អេសាយ ៦ Isaiah 6 John Piper

In the throne room pdf download

មាន​ពេល​ខ្លះ​ពួក​អ្នក​ជឿ មាន​ទស្សនៈ​តូច​ចង្អៀត​អំពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បង្ហាញ​ពី​ភាព​ធំ​ឧត្តម​ ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ពួក​គេ​បាន​ឃើញ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ។ ឥរិយា​បទ​នេះ​បាន​កើត​ឡើង​ចំពោះ​ហោ​រា​អេសាយ ​បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦:១-៤។ ហោ​រា​អេសាយ​បាន​ឆ្លើយ​តប​ទៅ​ចំពោះ​ការ​ជាក់​ស្តែង​ដែល​លោក​បាន​ឃើញ​ដោយ​និយាយ​ថា «ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ»។

ខ្ញុំ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​តាំង​ពី​មាន​អាយុ​បាន​៦​ឆ្នាំ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​ក៏​មិន​ទាន់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​បាន​២៣​ឆ្នាំ​ទើប​ខ្ញុំ​បាន​ស្គាល់​ព្រះ​អង្គ​តាម​ទស្សនៈ​ថ្មី​មួយ​ទៀត។ ខ្ញុំ​បាន​ភ្លក់​រស់​ជាតិ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដែល​នឹង​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​សោះ​ឡើយ ហើយ​ដែល​រស់​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ភ្លក់​សោះ​ពី​មុន​មក ហើយ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​នវ​ការ​នេះ​ចំពោះ​អ្នក​ផង​ដែរ នៅ​ពេល​ដែល​យើង​សិក្សា​នូវ​ការ​ជាក់​ស្តែង​នេះ​ជា​មួយ​គ្នា។ ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ទស្សនៈ​អំពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​អ្នក​ក្នុង​ពេល​នេះ​ដែរ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួ​សារ​គ្រីស្ទ​បរិស័ទ ឬ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ដែល​គ្រប់​យ៉ាង​សុទ្ធ​តែ​រាក់​កំផែល។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​អ្នក​នឹង​មើល​ឃើញ​វិសាល​ភាព​នៃ​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។

នៅ​ពេល​នេះ​យើង​នឹង​សិក្សា​ពី​លក្ខណៈ​ពិសេស​៧​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​ពណ៌​នា​នៅ​ក្នុង​៦:១-៤។

១. ព្រះ​ជា​ម្ចាស់​ ទ្រង់​មាន​ព្រះ​ជន្ម​រស់

ព្រះ​ម​ហា​ក្សត្រ​អ៊ូសៀស​បាន​សោយ​ជីវង្គត (ខ១) ដូច្នេះ​ទោះ​បី​ស្តេច​ក៏​សោយ​ជីវង្គត​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​វិញ​ ទ្រង់​មិន​ដែល​សុគត​ឡើយ។ ទ្រង់​គឺ​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច។ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​កោដិ​កោដិ​ឆ្នាំ ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ ទោះ​បី​ពួក​អ្នក​ដែល​ប្រ​ឆាំង​ជា​មួយ​ព្រះ​អង្គ​ត្រូវ​វិនាស​អស់​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ដ​ដែល​ដែរ។ ពួក​អ្នក​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​អួត​ចំពោះ​តួ​នា​ទី​ខ្ពង់​ខ្ពស់​របស់​ពួក​គេ ក៏​នឹង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​អំឡុង​ពេល​៥០​ឆ្នាំ​ទៅ​មុខ​ទៀត​មិន​ខាន ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​មិន​មែន​ដូច្នោះ​ឡើយ។ មនុស្ស​៧​ ពាន់​លាន​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ នឹង​ត្រូវ​ស្លាប់​អស់​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១២០​ឆ្នាំ​ក្រោយ ប៉ុន្តែ​ព្រះ​អង្គ​នឹង​មិន​សុគត​ឡើយ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​ជា​រៀង​រហូត​ត​ទៅ។ គ្មាន​ទី​ណា​នៅ​ក្នុង​អតីត​កាល និង​អនាគត​កាល ​ដែល​ព្រះ​ជា​ម្ចាស់​មិន​មាន​វត្ត​មាន​គង់​នៅ​នោះ​ឡើយ។ ​

