ការ​ជឿជាក់​ផ្សេងៗ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​ Beliefs that destroy the church

Beliefs that destroy the church pdf download

ឧបមា​ថា អ្នក​ដឹកនាំ​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បង្រៀន​ថា​  ព្រះជាម្ចាស់​បង្កើត​ពិភពលោក​ ​ហើយ​ព្រះជាម្ចាស់​គឺ​ជា​សេចក្តី​ស្រលាញ់​ ហើយ​ទ្រង់​ស្រលាញ់​មនុស្ស​គ្រប់គ្នា​ទាំង​អស់។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​ ​ដែល​មាន​ន័យ​ថា​ យើង​មាន​តម្លៃ។ ព្រះជាម្ចាស់​ប្រទាន​ព្រះគម្ពីរ ​ដែល​កត់​ត្រា​អំពី​គំនិត​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះជាម្ចាស់​ និង​សារ​កំសាន្ត​ចិត្ត​ដល់​យើង​ផង​ដែរ។ ព្រះជាម្ចាស់​ស្រលាញ់​យុត្តិធម៌​ និង​មាន​មេត្តា​ករុណា​ ដូច្នេះ​យើង​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ គឺ​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​ដល់​អ្នក​ដទៃ​ណា​ឡើយ។ ព្រះជាម្ចាស់​ស្រលាញ់​ពិភពលោក​  ​បាន​ជា​ទ្រង់​ប្រទាន​ព្រះយេស៊ូវគ្រីស្ទ​អោយ​យាង​មក​សុគត​លើ​ឈើ​ឆ្កាង​ ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ គឺ​ទុក​អោយ​ទ្រង់​មាន​បទ​ពិសោធន៍​រងទុក្ខ​ជា​មនុស្ស ​ដែល​ត្រូវ​បាន​គេ​សង្កត់​សង្កិន​នៅ​ក្នុង​ពិភពលោក​នេះ​ ​ហើយ​និង​ទុក​អោយ​ទ្រង់​ធ្វើ​ជា​គំរូ​ពី​សេចក្តី​ស្រលាញ់​ ​ដើម្បី​អោយ​យើង​ប្រព្រឹត្ត    ​តាម។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះជាម្ចាស់​ ហើយ​ព្រះយេស៊ូវ​នឹង​យាង​មក​ម្តង​ទៀត ​ដើម្បី​បង្កើត​ពិភពលោក​ថ្មី​ដ៏​ឥត​ខ្ចោះ​មួយ។

តើ​អ្នក​គិត​យ៉ាង​ដូចម្តេច​អំពី​ការ​បង្រៀន​នេះ? តើ​ស្តាប់​ទៅ​វា​ពីរោះ​មែនទេ? តាម​ពិត​ នេះ​គឺ​ជា​សេចក្តី​បង្រៀន​ដែល​បាន​ជួយ​បំផ្លាញ​ក្រុម​ជំនុំ​ជា​ច្រើន​ក្នុង​ពិភពលោក។ ជា​រឿយ​ៗ​គេ​បាន​និយាយ​ថា ក្រុម​ជំនុំ​នៅ​លោក​ខាង​លិច​កំពុង​រួញ​ខ្លី​ និង​បិទ​ទ្វា។ តាម​ពិត​ទៅ​ ក្រុម​ជំនុំ​ខ្លះ​កំពុង​រីក​ចំរើន​ និង​ក្រុម​ជំនុំ​ខ្លះ​ទៀត​កំពុង​តែ​បិទ​ទ្វា​មែន។  តាម​ធម្មតា ​ក្រុម​ជំនុំ​ ដែល​កំពុង​តែ​បិទ​ទ្វា គឺ​ជា​ក្រុម​ជំនុំ​ដែល​មាន​សេចក្តី​ ដូច​បាន​សង្ខេប​ខាង​លើ​នោះ​ ហើយ​វា​ជា​សេចក្តី​បង្រៀន ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​របស់​ពួក​គេ។ សេចក្តី​បង្រៀន​នេះ​គឺ​កំពុង​បំផ្លាញ​ក្រុម​ជំនុំ​ជា​ច្រើន​ក្នុង​ពិភព​លោក​ទាំង​មូល​ មិន​មែន​តែ​ក្រុម​ជំនុំ​នៅ​លោក​ខាង​លិច​ប៉ុណ្ណោះ​ទេ។​

