Christian Family pdf download
នេះគឺជាមេរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ។
កាលដើមដំបូង ព្រះបានបង្កើតគ្រប់ទាំងអស់ ហើយទ្រង់មានសិទ្ធិគ្រប់គ្រងលើទាំងអស់ដែលទ្រង់បង្កើតមក។ យើងបានបះបោរប្រឆាំងនឹងព្រះ ហើយយើងសមនឹងទទួលការវិនិច្ឆ័យរបស់ទ្រង់។ ព្រះមិនអាចទទួលយកមនុស្ស ដែលមិនស្អាត និងបានបះបោរប្រឆាំងនឹងទ្រង់បានឡើយ។ ទ្រង់ត្រូវតែដាក់ទោស។ ប៉ុន្តែដោយសារទ្រង់ស្រលាញ់យើង នោះទ្រង់បានចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់អោយមកក្នុងលោកិយ ដើម្បីសុគតនៅលើឈើឆ្កាង និងរស់ពីសុគតឡើងវិញ ដើម្បីអោយអស់អ្នកណាដែលជឿដល់ទ្រង់ បានសង្គ្រោះនិងទទួលជីវិតអស់កល្បជានិច្ច។ នៅថ្ងៃមួយ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញដើម្បីជំនុំជំរះមនុស្សគ្រប់រូប ហើយបង្កើតគ្រប់យ៉ាងជាថ្មីវិញ។ អស់អ្នកណា ដែលបានទុកចិត្តដល់ព្រះយេស៊ូវ អាចចូលទៅក្នុងការបង្កើតថ្មីនេះ ដែលជាស្ថានបរមសុខ។
ខ្ញុំបានសរសេរថា នេះគឺជាមេរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ។ បើដូច្នេះមែន តើមូលហេតុអ្វីបានជាខ្ញុំសង្ខេបដំណឹងល្អទៅវិញ? មូលហេតុគឺដើម្បីកែការយល់ខុសអំពីដំណឹងល្អ និងការយល់ខុសអំពីគ្រួសារគ្រីស្ទបរិស័ទ។ កំហុសមួយដែលមានជាញឹកញាប់គឺថា មនុស្សគិតថា ដំណឹងល្អគ្រាន់តែជាព្រះរាជសារអំពីសេចក្តីសង្គ្រោះប៉ុណ្ណោះ ដូច្នេះហើយយើងប្រកាសដំណឹងល្អ ដើម្បីអោយមនុស្សអាចជឿ ប៉ុន្តែគេភ្លេចអំពីដំណឹងល្អ នៅពេលយើងចាប់ផ្តើមគិតអំពីបញ្ហាខុសៗគ្នានៅក្នុងការរស់នៅរបស់គ្រីស្ទបរិស័ទ។ ដូច្នេះ មនុស្សអាចគិតថា ដំណឹងល្អគ្រាន់តែជាព្រះរាជសារដើម្បីទៅស្ថានសួគ៌ ប៉ុន្តែនៅពេលយើងនិយាយអំពីប្រធានបទផ្សេងៗទៀត ដូចជាគ្រួសារ នោះយើងបោះដំណឹងល្អចោល។ យើងមិនគួរធ្វើដូច្នេះទេ ពីព្រោះទស្សនៈនេះមិនមែនជាទស្សនៈរបស់ព្រះគម្ពីរឡើយ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែយកដំណឹងល្អរបស់ព្រះគ្រីស្ទជាចំណុចកណ្តាលនៃគំនិតទាំងអស់របស់យើង រួមទាំងការយល់របស់យើងអំពីគ្រួសារផងដែរ។
ដំណឹងល្អរបស់ព្រះគ្រីស្ទមិនគ្រាន់តែជាចំណុចកណ្តាលនៃគោលជំនឿ ឬសេចក្តីសង្គ្រោះរបស់យើងប៉ុណ្ណោះ ប៉ុន្តែលើសពីនេះទៅទៀតដំណឹងល្អគឺជាចំណុចកណ្តាលសម្រាប់ ប្រធានបទផ្សេងៗទៀត។
បទគម្ពីរសំខាន់ៗមួយចំនួន។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តិមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ដើម្បីឱ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ។ ឪពុករាល់គ្នាអើយ កុំឱ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។ (អេភេសូរ ៦:១-៤)
នៅក្នុងបទគម្ពីរនេះ តួនាទីរបស់ឪពុកគឺត្រូវអប់រំកូនៗរបស់ខ្លួននៅក្នុងព្រះអម្ចាស់។
តែខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃ បុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយ សិរសានៃព្រះគ្រីស្ទ គឺជាព្រះ (១កូរិនថូស ១១:៣)។
ពួកស្រីៗ អើយ ចូរចុះចូលចំពោះប្តីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់ ពួកប្រុសៗ អើយ ចូរស្រឡាញ់ប្រពន្ធចុះ កុំឱ្យមានចិត្តជិនឆ្អន់ឡើយ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង ឱឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ (កូល៉ុស ៣:១៨-២១)។