២. ព្រះ​ជា​ម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះ​ចេស្ដា

ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក។ នៅ​ក្នុង​ការ​ជាក់​ស្តែង​អំពី​ព្រះជាម្ចាស់​ មិន​ដែល​មាន​ពេល​ណា​មួយ​ដែល​ពួក​គេ​បាន​មើល​ឃើញ​ព្រះ​ជា​ម្ចាស់​គង់​នៅ​ស្ថាន​សួគ៌​កំពុង​ភ្ជួរ​ដី ឬ​ខាត់​ស្បែក​ជើង ឬ​ទំ​លាក់​ទំនិញ​ពី​ឡាន​នោះ​ឡើយ។ ប៉ុន្តែ​ពួក​គេ​បាន​មើល​ឃើញ​ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក​ប្រ​កប​ដោយ​ព្រះ​ចេស្ដា។ បល្ល័ង្ក​គឺ​ជា​និមិត្ត​រូប​នៃ​សិទ្ធិ​អំណាច​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ការ​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ។ យើង​មិន​មែន​ជា​អ្នក​ឲ្យ​សិទ្ធិ​ទៅ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​លើ​ជីវិត​យើង​នោះ​ទេ គឺ​ព្រះអង្គ​មាន​សិទ្ធិ​នេះ​ដោយ​អង្គ​ឯង។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អ្នក​នៅ​មាន​ជំ​រើស​ដែរ គឺ​អ្នក​អាច​ជ្រើស​រើស​មិន​ជឿ​ថា ទ្រង់​មាន​សិទ្ធិ​អំណាច​នេះ ហើយ​រង​ចាំ​សេចក្តី​វិនាស​ដែល​នឹង​លេច​មក​ជា​ឆាប់ ឬ​អ្នក​អាច​ជ្រើស​រើស​ ​ទទួល​ស្គាល់​នូវ​សិទ្ធិ​អំណាច​របស់​ទ្រង់​ដោយ​អំណរ។ ព្រះ​ជា​ម្ចាស់​មាន​សិទ្ធិ​អំណាច​ធ្វើ​អ្វី​ៗ​ដែល​ទ្រង់​ចង់​ធ្វើ ទោះ​ជា​ការ​ដាក់​ទោស​ ឬ​ការ​បំផ្លាញ​ជីវិត​បង់​ក្តី។ យើង​គ្មាន​សិទ្ធិ​ក្នុង​ការ​ចោទ​សួរ​ ឬ​រិះ​គន់ ឬ​ប្រ​ឆាំង​ជា​មួយ​ទ្រង់ ​ដែល​ជា​ព្រះ​ម​ហា​ក្សត្រ​របស់​យើង​ឡើយ។ ទ្រង់​គឺ​ជា​ចៅ​ក្រម​កំពូល​នៅក្នុង​សាល​ជំនុំជំរះ​នៅ​ឯ​នគរ​ស្ថាន​សួគ៌។

 

