១ កូរិនថូស ៥ 1Cor. 5 Simon Manchester

1 Cor 5 pdf download

ពួក​ជំនុំ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ការ​កុហក​ឡើយ ហើយ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បាប ឬ​សេចក្តី​អាក្រក់​នៅ​លាយ​ឡំ​ជា​មួយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​ជំនុំ​គឺ​ជា​របស់​ព្រះ​ជា​ម្ចាស់។ ទ្រង់​ត្រាស់​ហៅ​យើង​ឲ្យ​ត្រ​លប់​ជា​រាស្រ្ត​របស់​ទ្រង់ ដូច្នេះ​យើង​ត្រូវ​រស់​នៅ​តាម​ផ្លូវ​របស់​ទ្រង់។

នៅ​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រាស់​ហៅ​មនុស្ស​ម្នាក់​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​គាត់​មិន​អាច​ដើរតាម​លោកិយ​នេះ​បាន​ឡើយ។ មិន​មាន​កា​រ​ត្រាស់​ហៅ​ណា​ដែល​ខ្ពស់​ជាង​ការ​ត្រាស់​ហៅ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ។ នៅ​ក្នុង​ជំពូក​នេះ​ពិពណ៌នា​ពី​របៀប​ក្នុង​ការ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ។ សាវក​ប៉ុល​បាន​លើក​ឡើង​ថា  ​«បណ្តេញ​មនុស្ស​អាក្រក់​ចេញពី​ពួក​ជំនុំ​ទៅ»។ ការ​ធ្វើ​តាម​បទ​បញ្ញត្តិ​នេះ​គឺ​ជា​ការ​មួយ​ពិបាក​សំរាប់​ពួក​ជំនុំ​ តែ​តាម​ពិត​បទ​បញ្ញត្តិ​នេះ​ចង់​បញ្ជាក់​យ៉ាង​នេះ​ថា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លូវ​ដែល​ខ្លួន​យើង​ផ្ទាល់​ ក៏​ដូច​ជា​ពួក​ជំនុំ​ ​ដើរ​តាម​ព្រះ​ជា​ម្ចាស់។

យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ មិន​ថា​យើង​ជា​គ្រីស្ទ​បរិស័ទ​យូរ​ឆ្នាំ​ ឬ​តិច​ឆ្នាំ​ឡើយ ​ជួន​កាល​យើង​និយាយ​ឬ​ធ្វើ​ខុស។ ឧទាហរណ៍ នៅ​ពេល​លោក​ពេត្រុស​បាន​ប្រ​កាស​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី​ មើល​ទៅ​គាត់​ហាក់​ដូច​ជា​យល់​អំពី​ព្រះ​យេស៊ូវ​ច្បាស់​មែន​ទែន តែ​មួយ​ស្រ​បក់​ក្រោយ​មក​គាត់​បាន​និយាយ​ថា យើង​មិន​ចង់​ឲ្យ​ទ្រង់​សុគត​ទេ ​ហើយ​ពេល​នោះ​ព្រះយេស៊ូវ​បាន​ហៅ​គាត់​ជា​សា​តាំង​ និង​បាន​ប្រាប់​គាត់​ឲ្យ​ថយ​ចេញ​ពី​ផ្លូវ​របស់​ទ្រង់។ សាវក​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង​រ៉ូម ៧ ​ថា «ឯ​ខ្ញុំ​ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ នោះ​ចេះ​តែ​មាន​សេចក្តី​អាក្រក់ ជាប់​នៅ​នឹង​ខ្ញុំ​ជា​និច្ច»។ គ្រីស្ទ​បរិស័ទ ​ដែល​កំពុង​ដើរ​នៅ​តាម​ផ្លូវ​ទៅ​កាន់​ជី​វិត​អស់​កល្ប​ជា​និច្ច​ ​ក៏​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​អ្វី​មួយ​ដែល​គ្រោះ​ថ្នាក់​ដែរ ហើយ​អ្វី​ដែល​គ្រោះ​ថ្នាក់​និង​ធ្ងន់ធ្ងរ​ជាង​អំពើ​បាប​ទៀត​នោះ​គឺ នៅ​ពេល​គ្រីស្ទ​បរិស័ទ​ទទួល​យក​អំពើ​បាប (មិន​បាច់​ប្រែ​ចិត្ត ហើយ​ក៏​មិន​បាច់​ដាក់​ពិន័យ​ដែរ)។ ទង្វើ​បែប​នេះ​ហើយ​ដែល​បង្ហាញ​ថា ព្យាយាម​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ​ផង​និង​ជា​មួយ​អំពើ​បាប​ផង។ ពេល​នេះ​ខ្ញុំ​កំពុង​តែ​និយាយ​អំពី​មនុស្ស​ដែល​គិត​ថា «ខ្ញុំ​ចង់​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​ក៏​ចង់​នាំ​អំពើ​បាប​មក​តាម​ខ្ញុំ​ដែរ»។ នេះ​គឺ​ជា​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​មួយ។ នៅ​ក្នុង១​កូរិនថូស ៥:១ មាន​បុរស​ម្នាក់​នៅ​ក្នុង​ពួក​ជំនុំ​បាន    ​ប្រ​ព្រឹត្តិ​អំពើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​មួយ នៅ​ក្នុង​ខ.​២ ព្រះ​គម្ពីរ​បាន​ចែង​ថា​ ពួក​ជំនុំ​នៅ​តែ​ទទួល​យក​អ្នក​នោះ។ តា​ម​ពិត​សាវក​ប៉ុល​បាន​លើក​ឡើង​ថា ​សូម្បី​តែ​សាសន៍​ដទៃ​ក៏​មិន​អាច​ទទួល​យក​ទង្វើ​បែប​នេះ​បាន​ដែរ (ប្រើ​ពាក្យ​ដែរ ពី​ព្រោះ​ភ្ជាប់​មក​ពី​ពាក្យ​សូម្បីតែ​ខាង​លើ)។ នេះ​អាច​ឲ្យ​យើង​ស្មាន​បាន​ថា ពួក​កូរិនថូស​មាន​អំនួត​ចំពោះ ​ទំរង់​ថ្មី​នៃ​ជំនឿ​គ្រីស្ទបរិស័ទ​ ដោយ​ពួក​គេ​បាន​ប្រើ​ព្រះ​គុណ​របស់​ព្រះ​ធ្វើ​អ្វី​តាម​ចិត្ត​ដែល​ពួក​គេ​ចង់​ធ្វើ។