មនុស្សមួយចំនួនត្អូញត្អែរថា វាមិនត្រឹមត្រូវដែលបង្រៀនថា បុរសគឺក្បាលនៃស្ត្រី ពីព្រោះសេចក្តីបង្រៀននេះផ្តល់អំណាចដល់បុរសអោយគ្រប់គ្រងនិងកៀបសង្កត់លើស្ត្រី។ ដូច្នេះ ពួកគេនិយាយថា សេចក្តីបង្រៀននេះគឺជាគ្រោះថ្នាក់សម្រាប់ស្ត្រី។ ប៉ុន្តែ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់លាស់ថា បុរសគឺជាក្បាលនៃស្ត្រី ប៉ុន្តែយើងត្រូវតែយល់អោយបានច្បាស់នូវអ្វីដែលព្រះគម្ពីរចង់ផ្តល់អត្ថន័យដល់សេចក្តីបង្រៀននេះ។
យោងតាមព្រះគម្ពីរ តើអ្នកណាគឺជាក្បាលនៃគ្រួសារគ្រីស្ទបរិស័ទ? ជារឿយៗ នៅពេលគ្រីស្ទបរិស័ទបានអាន១កូរិនថូស ១១:៣ ពួកគេនឹងឆ្លើយថា «បុរស (ប្តី)» ប៉ុន្តែខនេះមិនបាននិយាយថា ប្តីគឺជាក្បាលនៃគ្រួសារឡើយ។ ខនេះនិយាយថា បុរសគឺក្បាលរបស់ស្ត្រី ប៉ុន្តែព្រះគ្រីស្ទគឺជាក្បាលនៃបុរសទាំងអស់វិញ។ ដូច្នេះ សម្រាប់គ្រីស្ទបរិស័ទ យើងទទួលស្គាល់ថា ប្ដីមិនមែនជាអ្នកដែលមានអំណាចខ្ពស់ជាងគេនៅក្នុងគ្រួសារទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ ចំណុចនេះមានការអនុវត្តសំខាន់ៗជាច្រើន។
ការនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រីមិនមែនបង្រៀនថា បុរសមានសិទ្ធិកៀបសង្កត់ស្ត្រីទេ ប៉ុន្តែបង្រៀនថា បុរសមានតួនាទីដឹកនាំស្ត្រី។ ប៉ុន្តែគ្រប់ពេលដែលយើងគិតអំពីការដឹកនាំ សំនួរសំខាន់មួយ ដែលយើងគួរតែសួរគឺ «ដឹកនាំទៅឯណា?»។ ប្រសិនបើបុរស/ប្តីមានតួនាទីដឹកនាំគ្រួសាររបស់គាត់ អញ្ចឹងគាត់ដឹកនាំគ្រួសាររបស់គាត់ទៅណា? ទៅរកអ្នកណា? ចម្លើយ៖ មិនមែនដឹកនាំទៅឯគាត់ទេ ប៉ុន្តែទៅ ឯព្រះគ្រីស្ទ ដែលជាអ្នកមានអំណាចខ្ពស់បំផុតនៅក្នុងគ្រួសារ ហើយជាក្បាលរបស់បុរស។
តើបុរសត្រូវតែធ្វើអ្វីដើម្បីដឹកនាំគ្រួសារទៅឯព្រះគ្រីស្ទ?
ដោយសារព្រះគ្រីស្ទគឺជាក្បាលនៃបុរស ហើយប្ដីត្រូវតែដឹកនាំគ្រួសាររបស់គាត់ទៅឯព្រះគ្រីស្ទ (បណ្តុះបណ្តាល និងអប់រំ ពួកគេនៅក្នុងព្រះអម្ចាស់) នោះប្តី/ឪពុកត្រូវតែដឹកនាំគ្រួសាររបស់គាត់ទៅឯព្រះគ្រីស្ទ ដោយគាត់ដើរតាមព្រះគ្រីស្ទ គឺដោយការចុះចូលចំពោះក្បាលរបស់គាត់ ដែលជាព្រះគ្រីស្ទ។ នេះមានន័យថា បុរសដឹកនាំដោយការដើរតាម ហើយគាត់ដឹកនាំដោយការចុះចូល។ គោលការណ៍ដែល ដឹកនាំដោយការដើរតាម និងគ្រប់គ្រងដោយការចុះចូលនេះ គឺជាគោលការណ៍សំខាន់នៅក្នុងព្រះគម្ពីរ។ យើងនឹងមើលឧទាហរណ៍ពីរ៖
១. នៅក្នុង១កូរិនថូស ១១:១ ប៉ុលសរសេរថា «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។ តើហេតុអ្វីប៉ុលគឺជាអ្នកដឹកនាំគ្រីស្ទបរិស័ទដ៏ល្អម្នាក់? ពីព្រោះគាត់គឺជាអ្នកដើរតាមដ៏ល្អម្នាក់។ គាត់ដឹកនាំមនុស្សទៅឯព្រះគ្រីស្ទដោយការដើរតាមព្រះគ្រីស្ទ។
២. នៅក្នុងភីលីព ២:៥-១១ យើងឃើញថា ព្រះវរបិតាបានប្រទានអោយព្រះគ្រីស្ទនូវនាមលើសអស់ទាំងនាម ដែលទ្រង់គឺជាព្រះអម្ចាស់លើទាំងអស់ ហើយគ្រប់ទាំងជង្គង់ត្រូវលុតចុះនៅចំពោះទ្រង់។ តើហេតុអ្វីព្រះវរបិតាបានប្រទានសិទ្ធិនេះអោយទ្រង់គ្រប់គ្រង? បទគម្ពីរនេះបង្ហាញថា គឺពីព្រោះទ្រង់បានចុះចូលចំពោះព្រះវរបិតានៃស្ថានសួគ៌របស់ទ្រង់ សូម្បីដល់សេចក្តីស្លាប់នៅលើឈើឆ្កាងផង ដូច្នេះព្រះវរបិតាបានប្រទាននាមដ៏ខ្ពស់បំផុតដល់ទ្រង់។
ព្រះគ្រីស្ទមាននាមលើសអស់ទាំងនាម គ្រប់គ្រងលើទាំងអស់ ពីព្រោះទ្រង់បានចុះចូលចំពោះព្រះវរបិតានៃស្ថានសួគ៌របស់ទ្រង់។ ដូច្នេះ យើងឃើញមានឋានន្តរមួយនៅក្នុងទំនាក់ទំនងព្រះត្រៃឯក គឺព្រះវរបិតាបង្គាប់ព្រះរាជបុត្រា ហើយព្រះរាជបុត្រាស្តាប់បង្គាប់តាម។ ដូចគ្នាផងដែរ នៅក្នុងគ្រួសារក៏មានទំនាក់ ដែលមានឋានន្តរដែរ។ ដូចជានៅក្នុងព្រះ ទំនាក់ទំនងទាំងនោះពោរពេញដោយសេចក្តីស្រឡាញ់ បើទោះជាប្ដីមានឋានន្តរក៏ដោយ ហើយគ្រួសារក៏ត្រូវតែមានទំនាក់ទំនង ដែលពោរពេញដោយសេចក្តីស្រឡាញ់ផងដែរ បើទោះប្ដីជាមានឋានន្តរក៏ដោយ។
