1 Cor 5 pdf download
ពួកជំនុំមិនត្រូវអនុញ្ញាតឲ្យខ្លួនមានការកុហកឡើយ ហើយក៏មិនត្រូវអនុញ្ញាតឲ្យបាប ឬសេចក្តីអាក្រក់នៅលាយឡំជាមួយខ្លួនដែរ ពីព្រោះពួកជំនុំគឺជារបស់ព្រះជាម្ចាស់។ ទ្រង់ត្រាស់ហៅយើងឲ្យត្រលប់ជារាស្រ្តរបស់ទ្រង់ ដូច្នេះយើងត្រូវរស់នៅតាមផ្លូវរបស់ទ្រង់។
នៅពេលព្រះយេស៊ូវគ្រីស្ទត្រាស់ហៅមនុស្សម្នាក់ឲ្យដើរតាមទ្រង់ នោះគាត់មិនអាចដើរតាមលោកិយនេះបានឡើយ។ មិនមានការត្រាស់ហៅណាដែលខ្ពស់ជាងការត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទឡើយ។ នៅក្នុងជំពូកនេះពិពណ៌នាពីរបៀបក្នុងការដើរតាមការត្រាស់ហៅរបស់ព្រះ។ សាវកប៉ុលបានលើកឡើងថា «បណ្តេញមនុស្សអាក្រក់ចេញពីពួកជំនុំទៅ»។ ការធ្វើតាមបទបញ្ញត្តិនេះគឺជាការមួយពិបាកសំរាប់ពួកជំនុំ តែតាមពិតបទបញ្ញត្តិនេះចង់បញ្ជាក់យ៉ាងនេះថា យើងត្រូវតែប្រុងប្រយ័ត្នចំពោះផ្លូវដែលខ្លួនយើងផ្ទាល់ ក៏ដូចជាពួកជំនុំ ដើរតាមព្រះជាម្ចាស់។
យើងដឹងហើយថា នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ មិនថាយើងជាគ្រីស្ទបរិស័ទយូរឆ្នាំ ឬតិចឆ្នាំឡើយ ជួនកាលយើងនិយាយឬធ្វើខុស។ ឧទាហរណ៍ នៅពេលលោកពេត្រុសបានប្រកាសថា ព្រះយេស៊ូវគឺជាព្រះមែស៊ី មើលទៅគាត់ហាក់ដូចជាយល់អំពីព្រះយេស៊ូវច្បាស់មែនទែន តែមួយស្របក់ក្រោយមកគាត់បាននិយាយថា យើងមិនចង់ឲ្យទ្រង់សុគតទេ ហើយពេលនោះព្រះយេស៊ូវបានហៅគាត់ជាសាតាំង និងបានប្រាប់គាត់ឲ្យថយចេញពីផ្លូវរបស់ទ្រង់។ សាវកប៉ុលបានលើកឡើងនៅក្នុងរ៉ូម ៧ ថា «ឯខ្ញុំដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ ជាប់នៅនឹងខ្ញុំជានិច្ច»។ គ្រីស្ទបរិស័ទ ដែលកំពុងដើរនៅតាមផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច ក៏អាចឈានជើងចូលទៅក្នុងអ្វីមួយដែលគ្រោះថ្នាក់ដែរ ហើយអ្វីដែលគ្រោះថ្នាក់និងធ្ងន់ធ្ងរជាងអំពើបាបទៀតនោះគឺ នៅពេលគ្រីស្ទបរិស័ទទទួលយកអំពើបាប (មិនបាច់ប្រែចិត្ត ហើយក៏មិនបាច់ដាក់ពិន័យដែរ)។ ទង្វើបែបនេះហើយដែលបង្ហាញថា ព្យាយាមដើរជាមួយព្រះគ្រីស្ទផងនិងជាមួយអំពើបាបផង។ ពេលនេះខ្ញុំកំពុងតែនិយាយអំពីមនុស្សដែលគិតថា «ខ្ញុំចង់ដើរជាមួយព្រះគ្រីស្ទ ហើយក៏ចង់នាំអំពើបាបមកតាមខ្ញុំដែរ»។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់មួយ។ នៅក្នុង១កូរិនថូស ៥:១ មានបុរសម្នាក់នៅក្នុងពួកជំនុំបាន ប្រព្រឹត្តិអំពើបាបយ៉ាងធ្ងន់ធ្ងរមួយ នៅក្នុងខ.