ពាក្យលំនាំ៖ នាងរស់ Introduction to Ruth

Ruth Intro pdf download

សារៈសំខាន់​នៃ​កណ្ឌ​នាងរស់​ Importance of Ruth

កណ្ឌ​នាង​រស់​មាន​សារៈសំខាន់​ ពីព្រោះ​កណ្ឌ​នេះ​កត់​ត្រា​អំពី​រឿង​ស្នេហា​អស្ចារ្យ​មួយ ដែល​បង្ហាញ​ថា ស្ត្រី​សាសន៍​ម៉ូអាប់​បាន​ចូល​រួម​ជាមួយ​អ៊ីស្រាអែល ដែល​ជា​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​ក្លាយ​ជា​ព្ធយុកោ​ម្នាក់​របស់​ព្រះ​មែស៊ី ដែល​អ៊ីស្រាអែល​ទន្ទឹង​រង់​ចាំ គឺ​ព្រះ​យេស៊ូវ។

ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​តួអង្គ​នាង​រស់ History recorded in Ruth

រឿង​របស់​នាង​រស់​កើត​ឡើង​នៅក្នុង​កំឡុង​ពេល​នៃ​ពួក​ចៅហ្វាយ (១:១)។ ​ន៉ាអូមី​និង​គ្រួសារ​របស់​គាត់​បាន​ធ្វើ​ដំណើរ​ពី​បេថ្លេហិម​ទៅ​ស្រុក​ម៉ូអាប់ ដោយ​ព្រោះ​មាន​គ្រោះ​ទុរភិក្ស។ ​ប្តី​របស់​ន៉ាអូមី​បាន​ស្លាប់ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​​បាន​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​នាង​រស់​ជា​ម្នាក់​នៅ​ក្នុង​នោះ។ ​កូន​ប្រុស​ទាំង​ពីរ​របស់​ន៉ាអូមី​បាន​ស្លាប់​ ហើយ​ន៉ាអូមី​ក៏​បាន​វិល​ត្រឡប់​មក​អ៊ីស្រាអែល​វិញ។ ​គាត់​បាន​ប្រាប់​កូន​ប្រសារ​ស្រី​ទាំង​ពីរ​របស់​គាត់​អោយ​ទៅ​ស្នាក់​នៅ​ជាមួយ​សាសន៍​របស់​ពួកគេ​វិញ​ចុះ ប៉ុន្តែ​នាង​រស់​បាន​បដិសេធ​ ដោយ​និយាយ​ថា «សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ អ្នក​ម្តាយ​ស្លាប់​នៅ​ កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្តី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង» (១:១៦-១៧)។ ​បូអូស​បង្ហាញ​សេចក្តី​សប្បុរស​ដល់​នាង​រស់ ហើយ​ជា​ចុង​ក្រោយ​ពួក​គេ​បាន​​រៀប​ការ​ជាមួយ​គ្នា។ ​កណ្ឌ​នេះ​បាន​បញ្ចប់​ដោយ​ពង្សាវតារ​ចាប់​ពី​នាង​រស់​ដល់​ស្តេច​ដាវីឌ ដែល​បង្ហាញ​ថា​ អ្នក​និពន្ធ​បាន​យល់​ថា ចំនុច​ដ៏​​សំខាន់​មួយ​នៃ​រឿង​នេះ​គឺ នាង​រស់​គឺ​ជា​ព្ធយុកោ​របស់​ដាវីឌ ហើយ​​ចុង​ក្រោយ​ជា​ព្ធយុកោ​របស់​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី។

គម្រោង Outline

១. សេចក្តី​ផ្តើម ៖ ​គ្រួសារ​របស់​ន៉ាអូមី​ស្លាប់ (១:១-៥)

២. ឈុត​ឆាក​ទី១ ៖ ​ន៉ាអូមី​វិល​ត្រឡប់​ទៅ​បេថ្លេហិម​ជាមួយ​នាង​រស់​ (១:៦-២២)

៣. ឈុត​ឆាក​ទី​២ ៖ នាង​រស់​រើស​កួរ​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បូអូស (២:១-២៣)

៤. ឈុត​ឆាក​ទី​៣ ៖ នាង​រស់​សុំ​អោយ​បូអូស​រៀប​ការ​ជាមួយ​នាង​នៅ​ឯ​ទីលាន​រោយ​ស្រូវ (៣:១-១៨)

៥. ឈុត​ឆាក​ទី​៤ ៖ ​បូអូស​រៀប​ចំ​នូវ​ការ​ទិញ​លោះ​នៅ​ត្រង់​ទ្វារ​ទីក្រុង​ (៤:១-១២)

៦. ​ការ​សន្និដ្ឋាន ៖ ​ព្រះ​ប្រទាន​អោយ​ន៉ាអូមី​មាន​គ្រួសារ​ថ្មី​មួយ (៤:១៣-១៧)

៧. ពង្សាវតារ ៖ ​ព្រះពរ​ដែល​ត្រូវ​បាន​លាត​សន្ធឹង (៤:១៨-២២)

តើ​កណ្ឌ​នាងរស់​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា? When was the book of Ruth written?

កណ្ឌ​នាង​រស់​មិនបាន​​ប្រាប់​យើង​ថា អ្នក​ណា​បាន​សរសេរ​កណ្ឌ​នេះ​ទេ ប៉ុន្តែ​ការ​លើក​ឡើង​អំពី​ស្តេច​ដាវីឌ​និង​ពង្សាវតារ​របស់​ទ្រង់​បង្ហាញ​ថា​ ការ​ពិនិត្យ​ចង​ក្រង​ចុង​ក្រោយ​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ពេល​មួយ​បន្ទាប់​   ​ដាវីឌ​បាន​ក្លាយ​ជា​ស្តេច​ (២សាំយូអែល ២) ​ប្រហែល​ក្នុង​ឆ្នាំ​១០១០​មុន​គ.ស។

របៀប​អាន​កណ្ឌ​នាងរស់ How to read Ruth

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​នាងរស់​​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​នាងរស់​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​កណ្ឌ​នាងរស់​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​យ៉ាង​ដូច​ម្តេច?

៣. តើ​កណ្ឌ​នាងរស់​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​ជា​ម្ចាស់?

៤. តើ​កណ្ឌ​នាងរស់​បង្រៀន​យើង​អ្វីខ្លះ​អំពី​មនុស្ស​?

៥. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​នាងរស់​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​ ​នេះ​ ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​មាន​សាច់​​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​រហូត​ដល់​ការ​បង្ក​បង្កើត​ជា​ថ្មី។ ដំបូង​ទ្រង់​បាន​បង្កើត​គ្រប់​សព្វ​យ៉ាង​ល្អ ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ក្នុង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។ ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​ផ្តល់​មូល​ដ្ឋាន​គ្រឹះ​ចាំ​បាច់​សំរាប់​ការ​យល់​អំពី​កណ្ឌ​នាងរស់។ រឿង​របស់​នាង​រស់​គឺ​មិន​គ្រាន់​តែ​ជា​រឿង​អំពី​ស្នេហា​នោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​ផែនការណ៍​របស់​ព្រះ​ផង​ដែរ។  ​យើង​មើល​ឃើញ​ថា ​ពូជពង្ស​របស់​អ័ប្រាហាំ ដែល​ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ​ទាំង​មូល​ គឺ​ជា​ពូជ​ពង្ស​មួយ​របស់​នាង​រស់។ ដូច្នេះ បទ​គម្ពីរ​គន្លឹះ​ពី​មុន​កណ្ឌ​នាងរស់​​​សំរាប់​ការ​យល់​កណ្ឌ​នាងរស់​រួម​មាន លោកុប្បត្ដិ ១-៣; ១២:១-៧; ១៧:៦,១៦; ៤៩:៨-‌១០។  ​ផ្ទៃ​រឿង​មួយ​ទៀត​ ដែល​ទាក់​ទង​នឹង​អ្វី​ដែល​មាន​ពី​មុន​ គឺ​សេចក្តី​សង្ឃឹម​សំរាប់​ស្ត្រី​អារ។ ​ព្រះ​បាន​ប្រទាន​កូន​ដល់​សារ៉ា លេអា រ៉ាជែល ​និង​ម្តាយ​របស់​សាំសុន។

២. តើ​កណ្ឌ​នាងរស់​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច​?

