គ្រួសារគ្រីស្ទបរិស័ទ គ្រួសារដែលផ្ដោតលើដំណឹងល្អ Christian family

Christian Family pdf download

នេះ​គឺ​ជា​មេរៀន​អំពី​គ្រួសារ​គ្រីស្ទ​បរិស័ទ។​

កាល​ដើម​ដំបូង ព្រះ​បាន​បង្កើត​គ្រប់​ទាំង​អស់ ហើយ​ទ្រង់​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។ យើង​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ ហើយ​យើង​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​របស់​ទ្រង់។ ព្រះ​មិន​អាច​ទទួល​យក​មនុស្ស​ ដែល​មិន​ស្អាត និង​បាន​បះបោរ​ប្រឆាំង​នឹង​ទ្រង់​បាន​ឡើយ។ ទ្រង់​ត្រូវ​តែ​ដាក់​ទោស។ ប៉ុន្តែ​ដោយសារ​ទ្រង់​ស្រលាញ់​យើង​ នោះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា​តែមួយ​របស់​ទ្រង់​អោយ​មក​ក្នុង​លោកិយ​ ដើម្បី​សុគត​នៅ​លើ​ឈើ​ឆ្កាង​ និង​រស់​ពី​សុគត​ឡើង​វិញ​ ដើម្បី​អោយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់​ បាន​សង្គ្រោះ​និង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ ​នៅ​ថ្ងៃ​មួយ ​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ដើម្បី​ជំនុំជំរះ​មនុស្ស​គ្រប់​រូប​ ហើយ​បង្កើត​គ្រប់​យ៉ាង​ជា​ថ្មី​វិញ។ អស់​អ្នក​ណា​ ដែល​បាន​ទុក​ចិត្ត​ដល់​ព្រះយេស៊ូវ​ ​អាច​ចូល​ទៅ​ក្នុង​ការ​បង្កើត​ថ្មី​នេះ ដែល​ជា​ស្ថាន​បរមសុខ។

ខ្ញុំ​បាន​សរសេរ​ថា នេះ​គឺ​ជា​មេរៀន​អំពី​គ្រួសារ​គ្រីស្ទបរិស័ទ។ បើ​ដូច្នេះ​មែន តើ​មូលហេតុ​អ្វី​បានជា​ខ្ញុំ​សង្ខេប​ដំណឹងល្អ​ទៅ​វិញ​? មូល​ហេតុ​គឺ​ដើម្បី​កែ​ការ​យល់​ខុស​អំពី​ដំណឹងល្អ និង​ការ​យល់​ខុស​អំពី​គ្រួសារ​គ្រីស្ទបរិស័ទ។ កំហុស​មួយ​ដែល​មាន​ជា​ញឹក​ញាប់​គឺ​ថា មនុស្ស​គិត​ថា ដំណឹង​ល្អ​គ្រាន់តែ​ជា​ព្រះរាជសារ​អំពី​សេចក្តី​សង្គ្រោះ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​យើង​ប្រកាស​ដំណឹងល្អ​ ដើម្បី​អោយ​មនុស្ស​អាច​ជឿ ប៉ុន្តែ​គេ​ភ្លេច​អំពី​ដំណឹងល្អ​ នៅពេល​យើង​ចាប់​ផ្តើម​គិត​អំពី​បញ្ហា​ខុសៗ​គ្នា​នៅក្នុង​ការ​រស់​នៅ​របស់​គ្រីស្ទបរិស័ទ។ ដូច្នេះ មនុស្ស​អាច​គិត​ថា ដំណឹង​ល្អ​គ្រាន់​តែ​ជា​ព្រះរាជសារ​ដើម្បី​ទៅ​ស្ថាន​សួគ៌ ប៉ុន្តែ​នៅពេល​យើង​និយាយ​អំពី​ប្រធាន​បទ​ផ្សេងៗ​ទៀត​ ដូច​ជា​គ្រួសារ នោះ​យើង​បោះ​ដំណឹងល្អ​ចោល។ យើង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ ពីព្រោះ​ទស្សនៈ​នេះ​មិន​មែន​ជា​ទស្សនៈ​របស់​ព្រះ​គម្ពីរ​ឡើយ។

ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ យើង​ត្រូវ​តែ​យក​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ជា​ចំណុច​កណ្តាល​នៃ​គំនិត​ទាំង​អស់​របស់​យើង​ រួម​ទាំង​ការ​យល់​របស់​យើង​អំពី​គ្រួសារ​ផង​ដែរ

ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​មិន​គ្រាន់តែ​ជា​ចំណុច​កណ្តាល​នៃ​គោល​ជំនឿ​ ឬ​សេចក្តី​សង្គ្រោះ​របស់​យើង​ប៉ុណ្ណោះប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ដំណឹង​ល្អ​គឺ​ជាចំណុច​កណ្តាល​សម្រាប់ប្រធាន​បទ​ផ្សេងៗ​ទៀត។

 

បទ​គម្ពីរ​សំខាន់ៗ​មួយ​ចំនួន។

ក្មេង​រាល់គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតាបិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើបបាន​ត្រូវ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតាបិតា​ខ្លួន» នេះ​ជា​បញ្ញត្តិ​មុនដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង ដើម្បី​ឱ្យ​ឯង​រាល់គ្នា​បាន​សេចក្តី​សុខ ហើយ​រស់នៅ​ផែនដី​ជា​យូរ​អង្វែង​ទៅ។ ឪពុក​រាល់គ្នា​អើយ កុំឱ្យ​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅតាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះ​អម្ចាស់​វិញ។ (អេភេសូរ​ ៦:១-៤)

នៅក្នុង​បទ​គម្ពីរ​នេះ តួនាទី​របស់​ឪពុក​គឺ​ត្រូវ​អប់រំ​កូនៗ​របស់​ខ្លួន​នៅក្នុង​ព្រះអម្ចាស់។

តែ​ខ្ញុំ​ចង់ឱ្យ​អ្នក​រាល់គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី​ ហើយ សិរសា​នៃ​ព្រះ​គ្រីស្ទ គឺជា​ព្រះ (១កូរិនថូស​ ១១:៣)។

ពួក​ស្រីៗ អើយ ចូរ​ចុះចូល​ចំពោះ​ប្តី​ខ្លួន ដូចជា​គួរ​គប្បី​ក្នុង​ព្រះ​អម្ចាស់ ពួក​ប្រុសៗ អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំឱ្យ​មានចិត្ត​ជិនឆ្អន់​ឡើយ ក្មេង​រាល់គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់ការ​ទាំងអស់ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ​ឯង ឱ​ឪពុក​រាល់គ្នា​អើយ កុំ​ឌុកដាន់​កូនចៅ​ឡើយ ក្រែង​វា​រសាយចិត្ត​ចេញ  (កូល៉ុស​ ៣:១៨-២១)។

