Beliefs that destroy the church pdf download
ឧបមាថា អ្នកដឹកនាំមួយចំនួនក្នុងក្រុមជំនុំរបស់អ្នកបង្រៀនថា ព្រះជាម្ចាស់បង្កើតពិភពលោក ហើយព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាទាំងអស់។ ទ្រង់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដែលមានន័យថា យើងមានតម្លៃ។ ព្រះជាម្ចាស់ប្រទានព្រះគម្ពីរ ដែលកត់ត្រាអំពីគំនិតអស្ចារ្យជាច្រើនអំពីព្រះជាម្ចាស់ និងសារកំសាន្តចិត្តដល់យើងផងដែរ។ ព្រះជាម្ចាស់ស្រលាញ់យុត្តិធម៌ និងមានមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សទាំងអស់ គឺមិនត្រូវប្រព្រឹត្តអាក្រក់ដល់អ្នកដទៃណាឡើយ។ ព្រះជាម្ចាស់ស្រលាញ់ពិភពលោក បានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទអោយយាងមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ គឺទុកអោយទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងពិភពលោកនេះ ហើយនិងទុកអោយទ្រង់ធ្វើជាគំរូពីសេចក្តីស្រលាញ់ ដើម្បីអោយយើងប្រព្រឹត្ត តាម។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតពិភពលោកថ្មីដ៏ឥតខ្ចោះមួយ។
តើអ្នកគិតយ៉ាងដូចម្តេចអំពីការបង្រៀននេះ? តើស្តាប់ទៅវាពីរោះមែនទេ? តាមពិត នេះគឺជាសេចក្តីបង្រៀនដែលបានជួយបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោក។ ជារឿយៗគេបាននិយាយថា ក្រុមជំនុំនៅលោកខាងលិចកំពុងរួញខ្លី និងបិទទ្វា។ តាមពិតទៅ ក្រុមជំនុំខ្លះកំពុងរីកចំរើន និងក្រុមជំនុំខ្លះទៀតកំពុងតែបិទទ្វាមែន។ តាមធម្មតា ក្រុមជំនុំ ដែលកំពុងតែបិទទ្វា គឺជាក្រុមជំនុំដែលមានសេចក្តី ដូចបានសង្ខេបខាងលើនោះ ហើយវាជាសេចក្តីបង្រៀន ដែលបំផ្លាញក្រុមជំនុំរបស់ពួកគេ។ សេចក្តីបង្រៀននេះគឺកំពុងបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោកទាំងមូល មិនមែនតែក្រុមជំនុំនៅលោកខាងលិចប៉ុណ្ណោះទេ។
នៅក្នុង ១កូរិនថូស ៣:១៦-១៧ ប៉ុលសរសេរថា ប្រសិនបើអ្នកណាមួយបំផ្លាញក្រុមជំនុំ ដែលជារូបកាយ និងជាកូនក្រមុំរបស់ព្រះគ្រីស្ទ នោះព្រះជាម្ចាស់នឹងបំផ្លាញគេ។ (នៅក្នុង ១កូរិនថូស ៣ ប៉ុលប្រើប្រាស់ពាក្យ «ព្រះវិហារ» ដើម្បីសំដៅទៅលើក្រុមជំនុំ)។ ពេលយើងអានអំពីមនុស្ស ដែលជាអ្នកបំផ្លាញក្រុមជំនុំ ជារឿយៗយើងគិតអំពីអ្នកមិនជឿ ដែលធ្វើការបៀតបៀន និងសង្កត់សង្កិនលើគ្រីស្ទបរិស័ទ។ ប៉ុន្តែនៅក្នុង ១កូរិនថូស ៣:១៦-១៧ ប៉ុលកំពុងសរសេរទៅកាន់គ្រីស្ទបរិស័ទ ហើយព្រមានគ្រីស្ទបរិស័ទនិងអ្នកដឹកនាំគ្រីស្ទបរិស័ទណា ដែលបំផ្លាញក្រុមជំនុំថា ព្រះជាម្ចាស់នឹងបំផ្លាញពួកគេ។ ដូច្នេះ នេះជាបញ្ហាមួយ ដែលយើងត្រូវគិតឲ្យបាន មធ្យ័ត។