នៅសព្វថ្ងៃនេះ មានសេចក្តីបង្រៀនជាច្រើននៅក្នុងចំណោមគ្រីស្ទបរិស័ទអំពី «ភាពជាអ្នកដឹកនាំជាអ្នកបម្រើ» គឺប្តីដឹកនាំប្រពន្ធខ្លួនដោយការបម្រើពួកគេ។ នេះគឺជាការពិត ប៉ុន្តែយើងត្រូវប្រយ័ត្នកុំប្រើសេចក្តីពិតនេះក្នុងផ្លូវខុសអោយសោះ។ ពេលខ្លះសេចក្តីបង្រៀនអំពី «ភាពជាអ្នកដឹកនាំជាអ្នកបម្រើ» ហើយប្តីបម្រើប្រពន្ធរបស់ខ្លួនបន្ថយអំណាចរបស់ប្តី ដែលជាក្បាល ដោយការបញ្ចុះគាត់មកជាអ្នកបម្រើម្នាក់។ គោលបំណងដែលនៅពីខាងក្រោយសេចក្តីបង្រៀននេះគឺ ដើម្បីកុំអោយប្តីកៀបសង្កត់ប្រពន្ធរបស់ខ្លួន ហើយមនុស្សខ្លះមិនចូលចិត្តឋានន្តរទេ។ ពិតមែនហើយ ប្តីត្រូវតែបម្រើប្រពន្ធរបស់ខ្លួន ហើយមិនកៀបសង្កត់ប្រពន្ធនោះទេ ប៉ុន្តែតើប្តីបំរើប្រពន្ធរបស់ខ្លួនយ៉ាងដូចម្តេច? របៀបមួយដែលប្តី/ឪពុកបំរើគ្រួសាររបស់ខ្លួននោះគឺដោយការទទួលយកអំណាចរបស់ខ្លួន ដែលជាក្បាល ហើយប្រើអំណាចនោះដឹកនាំគ្រួសារ។ ប៉ុន្តែគាត់មិនដឹកនាំពួកគេទៅឯខ្លួនគាត់នោះទេ ប៉ុន្តែដឹកនាំទៅឯព្រះគ្រីស្ទវិញ ហើយដូចជាយើងបានឃើញពីខាងលើមកថា របៀបមួយដែលបុរសធ្វើនោះគឺដោយការចុះចូលចំពោះព្រះគ្រីស្ទ ដែលជាក្បាលរបស់គាត់។ ប្រសិនបើយើងនិយាយអំពី «ភាពជាអ្នកដឹកនាំជាអ្នកបំរើ» ដើម្បីបន្ថយអំណាចរបស់ប្តី/ឪពុក នោះ យើងកំពុងបន្ថយសមត្ថភាពរបស់បុរសក្នុងការបម្រើគ្រួសាររបស់គាត់នៅក្នុងរបៀបដែលព្រះបានសព្វព្រះទ័យហើយ។
ប្តី និងប្រពន្ធ
នៅក្នុងលោកុប្បត្ដិ ២:៨-៩, ១៥-២៥ យើងកត់សម្គាល់ថា ព្រះបានបង្កើតបុរសមកមុន ហើយស្ត្រីគឺជាអ្នកជំនួយដ៏ល្អម្នាក់សម្រាប់បុរស។ ដូច្នេះ យើងឃើញថា ព្រះបានប្រទានតួនាទីខុសៗគ្នាដល់ស្នាព្រះហស្តរបស់ទ្រង់តាំងពីដើមដំបូងម្ល៉េះ។ ការមានតួនាទីខុសៗគ្នានេះនៅតែជាសេចក្តីពិតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
ស្ត្រីរាល់គ្នាអើយ ចូរឱ្យចុះចូលចំពោះប្តីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្តីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឱ្យប្រពន្ធចុះចូលនឹងប្តីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ ។
បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គជំនួយផង ដើម្បីឱ្យទ្រង់បានញែកពួកជំនុំជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឱ្យដូចឡើយ គឺឱ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ ត្រូវឱ្យប្តីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ និងសាច់ឆ្អឹងទ្រង់ «ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង ២ នោះនឹងត្រឡប់ជាសាច់តែ ១ វិញ» សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ ប៉ុន្តែ ត្រូវឱ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្តីដែរ។ (អេភេសូរ ៥:២២-៣៣)
នៅក្នុងអេភេសូរ ៥:២២-២៣ ប្តីនិងប្រពន្ធទទួលសេចក្តីបង្គាប់ខុសៗគ្នា ពីព្រោះពួកគេមានតួនាទីខុសៗគ្នា។ សូមកត់សម្គាល់ថា ប៉ុលមិនប្រាប់ប្តីថា «បង្គាប់ប្រពន្ធរបស់អ្នកអោយចុះចូលចំពោះអ្នក» ទេ ប៉ុន្តែប៉ុលប្រាប់ថា «ចូរអោយស្រលាញ់ប្រពន្ធរបស់អ្នក»។ គាត់ក៏មិនសរសេរទៅប្រពន្ធថា «ប្រាប់ប្តីរបស់អ្នកអោយស្រលាញ់អ្នក» ទេ ប៉ុន្តែប៉ុលសរសេរថា «ចូរអោយចុះចូលចំពោះប្តីរបស់អ្នក»។ គាត់ណែនាំប្តីនិងប្រពន្ធអោយប្រាកដច្បាស់ថា ពួកគេត្រូវតែបំពេញតួនាទីផ្ទាល់ខ្លួនចំពោះប្តីប្រពន្ធរបស់ពួកគេ។ ដោយសារអំពើបាប ជារឿយៗយើងអានបទគម្ពីរនេះ ហើយផ្ដោតលើអ្វីដែលវានិយាយថា ប្តីឬប្រពន្ធរបស់យើងគួរតែធ្វើសម្រាប់យើង មិនមែនផ្ដោតលើអ្វីដែលយើងគួរតែធ្វើសម្រាប់ប្តីឬប្រពន្ធរបស់យើងទេ។ ទង្វើនេះផ្ទុយនឹងគោលបំណងរបស់បទគម្ពីរនេះហើយ។