២ ព្រះគម្ពីរបានចែងថា ពួកជំនុំនៅតែទទួលយកអ្នកនោះ។ តាមពិតសាវកប៉ុលបានលើកឡើងថា សូម្បីតែសាសន៍ដទៃក៏មិនអាចទទួលយកទង្វើបែបនេះបានដែរ (ប្រើពាក្យដែរ ពីព្រោះភ្ជាប់មកពីពាក្យសូម្បីតែខាងលើ)។ នេះអាចឲ្យយើងស្មានបានថា ពួកកូរិនថូសមានអំនួតចំពោះ ទំរង់ថ្មីនៃជំនឿគ្រីស្ទបរិស័ទ ដោយពួកគេបានប្រើព្រះគុណរបស់ព្រះធ្វើអ្វីតាមចិត្តដែលពួកគេចង់ធ្វើ។
នៅក្នុង១កូរិនថូស ៥ សាវកប៉ុលបានចង្អុលបង្ហាញអំពីអំពើខ្លះ ដែលពួកគេគួរមានសេចក្តីខ្មាសអៀន។ វាជាការអាម៉ាសមួយ។ ប៉ុន្តែពួកកូរិនថូសមិនត្រឹមតែទទួលយកអំពើអាក្រក់នោះទេ តែថែមទាំងមានអំនួតចំពោះការអាក្រក់នោះទៀតផង។
យើងអាចប្រៀបធៀបស្ថានភាពនេះជាមួយនឹងគ្រីស្ទបរិស័ទ ដែលកំពុងធ្វើជំនួញឥតសីលធម៌ ឬគ្រីស្ទបរិស័ទដែលមើលរូបអាសអាភាស ឬប្រើពាក្យអាក្រក់នៅកន្លែងធ្វើការ ឬធ្វើអាក្រក់ជាមួយក្រុមគ្រួសារជាដើម។ សាវកប៉ុលបានលើកឡើងថា នេះគឺជារឿងអាម៉ាស។ តែនេះជារោគសញ្ញានៃបញ្ហាដ៏ធំមួយ ដូចគ្នានិងពួកហោរាសញ្ញាចាស់ ដែលតែងលើកឡើងពីភ្នែកជញ្ជីងមិនត្រឹមត្រូវរបស់ពួកអ្នកលក់សាច់ ដោយនិយាយថា «នេះគឺជាសញ្ញាមួយបង្ហាញថា អ្នកបានដាច់ចេញពីព្រះដ៏មានព្រះជន្មរស់ហើយ»។ សាវកប៉ុលបានមាន ប្រសាសន៍ថា «តើអ្នកដឹងថានេះគឺជាបញ្ហាធ្ងន់ធ្ងរដែរទេ?» ការទទួលយកអំពើបាបនេះគឺបញ្ជាក់ឲ្យឃើញថា ពួកកូរិនថូសកំពុងដើរនៅក្នុងផ្លូវក្មេងខ្ចីខាងជំនឿ មិនដូចសាវកប៉ុលនោះទេ។ ការពិតពួកគេនៅឃ្លាតឆ្ងាយពីព្រះខ្លាំងណាស់ ហើយពួកគេបានក្លាយជាអ្នកមានជំនឿក្មេងខ្ចី ពោពេញទៅដោយការយល់ច្រឡំ ដោយអរសប្បាយក្នុងការអនុញ្ញាតឲ្យអំពើបាបរស់នៅក្នុងចំណោមពួកគេ។
