Gen. 27 Jacob deceives Isaac pdf download
រឿងនេះមានផ្នែកជាច្រើនដែលអ្នកអានមិនចូលចិត្ត។ ផ្នែកដែលគេមិនចូលចិត្តជាងគេគឺរឿងយ៉ាកុបបោកបញ្ជោតឪពុកដែលងងឹតភ្នែកហើយរៀបនឹងស្លាប់។ លើសពីនេះយ៉ាកុបបានទទួលព្រះពរពីព្រះតាមរយៈការបោកបញ្ជោត ។ បញ្ហាទីពីរគឺថា ព្រះហាក់ដូចជាអវត្តមានក្នុងការនិទានរឿងនេះ។ តើយើងត្រូវប្រកាសព្រះគ្រីស្ទពីរឿងនេះយ៉ាងដូចម្តេច?
បញ្ហាសំខាន់ក្នុងរឿងនេះគឺ «តើ អ្នកណានឹងទទួលព្រះពរ អេសាវ ឬក៏យ៉ាកុប?» សំណួរដ៏ធំក្នុងព្រះគម្ពីរលោកុប្បត្ដិទាំងមូលគឺ «តើអ្នកណានឹងទទួលការសន្យាពីព្រះដែលទ្រង់អោយដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២?» នៅក្នុងជំពូក១២ ព្រះបានប្រទានពរដល់លោកអ័ប្រាហាំ(១២:២-៣) ដែលក្រោយមក ទ្រង់បានអោយដល់អ៊ីសាក(២៦:៣-៦,២៤) រួចហើយអោយបន្តពីអ៊ីសាកដល់យ៉ាកុប(២៧:២៨-២៩,២៨:៣-៤)។
រឿងអេសាវលះបង់មរតកកូនច្បងក្នុង ២៥:២៣-៣៤, ជាផ្នែកសំខាន់ដើម្បីជួយយើងយល់រឿងក្នុងលោកុប្បត្ដិ ២៧ ពីព្រោះវាបានចង្អុលបង្ហាញថា យ៉ាកុបនឹងទទួលបានមរតកនោះ ហើយគោលដៅសំខាន់ក្នុងរឿងនេះគឺ សង្កត់ធ្ងន់ថា យ៉ាកុបជាអ្នកនឹងទទួលបានពរដែលព្រះបានសន្យាទុកមិនមែនអេសាវទេ។ ពាក្យគន្លឹះ«ពរ»ត្រូវបាននិយាយម្តងហើយម្តងទៀតជាច្រើន ដើម្បីជួយអោយយើងមើលឃើញពីប្រធានបទសំខាន់នៃរឿង។ ពាក្យ«ពរ»ជាភាសាហេព្រើរមាន ២២ដង ក្នុងជំពូកនេះ ដែល១៧ដង ជាកិរិយាសព្ទ ហើយ ៥ដង ជានាម។ រឿងនេះគឺនិយាយថាអ្នកណាជាអ្នកទទួលពរ តើកូនបងអេសាវ ឬកូនប្អូនយ៉ាកុប។
ជាការពិតដែលថាអេសាវរៀបការជាមួយស្ត្រីសាសន៍ហេតពីរនាក់ ហើយវាជាតម្រុយសំខាន់ដើម្បីយល់រឿងនេះ(២៦: ៣៤)។ ការនេះបង្ហាញថា គាត់បរាជ័យក្នុងការដើរតាមបំណងរបស់អ័ប្រាហាំដែលផ្តាំថា ពួកគាត់មិនត្រូវរៀបការជាមួយសាសន៍កាណាន(២៤: ២-៧)។ ការរៀបការជាមួយសាសន៍ក្រៅពីថេរ៉ាគឺជារបៀបមួយទៀតនាំអោយអេសាវបាត់មរតករបស់គាត់ (រួមទាំងការស្អប់សិទ្ធកូនច្បងផង) យើងក៏គួរសំគាល់អំពីរបៀបរឿងនេះពិពណ៌នាអំពីចរិតលក្ខណៈនៃតួអង្គ ឧទាហរណ៍ «កាលអ៊ីសាកគាត់ចាស់ហើយភ្នែកក៏ងងឹតហើយមើលមិនឃើញទៀត»(២៧:១)។ ភាពងងឹតរបស់អ៊ីសាកធ្វើអោយយ៉ាកុបអាចបញ្ជោតឪពុកគាត់បាន។ អ្នកនិទានបានបង្ហាញការបែងចែកក្នុងគ្រួសារនេះគាត់សំដៅលើអេសាវជាកូនប្រុសរបស់អ៊ីសាក(ខ៥) ហើយយ៉ាកុបជាកូនប្រុសរបស់រេបិកា(ខ៦,២៧)។ អ៊ីសាកហៅអេសាវថា «កូនប្រុសរបស់ខ្ញុំ » (ខ១,២១,២៤,៣៧) ចំណែកឯរេបិកាហៅយ៉ាកុបថា «កូនប្រុសរបស់ខ្ញុំ» (ខ៨,១៣,៤៣)។ យើងឃើញជំលោះក្នុងរឿងចាប់ផ្តើមនៅពេលអ៊ីសាកងងឹតភ្នែក ហើយគាត់នៅតែទទូចចង់ឲ្យពរ ទៅ អេសាវ ជាជាង យ៉ាកុប។ ដូច្នេះហើយរេបិកាមានគំរោងដើម្បីធ្វើអោយយ៉ាកុបទទួលកន្លែងជំនួសអេសាវ ប្រយោជន៍អោយយ៉ាកុបទទួលពរវិញ។ គំរោងនេះបានបង្កើនភាពតានតឹងនៅក្នុងរឿង។ តើអ៊ីសាកនឹងដឹងការបោកបញ្ឆោតនេះឬទេ? ចុងក្រោយលោកជឿថាយ៉ាកុបជាអេសាវ។ គាត់បានអោយពរដល់យ៉ាកុប(ខ២៨̶-២៩) ការបោកបញ្ជោតនោះបានសំរេច។
តើព្រះយល់ព្រមនឹងការបោកបញ្ជោតនេះទេ? ទោះបើអ្នកនិទានមិនបានឆ្លើយសំណួរនេះអោយបានច្បាស់លាស់ក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ដែលបានកើតឡើងបន្ទាប់មកអាចបង្ហាញថា ព្រះមិនយល់ព្រមចំពោះការបោក បញ្ជោតនេះទេ។ ឧទាហរណ៍ លទ្ធផល ការបោកបញ្ឆោតនេះគឺ យ៉ាកុបត្រូវរត់គេចប្រាសអាយុ ហើយរេបិកានឹងមិនបានឃើញកូនប្រុសជាទីស្រឡាញ់របស់ខ្លួនម្តងទៀតឡើយ។ យ៉ាកុបនឹងត្រូវឪពុកមាបោកបញ្ជោតអោយយកកូនច្បងលេអា(២៩:២៦) និង ក្រោយមកកូនប្រុសគាត់បោកគាត់ទៀត(៣៧:៣១)។
គំនិត ចម្បង និងគោលដៅ
ភាពច្រំដែលនៃការអោយពរបានផ្តល់តម្រុយយ៉ាងច្បាស់អំពីប្រធានបទរឿង។ ចំណុចសំខាន់នៃសាច់រឿងគឺការឲ្យពរទៅកូនច្បង។ អ៊ីសាកចង់អោយអេសាវ ហើយអេសាវចង់ទទួល។ រេបិកាបានឮពីរឿងនេះហើយក៏ធ្វើឲ្យប្រាកដថា យ៉ាកុបត្រូវតែទទួលបានពរនេះ។ អ៊ីសាកអោយទៅយ៉ាកុបដោយអចេតនា ហើយអេសាវខឹងណាស់ដោយបាត់បង់ការទទួលពរ។ ប្រធានបទក្នុងបទគម្ពីរនេះអាចជា ព្រះប្រើការបោកបញ្ឆោតរបស់មនុស្ស ដើម្បីសំរេចផែនការទ្រង់ក្នុងការអោយពរដល់យ៉ាកុបដែលជាប្អូន។ រឿងនេះបានបង្ហាញយ៉ាងច្បាស់ថាយ៉ាកុបមិនមែនអេសាវទេដែលជាអ្នកទទួលមរតកអំពីព្រះមក។ នេះគឺជាសារសំខាន់ដល់អ៊ីស្រាអែលដែលជាកូនចៅរបស់យ៉ាកុប។ យើងត្រូវតែចងចាំថា កូនចៅរបស់យ៉ាកុប និងអេសាវគឺអ៊ីស្រាអែលនិងអេដំមជាសត្រូវនឹងគ្នា។ នៅពេលដែលអ៊ីស្រាអែលធ្វើដំណើរទៅទឹកដីសន្យា ហើយម៉ូសេស្នើសុំអេដំមអោយពួកគេបានឆ្លងស្រុកដោយសុវត្ថិភាព តែអេដំមបានបដិសេធន៍ នឹងដំណើរនេះ(ជនគណនា ២០:១៤-២១)។ ក្រោយមកពេលបាប៊ីឡូនមកវាយក្រុងយេរូសាឡឹម អេដំមបានរួមជាមួយបាប៊ីឡូនជួយសំឡាប់អ៊ីស្រាអែល និងបំផ្លាញកំផែងក្រុង យេរូសាឡឹម។ ប៉ុន្តែគ្មានព្រឹត្តិការណ៍ណាអាចបំផ្លាស់បំប្រែសេចក្តីពិតដែលថា ព្រះបានប្រទានពរដែលព្រះបានសន្យាដល់លោកអ័ប្រាហាំទៅយ៉ាកុប មិនមែនអេសាវទេ។
របៀបប្រកាសពីព្រះគ្រីស្ទ
ការសន្យាដល់លោកយ៉ាកុប៖ ព្រះពរដែលអោយដល់លោកយ៉ាកុបមានទាំងការសន្យា «អោយមាននគរនានាបំរើដល់ឯង ហើយ សាសន៍ផ្សេងៗក្រាបចុះចំពោះឯង»(ខ.២៩)។ មុនដំបូងបង្អស់ការសន្យានេះបានសំរេចនៅពេលអ៊ីស្រាអែលវាយឈ្នះជាតិសាសន៍ទាំងឡាយនៅស្រុកកាណាន ប៉ុន្តែវានឹងបានសំរេចចុងក្រោយលើ ពូជពង្សរបស់យ៉ាកុបគឺ ព្រះយេស៊ូវគ្រីស្ទដែលបានទទួល «អំណាចនៅស្ថានសួគ៌ និងផែនដី » ហើយដែលជាតិសាសន៍ទាំងអស់ត្រូវស្តាប់បង្គាប់» (ម៉ាថាយ ២៨:១៨-២០ សូមមើលលោកុប្បត្ដិ ៤៩:៩-១០)ដែរ។ នៅពេលដែលទ្រង់យាងមកម្តងទៀត គ្រប់ទាំងជង្គង់បានលត់ចុះ ហើយគ្រប់ទាំងអណ្តាតបានថ្លែង ថា«ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់សំរាប់ជាសិរីល្អនៃព្រះដ៏ជាព្រះវរបិតា» (ភីលីព ២:១០-១១)។
របៀបមួយទៀតក្នុងការប្រកាស ព្រះគ្រីស្ទចេញពី រឿងនេះគឺការសម្លឹងមើលលើការបោកបញ្ឆោត។ ដោយសារព្រះបានប្រើការ បោកបញ្ឆោតរបស់មនុស្ស ដើម្បីសំរេចផែនការអោយពរដល់យ៉ាកុបដែលជាពូជស្ត្រីដូច្នេះព្រះក៏បានប្រើការបោកបញ្ឆោតរបស់មនុស្ស (យូដាស,សាសន៍យូដា,និង ពួកចក្រភពរ៉ូម)ដើម្បី សំរេចផែនការរបស់ទ្រង់ គឺប្រោសលោះរាស្រ្តទ្រង់តាមរយៈការសុគតរបស់ព្រះយេស៊ូវជាព្រះរាជបុត្រាទ្រង់ដែរ (ម៉ាថាយ ២២:២១-២២ សូមមើលនៅ កិច្ចការ ២:២-២៣ផងដែរ)។
ឯកសារយោងនៅសញ្ញាថ្មី