បើដូច្នេះ តើអ្វីជាកំហុសក្នុងសេចក្តីបង្រៀនខាងលើនេះ? មនុស្ស ដែលបញ្ឆោតខ្លួនដោយគិត និងអះអាងថា គេជឿ ប៉ុន្តែគេបដិសេធចំពោះសេចក្តីបង្រៀនតាមព្រះគម្ពីរ អាចជឿជាក់លើគ្រប់ទាំងគំនិតខាងលើនេះ។ នៅក្នុង ២ធីម៉ូថេ ៤:២-៣ ប៉ុលសរសេរថា « ចូរឱ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឱ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្ត ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឱ្យត្រូវចិត្ត»។ គ្រូខុសឆ្គងក៏អាចនៅក្នុងក្រុមជំនុំដែរ ហើយគេបង្រៀនតែអ្វីដែលមនុស្សចង់លឺប៉ុណ្ណោះ។ សេចក្តីបង្រៀនខាងលើអាចជាការបង្រៀនដែលមនុស្សចង់លឺ ហើយខាងក្រោមនេះបង្ហាញអំពីហេតុផល ដែលបញ្ជាក់ថា សេចក្តីបង្រៀននេះខុសឆ្គង។
១. ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នា។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់ពិភពលោក ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃ សេចក្តីពិត ដែលព្រះគម្ពីរបង្រៀនអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគម្ពីរក៏បង្រៀនថា ព្រះជាម្ចាស់បរិសុទ្ធ ទ្រង់ស្អប់អំពើបាប ហើយថែមទាំងស្អប់អ្នកប្រព្រឹត្តអំពើទុច្ចរិតទៀត (ទំនុកដំកើង ៥:៥)។ ព្រះគម្ពីរបង្រៀនថា ព្រះជាម្ចាស់ពេញដោយសេចក្តីក្រោធប្រឆាំងនឹងពិភពលោកដែលបះបោរប្រឆាំងនឹងទ្រង់។ មានខគម្ពីររាប់ពាន់នៅក្នុងព្រះគម្ពីរបង្រៀនអំពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាប។ ពេលដែលមនុស្សគ្រាន់តែជឿជាក់ និងបង្រៀនអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ តែមិនបង្រៀនថា ព្រះបរិសុទ្ធហើយទ្រង់មានសេចក្តីក្រោធចំពោះអ្នកប្រព្រឹត្តអំពើបាបនោះទេ នោះមានន័យថា អ្វីដែលគេបង្រៀនអំពីព្រះជាម្ចាស់មិនទៀងត្រង់ឡើយ។ ចំពោះអ្នកដែលជឿជាក់លើព្រះគម្ពីរតែផ្នែកខ្លះ ដែលសំដែងអំពីព្រះជាម្ចាស់ដែលយើងចូលចិត្ត តែមិនជឿជាក់លើផ្នែកទាំងអស់នោះទេ នោះគេមិនមែនជាអ្នកជឿពិតប្រាកដឡើយ ប៉ុន្តែទង្វើនេះគឺជាការគោរពរូបព្រះវិញ។ យើងបានបង្កើតព្រះមួយតាមគំនិតរបស់យើងតាមការចូលចិត្តរបស់យើង ហើយនេះជាអំពើអាក្រក់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ យើងសន្មតហើយគិតថាថា ព្រះ ដែលយើងបង្កើតតាមអ្វី ដែលយើងចូលចិត្ត ជាព្រះល្អប្រសើរជាងព្រះដ៏ពិត ដែលបានសំដែងអង្គទ្រង់តាមរយៈព្រះគម្ពីរ។