សូមកត់សម្គាល់ថា នៅក្នុងអេភេសូរ ជំពូក៥ ទំនាក់ទំនងរវាងប្តីនិងប្រពន្ធគឺរូបភាពនៃទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំរបស់ទ្រង់។ ប្តីត្រូវតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចជាព្រះគ្រីស្ទស្រឡាញ់ពួកជំនុំដែរ។ ដូច្នេះ នៅពេលប្រពន្ធត្រូវចុះចូលចំពោះប្តីរបស់ខ្លួន នោះមិនមែនជាការកៀបសង្កត់នោះទេ ប៉ុន្តែគឺជាការចុះចូលចំពោះការដឹកនាំ ដែលប្តីកំពុងដឹកនាំខ្លួនទៅឯព្រះគ្រីស្ទ ការស្រឡាញ់ប្រពន្ធ ដូចជាព្រះគ្រីស្ទស្រឡាញ់ពួកជំនុំ ការថ្វាយប្រពន្ធ ដែលបរិសុទ្ធ ទៅកាន់ព្រះគ្រីស្ទ ហើយការជួយរក្សាគ្រួសារអោយបានបរិសុទ្ធ។ ការនេះជួយយើងអោយយល់ថា កូល៉ុស ៣:១៨-២១ គឺជាសេចក្តីបង្គាប់ល្អ។
ដូច្នេះ យើងបានឃើញថា ប្តី/ឪពុកមានតួនាទីដឹកនាំគ្រួសាររបស់ខ្លួនទៅឯព្រះគ្រីស្ទ ដែលជាសិរសាដ៏ខ្ពស់បំផុត។ ប៉ុន្តែ នៅពេលយើងនិយាយអំពីឪពុកដឹកនាំកូនៗរបស់ខ្លួនទៅឯព្រះអម្ចាស់ នោះម្តាយគឺជាដៃគូមានចំណែកនៅក្នុងការនេះផងដែរ។ ប្រពន្ធមានតួនាទីដឹកនាំកូនៗរបស់ពួកគេទៅឯព្រះអម្ចាស់ ហើយពួកគេជួយប្តីរបស់ខ្លួននៅក្នុងកាតព្វកិច្ចនេះ។ ការអនុវត្តមួយចេញពីចំណុចនេះគឺថា ប្រពន្ធអាចកែប្រែប្តីបាន។ ប្រសិនបើប្តីមិនរស់នៅក្នុងរបៀបចុះចូលចំពោះព្រះគ្រីស្ទ ដែលជាសិរសារបស់ខ្លួន នោះប្រពន្ធជួយដោយបង្ហាញប្រាប់ប្តីថា គាត់គួរតែលន់តួនិងប្រែចិត្ត។
គ្រួសារត្រូវយកព្រះបន្ទូលធ្វើជាគ្រឹះ
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិត អញបានបណ្តាលឱ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឱ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ ហើយឱ្យឯងបាននិទានប្រាប់ដល់ពួកកូនចៅឯងពី ការដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ នឹងពីសំគាល់ទាំងប៉ុន្មានដែលអញ បានសំដែងនៅក្នុងពួកគេ យ៉ាងនោះឯងនឹងបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត (និក្ខមនំ ១០:១-២)។
ប៉ុន្តែត្រូវឱ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឱ្យ មែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបាន ឃើញ ហើយក្រែងនៅក្នុងជីវិតឯងការទាំងនោះបានឃ្លាត ចេញពីចិត្តឯងទៅ ត្រូវឱ្យឯងប្រាប់ពីការទាំងនោះដល់កូន ចៅឯងឱ្យដឹងតរៀងទៅវិញ គឺពីថ្ងៃដែលឯងបានឈរ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុង កាលដែលទ្រង់មានបន្ទូលមកអញថា ចូរប្រមូលពួកបណ្តា ជនមកឯអញ នោះអញនឹងឱ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឱ្យគេរៀនឱ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិត ដែលគេរស់នៅលើផែនដី ហើយឱ្យគេបានបង្រៀនដល់កូន ចៅគេថែមទៀត (ចោទិយកថា ៤:៩-១០)។
សេចក្តីទាំងនេះដែលអញបង្គាប់ ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវ ឱ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯងព្រមទាំង និយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយ ដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង (ចោទិយកថា ៦:៦-៧)។
ឯមនុស្សរស់គឺជាមនុស្សហើយ ដែលនឹង សរសើរដល់ទ្រង់ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្តីពិត របស់ទ្រង់ឱ្យកូនស្គាល់តទៅ (អេសាយ ៣៨:១៩)។
សូមមើល ចោទិយកថា ៦:១-២៥, ១១:១៦-២១, ៣២:៤៥-៤៦ ផងដែរ។
តើគ្រួសារគ្រីស្ទបរិស័ទសព្វថ្ងៃអនុវត្តបទគម្ពីរនីមួយៗខាងលើយ៉ាងដូចម្តេច?
