ដានីយ៉ែល ៧ សុបិន​និមិត្ត​របស់​លោក​ដានីយ៉ែល​និង​នគរ​របស់​ព្រះជាម្ចាស់​ ​Daniel 7

Dan. 7 Daniel’s Vision and God’s Kingdom pdf download

ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ដានីយ៉ែល

អ្នក​និពន្ធ​ រុហ្វ លេភិឡារ

ដានីយ៉ែល​ ៧​ សំដែង​ពី​និមិត្ត​មួយ​យ៉ាង​អស្ចារ្យ​អំពី​ប្រវត្តិសាស្ត្រ​ពិភព​លោក​  និង​ផ្តល់​ឲ្យ​អ្នក​អាន​នូវ​គន្លឹះ ​ដើម្បី​អោយ​បាន​យល់​ប្រវត្តិសាស្ត្រ។  ទោះបី​ជា​យ៉ាង​ណា​ ជំពូក​នេះ​ ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​របៀប​មួយ​ដែល​ពិបាក​អាន​បន្តិច។ អក្សរសាស្ត្រ​ប្រភេទ​នេះ​បាន​ប្រើ​ និមិត្ត​រូប​ ពាក្យ​និយាយ​បញ្ឆៀង សេចក្ដីប្រឌិត ឃ្លា​ប្រស្នា​ និង​តួលេខ​ ដែល​មាន​ការ​ពិបាក​ក្នុង​ការ​កាត់​ស្រាយ។

បញ្ហា​មួយ​សម្រាប់​គ្រូ​អធិប្បាយ​គឺ ការ​រក​ផ្ទៃរឿង​មាន​សារ​ចំៗ​សម្រាប់​ជំពូក​នេះ​នៅ​ពេល​រៀបចំ​ការ​អធិប្បាយ​ចេញ​ពី​ ដានីយ៉ែល​ ៧ ​នេះ​ ហើយ​មិន​គ្រាន់​តែ​ចម្លង​ផ្ទៃរឿង​ពី​ដានីយ៉ែល​ ២​ ដែល​មាន​ការ​យល់​សប្តិ​អំពី​រូបចម្លាក់​ដ៏​មាន​តម្លៃ ដែល​ធ្វើ​ពី​លោហៈ​ តំណាង​ឲ្យ​នគរ​ទាំង​បួន។

បរិបទនិងអត្ថបទ

​យើង​ពិបាក​នឹង​អធិប្បាយ​អោយ​បាន​គ្រប់​ចំណុច​នៅ​ក្នុង​សេចក្តី​អធិប្បាយ​តែ​មួយ​នៅ​ក្នុង​ជំពូក​សំខាន់​នេះ​ណាស់​  ដូច្នេះ​យើង​អាច​អធិប្បាយ​សេចក្តី​អធិប្បាយ​ពីរ​ចេញ​ពី​ដានីយ៉ែល​ ៧ នេះ​បាន។ ​យើង​ពិត​ជា​អាច​ធ្វើ​បែប​នេះ​បាន ពី​ព្រោះ​ជំពូក​នេះ​មាន​ពីរ​ផ្នែក​យ៉ាង​ច្បាស់​លាស់​៖ (១) និមិត្ត​របស់​ដានីយ៉ែល​ និង​ការ​កាត់​ស្រាយ​សង្ខេប​របស់​ទេវតា ​(៧:១-១៨) និង​ការ​ស្នើសុំ​របស់​ដានីយ៉ែល​សម្រាប់​សេចក្តី​ «ពិត» អំពី​សត្វ​ធំ​ទី​បួន​ និង​ជា​ពិសេស​ស្នែង​តូច​ និង​ការ​កាត់​ស្រាយ​យ៉ាង​វែង​របស់​ទេវតា​(៧:១៩-២៨)។ ការ​អធិប្បាយ​ទី​មួយ​នឹង​ផ្ដោត​លើ​ប្រវត្តិសាស្ត្រ​នគរ​របស់​មនុស្ស​ជាតិ​ ​ចាប់​ពី​នគរ​បាប៊ីឡូន​ ដល់​ការ​យាង​មក​ដល់​នៃ​នគរ​របស់​ព្រះជាម្ចាស់​ ​ហើយ​ការ​អធិប្បាយ​ទី​ពីរ​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ថ្ងៃ​ចុង​ក្រោយ​ គ្រា​រងទុក្ខ​ចុង​ក្រោយ  ការ​វិនិច្ឆ័យ​របស់​ព្រះជាម្ចាស់​ និង​នគរ​របស់​ព្រះជាម្ចាស់។