នៅ​ក្នុង​១​កូរិនថូស ៥ សាវក​ប៉ុល​បាន​ចង្អុល​បង្ហាញ​អំពី​អំពើ​ខ្លះ ដែល​ពួក​គេ​គួរ​មាន​សេចក្តី​ខ្មាស​អៀន។ វា​ជា​កា​រអា​ម៉ាស​មួយ។ ​ប៉ុន្តែ​ពួក​កូរិនថូស​មិន​ត្រឹម​តែ​ទទួល​យក​អំពើ​អាក្រក់​នោះ​ទេ​ តែ​ថែម​ទាំង​មាន​អំនួត​ចំពោះ​ការ​អាក្រក់​នោះ​ទៀត​ផង។

យើង​អាច​ប្រៀប​ធៀប​ស្ថាន​ភាព​នេះ​ជា​មួយ​នឹង​គ្រីស្ទ​បរិស័ទ ដែល​កំពុង​ធ្វើ​ជំនួញ​ឥត​សីលធម៌​ ឬ​គ្រីស្ទ​បរិស័ទ​ដែល​មើល​រូប​អាស​អាភាស ឬ​ប្រើ​ពាក្យ​អាក្រក់​នៅ​កន្លែង​ធ្វើ​ការ ឬ​ធ្វើ​អាក្រក់​ជា​មួយ​ក្រុម​គ្រួ​សារ​ជា​ដើម។ សាវក​ប៉ុល​បាន​លើក​ឡើង​ថា ​នេះ​គឺ​ជា​រឿង​អា​ម៉ាស។ តែ​នេះ​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ដ៏​ធំ​មួយ ដូច​គ្នា​និង​ពួក​ហោ​រា​សញ្ញា​ចាស់ ​ដែល​តែង​លើក​ឡើង​ពី​ភ្នែក​ជញ្ជីង​មិន​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​លក់​សាច់​ ដោយ​និយាយ​ថា    «នេះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ អ្នក​បាន​ដាច់​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ហើយ»។ សាវក​ប៉ុល​បាន​មាន    ​ប្រ​សាសន៍​ថា «តើ​អ្ន​ក​ដឹង​ថា​នេះ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ទេ?» ការ​ទទួល​យក​អំពើ​បាប​នេះ​គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​កូរិនថូស​កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ​ក្មេង​ខ្ចី​ខាង​ជំនឿ មិន​ដូច​សាវក​ប៉ុល​នោះ​ទេ។ ការ​ពិត​ពួក​គេ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​អ្នក​មាន​ជំនឿ​ក្មេង​ខ្ចី ពោ​ពេញ​ទៅ​ដោយ​ការ​យល់​ច្រឡំ​ ​ដោយ​អរ​សប្បាយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អំពើ​បាប​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូម​ស្រ​មៃ​ពី​រូប​ភាព​មួយ​ថា ​អ្នក​ទៅ​ចូល​រួម​ក្នុង​ពួកជំនុំ​ ហើយ​បាន​ធ្វើ​ការ​អាក្រក់​នៅ​ទី​លាក់​កំបាំង​ណា​មួយ ស្រាប់​តែ​ការ​បង្រៀន​នៅ​ក្នុង​ពួក​ជំនុំ​ធ្វើ​ឲ្យ​អ្នក​គិត​ថា ​អំពើ​បាប​នោះ​គឺ​ជា​រឿង​ល្អ​ទេ។ ខ្ញុំ​សង្ឃឹម​ថា​ ការ​នេះ​នឹង​មិន​កើត​ឡើង​នៅ​ក្នុង​ពួក​ជំនុំ​ទៅ​ចុះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា ​យើង​នឹង​មិន​នាំ​បាប​ចូល​មក​ពួកជំនុំ​នោះ​ដែរ។ ឯ​ពួក​ជំនុំ​កូរិនថូស​បាន​ដើរ​ថយ​ក្រោយ​វិញ​ ដោយ​ពួក​គេ​បាន​បង្កើត​ស្ថាន​ភាព​នេះ​ឡើង។ ខ្ញុំ​ចង់​បង្ហាញ​បន្តិច​ អំពី​របៀប​ដែល​ចាត់​ទុក​យក​អំពើ​បាប​នៅ​ក្នុង​ពួក​កូរិនថូស​ជា​រឿង​ធ្ងន់ធ្ងរ ​និង​ជា​ភស្តុតាង​ដែល​សំដែង​ពី​បញ្ហា​ធំ  ​ជាង។