ឪពុកម្តាយនៅក្នុងអ៊ីស្រាអែលត្រូវតែបង្រៀនកូនៗរបស់ពួកគេអំពីព្រះដែលរួមមាន
១. អ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ គឺការប្រោសលោះពួកគេចេញពីអេស៊ីព្ទ (ចោទិយកថា ៦:២១-២៣)
២. អ្វីដែលពួកគេត្រូវតែធ្វើសម្រាប់ព្រះ គឺជឿនិងធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ។
ឪពុកម្តាយជាគ្រីស្ទបរិស័ទត្រូវតែបង្រៀនកូនៗរបស់ពួកគេអំពីព្រះ៖
១. អ្វីដែលព្រះបានធ្វើសម្រាប់យើង គឺការសង្គ្រោះយើង តាមរយៈព្រះគ្រីស្ទចេញពីអំពើបាប (លើកលែងទោសនិងប្រទានជីវិតថ្មី)
២. អ្វីដែលយើងត្រូវតែធ្វើសំរាប់ព្រះ គឺជឿនិងធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ។
ដូច្នេះ ឪពុកម្តាយជាគ្រីស្ទបរិស័ទត្រូវតែបង្រៀនព្រះគម្ពីរដល់កូនៗរបស់ខ្លួន។ តើអ្នកអាចធ្វើយ៉ាងម៉េច ដើម្បីអោយប្រាកដថា ព្រះបន្ទូលរបស់ព្រះគឺជាចំណុចកណ្តាលនៃគ្រួសាររបស់អ្នក? នេះគឺជារបៀបមួយចំនួន៖
- អានព្រះគម្ពីរជាមួយគ្នាជារៀងរាល់ថ្ងៃ។ ដើម្បីធ្វើការនេះបាន ជាការល្អយើងកំណត់ពេលវេលាក្នុងថ្ងៃនីមួយៗ។ឧទាហរណ៍ ពេលបន្ទាប់ពីអាហារល្ងាច។
- លើកទឹកចិត្តកូនៗរបស់អ្នកអោយអានព្រះគម្ពីរដោយខ្លួនឯងរបស់ពួកគេ។ ឪពុកម្តាយជាគ្រីស្ទបរិស័ទគួរតែចង់អោយកូនៗរបស់ខ្លួនក្លាយជាអ្នកអានល្អ ដើម្បីអោយពួកគេអាចអានព្រះគម្ពីរបានល្អ។
- អធិស្ឋានជាមួយកូនៗរបស់អ្នកជារៀងរាល់ថ្ងៃ ហើយនៅពេលអ្នកអធិស្ឋាន ទុកអោយព្រះគម្ពីរផ្តល់អាទិភាពសម្រាប់សេចក្តីអធិស្ឋានរបស់អ្នក។ ឧទាហរណ៍ អធិស្ឋានជាមួយកូនៗរបស់អ្នកថា ព្រះគ្រីស្ទនឹងបានតម្កើងឡើងនៅក្នុងជីវិតរបស់យើង។ អធិស្ឋានថា នឹងមានមនុស្សជាច្រើនទៀតឮអំពីព្រះយេស៊ូវ ដើម្បីអោយពួកគេបានជីវិតអស់កល្បជានិច្ច…។ល។
- ប្រើអ្វីដែលយើងមើលឃើញនៅក្នុងសង្គម ដើម្បីចាប់ផ្តើមការសន្ទនាអំពីអ្វីដែលព្រះមានបន្ទូលនៅក្នុងព្រះគម្ពីរ។ ឧទាហរណ៍ នៅពេលយើងមើលឃើញការផ្សាយពាណិជ្ជកម្មដោយមានស្រីៗស្លៀកពាក់សិចស៊ី នោះយើងអាចប្រើវាដើម្បីចាប់ផ្តើមការសន្ទនាអំពីអ្វីដែលព្រះគម្ពីរនិយាយអំពីបញ្ហាផ្លូវភេទ ការស្លៀកពាក់ត្រឹមត្រូវ…។ល។ លោកិយនឹងអូសទាញកូនៗរបស់យើង ដូច្នេះពួកគេត្រូវរឹងមាំនៅក្នុងព្រះបន្ទូល។
ការអនុវត្ត៖ ការត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍
យោងតាមអ្វីដែលយើងបានរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ តើគ្រីស្ទបរិស័ទបុរសឬស្ត្រីនៅលីវម្នាក់គួរតែធ្វើអ្វីដើម្បីត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍? ចម្លើយច្បាស់លាស់មួយគឺថា ពួកគេគួរតែកំពុងរីកចម្រើននៅក្នុងភាពពេញវ័យរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទគួតែរីកចម្រើនក្នុងការយល់ព្រះគម្ពីរ ហើយទុកចិត្ត និងស្តាប់បង្គាប់តាមព្រះគម្ពីរ។ ការនេះនឹងជួយពួកគេអោយបំពេញតួនាទីរបស់ពួកគេជាប្តី/ឪពុក និងប្រពន្ធ/ម្តាយ។
