លោកុប្បត្ដិ ២៧:១-៤៥ យ៉ាកុបបញ្ឆោតអ៊ីសាក Gen.27:1-45 Jacob deceives Isaac

Gen. 27 Jacob deceives Isaac pdf download

រឿង​នេះ​មាន​ផ្នែក​ជា​ច្រើន​ដែល​អ្នក​អាន​មិន​ចូល​ចិត្ត។ ​ផ្នែក​ដែលគេ​មិន​ចូល​ចិត្ត​ជាង​គេ​គឺ​រឿង​យ៉ាកុប​បោក​បញ្ជោត​ឪពុក​ដែល​ងងឹតភ្នែក​ហើយ​រៀប​នឹង​ស្លាប់។​ ​លើស​ពី​នេះ​យ៉ាកុប​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ​តាម​រយៈ​ការ​បោក​បញ្ជោត ។ ​បញ្ហា​ទី​ពីរ​គឺ​ថា ​ព្រះ​ហាក់​ដូច​ជា​អវត្តមាន​ក្នុង​ការ​និទាន​រឿង​នេះ។ ​តើ​យើង​ត្រូវ​ប្រកាស​ព្រះគ្រីស្ទ​ពី​រឿង​នេះ​យ៉ាង​ដូចម្តេច?​

បញ្ហា​សំខាន់​ក្នុង​រឿង​នេះ​គឺ «តើ អ្នក​ណា​នឹង​ទទួល​ព្រះ​ពរ ​អេសាវ​ ឬ​ក៏​យ៉ាកុប?​» សំណួរ​ដ៏​ធំ​ក្នុង​ព្រះ​គម្ពីរ​លោកុប្បត្ដិ​ទាំង​មូល​គឺ​ «តើ​អ្នក​ណា​នឹង​ទទួល​ការ​សន្យា​ពី​ព្រះ​ដែល​ទ្រង់​អោយ​ដល់​លោក​អ័ប្រាហាំ​នៅ​ក្នុង​លោកុប្បត្ដិ​ ១២?​» ​នៅ​ក្នុង​ជំពូក​១២ ​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក​អ័ប្រាហាំ​(១២​:២-៣) ​ដែល​ក្រោយ​មក​ ​ទ្រង់​បាន​អោយ​ដល់​អ៊ីសាក​(២៦​:​៣-៦,​២៤) ​រួច​ហើយ​អោយ​បន្ត​ពី​អ៊ីសាក​ដល់​យ៉ាកុប​(២៧​:​២៨-២៩,​២៨:​៣-៤)។

រឿង​អេសាវ​លះបង់​មរតក​កូន​ច្បង​ក្នុង ​២៥​:​២៣-៣៤, ​ជា​ផ្នែក​សំខាន់​ដើម្បី​ជួយ​យើង​យល់​រឿង​ក្នុង​លោកុប្បត្ដិ​ ២៧​ ពី​ព្រោះ​វា​បាន​ចង្អុល​បង្ហាញ​ថា​ យ៉ាកុប​នឹង​ទទួល​បាន​មរតក​នោះ​ ហើយ​គោលដៅ​សំខាន់​ក្នុង​រឿង​នេះ​គឺ ​សង្កត់​ធ្ងន់​ថា​ ​យ៉ាកុប​ជា​អ្នក​នឹង​ទទួល​បាន​ពរ​ដែល​ព្រះ​បាន​សន្យា​ទុក​មិន​មែន​អេសាវ​ទេ។​ ពាក្យ​គន្លឹះ​«ពរ»​ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ជា​ច្រើន​ ដើម្បី​ជួយ​អោយ​យើង​មើល​ឃើញ​ពី​ប្រធាន​បទ​សំខាន់​នៃ​រឿង។​ ពាក្យ​«ពរ»​ជា​ភាសា​ហេព្រើរ​មាន​ ២២​ដង ​ក្នុង​ជំពូក​នេះ​ ដែល​១៧​ដង ជា​កិរិយាសព្ទ​ ហើយ​ ៥​ដង ​ជា​នាម។​ រឿង​នេះ​គឺ​និយាយ​ថា​អ្នក​ណា​ជា​អ្នក​ទទួល​ពរ ​តើ​កូន​បង​អេសាវ​ ឬ​កូន​ប្អូន​យ៉ាកុប។​ ​

