In the throne room pdf download
មានពេលខ្លះពួកអ្នកជឿ មានទស្សនៈតូចចង្អៀតអំពីព្រះជាម្ចាស់។ ដូច្នេះហើយទើបព្រះអង្គបង្ហាញពីភាពធំឧត្តម ព្រះចេស្ដារបស់ទ្រង់ឲ្យពួកគេបានឃើញ ដើម្បីឲ្យពួកគេបានបន្ទាបខ្លួននៅចំពោះព្រះអង្គ ព្រមទាំងទទួលស្គាល់ពីភាពធំឧត្តមរបស់ព្រះអង្គ។ ឥរិយាបទនេះបានកើតឡើងចំពោះហោរាអេសាយ បន្ទាប់ពីលោកបានមើលឃើញការជាក់ស្តែងនៅក្នុងកណ្ឌគម្ពីរអេសាយ ៦:១-៤។ ហោរាអេសាយបានឆ្លើយតបទៅចំពោះការជាក់ស្តែងដែលលោកបានឃើញដោយនិយាយថា «ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ»។
ខ្ញុំបានជឿលើព្រះយេស៊ូវតាំងពីមានអាយុបាន៦ឆ្នាំ ប៉ុន្តែការទទួលស្គាល់ពីភាពធំឧត្តមរបស់ព្រះអង្គក៏មិនទាន់បានកើតឡើងចំពោះខ្ញុំរហូតដល់ខ្ញុំមានអាយុបាន២៣ឆ្នាំទើបខ្ញុំបានស្គាល់ព្រះអង្គតាមទស្សនៈថ្មីមួយទៀត។ ខ្ញុំបានភ្លក់រស់ជាតិនៃព្រះចេស្ដារបស់ទ្រង់ដែលនឹងមិនដែលឃ្លាតឆ្ងាយពីខ្ញុំសោះឡើយ ហើយដែលរស់ជាតិនេះខ្ញុំមិនដែលធ្លាប់បានភ្លក់សោះពីមុនមក ហើយសេចក្តីអធិស្ឋានរបស់ខ្ញុំនៅពេលនេះគឺ សូមឲ្យព្រះជាម្ចាស់បានបង្ហាញនវការនេះចំពោះអ្នកផងដែរ នៅពេលដែលយើងសិក្សានូវការជាក់ស្តែងនេះជាមួយគ្នា។ ហើយខ្ញុំក៏អធិស្ឋានសូមឲ្យព្រះជាម្ចាស់បានប្រទានទស្សនៈអំពីព្រះចេស្ដាទ្រង់ដល់អ្នកក្នុងពេលនេះដែរ។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នករាល់គ្នាខ្លះដែលមិនបានកើតមកក្នុងគ្រួសារគ្រីស្ទបរិស័ទ ឬចូលរួមក្នុងពួកជំនុំដែលគ្រប់យ៉ាងសុទ្ធតែរាក់កំផែល។ ដូច្នេះខ្ញុំសង្ឃឹមថា នៅពេលនេះអ្នកនឹងមើលឃើញវិសាលភាពនៃភាពធំឧត្តមរបស់ព្រះជាម្ចាស់មិនខាន។
នៅពេលនេះយើងនឹងសិក្សាពីលក្ខណៈពិសេស៧យ៉ាងរបស់ព្រះជាម្ចាស់ដែលមានពណ៌នានៅក្នុង៦:១-៤។
១. ព្រះជាម្ចាស់ ទ្រង់មានព្រះជន្មរស់ |
ព្រះមហាក្សត្រអ៊ូសៀសបានសោយជីវង្គត (ខ១) ដូច្នេះទោះបីស្តេចក៏សោយជីវង្គតដែរ ប៉ុន្តែព្រះជាម្ចាស់វិញ ទ្រង់មិនដែលសុគតឡើយ។ ទ្រង់គឺជាព្រះមានព្រះជន្មរស់អស់កល្បជានិច្ច។ ទ្រង់នឹងមានព្រះជន្មរស់នៅកោដិកោដិឆ្នាំ ចាប់តាំងពីពេលនេះរហូតតទៅ ទោះបីពួកអ្នកដែលប្រឆាំងជាមួយព្រះអង្គត្រូវវិនាសអស់ក៏ដោយ ក៏ទ្រង់នៅតែដដែលដែរ។ ពួកអ្នកដែលបច្ចុប្បន្ននេះកំពុងតែអួតចំពោះតួនាទីខ្ពង់ខ្ពស់របស់ពួកគេ ក៏នឹងត្រូវស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេល៥០ឆ្នាំទៅមុខទៀតមិនខាន ប៉ុន្តែព្រះជាម្ចាស់មិនមែនដូច្នោះឡើយ។ មនុស្ស៧ ពាន់លានដែលកំពុងរស់នៅសព្វថ្ងៃនេះ នឹងត្រូវស្លាប់អស់ក្នុងរយៈពេលប្រមាណជា១២០ឆ្នាំក្រោយ ប៉ុន្តែព្រះអង្គនឹងមិនសុគតឡើយ ទ្រង់នឹងមានព្រះជន្មរស់នៅជារៀងរហូតតទៅ។ គ្មានទីណានៅក្នុងអតីតកាល និងអនាគតកាល ដែលព្រះជាម្ចាស់មិនមានវត្តមានគង់នៅនោះឡើយ។
២. ព្រះជាម្ចាស់ទ្រង់ប្រកបដោយព្រះចេស្ដា |
ទ្រង់គង់នៅលើបល្ល័ង្ក។ នៅក្នុងការជាក់ស្តែងអំពីព្រះជាម្ចាស់ មិនដែលមានពេលណាមួយដែលពួកគេបានមើលឃើញព្រះជាម្ចាស់គង់នៅស្ថានសួគ៌កំពុងភ្ជួរដី ឬខាត់ស្បែកជើង ឬទំលាក់ទំនិញពីឡាននោះឡើយ។ ប៉ុន្តែពួកគេបានមើលឃើញទ្រង់គង់នៅលើបល្ល័ង្កប្រកបដោយព្រះចេស្ដា។ បល្ល័ង្កគឺជានិមិត្តរូបនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងលើពិភពលោកនេះ។ យើងមិនមែនជាអ្នកឲ្យសិទ្ធិទៅព្រះអង្គក្នុងការគ្រប់គ្រងលើជីវិតយើងនោះទេ គឺព្រះអង្គមានសិទ្ធិនេះដោយអង្គឯង។ ទោះបីយ៉ាងនេះក៏ដោយ ក៏អ្នកនៅមានជំរើសដែរ គឺអ្នកអាចជ្រើសរើសមិនជឿថា ទ្រង់មានសិទ្ធិអំណាចនេះ ហើយរងចាំសេចក្តីវិនាសដែលនឹងលេចមកជាឆាប់ ឬអ្នកអាចជ្រើសរើស ទទួលស្គាល់នូវសិទ្ធិអំណាចរបស់ទ្រង់ដោយអំណរ។ ព្រះជាម្ចាស់មានសិទ្ធិអំណាចធ្វើអ្វីៗដែលទ្រង់ចង់ធ្វើ ទោះជាការដាក់ទោស ឬការបំផ្លាញជីវិតបង់ក្តី។ យើងគ្មានសិទ្ធិក្នុងការចោទសួរ ឬរិះគន់ ឬប្រឆាំងជាមួយទ្រង់ ដែលជាព្រះមហាក្សត្ររបស់យើងឡើយ។ ទ្រង់គឺជាចៅក្រមកំពូលនៅក្នុងសាលជំនុំជំរះនៅឯនគរស្ថានសួគ៌។
៣. ព្រះជាម្ចាស់គឺជាព្រះប្រកបដោយសព្វានុភាព |