នៅ​ក្នុង​ជំពូក​១ សាវក​ប៉ុល​បាន​បង្ហាញ​ថា ​ជំនឿ​គ្រីស្ទបរិស័ទ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ព្រះ​គ្រីស្ទ​និង​ឈើ​ឆ្កាង។ ចុះ​តើ​ពួក​កូរិនថូស​ទាំង​អស់​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដោត​ទៅ​លើ​អ្វី​វិញ? ពួកគេ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ចំពោះខ្លួន​ឯង​ គឺ​ពួក​គេ​មាន​ការ​ចាប់​អារម្មណ៍​លើ​ខ្លួន​គេ​ខ្លាំង​ជាង​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ។ ពួក​គេ​បាន​ជំនួស​បង្អួច​ដែល​សំរាប់​មើល​ទៅ​ព្រះ​គ្រីស្ទ​ចោល ​ដោយ​បាន​ដាក់​កញ្ចក់​មួយ​ផ្ទាំង​សំរាប់​ឆ្លុះ​មើល​ខ្លួន​ឯង។ ពួក​គេ​ចាត់​ទុក​ខ្លួន​ឯង​ជា​សំខាន់​ជាង​ព្រះគ្រីស្ទ​ទៅ​ទៀត។

អ្នក​ខ្លះ​បាន​ស្រឡាញ់​គ្រួ​សារ អ្នក​ខ្លះ​ជា​អ្នក​ជំនួញ​ដ៏​ស្មោះ​ត្រង់​ អ្នក​ខ្លះ​ទៀត​ជា​អ្នក​លេង​កីឡា​យ៉ាង​ល្អ​ផង​ដែរ តែ​ប្រ​សិន​បើ​យើង​សួរ​អ្នក​នោះ​ថា «តើ​អ្វី​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ?» ចំលើយ​គឺ ​«ដំណឹង​ល្អ»។ ដំណឹង​ល្អ​គឺ​ជា​រឿង​អតិ​ភាព ជា​ស្នូល​សំរាប់​ពួក​គេ ហើយ​អ្វី​ផ្សេងៗ​ទៀត​គឺ​គ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​នៅ​ជុំ​វិញ​ចំនុច​ស្នូល​ប៉ុណ្ណោះ។ ប្រ​សិន​បើ​យើង​ដក​ចិត្ត​ចេញ​ពី​ព្រះ​គ្រីស្ទ​ទៅ​រក​អ្វី​ផ្សេង នោះ​ជីវិត​របស់​យើង​នឹង​ដើរ​តាម​របស់​នោះ តែ​បញ្ហា​នឹង​មក​ដល់​ជីវិត​យើង​ភ្លាមៗ ឬ​មួយ​រយៈ​ក្រោយ​មក ប៉ុន្តែ​ប្រសិន​បើ​យើង​ដាក់​ចិត្ត​និង​គំនិត​របស់​យើង​ទៅ​លើ​ព្រះ​គ្រីស្ទ នោះ​ទើប​ជា​រឿង​ត្រឹម​ត្រូវ។ ​ការ​ធ្វើ​ដូច​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ តែ​ជា​គោល​ការណ៍​យើង​ត្រូវ​ «ស្វែង​រក​នគរ​និង​សេចក្តី​សុចរិត​របស់​ព្រះ​ជា​មុន​សិន​ នោះ​ទើប​របស់​ទាំង​អស់​នឹង​ប្រ​ទាន​មក​អ្នក​ទៀត​ផង»។

នៅ​ក្នុង​ជំពូក​២ សាវក​ប៉ុល​បាន​បង្ហាញ​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​គ្រីស្ទបរិស័ទ​គឺ​ស្ថិត​នៅ​លើ​ព្រះ​បន្ទូល​ព្រះ ប៉ុន្តែ​តើ​អ្វី​ជា​មូល​ដ្ឋាន​សំរាប់​ពួក​កូរិនថូស​ទាំង​នេះ? គឺ​គំនិត​និង​បទ​ពិសោធន៍​របស់​ពួក​គេ​ផ្ទាល់។ ព្រះ​គម្ពីរ​មិន​គាំ​ទ្រ​នូវ​អ្វី​ដែល​ពួកគេ​ធ្វើ​នោះ​ទេ។ ពួកគេ​ប្រើ​ព្រះគម្ពីរ​មែន តែ​គ្រាន់​តែ​ប្រើ​ខ​គម្ពីរ​ណា​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត មាន​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ តែ​ជីវិត​របស់​ពួក​គេ​មិន​បាន​ដើរ​តាម​ព្រះ​គម្ពីរ​នោះ​ឡើយ។​ មនុស្ស​មាន​បាប​តែង​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង ហើយ​បាន​ប្រាប់​ខ្លួន​ឯង​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​ ​ហើយ​នេះ​ជា​អ្វី​ដែល​ពួក​កូរិនថូស​បាន​ធ្វើ។