​នៅក្នុង​សេចក្តី​សន្យា​ដ៏​សំខាន់​របស់​ព្រះ​ជាមួយ​ស្តេច​ដាវីឌ​ (២សាំយូអែល ៧) ​ព្រះ​បាន​សន្យា​ថា​ពូជពង្ស​របស់​ស្តេច​ដាវីឌ​នឹង​គ្រប់​គ្រង​លើ​នគរ​របស់​ព្រះ​ជា​រៀង​រហូត។ ​តាមរយៈ​ស្តេច​មួយ​អង្គ​នេះ ​ព្រះ​នឹង​បំពេញ​សំរេច​សេចក្តី​សន្យា​របស់​ទ្រង់​ដែល​ថា ទ្រង់​នឹង​ប្រទាន​ពរ​ដល់​លោកិយ​ទាំង​មូល​តាមរយៈ​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ ​ដូច្នេះ សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​ស្តេច​ដាវីឌ​នៅក្នុង​២សាំយូអែល​ ៧:១-១៦ គឺ​ជា​ដំណោះស្រាយ​របស់​ព្រះ​ចំពោះ​បញ្ហា​ធំ​បំផុត​របស់​លោកិយ​នេះ ដែល​ជា​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ដូច្នេះ សេចក្តី​សន្យា​​ជាមួយ​ស្តេច​ដាវីឌ​នេះ​គឺ​មាន​សារៈ​សំខាន់​យ៉ាង​ក្រៃ​លែង​ចំពោះ​អ៊ីស្រាអែល​ ហើយ​ក៏​មាន​សារៈសំខាន់​យ៉ាង​ក្រៃ​លែង​ដល់​លោកិយ​ទាំង​មូល​ផង​ដែរ។ ​ដូច្នេះ បញ្ជី​ពង្សាវតារ​នៅ​ចុង​បញ្ចប់​កណ្ឌ​នាង​រស់​ ដែល​បញ្ចប់​នៅ​ត្រឹម​ស្តេច​ដាវីឌ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បង្ហាញ​អំពី​ការ​ទាក់​ទង​ចាប់​ពី​កណ្ឌ​នាង​រស់​ទៅ​ដល់​អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​តាម​ក្រោយ​ ហើយ​និង​ការ​បំពេញ​សំរេច​សន្យា​​របស់​ព្រះ​ជាមួយ​អេវ៉ា​និង​អ័ប្រាហាំ។

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ?

តាមរយៈ​ការ​រៀប​រាប់​ខាង​លើ យើង​ឃើញ​ថា កណ្ឌ​នាងរស់​បង្រៀន​ថា

ព្រះ​អាច​ដឹក​នាំ​និង​ប្រទាន​ពរ​ដល់​មនុស្ស​ សូម្បី​តែ​គេ​កំពុង​តែ​ប្រឈម​នឹង​សោកនាដកម្ម។ ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​មក​ដល់​អ្នក​ដែល​បាត់​បង់​សាច់​ញាតិ (១:១-២២) ​ជូរ​ចត់ (២:១-២៣) បន្ទាបខ្លួន (៣:១-១៨) ​ការ​មិន​អាច​មាន​កូន (៤:១-១៧) និង​ដល់​អ៊ីស្រាអែល​ទាំង​អស់ (ហើយ​និង​លោកិយ​ទាំង​មូល​) (៤:១៨-២២)។

ព្រះ​បាន​បង្ហាញ​សេចក្តី​សប្បុរស​និង​សេចក្តី​មេត្តា​ករុណា​ដល់​ពួក​សាសន៍​ដទៃ (នៅ​ទីនេះ​គឺ​ជា​នាង​រស់​) ដែល​បាន​ទទួល​យក​ទ្រង់​ជា​ព្រះ​ពិត។​