មនុស្ស​មួយ​ចំនួន​ត្អូញត្អែរ​ថា វា​មិន​ត្រឹម​ត្រូវ​ដែល​បង្រៀន​ថា បុរស​គឺ​ក្បាល​នៃ​ស្ត្រី ពីព្រោះ​សេចក្តី​បង្រៀន​នេះ​ផ្តល់​អំណាច​ដល់​បុរស​អោយ​គ្រប់​គ្រង​និង​កៀប​សង្កត់​លើ​ស្ត្រី។  ដូច្នេះ ពួកគេ​និយាយ​ថា ​សេចក្តី​បង្រៀន​នេះ​គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ស្ត្រី។ ប៉ុន្តែ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា បុរស​គឺ​ជា​ក្បាល​នៃ​ស្ត្រី ប៉ុន្តែ​យើង​ត្រូវ​តែ​យល់​អោយ​បាន​ច្បាស់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចង់​ផ្តល់​អត្ថន័យ​ដល់​សេចក្តី​បង្រៀន​នេះ។

យោង​តាម​ព្រះ​គម្ពីរ តើ​អ្នក​ណា​គឺ​ជា​ក្បាល​នៃ​គ្រួសារ​គ្រីស្ទបរិស័ទ? ជារឿយៗ​ នៅ​ពេល​គ្រីស្ទបរិស័ទ​បាន​អាន​១កូរិនថូស ១១:៣ ​ពួក​គេ​នឹង​ឆ្លើយ​ថា «បុរស (ប្តី)» ប៉ុន្តែ​ខ​នេះ​មិន​បាន​និយាយ​ថា ប្តី​គឺ​ជា​ក្បាល​នៃ​គ្រួសារ​ឡើយ។ ខ​នេះ​និយាយ​ថា បុរស​គឺ​ក្បាល​របស់​ស្ត្រី​ ប៉ុន្តែ​ព្រះ​គ្រីស្ទ​គឺ​ជា​ក្បាល​នៃ​បុរស​ទាំង​អស់​វិញ។ ដូច្នេះ សម្រាប់​គ្រីស្ទ​បរិស័ទ យើង​ទទួល​ស្គាល់​ថា ប្ដី​មិន​មែន​ជា​អ្នក​ដែល​មាន​អំណាច​ខ្ពស់​ជាង​គេ​នៅ​ក្នុង​គ្រួសារ​ទេ ប៉ុន្តែ​គឺ​ជា​ព្រះ​គ្រីស្ទ​វិញ។ ​ចំណុច​នេះ​មាន​ការ​អនុវត្ត​សំខាន់ៗ​ជា​ច្រើន។ ​

ការ​និយាយ​ថា បុរស​គឺ​ជា​ក្បាល​របស់​ស្ត្រី​មិន​មែន​បង្រៀន​ថា បុរស​មាន​សិទ្ធិ​កៀប​សង្កត់​ស្ត្រី​ទេ ប៉ុន្តែ​បង្រៀន​ថា ​បុរស​មាន​តួនាទី​ដឹកនាំ​ស្ត្រី។ ប៉ុន្តែ​គ្រប់​ពេល​ដែល​យើង​គិត​អំពី​ការ​ដឹក​នាំ សំនួរ​សំខាន់​មួយ​ ដែល​យើង​គួរ​តែ​សួរ​គឺ «ដឹកនាំ​ទៅ​ឯណា?»។ ប្រសិន​បើ​បុរស​/ប្តី​មាន​តួនាទី​ដឹក​នាំ​គ្រួសារ​របស់​គាត់​ អញ្ចឹង​គាត់​ដឹក​នាំ​គ្រួសារ​របស់​គាត់​ទៅ​ណា? ទៅ​រក​អ្នកណា? ​ចម្លើយ៖ មិន​មែន​ដឹក​នាំ​ទៅ​ឯ​គាត់​ទេ ប៉ុន្តែ​ទៅ ឯ​ព្រះ​គ្រីស្ទ ដែល​ជា​អ្នក​មាន​អំណាច​ខ្ពស់​បំផុត​នៅក្នុង​គ្រួសារ​ ហើយ​ជា​ក្បាល​របស់​បុរស។

តើ​បុរស​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ដឹក​នាំ​គ្រួសារ​ទៅ​ឯ​ព្រះគ្រីស្ទ?

ដោយ​សារ​ព្រះគ្រីស្ទ​គឺ​ជា​ក្បាល​នៃ​បុរស ហើយ​ប្ដី​ត្រូវ​តែ​ដឹក​នាំ​គ្រួសារ​របស់​គាត់​ទៅ​ឯ​ព្រះ​គ្រីស្ទ   (បណ្តុះបណ្តាល និង​អប់រំ ​ពួកគេ​នៅក្នុង​ព្រះ​អម្ចាស់) នោះ​ប្តី/ឪពុក​ត្រូវ​តែ​ដឹក​នាំ​គ្រួសារ​របស់​គាត់​ទៅ​ឯ​ព្រះគ្រីស្ទ​ ដោយ​គាត់​ដើរ​តាម​ព្រះ​គ្រីស្ទ គឺ​ដោយ​ការ​ចុះ​ចូល​ចំពោះ​ក្បាល​របស់​គាត់​ ដែល​ជា​ព្រះ​គ្រីស្ទ។ នេះ​មាន​ន័យ​ថា បុរស​ដឹក​នាំ​ដោយ​ការ​ដើរ​តាម​ ហើយ​គាត់​ដឹក​នាំ​ដោយ​ការ​ចុះចូល។ ​គោលការណ៍​ដែល ដឹក​នាំ​ដោយ​ការ​ដើរ​តាម និង​គ្រប់​គ្រង​ដោយ​ការ​ចុះចូល​នេះ គឺ​ជា​គោលការណ៍​សំខាន់​នៅក្នុង​ព្រះ​គម្ពីរ។ យើង​នឹង​មើល​ឧទាហរណ៍​ពីរ៖

១. នៅ​ក្នុង​១កូរិនថូស ១១:១​ ប៉ុល​សរសេរ​ថា ​«ចូរ​ត្រាប់​តាម​ខ្ញុំ​ ដូចជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ តើ​ហេតុ​អ្វី​ប៉ុល​គឺ​ជា​អ្នក​ដឹក​នាំ​គ្រីស្ទបរិស័ទ​ដ៏​ល្អ​ម្នាក់​? ពីព្រោះ​គាត់​គឺ​ជា​អ្នក​ដើរ​តាម​ដ៏​ល្អ​ម្នាក់។ ​គាត់​ដឹក​នាំ​មនុស្ស​ទៅ​ឯ​ព្រះ​គ្រីស្ទ​ដោយ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ។

២. ​នៅ​ក្នុង​ភីលីព ២:៥-១១ យើង​ឃើញ​ថា ​ព្រះ​វរបិតា​បាន​ប្រទាន​អោយ​ព្រះ​គ្រីស្ទ​នូវ​នាម​លើស​អស់​ទាំង​នាម​ ដែល​ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​លើ​ទាំង​អស់ ហើយ​គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​ទ្រង់។ តើ​ហេតុ​អ្វី​ព្រះ​វរបិតា​បាន​ប្រទាន​សិទ្ធិ​នេះ​អោយ​ទ្រង់​គ្រប់​គ្រង​? បទ​គម្ពីរ​នេះ​បង្ហាញ​ថា ​គឺ​ពីព្រោះ​ទ្រង់​បាន​ចុះចូល​ចំពោះ​ព្រះវរបិតា​នៃ​ស្ថាន​សួគ៌​របស់​ទ្រង់ សូម្បី​ដល់​សេចក្តី​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​ផង​ ដូច្នេះ​ព្រះ​វរបិតា​បាន​ប្រទាន​នាម​ដ៏​ខ្ពស់​បំផុត​ដល់​ទ្រង់។  ​

