Isaiah Intro pdf download
សារៈសំខាន់នៃកណ្ឌអេសាយ Importance of Isaiah
កណ្ឌអេសាយមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះអស់រយៈពេលយូរមួយ ហើយបានប្រកាសទំនាយសំខាន់ៗជាច្រើនអំពីការយាងមករបស់ព្រះមែស៊ី រួមទាំងការពន្យល់យ៉ាងច្បាស់បំផុតអំពីការសុគតរបស់ព្រះយេស៊ូវ និងអ្វីដែលព្រះនឹងបំពេញសំរេចតាមរយៈការសុគតរបស់ទ្រង់ ហើយនិងទំនាយយ៉ាងច្បាស់លាស់មួយដែលថា ព្រះនឹងបង្កើតផ្ទៃមេឃថ្មីនិងផែនដីថ្មីមួយនៅពេលអនាគតផងដែរ។ កណ្ឌអេសាយគឺជាកណ្ឌមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានដកស្រង់ច្រើនជាងគេនៅក្នុងសញ្ញាថ្មី។
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យអេសាយ Historical background to Isaiah
ហោរាអេសាយបានរស់នៅក្នុងយេរូសាឡិមនៅក្នុងសតវត្សទី៨មុនគ.ស ហើយគាត់ត្រូវបានព្រះត្រាស់ហៅអោយធ្វើជាហោរានៅឆ្នាំ៧៤០មុនគ.ស និងបានប្រកាសព្រះបន្ទូលរបស់ព្រះអស់រយៈពេលសែសិបឆ្នាំ។ គាត់បានផ្តល់ប្រឹក្សាយោបល់ដល់ស្តេចអង្គរបស់យូដា គឺអ័ហាស (៧៣៦-៧១៦មុនគ.ស) និងហេសេគា (៧១៦-៦៨៧មុនគ.ស)។
នៅកំឡុងពេលនេះ យូដាត្រូវបានគំរាមកំហែងដោយកំឡាំងទ័ពរបស់អាសស៊ើរ។ បន្ទាប់ពីរាជ្យរបស់ស្តេច សាឡូម៉ូន ប្រជាជាតិអ៊ីស្រាអែលបែងចែកជាអាណាចក្រពីរ ពូជអំបូរដប់នៅក្នុងភាគខាងជើងក្លាយជាអាណាចក្រអ៊ីស្រាអែល ហើយពូជអំបូរយូដានិងបេនយ៉ាមីនក្លាយជាអាណាចក្រយូដា នៅភាគខាងត្បូង ជាកន្លែងដែលហោរាអេសាយបានរស់នៅ។ ទាំងអ៊ីស្រាអែលនិងយូដាគឺជារដ្ឋតូច រវាងចក្រភពពីរដ៏ធំនិងមានអំណាចធំជាង នៅសង្ខាង គឺអាសស៊ើរនៅខាងជើង និងអេស៊ីព្ទនៅខាងត្បូង។ បើសិនអាសស៊ើរចង់សំរេចមហិច្ឆតារបស់ខ្លួន ក្នុងការចាប់យកអេស៊ីព្ទ នោះអាសស៊ើរនឹងវាយប្រហារអ៊ីស្រាអែលនិងយូដាជាមុន។
នៅក្នុងស្ថានភាពនេះ ហោរាអេសាយផ្តល់យោបល់ដល់ស្តេចអោយមានភាពអព្យាក្រិត។ យូដាគួរតែពឹងផ្អែកលើព្រះ ដើម្បីការពារខ្លួន ហើយចៀសវាងពីសម្ព័ន្ធមិត្តអន្តរជាតិទាំងអស់។ សម្ព័ន្ធមិត្តអន្តរជាតិមួយអាចនាំអោយពួកគេប្រព្រឹត្តសេចក្តីកំផិតជាមួយព្រះដទៃបាន។ ហោរាអេសាយមានភាពប្រាកដថា ព្រះនឹងការពាររាស្ត្ររបស់ទ្រង់ ហើយថា ទ្រង់នឹងថែរក្សាយេរូសាឡិមអោយមានសុវត្ថិភាព។ គាត់ផ្តល់យោបល់អោយមានទំនុកចិត្ត ទោះបីជាកំពុងជួបវិបត្តិក៏ដោយ។