សូមស្រមៃពីរូបភាពមួយថា អ្នកទៅចូលរួមក្នុងពួកជំនុំ ហើយបានធ្វើការអាក្រក់នៅទីលាក់កំបាំងណាមួយ ស្រាប់តែការបង្រៀននៅក្នុងពួកជំនុំធ្វើឲ្យអ្នកគិតថា អំពើបាបនោះគឺជារឿងល្អទេ។ ខ្ញុំសង្ឃឹមថា ការនេះនឹងមិនកើតឡើងនៅក្នុងពួកជំនុំទៅចុះ ហើយខ្ញុំក៏សង្ឃឹមថា យើងនឹងមិននាំបាបចូលមកពួកជំនុំនោះដែរ។ ឯពួកជំនុំកូរិនថូសបានដើរថយក្រោយវិញ ដោយពួកគេបានបង្កើតស្ថានភាពនេះឡើង។ ខ្ញុំចង់បង្ហាញបន្តិច អំពីរបៀបដែលចាត់ទុកយកអំពើបាបនៅក្នុងពួកកូរិនថូសជារឿងធ្ងន់ធ្ងរ និងជាភស្តុតាងដែលសំដែងពីបញ្ហាធំ ជាង។
នៅក្នុងជំពូក១ សាវកប៉ុលបានបង្ហាញថា ជំនឿគ្រីស្ទបរិស័ទគឺផ្ដោតសំខាន់ទៅលើព្រះគ្រីស្ទនិងឈើឆ្កាង។ ចុះតើពួកកូរិនថូសទាំងអស់នេះបានយកចិត្តទុកដាក់ផ្ដោតទៅលើអ្វីវិញ? ពួកគេយកចិត្ដទុកដាក់ខ្លាំងចំពោះខ្លួនឯង គឺពួកគេមានការចាប់អារម្មណ៍លើខ្លួនគេខ្លាំងជាងឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ពួកគេបានជំនួសបង្អួចដែលសំរាប់មើលទៅព្រះគ្រីស្ទចោល ដោយបានដាក់កញ្ចក់មួយផ្ទាំងសំរាប់ឆ្លុះមើលខ្លួនឯង។ ពួកគេចាត់ទុកខ្លួនឯងជាសំខាន់ជាងព្រះគ្រីស្ទទៅទៀត។
អ្នកខ្លះបានស្រឡាញ់គ្រួសារ អ្នកខ្លះជាអ្នកជំនួញដ៏ស្មោះត្រង់ អ្នកខ្លះទៀតជាអ្នកលេងកីឡាយ៉ាងល្អផងដែរ តែប្រសិនបើយើងសួរអ្នកនោះថា «តើអ្វីជារឿងសំខាន់បំផុតក្នុងជីវិតរបស់គេ?» ចំលើយគឺ «ដំណឹងល្អ»។ ដំណឹងល្អគឺជារឿងអតិភាព ជាស្នូលសំរាប់ពួកគេ ហើយអ្វីផ្សេងៗទៀតគឺគ្រាន់តែជារឿងបន្ទាប់បន្សំនៅជុំវិញចំនុចស្នូលប៉ុណ្ណោះ។ ប្រសិនបើយើងដកចិត្តចេញពីព្រះគ្រីស្ទទៅរកអ្វីផ្សេង នោះជីវិតរបស់យើងនឹងដើរតាមរបស់នោះ តែបញ្ហានឹងមកដល់ជីវិតយើងភ្លាមៗ ឬមួយរយៈក្រោយមក ប៉ុន្តែប្រសិនបើយើងដាក់ចិត្តនិងគំនិតរបស់យើងទៅលើព្រះគ្រីស្ទ នោះទើបជារឿងត្រឹមត្រូវ។ ការធ្វើដូចនេះមិនមែនជារឿងងាយស្រួលនោះទេ តែជាគោលការណ៍យើងត្រូវ «ស្វែងរកនគរនិងសេចក្តីសុចរិតរបស់ព្រះជាមុនសិន នោះទើបរបស់ទាំងអស់នឹងប្រទានមកអ្នកទៀតផង»។
នៅក្នុងជំពូក២ សាវកប៉ុលបានបង្ហាញពីមូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទបរិស័ទគឺស្ថិតនៅលើព្រះបន្ទូលព្រះ ប៉ុន្តែតើអ្វីជាមូលដ្ឋានសំរាប់ពួកកូរិនថូសទាំងនេះ? គឺគំនិតនិងបទពិសោធន៍របស់ពួកគេផ្ទាល់។ ព្រះគម្ពីរមិនគាំទ្រនូវអ្វីដែលពួកគេធ្វើនោះទេ។ ពួកគេប្រើព្រះគម្ពីរមែន តែគ្រាន់តែប្រើខគម្ពីរណាមួយដែលពួកគេពេញចិត្ត មានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះ តែជីវិតរបស់ពួកគេមិនបានដើរតាមព្រះគម្ពីរនោះឡើយ។ មនុស្សមានបាបតែងធ្វើតាមចិត្តខ្លួនឯង ហើយបានប្រាប់ខ្លួនឯងថា ពួកគេមិនបានធ្វើអ្វីខុសនោះទេ ហើយនេះជាអ្វីដែលពួកកូរិនថូសបានធ្វើ។
