ចោទិយកថា ៨ ចូរនឹកចាំព្រះជាម្ចាស់ Dt. 8 Remember the Lord

Dt. 8 Remember the Lord pdf download

ចូរ​នឹក​ចាំ​ព្រះជាម្ចាស់

ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ចោទិយកថា​ ៨

កាលៈទេសៈ​ប្រវត្តិសាស្ត្រ​

ជន​ជាតិ​អ៊ីស្រាអែល​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចេញ​ពី​អេស៊ីព្ទ​ ហើយ​ការ​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​រយៈ​ពេល​៤០​ឆ្នាំ​ក៏​បាន​បញ្ចប់​ដែរ។ ពួក​គេ​ស្ថិត​នៅ​ភាគ​ខាង​កើត​យ័រដាន់ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។  កណ្ឌ​ចោទិយកថា​កត់​ត្រា​អំពី​សេចក្ដី​អធិប្បាយ​បី​របស់​ម៉ូសេ​ទៅ​កាន់​បណ្តាជន​អ៊ីស្រាអែល ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​កាន់​តាម​ក្រិត្យវិន័យ។

 

សារ​នៃ​អត្ថបទ

ពាក្យ​ថា​ «នឹក​ចាំ» និង «ភ្លេច» ត្រូវ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ (ខ.២,១១,១៤,១៨,១៩) ​ដែល​បង្ហាញ​ពី​សារ​អត្ថបទ​ថា ​អ៊ីស្រាអែល​ត្រូវ​តែ​នឹកចាំ​អំពី​ព្រះជាម្ចាស់​  ​គឺ​មិន​ត្រូវ​ភ្លេច​ទ្រង់​ឡើយ។​ នៅ​ក្នុង​អត្ថបទ​នេះ​ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ពួកគេ​ភ្លេច​ព្រះ​គឺ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ​នោះ​គេ​នឹង​មាន​អ្វី​ៗ​គ្រប់​យ៉ាង​តាម​ចិត្ត​ត្រូវ​ការ (ខ.៧-៩) ដូច្នេះ​ពួក​គេ​ប្រហែល​ជា​មាន​អំនួត​ហើយ​គិត​ថា​  យើង​មិន​ត្រូវ​ការ​ព្រះជាម្ចាស់​ទៀត​ឡើ​យ ​(ខ.១២-១៤,១៧)។  ពាក្យ​ថា​«​ ​អួតអាង​» ​និង​ «បន្ទាប​ចិត្ត» ត្រូវ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ (ខ.២, ៣, ១៤, ១៦) ដើម្បី​បង្ហាញ​អំពី​សារ​នៃ​អត្ថបទ​មួយ​ទៀត។  ការ​មាន​មោទនភាព​នាំ​មនុស្ស​ឲ្យ​ភ្លេច​ព្រះ​ និង​ភ្លេច​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួកគេ​នា​ពេល​កន្លង​មក​  តែ​ការ​ដែល​ព្រះជាម្ចាស់​នាំ​អោយ​យើង​បន្ទាប​ចិត្ត (ខ.២ សរសេរ​ថា ព្រះអង្គ​បាន​នាំ​អ៊ីស្រាអែល​នៅ​ក្នុង​វាល​រហោស្ថាន​ ដើម្បី​នឹង​បន្ទាប​ចិត្ត​គេ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​បច្ចុប្បន្ន ​(គខប Khmer Standard Version) បាន​បកប្រែ​ថា «ដើម្បី​អោយ​អ្នក​ស្គាល់​ទុក្ខ​លំបាក» ប៉ុន្តែ​ឃ្លា​នេះ​មិន​បាន​ចាប់​អត្ថន័យ​នៃ​ភាសា​ហេព្រើរ​ទេ) ​នាំ​យើង​ឲ្យ​ដឹង​ថា​  យើង​ត្រូវ​ការ​ទ្រង់​ហើយ​នឹង​មិន​ត្រូវ​ភ្លេច​ទ្រង់​ឡើយ។ ​

តើ​អត្ថបទ​នេះ​បង្រៀន​អ្វី​ពី​ព្រះ?