ក្នុងពេលជាមួយគ្នា ហោរាអេសាយប្រកាសព្រះរាជសាររបស់ព្រះប្រឆាំងនឹងសង្គមនិងសាសនានៅក្នុងយូដា គឺគាត់ព្រមានប្រជាជនយូដាថា ពួកគេមានទោស ព្រះមិនគាប់ព្រះទ័យចំពោះការថ្វាយបង្គំរបស់ពួកគេទេ សេចក្តីលោភលន់របស់ពួកគេកំពុងបំផ្លាញសង្គម ហើយពួកគេមិនការពារអ្នកក្រីក្រនិងអ្នកទន់ខ្សោយទេ។ ពួកគេនឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរ នៅពេលព្រះនឹងប្រើខ្មាំងសត្រូវរបស់យូដា ដើម្បីដាក់វិន័យលើពួកគេ ហើយខ្មាំងសត្រូវនោះមិនមែនជាពួកអាសស៊ើរទេ តែជាពួកបាប៊ីឡូនវិញ ប៉ុន្តែក្រៅពីការជំនុំជំរះនេះ ពួកគេនឹងមានសង្ឃឹម។ អេសាយក៏បានប្រកាសថា ព្រះមានអធិបតីភាព ហើយនឹងប្រើស្តេចស៊ីរូស ជាស្តេចចក្រភពពើស៊ី ដើម្បីនាំពួក យូដាត្រឡប់ពីការនិរទេសមកវិញផងដែរ ហើយនឹងមានអនាគតដ៏ឥតខ្ចោះមួយ នៅពេលរាជ្យរបស់ព្រះនឹងនាំមកនូវយុត្តិធម៌និងសន្តិភាពដល់ពិភពលោកទាំងមូល។
គម្រោង Outline
១. សេចក្តីផ្តើម ៖ «អូ ប្រជាជាតិពេញដោយអំពើបាប!» (១:១-៥:៣០)
២. ព្រះកំណត់អនាគតរបស់គេ ៖ «ទោសរបស់ឯងត្រូវបានដកចេញហើយ» (៦:១-១២:៦)
៣. ការជំនុំជំរះនិងព្រះគុណរបស់ព្រះសម្រាប់ពិភពលោក ៖ «យើងមានក្រុងមួយដ៏រឹងមាំ» (១៣:១-២៧:១៣)
៤. ព្រះមានបញ្ចេញព្រះបន្ទូលដ៏មានអំណាចព្រះចេស្ដារបស់ទ្រង់មកក្នុងលោកិយ ៖ (អូ!) (២៨:១-៣៥:១០)
៥. ប្រវត្តិសាស្ត្រ ៖ «ឥឡូវនេះឯងទុកចិត្តអ្នកណា?» (៣៦:១-៣៩:៨)
៦.ការលើកទឹកចិត្តសម្រាប់អ្នកត្រូវនិរទេស៖ «សិរីល្អរបស់ព្រះអម្ចាស់នឹងត្រូវបានបើកសំដែង»(៤០:១-៥៥:១៣)
៧. របៀបត្រៀមខ្លួនសម្រាប់សិរីល្អដែលនឹងមកដល់៖ «រក្សាសម្ព័ន្ធមេត្រីរបស់អញអោយបានខ្ជាប់ខ្ជួន» (៥៦:១-៦៦:២៤)
របៀបអានកណ្ឌអេសាយ How to read Isaiah
ដើម្បីយល់និងអនុវត្តកណ្ឌអេសាយអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌអេសាយទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌអេសាយសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌអេសាយទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីព្រះ?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌអេសាយទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺជារឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតដល់ការបង្កបង្កើតថ្មី។ ទ្រង់បានបង្កើតគ្រប់យ៉ាងល្អជាដំបូង ដោយមានអ័ដាម និងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រង និងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសម្រាប់ការបង្កបង្កើត។ ពួកគេ មិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ កន្លែងផ្សេងៗទាំងអស់ទៀតក្នុងព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្តានគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺ អេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសារបស់សម្ព័ន្ធមេត្រីថា បើសិនអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងធ្វើតាមការត្រាស់ហៅរបស់ខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពី ទឹកដី។
ចំនុចនេះមានសារៈសំខាន់ណាស់ ដើម្បីយល់កណ្ឌអេសាយ។ ហោរាអេសាយបានប្រកាសថាអ៊ីស្រាអែលមិនបានធ្វើតាមការត្រាស់ហៅរបស់ខ្លួន ក្នុងការធ្វើជាជាតិសាសន៍បរិសុទ្ធ និងជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់ទេ ហើយព្រះពិតជានឹងដាក់ការជំនុំជំរះលើពួកគេ ហើយនិងបញ្ជូនពួកគេចេញពីទឹកដី។ ដូច្នេះ ការជំនុំជំរះ ដែលព្រះបានប្រកាសតាមរយៈហោរាអេសាយ ត្រូវបានព្រមានរួចហើយនៅក្នុងកណ្ឌចោទិយកថា។ ការព្រមានពីសម័យមុនទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការប្រកាសរបស់ហោរាអេសាយ។
២. តើគោលបំណងរបស់កណ្ឌអេសាយសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
ហោរាអេសាយបានមានសារមួយសម្រាប់មនុស្សនៅមុនពេលការនិរទេស និងមនុស្សនៅក្នុងការនិរទេស។ សារសម្រាប់មនុស្សនៅមុនពេលការនិរទេសគឺថា ព្រះគឺជាព្រះដ៏ពិត ដែលទ្រង់មិនសព្វព្រះហឫទ័យចំពោះការថ្វាយបង្គំរបស់ពួកគេទេ ពួកគេគួរតែប្រែចិត្តនិងទុកចិត្តថា ព្រះអង្គនឹងរំដោះពួកគេ ហើយមិនត្រូវទុកចិត្តលើសន្ធិសញ្ញាជាមួយជាតិសាសន៍ដទៃឡើយ ហើយថា ព្រះនឹងសង្គ្រោះយូដាចេញពីអាសស៊ើរ ប៉ុន្តែបាប៊ីឡូននឹងនាំការជំនុំជំរះមកលើពួកគេ ហើយការនេះនឹងកើតឡើង ពីព្រោះនេះគឺជាការជំនុំជំរះរបស់ព្រះ។ ពួកគេមិនត្រូវគិតថា ការនិរទេសបានកើតឡើង ដោយព្រោះព្រះរបស់បាប៊ីឡូនមានអំណាចខ្លាំងជាមួយព្រះពិតនោះឡើយ។ សាររបស់គាត់សម្រាប់មនុស្សនៅក្នុងការនិរទេសក៏គឺថា ព្រះនឹងសង្គ្រោះពួកគេផងដែរ។ តាមរយៈការសុគតរបស់អ្នកបម្រើរបស់ទ្រង់ នោះអំពើបាបរបស់ពួកគេនឹងត្រូវបានអត់ទោសអោយ ហើយពួកគេនឹងត្រូវបានស្តាឡើងវិញ។ ព្រះបានប្រកាសដល់ពួកត្រូវបាននិរទេសថា ព្រះនឹងប្រើស្តេចស៊ីរូស ដើម្បីនាំពួកគេត្រឡប់មកវិញ ហើយបន្ទាប់ពីការវិលត្រឡប់មកវិញ ពួកគេមានសេចក្តីសង្ឃឹមខ្ពស់បំផុតមួយថា ព្រះនឹងបង្កើតផ្ទៃមេឃថ្មីនិងផែនដីថ្មី។
៣. តើកណ្ឌអេសាយទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