២. ព្រះជាម្ចាស់បង្កើតមនុស្សដូចរូបអង្គទ្រង់ ដែលមានន័យថា យើងមានតម្លៃ។ វាជាការពិតដែលព្រះជាម្ចាស់បង្កើតយើងដូចរូបអង្គទ្រង់ ដូចនេះហើយបានជាយើងមានតម្លៃ ប៉ុន្តែបើយើងគ្រាន់តែអនុវត្តន៍សេចក្ដីបង្រៀននៅក្នុងព្រះគម្ពីរអំពី «ដូចរូបអង្គទ្រង់» ដោយបង្រៀនថា «ដូច្នេះយើងមានតម្លៃ» នោះយើងអាចធ្វើឲ្យខូចអ្វីដែលជាការបង្រៀនរបស់ព្រះគម្ពីរបាន ដោយព្រោះមិនយល់អត្ថន័យព្រះគម្ពីរ។ ការបង្កើតឲ្យដូចរូបអង្គទ្រង់មានន័យច្រើននៅក្នុងព្រះគម្ពីរ ដែលរួមបញ្ចូលទាំងន័យថា (១) យើងជាអ្នកត្រួតត្រាលើផែនដីដោយចុះចូលចំពោះព្រះជាម្ចាស់។ (២) យើងមានសមត្ថភាពលឺព្រះបន្ទូលព្រះជាម្ចាស់ គឺទ្រង់អាចមានបន្ទូលមកយើង ដូច្នេះហើយបានជាយើងត្រូវស្តាប់ទ្រង់ ហើយទុកចិត្តនិងស្តាប់បង្គាប់ព្រះបន្ទូលដែលព្រះអង្គសំដែង។ (៣) លើផែនដីនេះយើងតំណាងឲ្យព្រះជាម្ចាស់។ ប៉ុន្តែ ចាប់ពីការអ័ដាមនិងអេវ៉ាបានបះបោរមក លក្ខណៈដូចរូបអង្គទ្រង់នៅក្នុងមនុស្សបានខូច។ ព្រះយេស៊ូវគឺជារូបអង្គព្រះជាម្ចាស់ដ៏ពិតទ្រង់បានគ្រប់គ្រងដោយចុះចូល ហើយនៅពេលអ្នកណាម្នាក់ជឿលើព្រះយេស៊ូវគ្រីស្ទ នោះរូបអង្គព្រះជាម្ចាស់នៅក្នុងពួកគេត្រូវបានស្ថាបនាឡើងវិញ។ បើគ្រាន់តែនិយាយថា «ព្រះជាម្ចាស់បង្កើតយើងដូចរូបអង្គទ្រង់ ដូច្នេះហើយបានជាយើងមានតម្លៃ» នោះជាបញ្ហា ពីព្រោះវាគ្រាន់តែសង្កត់ធ្ងន់ទៅលើមនុស្សនិងតម្លៃរបស់យើងប៉ុណ្ណោះ។ វាគ្រាន់តែជាការអនុវត្តព្រះគម្ពីរ ដែលលើកមនុស្សជាសំខាន់ ហើយមិនសូវចាប់អារម្មណ៍អំពីតម្លៃរបស់ព្រះជាម្ចាស់ មិនយកចិត្តទុកដាក់អំពីបន្ទុករបស់មនុស្សចំពោះព្រះជាម្ចាស់ ក្នុងនាមជាមនុស្សដែលត្រូវបានបង្កើតដូចរូបអង្គទ្រង់ទេ។ អត្ថន័យនៃការរស់នៅដូចរូបអង្គទ្រង់ ដែលយើងបានឃើញខាងលើ គឺទាក់ទងនឹងព្រះជាម្ចាស់។ ការចុះចូលចំពោះព្រះទាក់ទងជាមួយព្រះដោយយើងស្ដាប់តាមព្រះបន្ទូល ហើយរស់នៅតំណាងអោយព្រះជាម្ចាស់។ នៅពេលយើងដាក់ខ្លួនរបស់យើងនៅចំណុចកណ្តាល ហើយខ្វល់ខ្វាយច្រើនអំពីតម្លៃរបស់ខ្លួនឯងខ្លាំងជាងតម្លៃរបស់ព្រះជាម្ចាស់ នោះយើងធ្វើឲ្យខូចអត្ថន័យតាមព្រះគម្ពីរ។