​ជា​ការ​ពិត​ដែល​ថា​អេសាវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ហេត​ពីរ​នាក់ ហើយ​វា​ជា​តម្រុយ​សំខាន់​ដើម្បី​យល់​រឿង​នេះ​(២៦​: ៣៤)។​ ការ​នេះ​បង្ហាញ​ថា ​គាត់​បរាជ័យ​ក្នុង​ការ​ដើរ​តាម​បំណង​របស់​អ័ប្រាហាំ​ដែល​ផ្តាំ​ថា ​ពួក​គាត់​មិន​ត្រូវ​រៀបការ​ជា​មួយ​សាសន៍​កាណាន​(២៤:​ ២-៧)។ ​ការ​រៀបការ​ជាមួយ​សាសន៍​ក្រៅ​ពី​ថេរ៉ា​គឺ​ជា​របៀប​មួយ​ទៀត​នាំ​អោយ​អេសាវ​បាត់​មរតក​របស់​គាត់​ (រួម​ទាំង​ការ​ស្អប់​សិទ្ធ​កូន​ច្បង​ផង)​ យើង​ក៏​គួរ​សំគាល់​អំពី​របៀប​រឿង​នេះ​ពិពណ៌នា​អំពី​ចរិត​លក្ខណៈ​នៃ​តួអង្គ​ ឧទាហរណ៍​ «កាល​អ៊ីសាក​គាត់​ចាស់​ហើយ​ភ្នែក​ក៏​ងងឹត​ហើយ​មើល​មិន​ឃើញ​ទៀត»​(២៧:​១)។ ភាព​ងងឹត​របស់​អ៊ីសាក​ធ្វើ​អោយ​យ៉ាកុប​អាច​បញ្ជោត​ឪពុក​គាត់​បាន។ ​អ្នក​និទាន​បាន​បង្ហាញ​ការ​បែង​ចែក​ក្នុង​គ្រួសារ​នេះ​គាត់​សំដៅ​លើ​អេសាវ​ជា​កូន​ប្រុស​របស់​អ៊ីសាក​(ខ​៥) ​ហើយ​យ៉ាកុប​ជា​កូន​ប្រុស​របស់​រេបិកា​(ខ​៦,២៧)។​ អ៊ីសាក​ហៅ​អេសាវ​ថា «កូន​ប្រុស​របស់​ខ្ញុំ​ ​» (ខ​១,២១,២៤,៣៧)​ ចំណែក​ឯ​រេបិកា​ហៅ​យ៉ាកុប​ថា​ «​កូន​ប្រុស​របស់​ខ្ញុំ​» (ខ​៨,១៣,៤៣)។​ យើង​ឃើញ​ជំលោះ​ក្នុង​រឿង​ចាប់​ផ្តើម​នៅ​ពេល​អ៊ីសាក​ងងឹត​ភ្នែក ​ហើយ​គាត់​នៅ​តែ​ទទូច​ចង់​ឲ្យ​ពរ​ ​ទៅ​    អេសាវ​ ជា​ជាង  ​យ៉ាកុប។​  ដូច្នេះ​ហើយ​រេបិកា​មាន​គំរោង​ដើម្បី​ធ្វើ​អោយ​យ៉ាកុប​ទទួល​កន្លែង​ជំនួស​អេសាវ ប្រយោជន៍​អោយ​យ៉ាកុប​ទទួល​ពរ​វិញ។​  គំរោង​នេះ​បាន​បង្កើន​ភាព​តាន​តឹង​នៅ​ក្នុង​រឿង។​ តើ​អ៊ីសាក​នឹង​ដឹង​ការ​បោក​បញ្ឆោត​នេះ​ឬ​ទេ? ​ចុង​ក្រោយ​លោក​ជឿ​ថា​យ៉ាកុប​ជា​អេសាវ។ ​គាត់​បាន​អោយ​ពរ​ដល់​យ៉ាកុប​(ខ​២៨̶-២៩)​ ការ​បោក​បញ្ជោត​នោះ​បាន​សំរេច។​