នៅក្នុងជំពូក៣ សាវកប៉ុលបានបង្ហាញពីកិច្ចការសំខាន់ក្នុងការបំរើព្រះគ្រីស្ទ ដែលជារឿងសំខាន់បំផុត។ តើអ្វីជាការសំខាន់បំផុតចំពោះពួកកូរិនថូស? ភាពត្រេកត្រអាល។ ពួកគេបានលើកឡើងនៅក្នុងជំពូក៦:១២ ថា «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន»។ ដូច្នេះពួកគេគិតថា ពួកគេអាចធ្វើអ្វីៗទាំងអស់តាមចិត្ត។ ហេតុនេះអំពើអសីលធម៌នៅក្នុងខ.២ ដែលពួកគេគួរខូចចិត្តចំពោះ មិនបានធ្វើឲ្យពួកគេមានចិត្តសោកសង្រេង ឡើយ។ ពួកគេអំនួតដោយថា ពួកគេអាចទទួលយកអ្វីៗគ្រប់យ៉ាងបាន។ មានពួកជំនុំជាច្រើនដែលចាប់អារម្មណ៍ខ្លាំងទៅលើបទពិសោធន៍ ភាពត្រេកត្រអាល និងភាពអរសប្បាយដែលអ្នកមិនបានចាប់អារម្មណ៍ ហើយចាប់ផ្តើមគិតថា នោះគឺជារឿងអតិភាពនៅក្នុងជីវិត។ គេគិតថា «ខ្ញុំត្រូវមានអំណរសប្បាយចំពោះខ្លួនឯង ពីព្រោះនេះហើយជាបុព្វហេតុរបស់ពួកជំនុំ»។ ខ្ញុំបានមើលឃើញថា ពិបាកក្នុងការធ្វើជាគ្រូគង្វាលនៅពួកជំនុំដែលបានយកបទពិសោធន៍ធ្វើជាគ្រឹះនៃជំនឿនិងការ ជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ ពីព្រោះខ្ញុំយល់ថា គ្រីស្ទបរិស័ទនៅពួកជំនុំបែបនោះនឹងចាប់ផ្តើមគិតថា «ខ្ញុំមិនសប្បាយចិត្តសោះ ខ្ញុំត្រូវការរួមភេទ»។ វាជារឿងឆ្កួតៗ តែមនុស្សតែងគិតយ៉ាងនោះ។
នៅក្នុងជំពូក៤ យើងឃើញថា អ្នកដឹកនាំគ្រីស្ទបរិស័ទត្រូវតែបន្ទាបខ្លួន។ ប៉ុន្តែនៅក្នុងខ.២ ពួកកូរិនថូសមានអំនួតយ៉ាងខ្លាំងដោយពួកគេទទួលយកអំពើបាប។ ពួកកូរិនថូសទាំងអស់នេះមិនបានផ្ដោតសំខាន់ទៅលើព្រះគ្រីស្ទឡើយ តែបានផ្ដោតសំខាន់ទៅលើខ្លួនឯងវិញ គឺពួកគេបានយកគំនិតនិងបទពិសោធន៍របស់ពួកគេផ្ទាល់ធ្វើជាគ្រឹះសម្រាប់ការរស់នៅរបស់ពួកគេ ពួកគេលែងខ្វល់ពីភាពបរិសុទ្ធ ហើយអំពើបាបលែងជាកង្វល់របស់ពួកគេទៀតហើយ។ ដូច្នេះនៅក្នុងជីវិតរបស់អ្នកផ្ទាល់៖ ពេលខ្លះអ្នកមកព្រះវិហារ ហើយមើលទៅដំណើរជីវិតរបស់យើងជាមួយព្រះគ្រីស្ទ ដូចជាល្អប្រសើរ តែមានឥរិយាបថ ចរិក ពាក្យសំដី អាចសំដែងចេញនូវការពិតមួយថា យើងមិនកំពុងតែដើរតាមព្រះគ្រីស្ទដូចដែលយើងត្រូវធ្វើនោះទេ។ អ្នកត្រូវសួរខ្លួនឯងថា តើថ្ងៃមុន សបា្តហ៍មុន ខែមុនខ្ញុំយកខ្លួនឯងនិងបំណងចិត្តខ្លួនឯងជាធំ ដោយមិនមានក្តីអំណរពិតប្រាកដនៅក្នុងជីវិត គ្រីស្ទបរិស័ទ មិនមានទំនាក់ទំនងជិតស្និតជាមួយនឹងព្រះគ្រីស្ទ និងមិនមានទំនាក់ទំនងពិតប្រាកដជាមួយព្រះពិតប្រាកដ។ នៅពេលយើងបានមើលឃើញសេចក្តីពិតអំពីខ្លួនឯង ហើយលែងចង់បន្តធ្វើជាមនុស្សក្លែងក្លាយ ពេលនោះយើងអាចនឹងចាប់ផ្តើមបម្រើព្រះជាម្ចាស់និងពួកជំនុំយ៉ាងល្អបានហើយ។ ដូចដែលព្រះយេស៊ូវបានមានប្រសាសន៍ថា ពេលយើងបានយកធ្នឹមចេញពីភ្នែកយើងហើយ នោះយើងអាចយកកំទេចចេញពីភ្នែកអ្នកដទៃបានដែរ។
យើងកំពុងរស់នៅក្នុងពិភពមួយ ដែលចរិតលក្ខណៈមិនមែនជាបញ្ហាសំខាន់អ្វីឡើយ តែព្រះជាម្ចាស់ ទ្រង់យកព្រះទ័យទុកដាក់ចំពោះចរិតលក្ខណៈ ដូច្នេះយើងក៏ត្រូវតែធ្វើដូចទ្រង់ដែរ។ ប្រសិនបើយើងបរាជ័យចំពោះការនេះ នោះសូមទូលសុំការអត់ទោសបាបពីទ្រង់ហើយបន្តធ្វើតាមទ្រង់។
ព្រះហឫទ័យរបស់ព្រះអង្គគឺ ពួកជំនុំរបស់ទ្រង់នឹងរីកចំរើនក្នុងភាពបរិសុទ្ធ ដូច្នេះហើយបានជាការដើរតាមព្រះយេស៊ូវគឺជាជីវិតមួយដ៏រីករាយ ពីព្រោះការរីកចំរើនក្នុងភាពបរិសុទ្ធគឺផ្ទុយពីការធ្លាក់ចុះរបស់ពិភពលោកនេះ ពីព្រោះដោយសារព្រះបន្ទូលនិងព្រះវិញ្ញាណរបស់ព្រះ នោះយើងអាចរីកចំរើនក្នុងភាពបរិសុទ្ធបាន គឺដោយហេតុនេះទើបពួកជំនុំគឺជាកន្លែងមួយដ៏អស្ចារ្យ ដ្បិតអ្នកអាចមកដល់កន្លែងមួយដែលពេញដោយក្តីអំណរ ការអត់ទោសបាប ស្មោះស្ម័គ្រជាមួយភាពបរិសុទ្ធ និងចៀសចេញពីអំពើបាបបាន។ ដូច្នេះ ពួកជំនុំគឺជាកន្លែងដែលយើងត្រូវទៅ។
ខ្ញុំមិនសូមឲ្យអ្នករស់នៅក្នុងជីវិតគ្រីស្ទបរិស័ទឡើយ ប្រសិនបើអ្នកមិនទាន់មានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទនៅ ឡើយ។ នៅព្រឹកនេះមានអ្នកដែលព្យាយាមរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ តែពួកគេមិនទាន់មានជីវិតថ្មីក្នុងព្រះគ្រីស្ទនៅឡើយ។ អ្នកត្រូវតែទទួលព្រះគ្រីស្ទធ្វើជាព្រះអង្គសង្គ្រោះនិងជាព្រះអម្ចាស់ បន្ទាប់មកទើបអ្នកអាចរស់នៅជាជីវិតគ្រីស្ទបរិស័ទបាន។