៣. ព្រះ​ជា​ម្ចាស់​គឺ​ជា​ព្រះ​ប្រកប​ដោយ​សព្វានុភាព

បល្ល័ង្ក​នៃ​សិទ្ធិ​អំណាច​របស់​ព្រះ​ជា​ម្ចាស់​ មិន​មែន​ជា​បល្ល័ង្ក​មួយ​ក្នុង​ចំណោម​បល្ល័ង្ក​ជា​ច្រើន​ទៀត​នោះ​ទេ។ ទ្រង់​ជា​ព្រះ​ដែល​ស្ថិត​នៅ​ទី​ខ្ពស់​និង​បាន​ដំកើង​ឡើង។ ទ្រង់​គ្រប់​គ្រង​លើ​អស់​ទាំង​បល្ល័ង្ក ដូច្នេះ​ទ្រង់​ប្រ​កប​ដោយ​ឧត្តម​ភាព​ខាង​អំណាច សិទ្ធិ​និង​ការ​គ្រប់​គ្រង ហើយ​និង​ការ​គ្រប់​គ្រង​លើ​គ្រប់​ទាំង​បល្ល័ង្ក (អេសាយ ៤៦:១០, ដានីយ៉ែល ៤:៣៥)។ សេចក្តី​ពិត​អំពី​ព្រះ​ជា​ម្ចាស់​នេះ គឺ​ជា​យុថ្កា​ដ៏​អស្ចារ្យ​មួយ​សំរាប់​គ្រីស្ទ​បរិស័ទ​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​ឈឺ​ចាប់។ រឿង​ដែល​ធ្វើ​ឲ្យ​គ្រូ​គង្វាល​សប្បាយ​ចិត្ត​ខ្លាំង​ គឺ​ការ​ដែល​មើល​ឃើញ​សមាជិក​ពួក​ជំនុំ​របស់​ខ្លួន​ឈរ​យ៉ាង​រឹង​មាំ ត​ស៊ូ​ជា​មួយ​និង​ការ​រង​ទុក្ខ​លំបាក​ ពី​ព្រោះ​ពួក​គេ​មាន​គ្រឹះ​ស្ថិត​នៅ​លើ​ទី​តាំង​ដែល​រឹង​មាំ​ មិន​រង្គើ​គឺ​ជា​ព្រះ​ដ៏​បរិ​សុទ្ធ និង​ប្រកប​ដោយ​សព្វានុ​ភាព។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ប្រ​សិន​បើ​ពួក​គេ​មិន​បាន​ឮ​ព័ត៌មាន​អំពី​ព្រះ​ដ៏​អស្ចារ្យ​នេះ​នោះ​ទេ នោះ​ពួក​គេ​នឹង​ចាក​ចេញ​ទៅ​ដោយ​ឥត​មាន​ប្រ​យោជន៍​អ្វី​ទាំងអស់។

៤. ព្រះ​ជា​ម្ចាស់​ជា​ព្រះ​ប្រកប​ដោយ​សិរី​ល្អ​ភ្លឺ​ចិញ្ចាច

រំ​សាយ​ព្រះហស្ត​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ​វិហារ ការ​ជាក់​ស្តែង​នេះ​មាន​ន័យ​សំរាប់​យើង ដើម្បី​ឲ្យ​យើង​អាច​មើល​ឃើញ​ពី​វិសាល​ភាព​នៃ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់។

៥. ព្រះ​ជា​ម្ចាស់​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​ដែល​ត្រូវ​កោត​គោរព (ខ​២)

មិន​មាន​អ្ន​ក​ណា​ម្នាក់​ដឹង​ពី​អត្តសញ្ញាណ​របស់​ពួក​សេរភីម​ឡើយ​ ពី​ព្រោះ​ពួកគេ​បន្ទាប់​ពី​លើក​យក​និយាយ​នៅ​ក្នុង​ខ​២រួច​មក​ ឈ្មោះ​របស់​ពួក​គេ​មិន​បាន​លើក​យក​មក​និយាយ​ម្តង​ទៀត​ឡើយ។ អ្វី​ដែល​យើង​បាន​ដឹង​នោះ​គឺ សូរ​សំ​លែង​របស់​ពួក​សេរភីម​អស្ចារ្យ​ខ្លាំង​ណាស់ វា​បាន​ធ្វើ​ឲ្យ​ក្រប​ទ្វារ​និង​ខ្លោង​ទ្វារ​បាន​ញ័រ។ ប៉ុន្តែ​ទោះបី​ជា​ពួក​គេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​សម្លឹង​មើល​ព្រះ​ជា​ម្ចាស់​ចំ​មុខ​បាន​ដែរ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​ប្រើ​ស្លាប​មក​បាំង​មុខ​ពួក​គេ។ នេះ​បាន​សេចក្តី​ថា ស្នា​ព្រះ​ហស្ត​ទាំង​នេះ​បាន​គោរព​កោត​ខ្លាច​ព្រះ​ជា​ម្ចាស់​ខ្លាំង​បំផុត។ ចំពោះ​យើង​វិញ យើង​អាច​ក្រឡេក​មើល​មក​ក្នុង​លោកិយ​នេះ ហើយ​យើង​យំ​សោក​ចំពោះ​ពួក​គេ​ផង​ ដ្បិត​ពួកគេ​មិន​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់។