ដោយ​ចេតនា ​ព្រះជាម្ចាស់​បាន​នាំ​ប្រជារាស្ត្រ​ទ្រង់​ឆ្លងកាត់​ពេលវេលា​លំបាក​ ទ្រង់​ល្បងល​គេ ​និង​បង្រៀន​គេ ​ពីព្រោះ​ព្រះ​អង្គ​ចង់​អោយ​គេ​ចេះ​បន្ទាប​ចិត្ត។ ការ​លំបាក​របស់​អ៊ីស្រាអែល​នៅ​គ្រា​នោះ​គឺ​ជា​ផែនការ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ។

ព្រះជាម្ចាស់​វាយ​ផ្ចាល (អប់រំ ខ.៥) ​រាស្រ្ត​ទ្រង់។

ព្រះជាម្ចាស់​ឲ្យ​ពួក​គេ​នូវ​សមត្ថភាព​ធ្វើការ ​ដើម្បី​មាន​ទ្រព្យសម្បត្តិ​កើន​ឡើង។

ព្រះជាម្ចាស់​ព្រមាន​រាស្ត្រ​ទ្រង់​អំពី​ការ​ជំនុំ​ជំរះ (វិនិច្ឆ័យ​)។

ព្រះជាម្ចាស់​ជំនុំ​ជំរះ (វិនិច្ឆ័យ​) ​រាស្រ្ត​ទ្រង់​ពេល​ពួក​គេ​ភ្លេច​ព្រះអង្គ។​

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​អត្ថបទ​ក្រោយ​មក​ទៀត​ក្នុង​គម្ពីរ​សញ្ញាចាស់​

ព្រះជាម្ចាស់​បាន​ព្រមាន​ពួកគេ​ថា​  ទ្រង់​នឹង​បំផ្លាញ​ពួក​គេ​ប្រសិន​ជា​ពួក​គេ​បាន​ភ្លេច​ទ្រង់ (ខ.១៩-២០)​ ក្រោយ​មក​ពួក​គេ​បាន​ភ្លេច​ព្រះ​ពិត​មែន​  ដូច្នេះ​ពួក​គេ​បាន​វិនាស​ដោយ​ការ​និរទេស​ពួកគេ​ចេញ​ពី​អ៊ីស្រាអែល។

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​កណ្ឌ​សញ្ញាថ្មី

មាន​គោល​ការណ៍​យ៉ាង​ល្អ​ប្រសើរ​ជា​ច្រើន​ក្នុង​អត្ថបទ​នេះ ​ដែល​ប្រាប់​យើង​អំពី​របៀប​ដែល​ព្រះជាម្ចាស់​ទាក់​ទង​ជា​មួយ​រាស្រ្ត​របស់​ទ្រង់​  ហើយ​យើង​នៅ​តែ​អាច​យក​គោល​ការណ៍​ទាំង​នេះ​មក​អនុវត្តន៍​ពេល​បច្ចុប្បន្ន​បាន​ដែរ។

១. នៅ​ពេល​ព្រះយេស៊ូវ​ត្រូវ​អារក្ស​ល្បួង​នៅ​ឯ​ទី​រហោស្ថាន ​ទ្រង់​ដក​ស្រង់​ពី  ចោទិយកថា ៨:៣ (ម៉ាថាយ ៤:៤)។ (ចោទិយកថា ៨:៣) នេះ​ពន្យល់​ពី​អ្វី​ដែល​អ៊ីស្រាអែល​ត្រូវ​រៀន​នៅ​ឯ​ទី​រហោស្ថាន​  ប៉ុន្តែ​ជារឿយ​ៗ​ពួក​គេ​បាន​បរាជ័យ ​គឺ​បរាជ័យ​នៅ​ពេល​ប្រឈម​នឹង​ការ​ល្បួង​ឯ​ទី​រហោស្ថាន​អំឡុង​ពេល​៤០ឆ្នាំ។ ព្រះយេស៊ូវ​បាន​នៅ​ឯ​ទី​រហោស្ថាន​អំឡុង​ពេល​៤០​ថ្ងៃ​៤០​យប់​  ហើយ​ក៏​ប្រឈម​នឹង​ការ​ល្បួង​ដែរ​  ប៉ុន្តែ​ទ្រង់​បាន​យក​ឈ្នះ​លើ​សេចក្តី​ល្បួង។ ទ្រង់​បាន​រៀន​មេរៀន​ពី (ចោទិយកថា ៨:៣)​ ហើយ​យក​វា​មក​អនុវត្តន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

២. (៨:៣) ប្រាប់​ថា ​ព្រះជាម្ចាស់​វាយ​ផ្ចាល​រាស្រ្ត​របស់​ទ្រង់​ ហើយ​នេះ​ជាគោល​ការណ៍​សំរាប់​គ្រីស្ទបរិស័ទ​អនុវត្តន៍ ​(ហេព្រើរ​ ១២:៥-១១)។  ការ​វាយ​ផ្ចាល​មាន​ន័យ​ថា ​ជួន​កាល​យើង​មាន​ការ​ទុក្ខ​លំបាក​  ប៉ុន្តែ​យើង​ត្រូវ​តែ​រីក​ចំរើន​តាម​រយះ​ការ​នេះ។

៣. ព្រះជាម្ចាស់​មិន​សព្វព្រះទ័យ​ឲ្យ​រាស្រ្ត​របស់​ទ្រង់​ក្លាយ​ជា​មនុស្ស​មាន​អំនួត​ឡើយ​  ប៉ុន្តែ​ឲ្យ​គេ​បន្ទាប​ខ្លួន​ចំពោះ​ទ្រង់​វិញ (ម៉ាថាយ​ ១៨:៤; រ៉ូម​ ៣:២៧; ៤:១-២; អេភេសូរ​ ២:៩; យ៉ាកុប​ ៤:៦,១០; ១ពេត្រុស​ ៥:៦)។  ទោះ​បី​ជា​យ៉ាង​ណា​ យើង​ត្រូវ​ដឹង​ថា ​ក្នុង​ចោទិយកថា ៨ ការ​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​គឺ​សំដៅ​លើ​ការ​ដែល​ដឹង​ថា​  យើង​ត្រូវ​ការ​ព្រះអង្គ (យើង​ពឹង​ផ្អែក​លើ​ព្រះអង្គ​)​ និង​នឹក​ចាំ​ពី​ទ្រង់​ ចំណែក​អំនួត​មានន័យ​ថា​  ការ​ដែល​បាន​ភ្លេច​ព្រះជាម្ចាស់​ ពីព្រោះ​យើង​គិតថា ​យើង​មិន​ត្រូវ​ការ​ទ្រង់​ឡើយ។  ក្នុង​សញ្ញា​ថ្មី​មាន​ការ​បង្រៀន​ដូចគ្នា​ គឺ​យើង​ត្រូវ​ការ​នៅ​ជាប់​ព្រះអង្គ​ (ឧទាហរណ៍​យ៉ូហាន​ ១៥:៥)។

៤. ៨:១៤ និយាយ​ថា​  ពួកគេ​នឹង​ភ្លេច​ព្រះ​ដែល​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។  ផ្នែក​នៃ​ការ​នឹកចាំ​ដល់​ព្រះជាម្ចាស់​គឺ ​នឹកចាំ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ពី​អតីតកាល​សំរាប់​ពួកគេ​ ជា​ពិសេស​ព្រះអង្គ​បាន​ប្រោស​លោះ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។  ដូច្នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​រំលង​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ពួក​គេ​នឹកចាំ​ពី​ការ​រំដោះ​របស់​ទ្រង់។  ទន្ទឹម​នឹង​នេះ ​តាមរយៈ​ការ​ដែល​យើង​អាន​ ឬ​ការ​លឺ​ព្រះបន្ទូល​ និង​ការ​ចូលរួម​ធ្វើ​ពិធី​សម្ពន្ធវង្ស​ (ជប់លៀង​ព្រះជាម្ចាស់​) ជា​រឿយៗ​កន្លង​មក​ក្នុង​កណ្ឌ​សញ្ញាថ្មី​គឺ​ដើម្បី​  រំលឹក​ដល់​យើង​អំពី​ការ​សុគត​និង​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​  ដែល​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​ក្នុង​អតីតកាល ​ដើម្បី​ប្រោស​លោះ​យើង​រាល់​គ្នា។ ការ​សំរេច​ឲ្យ​ធ្វើ​ដូច្នេះ​អាច​ជួយ​យើង​យ៉ាង​ច្រើន​ដើម្បី​កុំ​ឲ្យ​យើង​ភ្លេច​ព្រះ។