ការអនុវត្ត៖ ការជ្រើសរើសដៃគូជីវិត
ប្រសិនបើប្តីប្រពន្ធគឺជាដៃគូនឹងគ្នា នោះពួកគេត្រូវតែមានគោលដៅជីវិតដូចគ្នា ពួកគេត្រូវតែកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅដូចគ្នា។ ប្រសិនបើប្តីប្រពន្ធកំពុងធ្វើដំណើរជីវិតបញ្ច្រាសទិសគ្នា នោះពួកគេមិនអាចជាដៃគូនឹងគ្នា និងជួយគ្នាទៅវិញទៅមកបានទេ ប៉ុន្តែពួកគេទំនងជាបាក់បែកគ្នា។ ដូច្នេះ វាជាការត្រឹមត្រូវ ក្នុងការជ្រើសរើសមនុស្សម្នាក់ មកធ្វើជាដៃគូល្អនៅក្នុងការដឹកនាំគ្រួសារទៅឯព្រះគ្រីស្ទ ហើយម្នាក់នោះត្រូវតែជាគ្រីស្ទបរិស័ទម្នាក់។
សុភាសិតដែលលើកទឹកចិត្តយើង ដើម្បីអោយជ្រើសរើសដោយត្រឹមត្រូវរួមមាន សុភាសិត ១២:៤; ១៥:១៧; ១៩:១៣; ២១:៩, ១៩; ២៧:១៥-១៦។
ការអនុវត្ត៖ ការអនុវត្តដំណឹងល្អនៅក្នុងទំនាក់ទំនងក្នុងគ្រួសាររបស់យើង
នៅក្នុងដំណឹងល្អ យើងមើលឃើញការផ្សះផ្សា ការអត់ទោស សេចក្តីមេត្តាករុណា ព្រះគុណ និងការអត់ធ្មត់។ យើងឃើញថា ព្រះកំពុងបានអត់ទោសដល់យើង មានសេចក្តីមេត្តាករុណាដល់យើង អត់ធ្មត់ចំពោះយើង ហើយយើងគួរតែអនុវត្តការនេះនៅក្នុងទំនាក់ទំនងក្នុងគ្រួសាររបស់យើង។ ដោយសារតាមរយៈព្រះគ្រីស្ទ ព្រះបានអត់ទោសដល់យើង នោះយើងគួរតែអត់ទោសដល់គ្នាទៅវិញទៅមក នៅពេលយើងធ្វើខុសចំពោះគ្នានឹងគ្នាផងដែរ។ ដោយសារព្រះមានការអត់ធ្មត់ចំពោះយើង នោះយើងគួរតែមានការអត់ធ្មត់ចំពោះគ្នាទៅវិញទៅមកដែរ។ ដូច្នេះ នៅពេលយើងអនុវត្តដំណឹងល្អនៅក្នុងទំនាក់ទំនងក្នុងគ្រួសាររបស់យើង នោះវានឹងជួយអោយព្រះប្រទានពរដល់គ្រួសាររបស់យើងអោយមានទំនាក់ទំនងរីករាយ។
ការអនុវត្ត៖ យកព្រះគ្រីស្ទជាស្នូល
តាមរយៈដំណឹងល្អ យើងក៏មើលឃើញផងដែរអំពីគំរូរបស់ព្រះគ្រីស្ទរស់នៅសម្រាប់អ្នកដទៃ និងសេចក្តីបង្គាប់អោយរស់នៅសម្រាប់ព្រះគ្រីស្ទ។ គំរូនេះក៏ជួយនៅក្នុងទំនាក់ទំនងក្នុងគ្រួសាររបស់យើងផងដែរ ពីព្រោះនៅពេលមនុស្សរស់នៅសម្រាប់តែខ្លួនឯង នោះលទ្ធផលគឺភាពវឹកវរ បណ្តាសា និងទំនាក់ទំនងមិនល្អ។ យើងឃើញសេចក្តីពិតនេះនៅក្នុងសង្គម និងនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ហើយនៅក្នុងគ្រួសារទាំងអស់ផងដែរ។ គ្រួសារដែលរស់នៅសម្រាប់ព្រះគ្រីស្ទមានព្រះពរ ពីព្រោះពួកគេមានគោលដៅរួមគ្នា។ កូនៗត្រូវរៀនអោយដឹងថា ពួកគេមិនមែនជាចំណុចកណ្តាលទេ ប៉ុន្តែព្រះគ្រីស្ទគឺជាចំណុចកណ្តាល ដូច្នេះជីវិតមិនគ្រាន់តែជាការញ៉ាំអាហារ និងដើរលេងនោះទេ។
គ្រួសារខ្លះផ្ដោតលើឪពុក គឺការសម្រេចចិត្តត្រូវផ្អែកលើអ្វី ដែលឪពុកចង់បាន។ គ្រួសារខ្លះផ្ដោតលើម្តាយ ហើយការសម្រេចចិត្តត្រូវផ្អែកលើអ្វី ដែលម្តាយចង់បាន។ គ្រួសារខ្លះផ្សោតលើកូនៗ ដែលឪពុកម្តាយធ្វើតាមកូនៗ ជាងកូនៗស្តាប់បង្គាប់តាមឪពុកម្តាយ។ ប៉ុន្តែគ្រួសារគ្រីស្ទបរិស័ទគួរតែផ្ដោតលើព្រះគ្រីស្ទ ដែលការស្តាប់បង្គាប់តាមព្រះគ្រីស្ទសំខាន់ជាងអ្វីដែលឪពុក ឬម្តាយ ឬកូនៗចង់បានទៅទៀត។ នេះគឺជាព្រះពរ ពីព្រោះព្រះគ្រីស្ទគឺជាព្រះអម្ចាស់ ហើយទ្រង់ដឹកនាំជីវិតរបស់យើងបានល្អជាងយើងដឹកនាំខ្លួនឯង។