ព្រះ​គ្រីស្ទ​មាន​នាម​លើស​អស់​ទាំង​នាម​ គ្រប់​គ្រង​លើ​ទាំង​អស់ ពីព្រោះ​ទ្រង់​បាន​ចុះចូល​ចំពោះ​ព្រះ​វរបិតា​នៃ​ស្ថាន​សួគ៌​របស់​ទ្រង់។ ​ដូច្នេះ យើង​ឃើញ​មាន​ឋានន្តរ​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​ព្រះ​ត្រៃ​ឯក គឺ​ព្រះវរបិតា​បង្គាប់​ព្រះ​រាជបុត្រា ហើយ​ព្រះ​រាជបុត្រា​ស្តាប់​បង្គាប់​តាម។ ​ដូច​គ្នា​ផង​ដែរ នៅ​ក្នុង​គ្រួសារ​ក៏​មាន​ទំនាក់​ ដែល​មាន​ឋានន្តរ​ដែរ។ ដូច​ជា​នៅ​ក្នុង​ព្រះ ទំនាក់​ទំនង​ទាំង​នោះ​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ បើ​ទោះ​ជា​ប្ដី​មាន​ឋានន្តរ​ក៏​ដោយ​ ហើយ​គ្រួសារ​ក៏​ត្រូវ​តែ​មាន​ទំនាក់​ទំនង ដែល​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ បើ​ទោះ​ប្ដី​ជា​មាន​ឋានន្តរ​ក៏ដោយ។

នៅ​សព្វ​ថ្ងៃ​នេះ មាន​សេចក្តី​បង្រៀន​ជាច្រើន​នៅក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​អំពី «​ភាព​ជា​អ្នក​ដឹក​នាំ​ជា​អ្នក​បម្រើ​» គឺ​ប្តី​ដឹកនាំ​ប្រពន្ធ​ខ្លួន​ដោយ​ការ​បម្រើ​ពួកគេ។ នេះ​គឺ​ជា​ការ​ពិត ប៉ុន្តែ​យើង​ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​សេចក្តី​ពិត​នេះ​ក្នុង​ផ្លូវ​ខុស​អោយ​សោះ។ ពេល​ខ្លះ​សេចក្តី​បង្រៀន​អំពី «ភាព​ជា​អ្នក​ដឹក​នាំ​ជា​អ្នក​បម្រើ​» ហើយ​ប្តី​បម្រើ​ប្រពន្ធ​របស់​ខ្លួន​បន្ថយ​អំណាច​របស់​ប្តី ដែល​ជា​ក្បាល ដោយ​ការ​បញ្ចុះ​គាត់​មក​ជា​អ្នកបម្រើ​ម្នាក់។ ​គោល​បំណង​ដែល​នៅ​ពី​ខាង​ក្រោយ​សេចក្តី​បង្រៀន​នេះ​គឺ​ ដើម្បី​កុំ​អោយ​ប្តី​កៀប​សង្កត់​ប្រពន្ធ​របស់​ខ្លួន ហើយ​មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​ឋានន្តរ​ទេ។ ពិត​មែន​ហើយ ប្តី​ត្រូវ​តែ​បម្រើ​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​កៀប​សង្កត់​ប្រពន្ធ​នោះ​ទេ ប៉ុន្តែ​តើ​ប្តី​បំរើ​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ដូច​ម្តេច​? របៀប​មួយ​ដែល​ប្តី/ឪពុក​បំរើ​គ្រួសារ​របស់​ខ្លួន​នោះ​គឺ​ដោយ​ការ​ទទួល​យក​អំណាច​របស់​ខ្លួន​ ដែល​ជា​ក្បាល​ ហើយ​ប្រើ​អំណាច​នោះ​ដឹក​នាំ​គ្រួសារ។ ប៉ុន្តែ​គាត់​មិន​ដឹកនាំ​ពួកគេ​ទៅ​ឯ​ខ្លួន​គាត់​នោះ​ទេ ប៉ុន្តែ​ដឹក​នាំ​ទៅ​ឯ​ព្រះគ្រីស្ទ​វិញ​ ហើយ​ដូច​ជា​យើង​បាន​ឃើញ​ពី​ខាង​លើ​មក​ថា របៀប​មួយ​ដែល​បុរស​ធ្វើ​នោះ​គឺ​ដោយ​ការ​ចុះចូល​ចំពោះ​ព្រះគ្រីស្ទ ដែល​ជា​ក្បាល​របស់​គាត់។ ប្រសិន​បើ​យើង​និយាយ​អំពី «ភាព​ជា​អ្នក​ដឹកនាំ​ជា​អ្នក​បំរើ​» ដើម្បី​បន្ថយ​អំណាច​របស់​ប្តី/ឪពុក​ នោះ​ យើង​កំពុង​បន្ថយ​សមត្ថភាព​របស់​បុរស​ក្នុង​ការ​បម្រើ​គ្រួសារ​របស់​គាត់​នៅក្នុង​របៀប​ដែល​ព្រះ​បាន​សព្វ​ព្រះទ័យ​ហើយ។

ប្តី និង​ប្រពន្ធ

នៅក្នុង​លោកុប្បត្ដិ ២:៨-៩, ១៥-២៥ យើង​កត់​សម្គាល់​ថា ​ព្រះ​បាន​បង្កើត​បុរស​មក​មុន​ ហើយ​ស្ត្រី​គឺ​ជា​អ្នក​ជំនួយ​ដ៏​ល្អ​ម្នាក់​សម្រាប់​បុរស។ ដូច្នេះ យើង​ឃើញ​ថា ព្រះ​បាន​ប្រទាន​តួនាទី​ខុសៗគ្នា​ដល់​ស្នាព្រះហស្ត​របស់​ទ្រង់​តាំង​ពី​ដើម​ដំបូង​ម្ល៉េះ។ ការ​មាន​តួនាទី​ខុសៗ​គ្នា​នេះ​នៅ​តែ​ជា​សេចក្តី​ពិត​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។​

ស្ត្រី​រាល់គ្នា​អើយ ចូរ​ឱ្យ​ចុះចូល​ចំពោះ​ប្តី​ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះ​អម្ចាស់​ដែរ ដ្បិត​ប្តី​ជា​ក្បាល​នៃ​ប្រពន្ធ ដូចជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះអង្គ​សង្គ្រោះ​ដល់​រូប​កាយ​ផង ហើយ​ដូចជា​ពួក​ជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​ជា​យ៉ាងណា នោះ​ត្រូវ​ឱ្យ​ប្រពន្ធ​ចុះចូល​នឹង​ប្តី​ខ្លួន ក្នុង​គ្រប់ការ​ទាំងអស់​យ៉ាងនោះ​ដែរ ។