តើ​ព្រះ​យល់​ព្រម​នឹង​ការ​បោក​បញ្ជោត​នេះ​ទេ? ​ទោះ​បើ​អ្នក​និទាន​មិន​បាន​ឆ្លើយ​សំណួរ​នេះ​អោយ​បាន​ច្បាស់​លាស់​ក៏ដោយ ​ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​អាច​បង្ហាញ​ថា​ ព្រះ​មិន​យល់​ព្រម​ចំពោះ​ការ​បោក​  បញ្ជោត​នេះ​ទេ។​  ឧទាហរណ៍​ លទ្ធផល ​ការ​បោកបញ្ឆោត​នេះ​គឺ​ យ៉ាកុប​ត្រូវ​រត់​គេច​ប្រាស​អាយុ​ ហើយ​រេបិកា​នឹង​មិន​បាន​ឃើញ​កូន​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ម្តង​ទៀត​ឡើយ។ ​យ៉ាកុប​នឹង​ត្រូវ​ឪពុក​មា​បោក​បញ្ជោត​អោយ​យក​កូន​ច្បង​លេអា​(​២៩:២៦) និង ​ក្រោយ​មក​កូន​ប្រុស​គាត់​បោក​គាត់​ទៀត​(៣៧:៣១)។

គំនិត ចម្បងនិងគោលដៅ

ភាព​ច្រំដែល​នៃ​ការ​អោយ​ពរ​បាន​ផ្តល់​តម្រុយ​យ៉ាង​ច្បាស់​អំពី​ប្រធាន​បទ​រឿង។ ​ចំណុច​សំខាន់​នៃ​សាច់រឿង​គឺ​ការ​ឲ្យ​ពរ​ទៅ​កូន​ច្បង។ ​អ៊ីសាក​ចង់​អោយ​អេសាវ​ ហើយ​អេសាវ​ចង់​ទទួល។​ រេបិកា​បាន​ឮ​ពី​រឿង​នេះ​ហើយ​ក៏​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យ៉ាកុប​ត្រូវ​តែ​ទទួល​បាន​ពរ​នេះ។​ អ៊ីសាក​អោយ​ទៅ​យ៉ាកុប​ដោយ​អចេតនា ​ហើយ​អេសាវ​ខឹង​ណាស់​ដោយ​បាត់បង់​ការ​ទទួល​ពរ។ ​ប្រធាន​បទ​ក្នុង​បទ​គម្ពីរ​នេះ​អាច​ជា ​ព្រះប្រើការបោកបញ្ឆោតរបស់មនុស្សដើម្បីសំរេចផែនការទ្រង់ក្នុងការអោយពរដល់យ៉ាកុបដែលជាប្អូន។​ រឿង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​យ៉ាកុប​មិន​មែន​អេសាវ​ទេ​ដែល​ជា​អ្នក​ទទួល​មរតក​អំពី​ព្រះ​មក។​ នេះ​គឺ​ជា​សារ​សំខាន់​ដល់​អ៊ីស្រាអែល​ដែល​ជា​កូន​ចៅ​របស់​យ៉ាកុប។ ​យើង​ត្រូវ​តែ​ចងចាំ​ថា ​កូន​ចៅ​របស់​យ៉ាកុប ​និង​អេសាវ​គឺ​អ៊ីស្រាអែល​និង​អេដំម​ជា​សត្រូវ​នឹង​គ្នា។ ​នៅ​ពេល​ដែល​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​សន្យា ​ហើយ​ម៉ូសេ​ស្នើ​សុំ​អេដំម​អោយ​ពួកគេ​បាន​ឆ្លង​ស្រុក​ដោយ​សុវត្ថិភាព​ តែ​អេដំម​បាន​បដិសេធន៍​ នឹង​ដំណើរ​នេះ​(ជនគណនា​ ២០:​១៤-​២១)។ ​ក្រោយ​មក​ពេល​បាប៊ីឡូន​មក​វាយ​ក្រុង​យេរូសាឡឹម  ​អេដំម​បាន​រួម​ជាមួយ​បាប៊ីឡូន​ជួយ​សំឡាប់​អ៊ីស្រាអែល  ​និង​បំផ្លាញ​កំផែង​ក្រុង​   យេរូសាឡឹម។​  ប៉ុន្តែ​គ្មាន​ព្រឹត្តិការណ៍​ណា​អាច​បំផ្លាស់​បំប្រែ​សេចក្តី​ពិត​ដែល​ថា​ ព្រះ​បាន​ប្រទាន​ពរ​ដែល​ព្រះ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ទៅ​យ៉ាកុប ​មិនមែន​អេសាវ​ទេ។​