គ្រួសារមានសារៈសំខាន់ណាស់ ពីព្រោះគ្រួសារគឺជាកន្លែង ដែលកូនៗរៀនស្តាប់បង្គាប់តាម (ចុះចូលនឹង) អ្នកដទៃ មិនមែនរស់សម្រាប់តែខ្លួនឯងឡើយ។ ការរៀនរស់នៅក្រោមអំណាចរបស់ឪពុកម្តាយគឺជាជំហានដ៏ល្អមួយដើម្បីរៀនរស់នៅក្រោមអំណាចរបស់ព្រះ។ វាជាការល្អ និងជាព្រះពរ ដែលមនុស្សរស់នៅក្រោមអំណាចរបស់ព្រះ ហើយកូនៗត្រូវតែមើលឃើញថា ការរស់នៅក្រោមអំណាចល្អគឺជាព្រះពរមួយ។
ការអនុវត្ត៖ សេចក្តីសង្ឃឹមនិងគោលដៅរបស់យើងសម្រាប់កូនៗយើង
តើសេចក្តីសង្ឃឹមបែបណា ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទគួរតែមានសម្រាប់កូនៗរបស់ខ្លួន? តើឪពុកម្តាយជាគ្រីស្ទបរិស័ទមានអាទិភាពត្រឹមត្រូវដែរឬទេ? ព្រះយេស៊ូវបង្រៀនថា៖
នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុក ក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ ដោយអំណរ ដើម្បីនឹងទិញចំការនោះ។ (ម៉ាថាយ ១៣:៤៤)
លោកប៉ុលសរសេរថា៖
ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែល ប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍អោយ បានព្រះគ្រីស្ទវិញ (ភីលីព ៣:៨)។
តើឪពុកម្តាយជាគ្រីស្ទបរិស័ទមានឥរិយាបថបែបនេះឬទេ? តើយើងចង់អោយកូនៗរបស់យើងធ្វើជាគ្រីស្ទបរិស័ទ ហើយទទួលនគរព្រះច្រើនជាងទ្រព្យសម្បត្តិនៅក្នុងលោកិយឬទេ? ប្រសិនបើយើងមានជម្រើសពីរសម្រាប់កូនៗរបស់យើង ជម្រើសទីមួយគឺ គេក្រប៉ុន្តែជាគ្រីស្ទបរិស័ទ ឬជម្រើសទីពីរ គេមានទ្រព្យសម្បត្តិច្រើនប៉ុន្តែមិនមែនជាគ្រីស្ទបរិស័ទ តើយើងនឹងជ្រើសអោយកូនៗរបស់យើងក្រប៉ុន្តែជាគ្រីស្ទបរិស័ទដែរឬទេ? តើការស្គាល់ព្រះយេស៊ូវគឺជាគោលដៅសំខាន់ជាងអ្វីៗផ្សេងទៀតសម្រាប់កូនៗរបស់យើងដែរឬទេ? ប្រសិនបើមិនមែន នោះយើងគួរតែប្រែចិត្ត។
គ្រួសារ និងពួកជំនុំ
ពួកជំនុំគឺជាគ្រួសារនៃព្រះ
រ៉ូម ១:១៣, ១កូរិនថូស ១:១០, កាឡាទី ៤:១២ និង អេភេសូរ ៣:១៤-១៥ បង្ហាញថា គ្រីស្ទបរិស័ទគឺជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ គឺយើងគឺជាគ្រួសាររបស់ព្រះ។
ពួកជំនុំ និងគ្រួសារ
អេភេសូរ ៤:១១-១៦ និងកូល៉ុស ១:២៨ បង្ហាញថា តួនាទីរបស់អ្នកដឹកនាំពួកជំនុំគឺត្រូវប្រកាសពីព្រះគ្រីស្ទ និងដឹកនាំមនុស្សអោយពេញវ័យនៅក្នុងព្រះគ្រីស្ទ។ ដូច្នេះ យើងមើលឃើញថា អ្នកដឹកនាំមានគោលដៅដូចគ្នាជាមួយឪពុកម្តាយដែរគឺ ការដឹកនាំទៅឯព្រះគ្រីស្ទ។ ការនេះជួយពន្យល់អំពី១ធីម៉ូថេ ៣:១-៥។ ប្រសិនបើចាស់ទុំមានតួនាទីស្រដៀងគ្នានឹងឪពុកនៅក្នុងគ្រួសារនោះ ហើយបើគាត់មិនអាចដឹកនាំគ្រួសាររបស់គាត់បាន នោះតើគាត់អាចដឹកនាំពួកជំនុំបានល្អយ៉ាងម៉េច?
