១ពេត្រុស ៤:១-១៩ 1 Peter 4:1-19

1Peter 4.1-19 download

រំលឹក៖ នៅ​ក្នុង​១ពេត្រុស ៣:៨-២២ លោក​ពេត្រុស​បាន​បង្រៀន​​​គ្រីស្ទបរិស័ទ​អោយ​ស៊ូ​ទ្រាំ​​រង​ទុក្ខ​ដោយ​​ប្រព្រឹត្ត​ការ​ល្អ​ជា​និច្ច ដោយ​យក​ព្រះ​យេស៊ូវ​ជា​គំរូ ដែល​ទ្រង់​បាន​រង​ទុក្ខ​និង​សុគត​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ប្រោស​លោះ​យើង​ចេញ​ពី​អំពើ​បាប​ ហើយ​ចុង​ក្រោយ​​ព្រះ​បាន​តម្កើង​ទ្រង់​អោយ​មាន​អំណាច​លើ​ទាំង​អស់​។ ហើយ​នៅក្នុង​១ពេត្រុស ៤:១-១៩ នេះ​ លោក​ពេត្រុស​បន្ត​បង្រៀន​ថា៖​

សូម​អាន១ពេត្រុស ៤:១៩ ឡើង​វិញ។​

រចនា​សម្ព័ន្ធ៖

៤:១-៦ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​រង​ទុក្ខ នោះ​យើង​ត្រូវ​រស់​នៅ​​ក្នុង​ជីវិត​បរិសុទ្ធ

៤:៧-១១ បំរើ​ព្រះ​ដោយ​សេចក្តី​​​ស្រឡាញ់​

៤:១២-១៩ អរ​សប្បាយ​ក្នុង​ចំណែក​នៃ​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ

សូម​អាន​ខ. ៦ ឡើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ​សាវក​ពេត្រុស​លើក​ទឹក​ចិត្ត​អោយ​គ្រីស្ទបរិស័ទ​ធ្វើ​អ្វី ហើយ​ការ​ធ្វើ​ដូច​នោះ​ទុក​សំរាប់​ជា​អ្វី​ដល់​គ្រីស្ទបរិស័ទ (. )?

ចូរ​រៀប​រាប់​អំពើ​បាប​ទាំង​ប្រាំមួយ​យ៉ាង​​ ដែល​​ពួក​អ្នក​មិន​ជឿ​ប្រព្រឹត្ត​នៅក្នុង​​​​ខ. ៣។

តើ​ពួក​គេ​គិត​យ៉ាង​ម៉េច​អំពី​យើង​ដែល​មិន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ (ខ. ៤)?

