Dt. 8 Remember the Lord pdf download
ចូរនឹកចាំព្រះជាម្ចាស់
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ៨
កាលៈទេសៈប្រវត្តិសាស្ត្រ
ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យ។
សារនៃអត្ថបទ
ពាក្យថា «នឹកចាំ» និង «ភ្លេច» ត្រូវបានលើកឡើងម្តងហើយម្តងទៀត (ខ.២,១១,១៤,១៨,១៩) ដែលបង្ហាញពីសារអត្ថបទថា អ៊ីស្រាអែលត្រូវតែនឹកចាំអំពីព្រះជាម្ចាស់ គឺមិនត្រូវភ្លេចទ្រង់ឡើយ។ នៅក្នុងអត្ថបទនេះ មូលហេតុចម្បងដែលនាំឲ្យពួកគេភ្លេចព្រះគឺ នៅពេលដែលពួកអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា នោះគេនឹងមានអ្វីៗគ្រប់យ៉ាងតាមចិត្តត្រូវការ (ខ.៧-៩) ដូច្នេះពួកគេប្រហែលជាមានអំនួតហើយគិតថា យើងមិនត្រូវការព្រះជាម្ចាស់ទៀតឡើយ (ខ.១២-១៤,១៧)។ ពាក្យថា« អួតអាង» និង «បន្ទាបចិត្ត» ត្រូវបានលើកឡើងម្តងហើយម្តងទៀត (ខ.២, ៣, ១៤, ១៦) ដើម្បីបង្ហាញអំពីសារនៃអត្ថបទមួយទៀត។ ការមានមោទនភាពនាំមនុស្សឲ្យភ្លេចព្រះ និងភ្លេចអ្វីដែលទ្រង់បានធ្វើដល់ពួកគេនាពេលកន្លងមក តែការដែលព្រះជាម្ចាស់នាំអោយយើងបន្ទាបចិត្ត (ខ.២ សរសេរថា ព្រះអង្គបាននាំអ៊ីស្រាអែលនៅក្នុងវាលរហោស្ថាន ដើម្បីនឹងបន្ទាបចិត្តគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន (គខប Khmer Standard Version) បានបកប្រែថា «ដើម្បីអោយអ្នកស្គាល់ទុក្ខលំបាក» ប៉ុន្តែឃ្លានេះមិនបានចាប់អត្ថន័យនៃភាសាហេព្រើរទេ) នាំយើងឲ្យដឹងថា យើងត្រូវការទ្រង់ហើយនឹងមិនត្រូវភ្លេចទ្រង់ឡើយ។
តើអត្ថបទនេះបង្រៀនអ្វីពីព្រះ?
ដោយចេតនា ព្រះជាម្ចាស់បាននាំប្រជារាស្ត្រទ្រង់ឆ្លងកាត់ពេលវេលាលំបាក ទ្រង់ល្បងលគេ និងបង្រៀនគេ ពីព្រោះព្រះអង្គចង់អោយគេចេះបន្ទាបចិត្ត។ ការលំបាករបស់អ៊ីស្រាអែលនៅគ្រានោះគឺជាផែនការដែលព្រះជាម្ចាស់បានរៀបចំ។
ព្រះជាម្ចាស់វាយផ្ចាល (អប់រំ ខ.៥) រាស្រ្តទ្រង់។
ព្រះជាម្ចាស់ឲ្យពួកគេនូវសមត្ថភាពធ្វើការ ដើម្បីមានទ្រព្យសម្បត្តិកើនឡើង។
ព្រះជាម្ចាស់ព្រមានរាស្ត្រទ្រង់អំពីការជំនុំជំរះ (វិនិច្ឆ័យ)។
ព្រះជាម្ចាស់ជំនុំជំរះ (វិនិច្ឆ័យ) រាស្រ្តទ្រង់ពេលពួកគេភ្លេចព្រះអង្គ។