ដោយព្រោះទាំងឪពុកម្តាយនិងអ្នកដឹកនាំពួកជំនុំខិតខំដឹកនាំមនុស្សអោយដើរតាមព្រះគ្រីស្ទ ដូច្នេះពួកគេត្រូវជួយគ្នាទៅវិញទៅមក។ ពួកជំនុំគួរតែជួយឪពុកម្តាយអោយអប់រំកូនៗរបស់ពួកគេនៅក្នុងព្រះអម្ចាស់។ ឪពុកម្តាយគួរតែលើកទឹកចិត្តកូនៗរបស់ខ្លួនអោយរីកចម្រើននៅក្នុងព្រះគ្រីស្ទ តាមរយៈការចូលរួមពួកជំនុំល្អមួយ។ នៅពេលកូនៗកាន់តែធំធាត់ទៅៗ នោះឪពុកម្តាយរបស់ពួកគេនឹងមានឥទ្ធិពលលើពួកគេកាន់តែតិចទៅៗដែរ។ ដូច្នេះ ជាការសំខាន់ដែលឪពុកម្តាយរៀបចំកូនៗរបស់ខ្លួនអោយនៅតែរីកចម្រើននៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីពួកគេចាកចេញពីគ្រួសារ ដោយបង្រៀនពួកគេអំពីសារៈសំខាន់នៃការចូលរួមក្នុងពួកជំនុំល្អមួយ ជាកន្លែងដែលពួកគេនឹងបន្តរីកចម្រើនក្នុងព្រះគ្រីស្ទ និងជួយអ្នកដទៃអោយរីកចម្រើនក្នុងព្រះគ្រីស្ទ។
និមិត្តដ៏ល្អប្រសើរ
ចូររៀបរាប់ហេតុការណ៍នេះប្រាប់កូនចៅរបស់អ្នករាល់គ្នា ហើយអោយកូនចៅរបស់អ្នករាល់គ្នារៀបរាប់ប្រាប់កូនចៅរបស់ខ្លួនរួចអោយអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្តទៅកូនចៅនៅជំនាន់ក្រោយៗ។ (យ៉ូអែល ១:៣)
ព្រះអង្គផ្ដល់ដំបូន្មានអោយកូនចៅរបស់លោកយ៉ាកុបព្រះអង្គប្រទានក្រិត្យវិន័យមកអោយពូជពង្សរបស់លោកអ៊ីស្រាអែលព្រះអង្គបង្គាប់បុព្វបុរសរបស់យើងអោយបង្រៀនសេចក្ដីទាំងនោះដល់កូនចៅដើម្បីអោយមនុស្សនៅជំនាន់ក្រោយស្គាល់ដែរហើយអោយកូនចៅដែលនឹងកើតមកបង្រៀនតៗគ្នារហូតទៅ។ ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់មិនភ្លេចពីស្នាព្រះហស្តរបស់ព្រះអង្គហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ (ទំនុកដំកើង ៧៨:៥-៧)
និមិត្តរបស់ព្រះគឺ រាស្ត្ររបស់ទ្រង់នឹងអប់រំកូនៗរបស់ពួកគេអំពីទ្រង់ ប៉ុន្តែលើសពីនេះទៅទៀតនោះគឺ កូនៗរបស់ពួកគេនឹងអប់រំកូនចៅជំនាន់ក្រោយ ដែលនឹងអប់រំកូនចៅជំនាន់ក្រោយៗរបស់ពួកគេជារៀងរហូត។ មានតែតាមរបៀបនេះទេ ដែលពួកគេនឹងមិនភ្លេចព្រះ។ យើងគួរតែមាននិមិត្តនេះសម្រាប់គ្រួសាររបស់យើង។ យើងគួរតែមាននិមិត្តថា កូនៗរបស់យើង ចៅ និងចៅទួតរបស់យើង…នឹងនៅជាមួយព្រះយេស៊ូវទាំងអស់គ្នាអស់កល្បជានិច្ច។ ដើម្បីអោយនិមិត្តបានបំពេញសម្រេច យើងមិនគ្រាន់តែបង្រៀនកូនៗរបស់យើងអំពីដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែបង្រៀនពួកគេថា នៅពេលពួកគេធំឡើង ពួកគេគួរតែបង្រៀនកូនៗរបស់ពួកគេអំពីព្រះយេស៊ូវផងដែរ។ លើសនេះទៅទៀត យើងបង្រៀនកូនៗរបស់យើងថា ពួកគេគួរតែបង្រៀនកូនៗរបស់ពួកគេថា ពួកគេគួរតែបង្រៀនកូនៗរបស់ពួកគេអំពីព្រះយេស៊ូវ។ ការធ្វើរបៀបនេះមិនធានាថា សមាជិកគ្រួសារទាំងអស់នឹងសម្រេចចិត្តជឿលើព្រះយេស៊ូវទេ ប៉ុន្តែការធ្វើតាមរបៀបនេះនឹងជួយ។
សេចក្តីសន្និដ្ឋាន
ជារឿយៗ នៅពេលរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ មនុស្សមិនមើលអំពីដំណឹងល្អ ឬពួកជំនុំទេ។ នេះគឺជាកំហុសធំមួយ។ ប្រសិនបើយើងគ្រាន់តែនិយាយថា គ្រួសារគ្រីស្ទបរិស័ទគឺជាការស្រឡាញ់និងបម្រើគ្នាទៅវិញទៅមក នោះយើងមិនខុសពីអ្វីដែលមនុស្សគ្រប់គ្នាអាចនិយាយទេ។ មែនហើយ យើងគួរតែស្រឡាញ់និងបម្រើគ្នាទៅវិញទៅមក ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ដើម្បីក្លាយជាគ្រួសារគ្រីស្ទបរិស័ទមួយឡើយ។ គ្រួសារគ្រីស្ទបរិស័ទមួយមានបំណងយកដំណឹងល្អរបស់ព្រះគ្រីស្ទជាចំណុចកណ្តាល។
Leave a Reply