ការ​និមិត្ត​ទាំង​បួន​ក្នុង​ដានីយ៉ែល​ ៧-១២​ មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ស្តេច​នៅ​ក្នុង​ ដានីយ៉ែល​ ៥-៦៖ ​ដានីយ៉ែល​បាន​ឃើញ​និមិត្ត​ទី​មួយ​នៅ​ឆ្នាំ​ដំបូង​នៃ​ស្តេច​បេលសាសារ ​(៧:១) ​បាន​ឃើញ​និមិត្ត​ទី​ពីរ​នៅ​ឆ្នាំ​៣​ ​នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​បេលសាសារ​ (៨:១) និមិត្ត​ទី​៣​ នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​នៃ​ដារីយុស ​(៩:១) និង​ការ​និមិត្ត​ទី​បួន​ នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​នៃ​ស៊ីរូស ​(១០:១)។ ជំពូក​ ១-៦​ បាន​ប្រកាស​ពី​អធិបតេយ្យភាព​របស់​ព្រះ​នៅ​ក្នុង​មធ្យោបាយ​ជាច្រើន​ផ្សេងៗ​ពី​គ្នា​ អំណាច​របស់​ទ្រង់​ក្នុង​ការ​ទម្លាក់​និង​លើក​ស្តេច​ឡើង ​(២:២១) និង​អំណាច​ទ្រង់​ក្នុង​ការ​សង្គ្រោះ​រាស្រ្ត​ស្មោះត្រង់​របស់​ទ្រង់។​

​នៅ​ក្នុង​ចំណោម​ដានីយ៉ែល​ ជំពូក​១-៦ ជំពូក​២ មាន​ទំនាក់​ទំនង​ជា​មួយ​ជំពូក​៧ ជាង​គេ ​ដែល​រៀប​រាប់​អំពី​ការ​យល់​សប្តិ​របស់​នេប៊ូក្នេសា​អំពី​រូបចម្លាក់​យ៉ាង​ធំ​មួយ ​ដែល​មាន​លោហៈ​បួន​យ៉ាង​តំណាង​ឲ្យ​នគរ​បួន។ ដូច្នេះ ​និមិត្ត​របស់​ដានីយ៉ែល​អំពី​សត្វ​ធំ​បួន​តំណាង​ឲ្យ​នគរ​ទាំង​បួន។ នគរ​ទាំង​បួន​នៅ​ក្នុង​និមិត្ត​របស់​ដានីយ៉ែល​ដូច​គ្នា​នឹង​នគរ​ទាំង​បួន​នៅ​ក្នុង​និមិត្ត​របស់​នេប៊ូក្នេសា ​គឺ​ចាប់​ផ្តើម​ដោយ​នគរ​នៃ​បាប៊ីឡូន​ និង​នគរ​ទី​បួន​តំណាង​ឲ្យ​នគរ​ចុង​ក្រោយ​ ​នៅ​មុន​នគរ​ព្រះជាម្ចាស់​ មក​ជំនួស​នគរ​មនុស្ស​ជាតិ​ទាំង​អស់។ ​អត្ថបទ​ទាំង​ពីរ​  បាន​ប្រកាស​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ស្ថិត​ស្ថេរ​ «អស់កល្ប» (២:៤៤; ៧:១៤, ២៧)។ ចំណុច​ខុស​គ្នា​សំខាន់​រវាង​ការ​បង្ហាញ​ប្រវត្តិសាស្ត្រ​ទាំង​ពីរ​គឺ​ទស្សនៈ​វិស័យ។ ដានីយ៉ែល​ ២ ពណ៌នា​នគរ​ទាំង​បួន​ចេញ​ពី​ទស្សនៈ​វិស័យ​មនុស្ស​ជាតិ​ ប៉ុន្តែ​ ដានីយ៉ែល​ ៧ ពណ៌នា​ពី​នគរ​ទាំង​បួន​ទស្សនៈ​វិស័យ​ព្រះជាម្ចាស់​៖ ​គឺ​អសីលធម៌​និង​ភាព​អាត្មា​និយម​បំផ្លាញ​មនុស្ស​ដទៃ​យ៉ាង​ឃោរឃៅ ដូច​ជា​សត្វ​មាន​អំណាច។ លើស​ពី​នោះ​ ដានីយ៉ែល​ ៧ ផ្តល់​ភាព​លម្អិត​យ៉ាង​ច្រើន​អំពី​នគរ​ទី​បួន ​(មាន​ស្នែង​ទាំង​១០​ និង​ស្នែង​តូច​) និង​អំពី​អស់​អ្នក​ដែល​ទទួល​នគរ​ព្រះជាម្ចាស់ ​(«១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» និង​ «ពួក​បរិសុទ្ធ​)។

ក្នុង​ដានីយ៉ែល​ ៧ យើង​ក៏​បាន​អាន​អំពី​ «១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» ទទួល​នគរ​១​ «ក៏​ស្ថិតស្ថេរ​នៅ​អស់កល្ប​ ឥត​ដែល​កន្លែង​បាត់​ឡើយ» (ខ ១៤) និង​ «ពួក​បរិសុទ្ធ​»​) បាន​ទទួល​រាជ្យ​ «នគរ​ដ៏​អស់​កល្ប​» (ខ ១៨)។ គំនិត​នេះ​ជាប់​ទាក់​ទង​ជាមួយ​ការ​សារភាព​របស់​នេប៊ូក្នេសា​  ដែល​ថា​ «រាជ្យ​ទ្រង់​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជា​និច្ច​» (៤:៣) និង​ការ​សារភាព​របស់​ដារីយុស​ ដែល​ថា​ «រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​» (៦:២៦)។

«បញ្ជី​ទាំង​ប៉ុន្មាន​» បាន​បើក​ឡើង​ហើយ ​(៧:១០) នឹង​សំគាល់​ម្តង​ទៀត​ក្នុង​ ដានីយ៉ែល​ ១២:១។ ក៏​មាន​ «ពួក​បរិសុទ្ធ» អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ «១ ខួប» «២ ខួប» និង​«កន្លះ​ខួប​» (៧:២៥) បាន​សំគាល់​ម្តង​ទៀត​ក្នុង​ ១២:៧ ជា​ «ជនជាតិ​បរិសុទ្ធ​» ជា​អស់​អ្នក​មាន​អំណាច​ ដែល​បែក​ខ្ទេច​ទៅ​ «១ ខួប» «២ ខួប» ហើយ​និង​ «កន្លះ​ខួប»។ ​  អ្នក​និពន្ធ​ប្រើ​ពាក្យ​ផ្ទួន​ទាំង​នេះ​ដើម្បី​ ​នាំ​អោយ​យើង​កាត់​ស្រាយ​និមិត្ត​នីមួយ​ៗ​ដោយ​មិន​ចែក​និមិត្ត​ទាំង​នោះ​ដាច់​ពី​គ្នា​  ប៉ុន្តែ​ដោយ​ពន្លឺ​សម្រាប់​អ្នក​បកស្រាយ​សប្តិ​អំពី​និមិត្ត​មុន​និង​និមិត្ត​ក្រោយ​មក​ទៀត។