ខ.១ អំពើបាបនៅក្នុងពួកជំនុំកូរិនថូសគឺជាប់ទាក់ទងនឹងបុរសម្នាក់ជាមួយនិងម្ដាយចុងរបស់ខ្លួន។ បទគម្ពីរមិនបាននិយាយថា អ្នកនោះបានយកម្តាយបង្កើតនោះទេ។ ឪពុករបស់គាត់បានរៀបការជាមួយស្ត្រីម្នាក់នេះ ហើយប្រហែលជាឪពុករបស់ខ្លួនបានស្លាប់ហើយក៏មិនដឹង ទើបបុរសម្នាក់នេះបានយកម្តាយចុងរបស់ខ្លួនទៅ។ ការរួមរក្សគឺត្រូវធ្វើឡើងរវាងមនុស្សប្រុសនិងមនុស្សស្រីក្នុងជីវិតអាពាហ៍ពិពាហ៍មួយប៉ុណ្ណោះហើយនៅខាងក្រៅអាពាហ៍ពិពាហ៍ រាល់ការរួមរ័កសុទ្ធតែជាអំពើអសីលធម៌ទាំងអស់ មិនថាការរួមរក្សមុនថ្ងៃរៀបការ ការលួចលាក់មិនឲ្យប្រពន្ធដឹង ស្មន្ធការ ឬទំនាក់ទំនងឯកភេទក្តី។ ដូច្នេះ ប្រសិនបើយើងយកខ្លួនឯងជាធំ ហើយបង្កើតច្បាប់ដោយខ្លួនឯងដូចដែលពួកកូរិនថូសបានធ្វើ នោះយើងនឹងដល់ទីបញ្ចប់ដូចជាពួកកូរិនថូសទាំងអស់នេះដែរ ដែលពួកគេគឺជាមនុស្សមានអំនួតនិងមិនបរិសុទ្ធ។ មានការពិបាកក្នុងការប្រកបគ្នា ភាពរីករាយនឹងមិនកើតមានឡើងឡើយ។ ដូច្នេះសាវកប៉ុលកំពុងតែដឹកនាំពួកកូរិនថូសឲ្យវិលត្រឡប់ទៅព្រះគ្រីស្ទវិញ៖ នៅក្នុងខ.៤ នៅពេលអ្នកជួបជុំគ្នានៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ដែលជាស្នូលនៃជីវិតគ្រីស្ទបរិស័ទ ក្រោយមកលោកប៉ុលបាននាំពួកគេឲ្យត្រឡប់មកព្រះបន្ទូលរបស់ព្រះវិញ ដូចដែលខ.១៣បានដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់មកថា «ត្រូវឲ្យអ្នករាល់គ្នាបណ្តេញមនុស្សអាក្រក់នោះ»។ ពួកគេត្រូវតែធ្វើបែបនេះដើម្បីធ្វើឲ្យអ្នកនោះភ្ញាក់ស្មារតីឡើងវិញ ហើយក៏ដើម្បីសំអាតពួកជំនុំ និងលើកដំកើងព្រះអង្គឡើង។
ខ.៥ មានន័យថា ដកបុរសនោះចេញពីក្រុមជំនុំ ពីព្រោះនោះគឺជាទីជំនួបរបស់ព្រះជាម្ចាស់ ហើយក្តីសង្ឃឹមគឺប្រៀបដូចជាកូនពៅវង្វេងដូច្នោះដែរ គឺនៅពេលអ្នកនោះទាល់ផ្លូវហើយ ពួកគេនឹងមានការប្រែចិត្តមិនខាន ហើយគោលដៅចុងក្រោយគឺ ដើម្បីឲ្យអ្នកនោះបានទទួលសេចក្តីសង្គ្រោះ គឺពេលនោះគាត់នឹងយំថ្ងូរ ហើយប្រែចិត្ត បន្ទាប់មកនឹងទទួលសេចក្តីសង្គ្រោះ។ យុទ្ធសាស្ត្រនេះមានប្រសិទ្ធិភាពខ្លាំងណាស់ ដ្បិតក្រោយមកសាវកប៉ុលបានសូមអង្វរឲ្យពួកគេទទួលយកបុរសនេះចូលទៅក្នុងក្រុមជំនុំវិញ។