ទំនាក់ទំនងភ្ជាប់ទៅនឹងអត្ថបទក្រោយមកទៀតក្នុងគម្ពីរសញ្ញាចាស់
ព្រះជាម្ចាស់បានព្រមានពួកគេថា ទ្រង់នឹងបំផ្លាញពួកគេប្រសិនជាពួកគេបានភ្លេចទ្រង់ (ខ.១៩-២០) ក្រោយមកពួកគេបានភ្លេចព្រះពិតមែន ដូច្នេះពួកគេបានវិនាសដោយការនិរទេសពួកគេចេញពីអ៊ីស្រាអែល។
ទំនាក់ទំនងភ្ជាប់ទៅនឹងកណ្ឌសញ្ញាថ្មី
មានគោលការណ៍យ៉ាងល្អប្រសើរជាច្រើនក្នុងអត្ថបទនេះ ដែលប្រាប់យើងអំពីរបៀបដែលព្រះជាម្ចាស់ទាក់ទងជាមួយរាស្រ្តរបស់ទ្រង់ ហើយយើងនៅតែអាចយកគោលការណ៍ទាំងនេះមកអនុវត្តន៍ពេលបច្ចុប្បន្នបានដែរ។
១. នៅពេលព្រះយេស៊ូវត្រូវអារក្សល្បួងនៅឯទីរហោស្ថាន ទ្រង់ដកស្រង់ពី ចោទិយកថា ៨:៣ (ម៉ាថាយ ៤:៤)។ (ចោទិយកថា ៨:៣) នេះពន្យល់ពីអ្វីដែលអ៊ីស្រាអែលត្រូវរៀននៅឯទីរហោស្ថាន ប៉ុន្តែជារឿយៗពួកគេបានបរាជ័យ គឺបរាជ័យនៅពេលប្រឈមនឹងការល្បួងឯទីរហោស្ថានអំឡុងពេល៤០ឆ្នាំ។ ព្រះយេស៊ូវបាននៅឯទីរហោស្ថានអំឡុងពេល៤០ថ្ងៃ៤០យប់ ហើយក៏ប្រឈមនឹងការល្បួងដែរ ប៉ុន្តែទ្រង់បានយកឈ្នះលើសេចក្តីល្បួង។ ទ្រង់បានរៀនមេរៀនពី (ចោទិយកថា ៨:៣) ហើយយកវាមកអនុវត្តន៍ក្នុងជីវិតប្រចាំថ្ងៃ។
២. (៨:៣) ប្រាប់ថា ព្រះជាម្ចាស់វាយផ្ចាលរាស្រ្តរបស់ទ្រង់ ហើយនេះជាគោលការណ៍សំរាប់គ្រីស្ទបរិស័ទអនុវត្តន៍ (ហេព្រើរ ១២:៥-១១)។ ការវាយផ្ចាលមានន័យថា ជួនកាលយើងមានការទុក្ខលំបាក ប៉ុន្តែយើងត្រូវតែរីកចំរើនតាមរយះការនេះ។
៣. ព្រះជាម្ចាស់មិនសព្វព្រះទ័យឲ្យរាស្រ្តរបស់ទ្រង់ក្លាយជាមនុស្សមានអំនួតឡើយ ប៉ុន្តែឲ្យគេបន្ទាបខ្លួនចំពោះទ្រង់វិញ (ម៉ាថាយ ១៨:៤; រ៉ូម ៣:២៧; ៤:១-២; អេភេសូរ ២:៩; យ៉ាកុប ៤:៦,១០; ១ពេត្រុស ៥:៦)។ ទោះបីជាយ៉ាងណា យើងត្រូវដឹងថា ក្នុងចោទិយកថា ៨ ការបន្ទាបខ្លួនចំពោះព្រះគឺសំដៅលើការដែលដឹងថា យើងត្រូវការព្រះអង្គ (យើងពឹងផ្អែកលើព្រះអង្គ) និងនឹកចាំពីទ្រង់ ចំណែកអំនួតមានន័យថា ការដែលបានភ្លេចព្រះជាម្ចាស់ ពីព្រោះយើងគិតថា យើងមិនត្រូវការទ្រង់ឡើយ។ ក្នុងសញ្ញាថ្មីមានការបង្រៀនដូចគ្នា គឺយើងត្រូវការនៅជាប់ព្រះអង្គ (ឧទាហរណ៍យ៉ូហាន ១៥:៥)។