នៅ​ក្នុង​ជំពូក​៣ សាវក​ប៉ុល​បាន​បង្ហាញ​ពី​កិច្ច​ការ​សំខាន់​ក្នុង​ការ​បំរើ​ព្រះ​គ្រីស្ទ ដែល​ជា​រឿង​សំខាន់​បំផុត។ តើ​អ្វី​ជា​ការ​សំខាន់​បំផុត​ចំពោះ​ពួក​កូរិនថូស? ភាព​ត្រេក​ត្រអាល។ ពួកគេ​បាន​លើក​ឡើង​នៅ​ក្នុង​ជំពូក​៦:១២ ថា  «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ដូច្នេះ​ពួក​គេ​គិត​ថា​ ពួកគេ​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​ចិត្ត។ ហេតុ​នេះ​អំពើ​អ​សីល​ធម៌​នៅ​ក្នុង​ខ.​២ ​ដែល​ពួក​គេ​គួរ​ខូច​ចិត្ត​ចំពោះ​ ​មិនបាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សោក​សង្រេង​  ឡើយ។ ពួកគេ​អំនួត​ដោយ​ថា ​ពួក​គេ​អាច​ទទួល​យក​អ្វីៗ​គ្រប់​យ៉ាង​បាន។ មាន​ពួក​ជំនុំ​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បទ​ពិសោធន៍ ភាព​ត្រេក​ត្រ​អាល និង​ភាព​អរ​សប្បាយ​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍ ហើយ​ចាប់​ផ្តើម​គិត​ថា​ នោះ​គឺ​ជា​រឿង​អតិ​ភាព​នៅ​ក្នុង​ជីវិត។ គេ​គិត​ថា «ខ្ញុំ​ត្រូវ​មាន​អំណរ​សប្បាយ​ចំពោះ​ខ្លួន​ឯង ពី​ព្រោះ​នេះ​ហើយ​ជា​បុព្វ​ហេតុ​របស់​ពួកជំនុំ»។ ខ្ញុំ​បាន​មើល​ឃើញ​ថា ​ពិបាក​ក្នុង​កា​រ​ធ្វើ​ជា​គ្រូ​គង្វាល​នៅ​ពួកជំនុំ​ដែល​បាន​យក​បទពិសោធន៍​ធ្វើ​ជា​គ្រឹះ​នៃ​ជំនឿ​និង​ការ​ ​ជីវិត​រស់​នៅ​របស់​គ្រីស្ទបរិស័ទ​ ពីព្រោះ​ខ្ញុំ​យល់​ថា ​គ្រីស្ទបរិស័ទ​នៅ​ពួកជំនុំ​បែប​នោះ​នឹង​ចាប់​ផ្តើម​គិត​ថា «ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ ខ្ញុំ​ត្រូវ​ការ​រួមភេទ»។ វា​ជា​រឿង​ឆ្កួត​ៗ តែ​មនុស្ស​តែង​គិត​យ៉ាង​នោះ។

នៅ​ក្នុង​ជំពូក​៤​ យើង​ឃើញ​ថា​ អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​បន្ទាប​ខ្លួន។​ ប៉ុន្តែ​នៅ​ក្នុង​ខ.​២ ពួក​កូរិនថូស​មាន​អំនួត​យ៉ាង​ខ្លាំង​ដោយ​ពួក​គេ​ទទួល​យក​អំពើ​បាប។ ពួក​កូរិនថូស​ទាំង​អស់​នេះ​មិន​បាន​ផ្ដោត​សំ​ខាន់​ទៅ​លើ​ព្រះ​គ្រីស្ទ​ឡើយ​ តែ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ខ្លួន​ឯង​វិញ គឺ​ពួក​គេ​បាន​យក​គំនិត​និង​បទ​ពិសោធន៍​របស់​ពួក​គេ​ផ្ទាល់​ធ្វើ​ជា​គ្រឹះ​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ​ ​ពួក​គេ​លែង​ខ្វល់​ពី​ភាព​បរិ​សុទ្ធ ​ហើយ​អំពើ​បាប​លែង​ជា​កង្វល់​របស់​ពួក​គេ​ទៀត​ហើយ។ ដូច្នេះ​នៅ​ក្នុង​ជី​វិត​របស់​អ្នក​ផ្ទាល់៖ ពេល​ខ្លះ​អ្នក​មក​ព្រះ​វិហារ​ ហើយ​មើល​ទៅ​ដំណើរ​ជីវិត​របស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ​ ដូច​ជា​ល្អ​ប្រសើរ​ តែ​មាន​ឥរិយាបថ ចរិក ពាក្យ​សំ​ដី អាច​សំដែង​ចេញ​នូវ​ការ​ពិត​មួយ​ថា យើង​មិន​កំពុង​តែ​ដើរ​តាម​ព្រះ​គ្រីស្ទ​ដូច​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ទេ។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ថ្ងៃ​មុន  សបា្តហ៍​មុន ខែ​មុន​ខ្ញុំ​យក​ខ្លួន​ឯង​និង​បំណង​ចិត្ត​ខ្លួន​ឯង​ជា​ធំ ដោយ​មិន​មាន​ក្តី​អំណរ​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត  ​គ្រីស្ទ​បរិស័ទ មិន​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ និង​មិន​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ​ជា​មួយ​ព្រះ​ពិត​ប្រាកដ។ នៅ​ពេល​យើង​បាន​មើល​ឃើញ​សេចក្តី​ពិត​អំពី​ខ្លួនឯង​ ហើយ​លែង​ចង់​បន្ត​ធ្វើ​ជា​មនុស្ស​ក្លែង​ក្លាយ ពេល​នោះ​យើង​អាច​នឹង​ចាប់​ផ្តើម​បម្រើ​ព្រះជាម្ចាស់​និង​ពួកជំនុំ​យ៉ាង​ល្អ​បាន​ហើយ។ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ប្រ​សាសន៍​ថា ពេល​យើង​បាន​យក​ធ្នឹម​ចេញពី​ភ្នែក​យើង​ហើយ នោះ​យើង​អាច​យក​កំទេច​ចេញ​ពី​ភ្នែក​អ្នក​ដ​ទៃ​បាន​ដែរ។