ប្រភេទអក្សរសាស្ត្រ

ជា​ទូទៅ​ប្រភេទ​អក្សរសាស្ត្រ​នេះ (ដូច​កណ្ឌ​ដានីយ៉ែល​និង​កណ្ឌ​វិវរណៈ​) ​នៅ​ក្នុង​ព្រះគម្ពីរ​មាន​សារ​ចំនួន​បី​៖ (១) លើក​ទឹកចិត្ត​អ្នក​ដែល​រង​ការ​ជិះជាន់​ (២) ការ​ព្រមាន​ចំពោះ​អ្នក​ជិះជាន់​គេ​ និង​ (៣) ការ​ត្រាស់​ហៅ​អ្នក​ដែល​ទៅ​ជា​ខ្សោយ​រវាង​សេចក្តី​ពិត​របស់​ព្រះជាម្ចាស់​និង​ប្រាជ្ញា​មនុស្ស​ឲ្យ​មាន​ជំនឿ។ អក្សរសាស្ត្រ​ប្រភេទ​នេះ​ មិន​មាន​គោល​បំណង​សំដែង​ល្អិត​ល្អន់​អំពី​ព្រឹត្តិ​ការណ៍​ទាំង​អស់​ដែល​នឹង​កើត​ឡើង​ក្នុង​ពិភពលោក​ទេ​  ប៉ុន្តែ​ដើម្បី​ធានា​មនុស្ស​ជំនាន់​នេះ​ថា​  ព្រះជាម្ចាស់​នៅ​តែ​សោយរាជ្យ​ (ប្រៀប​ធៀប​ ដានីយ៉ែល​ ៧:១៨, ២១–២២, ២៧; ៨:២៥; ១២:១–៤) ហើយ​អនាគត​ពិត​ជា​នៅ​ក្នុង​កណ្តាប់​ព្រះហស្ត​របស់​ទ្រង់។ គ្រីស្ទបរិស័ទ​ដែល​មក​ពី​វប្បធម៌​ដូច​ជា​ប្រទេស​កម្ពុជា​ ដែល​ទៅ​រក​គ្រូ​ទាយ​អំពី​អនាគត​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​នៅ​ពេល​អាន​អត្ថបទ​ប្រភេទ​នេះ។ ជា​រឿយ​ៗ​មនុស្ស​ចង់​ដឹង​លម្អិត​ពី​អនាគត​  ដូច្នេះ​ពេល​គ្រីស្ទបរិស័ទ​អាន​អត្ថបទ​បែប​នេះ​  ពួក​គេ​អាច​គិត​ថា​ គេ​មាន​ចំណេះ​ដឹង​សំងាត់​អំពី​បច្ចុប្បន្ន​ភាព​ចំ​ៗ​ និង​ព្រឹត្តិការណ៍​អនាគត​ ប៉ុន្តែ​នេះ​មិនមែន​ជា​សារ​អត្ថបទ​ទេ។

«មាន​សត្វ​ធំ​៤​ ឡើង​ចេញ​ពី​សមុទ្រ​មក​» (ខ ៣)។ សត្វ​ធំ​ឡើង​មក​ពី​សមុទ្រ​តំណាង​អោយ​ភាព​ទាស់​ប្រឆាំង​នឹង​ព្រះជាម្ចាស់។​មួយ​ទៀត​យើង​ដឹង​ថា​ សត្វ​ធំ​នេះ​តំណាង​ឲ្យ​ភាព​ទាស់​ប្រឆាំង​ពីព្រោះ​ពួក​វា​ត្រូវ​បាន​ពណ៌នា​ជា​សត្វ​ចម្លែក​៖ សិង្ហ​ហើយ​មាន​ស្លាប​ជា​ឥន្ទ្រី​ ខ្លា​ឃ្មុំ​ ឈរ​ចំខែង​ពាំ​ឆ្អឹង​ជំនីរ​៣​ ខ្លារខិន​ឯ​នៅ​លើ​ខ្នង​វា​មាន​ស្លាប​៤​នៃ​សត្វ​ហើរ​ សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​មាន​ស្នែង​១០។ សត្វ​ចម្លែក​ទាំង​នោះ​ផ្ទុយ​ពី​ការ​បង្កើត​ដ៏​ល្អ​របស់​ព្រះ​ ពីព្រោះ​ព្រះ​បង្កើត​សព្វ​គ្រប់ «អាស្រ័យ​តាម​ប្រភេទ​របស់​វា​»។ យោង​តាម​ក្រិត្យវិន័យ​អំពី​សត្វ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​នៅ​ក្នុង​ លេវីវិន័យ​ ១១​ និង​ចោទិយកថា​ ១៤ សាសន៍​យូដា​នឹង​គិតថា ​សត្វ​ដែល​ជា​កូន​កាត់​ទាំង​ឡាយ​ (ដូច​ជា​សត្វ​ចម្លែក​នៅ​ក្នុង​និមិត្ត​នេះ) ជា​សត្វ​មិន​បរិសុទ្ធ។ សត្វ​ធំ​ទី​បួន​គឺ​អាក្រក់​ណាស់​ ដានីយ៉ែល​ឲ្យ​ឈ្មោះ​វា​ថា​ «សត្វ​គួរ​ស្ញែង​ខ្លាច ញញើត គួរ​សម្បើម​» ​មាន​ «ធ្មេញ​ដែក​ធំៗ​» «ស្នែង​១០​» (ខ ៧) និង​«ក្រចក​លង្ហិន​» (ខ ១៩)។

