Ruth Intro pdf download
សារៈសំខាន់នៃកណ្ឌនាងរស់ Importance of Ruth
កណ្ឌនាងរស់មានសារៈសំខាន់ ពីព្រោះកណ្ឌនេះកត់ត្រាអំពីរឿងស្នេហាអស្ចារ្យមួយ ដែលបង្ហាញថា ស្ត្រីសាសន៍ម៉ូអាប់បានចូលរួមជាមួយអ៊ីស្រាអែល ដែលជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយបានក្លាយជាព្ធយុកោម្នាក់របស់ព្រះមែស៊ី ដែលអ៊ីស្រាអែលទន្ទឹងរង់ចាំ គឺព្រះយេស៊ូវ។
ប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកក្នុងតួអង្គនាងរស់ History recorded in Ruth
រឿងរបស់នាងរស់កើតឡើងនៅក្នុងកំឡុងពេលនៃពួកចៅហ្វាយ (១:១)។ ន៉ាអូមីនិងគ្រួសាររបស់គាត់បានធ្វើដំណើរពីបេថ្លេហិមទៅស្រុកម៉ូអាប់ ដោយព្រោះមានគ្រោះទុរភិក្ស។ ប្តីរបស់ន៉ាអូមីបានស្លាប់ ហើយកូនប្រុសពីរនាក់របស់គាត់បានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ដែលនាងរស់ជាម្នាក់នៅក្នុងនោះ។ កូនប្រុសទាំងពីររបស់ន៉ាអូមីបានស្លាប់ ហើយន៉ាអូមីក៏បានវិលត្រឡប់មកអ៊ីស្រាអែលវិញ។ គាត់បានប្រាប់កូនប្រសារស្រីទាំងពីររបស់គាត់អោយទៅស្នាក់នៅជាមួយសាសន៍របស់ពួកគេវិញចុះ ប៉ុន្តែនាងរស់បានបដិសេធ ដោយនិយាយថា «សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ និងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ អ្នកម្តាយស្លាប់នៅ កន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្តីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង» (១:១៦-១៧)។ បូអូសបង្ហាញសេចក្តីសប្បុរសដល់នាងរស់ ហើយជាចុងក្រោយពួកគេបានរៀបការជាមួយគ្នា។ កណ្ឌនេះបានបញ្ចប់ដោយពង្សាវតារចាប់ពីនាងរស់ដល់ស្តេចដាវីឌ ដែលបង្ហាញថា អ្នកនិពន្ធបានយល់ថា ចំនុចដ៏សំខាន់មួយនៃរឿងនេះគឺ នាងរស់គឺជាព្ធយុកោរបស់ដាវីឌ ហើយចុងក្រោយជាព្ធយុកោរបស់ព្រះយេស៊ូវ ដែលជាព្រះមែស៊ី។
គម្រោង Outline
១. សេចក្តីផ្តើម ៖ គ្រួសាររបស់ន៉ាអូមីស្លាប់ (១:១-៥)
២. ឈុតឆាកទី១ ៖ ន៉ាអូមីវិលត្រឡប់ទៅបេថ្លេហិមជាមួយនាងរស់ (១:៦-២២)
៣. ឈុតឆាកទី២ ៖ នាងរស់រើសកួរស្រូវនៅក្នុងស្រែរបស់បូអូស (២:១-២៣)
៤. ឈុតឆាកទី៣ ៖ នាងរស់សុំអោយបូអូសរៀបការជាមួយនាងនៅឯទីលានរោយស្រូវ (៣:១-១៨)
៥. ឈុតឆាកទី៤ ៖ បូអូសរៀបចំនូវការទិញលោះនៅត្រង់ទ្វារទីក្រុង (៤:១-១២)
៦. ការសន្និដ្ឋាន ៖ ព្រះប្រទានអោយន៉ាអូមីមានគ្រួសារថ្មីមួយ (៤:១៣-១៧)
៧. ពង្សាវតារ ៖ ព្រះពរដែលត្រូវបានលាតសន្ធឹង (៤:១៨-២២)
តើកណ្ឌនាងរស់ត្រូវបានសរសេរឡើងនៅពេលណា? When was the book of Ruth written?