​នៅ​ក្នុង​ ១​កូរិនថូស​ ៣:១៦-១៧​ ប៉ុល​សរសេរ​ថា​ ប្រសិន​បើ​អ្នក​ណា​មួយ​បំផ្លាញ​ក្រុម​ជំនុំ​ ដែល​ជា​រូបកាយ​ និង​ជា​កូន​ក្រមុំ​របស់​ព្រះគ្រីស្ទ​ នោះ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​គេ។ (​នៅ​ក្នុង​ ១​កូរិនថូស​ ៣​ ប៉ុល​ប្រើប្រាស់​ពាក្យ «​ព្រះវិហារ​» ​ដើម្បី​សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​)។ ពេល​យើង​អាន​អំពី​មនុស្ស​ ដែល​ជា​អ្នក​បំផ្លាញ​ក្រុម​ជំនុំ​ ជា​រឿយ​ៗ​យើង​គិត​អំពី​អ្នក​មិន​ជឿ​ ដែល​ធ្វើ​ការ​បៀតបៀន​ និង​សង្កត់​សង្កិន​លើ​គ្រីស្ទបរិស័ទ។ ប៉ុន្តែ​នៅ​ក្នុង​ ១​កូរិនថូស​ ៣:១៦-១៧ ប៉ុល​កំពុង​សរសេរ​ទៅ​កាន់​គ្រីស្ទបរិស័ទ​ ​ហើយ​ព្រមាន​គ្រីស្ទបរិស័ទ​និង​អ្នក​ដឹកនាំ​គ្រីស្ទបរិស័ទ​ណា ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​ថា ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​ពួក​គេ។ ដូច្នេះ​ នេះ​ជា​បញ្ហា​មួយ ដែល​យើង​ត្រូវ​គិត​ឲ្យ​បាន      ​មធ្យ័ត។

​បើ​ដូច្នេះ​ តើ​អ្វី​ជា​កំហុស​ក្នុង​សេចក្តី​បង្រៀន​ខាង​លើ​នេះ? ​មនុស្ស​ ដែល​បញ្ឆោត​ខ្លួន​ដោយ​គិត និង​អះ​អាង​ថា ​គេ​ជឿ​ ប៉ុន្តែ​គេ​បដិសេធ​ចំពោះ​សេចក្តី​បង្រៀន​តាម​ព្រះ​គម្ពីរ​ អាច​ជឿ​ជាក់​លើ​គ្រប់​ទាំង​គំនិត​ខាង​លើ​នេះ។ ​នៅ​ក្នុង​ ២​ធីម៉ូថេ​ ៤:២-៣ ប៉ុល​សរសេរ​ថា​ «​ ចូរ​ឱ្យ​អ្នក​ផ្សាយ​ព្រះបន្ទូល​ចុះ​ ហើយ​ទទូច​ជំរុញ​ផង​ ទោះ​ត្រូវ​ពេល​ ឬ​ខុស​ក្តី​ ចូរ​រំឭក​គេ​ឱ្យ​ដឹង​ខ្លួន​ ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​ ដោយ​ចិត្ត​អត់ធ្មត់​ និង​សេចក្តី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង​ ដ្បិត​នឹង​មាន​គ្រា​មក​ ដែល​គេ​មិន​ទ្រាំទ្រ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹមត្រូវ​ទេ​ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់​ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឱ្យ​ត្រូវ​ចិត្ត​»។ គ្រូ​ខុស​ឆ្គង​ក៏​អាច​នៅ​ក្នុង​ក្រុមជំនុំ​ដែរ​ ហើយ​គេ​បង្រៀន​តែ​អ្វី​ដែល​មនុស្ស​ចង់​លឺ​ប៉ុណ្ណោះ។ សេចក្តី​បង្រៀន​ខាង​លើ​អាច​ជា​ការ​បង្រៀន​ដែល​មនុស្ស​ចង់​លឺ​ ​ហើយ​ខាង​ក្រោម​នេះ​បង្ហាញ​អំពី​ហេតុ​ផល​ ដែល​បញ្ជាក់​ថា សេចក្តី​បង្រៀន​នេះ​ខុស​ឆ្គង។

១. ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់​ហើយ​ទ្រង់​ស្រលាញ់មនុស្សគ្រប់គ្នា។  វា​ជា​ការ​ពិត​ដែល​ថា ​ព្រះជាម្ចាស់​ជា​សេចក្តី​ស្រលាញ់​ ​ហើយ​ទ្រង់​ស្រលាញ់​ពិភពលោក​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ   ​សេចក្តី​ពិត ​ដែល​ព្រះគម្ពីរ​បង្រៀន​អំពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ។ ព្រះគម្ពីរ​ក៏​បង្រៀន​ថា​ ព្រះជាម្ចាស់​បរិសុទ្ធ​ ​ទ្រង់​ស្អប់​អំពើ​បាប​ ​ហើយ​ថែម​ទាំង​ស្អប់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ ​(ទំនុកដំកើង​ ៥:៥)។ ព្រះគម្ពីរ​បង្រៀន​ថា​ ព្រះជាម្ចាស់​ពេញ​ដោយ​សេចក្តី​ក្រោធ​ប្រឆាំង​នឹង​ពិភពលោក​ដែល​បះបោរ​ប្រឆាំង​នឹង​ទ្រង់។ មាន​ខ​គម្ពីរ​រាប់​ពាន់​នៅ​ក្នុង​ព្រះគម្ពីរ​បង្រៀន​អំពី​សេចក្តី​ក្រោធ​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​អំពើ​បាប។ ពេល​ដែល​មនុស្ស​គ្រាន់​តែ​ជឿជាក់​ និង​បង្រៀនអំ​ពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​ជា​ម្ចាស់​ ​តែ​មិន​បង្រៀន​ថា ព្រះ​បរិសុទ្ធ​ហើយ​ទ្រង់​មាន​សេចក្តី​ក្រោធ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ​ នោះ​មាន​ន័យ​ថា​ ​អ្វី​ដែល​គេ​បង្រៀន​អំពី​ព្រះ​ជា​ម្ចាស់​មិន​ទៀង​ត្រង់​ឡើយ។ ចំពោះ​អ្នក​ដែល​ជឿ​ជាក់​លើ​ព្រះគម្ពីរ​តែ​ផ្នែក​ខ្លះ​ ដែល​សំដែង​អំពី​ព្រះជាម្ចាស់​ដែល​យើង​ចូលចិត្ត​ តែ​មិន​ជឿជាក់​លើ​ផ្នែក​ទាំង​អស់​នោះ​ទេ​ ​នោះ​គេ​មិនមែន​ជា​អ្នក​ជឿ​ពិត​ប្រាកដ​ឡើយ​ ប៉ុន្តែ​ទង្វើ​នេះ​គឺ​ជា​ការ​គោរព​រូប​ព្រះ​វិញ។ យើង​បាន​បង្កើត​ព្រះ​មួយ​តាម​គំនិត​របស់​យើង​តាម​ការ​ចូល​ចិត្ត​របស់​យើង​ ហើយ​នេះ​ជា​អំពើ​អាក្រក់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះជាម្ចាស់។ យើង​សន្មត​ហើយ​គិត​ថា​ថា​ ព្រះ​  ដែល​យើង​បង្កើត​តាម​អ្វី ​ដែល​យើង​ចូលចិត្ត​ ជា​ព្រះ​ល្អ​ប្រសើរ​ជាង​ព្រះ​ដ៏​ពិត​ ដែល​បាន​សំដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​គម្ពីរ។

២. ព្រះជាម្ចាស់បង្កើតមនុស្សដូចរូបអង្គទ្រង់ដែលមានន័យថាយើងមានតម្លៃ។  វា​ជា​ការ​ពិត​ដែល​ព្រះជាម្ចាស់​បង្កើត​យើង​ដូច​រូប​អង្គ​ទ្រង់​ ដូចនេះ​ហើយ​បាន​ជា​យើង​មាន​តម្លៃ​ ប៉ុន្តែ​បើ​យើង​គ្រាន់​តែ​អនុវត្តន៍​សេចក្ដី​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​អំពី ​«ដូច​រូប​អង្គ​ទ្រង់​» ដោយ​បង្រៀន​ថា «ដូច្នេះ​យើង​មាន​តម្លៃ​»​ នោះ​យើង​អាច​ធ្វើ​ឲ្យ​ខូច​អ្វី​ដែល​ជា​ការ​បង្រៀន​របស់​ព្រះ​គម្ពីរ​បាន​ ​ដោយ​ព្រោះ​មិន​យល់​អត្ថន័យ​ព្រះគម្ពីរ។ ការ​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​មាន​ន័យ​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ ​ដែល​រួម​បញ្ចូល​ទាំង​ន័យ​ថា​  (១) យើង​ជា​អ្នក​ត្រួតត្រា​លើ​ផែនដី​ដោយ​ចុះចូល​ចំពោះ​ព្រះជាម្ចាស់។ (២) យើង​មាន​សមត្ថភាព​លឺ​ព្រះបន្ទូល​ព្រះជាម្ចាស់​ គឺ​ទ្រង់​អាច​មាន​បន្ទូល​មក​យើង​ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ស្តាប់​ទ្រង់ ​ហើយ​ទុកចិត្ត​និង​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ដែល​ព្រះអង្គ​សំដែង។ (៣)​ លើ​ផែនដី​នេះ​យើង​តំណាង​ឲ្យ​ព្រះជាម្ចាស់។ ប៉ុន្តែ ​ចាប់​ពី​ការ​អ័ដាម​និង​អេវ៉ា​បាន​បះបោរ​មក​ លក្ខណៈ​ដូច​រូប​អង្គ​ទ្រង់​នៅ​ក្នុង​មនុស្ស​បាន​ខូច។ ព្រះយេស៊ូវ​គឺ​ជា​រូប​អង្គ​ព្រះជាម្ចាស់​ដ៏​ពិត​ទ្រង់​បាន​គ្រប់គ្រង​ដោយ​ចុះចូល​ ​ហើយ​នៅ​ពេល​អ្នកណា​ម្នាក់​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ​នោះ​រូបអង្គ​ព្រះជាម្ចាស់​នៅ​ក្នុង​ពួក​គេ​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ។ បើ​គ្រាន់​តែ​និយាយ​ថា ​«ព្រះជាម្ចាស់​បង្កើត​យើង​ដូច​រូប​អង្គ​ទ្រង់​ ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​តម្លៃ​» ​នោះ​ជា​បញ្ហា ​ពីព្រោះ​វា​គ្រាន់​តែ​សង្កត់​ធ្ងន់​ទៅ​លើ​មនុស្ស​និង​តម្លៃ​របស់​យើង​ប៉ុណ្ណោះ។ វា​គ្រាន់​តែ​ជា​ការ​អនុវត្ត​ព្រះ​គម្ពីរ ​ដែល​លើក​មនុស្ស​ជា​សំខាន់​ ហើយ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​តម្លៃ​របស់​ព្រះជាម្ចាស់ មិន​យក​ចិត្ត​ទុក​ដាក់​អំពី​បន្ទុក​របស់​មនុស្ស​ចំពោះ​ព្រះជាម្ចាស់ ​ក្នុង​នាម​ជា​មនុស្ស​ដែល​ត្រូវ​បាន​បង្កើត​ដូច​រូប​អង្គ​ទ្រង់​ទេ។ អត្ថន័យ​នៃ​ការ​រស់​នៅ​ដូច​រូប​អង្គ​ទ្រង់​ ដែល​យើង​បាន​ឃើញ​ខាង​លើ​ គឺ​ទាក់​ទង​នឹង​ព្រះជាម្ចាស់។ ការ​ចុះចូល​ចំពោះ​ព្រះ​ទាក់​ទង​ជា​មួយ​ព្រះ​ដោយ​យើង​ស្ដាប់​តាម​ព្រះបន្ទូល​ ហើយ​រស់​នៅ​តំណាង​អោយ​ព្រះជាម្ចាស់។ ​នៅ​ពេល​យើង​ដាក់​ខ្លួន​របស់​យើង​នៅ​ចំណុច​កណ្តាល​ ហើយ​ខ្វល់ខ្វាយ​ច្រើន​អំពី​តម្លៃ​របស់​ខ្លួន​ឯង​ខ្លាំង​ជាង​តម្លៃ​របស់​ព្រះជាម្ចាស់​ នោះ​យើង​ធ្វើ​ឲ្យ​ខូច​អត្ថន័យ​តាម​ព្រះ​គម្ពីរ។