ដានីយ៉ែល​ពណ៌នា​ព្រះជាម្ចាស់​ជា​ «ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​» ដែល​មាន​ន័យ​ថា​ ព្រះជាម្ចាស់​ទ្រង់​គង់​នៅ​ស្ថិតស្ថេរ​អស់កល្ប។ ដានីយ៉ែល​ពណ៌នា​ពី​បុគ្គល​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ​ ព្រះពស្ត្រ​ទ្រង់​ «ស​ស្គុស​ដូច​ហិមៈ​» និង​ ព្រះ​កេស​នៅ​ព្រះ​សិរ​ទ្រង់ ​«ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត​» (ខ ៩)។ ពណ៌​ស​មាន​ន័យ​ថា​ព្រះជាម្ចាស់​គឺ​បរិសុទ្ធ​ (ប្រៀបធៀប​ អេសាយ​ ១:១៨)។ ដានីយ៉ែល​ពណ៌នា​រូបភាព​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ជា​ «អណ្តាត​ភ្លើង​» ហើយ​«កង់​នៃ​បល្ល័ង្ក​» ក៏​ «ឆេះ​ជា​ភ្លើង​»  (ខ.៩ ប្រៀប​ធៀប​ អេសេគាល​ ១:១៣–២១, ២៧)។ ភ្លើង​ក៏​តំណាង​អោយ​ភាព​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ផង​ដែរ (ឧទាហរណ៍​ និក្ខមនំ​ ៣:២; ដានីយ៉ែល​ ៧:១០)។ ដោយ​សារ​ភ្លើង​  ទ្រង់​អាច​វិនិច្ឆ័យ​មនុស្ស​មាន​បាប​បាន​ (ដានីយ៉ែល​ ៧:១១)។ សូម្បី​តែ​ភ្លើង​របស់​ទ្រង់​ក៏​អាច​សំអាត​និង​បន្សុទ្ធ​រាស្រ្ត​របស់​ទ្រង់​បាន​ដែរ​ ​(សាការី​ ១៣:៩; ម៉ាឡាគី​ ៣:២–៣; ប្រៀប​ធៀប​ ១កូរិនថូស​ ៣:១១–១៥)។ «កង់​បល្ល័ង្ក​» ប្រាប់​ឲ្យ​ដឹង​ថា​ រាជ្យ​ព្រះជាម្ចាស់​គឺ​មិន​នៅ​តែ​មួយ​កន្លែង​ទេ  ប៉ុន្តែ​អាច​មាន​វត្តមាន​នៅ​កន្លែង​ផ្សេង​ៗ​បាន​ផង​ដែរ។

ដានីយ៉ែល​បាន​ពណ៌នា​អំពី​តួ​អង្គ​សំខាន់​មួយ​ទៀត​គឺ​ «១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» និង ​«យាង​មក​ក្នុង​ពពក​ព្ធដ៏​អាកាស​» (ខ ១៣)។ ដោយ​ហេតុ​ថា​ សញ្ញា​ចាស់​ពណ៌នា​ព្រះជាម្ចាស់ ​«គង់​លើ​ពពក​» (ឧទាហរណ៍​ ទំនុកដំកើង​ ៦៨:៤; ១០៤:៣; អេសាយ​ ១៩:១) «១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» នេះ​គឺ​ពិត​ជា​ព្រះ។ ព្រះ​នេះ​មាន​រូបរាង​ដូច​ជា​មនុស្ស​ ​និង​ទទួល​បាន «អំណាច​គ្រប់គ្រង​និង​សិរីល្អ​ ព្រម​ទាំង​មាន​រាជ្យ​ផង​» ​ហើយ​ក៏​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច​ (ខ ១៤)។