​ព្រះ​មាន​អធិបតីភាព​ធ្វើ​ការ​ប្រោស​លោះ​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់។​

​តាម​រយៈ​ការ​ប្រទាន​ពរ​ដល់​គ្រួសារ​មួយ ព្រះ​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន។​

ព្រះ​ទត​ឃើញ​គ្រប់​ទាំង​អស់។

​ព្រះ​ប្រទាន​ជីវិត​ ហើយ​នៅ​ទីនេះ​ព្រះ​បាន​ប្រទាន​កូន​ម្តង​ទៀត។

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស​?

​យើង​មើល​ឃើញ​អារម្មណ៍​និង​សកម្មភាព​មួយ​ខ្សែ​ពេញ​លេញ​នៅក្នុង​តួអង្គ​សំខាន់ៗ​នៅក្នុង​រឿង​នេះ ដែល​ជា​ផ្នែក​នៃ​រាស្ត្រ​របស់​ព្រះ។ ​យើង​មើល​ឃើញ​ការ​បាត់​បង់​សាច់​ញាតិ សេចក្តី​អស់សង្ឃឹម ភាព​ល្វីង​ជូរ​ចត់ ការ​បន្ទាប​ខ្លួន ភាព​ស្លូត​បូត សេចក្តី​ជំនឿ សេចក្តី​ស្មោះ​ត្រង់​ និង​សេចក្តី​មេត្តាករុណា។ ​មនុស្ស​ខ្លះ​នឹង​និយាយ​ថា​យើង​មើល​ឃើញ​គំរូ​នៃ​ ការ​ខ្វះ​សេចក្តី​ជំនឿ​របស់​អាលីម៉ាលេច ដែល​បាន​យក​គ្រួសារ​របស់​គាត់​ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់ ហើយ​​កូនប្រុសៗ​របស់​គាត់ បាន​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ម៉ូអាប់​ទាំង​អស់​។ ប៉ុន្តែ ​រឿង​មិន​សង្កត់​ធ្ងន់​លើ​ចំនុច​ទាំង​នេះ​ទេ ប៉ុន្តែ​សង្កត់​ធ្ងន់​លើ​នាង​រស់ បូអូស និង​ន៉ាអូមី។​

៥. តើ​កណ្ឌ​នេះ​អាច​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

​ម្តង​ទៀត ​ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ ​មាន​សំនួរ​សំខាន់​ ពីរ​​គឺ​ តើ​រឿង​នេះ​ទាក់​ទង​យ៉ាង​ដូច​ម្តេច​នឹង​ព្រះយេស៊ូវ​ ហើយ តើ​យើង​មើល​ឃើញ​ដំណឹងល្អ​នៅក្នុង​កណ្ឌ​នាង​រស់​ដោយ​របៀប​ណា​?​ ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​មក​ហើយ​ថា​ របៀប​សំខាន់​មួយ​គឺ​ថា យើង​មើល​ឃើញ​ផែនការណ៍​របស់​ព្រះ​ ដែល​នាំ​​ទៅ​ដល់​ពូជពង្ស​របស់​ស្តេច​ដាវីឌ រហូតដល់​ព្រះយេស៊ូវ ដែល​តាមរយៈ​ទ្រង់​យើង​ត្រូវ​បាន​អត់​ទោស​និង​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ។ រឿង​របស់​នាង​រស់​គឺ​ស្រដៀង​នឹង​រឿង​របស់​យើង​ពីព្រោះ​យើង​ក៏«​ឃ្លាត​ចេញ​ពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង​ ជា​មនុស្ស​ដទៃ​ខាង​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក​ ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​នៅ​ក្នុង​លោកិយ​នេះ​ដែរ​» (អេភេសូរ ២:១២)។ ដូច​ជា​នាង​រស់​ផង​ដែរ យើង​ក៏​ត្រូវ​ការ​សាច់​ញាតិ​សន្តាន​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​នឹង​សង្គ្រោះ​យើង​ចេញ​ពី​ស្ថានភាព​អស់សង្ឃឹម​របស់​យើង។​

​សេចក្តី​ប្រោស​លោះ​គឺ​ជា​ប្រធាន​បទ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​នាង​រស់។ ​ពាក្យ​ដែល​ផ្តើម​ឡើង​ដោយ​ពាក្យ​ឫស​ «​លោះ» (ភាសា​ហេព្រើរ​ ga-al) លេច​ឡើង​ចំនួន​២៣​ដង។ សាច់​ញាតិ​សន្តាន​ដែល​មាន​ច្បាប់​នឹង​លោះ​គឺ​ជា​គន្លឹះ ​ដើម្បី​យល់​រឿង។ សាច់​ញាតិ​សន្តាន​ដែល​មាន​ច្បាប់​នឹង​លោះ​គឺ​ជា​សាច់​ញាតិ​ជិត​ខាង​ប្រុស​ដែល​នៅ​រស់​ ដែល​មាន​កាតព្វកិច្ច​រក្សា​វង្ស​ត្រកូល​និង​ដីធ្លី​របស់​គ្រួសារ។​ គាត់​អាច​រក្សា​នៅ​ក្នុង​របៀប​មួយ​ចំនួន​ដូច​ជា ​ការ​ទិញ​មក​វិញ​នូវ​ដីធ្លី ដែល​សាច់ញាតិ​ក្រីក្រ​បាន​លក់ ឬ​សមាជិក​គ្រួសារ​ ដែល​បាន​លក់​ខ្លួន​ធ្វើ​ជា​ទាសករ ដើម្បី​សង​បំណុល​គេ​ (លេវីវិន័យ ២៥:២៥, ៤៧-៤៩) ការ​សង​សឹក​សំរាប់​ការ​ស្លាប់​របស់​សមាជិក​គ្រួសារ (ជនគណនា ៣៥:១៩-២១) ឬ​រៀប​ការ​ស្ត្រី​មេម៉ាយ ដែល​ធ្លាប់​ជា​ប្រពន្ធ​របស់​សាច់ញាតិ​ដែល​បាន​ស្លាប់​ (ចោទិយកថា ២៥:៥-១០)។​ កាតព្វកិច្ច​ទាំង​នេះ​​គាត់​អាច​បដិសេធ​បាន​ រួម​ទាំង​ការ​រៀប​ការ​ជាមួយ​ប្រពន្ធ​របស់​សាច់​ញាតិ​ដែល​បាន​ស្លាប់​ផង​ដែរ។ នៅក្នុង​ករណី​របស់​នាង​រស់​ ​បូអូស ដែល​ជា​សាច់​ញាតិ​សន្តាន​ដែល​មាន​ច្បាប់​នឹង​លោះ បាន​ធ្វើ​តាម​កាតព្វកិច្ច​នោះ​ដោយ​ទិញ​លោះ​ដីធ្លី​និង​យក​នាង​ធ្វើ​ជា​កូនក្រមុំ​របស់​គាត់។

​អ្នក​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នឹង​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូវ​គឺ​សាច់​ញាតិ​សន្តាន​ដែល​មាន​ច្បាប់​នឹង​លោះ​ចុង​ក្រោយ​បង្អស់​ ដែល​បាន​ស្ម័គ្រ​ព្រះទ័យ​បង់​ថ្លៃ​សំរាប់​សេចក្តី​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​ទទួល​យក​ពួកគេ​ធ្វើ​ជា​កូន​ក្រមុំ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ (អេភេសូរ ៥:២៣-៣២; វិវរណៈ ១៩:៧)។ ឥឡូវ​នេះ​ អស់​អ្នកណា​ ដែល​នៅក្នុង​ព្រះគ្រីស្ទ​ក៏​អាច​មើល​ឃើញ​សេចក្តី​មេត្តាករុណា​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​ផង​ដែរ បើ​ទោះ​ជា​យើង​កំពុង​ប្រឈម​នឹង​ទុក្ខ​លំបាក​និង​ការ​រង​ទុក្ខ​ផ្សេងៗ​ក៏​ដោយ។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top