​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​មួយ ដែល​ចរិត​លក្ខណៈ​មិន​មែន​ជា​បញ្ហា​សំ​ខាន់​អ្វី​ឡើយ  តែ​ព្រះ​ជា​ម្ចាស់​ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ចរិត​លក្ខណៈ ដូច្នេះ​យើង​ក៏​ត្រូវ​តែ​ធ្វើ​ដូច​ទ្រង់​ដែរ។ ​ប្រ​សិន​បើ​យើង​បរា​ជ័យ​ចំពោះ​ការ​នេះ នោះ​សូម​ទូល​សុំ​ការ​អត់​ទោស​បាប​ពី​ទ្រង់​ហើយ​បន្ត​ធ្វើ​តាម​ទ្រង់។

​ព្រះហឫទ័យ​របស់​ព្រះអង្គ​គឺ ​ពួក​ជំនុំ​របស់​ទ្រង់​នឹង​រីក​ចំរើន​ក្នុង​ភាព​បរិ​សុទ្ធ ដូច្នេះ​ហើយ​បាន​ជា​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​គឺ​ជា​ជីវិត​មួយ​ដ៏​រីក​រាយ ពី​ព្រោះ​ការ​រីក​ចំរើន​ក្នុង​ភាព​បរិសុទ្ធ​គឺ​ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​របស់​ពិភព​លោក​នេះ ​ពីព្រោះ​ដោយ​សារ​ព្រះ​បន្ទូល​និង​ព្រះ​វិញ្ញាណ​របស់​ព្រះ នោះ​យើង​អាច​រីក​ចំរើន​ក្នុង​ភាព​បរិសុទ្ធ​បាន​ ​គឺ​ដោយ​ហេតុ​នេះ​ទើប​ពួក​ជំនុំ​គឺ​ជា​កន្លែង​មួយ​ដ៏​អស្ចារ្យ ដ្បិត​អ្នក​អាច​មក​ដល់​កន្លែង​មួយ​ដែល​ពេញ​ដោយ​ក្តី​អំណរ ការ​អត់​ទោស​បាប ស្មោះ​ស្ម័គ្រ​ជា​មួយ​ភាព​បរិសុទ្ធ និង​ចៀស​ចេញ​ពី​អំពើ​បាប​បាន។ ដូច្នេះ ពួក​ជំនុំ​គឺ​ជា​កន្លែង​ដែល​យើង​ត្រូវ​ទៅ។

ខ្ញុំ​មិន​សូម​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ​ឡើយ ប្រ​សិន​បើ​អ្នក​មិន​ទាន់​មាន​ជី​វិត​ថ្មី​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នៅ​ ឡើយ។ នៅ​ព្រឹក​នេះ​មាន​អ្នក​ដែល​ព្យាយាម​រស់​នៅ​ក្នុង​ជី​វិត​ជា​គ្រីស្ទ​បរិស័ទ តែ​ពួក​គេ​មិន​ទាន់​មាន​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ​នៅ​ឡើយ។ អ្នក​ត្រូវ​តែ​ទទួល​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​និង​ជា​ព្រះ​អម្ចាស់ បន្ទាប់មក​ទើប​អ្នក​អាច​រស់​នៅ​ជា​ជីវិត​គ្រីស្ទ​បរិស័ទ​បាន។