បុរស​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូចជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ជំនួយ​ផង ដើម្បី​ឱ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺជា​ព្រះបន្ទូល ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះអង្គ​ទ្រង់​ទុកជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឱ្យ​ដូច​ឡើយ គឺ​ឱ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ ត្រូវ​ឱ្យ​ប្តី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូចជា​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះថា​ស្រឡាញ់​ដល់​ខ្លួនឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នកណា​ស្អប់​រូប​សាច់​ខ្លួនឯង​ហើយ ដ្បិត​មិនដែល​មាន​អ្នកណា​ស្អប់​រូប​សាច់​ខ្លួនឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់ថ្នម​វិញ ដូចជា​ព្រះ​អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ ដ្បិត​យើង​រាល់គ្នា​ជា​អវយវៈ​របស់​រូបអង្គ និង​សាច់​ឆ្អឹង​ទ្រង់ «ដោយហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស នឹង​លា​ចេញពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង ២ នោះ​នឹង​ត្រឡប់​ជា​សាច់​តែ ១ វិញ»​ សេចក្តី​អាថ៌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះ​គ្រីស្ទ​នឹង​ពួក​ជំនុំ​វិញ ប៉ុន្តែ ត្រូវ​ឱ្យ​អ្នក​រាល់គ្នា​ទាំងអស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូចជា​ខ្លួនឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោតខ្លាច​ប្តី​ដែរ។ (អេភេសូរ​ ៥:២២-៣៣)

នៅ​ក្នុង​អេភេសូរ ៥:២២-២៣ ប្តី​និង​ប្រពន្ធ​ទទួល​សេចក្តី​បង្គាប់​ខុសៗគ្នា ពីព្រោះ​ពួកគេ​មាន​តួនាទី​ខុសៗ​គ្នា។ សូម​កត់​សម្គាល់​ថា ប៉ុល​មិន​ប្រាប់​ប្តី​ថា «បង្គាប់​ប្រពន្ធ​របស់​អ្នក​អោយ​ចុះ​ចូល​ចំពោះ​អ្នក​» ទេ ប៉ុន្តែ​ប៉ុល​ប្រាប់​ថា «ចូរ​អោយ​ស្រលាញ់​ប្រពន្ធ​របស់​អ្នក​»។ គាត់​ក៏​មិន​សរសេរ​ទៅ​ប្រពន្ធ​ថា «ប្រាប់​ប្តី​របស់​អ្នក​អោយ​ស្រលាញ់​អ្នក​» ទេ ប៉ុន្តែ​ប៉ុល​សរសេរ​ថា «ចូរ​អោយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​អ្នក​»។ គាត់​ណែនាំ​ប្តី​និង​ប្រពន្ធ​អោយ​ប្រាកដ​ច្បាស់​ថា ពួកគេ​ត្រូវ​តែ​បំពេញ​តួនាទី​ផ្ទាល់​ខ្លួន​ចំពោះ​ប្តី​ប្រពន្ធ​របស់​ពួកគេ។ ​ដោយ​សារ​អំពើ​បាប ជា​រឿយៗ​យើង​អាន​បទ​គម្ពីរ​នេះ​ ហើយ​ផ្ដោត​លើ​អ្វី​ដែល​វា​និយាយ​ថា ប្តី​ឬ​ប្រពន្ធ​របស់​យើង​គួរ​តែ​ធ្វើ​សម្រាប់​យើង​ មិន​មែន​ផ្ដោត​លើ​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ​សម្រាប់​ប្តី​ឬ​ប្រពន្ធ​របស់​យើង​ទេ។ ទង្វើ​នេះ​ផ្ទុយ​នឹង​គោល​បំណង​របស់​បទ​គម្ពីរ​នេះ​ហើយ។

សូម​កត់​សម្គាល់ថា នៅក្នុង​អេភេសូរ ​ជំពូក​៥ ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធ​គឺ​រូប​ភាព​នៃ​ទំនាក់​ទំនង​រវាង​ព្រះ​គ្រីស្ទ​ និង​ពួក​ជំនុំ​របស់​ទ្រង់។ ​ប្តី​ត្រូវ​តែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ ដូច​ជា​ព្រះ​គ្រីស្ទ​ស្រឡាញ់​ពួកជំនុំ​ដែរ។ ដូច្នេះ នៅពេល​ប្រពន្ធ​ត្រូវ​ចុះចូល​ចំពោះ​ប្តី​របស់​ខ្លួន​ នោះ​មិន​មែន​ជា​ការ​កៀប​សង្កត់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ចុះចូល​ចំពោះ​ការ​ដឹក​នាំ ដែល​ប្តី​កំពុង​ដឹក​នាំ​ខ្លួន​ទៅ​ឯ​ព្រះគ្រីស្ទ ការ​ស្រឡាញ់​ប្រពន្ធ​ ដូច​ជា​ព្រះ​គ្រីស្ទ​ស្រឡាញ់​ពួក​ជំនុំ ការ​ថ្វាយ​ប្រពន្ធ​ ដែល​បរិសុទ្ធ ទៅ​កាន់​ព្រះ​គ្រីស្ទ ហើយ​ការ​ជួយ​រក្សា​គ្រួសារ​អោយ​បាន​បរិសុទ្ធ។ ការ​នេះ​ជួយ​យើង​អោយ​យល់​ថា កូល៉ុស ៣:១៨-២១ គឺ​ជា​សេចក្តី​បង្គាប់​ល្អ។

ដូច្នេះ យើង​បាន​ឃើញ​ថា ប្តី/ឪពុក​មាន​តួនាទី​ដឹក​នាំ​គ្រួសារ​របស់​ខ្លួន​ទៅ​ឯ​ព្រះគ្រីស្ទ ដែល​ជា​សិរសា​ដ៏​ខ្ពស់​បំផុត។ ​ប៉ុន្តែ នៅពេល​យើង​និយាយ​អំពី​ឪពុក​ដឹក​នាំ​កូនៗ​របស់​ខ្លួន​ទៅ​ឯ​ព្រះ​អម្ចាស់​ នោះ​ម្តាយ​គឺ​ជា​ដៃ​គូ​មាន​ចំណែក​នៅក្នុង​ការ​នេះ​ផង​ដែរ។ ​ប្រពន្ធ​មាន​តួនាទី​ដឹក​នាំ​កូនៗ​របស់​ពួកគេ​ទៅ​ឯ​ព្រះ​អម្ចាស់​ ហើយ​ពួកគេ​ជួយ​ប្តី​របស់​ខ្លួន​នៅក្នុង​កាតព្វកិច្ច​នេះ។ ការ​អនុវត្ត​មួយ​ចេញ​ពី​ចំណុច​នេះ​គឺ​ថា ប្រពន្ធ​អាច​កែ​ប្រែ​ប្តី​បាន។ ​ប្រសិន​បើ​ប្តី​មិន​រស់​នៅក្នុង​របៀប​ចុះចូល​ចំពោះ​ព្រះ​គ្រីស្ទ​ ដែល​ជា​សិរសា​របស់​ខ្លួន​ នោះ​ប្រពន្ធ​ជួយ​ដោយ​បង្ហាញ​ប្រាប់​ប្តី​ថា គាត់​គួរ​តែ​លន់​តួ​និង​ប្រែ​ចិត្ត។