មានរបៀបជាច្រើន ដែលកណ្ឌអេសាយទាក់ទំនងនឹងកណ្ឌផ្សេងៗ ដែលមានបន្ទាប់ពីវា។ ឧទាហរណ៍យ៉ាងច្បាស់រួមមាន សេចក្តីសន្យាអំពីការវិលត្រឡប់មកកាន់ទឹកដីសន្យា (អេសាយ ៣៥:១០; ៥១:១១) ដែលយើងមើលឃើញថា ត្រូវបានបំពេញសំរេចនៅក្នុងកណ្ឌអែសរ៉ានិងនេហេមា ការយាងមករបស់ព្រះយេស៊ូវ ក្នុងនាមជាអ្នកបម្រើរងទុក្ខ ដើម្បីសុគតនៅលើឈើឆ្កាង (អេសាយ ១០:២១-២៣; ៣៧:៣១-៣២; រ៉ូម ៩:២៧;១១:៥) ហើយនិងការបង្កើតផ្ទៃមេឃថ្មីនិងផែនដីថ្មី (អេសាយ ៦៥:១៧; ប្រៀបធៀប វិវរណៈ ២១-២២)។
៤. តើកណ្ឌអេសាយបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌអេសាយបង្រៀនថា
- ព្រះមិនគ្រាន់តែជាព្រះអាទិកររបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែទ្រង់ក៏បានបង្កើតពិភពលោកទាំងមូលផងដែរ (១៧:៧; ២៩:១៦; ៤០:២៨; ៤៣:១៥; ៥១:១៣; ៥៤:៥)។
- ព្រះគឺជាព្រះអាទិករនៃរបស់សព្វសារពើ ហើយទ្រង់មានអំណាចបង្កើតអ្វីៗទាំងអស់ជាថ្មី។
- ព្រះគ្រប់គ្រងប្រវត្តិសាស្ត្រនិងអនាគត សូម្បីតែកងទ័ពរបស់ជាតិសាសន៍ទាំងអស់ ដោយព្រះបន្ទូលរបស់ ទ្រង់។
- គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះបានឡើយ (៤០:១២-២៦)។
- ព្រះបញ្ចេញសកម្មភាពដោយយល់ដល់សិរីល្អរបស់ព្រះនាមទ្រង់ (៤៨:១១)។
- ព្រះនឹងមិនប្រទានសិរីល្អរបស់ទ្រង់ដល់អ្នកណាមួយឡើយ ពីព្រោះទ្រង់គឺជាព្រះដ៏ពិតតែមួយ (៤៨:១១)។
- ព្រះស្អប់ការថ្វាយបង្គំរូបព្រះ (២:៨,១៨,២០; ១០:១១; ៤២:៨)។
- ព្រះគឺជាព្រះដ៏ពិត ហើយព្រះដទៃទាំងអស់សុទ្ធតែជាព្រះក្លែងក្លាយទាំងអស់ (៤០:១៩-២១; ៤១:២២-២៤; ៤៤:៩-១០)។
- ព្រះបរិសុទ្ធ និងទតឃើញគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។
- ព្រះបំផ្លាញជាតិសាសន៍ណាដែលមានអំនួត។
- ព្រះសព្វព្រះហឫទ័យចំពោះអ្នកណា ដែលបន្ទាបខ្លួននៅចំពោះទ្រង់ ហើយញ័រញាក់ចំពោះព្រះបន្ទូលរបស់ទ្រង់ (៦៦:២)។
- ព្រះចង់អោយរាស្ត្ររបស់ទ្រង់ធ្វើជាព្រះពរដល់លោកិយ (លោកុប្បត្ដិ ១២:១-៣; ១៨:១៧-១៨; ២៨:១៤; យេរេមា ៤:២ ប្រៀបធៀប កិច្ចការ ៣:២៥; កាឡាទី ៣:១៤)។ មូលហេតុដែលការជំនុំជំរះរបស់ព្រះលេចឡើងជាច្រើនដងនៅក្នុងកណ្ឌអេសាយគឺថា រាស្ត្ររបស់ទ្រង់បះបោរប្រឆាំងនឹងទ្រង់ បង្កើតសេចក្តីងងឹតជាជាងផ្តល់ពន្លឺ។
- ព្រះសង្គ្រោះមនុស្សចេញពីអំពើបាបរបស់ពួកគេតាមរយៈអ្នកបំរើដែលរងទុក្ខម្នាក់ (៥២:១៣-៥៣:១២)។
- ព្រះកំសាន្តចិត្តរាស្ត្ររបស់ទ្រង់ដោយព្រះរាជសារនៃសេចក្តីសង្គ្រោះរបស់ទ្រង់ (៤០:១-២)។
- ព្រះ ដែលជាអង្គប្រោសលោះរបស់អ៊ីស្រាអែល ក៏ប្រទានសេចក្តីសង្ឃឹមដល់ជាតិសាសន៍ដទៃ ដែលត្រូវតែប្រែចិត្តនិងជឿលើព្រះដ៏ពិតតែមួយ (ឧទាហរណ៍ អេសាយ ១៩:១៦-២៥; ៤៤:៦, ២៤)។