៦. ព្រះ​ជា​ម្ចាស់​ទ្រង់​បរិ​សុទ្ធ

តួ​មាន​ជីវិត​ទាំង​នេះ​បាន​ពោល​ពាក្យ​ថា «បរិ​សុទ្ធ បរិ​សុទ្ធ បរិ​សុទ្ធ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិ​វារ ទ្រង់​បរិ​សុទ្ធ»។ តើ​ពាក្យ​ថា «បរិសុទ្ធ» មាន​ន័យ​ដូចម្តេច? យើង​ពិបាក​ក្នុង​ការ​រក​ពាក្យ​ណាមួយ​មក​ពន្យល់​ពី​អត្ថ​ន័យ​នៃ​ពាក្យ​នេះ​ណាស់។ បើ​តាម​អត្ថ​ន័យ​ដើម​ជា​ភាសា​ហេព្រើរ​ ​ពាក្យ​នេះ​មាន​ន័យ​ថា កាត់​ឬ​បំបែក​ចេញ ដូច្នេះ​នៅ​ពេល​យើង​និយាយ​ថា វត្ថុ​បរិ​សុទ្ធ​នោះ​មាន​ន័យ​ថា ជា​វត្ថុ​ដែល​ត្រូវ​កាត់​ចេញ​ ឬ​បំបែក​ចេញ​ដោយ​ឡែក ដើម្បី​ទុក​ថ្វាយ​ឬ​ឧទ្ទិស​ដល់​អ្វី​មួយ​ផ្សេង​ទៀត។ ដូចនេះ​នៅ​ពេល​យើង​និយាយ​ថា នេះ​ជា​វត្ថុ​បរិ​សុទ្ធ នោះ​មាន​ន័យ​ថា ​មិន​មែន​ជា​វត្ថុ​ធម្មតា​នោះ​ទេ តែ​វា​ជា​វត្ថុ​សំរាប់​ថ្វាយ​ទៅ​ព្រះ​ជា​ម្ចាស់​វិញ។ យើង​ធ្លាប់​ជួប​ពាក្យ​ថា ថ្ងៃ​បរិ​សុទ្ធ សាសន៍​បរិ​សុទ្ធ សំលៀក​បំពាក់​បរិ​សុទ្ធ ឬ​រាស្រ្ត​បរិសុទ្ធ​ជា​ដើម។ ព្រះ​ជា​ម្ចាស់​គឺ​ជា​ព្រះ​ដ៏​ពិត​ ដ៏​បរិ​សុទ្ធ ទ្រង់​ខុស​ប្លែក​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​នៅ​ក្នុង​លោកិយ​នេះ។ ទ្រង់​មិន​ត្រូវ​ការ​ពឹង​អា​ស្រ័យ​លើ​របស់​ណា​មួយ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​ពឹង​អា​ស្រ័យ​លើ​ព្រះ​អង្គ។ ទ្រង់​ជា​ព្រះ​ដ៏​អស្ចារ្យ ញែក​ដាច់​ដោយ​ឡែក ទ្រង់​បរិ​សុទ្ធ ទ្រង់​ជា​ព្រះ​ដ៏​ពិត ហើយ​ល្អឯក។ ទ្រង់​មិន​ត្រូវ​ការ​ត្រាប់​តាម​អ្នក​ណា​ម្នាក់​ឡើយ។ គ្មាន​អ្វី​ដែល​ខ្ពស់​លើស​ព្រះ​អង្គ ដែល​ព្រះ​អង្គ​ត្រូវ​ការ​យក​តម្រាប់​តាម​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ​ទ្រង់​បរិសុទ្ធ​មិន​មែន​ដោយ​សារ​ទ្រង់​កាន់​តាម​ក្រិត្យ​វិន័យ​នោះ​ដែរ ការ​ពិត​ក្រិត្យ​វិន័យ​បរិ​សុទ្ធ​ដោយ​ព្រោះ​ក្រិត្យ​វិន័យ​បាន​បើក​សំ​ដែង​ពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ខ្ញុំ​យល់ថា នៅ​ពេល​ដែល​គេ​និយាយ​ថា​ ទ្រង់​បរិ​សុទ្ធ នោះ​បាន​សេចក្តី​ថា យើង​កំពុង​ប្រ​កាស​ពី​ភាព​ល្អ​ឯក​របស់​ព្រះ​អង្គ​ ក្នុង​ន័យ​បង្ហាញ​ពី​ភាព​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ព្រះ​អង្គ។ គ្រាប់​ពេជ្រ​កាន់​តែ​ក្រ កាន់​តែ​មាន​តំលៃ ហើយ​ប្រ​សិន​បើ​វា​មាន​តែ​មួយ​ប្រ​ភេទ​ទៀត​នោះ នោះ​វា​រឹត​តែ​មាន​តំលៃ​ទ្វេ​ដង​ថែម​ទៀត។ ចំពោះ​ព្រះ​ជា​ម្ចាស់​វិញ ទ្រង់​ល្អ​ឯក​គ្មាន​នរណា​ម្នាក់​ដូច​ទ្រង់​ឡើយ ដូច្នេះ​ទ្រង់​មាន​តំលៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ទ្រង់មាន​តំលៃ​និង​សប្ប រស់​លើ​ស​អ្វីៗ​ទាំង​អស់។ ប្រ​សិន​បើ​អ្នក​ជឿ​លើ​កា​រ​នេះ នោះ​វា​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​អ្នក។ អ្វី​ដែល​មាន​តំលៃ​បំផុត​នៅ​ក្នុង​លោក​នេះ មិន​មែន​ជា​ខ្លួន​អ្នក មិន​មែន​ជា​គ្រួសារ​របស់​អ្នក ហើយ​ក៏​មិន​មែន​ជា​ស​កល​លោក​នេះ​ដែរ តែ​គឺ​ជា​ព្រះ​ជា​ម្ចាស់​វិញ។ តាម​ពិត​យើង​គ្រាន់​តែ​ជា​ដំណក់​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ធុង​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ទៅ​ជា​មួយ​និង​តំលៃ​របស់​ព្រះ​ជា​ម្ចាស់។ បញ្ហា​ចំ​បង​នៅ​ក្នុង​លោកិយ​នេះ​នោះ​គឺ មនុស្ស​បាន​ប​រា​ជ័យ​ក្នុង​ការ​ទទួល​យក​នូវ​អារម្មណ៍​បែប​នេះ។ ចំពោះ​ខ្ញុំ​ខ្ញុំ​បាន​មើល​ឃើញ​ជីវិត​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ នៅ​ពេល​ដែល​ខ្ញុំ​បាន​មើល​ឃើញ​ពី​តំលៃ​និង​ព្រះ​ចេស្ដា​របស់​ព្រះ​ជា​ម្ចាស់​ជា​ចំនុច​ស្នូល​នៃ​អ្វីៗ​គ្រប់​យ៉ាង។