 

​ គ្រួសារ​ត្រូវ​យក​ព្រះបន្ទូល​ធ្វើ​ជា​គ្រឹះ​

រួច​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត អញ​បាន​បណ្តាល​ឱ្យ​ចិត្ត​ទ្រង់​នឹង​ចិត្ត​នៃ​ពួក​មហាតលិក​ទ្រង់​រឹង​ទទឹង ដើម្បី​ឱ្យ​អញ​បាន​សំដែង​អស់​ទាំង​ទី​សំគាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ឱ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​ពួក​កូន​ចៅ​ឯង​ពី ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ពី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ បាន​សំដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត (និក្ខមនំ​ ១០:១-២)។

ប៉ុន្តែ​ត្រូវ​ឱ្យ​ឯង​រាល់គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឱ្យ មែនទែន ក្រែង​ភ្លេច​អស់ទាំង​ការ ដែល​ភ្នែក​ឯង​បាន ឃើញ ហើយ​ក្រែង​នៅក្នុង​ជីវិត​ឯង​ការ​ទាំង​នោះ​បាន​ឃ្លាត ចេញពី​ចិត្ត​ឯង​ទៅ ត្រូវ​ឱ្យ​ឯង​ប្រាប់​ពី​ការ​ទាំងនោះ​ដល់​កូន ចៅ​ឯង​ឱ្យ​ដឹង​ត​រៀង​ទៅវិញ គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង កាលដែល​ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តា ជន​មក​ឯ​អញ នោះ​អញ​នឹង​ឱ្យ​គេ​ឮ​អស់ទាំង​ពាក្យ​របស់​អញ ដើម្បី​ឱ្យ​គេ​រៀន​ឱ្យ​ចេះ​កោតខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឱ្យ​គេ​បាន​បង្រៀន​ដល់​កូន ចៅ​គេ​ថែមទៀត (ចោទិយកថា​ ៤:៩-១០)។

សេចក្តី​ទាំងនេះ​ដែល​អញ​បង្គាប់ ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ត្រូវ ឱ្យ​ប្រិតប្រៀន​សេចក្តី​ទាំងនេះ​ដល់​កូនចៅ​ឯង​ព្រមទាំង និយាយ​ដំណាល ក្នុង​កាលដែល​អង្គុយ​នៅក្នុង​ផ្ទះ​ហើយ ដើរ​តាមផ្លូវ ក្នុង​កាលដែល​ដេក ហើយ​ក្រោក​ឡើង​ផង (ចោទិយកថា​ ៦:៦-៧)។

ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​ហើយ ដែល​នឹង សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្តី​ពិត របស់​ទ្រង់​ឱ្យ​កូន​ស្គាល់​ត​ទៅ (អេសាយ​ ៣៨:១៩)។

សូម​មើល ចោទិយកថា​ ៦:១-២៥, ១១:១៦-២១, ៣២:៤៥-៤៦ ផង​ដែរ។

តើ​គ្រួសារ​គ្រីស្ទបរិស័ទ​សព្វថ្ងៃ​អនុវត្ត​បទ​គម្ពីរ​នីមួយៗ​ខាង​លើ​យ៉ាង​ដូច​ម្តេច​?

​ឪពុក​ម្តាយ​នៅក្នុង​អ៊ីស្រាអែល​ត្រូវ​តែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះ​ដែល​រួម​មាន​

១. អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួកគេ គឺ​ការ​ប្រោស​លោះ​ពួកគេ​ចេញ​ពី​អេស៊ីព្ទ (ចោទិយកថា ៦:២១-២៣)

២. ​អ្វី​ដែល​ពួកគេ​ត្រូវ​តែ​ធ្វើ​សម្រាប់​ព្រះ​ គឺ​ជឿ​និង​ធ្វើ​តាម​សេចក្តី​បង្គាប់​របស់​ទ្រង់​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ។

ឪពុក​ម្តាយ​ជា​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះ៖​

១. អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង​ គឺ​ការ​សង្គ្រោះ​យើង ​តាមរយៈ​ព្រះ​គ្រីស្ទ​ចេញ​ពី​អំពើ​បាប​ (លើក​លែង​ទោស​និង​ប្រទាន​ជីវិត​ថ្មី)

២. ​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​សំរាប់​ព្រះ គឺ​ជឿ​និង​ធ្វើ​តាម​សេចក្តី​បង្គាប់​របស់​ទ្រង់​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។

ដូច្នេះ ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ​ត្រូវ​តែ​បង្រៀន​ព្រះ​គម្ពីរ​ដល់​កូនៗ​របស់​ខ្លួន។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ម៉េច ​ដើម្បី​អោយ​ប្រាកដ​ថា ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ចំណុច​កណ្តាល​នៃ​គ្រួសារ​របស់​អ្នក? នេះ​គឺ​ជា​របៀប​មួយ​ចំនួន៖

  • អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​ជា​រៀង​រាល់​ថ្ងៃ។ ដើម្បី​ធ្វើ​ការ​នេះ​បាន​ ជា​ការ​ល្អ​យើង​កំណត់​ពេលវេលា​ក្នុង​ថ្ងៃ​នីមួយៗ។​ឧទាហរណ៍ ពេល​បន្ទាប់​ពី​អាហារ​ល្ងាច។​
  • លើក​ទឹក​ចិត្ត​កូនៗ​របស់​អ្នក​អោយ​អាន​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯ​ង​របស់​ពួកគេ។ ​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ​គួរ​តែ​ចង់​អោយ​កូនៗ​របស់​ខ្លួន​ក្លាយ​ជា​អ្នកអាន​ល្អ ដើម្បី​អោយ​ពួកគេ​អាច​អាន​ព្រះ​គម្ពីរ​បាន​ល្អ។​
  • ​អធិស្ឋាន​ជាមួយ​កូនៗ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​នៅពេល​អ្នក​អធិស្ឋាន​ ទុក​អោយ​ព្រះ​គម្ពីរ​ផ្តល់​អាទិភាព​សម្រាប់​សេចក្តី​អធិស្ឋាន​របស់​អ្នក។ ឧទាហរណ៍ អធិស្ឋាន​ជាមួយ​កូនៗ​របស់​អ្នក​ថា ​ព្រះ​គ្រីស្ទ​នឹង​បាន​តម្កើង​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង។ អធិស្ឋាន​ថា នឹង​មាន​មនុស្ស​ជាច្រើន​ទៀត​ឮ​អំពី​ព្រះ​យេស៊ូវ​ ដើម្បី​អោយ​ពួកគេ​បាន​ជីវិត​អស់កល្បជានិច្ច​…។ល។​
  • ​ប្រើ​អ្វី​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​សង្គម​ ដើម្បី​ចាប់​ផ្តើម​ការ​សន្ទនា​អំពី​អ្វី​ដែល​ព្រះ​មាន​បន្ទូល​នៅក្នុង​ព្រះគម្ពីរ។ ឧទាហរណ៍ ​នៅពេល​យើង​មើល​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​មាន​ស្រីៗ​ស្លៀក​ពាក់​សិច​ស៊ី នោះ​យើង​អាច​ប្រើ​វា​ដើម្បី​ចាប់​ផ្តើម​ការ​សន្ទនា​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ ការ​ស្លៀក​ពាក់​ត្រឹម​ត្រូវ​…។ល។ ​លោកិយ​នឹង​អូស​ទាញ​កូនៗ​របស់​យើង​ ដូច្នេះ​ពួកគេ​ត្រូវ​រឹង​មាំ​នៅ​ក្នុង​ព្រះ​បន្ទូល។