- ព្រះចង់អោយរាស្ត្ររបស់ទ្រង់ពឹងផ្អែកលើទ្រង់ (ឧទាហរណ៍ ៣៦:១-៣៧; ៤០:២៧-៣១)។
- មានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
- ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូនពួកហោរារបស់ទ្រង់មកឯរាស្ត្ររបស់ទ្រង់ ដើម្បីប្រាប់ពួកគេអោយប្រែចិត្ត។ ដូចគ្នាផងដែរ សព្វថ្ងៃនេះ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបញ្ជូនគ្រីស្ទបរិស័ទទៅក្នុងលោកិយ ដើម្បីប្រកាសដំណឹងល្អអោយមនុស្សបានជឿលើព្រះយេស៊ូវ និងងាកបែរមករកទ្រង់វិញ។
- ចង់អោយមនុស្សស្តាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ មិនមែនគ្រាន់តែថ្វាយដង្វាយនោះទេ (១:១០-១៧)។
- ជារឿយៗ មនុស្សដើរតាមសាសនានិងប្រពៃណីនិងពិធីសាសនា តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះ។
- ជារឿយៗ មនុស្សមានភាពអយុត្តិធម៌។
- ជារឿយៗ មនុស្សដាក់ការទុកចិត្តរបស់ពួកគេលើការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេជាជាងទុកចិត្តដល់ព្រះ។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌអេសាយទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ហោរាអេសាយបានប្រកាសព្រះបន្ទូលរបស់ព្រះទៅដល់មនុស្សមួយក្រុម ដែល «ស្ពឹក ហើយត្រចៀកធ្ងន់» (សូមមើល ៦:១០) ហើយដែលបានបដិសេធមិនស្តាប់ការព្រមានរបស់ទ្រង់អំពីមហន្តរាយដែលនឹងត្រូវមក។ គាត់បានព្រមានថា អំពើបាបរបស់ប្រជាជនយូដានឹងនាំអោយមានការជំនុំជំរះរបស់ព្រះ។សព្វថ្ងៃនេះ យើងក៏ប្រកាសព្រះបន្ទូលរបស់ព្រះអំពីការជំនុំជំរះដែលត្រូវមក នៅពេលព្រះនឹងយាងត្រឡប់មកវិញផងដែរ តែមនុស្សភាគច្រើននៅសព្វថ្ងៃនេះនឹងបដិសេធព្រះបន្ទូលនោះ ពីព្រោះចិត្តរបស់គេរឹង ហើយពួកគេ «ស្ពឹក ហើយត្រចៀកធ្ងន់» ដូចជាអ្នកដែលស្តាប់ហោរាអេសាយផងដែរ (សូមមើលម៉ាថាយ ២៤:៣៦-៣៩)។ ហោរាអេសាយបានបន្តប្រកាសដោយស្មោះត្រង់នូវព្រះរាជសាររបស់ព្រះ ដែលមនុស្សមិនចូលចិត្ត ហើយសព្វថ្ងៃនេះ គាត់លើកទឹកចិត្តយើងអោយបន្តប្រកាសព្រះរាជសាររបស់ព្រះ ដែលព្រមានអំពីការជំនុំជំរះដែលត្រូវមក នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។
២. ព្រះបន្ទូលរបស់ព្រះនៅក្នុងកណ្ឌអេសាយបានហៅអោយអ្នកស្តាប់មានការឆ្លើយតបដោយបន្ទាបខ្លួននិងញាប់ញ័រ ការទុកចិត្តដោយបន្ទាបខ្លួន និងការគោរពកោតខ្លាចនិងចុះចូលចំពោះព្រះអម្ចាស់ ហើយកណ្ឌនេះនៅតែបន្តធ្វើដូច្នេះនៅសព្វថ្ងៃនេះ។
