិតនៃការបង្រៀនកូនៗពីព្រះជាម្ចាស់ និងការបង្រៀនឲ្យពួកគេស្ដាប់បង្គាប់លោកអ្នកដែលជាតំណាងរបស់ទ្រង់ថាមានលក្ខណៈខ្លាំងក្លាប៉ុណ្ណា។ ដំបូន្មានទីពីរ ឪពុកម្ដាយទាំងអស់មានទំនួលខុសត្រូវយ៉ាងចាំបាច់បំផុតក្នុងការបង្ហាត់បង្រៀនកូនៗខ្លួនអំពីព្រះជាម្ចាស់ និងអំពីក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ដែរ (នេះហើយជាចំណុចចម្បងនៃមេរៀននេះ)។ ការបង្រៀនឲ្យពួកគេស្គាល់ពីការនេះគឺសំខាន់ណាស់ ព្រោះវាទាក់ទងនឹងការសង្គ្រោះរបស់ពួកគេ។ ដូច្នេះ ខ្ញុំសុំបញ្ចប់មេរៀនដោយលើកយកសេចក្ដីសន្យាពីកណ្ឌគម្ពីរ សុភាសិត ២៣:២៤-២៥ «ឪពុកនៃមនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានសេចក្ដីអំណរដោយសារកូននោះ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្ដាយឯងបានរីករាយចុះ ហើយឲ្យអ្នកដែលសំរាលឯងមកនោះមានចិត្តសប្បាយផង»។
សូមព្រះជាម្ចាស់បំពេញគ្រួសារយើងជាមួយនឹងអំណរបែបនេះឲ្យបានរៀងរហូតតទៅ!
I am so proud of you to share this lesson to us and help us to pray to God the most high for us how to lead our kids to know him and hope in him through his spirit.
God bless you