ហេព្រើរ ១២:១៧ សំដៅលើរឿងនេះ។ ក្នុងបរិបទហេព្រើរអ្នកនិពន្ធលើកទឹកចិត្តអោយអ្នកអានអត់ធ្មត់ក្នុងជំនឿលើព្រះគ្រីស្ទ ហើយលើកទឹកចិត្តគេកុំអោយធ្វើដូចជាអេសាវដែលបានលក់សិទ្ធិកូនច្បង ក្រោយមកមិនអាចផ្លាស់ប្ដូរការពិតដែលគាត់បានលះបង់សិទ្ធិកូនច្បង ទោះបីជាគាត់ព្យាយាមផ្លាស់ប្ដូរស្ថានភាពយ៉ាងណាក៏ដោយ។ នេះជាការព្រមានដល់គ្រីស្ទបរិស័ទ កុំអោយលះបង់ការសំឡឹងទៅព្រះគ្រីស្ទ ឡើយ។
គំនិតសំខាន់ក្នុងសេចក្តីអធិប្បាយ និងគោលដៅ
យើងបានឃើញគំនិតសំខាន់ដែលថា «ព្រះអាចប្រើ សូម្បីការបោកបញ្ឆោតរបស់មនុស្ស សម្រាប់សំរេចផែនការរបស់ទ្រង់ ដើម្បីបន្តការតាំងសញ្ញាប្រទានពរដល់យ៉ាកុបជាប្អូន »។ ដើម្បីអធិប្បាយបទគម្ពីរនេះ យើងត្រូវតែពិចារណាការវិវត្តន៍បន្ថែមទៀតក្នុងព្រះគម្ពីរសញ្ញាថ្មី។ ចំណុចខាងលើជួយយើងពីការនេះ ដោយ ចេញពីអ្វីដែលយើងបានឃើញពីខាងលើ យើងនិយាយបានថា គំនិតសំខាន់នៃសេចក្តីអធិប្បាយអាចជា ព្រះ ប្រើការបោកបញ្ឆោតរបស់មនុស្ស និង ការបះបោរដើម្បីសំរេចផែនការសង្គ្រោះរាស្រ្តរបស់ទ្រង់។
យើងមានគំនិតសំខាន់ក្នុងការអធិប្បាយចេញពីរឿងនេះហើយ ប៉ុន្តែយើងក៏ត្រូវនិយាយរឿងនៃឈើឆ្កាងរបស់ព្រះគ្រីស្ទដែរ។ ឈើឆ្កាងនឹងនាំយើងគិតដល់ព្រះគម្ពីរ ភីលីព (២:៥-១១) ដែលថ្លែងថា ដោយព្រោះព្រះយេស៊ូវ (ដែលជាកូនចៅយ៉ាកុប) បន្ទាបអង្គទ្រង់រហូតមកសុគតលើឈើឆ្កាង ដោយហេតុនោះបានជាទ្រង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ ដើម្បីគ្រប់ទាំងជង្គង់បានលត់ចុះ ហើយគ្រប់ទាំងអណ្តាតថ្លែងប្រាប់ថា ទ្រង់ជាព្រះអម្ចាស់។ ព្រះពរបានសម្រេចនៅក្នុង លោកុប្បត្ដិ ២៧:២៩។ គោលដៅក្នុងសេចក្តីអធិប្បាយរបស់យើងគួរតែ ដើម្បីអោយមនុស្សបានឃើញសិទ្ធអំណាចរបស់ព្រះគ្រីស្ទលើជាតិសាសន៍ និងគ្មានសកម្មភាពមនុស្សណាមួយអាចបញ្ឈប់ផែនការរបស់ព្រះបានឡើយ តាមពិតព្រះប្រើសកម្មភាពមនុស្សវិញ។ ការនេះនឹងលើកទឹកចិត្តគ្រីស្ទបរិស័ទនាពេលបច្ចុប្បន្ន នៅពេលដែលយើងឆ្ងល់អំពីអ្វីដែលកើតឡើងនៅផែនដីយើងប្រហែលជាសង្ស័យចំពោះការគ្រប់គ្រងរបស់ ទ្រង់។ រឿងនេះគួរតែជំរះអស់មន្ទិលសង្ស័យ។
Leave a Reply