របៀបប្រកាសពីព្រះគ្រីស្ទ

ការ​សន្យា​ដល់​លោក​យ៉ាកុប​៖ ព្រះ​ពរ​ដែល​អោយ​ដល់​លោក​យ៉ាកុប​មាន​ទាំង​ការ​សន្យា ​«អោយ​មាន​នគរ​នានា​បំរើ​ដល់​ឯង​ ហើយ​ ​សាសន៍​ផ្សេង​ៗ​ក្រាប​ចុះ​ចំពោះ​ឯង»​(ខ.២៩)។​ មុន​ដំបូង​បង្អស់​ការ​សន្យា​នេះ​បាន​សំរេច​នៅ​ពេល​អ៊ីស្រាអែល​វាយ​ឈ្នះ​ជាតិ​សាសន៍​ទាំងឡាយ​នៅ​ស្រុក​កាណាន ​ប៉ុន្តែ​វា​នឹង​បាន​សំរេច​ចុងក្រោយ​លើ​ ​ពូជ​ពង្ស​របស់​យ៉ាកុប​គឺ​ ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ទទួល​ «អំណាច​នៅ​ស្ថានសួគ៌ ​និង​ផែនដី​ » ហើយ​ដែល​ជាតិសាសន៍​ទាំងអស់​ត្រូវ​ស្តាប់​បង្គាប់​»​ (ម៉ាថាយ​ ២៨:​១៨-​២០ ​សូម​មើល​លោកុប្បត្ដិ ​៤៩:​៩-១០)ដែរ។ ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ម្តង​ទៀត​ គ្រប់​ទាំង​ជង្គង់​បាន​លត់​ចុះ ​ហើយ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង ​ថា«​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​សំរាប់​ជា​សិរី​ល្អ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា» (ភីលីព ​២:​១០-១១)។

របៀប​មួយ​ទៀត​ក្នុង​ការ​ប្រកាស ​ព្រះគ្រីស្ទ​ចេញ​ពី ​រឿង​នេះ​គឺ​ការ​សម្លឹង​មើល​លើ​ការ​បោកបញ្ឆោត។​ ដោយសារ​ព្រះ​បាន​ប្រើ​ការ ​បោក​បញ្ឆោត​របស់​មនុស្ស ​ដើម្បី​សំរេច​ផែនការ​អោយពរ​ដល់​យ៉ាកុប​ដែល​ជា​ពូជ​ស្ត្រី​ដូច្នេះ​ព្រះ​ក៏​បាន​ប្រើ​ការ​បោក​បញ្ឆោត​របស់​មនុស្ស ​(យូដាស,​សាសន៍​យូដា,​និង ពួក​ចក្រភព​រ៉ូម)​ដើម្បី​ សំរេច​ផែនការ​របស់​ទ្រង់ ​គឺ​ប្រោស​លោះ​រាស្រ្ត​ទ្រង់​តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​ទ្រង់​ដែរ​ (ម៉ាថាយ ​២២:២១-២២ ​សូម​មើល​នៅ ​កិច្ចការ​ ២:២-២៣​ផង​ដែរ)។​

ឯកសារយោងនៅសញ្ញាថ្មី

ហេព្រើរ ​១២​:១៧​ សំដៅ​លើ​រឿង​នេះ។ ​ក្នុង​បរិបទ​ហេព្រើរ​អ្នកនិពន្ធ​លើក​ទឹកចិត្ត​អោយ​អ្នក​អាន​អត់ធ្មត់​ក្នុង​ជំនឿ​លើ​ព្រះគ្រីស្ទ ​ហើយ​លើក​ទឹកចិត្ត​គេ​កុំ​អោយ​ធ្វើ​ដូច​ជា​អេសាវ​ដែល​បាន​លក់​សិទ្ធិ​កូន​ច្បង ​ក្រោយ​មក​មិន​អាច​ផ្លាស់ប្ដូរ​ការពិត​ដែល​គាត់​បាន​លះបង់​សិទ្ធិ​កូន​ច្បង  ​ទោះបី​ជា​គាត់​ព្យាយាម​ផ្លាស់ប្ដូរ​ស្ថានភាព​យ៉ាងណា​ក៏ដោយ។​ នេះ​ជា​ការ​ព្រមាន​ដល់​គ្រីស្ទបរិស័ទ ​កុំ​អោយ​លះបង់​ការ​សំឡឹង​ទៅ​ព្រះគ្រីស្ទ​     ឡើយ។​