ការ​អនុវត្ត៖ ការ​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍

​យោង​តាម​អ្វី​ដែល​យើង​បាន​រៀន​អំពី​គ្រួសារ​គ្រីស្ទបរិស័ទ តើ​គ្រីស្ទបរិស័ទ​បុរស​ឬ​ស្ត្រី​នៅ​លីវ​ម្នាក់​គួរ​តែ​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍? ​ចម្លើយ​ច្បាស់​លាស់​មួយ​គឺ​ថា ពួកគេ​គួរ​តែ​កំពុង​រីក​ចម្រើន​នៅក្នុង​ភាព​ពេញ​វ័យ​របស់​ពួកគេ ​នៅ​ក្នុង​ព្រះគ្រីស្ទ​គួតែ​រីក​ចម្រើន​ក្នុង​ការ​យល់​ព្រះ​គម្ពីរ ហើយ​ទុក​ចិត្ត ​និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ។ ​ការ​នេះ​នឹង​ជួយ​ពួកគេ​អោយ​បំពេញ​តួនាទី​របស់​ពួកគេ​ជា​ប្តី/ឪពុក​ និង​ប្រពន្ធ/ម្តាយ។

ការ​អនុវត្ត៖ ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​

ប្រសិន​បើ​ប្តី​ប្រពន្ធ​គឺ​ជា​ដៃ​គូ​នឹង​គ្នា​ នោះ​ពួកគេ​ត្រូវ​តែ​មាន​គោល​ដៅ​ជីវិត​ដូច​គ្នា​ ​ពួកគេ​ត្រូវ​តែ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ដូច​គ្នា។ ប្រសិន​បើ​ប្តី​ប្រពន្ធ​កំពុង​ធ្វើ​ដំណើរ​ជីវិត​បញ្ច្រាស​ទិស​គ្នា នោះ​ពួកគេ​មិន​អាច​ជា​ដៃ​គូ​នឹង​គ្នា​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ ប៉ុន្តែ​ពួកគេ​ទំនង​ជា​បាក់​បែក​គ្នា។ ដូច្នេះ ​វា​ជា​ការ​ត្រឹម​ត្រូវ​ ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ម្នាក់​ មក​ធ្វើ​ជា​ដៃ​គូ​ល្អ​នៅ​ក្នុង​ការ​ដឹក​នាំ​គ្រួសារ​ទៅ​ឯ​ព្រះ​គ្រីស្ទ ហើយ​ម្នាក់​នោះ​ត្រូវ​តែ​ជា​គ្រីស្ទបរិស័ទ​ម្នាក់។​

សុភាសិត​ដែល​លើក​ទឹក​ចិត្ត​យើង​ ដើម្បី​អោយ​ជ្រើស​រើស​ដោយ​ត្រឹម​ត្រូវ​រួម​មាន សុភាសិត ១២:៤; ១៥:១៧; ១៩:១៣; ២១:៩, ១៩; ២៧:១៥-១៦។​

ការ​អនុវត្ត៖ ការ​អនុវត្ត​ដំណឹងល្អ​នៅ​ក្នុង​ទំនាក់​ទំនង​ក្នុង​គ្រួសារ​របស់​យើង​

​នៅ​ក្នុង​ដំណឹងល្អ​ យើង​មើល​ឃើញ​ការ​ផ្សះផ្សា ការ​អត់ទោស សេចក្តី​មេត្តា​ករុណា ព្រះ​គុណ និង​ការ​អត់​ធ្មត់។ យើង​ឃើញ​ថា​ ព្រះ​កំពុង​បាន​អត់​ទោស​ដល់​យើង​ មាន​សេចក្តី​មេត្តា​ករុណា​ដល់​យើង​ អត់​ធ្មត់​ចំពោះ​យើង ហើយ​យើង​គួរ​តែ​អនុវត្ត​ការ​នេះ​នៅក្នុង​ទំនាក់​ទំនង​ក្នុង​គ្រួសារ​របស់​យើង។ ដោយ​សារ​តាមរយៈ​ព្រះ​គ្រីស្ទ ព្រះ​បាន​អត់​ទោស​ដល់​យើង​ នោះ​យើង​គួរ​តែ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅពេល​យើង​ធ្វើ​ខុស​ចំពោះ​គ្នា​នឹង​គ្នា​ផង​ដែរ។ ​ដោយ​សារ​ព្រះ​មានការ​អត់​ធ្មត់​ចំពោះ​យើង​ នោះ​យើង​គួរ​តែ​មាន​ការ​អត់ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ដូច្នេះ នៅពេល​យើង​អនុវត្ត​ដំណឹងល្អ​នៅក្នុង​ទំនាក់ទំនង​ក្នុង​គ្រួសារ​របស់​យើង​ នោះ​វា​នឹង​ជួយ​អោយ​ព្រះ​ប្រទាន​ពរ​ដល់​គ្រួសារ​របស់​យើង​អោយ​មាន​ទំនាក់​ទំនង​រីក​រាយ។

ការ​អនុវត្ត៖ យក​ព្រះ​គ្រីស្ទ​ជា​ស្នូល​

តាមរយៈ​ដំណឹងល្អ​ យើង​ក៏​មើល​ឃើញ​ផង​ដែរ​អំពី​គំរូ​របស់​ព្រះ​គ្រីស្ទ​រស់​នៅ​សម្រាប់​អ្នកដទៃ និង​សេចក្តី​បង្គាប់​អោយ​រស់​នៅ​សម្រាប់​ព្រះ​គ្រីស្ទ។ គំរូ​នេះ​ក៏​ជួយ​នៅ​ក្នុង​ទំនាក់​ទំនង​ក្នុង​គ្រួសារ​របស់​យើង​ផង​ដែរ ពីព្រោះ​នៅពេល​មនុស្ស​រស់​នៅ​សម្រាប់​តែ​ខ្លួន​ឯង​ នោះ​លទ្ធផល​គឺ​ភាព​វឹក​វរ បណ្តាសា និង​ទំនាក់​ទំនង​មិន​ល្អ។ ​យើង​ឃើញ​សេចក្តី​ពិត​នេះ​នៅ​ក្នុង​សង្គម និង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​ ហើយ​នៅ​ក្នុង​គ្រួសារ​ទាំងអស់​ផង​ដែរ។ ​គ្រួសារ​ដែល​រស់​នៅ​សម្រាប់​ព្រះ​គ្រីស្ទ​មាន​ព្រះ​ពរ ពីព្រោះ​ពួក​គេ​មាន​គោល​ដៅ​រួម​គ្នា។ កូនៗ​ត្រូវ​រៀន​អោយ​ដឹង​ថា ពួកគេ​មិន​មែន​ជា​ចំណុច​កណ្តាល​ទេ ប៉ុន្តែ​ព្រះគ្រីស្ទ​គឺ​ជា​ចំណុច​កណ្តាល​ ដូច្នេះ​ជីវិត​មិន​គ្រាន់​តែ​ជា​ការ​ញ៉ាំ​អាហារ និង​ដើរ​លេង​នោះ​ទេ។