៣. ហោរាអេសាយបានប្រកាសដំណឹងល្អយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវនឹងសុគតនៅលើឈើឆ្កាងសម្រាប់ការអត់ទោសអំពើបាប។ នេះគឺជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នានៅសព្វថ្ងៃនេះ ដែលវាគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងរបស់យើងជាមួយព្រះ។ ព្រះយេស៊ូវបានទទួលយកបណ្តាសារបស់សម្ព័ន្ធមេត្រី ដើម្បីអោយយើងអាចទទួលបានព្រះពររបស់សម្ព័ន្ធមេត្រី។
៤. ការប្រកាសរបស់ហោរាអេសាយអំពីអ្នកបំរើដែលរងទុក្ខម្នាក់ មិនគ្រាន់តែប្រាប់យើងអំពីការសុគតរបស់ព្រះយេស៊ូវជាផ្លូវទទួលការអត់ទោសប៉ុណ្ណោះទេ តែព្រះគម្ពីរសញ្ញាថ្មីនិយាយថា ការរងទុក្ខរបស់ព្រះយេស៊ូវក៏ជាគំរូអោយដើរតាមផងដែរ។ អ្នកណា ដែលបម្រើព្រះគ្រីស្ទដោយស្មោះត្រង់ នឹងរងទុក្ខនិងមានការបៀតបៀន ហើយព្រះយេស៊ូវគឺជាគំរូមួយដល់យើង។
៥. «ពួកសេសសល់» ក្លាយជាផ្ទៃរឿងយ៉ាងសំខាន់នៃសេចក្តីសន្យារបស់ព្រះនៅក្នុងកណ្ឌអេសាយ ហើយជាចុងក្រោយ ពួកសេសសល់មានអត្តសញ្ញាណតាមរយៈនិងនៅក្នុងអ្នកតំណាងម្នាក់ គឺជាព្រះមែស៊ី ដែលជាព្រះយេស៊ូវអង្គទ្រង់ផ្ទាល់។ ប៉ុន្តែ តាមរយៈអ្នកសេសសល់ស្មោះត្រង់ម្នាក់នេះ ដែលជាព្រះយេស៊ូវ ព្រះបង្កើតពួកសេសសល់ថ្មីមួយ គឺជាអស់អ្នកណាដែលជឿដល់ព្រះយេស៊ូវ។
៦. ព្រះបានត្រាស់ហៅអ៊ីស្រាអែលធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃ ហើយហោរាអេសាយបង្ហាញយ៉ាងច្បាស់លាស់ថា អ៊ីស្រាអែលមិនបានធ្វើតាមការត្រាស់ហៅនេះឡើយ។ ឥឡូវនេះ ព្រះបានត្រាស់ហៅអ្នកជឿលើព្រះគ្រីស្ទធ្វើជាពន្លឺដល់ជាតិសាសន៍ទាំងអស់ ហើយយើងត្រូវតែយកចិត្តទុកដាក់ចំពោះការព្រមានរបស់ព្រះ ដើម្បីកុំអោយបរាជ័យនៅក្នុងការត្រាស់ហៅនេះផងដែរ។
៧. ហោរាអេសាយរំលឹកយើងថា រាស្ត្ររបស់ព្រះត្រូវឆ្លុះបញ្ចាំងព្រះហឫទ័យរបស់ព្រះ។ អ្វីដែលសំខាន់សម្រាប់ព្រះ ក៏សំខាន់សម្រាប់រាស្ត្ររបស់ទ្រង់ផងដែរ (ឧទាហរណ៍ដូចជា ការថ្វាយបង្គំពិតប្រាកដ ការងាកចេញពីរូបព្រះ មនុស្សក្រីក្រនិងមនុស្សរងគ្រោះ និងយុត្តិធម៌។
៨. ហោរាអេសាយនិយាយយ៉ាងច្បាស់លាស់អំពីការស្អប់របស់ព្រះចំពោះ «សាសនា» ដែលមនុស្សដើរតាមប្រពៃណីនិងពិធីសាសនា តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះ (ឧទាហរណ៍ អេសាយ ១:១០-១៥)។ ការនេះត្រូវតែធ្វើអោយយើងជញ្ជឹងគិតលើការថ្វាយបង្គំនិងទំនាក់ទំនងរបស់យើងជាមួយព្រះ។
៩. ហោរាអេសាយបានប្រកាសថា ព្រះនឹងបង្កើតផ្ទៃមេឃថ្មីនិងផែនដីថ្មី (៦៥:១៧)។ ព្រះមិនទាន់បានធ្វើការនេះនៅឡើយ តែសេចក្តីសន្យានេះគឺជាស្នូលនៃសេចក្តីសង្ឃឹមរបស់យើង (ហេព្រើរ ១១; វិវរណៈ ២១-២២)។
Leave a Reply