គំនិតសំខាន់ក្នុងសេចក្តីអធិប្បាយនិងគោលដៅ

យើង​បាន​ឃើញ​គំនិត​សំខាន់​ដែល​ថា ​«ព្រះ​អាច​ប្រើ​ សូម្បី​ការ​បោក​បញ្ឆោត​របស់​មនុស្ស សម្រាប់​សំរេច​ផែនការ​របស់​ទ្រង់​  ដើម្បី​បន្ត​ការ​តាំង​សញ្ញា​ប្រទាន​ពរ​ដល់​យ៉ាកុប​ជា​ប្អូន​ »។​ ដើម្បី​អធិប្បាយ​បទ​គម្ពីរ​នេះ​ យើង​ត្រូវ​តែ​ពិចារណា​ការវិវត្តន៍​បន្ថែម​ទៀត​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី។ ​ចំណុច​ខាងលើ​ជួយ​យើង​ពី​ការ​នេះ​ ដោយ​ ចេញ​ពី​អ្វី​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ យើង​និយាយ​បាន​ថា ​គំនិត​សំខាន់​នៃ​សេចក្តី​អធិប្បាយ​អាច​ជា ​ព្រះ ប្រើ​ការ​បោកបញ្ឆោត​របស់​មនុស្ស​ និង ​ការ​បះបោរ​ដើម្បី​សំរេច​ផែនការ​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់។​

​យើង​មាន​គំនិត​សំខាន់​ក្នុង​ការ​អធិប្បាយ​ចេញ​ពី​រឿង​នេះ​ហើយ​ ប៉ុន្តែ​យើង​ក៏​ត្រូវ​និយាយ​រឿង​នៃ​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ​ដែរ។ ​ឈើ​ឆ្កាង​នឹង​នាំ​យើង​គិត​ដល់​ព្រះគម្ពីរ​ ភីលីព ​(២:​៥-១១)​ ដែល​ថ្លែង​ថា​ ដោយ​ព្រោះ​ព្រះយេស៊ូវ​ (ដែល​ជា​កូនចៅ​យ៉ាកុប) បន្ទាប​អង្គ​ទ្រង់​រហូត​មក​សុគត​លើ​ឈើឆ្កាង​ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ធ្វើ​ម្ចាស់​លើ​អ្វី​ៗ​ទាំងអស់​ ដើម្បី​គ្រប់​ទាំង​ជង្គង់​បាន​លត់​ចុះ ហើយ​គ្រប់​ទាំង​អណ្តាត​ថ្លែង​ប្រាប់​ថា ​ទ្រង់​ជា​ព្រះអម្ចាស់។​ ​ព្រះពរ​បាន​សម្រេច​នៅ​ក្នុង ​លោកុប្បត្ដិ ​២៧:​២៩។​ គោល​ដៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​យើង​គួរតែ  ​ដើម្បី​អោយ​មនុស្ស​បាន​ឃើញ​សិទ្ធ​អំណាច​របស់​ព្រះគ្រីស្ទ​លើ​ជាតិ​សាសន៍ ​និង​គ្មាន​សកម្មភាព​មនុស្ស​ណា​មួយ​អាច​បញ្ឈប់​ផែនការ​របស់​ព្រះ​បាន​ឡើយ​  តាមពិត​ព្រះ​ប្រើ​សកម្មភាព​មនុស្ស​វិញ។ ​ការ​នេះ​នឹង​លើក​ទឹកចិត្ត​គ្រីស្ទបរិស័ទ​នា​ពេល​បច្ចុប្បន្ន​ ​នៅ​ពេល​ដែល​យើង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ផែន​ដី​យើង​ប្រហែល​ជា​សង្ស័យ​ចំពោះ​ការ​គ្រប់​គ្រង​របស់​ ទ្រង់។​ រឿង​នេះ​គួរ​តែ​ជំរះ​អស់​មន្ទិល​សង្ស័យ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top