គ្រួសារ​ខ្លះ​ផ្ដោត​លើ​ឪពុក គឺ​ការ​សម្រេច​ចិត្ត​ត្រូវ​ផ្អែក​លើ​អ្វី ដែល​ឪពុក​ចង់​បាន។​ គ្រួសារ​ខ្លះ​ផ្ដោត​លើ​ម្តាយ​ ​ហើយ​ការ​សម្រេច​ចិត្ត​ត្រូវ​ផ្អែក​លើ​អ្វី ដែល​ម្តាយ​ចង់​បាន។ គ្រួសារ​ខ្លះ​ផ្សោត​លើ​កូនៗ ដែល​ឪពុក​ម្តាយ​ធ្វើ​តាម​កូនៗ ​ជាង​កូនៗ​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ។ ប៉ុន្តែ​គ្រួសារ​គ្រីស្ទបរិស័ទ​គួរ​តែ​ផ្ដោត​លើ​ព្រះគ្រីស្ទ ដែល​ការ​ស្តាប់​បង្គាប់​តាម​ព្រះគ្រីស្ទ​សំខាន់​ជាង​អ្វី​ដែល​ឪពុក ឬ​ម្តាយ ឬ​កូនៗ​ចង់​បាន​ទៅ​ទៀត។ ​នេះ​គឺ​ជា​ព្រះ​ពរ​ ពីព្រោះ​ព្រះគ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់​ ហើយ​ទ្រង់​ដឹក​នាំ​ជីវិត​របស់​យើង​បាន​ល្អ​ជាង​យើង​ដឹក​នាំ​ខ្លួន​ឯង។

គ្រួសារ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​គ្រួសារ​គឺ​ជា​កន្លែង ដែល​កូនៗ​រៀន​ស្តាប់​បង្គាប់​តាម (ចុះ​ចូល​នឹង) ​អ្នក​ដទៃ​ មិន​មែន​រស់​សម្រាប់តែ​ខ្លួន​ឯង​ឡើយ។ ការ​រៀន​រស់​នៅ​ក្រោម​អំណាច​របស់​ឪពុក​ម្តាយ​គឺ​ជា​ជំហាន​ដ៏​ល្អ​មួយ​ដើម្បី​រៀន​រស់​នៅ​ក្រោម​អំណាច​របស់​ព្រះ។ វា​ជា​ការ​ល្អ ​និង​ជា​ព្រះពរ​ ដែល​មនុស្ស​រស់​នៅ​ក្រោម​អំណាច​របស់​ព្រះ​ ហើយ​កូនៗ​ត្រូវ​តែ​មើល​ឃើញ​ថា ការ​រស់​នៅ​ក្រោម​អំណាច​ល្អ​គឺ​ជា​ព្រះ​ពរ​មួយ។

ការ​អនុវត្ត៖ សេចក្តី​សង្ឃឹម​និង​គោល​ដៅ​របស់​យើង​សម្រាប់​កូនៗ​យើង​

តើ​សេចក្តី​សង្ឃឹម​បែប​ណា​ ដែល​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ​គួរ​តែ​មាន​សម្រាប់​កូនៗ​របស់​ខ្លួន? តើ​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ​មាន​អាទិភាព​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? ព្រះ​យេស៊ូវ​បង្រៀន​ថា៖

នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូចជា​កំណប់​កប់​ទុក ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់ ទុក រួច​ចេញទៅ លក់​របស់ទ្រព្យ​ខ្លួន​ទាំងអស់ ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។ (ម៉ាថាយ​ ១៣:៤៤)

លោក​ប៉ុល​សរសេរ​ថា៖

ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំងអស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់ នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំងអស់ ហើយ​បាន​រាប់​ទាំងអស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​អោយ បាន​ព្រះ​គ្រីស្ទ​វិញ (ភីលីព​ ៣:៨)។

តើ​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ​មាន​ឥរិយាបថ​បែប​នេះ​ឬ​ទេ? តើ​យើង​ចង់​អោយ​កូនៗ​របស់​យើង​ធ្វើ​ជា​គ្រីស្ទបរិស័ទ​ ហើយ​ទទួល​នគរ​ព្រះ​ច្រើន​ជាង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​លោកិយ​ឬ​ទេ? ប្រសិន​បើ​យើង​មាន​ជម្រើស​ពីរ​សម្រាប់​កូនៗ​របស់​យើង ​ជម្រើសទី​មួយ​គឺ គេ​ក្រ​ប៉ុន្តែ​ជា​គ្រីស្ទបរិស័ទ ឬ​ជម្រើស​ទី​ពីរ គេ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុន្តែ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ តើ​យើង​នឹង​ជ្រើស​អោយ​កូនៗ​របស់​យើង​ក្រ​ប៉ុន្តែ​ជា​គ្រីស្ទបរិស័ទ​ដែរ​ឬទេ? តើ​ការ​ស្គាល់​ព្រះ​យេស៊ូវ​គឺ​ជា​គោល​ដៅ​សំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត​សម្រាប់​កូនៗ​របស់​យើង​ដែរ​ឬ​ទេ? ប្រសិន​បើ​មិន​មែន នោះ​យើង​គួរ​តែ​ប្រែ​ចិត្ត។

គ្រួសារ​ និង​ពួកជំនុំ​

ពួក​ជំនុំ​គឺ​ជា​គ្រួសារ​នៃ​ព្រះ​

រ៉ូម​ ១:១៣, ១កូរិនថូស​ ១:១០, កាឡាទី​ ៤:១២ និង អេភេសូរ​ ៣:១៤-១៥ បង្ហាញ​ថា គ្រីស្ទបរិស័ទ​គឺ​ជា​បង​ប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​យើង​គឺ​ជា​គ្រួសារ​របស់​ព្រះ។

​ពួក​ជំនុំ និង​គ្រួសារ​

អេភេសូរ ៤:១១-១៦ និង​កូល៉ុស ១:២៨ បង្ហាញ​ថា តួនាទី​របស់​អ្នក​ដឹក​នាំ​ពួក​ជំនុំ​គឺ​ត្រូវ​ប្រកាស​ពី​ព្រះ​គ្រីស្ទ​ និង​ដឹក​នាំ​មនុស្ស​អោយ​ពេញ​វ័យ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ​ដូច្នេះ យើង​មើល​ឃើញ​ថា អ្នក​ដឹក​នាំ​មាន​គោល​ដៅ​ដូច​គ្នា​ជាមួយ​ឪពុក​ម្តាយ​ដែរ​គឺ ការ​ដឹក​នាំ​ទៅ​ឯ​ព្រះ​គ្រីស្ទ។ ការ​នេះ​ជួយ​ពន្យល់​អំពី​១​ធីម៉ូថេ ៣:១-៥។ ប្រសិន​បើ​ចាស់​ទុំមាន​តួនាទី​ស្រដៀង​គ្នា​នឹង​ឪពុក​នៅក្នុង​គ្រួសារ​នោះ​ ហើយ​បើ​គាត់​មិន​អាច​ដឹក​នាំ​គ្រួសារ​របស់​គាត់​បាន ​នោះ​តើ​គាត់​អាច​ដឹក​នាំ​ពួកជំនុំ​បាន​ល្អ​យ៉ាង​ម៉េច?