បល្ល័ង្កនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មិនមែនជាបល្ល័ង្កមួយក្នុងចំណោមបល្ល័ង្កជាច្រើនទៀតនោះទេ។ ទ្រង់ជាព្រះដែលស្ថិតនៅទីខ្ពស់និងបានដំកើងឡើង។ ទ្រង់គ្រប់គ្រងលើអស់ទាំងបល្ល័ង្ក ដូច្នេះទ្រង់ប្រកបដោយឧត្តមភាពខាងអំណាច សិទ្ធិនិងការគ្រប់គ្រង ហើយនិងការគ្រប់គ្រងលើគ្រប់ទាំងបល្ល័ង្ក (អេសាយ ៤៦:១០, ដានីយ៉ែល ៤:៣៥)។ សេចក្តីពិតអំពីព្រះជាម្ចាស់នេះ គឺជាយុថ្កាដ៏អស្ចារ្យមួយសំរាប់គ្រីស្ទបរិស័ទដែលរស់នៅក្នុងស្ថានភាពឈឺចាប់។ រឿងដែលធ្វើឲ្យគ្រូគង្វាលសប្បាយចិត្តខ្លាំង គឺការដែលមើលឃើញសមាជិកពួកជំនុំរបស់ខ្លួនឈរយ៉ាងរឹងមាំ តស៊ូជាមួយនិងការរងទុក្ខលំបាក ពីព្រោះពួកគេមានគ្រឹះស្ថិតនៅលើទីតាំងដែលរឹងមាំ មិនរង្គើគឺជាព្រះដ៏បរិសុទ្ធ និងប្រកបដោយសព្វានុភាព។ ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានឮមនុស្សជាច្រើននិយាយមកខ្ញុំថា ប្រសិនបើពួកគេមិនបានឮព័ត៌មានអំពីព្រះដ៏អស្ចារ្យនេះនោះទេ នោះពួកគេនឹងចាកចេញទៅដោយឥតមានប្រយោជន៍អ្វីទាំងអស់។
៤. ព្រះជាម្ចាស់ជាព្រះប្រកបដោយសិរីល្អភ្លឺចិញ្ចាច |
រំសាយព្រះហស្តទ្រង់សាយមកពេញក្នុងព្រះវិហារ ការជាក់ស្តែងនេះមានន័យសំរាប់យើង ដើម្បីឲ្យយើងអាចមើលឃើញពីវិសាលភាពនៃសិរីល្អរបស់ព្រះជាម្ចាស់។
៥. ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់ដែលត្រូវកោតគោរព (ខ២) |
មិនមានអ្នកណាម្នាក់ដឹងពីអត្តសញ្ញាណរបស់ពួកសេរភីមឡើយ ពីព្រោះពួកគេបន្ទាប់ពីលើកយកនិយាយនៅក្នុងខ២រួចមក ឈ្មោះរបស់ពួកគេមិនបានលើកយកមកនិយាយម្តងទៀតឡើយ។ អ្វីដែលយើងបានដឹងនោះគឺ សូរសំលែងរបស់ពួកសេរភីមអស្ចារ្យខ្លាំងណាស់ វាបានធ្វើឲ្យក្របទ្វារនិងខ្លោងទ្វារបានញ័រ។ ប៉ុន្តែទោះបីជាពួកគេជាស្នាព្រះហស្តដ៏អស្ចារ្យយ៉ាងនេះក៏ដោយ ក៏ពួកគេមិនអាចសម្លឹងមើលព្រះជាម្ចាស់ចំមុខបានដែរ ដូច្នេះហើយបានជាពួកគេបានប្រើស្លាបមកបាំងមុខពួកគេ។ នេះបានសេចក្តីថា ស្នាព្រះហស្តទាំងនេះបានគោរពកោតខ្លាចព្រះជាម្ចាស់ខ្លាំងបំផុត។ ចំពោះយើងវិញ យើងអាចក្រឡេកមើលមកក្នុងលោកិយនេះ ហើយយើងយំសោកចំពោះពួកគេផង ដ្បិតពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់។
៦. ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ |
តួមានជីវិតទាំងនេះបានពោលពាក្យថា «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បរិសុទ្ធ»។ តើពាក្យថា «បរិសុទ្ធ» មានន័យដូចម្តេច? យើងពិបាកក្នុងការរកពាក្យណាមួយមកពន្យល់ពីអត្ថន័យនៃពាក្យនេះណាស់។ បើតាមអត្ថន័យដើមជាភាសាហេព្រើរ ពាក្យនេះមានន័យថា កាត់ឬបំបែកចេញ ដូច្នេះនៅពេលយើងនិយាយថា វត្ថុបរិសុទ្ធនោះមានន័យថា ជាវត្ថុដែលត្រូវកាត់ចេញ ឬបំបែកចេញដោយឡែក ដើម្បីទុកថ្វាយឬឧទ្ទិសដល់អ្វីមួយផ្សេងទៀត។ ដូចនេះនៅពេលយើងនិយាយថា នេះជាវត្ថុបរិសុទ្ធ នោះមានន័យថា មិនមែនជាវត្ថុធម្មតានោះទេ តែវាជាវត្ថុសំរាប់ថ្វាយទៅព្រះជាម្ចាស់វិញ។ យើងធ្លាប់ជួបពាក្យថា ថ្ងៃបរិសុទ្ធ សាសន៍បរិសុទ្ធ សំលៀកបំពាក់បរិសុទ្ធ ឬរាស្រ្តបរិសុទ្ធជាដើម។ ព្រះជាម្ចាស់គឺជាព្រះដ៏ពិត ដ៏បរិសុទ្ធ ទ្រង់ខុសប្លែកពីអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងលោកិយនេះ។ ទ្រង់មិនត្រូវការពឹងអាស្រ័យលើរបស់ណាមួយឡើយ ផ្ទុយទៅវិញអ្វីៗគ្រប់យ៉ាងត្រូវពឹងអាស្រ័យលើព្រះអង្គ។ ទ្រង់ជាព្រះដ៏អស្ចារ្យ ញែកដាច់ដោយឡែក ទ្រង់បរិសុទ្ធ ទ្រង់ជាព្រះដ៏ពិត ហើយល្អឯក។ ទ្រង់មិនត្រូវការត្រាប់តាមអ្នកណាម្នាក់ឡើយ។ គ្មានអ្វីដែលខ្ពស់លើសព្រះអង្គ ដែលព្រះអង្គត្រូវការយកតម្រាប់តាមនោះឡើយ។ ម្យ៉ាងវិញទៀត ទ្រង់បរិសុទ្ធមិនមែនដោយសារទ្រង់កាន់តាមក្រិត្យវិន័យនោះដែរ ការពិតក្រិត្យវិន័យបរិសុទ្ធដោយព្រោះក្រិត្យវិន័យបានបើកសំដែងពីព្រះជាម្ចាស់។ ដូច្នេះខ្ញុំយល់ថា នៅពេលដែលគេនិយាយថា ទ្រង់បរិសុទ្ធ នោះបានសេចក្តីថា យើងកំពុងប្រកាសពីភាពល្អឯករបស់ព្រះអង្គ ក្នុងន័យបង្ហាញពីភាពមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ។ គ្រាប់ពេជ្រកាន់តែក្រ កាន់តែមានតំលៃ ហើយប្រសិនបើវាមានតែមួយប្រភេទទៀតនោះ នោះវារឹតតែមានតំលៃទ្វេដងថែមទៀត។ ចំពោះព្រះជាម្ចាស់វិញ ទ្រង់ល្អឯកគ្មាននរណាម្នាក់ដូចទ្រង់ឡើយ ដូច្នេះទ្រង់មានតំលៃមិនអាចកាត់ថ្លៃបានឡើយ ទ្រង់មានតំលៃនិងសប្ប រស់លើសអ្វីៗទាំងអស់។ ប្រសិនបើអ្នកជឿលើការនេះ នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់អ្នក។ អ្វីដែលមានតំលៃបំផុតនៅក្នុងលោកនេះ មិនមែនជាខ្លួនអ្នក មិនមែនជាគ្រួសាររបស់អ្នក ហើយក៏មិនមែនជាសកលលោកនេះដែរ តែគឺជាព្រះជាម្ចាស់វិញ។ តាមពិតយើងគ្រាន់តែជាដំណក់ទឹកមួយដំណក់នៅក្នុងធុងប៉ុណ្ណោះ បើប្រៀបធៀបទៅជាមួយនិងតំលៃរបស់ព្រះជាម្ចាស់។ បញ្ហាចំបងនៅក្នុងលោកិយនេះនោះគឺ មនុស្សបានបរាជ័យក្នុងការទទួលយកនូវអារម្មណ៍បែបនេះ។ ចំពោះខ្ញុំខ្ញុំបានមើលឃើញជីវិតខ្ញុំមានការផ្លាស់ប្រែ នៅពេលដែលខ្ញុំបានមើលឃើញពីតំលៃនិងព្រះចេស្ដារបស់ព្រះជាម្ចាស់ជាចំនុចស្នូលនៃអ្វីៗគ្រប់យ៉ាង។
៧. ព្រះជាម្ចាស់ជាព្រះប្រកបដោយសិរីល្អ |
ពួកសេរភីមបានប្រកាសថា ផែនដីទាំងមូលពេញដោយសិរីល្អនៃទ្រង់។ ហេតុអ្វីបានជាពួកសេរភីមទាំងនោះមិនប្រកាសថា «បរិសុទ្ធ បរិសុទ្ធ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលពេញដោយភាពបរិសុទ្ធនៃទ្រង់»? សិរីល្អរបស់ព្រះជាម្ចាស់ គឺជាការបើកសំដែងបង្ហាញពីភាពបរិសុទ្ធរបស់ទ្រង់ ដែលភាពបរិសុទ្ធនេះបង្ហាញពីភាពឥតខ្ចោះដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន មិនអាចកាត់ថ្លៃបាន ហើយនៅពេលដែលលក្ខណៈទាំងអស់នេះលេចឡើងនៅទីសាធារណៈគេឲ្យឈ្មោះថា សិរីល្អរបស់ព្រះជាម្ចាស់ (លេវីវិន័យ ១០:៣)។ ដូច្នេះសិរីល្អរបស់ព្រះជាម្ចាស់គឺជារស្មីនៃភាពបរិសុទ្ធរបស់ទ្រង់។
តើទាំងអស់នេះទាក់ទងជាមួយនិងព្រះយេស៊ូវដូចម្តេច?
ព្រះគម្ពីរបានមានបន្ទូលថា កាលដើមដំបូងឡើយ មានព្រះបន្ទូល (ព្រះយេស៊ូវ) ហើយព្រះបន្ទូលគឺជាព្រះ គឺជាព្រះដែលយើងបានមើលឃើញនៅក្នុងអេសាយ ៦។ នៅក្នុងព្រះគម្ពីរយ៉ូហាន ១២:៤១ សាវកយ៉ូហានបានដកស្រង់ចេញពីព្រះគម្ពីរអេសាយ ៦ដោយថា ហោរាអេសាយបានឃើញព្រះយេស៊ូវ នៅពេលដែលគាត់បានឃើញការជាក់ស្តែងដ៏អស្ចារ្យអំពីព្រះដ៏បរិសុទ្ធនេះ។
ហេតុអ្វីបានជាសាវកយ៉ូហានដកស្រង់ចេញពីព្រះគម្ពីរអេសាយជំពូក៦មកនិយាយ? នៅក្នុងព្រះគម្ពីរអេសាយ ៦:១០ ហោរាអេសាយឮថា ពួកបណ្តាជននឹងមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ពួកអ៊ីស្រាអែលនឹងមានចិត្តរឹង។ នៅក្នុងអេសាយ ៥៣:១ ហោរាអេសាយបានទាយថា មនុស្សនឹងមិនជឿលើព្រះ បន្ទូលនៃការរងទុក្ខរបស់ព្រះមេស៊ីឡើយ។ យ៉ូហាន ១២ បានកត់ចុះនូវព័ន្ធកិច្ចជាសាធារណៈចុងក្រោយ របស់ព្រះយេស៊ូវ ហើយបានបន្តនិយាយពីការចាប់ផ្តើមរបស់ព្រះអង្គ ជាមួយនិងពួកសិស្សទ្រង់ក្នុងដំណើរទំរង់ឆ្ពោះទៅឈើឆ្កាង ហើយលោកក៏បានដកស្រង់ព្រះបន្ទូលចេញពីអេសាយជំពូក៦ និងជំពូក៥៣ ដើម្បីពន្យល់ពីមូលហេតុដែលពួកបណ្តាជនបដិសេធព្រះយេស៊ូវ។ ដូច្នេះយើងមិនត្រូវឆ្ងល់ឬមិនអស់ចិត្តចំពោះការបដិសេធនេះនោះឡើយ ពីព្រោះព្រះជាម្ចាស់បានមានបន្ទូលប្រាប់ជាមុនរួចហើយអំពីការនេះ តាមរយៈហោរាអេសាយ។
សាវកយ៉ូហានបានបង្ហាញថា ព្រះយេស៊ូវគឺជាអ្នកសំរេចនូវការជាក់ស្តែងប្រកបដោយតេជានុភាពនៅក្នុងជំពូក៦ ហើយសំរេចនូវបទទំនាយនៃការរងទុក្ខរបស់អ្នកបំរើ ដែលនៅលើអង្គទ្រង់គ្មានកន្លែងណាដែលស្អាត ឬអស្ចារ្យដើម្បីទាក់ទាញយើងទាល់តែសោះ (អេសាយ ៥៣:២)។ តែចំពោះពួកអ៊ីស្រាអែល យើងឃើញថា ទោះទ្រង់ជាព្រះប្រកបដោយតេជានុភាព ឬទ្រង់គឺជាអ្នកបំរើដ៏តូចទាបក៏ពួកគេសុទ្ធតែបដិសេធទាំងអស់ ពួកអ៊ីស្រាអែលមិនត្រូវការទាំងពីរយ៉ាង។
ហេតុអ្វីបានពួកគេមិនទទួលស្គាល់ទ្រង់? សាវកយ៉ូហានបានឆ្លើយតបចំពោះសំណួរនេះនៅក្នុងយ៉ូហាន ១២:៤៣ ដោយថា មនុស្សស្រឡាញ់សិរីល្អដែលបានមកពីមនុស្សគ្នាឯង ជាជាងមកពីព្រះជាម្ចាស់។ សេចក្តីអធិស្ឋានរបស់ខ្ញុំ គឺសូមកុំឲ្យអ្នករាល់គ្នាក្លាយជាមនុស្សយ៉ាងនេះឲ្យសោះ។ ពួកយូដាមានចិត្តស្រឡាញ់សិរីល្អរបស់មនុស្ស ជាងសិរីល្អរបស់ព្រះជាម្ចាស់ (យ៉ូហាន ៥:៤៣)។ ពួកអ្នកដែលចង់បានការសរសើរនិងសរីល្អរបស់មនុស្សជាងសិរីល្អនិងការសរសើរមកពីព្រះជាម្ចាស់ នោះមិនអាចប្រែចិត្តជឿលើព្រះយេស៊ូវបានឡើយ។ មនុស្សមិនចង់ឲ្យព្រះដែលពោពេញដោយសិរីល្អគ្រប់គ្រងលើជីវិតពួកគេឡើយ ហើយពួកគេក៏មិនចង់ឲ្យអ្នកបំរើ ដង្ហោយហៅពួកគេឲ្យមកលីឈើឆ្កាងដើរតាមទ្រង់ដែរ និងលើសពីនេះទៅទៀត ពួកគេមិនចង់លាងជើងឲ្យគ្នាទៅវិញទៅមកឡើយ។ ពួកគេមិនចង់ទាំងពីរយ៉ាង ដូច្នេះមានន័យថាពួកគេក៏មិនចង់ព្រះយេស៊ូវដែរពីព្រោះព្រះយេស៊ូវគឺជាទាំងពីរ។
This is an abridged translation of a sermon by John Piper. If you wish to hear the English, please go to
http://thegospelcoalition.org/resources/a/in_the_throne_room_the_god_of_holiness_and_hope_isaiah_6
Leave a Reply