៧. ព្រះ​ជា​ម្ចាស់​ជា​ព្រះ​ប្រ​កប​ដោយ​សិរី​ល្អ

ពួក​សេរភីម​បាន​ប្រ​កាស​ថា ផែន​ដី​ទាំង​មូល​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់។ ហេតុ​អ្វី​បាន​ជា​ពួក​សេរភីម​ទាំង​នោះ​មិន​ប្រ​កាស​ថា «​បរិ​សុទ្ធ បរិ​សុទ្ធ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិ​វារ​ទ្រង់​បរិ​សុទ្ធ ផែន​ដី​ទាំង​មូល​ពេញ​ដោយ​ភាព​បរិសុទ្ធ​នៃ​ទ្រង់​»? សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ជា​ការ​បើក​សំដែង​បង្ហាញ​ពី​ភាព​បរិសុទ្ធ​របស់​ទ្រង់ ដែល​ភាព​បរិ​សុទ្ធ​នេះ​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន មិន​អាច​កាត់​ថ្លៃ​បាន ហើយ​នៅ​ពេល​ដែល​លក្ខណៈ​ទាំង​អស់​នេះ​លេច​ឡើង​នៅ​ទី​សាធារណៈ​គេ​ឲ្យ​ឈ្មោះ​ថា សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ (លេវី​វិន័យ ១០:៣)។ ដូច្នេះ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​គឺ​ជា​រស្មី​នៃ​ភាព​បរិ​សុទ្ធ​របស់​ទ្រង់។ ​

តើ​ទាំង​អស់​នេះ​ទាក់​ទង​ជា​មួយ​និង​ព្រះ​យេស៊ូវ​ដូចម្តេច?

ព្រះគម្ពីរ​បាន​មាន​បន្ទូល​ថា កាល​ដើម​ដំបូង​ឡើយ មាន​ព្រះ​បន្ទូល (ព្រះ​យេស៊ូវ) ហើយ​ព្រះ​បន្ទូល​គឺ​ជា​ព្រះ គឺ​ជា​ព្រះ​ដែល​យើង​បាន​មើល​ឃើញ​នៅ​ក្នុង​អេសាយ ៦។ នៅ​ក្នុង​ព្រះគម្ពីរ​យ៉ូហាន ១២:៤១ សាវក​យ៉ូហាន​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​អេសាយ ៦ដោយ​ថា ហោ​រា​អេសាយ​បាន​ឃើញ​ព្រះ​យេស៊ូវ​ នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​ដ៏​អស្ចារ្យ​អំពី​ព្រះ​ដ៏​បរិ​សុទ្ធ​នេះ។ ​

ហេតុ​អ្វី​បាន​ជា​សាវក​យ៉ូហាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​អេសាយ​ជំពូក​៦មក​និយាយ? នៅ​ក្នុង​ព្រះគម្ពីរ​អេសាយ ៦:១០ ហោ​រា​អេសាយ​ឮ​ថា ពួក​បណ្តា​ជន​នឹង​មិន​ស្តាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ឡើយ ពួក​អ៊ីស្រាអែល​នឹង​មាន​ចិត្ត​រឹង។ នៅ​ក្នុង​អេសាយ ៥៣:១ ហោ​រា​អេសាយ​បាន​ទាយ​ថា មនុស្ស​នឹង​មិន​ជឿ​លើ​ព្រះ បន្ទូល​នៃ​ការ​រង​ទុក្ខ​របស់​ព្រះ​មេ​ស៊ី​ឡើយ។ យ៉ូហាន ១២ បាន​កត់​ចុះ​នូវ​ព័ន្ធ​កិច្ច​ជា​សាធារណៈ​ចុង​ក្រោយ របស់​ព្រះ​យេស៊ូវ​ ហើយ​បាន​បន្ត​និយាយ​ពី​ការ​ចាប់​ផ្តើម​របស់​ព្រះ​អង្គ ជា​មួយ​និង​ពួក​សិស្ស​ទ្រង់​ក្នុង​ដំណើរ​ទំរង់​ឆ្ពោះ​ទៅ​ឈើ​ឆ្កាង ហើយ​លោក​ក៏​បាន​ដក​ស្រង់​ព្រះ​បន្ទូល​ចេញ​ពី​អេសាយ​ជំពូក​៦ និង​ជំពូក​៥៣ ដើម្បី​ពន្យល់​ពី​មូល​ហេតុ​ដែល​ពួក​បណ្តា​ជន​បដិសេធ​ព្រះ​យេស៊ូវ។ ដូច្នេះ​យើង​មិន​ត្រូវ​ឆ្ងល់​ឬ​មិន​អស់​ចិត្ត​ចំពោះ​ការ​បដិសេធ​នេះ​នោះ​ឡើយ ពី​ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​រួច​ហើយ​អំពី​ការ​នេះ​ តាម​រយៈ​ហោ​រា​អេសាយ។ ​

សាវក​យ៉ូហាន​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​សំរេច​នូវ​ការ​ជាក់​ស្តែង​ប្រកប​ដោយ​តេជានុភាព​នៅ​ក្នុង​ជំពូក​៦ ​ហើយ​សំរេច​នូវ​បទ​ទំ​នាយ​នៃ​ការ​រង​ទុក្ខ​របស់​អ្នក​បំរើ ដែល​នៅ​លើ​អង្គ​ទ្រង់​គ្មាន​កន្លែង​ណា​ដែល​ស្អាត ឬ​អស្ចារ្យ​ដើម្បី​ទាក់​ទាញ​យើង​ទាល់​តែ​សោះ (​អេសាយ ៥៣:២)។ តែ​ចំពោះ​ពួក​អ៊ីស្រាអែល​ យើង​ឃើញ​ថា ទោះ​ទ្រង់​ជា​ព្រះ​ប្រ​កប​ដោយ​តេជានុភាព ឬ​ទ្រង់​គឺ​ជា​អ្នក​បំរើ​ដ៏​តូច​ទាប​ក៏​ពួក​គេ​សុទ្ធ​តែ​បដិសេធ​ទាំង​អស់ ពួក​អ៊ីស្រាអែល​មិន​ត្រូវ​ការ​ទាំង​ពីរ​យ៉ាង។

ហេតុ​អ្វី​បាន​ពួកគេ​មិន​ទទួល​ស្គាល់​ទ្រង់? សាវក​យ៉ូហាន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ​នៅក្នុង​យ៉ូហាន ១២:៤៣ ដោយ​ថា មនុស្ស​ស្រ​ឡាញ់​សិរី​ល្អ​ដែល​បាន​មក​ពី​មនុស្ស​គ្នា​ឯង ជា​ជាង​មក​ពី​ព្រះ​ជា​ម្ចាស់។ សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ គឺ​សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​មនុស្ស​យ៉ាង​នេះ​ឲ្យ​សោះ។ ពួក​យូដា​មាន​ចិត្ត​ស្រ​ឡាញ់​សិរី​ល្អ​របស់​មនុស្ស ជាង​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ (យ៉ូហាន ៥:៤៣)។ ពួក​អ្នក​ដែល​ចង់​បានការ​សរសើរ​និង​ស​រី​ល្អ​របស់​មនុស្ស​ជាង​សិរីល្អ​និង​ការ​សរសើរ​មក​ពី​ព្រះ​ជា​ម្ចាស់​ នោះ​មិន​អាច​ប្រែ​ចិត្ត​ជឿ​លើ​ព្រះ​យេស៊ូវ​បាន​ឡើយ។ មនុស្ស​មិន​ចង់​ឲ្យ​ព្រះ​ដែល​ពោ​ពេញ​ដោយ​សិរី​ល្អ​គ្រប់​គ្រង​លើ​ជីវិត​ពួក​គេ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ចង់​ឲ្យ​អ្នក​បំរើ​ ​ដង្ហោយ​ហៅ​ពួក​គេ​ឲ្យ​មក​លី​ឈើ​ឆ្កាង​ដើរ​តាម​ទ្រង់​ដែរ​ និង​លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​មិន​ចង់​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ ពួក​គេ​មិន​ចង់​ទាំង​ពីរ​យ៉ាង​ ដូច្នេះ​មាន​ន័យ​ថា​ពួកគេ​ក៏​មិន​ចង់​ព្រះ​យេស៊ូវ​ដែរ​ពីព្រោះ​ព្រះ​យេស៊ូវ​គឺ​ជា​ទាំង​ពីរ។

This is an abridged translation of a sermon by John Piper.  If you wish to hear the English, please go to

http://thegospelcoalition.org/resources/a/in_the_throne_room_the_god_of_holiness_and_hope_isaiah_6

Leave a Reply

Your email address will not be published. Required fields are marked *

*

Top