កណ្ឌនាងរស់មិនបានប្រាប់យើងថា អ្នកណាបានសរសេរកណ្ឌនេះទេ ប៉ុន្តែការលើកឡើងអំពីស្តេចដាវីឌនិងពង្សាវតាររបស់ទ្រង់បង្ហាញថា ការពិនិត្យចងក្រងចុងក្រោយត្រូវធ្វើឡើងនៅក្នុងពេលមួយបន្ទាប់ ដាវីឌបានក្លាយជាស្តេច (២សាំយូអែល ២) ប្រហែលក្នុងឆ្នាំ១០១០មុនគ.ស។
របៀបអានកណ្ឌនាងរស់ How to read Ruth
ដើម្បីយល់និងអនុវត្តកណ្ឌនាងរស់អោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំដូចខាងក្រោម។
១. តើកណ្ឌនាងរស់ទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើកណ្ឌនាងរស់ទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌយ៉ាងដូចម្តេច?
៣. តើកណ្ឌនាងរស់បង្រៀនយើងអ្វីខ្លះអំពីព្រះជាម្ចាស់?
៤. តើកណ្ឌនាងរស់បង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៥. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌនាងរស់ទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌ នេះ យ៉ាងដូចម្តេច?
ព្រះគម្ពីរគឺមានសាច់រឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតរហូតដល់ការបង្កបង្កើតជាថ្មី។ ដំបូងទ្រង់បានបង្កើតគ្រប់សព្វយ៉ាងល្អ ដោយមានអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងក្នុងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេមិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ ព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្ដារនគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺអេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ប្រវត្តិសាស្ត្រទាំងអស់នេះផ្តល់មូលដ្ឋានគ្រឹះចាំបាច់សំរាប់ការយល់អំពីកណ្ឌនាងរស់។ រឿងរបស់នាងរស់គឺមិនគ្រាន់តែជារឿងអំពីស្នេហានោះទេ ប៉ុន្តែជាផ្នែកមួយនៃផែនការណ៍របស់ព្រះផងដែរ។ យើងមើលឃើញថា ពូជពង្សរបស់អ័ប្រាហាំ ដែលព្រះនឹងប្រទានពរដល់លោកិយទាំងមូល គឺជាពូជពង្សមួយរបស់នាងរស់។ ដូច្នេះ បទគម្ពីរគន្លឹះពីមុនកណ្ឌនាងរស់សំរាប់ការយល់កណ្ឌនាងរស់រួមមាន លោកុប្បត្ដិ ១-៣; ១២:១-៧; ១៧:៦,១៦; ៤៩:៨-១០។ ផ្ទៃរឿងមួយទៀត ដែលទាក់ទងនឹងអ្វីដែលមានពីមុន គឺសេចក្តីសង្ឃឹមសំរាប់ស្ត្រីអារ។ ព្រះបានប្រទានកូនដល់សារ៉ា លេអា រ៉ាជែល និងម្តាយរបស់សាំសុន។
២. តើកណ្ឌនាងរស់ទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
នៅក្នុងសេចក្តីសន្យាដ៏សំខាន់របស់ព្រះជាមួយស្តេចដាវីឌ (២សាំយូអែល ៧) ព្រះបានសន្យាថាពូជពង្សរបស់ស្តេចដាវីឌនឹងគ្រប់គ្រងលើនគររបស់ព្រះជារៀងរហូត។ តាមរយៈស្តេចមួយអង្គនេះ ព្រះនឹងបំពេញសំរេចសេចក្តីសន្យារបស់ទ្រង់ដែលថា ទ្រង់នឹងប្រទានពរដល់លោកិយទាំងមូលតាមរយៈពូជពង្សរបស់អ័ប្រាហាំ។ ដូច្នេះ សេចក្តីសន្យារបស់ព្រះជាមួយស្តេចដាវីឌនៅក្នុង២សាំយូអែល ៧:១-១៦ គឺជាដំណោះស្រាយរបស់ព្រះចំពោះបញ្ហាធំបំផុតរបស់លោកិយនេះ ដែលជាការបះបោរប្រឆាំងនឹងព្រះ។ ដូច្នេះ សេចក្តីសន្យាជាមួយស្តេចដាវីឌនេះគឺមានសារៈសំខាន់យ៉ាងក្រៃលែងចំពោះអ៊ីស្រាអែល ហើយក៏មានសារៈសំខាន់យ៉ាងក្រៃលែងដល់លោកិយទាំងមូលផងដែរ។ ដូច្នេះ បញ្ជីពង្សាវតារនៅចុងបញ្ចប់កណ្ឌនាងរស់ ដែលបញ្ចប់នៅត្រឹមស្តេចដាវីឌ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ហាញអំពីការទាក់ទងចាប់ពីកណ្ឌនាងរស់ទៅដល់អ្វីដែលមាននៅក្នុងព្រះគម្ពីរតាមក្រោយ ហើយនិងការបំពេញសំរេចសន្យារបស់ព្រះជាមួយអេវ៉ានិងអ័ប្រាហាំ។
៣. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីព្រះ?