៣. ព្រះជាម្ចាស់ប្រទានព្រះគម្ពីរដល់យើង ដែលបានកត់ត្រាគំនិតអស្ចារ្យផ្សេងៗអំពីព្រះជាម្ចាស់ និងសារ កំសាន្តចិត្តផងដែរ។ នេះហើយជាជំនឿរបស់មនុស្សដែលមិនជឿព្រះគម្ពីរ ប៉ុន្តែ គេប្រើ ព្រះគម្ពីរ (និងអះអាងថា គេបានជឿព្រះគម្ពីរ)។ មានទាំងអ្នកដឹកនាំក្រុមជំនុំជាច្រើនដែលមិន ជឿ ព្រះគម្ពីរ ប៉ុន្តែប្រើព្រះគម្ពីរ។ ពួកគេអាចនឹងប្រើ ព្រះគម្ពីរដើម្បីទទួលនិងបង្រៀនសារលើកកំសាន្តចិត្តខ្លះៗ ប៉ុន្តែមិនជឿអ្វីដែលព្រះគម្ពីរនិយាយ ឡើយ។ ឧទាហរណ៍អំពី៖ សេចក្តីក្រោធរបស់ព្រះជាម្ចាស់ និងស្ថាននរក ឬ អសីលធម៌ផ្លូវភេទ ឬ ការរៀបការ ការលែងលះ និងការរៀបការម្តងទៀត ឬ ការរួមភេទនៅផ្ទះ -ល- ។ ព្រះគម្ពីរមិនគ្រាន់តែកត់ត្រាគំនិតល្អរបស់មនុស្សអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែកត់ត្រាទាំងព្រះបន្ទូលព្រះជាម្ចាស់ដែលពេញដោយអំណាចផងដែរ។ ដូច្នេះ នៅពេលមនុស្សបដិសេធអ្វីមួយ ដែលព្រះគម្ពីរប្រកាស មានន័យថា គេបដិសេធអ្វីដែលជាព្រះបន្ទូលព្រះជាម្ចាស់ហើយគិតថា យោបល់របស់យើងល្អប្រសើរជាង។ ការមិនយកចិត្តទុកដាក់ចំពោះព្រះគម្ពីរគឺជាការមិនយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ ការជឿអ្វីដែលព្រះគម្ពីរប្រកាសគឺជាការជឿលើព្រះជាម្ចាស់ ហើយការស្តាប់បង្គាប់អ្វីដែលព្រះបន្ទូលប្រកាសគឺជាការស្តាប់បង្គាប់ព្រះជាម្ចាស់។
៤. ព្រះជាម្ចាស់ស្រលាញ់យុត្តិធម៌ និងមានមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្ស គឺយើងមិនត្រូវធ្វើអាក្រក់ដល់អ្នកដទៃទេ។ ម្តងទៀត នេះជាការពិត ប៉ុន្តែនៅពេលមនុស្សផ្ដោតលើការនេះ មានបញ្ហាកើតឡើងជារឿយៗគឺ នៅពេលមនុស្សបង្រៀនដូចនេះ ឬបានលឺសេចក្ដីបង្រៀនបែបនេះ គេអាចមានទស្សនៈយ៉ាងខុសអំពីបាបដោយគិតថា បាបគ្រាន់តែជាអំពើរបស់មនុស្សប្រឆាំងនឹងមនុស្សប៉ុណ្ណោះ។ យោងតាមទស្សនៈនេះ បាបគ្រាន់តែជាសកម្មភាពអសីលធម៌ប៉ុណ្ណោះ។ ជំនឿនេះបានបំភ្លេចទាំងស្រុងអំពីអ្វី ដែលព្រះជាម្ចាស់បានបង្រៀនអំពីបាបនៅក្នុងព្រះគម្ពីរ។ យោងតាមព្រះគម្ពីរ ខ្លឹមសារនៃអំពើបាបគឺជាការល្មើសទាស់ប្រឆាំងនឹងព្រះជាម្ចាស់ គឺបាបជាការបះបោរទាស់ប្រឆាំងព្រះជាម្ចាស់។ នៅពេលអ្នកណាម្នាក់បដិសេធអ្វីដែលព្រះបន្ទូលប្រកាស នេះគឺជាអំពើបាបរួចទៅហើយ ពីព្រោះយើងគិតថា យើងដឹងជាងព្រះជាម្ចាស់ ហើយគំនិតរបស់យើងប្រសើរជាងព្រះតំរិះទ្រង់ទៅទៀត។ នៅពេលយើងបំរើលុយលើសជាងព្រះជាម្ចាស់ នោះក៏ជាអំពើបាបដែរ។ ការថ្វាយបង្គំរូបព្រះជាអំពើបាប និងគួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ទោះបីជាពេលយើងធ្វើបាបប្រឆាំងអ្នកដទៃ នោះក៏យើងកំពុងធ្វើបាបប្រឆាំងព្រះជាម្ចាស់ផងដែរ (ឧទាហរណ៍ ទំនុកដំកើង ៥១:៤)។