គោលដៅគឺដើម្បីធ្វើឲ្យបុរសនេះភ្ញាក់ខ្លួនឡើងវិញ ប្រយោជន៍ឲ្យពួកជំនុំបានត្រឡប់ជាស្អាត ហើយសិរីល្អរបស់ព្រះជាម្ចាស់បានដំកើងឡើង។ សាវកប៉ុលបានផ្តល់ហេតុផលនៅក្នុងខ.៦-៨ ដោយប្រើឧទាហរណ៍ទាក់ទងនឹងមេដំបែរ ឬដំបែរនៅក្នុងនំប៉័ង។ នៅពេលពួកយូដាបានចាកចេញពីស្រុកអេស៊ីព្ទមក នោះពួកគេបានប្រញាប់ប្រញាល់ ហើយឥតមានពេលដើម្បីដាក់មេដំបែរនៅក្នុងនំប៉័ងរបស់ពួកគេឡើយ។ នៅពេលពួកគេប្រារព្ធពិធីបុណ្យរំលង ហើយចងចាំពីការរត់គេចរបស់ពួកគេចេញពីស្រុកអេស៊ីព្ទ នោះរៀងរាល់ឆ្នាំពួកគេតែងតែប្រើនំប៉័ងឥតដំបែរ។ សាវកប៉ុលបានមានប្រសាសន៍ថា អ្នករាល់គ្នាដូចជានំប៉័ងឥតដំបែរដូច្នោះដែរ។ ព្រះជាម្ចាស់បានលាងសំអាតអ្នក អត់ទោសបាបឲ្យអ្នក នោះព្រះជាម្ចាស់បានទតឃើញថា អ្នកគ្មានដំបែរទៀតទេ គឺគ្មានអំពើបាបទៀតឡើយ។ ឥឡូវនេះនៅក្នុងខ.៧ ដោយព្រោះព្រះបានអត់ទោសបាបឲ្យអ្នកហើយ អ្នកលែងមានបាបទៀតហើយ នោះត្រូវដើរដូចមនុស្សឥតបាបចុះ។ លុបអំពើបាបចោលទាំងអស់។ នេះជាការត្រាស់ហៅដ៏ខ្ពស់បំផុត ហើយព្រះអង្គបានទតមកឃើញថា អ្នកជាមនុស្ស ដែលបានទទួលការអត់ទោសបាបនិងគ្មានកំហុសទេ។ ដូច្នេះ ចូររស់នៅដូចជាមនុស្សដែលបានទទួលការត្រាស់ហៅដ៏ខ្ពស់នោះចុះ។
នៅក្នុងខ.៩-១១ សាវកប៉ុលបានវិលមករំលឹកឡើងវិញថា ពួកគេមិនត្រូវទទួលយកអំពើបាបឡើយ «កុំឲ្យភប់ប្រសព្វនឹងមនុស្សកំផិតឡើយ»។ គាត់មិនបាននិយាយអំពីគ្រីស្ទបរិស័ទ ដែលកំពុងតស៊ូជាមួយនិងអំពើអសីលធម៌នោះឡើយ ពីព្រោះពួកយើងទាំងអស់គ្នាក៏បានតស៊ូដែរ។ តែគាត់បាននិយាយសំដៅទៅលើគ្រីស្ទបរិស័ទដែលបានសំរេចចិត្តរស់នៅក្នុងជីវិតអសីលធម៌វិញ។ សាវកប៉ុលមិនបានតំរូវឲ្យពួកគ្រីស្ទបរិស័ទកូរិនថូសចាកចេញពីពិភពលោកនេះនោះទេ (ខ.១០)។ ខ្ញុំមិនមែនប្រាប់ឲ្យអ្នកលែងទៅធ្វើការ ឬឈប់ធ្វើដំណើរទៅណាមកណា ដើម្បីកុំឲ្យអ្នកជួបមនុស្សមានបាបតទៅទៀតនោះទេ តែអ្វីដែលសាវកប៉ុលលើកឡើងនៅក្នុងខ.១០ គឺជាការប្រកបជាមួយអស់អ្នកដែលធ្វើពុតជាដើរជាមួយព្រះគ្រីស្ទ តែតាមពិតប្ដេជ្ញាចិត្តដើម្បីប្រព្រឹត្តអំពើបាបវិញ។ ដូច្នេះគោលការណ៍នោះគឺ «តើអ្នកកំពុងតែរើបម្រាស់ឬ?» យើងនឹងនាំគ្នាជួយ អ្នក។ «តើខ្ញុំកំពុងរើបម្រាស់ឬ?» ចូរជួយខ្ញុំផង។ «តើខ្ញុំបានសំរេចចិត្តដើរតាមអំពើបាបឬ?» លែងរាប់អានខ្ញុំចុះ។