តាមរយៈការរៀបរាប់ខាងលើ យើងឃើញថា កណ្ឌនាងរស់បង្រៀនថា
ព្រះអាចដឹកនាំនិងប្រទានពរដល់មនុស្ស សូម្បីតែគេកំពុងតែប្រឈមនឹងសោកនាដកម្ម។ សេចក្តីមេត្តាករុណារបស់ព្រះមកដល់អ្នកដែលបាត់បង់សាច់ញាតិ (១:១-២២) ជូរចត់ (២:១-២៣) បន្ទាបខ្លួន (៣:១-១៨) ការមិនអាចមានកូន (៤:១-១៧) និងដល់អ៊ីស្រាអែលទាំងអស់ (ហើយនិងលោកិយទាំងមូល) (៤:១៨-២២)។
ព្រះបានបង្ហាញសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាដល់ពួកសាសន៍ដទៃ (នៅទីនេះគឺជានាងរស់) ដែលបានទទួលយកទ្រង់ជាព្រះពិត។
ព្រះមានអធិបតីភាពធ្វើការប្រោសលោះមនុស្សឲ្យមកឯទ្រង់។
តាមរយៈការប្រទានពរដល់គ្រួសារមួយ ព្រះប្រទានពរដល់មនុស្សជាច្រើន។
ព្រះទតឃើញគ្រប់ទាំងអស់។
ព្រះប្រទានជីវិត ហើយនៅទីនេះព្រះបានប្រទានកូនម្តងទៀត។
៤. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
យើងមើលឃើញអារម្មណ៍និងសកម្មភាពមួយខ្សែពេញលេញនៅក្នុងតួអង្គសំខាន់ៗនៅក្នុងរឿងនេះ ដែលជាផ្នែកនៃរាស្ត្ររបស់ព្រះ។ យើងមើលឃើញការបាត់បង់សាច់ញាតិ សេចក្តីអស់សង្ឃឹម ភាពល្វីងជូរចត់ ការបន្ទាបខ្លួន ភាពស្លូតបូត សេចក្តីជំនឿ សេចក្តីស្មោះត្រង់ និងសេចក្តីមេត្តាករុណា។ មនុស្សខ្លះនឹងនិយាយថាយើងមើលឃើញគំរូនៃ ការខ្វះសេចក្តីជំនឿរបស់អាលីម៉ាលេច ដែលបានយកគ្រួសាររបស់គាត់ទៅរស់នៅស្រុកម៉ូអាប់ ហើយកូនប្រុសៗរបស់គាត់ បានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ទាំងអស់។ ប៉ុន្តែ រឿងមិនសង្កត់ធ្ងន់លើចំនុចទាំងនេះទេ ប៉ុន្តែសង្កត់ធ្ងន់លើនាងរស់ បូអូស និងន៉ាអូមី។
៥. តើកណ្ឌនេះអាចអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
ម្តងទៀត ដើម្បីឆ្លើយនឹងសំនួរនេះ មានសំនួរសំខាន់ ពីរគឺ តើរឿងនេះទាក់ទងយ៉ាងដូចម្តេចនឹងព្រះយេស៊ូវ ហើយ តើយើងមើលឃើញដំណឹងល្អនៅក្នុងកណ្ឌនាងរស់ដោយរបៀបណា? ដូចដែលបានលើកឡើងខាងលើមកហើយថា របៀបសំខាន់មួយគឺថា យើងមើលឃើញផែនការណ៍របស់ព្រះ ដែលនាំទៅដល់ពូជពង្សរបស់ស្តេចដាវីឌ រហូតដល់ព្រះយេស៊ូវ ដែលតាមរយៈទ្រង់យើងត្រូវបានអត់ទោសនិងបានធ្វើជារាស្ត្ររបស់ព្រះ។ រឿងរបស់នាងរស់គឺស្រដៀងនឹងរឿងរបស់យើងពីព្រោះយើងក៏«ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះនៅក្នុងលោកិយនេះដែរ» (អេភេសូរ ២:១២)។ ដូចជានាងរស់ផងដែរ យើងក៏ត្រូវការសាច់ញាតិសន្តានដែលមានច្បាប់នឹងលោះ ដែលនឹងសង្គ្រោះយើងចេញពីស្ថានភាពអស់សង្ឃឹមរបស់យើង។
សេចក្តីប្រោសលោះគឺជាប្រធានបទមួយដ៏សំខាន់នៅក្នុងកណ្ឌនាងរស់។ ពាក្យដែលផ្តើមឡើងដោយពាក្យឫស «លោះ» (ភាសាហេព្រើរ ga-al) លេចឡើងចំនួន២៣ដង។ សាច់ញាតិសន្តានដែលមានច្បាប់នឹងលោះគឺជាគន្លឹះ ដើម្បីយល់រឿង។ សាច់ញាតិសន្តានដែលមានច្បាប់នឹងលោះគឺជាសាច់ញាតិជិតខាងប្រុសដែលនៅរស់ ដែលមានកាតព្វកិច្ចរក្សាវង្សត្រកូលនិងដីធ្លីរបស់គ្រួសារ។ គាត់អាចរក្សានៅក្នុងរបៀបមួយចំនួនដូចជា ការទិញមកវិញនូវដីធ្លី ដែលសាច់ញាតិក្រីក្របានលក់ ឬសមាជិកគ្រួសារ ដែលបានលក់ខ្លួនធ្វើជាទាសករ ដើម្បីសងបំណុលគេ (លេវីវិន័យ ២៥:២៥, ៤៧-៤៩) ការសងសឹកសំរាប់ការស្លាប់របស់សមាជិកគ្រួសារ (ជនគណនា ៣៥:១៩-២១) ឬរៀបការស្ត្រីមេម៉ាយ ដែលធ្លាប់ជាប្រពន្ធរបស់សាច់ញាតិដែលបានស្លាប់ (ចោទិយកថា ២៥:៥-១០)។ កាតព្វកិច្ចទាំងនេះគាត់អាចបដិសេធបាន រួមទាំងការរៀបការជាមួយប្រពន្ធរបស់សាច់ញាតិដែលបានស្លាប់ផងដែរ។ នៅក្នុងករណីរបស់នាងរស់ បូអូស ដែលជាសាច់ញាតិសន្តានដែលមានច្បាប់នឹងលោះ បានធ្វើតាមកាតព្វកិច្ចនោះដោយទិញលោះដីធ្លីនិងយកនាងធ្វើជាកូនក្រមុំរបស់គាត់។
អ្នកអានព្រះគម្ពីរសញ្ញាថ្មីនឹងទទួលស្គាល់ថា ព្រះយេស៊ូវគឺសាច់ញាតិសន្តានដែលមានច្បាប់នឹងលោះចុងក្រោយបង្អស់ ដែលបានស្ម័គ្រព្រះទ័យបង់ថ្លៃសំរាប់សេចក្តីប្រោសលោះរាស្ត្ររបស់ទ្រង់ ហើយទទួលយកពួកគេធ្វើជាកូនក្រមុំជាទីស្រឡាញ់របស់ទ្រង់ (អេភេសូរ ៥:២៣-៣២; វិវរណៈ ១៩:៧)។ ឥឡូវនេះ អស់អ្នកណា ដែលនៅក្នុងព្រះគ្រីស្ទក៏អាចមើលឃើញសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់យើងផងដែរ បើទោះជាយើងកំពុងប្រឈមនឹងទុក្ខលំបាកនិងការរងទុក្ខផ្សេងៗក៏ដោយ។
Leave a Reply