ពាក្យ​ផ្ទួន

មាន​ពាក្យ​មួយ​ចំនួន​ ជា​ពាក្យ​ផ្ទួន​គ្នា​ដូច​ជា​«សត្វ​ទី​បួន​» (ខ. ៧, ១៩, ២៣) «ស្នែង​ ១០» (ខ ៧, ២០, ២៤) «ស្នែង​តូច​១» (ខ. ៨, ១១, ២០, ២១, ២៤, ២៥) «ពួក​បរិសុទ្ធ​» (ខ. ១៨, ២២, ២៥, ២៧) និង​ «នគរ​» ចុង​ក្រោយ​ (ខ. ១៤, ១៨, ២២, ២៧)។ ពាក្យ​ផ្ទួន​បង្ហាញ​ពី​ផ្ទៃ​រឿង​សំខាន់​នៃ​ជំពូក​គឺ​ ការ​រងទុក្ខ​និង​ជ័យជំនះ​របស់​ពួក​បរិសុទ្ធ។

ពាក្យ​ផ្ទួន ​ដែល​សំខាន់​ជាង​នេះ ​ដើម្បី​ជួយ​យើង​អោយ​មើល​ឃើញ​ពី​ផ្ទៃរឿង​អត្ថបទ​គឺ​ ចំនួន​ប្រាំពីរ​ដង​នៃ​ពាក្យ​ផ្ទួន​ «អំណាច​គ្រប់គ្រង​» (ខ ៦, ១២, ១៤ [ពីរ​ដង], ២៦, ២៧ [ពីរ​ដង])។ រឿង​កាល​ពី​ដំបូង​បង្ហាញ​ថា​ «អំណាច​គ្រប់គ្រង​» អស់កល្ប​ជា​និច្ច​គឺ​ជា​កម្មសិទ្ធិ​ព្រះជាម្ចាស់ ​(៤:៣, ៣៤; ៦:២៦) ប៉ុន្តែ​ទ្រង់​ផ្តល់​ «អំណាច​គ្រប់គ្រង​» ដល់​ស្តេច​ជា​មនុស្ស​ ​(៤:២២)។ ដានីយ៉ែល​ ៧ ប្រកាស​ថា​ ព្រះជាម្ចាស់​ផ្តល់ ​«អំណាច​គ្រប់គ្រង​» ដល់​ស្តេច​ទី​បី​ (៧:៦) ប៉ុន្តែ​ព្រះជាម្ចាស់​បន្ថែម​ថា ​ទ្រង់​នឹង​ដក​ «អំណាច​គ្រប់គ្រង​» ចេញ​ពី​នគរ​នេះ ​(៧:១២, ២៦) និង​ផ្តល់​ «អំណាច​គ្រប់គ្រង​អស់កល្ប​» ​ដល់​«១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» (៧:១៤) និង ​«ពួក​បរិសុទ្ធ​» (៧:២៧)។ អត្ថបទ​នេះ​រំលឹក​បី​ដង​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ «ពួក​បរិសុទ្ធ​» (៧:១៨, ២២, ២៧)។

ការកាត់ស្រាយនិមិត្តរូប

ដោយ​សារ​តែ​មាន​ការ​ជំទាស់​ជា​ច្រើន​ពី​ការ​កាត់​ស្រាយ​និមិត្ត​រូប​នៅ​ក្នុង​ ដានីយ៉ែល​ ៧ យើង​ត្រូវ​ការ​ចំណាយ​ពេល​ខ្លះ​នៅ​ទីនេះ​ ដើម្បី​ស្វែងយល់​អំពី​រូបភាព​មួយ​ចំនួន​សិន។