​តើ​នៅ​ពេល​អនាគត​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ (ខ. ៥)?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ លោក​ពេត្រុស​​បង្រៀន​អោយ​គ្រីស្ទ​បរិស័ទ​មាន​គំនិត​ដូច​ជា​ព្រះ​គ្រីស្ទ គឺ​ទោះ​ជា​ពួកគេ​កំពុង​រង​ទុក្ខ​យ៉ាង​ណា​ក៏ដោយ​ ក៏​ពួកគេ​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​បរិសុទ្ធ​ចំពោះ​ព្រះ​ដែរ។ ​លោក​ពេត្រុស​រៀប​រាប់​អំពើ​បាប​ខ្លះៗ ដែល​​ពីមុន​គ្រីស្ទបរិស័ទ​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​ ដូច​ជា​អ្នក​មិន​ជឿ​ផង​ដែរ ប៉ុន្តែ​ដោយ​សារ​យើង​ជា​គ្រីស្ទបរិស័ទ ហើយ​​ព្រះ​គ្រីស្ទ​បាន​រង​ទុក្ខ​និង​សុគត​ជំនួស​យើង​រួច​ហើយ នោះ​យើង​មិន​គួរ​​ត្រឡប់​ទៅ​ប្រព្រឹត្ត​ការ​ទាំង​នោះ​វិញ​ឡើយ។ អាស​អាភាស ការ​ស្រើប​ស្រាល ការ​ចំណូល​ស្រា ស៊ីផឹក​ជ្រុល ការ​ប្រមឹក និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​សកម្ម​ភាព​ ដែល​មនុស្ស​ជា​ច្រើន​នៅក្នុង​សង្គម​​ខ្មែរ​សព្វ​ថ្ងៃ​កំពុង​តែ​ប្រព្រឹត្ត។ គួរ​​បញ្ជាក់​ផង​ដែរ​ថា ជា​រឿយៗ​អ្នក​មិន​ជឿ​បៀតបៀន​និង​ធ្វើទុក្ខ​លើ​អ្នក​ជឿ ហើយ​មូលហេតុ​​លោក​ពេត្រុស​បាន​ប្រាប់​នៅក្នុង​ខ. ៤ ថា ដោយសារ​គ្រីស្ទបរិស័ទ​មិន​ព្រម​ប្រព្រឹត្ត​អំពើ​បាប​ជាមួយ​ពួកគេ។ ​នៅ​ពេល​អ្នក​កំពុង​ប្រឈម​នឹង​ការ​បៀតបៀន ឬ​ទុក្ខ​លំបាក​ផ្សេងៗ តើ​អ្នក​នឹង​​ស្វែង​រក​គំនិត​របស់​ព្រះ​គ្រីស្ទ ឬ​បណ្តោយ​ខ្លួន​អោយ​​ប្រព្រឹត្ត​អំពើ​បាប​ផ្សេងៗ​ដោយ​ងាយ​ស្រួល​ជាមួយ​អ្នក​មិន​ជឿ?

សូម​អាន​ខ. ១១ ឡើង​វិញ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

គ្រីស្ទបរិស័ទ​ត្រូវ​បាន​បង្រៀន​អោយ​មាន​គំនិត​​នឹង​ធឹង​​ ហើយ​ចាំ​យាម​​ក្នុង​សេចក្តី​អធិស្ឋាន ប៉ុន្តែ​មុន​នឹង​អាច​ធ្វើ​ការ​នោះ​បាន តើ​យើង​​​ត្រូវ​បាន​បង្រៀន​អោយ​ធ្វើ​អ្វី​​នៅក្នុង​ខ. ?

តើ​ការ​នោះ​​សំដែង​ចេញ​នៅក្នុង​ការ​ប្រព្រឹត្ត​ក្នុង​រវាង​បង​ប្អូន​គ្រីស្ទបរិស័ទ​យ៉ាង​ដូច​ម្តេច​ខ្លះ (. ១១)?

ហើយ​តើ​ការ​​ប្រព្រឹត្ត​ទាំង​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកណា (. ១១ខ)?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ គោល​ដៅ​​បំផុត​ក្នុង​ការ​បំរើ​ដំណឹងល្អ​គឺ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ ប៉ុន្តែ​​តើ​យើង​គួរ​តែ​បំរើ​​ព្រះ​ដោយ​ដូចម្តេច? នៅ​ទី​នេះ លោក​ពេត្រុស​បង្រៀន​ថា សេចក្តី​​ស្រឡាញ់​​​មាន​ភាព​ចាំបាច់​បំផុត​នៅក្នុង​ការ​​បម្រើ ជា​ពិសេស​ការ​​បម្រើ​នៅក្នុង​ស្ថាន​ភាព​ជួប​ទុក្ខ​លំបាក។ សេចក្តី​​ស្រឡាញ់​ធ្វើ​អោយ​យើង​មាន​ចិត្ត​នឹង​ធឹង (ខ.៧) គ្រប​បាំង​អំពើ​បាប (ខ.៨) ​​បម្រើ​តាម​អំណោយ​ទាន​ដែល​ខ្លួន​មាន (ខ.១០) និង​​មាន​ចិត្ត​អធិប្បាយ​ព្រះ​បន្ទូល​ដោយ​ស្មោះត្រង់ (ខ.១១)។ ដោយសារ​សេចក្តី​​ស្រឡាញ់ ​ព្រះ​យេស៊ូវ​បាន​​​បម្រើ​ព្រះ និង​សង្គ្រោះ​លោកិយ​​ដោយ​ស្មោះត្រង់ ចុះចូល និង​ស្តាប់​បង្គាប់​ព្រះ​​រហូត​ដល់​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ ការ​រងទុក្ខ​ដ៏​ធំធេង​របស់​ទ្រង់​នេះ​គឺ​ដោយ​ព្រោះ​តែ​សេចក្តី​​ស្រឡាញ់។ តើ​អ្នក​កំពុង​តែ​​បម្រើ​ព្រះ​នៅក្នុង​ពួក​ជំនុំ​របស់​អ្នក​ឬ​ទេ? ហើយ​តើ​អ្វី​ដែល​ជំរុញ​អោយ​អ្នក​ខិត​ខំ​បំរើ​​ពួក​ជំនុំ​របស់​អ្នក?