៤. ៨:១៤ និយាយថា ពួកគេនឹងភ្លេចព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីព្ទមក។ ផ្នែកនៃការនឹកចាំដល់ព្រះជាម្ចាស់គឺ នឹកចាំពីអ្វីដែលទ្រង់បានធ្វើពីអតីតកាលសំរាប់ពួកគេ ជាពិសេសព្រះអង្គបានប្រោសលោះពួកគេចេញពីស្រុកអេស៊ីព្ទមក។ ដូច្នេះហើយបានជាព្រះជាម្ចាស់បង្គាប់ឲ្យធ្វើបុណ្យរំលងជារៀងរាល់ឆ្នាំ ដើម្បីពួកគេនឹកចាំពីការរំដោះរបស់ទ្រង់។ ទន្ទឹមនឹងនេះ តាមរយៈការដែលយើងអាន ឬការលឺព្រះបន្ទូល និងការចូលរួមធ្វើពិធីសម្ពន្ធវង្ស (ជប់លៀងព្រះជាម្ចាស់) ជារឿយៗកន្លងមកក្នុងកណ្ឌសញ្ញាថ្មីគឺដើម្បី រំលឹកដល់យើងអំពីការសុគតនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានធ្វើការយ៉ាងអស្ចារ្យក្នុងអតីតកាល ដើម្បីប្រោសលោះយើងរាល់គ្នា។ ការសំរេចឲ្យធ្វើដូច្នេះអាចជួយយើងយ៉ាងច្រើនដើម្បីកុំឲ្យយើងភ្លេចព្រះ។
៥. អត្ថបទនេះព្រមានអំពីគ្រោះថ្នាក់នៅពេលមនុស្សមានទ្រព្យសម្បត្តិច្រើន គឺវានាំយើងឲ្យភ្លេចព្រះ ហើយក្នុងសញ្ញាថ្មីបានព្រមាន ព្រមទាំងដាស់តឿនយើងឲ្យបម្រើដល់ព្រះជាម្ចាស់ មិនមែនបម្រើលុយកាក់នោះទេ (ឧទាហរណ៍ម៉ាថាយ ៦:២៤)។
សារអធិប្បាយ
ប្រាកដណាស់ សារដែលយើងត្រូវអធិប្បាយតាមសារនៃអត្ថបទគឺ យើងមិនត្រូវភ្លេចព្រះទេ។ ចេញពីអត្ថបទនេះ មានការអនុវត្តន៍មួយចំនួន ដើម្បីជួយកុំឲ្យយើងភ្លេចព្រះនោះគឺ
១. នឹកចាំនូវអ្វីដែលព្រះបានធ្វើក្នុងអតីតកាល គឺថា ព្រះអង្គបានប្រោសលោះយើង (ខ.១៤ ប្រាប់ថា អ៊ីស្រាអែលត្រូវបានរំដោះចេញមក) ចំណែកសំរាប់យើងវិញ នឹកចាំពីព្រះជាម្ចាស់ដែលបានរំដោះយើងតាមរយៈការសុគត និងរស់ឡើងវិញ របស់ព្រះយេស៊ូវ និងត្រូវអរព្រះគុណដល់ព្រះ។
២. មិនត្រូវមានអំនួតពេលមានរបស់ទ្រព្យសម្បត្តិច្រើនឡើយ។
៣. ត្រូវប្រាកដក្នុងចិត្តថា យើងពឹងព្រះអង្គទាំងស្រុង (យ៉ូហាន ១៥:៥) ពីព្រោះគឺជាទ្រង់ហើយ ដែលផ្តល់អ្វីៗគ្រប់យ៉ាង និងឥទ្ធិរិទ្ធិផង (ខ.១៨)។
៤. ព្រះជាម្ចាស់បានព្រមានអ៊ីស្រាអែលថា គេនឹងត្រូវវិនាសបើសិនជាពួកគេបានភ្លេចព្រះជាម្ចាស់ (ខ.១៩-២០) ហើយព្រះជាម្ចាស់ក៏ព្រមានមនុស្សយើងនៅសម័យបច្ចុប្បន្ននេះផងដែរអំពីវិនាសកម្ម គឺចំពោះអស់អ្នកណាដែលបដិសេធទ្រង់ និងអ្នកដែលភ្លេចព្រះជាម្ចាស់ នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកវិញ។
Leave a Reply