បើសិនយើងគិតថា អំពើបាបគ្រាន់តែជាពេលធ្វើសកម្មភាពខុសឆ្គងប្រឆាំងអ្នកដទៃ ហើយបើសិនសេចក្តីបង្រៀនពីអំពើបាបគឺគ្រាន់តែអំពីសកម្មភាពខុសឆ្គងប្រឆាំងចំពោះអ្នកដទៃប៉ុណ្ណោះ នោះបង្ហាញថា យើងនៅឆ្ងាយពីព្រះជាម្ចាស់ ហើយយើងមិនយល់ពីអ្វី ដែលជាការធ្វើឲ្យទ្រង់មិនសព្វព្រះហឫទ័យនោះឡើយ។ លំដាប់បញ្ញត្ត១០ប្រការមានសារៈសំខាន់ខ្លាំងណាស់ គឺ វាចាប់ផ្តើមដោយបញ្ញត្តដែលយើងមិនត្រូវមាន ឬថ្វាយបង្គំរូបព្រះណាទៀតឡើយ។ នៅពេលមនុស្សមិនស្តាប់បង្គាប់បញ្ញត្តនេះ ដោយថ្វាយបង្គំរូបព្រះ នោះការនេះនាំមនុស្សឲ្យមិនគោរពបញ្ញត្តទាំងមូលផងដែរ។
៥. ព្រោះព្រះជាម្ចាស់ស្រលាញ់ពិភពលោក ទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ដើម្បីអោយទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវគេសង្កត់សង្កិនក្នុងពិភពលោកនេះ ហើយទុកអោយទ្រង់ធ្វើជាគំរូពីសេចក្តីស្រលាញ់ដែលយើងធ្វើតាម។ ម្តងទៀតនេះជាការពិត ប៉ុន្តែបើសិននេះជាអ្វីដែលយើងបញ្ជាក់ ពេលយើងនិយាយអំពីឈើឆ្កាង នោះយើងបានភ្លេចខ្លឹមសារនៃឈើឆ្កាងហើយ។ សំណួរដ៏សំខាន់មួយគឺ «ហេតុអ្វីព្រះយេស៊ូវត្រូវសុគតនៅលើឈើឆ្កាង?» សំណួរស្រដៀងគ្នាមួយទៀតគឺ «តើអ្វីដែលព្រះយេស៊ូវធ្វើសម្រេចនៅលើឈើឆ្កាង?» ចម្លើយដ៏ត្រឹមត្រូវចំពោះសំណួរនេះបានបែងចែករវាងជំនឿគ្រីស្ទបរិស័ទដ៏ពិត និងជំនឿខុសឆ្គង។ ចម្លើយត្រឹមត្រូវត្រូវតែរួមបញ្ចូលថា ព្រះជាម្ចាស់វិនិច្ឆ័យអំពើបាបដែលយើងមាន ហើយលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ព្រះជាម្ចាស់មានសេចក្តីក្រោធប្រឆាំងចំពោះអំពើបាប។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីទទួលទណ្ឌកម្មនៃអំពើបាបរបស់យើង ដើម្បីសេចក្តីក្រោធព្រះជាម្ចាស់ត្រូវបានរំសាយទៅ (រ៉ូម ៥:៩; ១ថែស្សាឡូនីច ១:១០)។ ប៉ុន្តែបើសិនមិនជឿនិងបង្រៀនសេចក្តីពិតខាងលើនេះទេ គឺគ្រាន់តែនិយាយថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបង្ហាញពី សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងផ្តល់ជាគំរូសម្រាប់យើងប្រព្រឹត្តតាម នោះក្រុមជំនុំនឹងត្រូវបិទទ្វាជាមិន ខាន។
៦. ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ម្តងទៀត សេចក្តីបង្រៀននេះត្រឹមត្រូវ ប៉ុន្តែយើងមិនត្រូវបែងចែកទំនាក់ទំនងនេះចេញពីព្រះបន្ទូលព្រះជាម្ចាស់ឡើយ គឺទាំងព្រះយេស៊ូវ(ដែលជាព្រះបន្ទូលព្រះជាម្ចាស់) និងទាំងព្រះគម្ពីរ (ដែលជាព្រះបន្ទូលព្រះដែលត្រូវបានកត់ត្រាចុះ)។ មានរបៀបជាច្រើនដែលមនុស្សធ្វើការនេះ (បែងចែកព្រះវិញ្ញាណបរិសុទ្ធពីព្រះបន្ទូល) ហើយនាំទៅការរកជំនឿក្លែងក្លាយ និងបំផ្លាញក្រុមជំនុំ។ ជាឧទាហរណ៍៖ មនុស្សម្នាក់ប្រហែលជាមិនសប្បាយចិត្តចំពោះប្ដីឬប្រពន្ធរបស់ខ្លួន