ដោយ​ព្រោះ​ទាំង​ឪពុក​ម្តាយ​និង​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ខិត​ខំ​ដឹក​នាំ​មនុស្ស​អោយ​ដើរ​តាម​ព្រះ​គ្រីស្ទ ដូច្នេះ​ពួកគេ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ពួក​ជំនុំ​គួរ​តែ​ជួយ​ឪពុក​ម្តាយ​អោយ​អប់រំ​កូនៗ​របស់​ពួក​គេ​នៅក្នុង​ព្រះ​អម្ចាស់។ ឪពុក​ម្តាយ​គួរ​តែ​លើក​ទឹក​ចិត្ត​កូនៗ​របស់​ខ្លួន​អោយ​រីក​ចម្រើន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តាមរយៈ​ការ​ចូល​រួម​ពួក​ជំនុំ​ល្អ​មួយ។ នៅ​ពេល​កូនៗ​កាន់​តែ​ធំធាត់​ទៅៗ នោះ​ឪពុក​ម្តាយ​របស់​ពួកគេ​នឹង​មាន​ឥទ្ធិពល​លើ​ពួកគេ​កាន់​តែ​តិច​ទៅៗ​ដែរ។ ដូច្នេះ ជា​ការ​សំខាន់​ដែល​ឪពុក​ម្តាយ​រៀប​ចំ​កូនៗ​របស់​ខ្លួន​អោយ​នៅតែ​រីក​ចម្រើន​នៅក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​ពួក​គេ​ចាក​ចេញ​ពី​គ្រួសារ​ ដោយ​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ល្អ​មួយ ជា​កន្លែង​ដែល​ពួកគេ​នឹង​បន្ត​រីក​ចម្រើន​ក្នុង​ព្រះ​គ្រីស្ទ និង​ជួយ​អ្នកដទៃ​អោយ​រីក​ចម្រើន​ក្នុង​ព្រះ​គ្រីស្ទ។

និមិត្ត​ដ៏​ល្អ​ប្រសើរ​

ចូរ​រៀប​រាប់​ហេតុការណ៍​នេះ​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ​ហើយ​អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន​រួច​អោយ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត​ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។    (យ៉ូអែល​ ១:៣)

​ព្រះអង្គ​ផ្ដល់​ដំបូន្មាន​អោយ​កូន​ចៅ​របស់​លោក​យ៉ាកុប​ព្រះអង្គ​ប្រទាន​ក្រិត្យវិន័យ​មក​អោយ​ពូជ​ពង្ស​របស់​លោក​អ៊ីស្រាអែល​ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង​អោយ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ​ដើម្បី​អោយ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ​ហើយ​អោយ​កូន​ចៅ​ដែល​នឹង​កើត​មក​បង្រៀន​តៗ​គ្នា​រហូត​ទៅ។ ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​មិន​ភ្លេច​ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​ហើយ​ពួក​គេ​នឹង​គោរព​តាម​បទបញ្ជា​របស់​ព្រះអង្គ​ (ទំនុកដំកើង​ ៧៨:៥-៧)

 

​និមិត្ត​របស់​ព្រះ​គឺ​ រាស្ត្រ​របស់​ទ្រង់​នឹង​អប់​រំ​កូនៗ​របស់​ពួកគេ​អំពី​ទ្រង់​ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ កូនៗ​របស់​ពួកគេ​នឹង​អប់​រំ​កូនចៅ​ជំនាន់​ក្រោយ​ ដែល​នឹង​អប់​រំ​កូនចៅ​ជំនាន់​ក្រោយ​ៗរបស់​ពួក​គេ​ជា​រៀង​រហូត។ ​មាន​តែ​តាម​របៀប​នេះ​ទេ ដែល​ពួកគេ​នឹង​មិន​ភ្លេច​ព្រះ។ ​យើង​គួរ​តែ​មាន​និមិត្ត​នេះ​សម្រាប់​គ្រួសារ​របស់​យើង។ ​យើង​គួរ​តែ​មាន​និមិត្ត​ថា កូនៗ​របស់​យើង​ ចៅ និង​ចៅទួត​របស់​យើង…​នឹង​នៅ​ជាមួយ​ព្រះ​យេស៊ូវ​ទាំង​អស់​គ្នា​អស់កល្ប​ជានិច្ច។ ដើម្បី​អោយ​និមិត្ត​បាន​បំពេញ​សម្រេច យើង​មិនគ្រាន់​តែ​បង្រៀន​កូនៗ​របស់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្រៀន​ពួកគេ​ថា នៅពេល​ពួក​គេ​ធំឡើង​ ពួកគេ​គួរ​តែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះ​យេស៊ូវ​ផង​ដែរ។ លើស​នេះ​ទៅ​ទៀត យើង​បង្រៀន​កូនៗ​របស់​យើង​ថា​ ពួកគេ​គួរ​តែ​បង្រៀន​កូនៗ​របស់​ពួកគេ​ថា ពួកគេ​គួរ​តែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះ​យេស៊ូវ។ ​ការ​ធ្វើ​របៀប​នេះ​មិន​ធានា​ថា សមាជិក​គ្រួសារ​ទាំង​អស់​នឹង​សម្រេច​ចិត្ត​ជឿ​លើ​ព្រះ​យេស៊ូវ​ទេ ប៉ុន្តែ​ការ​ធ្វើ​តាម​របៀប​នេះ​នឹង​ជួយ។​

សេចក្តី​សន្និដ្ឋាន

​ជា​រឿយៗ នៅពេល​រៀន​អំពី​គ្រួសារ​គ្រីស្ទបរិស័ទ មនុស្ស​មិន​មើល​អំពី​ដំណឹងល្អ​ ឬ​ពួកជំនុំ​ទេ។ នេះ​គឺ​ជា​កំហុស​ធំ​មួយ។ ប្រសិន​បើ​យើង​គ្រាន់​តែ​និយាយ​ថា គ្រួសារ​គ្រីស្ទបរិស័ទ​គឺ​ជា​ការ​ស្រឡាញ់​និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​យើង​មិន​ខុស​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​និយាយ​ទេ។​ មែន​ហើយ យើង​គួរ​តែ​ស្រឡាញ់​និង​បម្រើ​គ្នា​ទៅ​វិញ​ទៅមក​ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​គ្រួសារ​គ្រីស្ទបរិស័ទ​មួយ​ឡើយ។ គ្រួសារ​គ្រីស្ទបរិស័ទ​មួយ​មាន​បំណង​យក​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ជា​ចំណុច​កណ្តាល។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top