៣. ព្រះជាម្ចាស់ប្រទានព្រះគម្ពីរដល់យើងដែលបានកត់ត្រាគំនិត​អស្ចារ្យ​ផ្សេងៗ​អំពីព្រះជាម្ចាស់និងសារ    កំសាន្តចិត្តផង​ដែរ។  នេះ​ហើយ​ជា​ជំនឿ​របស់​មនុស្ស​ដែល​មិន​ជឿ​ព្រះគម្ពីរ​ ​ប៉ុន្តែ​ គេ​ប្រើព្រះគម្ពីរ​ (និង​អះអាង​ថា​ គេ​បាន​ជឿ​ព្រះ​គម្ពីរ​)។ មាន​ទាំង​អ្នក​ដឹកនាំ​ក្រុម​ជំនុំ​ជា​ច្រើន​ដែល​មិន​ ជឿព្រះ​គម្ពីរ​ ប៉ុន្តែ​ប្រើ​ព្រះ​គម្ពីរ។ ពួក​គេ​អាច​នឹង​ប្រើ ព្រះ​គម្ពីរ​ដើម្បី​ទទួល​និង​បង្រៀន​សារ​លើក​កំសាន្ត​ចិត្ត​ខ្លះ​ៗ​ ប៉ុន្តែ​មិន​ជឿ​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​  ឡើយ។​  ឧទាហរណ៍​អំពី​៖  សេចក្តី​ក្រោធ​របស់​ព្រះជាម្ចាស់​ និង​ស្ថាន​នរក ឬ​ អសីលធម៌​ផ្លូវ​ភេទ​ ឬ​ ការ​រៀបការ​ ​ការ​លែងលះ​ និង​ការ​រៀបការ​ម្តង​ទៀត ឬ​ ការ​រួម​ភេទ​នៅ​ផ្ទះ​ -ល- ។ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​កត់​ត្រា​គំនិត​ល្អ​របស់​មនុស្ស​អំពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទេ​  ប៉ុន្តែ​កត់​ត្រា​ទាំង​ព្រះ​បន្ទូល​ព្រះជាម្ចាស់​ដែល​ពេញ​ដោយ​អំណាច​ផង​ដែរ។ ដូច្នេះ​ ​នៅ​ពេល​មនុស្ស​បដិសេធ​អ្វី​មួយ​ ដែល​ព្រះ​គម្ពីរ​ប្រកាស​ មាន​ន័យ​ថា គេ​បដិសេធ​អ្វី​ដែល​ជា​ព្រះបន្ទូល​ព្រះជាម្ចាស់​ហើយ​គិត​ថា​ យោបល់​របស់​យើង​ល្អ​ប្រសើរ​ជាង។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​គម្ពីរ​គឺ​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះជាម្ចាស់​ ការ​ជឿ​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រកាស​គឺ​ជា​ការ​ជឿ​លើ​ព្រះជាម្ចាស់​ ហើយ​ការ​ស្តាប់​បង្គាប់​អ្វី​ដែល​ព្រះបន្ទូល​ប្រកាស​គឺ​ជា​ការ​ស្តាប់​បង្គាប់​ព្រះជាម្ចាស់។​ ​

៤. ព្រះជាម្ចាស់ស្រលាញ់យុត្តិធម៌និងមានមេត្តាករុណាដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សគឺ​យើង​មិនត្រូវធ្វើអាក្រក់ដល់អ្នកដទៃទេ។ ម្តង​ទៀត​ នេះ​ជា​ការ​ពិត​ ប៉ុន្តែ​នៅ​ពេល​មនុស្ស​ផ្ដោត​លើ​ការ​នេះ​ មាន​បញ្ហា​កើត​ឡើង​ជា​រឿយ​ៗ​គឺ​ ​នៅ​ពេល​មនុស្ស​បង្រៀន​ដូច​នេះ​ ឬ​បាន​លឺ​សេចក្ដី​បង្រៀន​បែប​នេះ គេ​អាច​មាន​ទស្សនៈ​យ៉ាង​ខុស​អំពី​បាប​ដោយ​គិត​ថា​ បាប​គ្រាន់តែ​ជា​អំពើ​របស់​មនុស្ស​ប្រឆាំង​នឹង​មនុស្ស​ប៉ុណ្ណោះ។​ យោង​តាម​ទស្សនៈ​នេះ បាប​គ្រាន់តែ​ជា​សកម្មភាព​អសីលធម៌​ប៉ុណ្ណោះ។ ជំនឿ​នេះ​បាន​បំភ្លេច​ទាំង​ស្រុង​អំពី​អ្វី ​ដែល​ព្រះជាម្ចាស់​បាន​បង្រៀន​អំពី​បាប​នៅ​ក្នុង​ព្រះគម្ពីរ។ យោង​តាម​ព្រះ​គម្ពីរ ​ខ្លឹម​សារ​នៃ​អំពើ​បាប​គឺ​ជា​ការ​ល្មើស​ទាស់​ប្រឆាំង​នឹង​ព្រះជាម្ចាស់ ​គឺ​បាប​ជា​ការ​បះបោរ​ទាស់ប្រឆាំងព្រះជាម្ចាស់។ នៅ​ពេល​អ្នក​ណា​ម្នាក់​បដិសេធ​អ្វី​ដែល​ព្រះបន្ទូល​ប្រកាស​ នេះ​គឺ​ជា​អំពើ​បាប​រួច​ទៅ​ហើយ​  ​ពី​ព្រោះ​យើង​គិត​ថា​ យើង​ដឹង​ជាង​ព្រះជាម្ចាស់ ​ហើយ​គំនិត​របស់​យើង​ប្រសើរ​ជាង​ព្រះ​តំរិះ​ទ្រង់​ទៅ​ទៀត។ នៅ​ពេល​យើង​បំរើ​លុយ​លើស​ជាង​ព្រះជាម្ចាស់​ នោះ​ក៏​ជា​អំពើ​បាប​ដែរ។ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ជា​អំពើ​បាប​ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ព្រះជាម្ចាស់។ ទោះ​បី​ជា​ពេល​យើង​ធ្វើ​បាប​ប្រឆាំង​អ្នក​ដទៃ​ នោះ​ក៏​យើង​កំពុង​ធ្វើ​បាប​ប្រឆាំង​ព្រះ​ជា​ម្ចាស់​ផង​ដែរ​ (ឧទាហរណ៍​ ទំនុកដំកើង​ ៥១:៤)។

បើ​សិន​យើង​គិត​ថា​ អំពើ​បាប​គ្រាន់​តែ​ជា​ពេល​ធ្វើ​សកម្មភាព​ខុស​ឆ្គង​ប្រឆាំង​អ្នក​ដទៃ​ ​ហើយ​បើ​សិន​សេចក្តី​បង្រៀន​ពី​អំពើ​បាប​គឺ​គ្រាន់​តែ​អំពី​សកម្មភាព​ខុស​ឆ្គង​ប្រឆាំង​ចំពោះ​អ្នក​ដទៃ​ប៉ុណ្ណោះ​ នោះ​បង្ហាញ​ថា​ យើង​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ ​ហើយ​យើង​មិន​យល់​ពី​អ្វី​ ដែល​ជា​ការ​ធ្វើ​ឲ្យ​ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នោះ​ឡើយ។ លំដាប់​បញ្ញត្ត​១០​ប្រការ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ គឺ វា​ចាប់​ផ្តើម​ដោយ​បញ្ញត្ត​ដែល​យើង​មិន​ត្រូវ​មាន​ ឬ​ថ្វាយ​បង្គំ​រូប​ព្រះ​ណា​ទៀត​ឡើយ។ នៅ​ពេល​មនុស្ស​មិន​ស្តាប់​បង្គាប់​បញ្ញត្ត​នេះ ​ដោយ​ថ្វាយបង្គំ​រូប​ព្រះ​ នោះ​ការ​នេះ​នាំ​មនុស្ស​ឲ្យ​មិន​គោរព​បញ្ញត្ត​ទាំង​មូល​ផង​ដែរ។

៥. ព្រោះ​ព្រះជាម្ចាស់​ស្រលាញ់​ពិភពលោក​  ទ្រង់​ប្រទាន​ព្រះយេស៊ូវគ្រីស្ទ​មក​សុគត​លើ​ឈើ​ឆ្កាង​ ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ ដើម្បី​អោយ​ទ្រង់​មាន​បទ​ពិសោធន៍​រងទុក្ខ​ជា​មនុស្ស​ ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ក្នុង​ពិភពលោក​នេះ​ ​ហើយ​ទុក​អោយ​ទ្រង់​ធ្វើ​ជា​គំរូ​ពី​សេចក្តី​ស្រលាញ់​ដែល​យើង​ធ្វើ​តាម។  ម្តង​ទៀត​នេះ​ជា​ការ​ពិត​ ប៉ុន្តែ​បើ​សិន​នេះ​ជា​អ្វី​ដែល​យើង​បញ្ជាក់​ ពេល​យើង​និយាយ​អំពី​ឈើ​ឆ្កាង​ នោះ​យើង​បាន​ភ្លេច​ខ្លឹមសារ​នៃ​ឈើ​ឆ្កាង​ហើយ។ សំណួរ​ដ៏​សំខាន់​មួយ​គឺ​ «ហេតុ​អ្វី​ព្រះយេស៊ូវ​ត្រូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង?» សំណួរ​ស្រដៀង​គ្នា​មួយ​ទៀត​គឺ​ «តើ​អ្វី​ដែល​ព្រះយេស៊ូវ​ធ្វើ​សម្រេច​នៅ​លើ​ឈើ​ឆ្កាង?» ចម្លើយ​ដ៏​ត្រឹមត្រូវ​ចំពោះ​សំណួរ​នេះ​បាន​បែងចែក​រវាង​ជំនឿ​គ្រីស្ទបរិស័ទ​ដ៏​ពិត​ និង​ជំនឿ​ខុស​ឆ្គង។ ចម្លើយ​ត្រឹមត្រូវ​ត្រូវ​តែ​រួម​បញ្ចូល​ថា​ ព្រះជាម្ចាស់​វិនិច្ឆ័យ​អំពើ​បាប​ដែល​យើង​មាន​ ​ហើយ​លទ្ធផល​នៃ​អំពើ​បាប​គឺ​ជា​សេចក្តី​ស្លាប់។ ព្រះជាម្ចាស់​មាន​សេចក្តី​ក្រោធ​ប្រឆាំង​ចំពោះ​អំពើ​បាប។ ព្រះយេស៊ូវ​បាន​សុគត​លើ​ឈើ​ឆ្កាង ​ដើម្បី​ទទួល​ទណ្ឌកម្ម​នៃ​អំពើ​បាប​របស់​យើង​ ​ដើម្បី​សេចក្តី​ក្រោធ​ព្រះជាម្ចាស់​ត្រូវ​បាន​រំសាយ​ទៅ (រ៉ូម ៥:៩; ១ថែស្សាឡូនីច​ ១:១០)។ ប៉ុន្តែ​បើសិន​មិន​ជឿ​និង​បង្រៀន​សេចក្តី​ពិត​ខាង​លើ​នេះ​ទេ គឺ​គ្រាន់​តែ​និយាយ​ថា​ ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​បង្ហាញ​ពី​ សេចក្តី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ និង​ផ្តល់​ជា​គំរូ​សម្រាប់​យើង​ប្រព្រឹត្ត​តាម​ នោះ​ក្រុម​ជំនុំ​នឹង​ត្រូវ​បិទ​ទ្វា​ជា​មិន  ​ខាន។ ​

៦. ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះជាម្ចាស់។  ម្តង​ទៀត​ ​សេចក្តី​បង្រៀន​នេះ​ត្រឹមត្រូវ​ ប៉ុន្តែ​យើង​មិន​ត្រូវ​បែងចែក​ទំនាក់​ទំនង​នេះ​ចេញ​ពី​ព្រះបន្ទូល​ព្រះជាម្ចាស់​ឡើយ​ គឺ​ទាំង​ព្រះយេស៊ូវ​(ដែល​ជា​ព្រះ​បន្ទូល​ព្រះជាម្ចាស់​) និង​ទាំង​ព្រះគម្ពីរ​ (ដែល​ជា​ព្រះបន្ទូល​ព្រះ​ដែល​ត្រូវ​បាន​កត់​ត្រា​ចុះ​)។ មាន​របៀប​ជា​ច្រើន​ដែល​មនុស្ស​ធ្វើ​ការ​នេះ​ (​បែងចែក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះបន្ទូល​) ហើយ​នាំ​ទៅ​ការ​រក​ជំនឿ​ក្លែងក្លាយ​ និង​បំផ្លាញ​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍​៖ មនុស្ស​ម្នាក់​ប្រហែល​ជា​មិន​សប្បាយ​ចិត្ត​ចំពោះ​ប្ដី​ឬ​ប្រពន្ធ​របស់​ខ្លួន ​ហើយ​ចង់​លែងលះ​គ្នា។ ពួក​គេ​ប្រហែល​ជា​នឹង​គិត​ថា​ ពួក​គេ​អាច​បំរើ​ព្រះ​ល្អ​បាន​ជាង​ បើសិន​គេ​លែងលះ​គ្នា​ ​ហើយ​យក​ប្ដី​ ឬ​ប្រពន្ធ​ថ្មី។ ដូច្នេះ​ពួកគេ​គិត​ថា​ «ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា​ គឺ​ខ្ញុំ​ត្រូវ​លែងលះ​ប្ដី/​ប្រពន្ធ​របស់​ខ្ញុំ​ ​ហើយ​ទៅ​រៀបការ​ជា​មួយ​មនុស្ស​ម្នាក់​នោះ​វិញ​»។ ការ​នេះ​នឹង​ប្រឆាំង​អ្វី​ដែល​ព្រះគម្ពីរ​ប្រកាស​និង​បើក​សំដែង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ​គំនិត​នេះ​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកាស​ហើយ។ អ្វី​ដែល​ព្រះគម្ពីរ​ប្រកាស​គឺ​ជា​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកាស​ដែរ។ លើស​ពី​នោះ​ទៅ​ទៀត​ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ជា​បន្ទាល់​ពី​ព្រះយេស៊ូវ​ដ៏​ពិត។ ​នៅ​ពេល​ដែល​សាសនា​ដទៃ​និយាយ​ថា​ ពួក​គេ​ជឿ​លើ​ព្រះយេស៊ូវ​ ប៉ុន្តែ​លក្ខណៈ​របស់​ព្រះ​យេស៊ូវ​នោះ​មាន​ភាព​ខុស​គ្នា​ពី​ព្រះយេស៊ូវ​ ​ដែល​ព្រះគម្ពីរ​បាន​សំដែង​ នោះ​មិន​មែន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ។

៧. ព្រះយេស៊ូវ​នឹង​យាង​មក​ម្តង​ទៀត​ដើម្បី​បង្កើត​គ្រប់​ទាំង​អស់​ជា​ថ្មី​ឥត​ខ្ចោះ។ ម្តង​ទៀត​ សេចក្តី​បង្រៀន​នេះ​ត្រឹមត្រូវ​ ប៉ុន្តែ​មិន​មែន​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ​ ពេល​ទ្រង់​យាង​ត្រលប់​មក​វិញ​នោះ​ទេ។ ព្រះគម្ពីរ​បាន​និយាយ​លើស​ពី​នេះ​ទៀត​អំពី​ការ​វិនិច្ឆ័យ​ដែល​នឹង​មក​ដល់​ ​នៅ​ពេល​ព្រះយេស៊ូវ​យាង​ត្រលប់​មក​វិញ។ ព្រះ យេស៊ូវ​នឹង​វិនិច្ឆ័យ​មនុស្ស​គ្រប់គ្នា​ និង​បោះ​ពួក​អ្នក​បះបោរ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។ ​ប៉ុន្តែ​អ្នក​ខ្លះ​បាន​ស្ងៀមស្ងាត់​មិន​បង្រៀន​អំពី​សេចក្តី​នេះ​ឡើយ​ ​គឺ​គិត​តែ​បង្រៀន​អ្វី​ដែល​មនុស្ស​ចង់​លឺ​ប៉ុណ្ណោះ​ ដូច​ជា​ព័ត៌មាន​កំសាន្ត​ចិត្ត​អំពី​ពិភពលោក​ដ៏​ឥត​ខ្ចោះ​មួយ។​

ប្រវត្តិសាស្ត្រ​ក្រុម​ជំនុំ​បាន​បង្ហាញ​ប្រាប់​យើង​ថា​ អស់​អ្នក ​ដែល​បង្រៀន​តែ​សារ​ដូច​ខាង​លើ​ នឹង​បំផ្លាញ​ក្រុម​   ជំនុំ។ ក្រុម​ជំនុំ​នឹង​ស្ថិតស្ថេរ​ត្រឹម​មួយ​រយៈ​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​ធ្វើ​អោយ​ពួកជំនុំ​លូតលាស់​បាន​មួយ​រយៈ​ទៀត​ ​ពី​ព្រោះ​មនុស្ស​ចូលចិត្ត​អ្នក​ដឹកនាំ ​ដែល​បង្រៀន​តែ​សេចក្តី​ដែល​គេ​ចង់​លឺ​ ប៉ុន្តែ​ក្រោយ​មក​ក្រុម​ជំនុំ​នឹង​ត្រូវ​បិទ​ទ្វា​ ហើយ​មនុស្ស​នៅ​ក្នុង​តំបន់​នឹង​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស​កាន់​តែ​ខ្លាំង​ឡើង​អំពី​ជំនឿ​គ្រីស្ទបរិស័ទ​និង​ដំណឹង​ល្អ​ ​ហើយ​ព្រះ​នាម​ព្រះគ្រីស្ទ​នឹង​ត្រូវ​បាន​បង្ខូច។ ​ពិត​ជា​ទោស​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​អ្នក​ដឹកនាំ​ណា​ ដែល​ធ្វើ​ការ​នេះ​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​យល់​ដឹង​យ៉ាង​ច្បាស់​ថា​  ការ​វិនិច្ឆ័យ​ធំ​បំផុត​នឹង​ធ្លាក់​ទៅ​លើ​អស់​អ្នក​ណា​ដែល​បំផ្លាញ​ក្រុម​ជំនុំ​របស់​ព្រះ​ជា​ម្ចាស់។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top