សូម​អាន​ខ. ១២១៩ ឡើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ​ហេតុ​អ្វី​សាវក​ពេត្រុស​និយាយ​ថា ទុក្ខ​លំបាក​របស់​គ្រីស្ទបរិស័ទ​មិន​មែន​ជា​រឿង​ចំឡែក (. ១២)?

តើ​នៅ​ពេល​ជួប​ទុក្ខ​លំបាក​ យើង​ត្រូវ​​ធ្វើ​យ៉ាង​ដូច​ម្តេច​ ហើយ​លទ្ធផល​គឺ​ជា​អ្វី (. ១៣)?

តាម​រយៈ​ខ. ១៤ តើ​ហេតុអ្វី​គ្រីស្ទបរិស័ទ​ត្រូវ​គេ​បៀតបៀន?

ចូរ​ពន្យល់​អំពី​លក្ខណៈ​នៃ​ការ​រង​ទុក្ខ​​ដែល​គ្រីស្ទបរិស័ទ​គួរ​តែ​ស៊ូ​ទ្រាំ (. ១៥១៦)

តាម​រយៈ​ខ. ១៧១៩ តើ​​​អ្នក​ណា​នឹង​ជំនុំជំរះ​ ហើយ​ជំនុំជំរះ​​អ្នក​ណាខ្លះ?