ហើយចង់លែងលះគ្នា។ ពួកគេប្រហែលជានឹងគិតថា ពួកគេអាចបំរើព្រះល្អបានជាង បើសិនគេលែងលះគ្នា ហើយយកប្ដី ឬប្រពន្ធថ្មី។ ដូច្នេះពួកគេគិតថា «ព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំថា គឺខ្ញុំត្រូវលែងលះប្ដី/ប្រពន្ធរបស់ខ្ញុំ ហើយទៅរៀបការជាមួយមនុស្សម្នាក់នោះវិញ»។ ការនេះនឹងប្រឆាំងអ្វីដែលព្រះគម្ពីរប្រកាសនិងបើកសំដែងដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ គំនិតនេះប្រឆាំងនឹងអ្វីដែលព្រះវិញ្ញាណបរិសុទ្ធប្រកាសហើយ។ អ្វីដែលព្រះគម្ពីរប្រកាសគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធប្រកាសដែរ។ លើសពីនោះទៅទៀត ព្រះវិញ្ញាណបរិសុទ្ធមានតួនាទីក្នុងការធ្វើជាបន្ទាល់ពីព្រះយេស៊ូវដ៏ពិត។ នៅពេលដែលសាសនាដទៃនិយាយថា ពួកគេជឿលើព្រះយេស៊ូវ ប៉ុន្តែលក្ខណៈរបស់ព្រះយេស៊ូវនោះមានភាពខុសគ្នាពីព្រះយេស៊ូវ ដែលព្រះគម្ពីរបានសំដែង នោះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
៧. ព្រះយេស៊ូវនឹងយាងមកម្តងទៀតដើម្បីបង្កើតគ្រប់ទាំងអស់ជាថ្មីឥតខ្ចោះ។ ម្តងទៀត សេចក្តីបង្រៀននេះត្រឹមត្រូវ ប៉ុន្តែមិនមែនការទាំងអស់ដែលព្រះយេស៊ូវនឹងធ្វើ ពេលទ្រង់យាងត្រលប់មកវិញនោះទេ។ ព្រះគម្ពីរបាននិយាយលើសពីនេះទៀតអំពីការវិនិច្ឆ័យដែលនឹងមកដល់ នៅពេលព្រះយេស៊ូវយាងត្រលប់មកវិញ។ ព្រះ យេស៊ូវនឹងវិនិច្ឆ័យមនុស្សគ្រប់គ្នា និងបោះពួកអ្នកបះបោរចូលទៅក្នុងស្ថាននរក។ ប៉ុន្តែអ្នកខ្លះបានស្ងៀមស្ងាត់មិនបង្រៀនអំពីសេចក្តីនេះឡើយ គឺគិតតែបង្រៀនអ្វីដែលមនុស្សចង់លឺប៉ុណ្ណោះ ដូចជាព័ត៌មានកំសាន្តចិត្តអំពីពិភពលោកដ៏ឥតខ្ចោះមួយ។
ប្រវត្តិសាស្ត្រក្រុមជំនុំបានបង្ហាញប្រាប់យើងថា អស់អ្នក ដែលបង្រៀនតែសារដូចខាងលើ នឹងបំផ្លាញក្រុម ជំនុំ។ ក្រុមជំនុំនឹងស្ថិតស្ថេរត្រឹមមួយរយៈប៉ុណ្ណោះ ហើយអ្នកអាចធ្វើអោយពួកជំនុំលូតលាស់បានមួយរយៈទៀត ពីព្រោះមនុស្សចូលចិត្តអ្នកដឹកនាំ ដែលបង្រៀនតែសេចក្តីដែលគេចង់លឺ ប៉ុន្តែក្រោយមកក្រុមជំនុំនឹងត្រូវបិទទ្វា ហើយមនុស្សនៅក្នុងតំបន់នឹងធ្វើឲ្យមានការយល់ខុសកាន់តែខ្លាំងឡើងអំពីជំនឿគ្រីស្ទបរិស័ទនិងដំណឹងល្អ ហើយព្រះនាមព្រះគ្រីស្ទនឹងត្រូវបានបង្ខូច។ ពិតជាទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកដឹកនាំណា ដែលធ្វើការនេះ ដូច្នេះពួកគេត្រូវតែយល់ដឹងយ៉ាងច្បាស់ថា ការវិនិច្ឆ័យធំបំផុតនឹងធ្លាក់ទៅលើអស់អ្នកណាដែលបំផ្លាញក្រុមជំនុំរបស់ព្រះជាម្ចាស់។
Leave a Reply