ខ.​១ អំពើ​បាប​នៅ​ក្នុង​ពួក​ជំនុំ​កូរិនថូស​គឺ​ជាប់​ទាក់​ទង​នឹង​បុរស​ម្នាក់​ជា​មួយ​និង​ម្ដាយ​ចុង​របស់​ខ្លួន។ បទ​គម្ពីរ​មិន​បាន​និយាយ​ថា ​អ្នក​នោះ​បាន​យក​ម្តាយ​បង្កើត​នោះ​ទេ។ ឪ​ពុក​របស់​គាត់​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​នេះ ហើយ​ប្រ​ហែល​ជា​ឪ​ពុក​របស់​ខ្លួន​បាន​ស្លាប់​ហើយ​ក៏​មិន​ដឹង ទើប​បុរស​ម្នាក់​នេះ​បាន​យក​ម្តាយ​ចុង​របស់​ខ្លួន​ទៅ។ ការ​រួម​រក្ស​គឺ​ត្រូវ​ធ្វើ​ឡើង​រ​វាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ប៉ុណ្ណោះ​ហើយ​នៅ​ខាង​ក្រៅ​អាពាហ៍ពិពាហ៍​ រាល់​ការ​រួម​រ័ក​សុទ្ធ​តែ​ជា​អំពើ​អសីលធម៌​ទាំង​អស់ មិន​ថា​ការ​រួម​រក្ស​មុន​ថ្ងៃ​រៀប​ការ ការ​លួច​លាក់​មិន​ឲ្យ​ប្រ​ពន្ធ​ដឹង ស្មន្ធការ ឬ​ទំនាក់​ទំនង​ឯក​ភេទ​ក្តី។ ដូច្នេះ ​ប្រ​សិន​បើ​យើង​យក​ខ្លួន​ឯង​ជា​ធំ​ ហើយ​បង្កើត​ច្បាប់​ដោយ​ខ្លួន​ឯង​ដូច​ដែល​ពួក​កូរិនថូស​បាន​ធ្វើ នោះ​យើង​នឹង​ដល់​ទី​បញ្ចប់​ដូច​ជា​ពួក​កូរិនថូស​ទាំង​អស់​នេះ​ដែរ ​ដែល​ពួកគេ​គឺ​ជា​មនុស្ស​មាន​អំនួត​និង​មិន​បរិសុទ្ធ។ មាន​ការ​ពិបាក​ក្នុង​ការ​ប្រកប​គ្នា ភាព​រីក​រាយ​នឹង​មិន​កើត​មាន​ឡើង​ឡើយ។ ដូច្នេះ​សាវក​ប៉ុល​កំពុង​តែ​ដឹក​នាំ​ពួក​កូរិនថូស​ឲ្យ​វិល​ត្រឡប់​ទៅ​ព្រះ​គ្រីស្ទ​វិញ៖ នៅក្នុង​ខ.​៤ នៅ​ពេល​អ្នក​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ ដែល​ជា​ស្នូល​នៃ​ជីវិត​គ្រីស្ទ​បរិស័ទ ​ ក្រោយ​មក​លោក​ប៉ុល​បាន​នាំ​ពួក​គេ​ឲ្យ​ត្រ​ឡប់​មក​ព្រះ​បន្ទូល​របស់​ព្រះ​វិញ ដូច​ដែល​ខ.​១៣​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​មក​ថា «ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ»។ ​ពួក​គេ​ត្រូវ​តែ​ធ្វើ​បែប​នេះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ក៏​ដើម្បី​សំ​អាត​ពួក​ជំនុំ និង​លើក​ដំ​កើង​ព្រះ​អង្គ​ឡើង។

ខ​.៥ មាន​ន័យ​ថា ​ដក​បុរស​នោះ​ចេញ​ពី​ក្រុម​ជំនុំ ពី​ព្រោះ​នោះ​គឺ​ជា​ទី​ជំនួប​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក្តី​សង្ឃឹម​គឺ​ប្រៀប​ដូច​ជា​កូន​ពៅ​វង្វេង​ដូច្នោះ​ដែរ គឺ​នៅពេល​អ្នក​នោះ​ទាល់​ផ្លូវ​ហើយ​ ​ពួកគេ​នឹង​មាន​ការ​ប្រែ​ចិត្ត​មិន​ខាន ហើយ​គោល​ដៅ​ចុង​ក្រោយ​គឺ ដើម្បី​ឲ្យ​អ្នក​នោះ​បាន​ទទួល​សេចក្តី​សង្គ្រោះ គឺ​ពេល​នោះ​គាត់​នឹង​យំ​ថ្ងូរ ហើយ​ប្រែ​ចិត្ត បន្ទាប់​មក​នឹង​ទទួល​សេចក្តី​សង្គ្រោះ។ យុទ្ធសាស្ត្រ​នេះ​មាន​ប្រ​សិទ្ធិ​ភាព​ខ្លាំង​ណាស់ ដ្បិត​ក្រោយ​មក​សាវក​ប៉ុល​បាន​សូម​អង្វរ​ឲ្យ​ពួកគេ​ទទួល​យក​បុរស​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​វិញ។