ការ​ពន្យល់​ និង​ការ​អនុវត្ត៖ ​ជា​ធម្មតា ការ​រង​ទុក្ខ​និង​ការ​បៀតបៀន​មិន​មែន​ជា​ការ​លេង​សើច​ទេ។ តើ​ហេតុ​អ្វី​លោក​ពេត្រុស​លើក​ទឹក​ចិត្ត​អោយ​គ្រីស្ទបរិស័ទ​កំពុង​រង​ទុក្ខ​អរ​សប្បាយ​ដូច្នេះ (ខ.១៣)? ហេតុអ្វី​យើង​ត្រូវ​ធ្វើ​ការ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​មក​លើ​យើង​? ព្រះ​យេស៊ូវ​ក៏បាន​បង្រៀន​ថា ចូរ​កុំ​ស្នង​ការ​អាក្រក់​នឹង​ការ​អាក្រក់​អោយ​សោះ ចូរ​ស្រលាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ចូរ​អោយ​ពរ​អធិស្ឋាន​សំរាប់​អ្នក​ដែល​បៀតបៀន​ដល់​អ្នក (ម៉ាថាយ ៥:៤៣-៤៧)។ ហេតុ​ផល​ពីរ​ ដែល​លោក​ពេត្រុស​បាន​បង្រៀន​នៅ​ទីនេះ​ថា យើង​គួរ​តែ​អសប្បាយ​នៅក្នុង​ការ​រង​ទុក្ខ និង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដែល​ធ្វើទុក្ខ​ដល់​យើង​គឺ​ ដោយ​ព្រោះ​យើង​មាន​ចំណែក​នៅក្នុង​ការ​រង​ទុក្ខ​​របស់​ព្រះ​គ្រីស្ទ (ខ.១៣) ហើយ​ព្រះ​នឹងជំនុំជំរះ​​គ្រប់​ការ​ទាំង​អស់ (ខ.១៧) នៅ​ពេល​ព្រះ​គ្រីស្ទ​លេច​មក​។ ទ្រង់​​នឹង​ជំនុំជំរះ​​​ដោយ​យុត្តិធម៌​និង​សេចក្តី​សុចរិត គឺ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​គ្រីស្ទបរិស័ទ​ដែល​រង​ទុក្ខ​ដោយ​ព្រះ​ហឫទ័យ​ទ្រង់ ហើយ​ធ្វើ​ទោស​ដល់​អស់​អ្នក​ដែល​បដិសេធ​ទ្រង់ និង​បៀតបៀន​ដល់​រាស្ត្រ​របស់​ទ្រង់​ជា​ពិត។ ម៉ាថាយ ២៤ និង​២៥ បង្រៀន​យើង​ថា នៅ​ថ្ងៃ​នោះ​ព្រះ​យេស៊ូវ​នឹង​ញែក​មនុស្ស​ទុច្ចរិត និង​មនុស្ស​សុចរិត​ចេញ​ពី​គ្នា ហើយ​ជា​លទ្ធផល​ មនុស្ស​សុចរិត​ ដែល​ជា​អ្នក​ជឿ គ្រីស្ទបរិស័ទ​ដែល​រង​ទុក្ខ​ដោយ​ព្រះ​នាម​ទ្រង់​ នឹង​​គ្រង​នគរ​ស្ថាន​សួគ៌​ជាមួយ​នឹង​ជីវិត​អស់កល្ប​ជានិច្ច រីឯ​ពួ​ក​មនុស្ស​ទុច្ចរិត​ ដែល​ជា​មនុស្ស​បដិសេធ​ទ្រង់ បៀតបៀន​ធ្វើ​ទុក្ខ​ដល់​រាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​ទណ្ឌកម្ម​នៅក្នុង​បឹង​ភ្លើង​អស់កល្បជានិច្ច​។ ការ​រង​ទុក្ខ​ដ៏​បំផុត​គឺ​ជា​ការ​ដែល​ព្រះ​រាជបុត្រា​នៃ​ព្រះ​តែ​មួយ​ត្រូវ​បាន​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ទ្រង់​បាន​ស៊ូ​ទ្រាំ​មិន​ធ្វើ​បាប​ស្នង​ជាមួយ​ពួកគេ​ឡើយ​ ហើយ​ទី​បំផុត​​ទ្រង់​អាច​គង់​នៅ​ខាង​ស្តាំ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ហើយ​គ្រប់​ទាំង​អំណាច​ត្រូវ​ចុះ​ចូល​ចំពោះ​ទ្រង់។ ​តាមរយៈ​ការ​រង​ទុក្ខ​និង​សេចក្តី​សុចរិត​របស់​ទ្រង់ ទ្រង់​នឹង​យាង​មក​វិញ ដើម្បី​ជំនុំជំរះ​​​មនុស្ស​ទាំង​អស់​ដោយ​យុត្តិធម៌។ ដូច្នេះ ការ​នេះ​គួរ​តែ​ជា​ទី​លើក​ទឹក​ចិត្ត​ដល់​យើង​ទាំង​អស់​គ្នា​ ជា                   ​គ្រីស្ទបរិស័ទ អោយ​អរ​សប្បាយ​​និង​ប្រព្រឹត្ត​ល្អ​នៅក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ​របស់​យើង​ និង​នៅក្នុង​ទុក្ខ​លំបាក​ទាំង​អស់​របស់​យើង​​។

រំលឹក​ឡើង​វិញ៖ តើ​​យើង​បាន​រៀន​អ្វី​ចេញ​ពី​១ពេត្រុស ៤:១៩ នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top