៥. អត្ថបទ​នេះ​ព្រមាន​អំពី​គ្រោះថ្នាក់​នៅ​ពេល​មនុស្ស​មាន​ទ្រព្យសម្បត្តិ​ច្រើន​ គឺ​វា​នាំ​យើង​ឲ្យ​ភ្លេច​ព្រះ​  ហើយ​ក្នុង​សញ្ញាថ្មី​បាន​ព្រមាន​ ព្រមទាំង​ដាស់តឿន​យើង​ឲ្យ​បម្រើ​ដល់​ព្រះជាម្ចាស់​ មិនមែន​បម្រើ​លុយកាក់​នោះ​ទេ  (ឧទាហរណ៍​ម៉ាថាយ​ ៦:២៤)។

សារ​អធិប្បាយ

ប្រាកដ​ណាស់​  សារ​ដែល​យើង​ត្រូវ​អធិប្បាយ​តាម​សារ​នៃ​អត្ថបទ​គឺ​  យើង​មិន​ត្រូវ​ភ្លេច​ព្រះ​ទេ។  ចេញ​ពី​អត្ថបទ​នេះ ​មាន​ការ​អនុវត្តន៍​មួយ​ចំនួន ​ដើម្បី​ជួយ​កុំ​ឲ្យ​យើង​ភ្លេច​ព្រះ​នោះ​គឺ​

១. នឹកចាំ​នូវ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​អតីតកាល គឺ​ថា ព្រះអង្គ​បាន​ប្រោស​លោះ​យើង​ (ខ.១៤ ប្រាប់​ថា​ អ៊ីស្រាអែល​ត្រូវ​បាន​រំដោះ​ចេញ​មក​)  ចំណែក​សំរាប់​យើង​វិញ​  នឹកចាំ​ពី​ព្រះជាម្ចាស់​ដែល​បាន​រំដោះ​យើង​តាម​រយៈ​ការ​សុគត​ និង​រស់​ឡើង​វិញ​ របស់​ព្រះយេស៊ូវ​  និង​ត្រូវ​អរព្រះគុណ​ដល់​ព្រះ។

២. មិន​ត្រូវ​មាន​អំនួត​ពេល​មាន​របស់​ទ្រព្យសម្បត្តិ​ច្រើន​ឡើយ។

៣. ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​  យើង​ពឹង​ព្រះអង្គ​ទាំង​ស្រុង (យ៉ូហាន​ ១៥:៥)  ​ពីព្រោះ​គឺ​ជា​ទ្រង់​ហើយ​ ​ដែល​ផ្តល់​អ្វីៗ​គ្រប់​យ៉ាង​ និង​ឥទ្ធិ​រិទ្ធិ​ផង​ ​(ខ.១៨)។

៤. ព្រះជាម្ចាស់​បាន​ព្រមាន​អ៊ីស្រាអែល​ថា​ គេ​នឹង​ត្រូវ​វិនាស​បើ​សិន​ជា​ពួកគេ​បាន​ភ្លេច​ព្រះជាម្ចាស់​ (ខ.១៩-២០)​  ហើយ​ព្រះជាម្ចាស់​ក៏​ព្រមាន​មនុស្ស​យើង​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ផង​ដែរ​អំពី​វិនាសកម្ម ​គឺ​ចំពោះ​អស់​អ្នក​ណា​ដែល​បដិសេធ​ទ្រង់​ និង​អ្នក​ដែល​ភ្លេច​ព្រះជាម្ចាស់​ នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​វិញ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top