គោល​ដៅ​គឺ​ដើម្បី​ធ្វើ​ឲ្យ​បុរស​នេះ​ភ្ញាក់ខ្លួន​ឡើង​វិញ ប្រយោជន៍​ឲ្យ​ពួកជំនុំ​បាន​ត្រ​ឡប់​ជា​ស្អាត ហើយ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដំ​កើង​ឡើង។ សាវក​ប៉ុល​បាន​ផ្តល់​ហេតុ​ផល​នៅ​ក្នុង​ខ.​៦-៨ ដោយ​ប្រើ​ឧទាហរណ៍​ទាក់​ទង​នឹង​មេ​ដំបែរ ឬ​ដំបែរ​នៅ​ក្នុង​នំ​ប៉័ង។ នៅ​ពេល​ពួក​យូដា​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​គេ​បាន​ប្រញាប់ប្រញាល់ ហើយ​ឥត​មាន​ពេល​ដើម្បី​ដាក់​មេ​ដំ​បែរ​នៅ​ក្នុង​នំ​ប៉័ង​របស់​ពួក​គេ​ឡើយ។ នៅ​ពេល​ពួក​គេ​ប្រារព្ធ​ពិធីបុណ្យ​រំ​លង ហើយ​ចង​ចាំ​ពី​ការ​រត់​គេច​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​រៀង​រាល់​ឆ្នាំ​ពួក​គេ​តែង​តែ​ប្រើ​នំ​ប៉័ង​ឥត​ដំបែរ។ សាវក​ប៉ុល​បាន​មាន​ប្រ​សាសន៍​ថា អ្នក​រាល់​គ្នា​ដូច​ជា​នំ​ប៉័ង​ឥត​ដំបែរ​ដូច្នោះ​ដែរ។ ព្រះ​ជា​ម្ចាស់​បាន​លាង​សំ​អាត​អ្នក អត់​ទោស​បាប​ឲ្យ​អ្នក នោះ​ព្រះ​ជា​ម្ចាស់​បាន​ទត​ឃើញថា ​អ្នក​គ្មាន​ដំបែរ​ទៀត​ទេ គឺ​គ្មាន​អំពើ​បាប​ទៀត​ឡើយ។ ឥ​ឡូវ​នេះ​នៅ​ក្នុង​ខ.​៧ ដោយ​ព្រោះ​ព្រះ​បាន​អត់​ទោស​បាប​ឲ្យ​អ្នក​ហើយ អ្នក​លែង​មាន​បាប​ទៀត​ហើយ​ នោះ​ត្រូវ​ដើរ​ដូច​មនុស្ស​ឥត​បាប​ចុះ។ លុប​អំពើ​បាប​ចោល​ទាំង​អស់។ នេះ​ជា​ការ​ត្រាស់​ហៅ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះ​អង្គ​បាន​ទត​មក​ឃើញ​ថា អ្នក​ជា​មនុស្ស ​ដែល​បាន​ទទួល​ការ​អត់​ទោស​បាប​និង​គ្មាន​កំហុស​ទេ។ ដូច្នេះ ​ចូរ​រស់​នៅ​ដូចជា​មនុស្ស​ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ​ដ៏​ខ្ពស់​នោះ​ចុះ។

នៅ​ក្នុង​ខ.​៩-១១ សាវក​ប៉ុល​បាន​វិល​មក​រំលឹក​ឡើង​វិញ​ថា ពួកគេ​មិន​ត្រូវ​ទទួល​យក​អំពើ​បាប​ឡើយ «កុំ​ឲ្យ​ភប់​ប្រ​សព្វ​នឹង​មនុស្ស​កំផិត​ឡើយ»។ គាត់​មិន​បាន​និយាយ​អំពី​គ្រីស្ទ​បរិស័ទ​ ដែល​កំពុង​ត​ស៊ូ​ជា​មួយ​និង​អំពើ​អសីលធម៌​នោះ​ឡើយ ពី​ព្រោះ​ពួក​យើ​ង​ទាំង​អស់​គ្នា​ក៏​បាន​តស៊ូ​ដែរ។ តែ​គាត់​បាន​និយាយ​សំ​ដៅ​ទៅ​លើ​គ្រីស្ទ​បរិស័ទ​ដែល​បាន​សំរេច​ចិត្ត​រស់​នៅ​ក្នុង​ជីវិត​អសីលធម៌​វិញ។ សាវក​ប៉ុល​មិន​បាន​តំរូវ​ឲ្យ​ពួក​គ្រីស្ទ​បរិស័ទ​កូរិនថូស​ចាក​ចេញ​ពី​ពិភព​លោក​នេះ​នោះ​ទេ (ខ​.១០)។ ខ្ញុំ​មិន​មែន​ប្រាប់​ឲ្យ​អ្នក​លែ​ង​ទៅ​ធ្វើ​ការ ឬ​ឈប់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ​ដើម្បី​កុំ​ឲ្យ​អ្នក​ជួប​មនុស្ស​មាន​បាប​ត​ទៅ​ទៀត​នោះ​ទេ​ តែ​អ្វី​ដែល​សាវក​ប៉ុល​លើក​ឡើង​នៅ​ក្នុង​ខ.​១០ គឺ​ជា​ការ​ប្រកប​ជា​មួយ​អស់​អ្នក​ដែល​ធ្វើ​ពុត​ជា​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តែ​តាម​ពិត​ប្ដេជ្ញា​ចិត្ត​ដើម្បី​ប្រព្រឹត្ត​អំពើ​បាប​វិញ។ ដូច្នេះ​គោល​ការណ៍​នោះ​គឺ «តើ​អ្នក​កំពុង​តែ​រើ​បម្រាស់​ឬ?» យើង​នឹង​នាំ​គ្នា​ជួយ   ​អ្នក។ «តើ​ខ្ញុំ​កំពុង​រើ​បម្រាស់​ឬ?» ចូរ​ជួយ​ខ្ញុំ​ផង។ «តើ​ខ្ញុំ​បាន​សំរេច​ចិត្ត​ដើរ​តាម​អំពើ​បាប​ឬ?» លែង​រាប់​អាន​ខ្ញុំ​ចុះ។