គ្រីស្ទបរិស័ទ ក៏មិនបានបង្កើតច្បាប់សំរាប់ពិភពលោកនេះ ដើម្បីឲ្យពួកគេដូចយើងនោះដែរ។ យើងមិនអាចធ្វើឲ្យគេមានជីវិតថ្មី តាមរយៈការដាក់ច្បាប់ឲ្យពួកគេធ្វើតាមនោះឡើយ។ របៀបដែលធ្វើឲ្យមនុស្សមានជីវិតរស់ គឺការហុចព្រះបន្ទូលរបស់ព្រះយេស៊ូវដល់ពួកគេ។ សាវកប៉ុល មានអតីតជាពួកផារ៉ាស៊ីហើយពេលនោះគាត់បានរស់នៅឃ្លាតឆ្ងាយពីលោកិយនេះ តែដំណឹងល្អបានផ្លាស់ប្តូររូបគាត់ ហើយពេលនេះគាត់បានព្យាយាមបង្កើតទំនាក់ទំនងជាមួយលោកិយនេះវិញ ហើយបានហុចដំណឹងល្អនៃព្រះគុណដល់ពួកគេ។ គាត់បានរក្សាខ្នាតគំរូឲ្យនៅខ្ពស់ ហើយបានចែកចាយដំណឹងល្អយ៉ាងច្បាស់ តាមដែលអាចធ្វើបាន។
នៅក្នុងជំពូក៤ ពួកកូរិនថូសបានចោទប្រកាន់សាវកប៉ុល ហើយបានមើលងាយគាត់។ សាវកប៉ុលបានលើកឡើងនៅក្នុងជំពូក៤ថា ពួកគេបានឆ្កួតលីលាហើយ ពីព្រោះពួកគេមើលងាយអ្វីដែលព្រះជាម្ចាស់បានលើកដំកើងឡើង។
នៅក្នុងជំពូក៥ សាវកប៉ុលបានលើកឡើងថា ពួកគេមិនចោទប្រកាន់ចំពោះរឿងដែលត្រូវចោទ ដែលជាអំពើបាបដ៏ធ្ងន់ធ្ងរនោះទេ។
យើងមិនបានចោទប្រកាន់ចំពោះពួកអ្នកមិនជឿនោះឡើយ (ខ.១២) តែព្រះជាម្ចាស់នឹងជំនុំជំរះពួកគេ។ អ្វីដែលយើងត្រូវធ្វើនោះគឺនាំដំណឹងល្អនៃព្រះគុណនិងព្រះយេស៊ូវដែលបានជាប់ឆ្កាងឲ្យពួកគេស្តាប់វិញ។ ប៉ុន្តែនៅពេលយើងគិតអំពីពួកជំនុំនិងខ្លួនឯង នោះយើងត្រូវតែមានខ្នាតគំរូមួយខ្ពស់។
ពេលខ្លះ នៅពេលយើងជួបគ្រីស្ទបរិស័ទដទៃទៀត នោះយើងបានមើលឃើញរឿងរ៉ាវខ្លះដែលមិនល្អ។ នៅពេលដែលអ្នកប្រាកដក្នុងខ្លួនហើយថា អ្នកបានមើលឃើញច្បាស់ហើយ នោះអ្នកអាចនិយាយបានថា «រោគសញ្ញានោះអាចមានបញ្ហាធ្ងន់ធ្ងរនៅពីក្រោយ» ហើយដូចជាសាវកប៉ុលផងដែរ អ្នកអាចបង្ហាញប្រាប់អ្នកនោះអំពីវិធី ដើម្បីមានទំនាក់ទំនងជិតស្និតជាមួយនិងព្រះគ្រីស្ទវិញ ព្រមទាំងរស់នៅក្នុងជីវិតគ្រីស្ទបរិស័ទមួយ ដែលប្រកបដោយសុខុមាលភាព មានកេរ្តិ៍ឈ្មោះដ៏ល្អ សំរាប់ប្រជារាស្រ្តរបស់ព្រះនៅក្នុងពិភពលោកនេះ។
Leave a Reply