គ្រីស្ទ​បរិស័ទ ​ក៏​មិន​បាន​បង្កើត​ច្បាប់​សំរាប់​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ពួក​គេ​ដូច​យើង​នោះ​ដែរ។ យើង​មិន​អាច​ធ្វើ​ឲ្យ​គេ​មាន​ជី​វិត​ថ្មី​ តាម​រយៈ​ការ​ដាក់​ច្បាប់​ឲ្យ​ពួក​គេ​ធ្វើ​តាម​នោះ​ឡើយ។ របៀប​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​រស់​ គឺ​ការ​ហុច​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ដល់​ពួក​គេ។ សាវក​ប៉ុល​ មាន​អតីត​ជា​ពួក​ផារ៉ាស៊ី​ហើយ​ពេល​នោះ​គាត់​បាន​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​លោកិយ​នេះ តែ​ដំណឹង​ល្អ​បាន​ផ្លាស់​ប្តូរ​រូប​គាត់ ហើយ​ពេល​នេះ​គាត់​បាន​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ជា​មួ​យ​លោកិយ​នេះ​វិញ ហើយ​បាន​ហុច​ដំណឹង​ល្អ​នៃ​ព្រះ​គុណ​ដល់​ពួក​គេ។ គាត់​បាន​រក្សា​ខ្នាត​គំរូ​ឲ្យ​នៅ​ខ្ពស់​ ហើយ​បាន​ចែក​ចាយ​ដំណឹង​ល្អ​យ៉ាង​ច្បាស់​ តាម​ដែល​អាច​ធ្វើ​បាន។

នៅ​ក្នុង​ជំពូក​៤ ពួក​កូរិនថូស​បាន​ចោទ​ប្រ​កាន់​សាវក​ប៉ុល ហើយ​បាន​មើល​ងាយ​គាត់។ សាវក​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង​ជំពូក៤​ថា ពួកគេ​បាន​ឆ្កួត​លី​លា​ហើយ ពី​ព្រោះ​ពួក​គេ​មើល​ងាយ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​លើក​ដំ​កើង​ឡើង។

នៅ​ក្នុង​ជំពូក​៥ សាវក​ប៉ុល​បាន​លើក​ឡើង​ថា ពួក​គេ​មិន​ចោទ​ប្រ​កាន់​ចំពោះ​រឿង​ដែល​ត្រូវ​ចោទ ដែល​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ។

យើង​មិនបាន​ចោទ​ប្រកាន់​ចំពោះ​ពួក​អ្នក​មិន​ជឿ​នោះ​ឡើយ (ខ​.១២) ​តែ​ព្រះ​ជា​ម្ចាស់​នឹង​ជំនុំជំរះ​ពួក​គេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​នាំ​ដំណឹង​ល្អ​នៃ​ព្រះ​គុណ​និង​ព្រះ​យេស៊ូវ​ដែល​បាន​ជាប់​ឆ្កាង​ឲ្យ​ពួកគេ​ស្តាប់​វិញ។ ប៉ុន្តែ​នៅ​ពេល​យើង​គិត​អំពី​ពួក​ជំនុំ​និង​ខ្លួន​ឯង នោះ​យើង​ត្រូវ​តែ​មាន​ខ្នាត​គំរូ​មួយ​ខ្ពស់។

ពេល​ខ្លះ​ នៅ​ពេល​យើង​ជួប​គ្រីស្ទ​បរិស័ទ​ដ​ទៃ​ទៀត នោះ​យើង​បាន​មើល​ឃើញ​រឿង​រ៉ាវ​ខ្លះ​ដែល​មិន​ល្អ។ នៅ​ពេល​ដែល​អ្នក​ប្រាកដ​ក្នុង​ខ្លួន​ហើយ​ថា អ្នក​បាន​មើល​ឃើញ​ច្បាស់​ហើយ នោះ​អ្នក​អាច​និយាយ​បាន​ថា «រោគ​សញ្ញា​នោះ​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពី​ក្រោយ​» ហើយ​ដូច​ជា​សាវក​ប៉ុល​ផង​ដែរ ​អ្នក​អាច​បង្ហាញ​ប្រាប់​អ្នក​នោះ​អំពី​វិធី ​ដើម្បី​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​និង​ព្រះ​គ្រីស្ទ​វិញ ព្រម​ទាំង​រស់​នៅ​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ​មួយ ​ដែល​ប្រ​កប​ដោយ​សុខុមាល​ភាព មាន​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​ សំរាប់​ប្រជា​រាស្រ្ត​របស់​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top