​  ការ​ផ្តល់​អត្តសញ្ញាណ​ដល់​សត្វ​ទី​បួន​គឺ​សំខាន់​បំផុត​ក្នុង​ការ​ផ្តល់​អត្តសញ្ញាណ​តួ​អង្គ​មួយ​ចំនួន​នៅ​ទី​នេះ។ តើ​វា​ជា​នគរ​ក្រេក​ ឬ​ជា​ចក្រភព​រ៉ូម?  ការ​កាត់​ស្រាយ​របស់​យើង​អំពី​សត្វ​ទី​បួន​នឹង​មាន​ឥទ្ធិពល​លើ​ការ​កាត់​ស្រាយ​អំពី​សត្វ​ទីមួយ​ដល់​ទី​បី។ ដូច្នេះ ដំបូង​យើង​ត្រូវ​ពិភាក្សា​អំពី​អត្តសញ្ញាណ​នៃ​ «សត្វ​ទី​បួន​» បន្ទាប់​ទៀត​ យើង​នឹង​រៀន​អំពី​អត្តសញ្ញាណ​នៃ ​«ស្នែង​តូច​» «១អង្គ​ដូច​ជា​មនុស្ស​ជាតិ​» (៧:១៤) និង ​«ពួក​បរិសុទ្ធ​»។

សត្វធំបួន

ទេវតា​កាត់​ស្រាយ​ប្រាប់​ដានីយ៉ែល​ថា​ សត្វ​ធំ​បួន​គឺ​ជា​ ​«ស្តេចបួន​អង្គ​ដែល​នឹង​ត្រូវ​ដក​ចេញ​ពី​ផែនដី។ ប៉ុន្តែ​ពួក​បរិសុទ្ធ​…នឹង​ទទួល​រាជ្យ​» (៧​:១៧-១៨)។ ​នៅ​ក្នុង​ ខ ២៣ ទេវតា​ពន្យល់​ថា ​សត្វ​ធំ​ទាំង​បួន​ (ស្តេច) ជា​នគរ​ទាំង​បួន។ ដូច្នេះ​សំនួរ​គន្លឹះ​គឺ​ តើ​អត្តសញ្ញាណ​នៃ​នគរ​ទាំង​បួន​នេះ​ជា​អ្វី? អ្នក​ដែល​បដិសេធ​ហើយ​មិន​ជឿ​ថា​ ដានីយ៉ែល​អាច​ប្រាប់​ពី​អនាគត​ នោះ​គេ​ជឿ​ថា​ ដានីយ៉ែល​ ៧ ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៦៧​ មុន​ គ.ស. ក្នុង​រជ្ជកាល​  Antiochus IV គេ​ប្រកែក​ថា ​នគរ​ទី​បួន​គឺ​ជា​ក្រេក។ ដោយ​ហេតុ​ថា​ នគរ​ទី​មួយ​គឺ​ជា​បាប៊ីឡូន​ នោះ​នគរ​ទាំង​បួន (យោង​តាម​ទ្រឹស្ដី​នេះ) ​ត្រូវ​តែ​ជា​សាសន៍​បាប៊ីឡូន​ មេឌី​ ពើស៊ី​ និង​ក្រេក។

មាន​បញ្ហា​មួយ​ចំនួន​ជា​មួយ​ការ​កាត់​ស្រាយ​នេះ។ ទីមួយ​ ការ​សន្មត​ថា​ដានីយ៉ែល​ ៧ ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​ ១៦៧ មុន​ គ.ស​ គឺ​ខុស។ ទីពីរ​ តាម​ប្រវត្តិសាស្ត្រ​ មេឌី​ មិន​ដែល​ជំនួស​បាប៊ីឡូន​ទេ​ ប៉ុន្តែ​ នគរ​មេឌី​បាន​បញ្ចូល​គ្នា​ជា​មួយ​នគរ​ពើស៊ី (ក្រោម​អំណាច​របស់​ពើស៊ី) កាល​ពី​ដប់មួយ​ឆ្នាំ​មុន​ចក្រភព​ មេឌី​-ពើស៊ី ឈ្នះ​និង​ជំនួស​ចក្រភព​បាប៊ីឡូន។ ដូច្នេះ ​ទ្រឹស្ដី​នេះ​មាន​តែ​បី​នគរ​ មិន​មែន​បួន​ទេ។

ចំណុច​ខ្សោយ​ទី​៣​ជាមួយ​ការ​កាត់​ស្រាយ​នេះ​គឺ​ ដានីយ៉ែល​ ៧:៥ ពណ៌នា​ពី​សត្វ​ធំ​ទី​២​ ដូច​ជា​ «ខ្លា​ឃ្មុំ​ ក៏​ឈរ​ចំខែង​»។ រូបភាព​នេះ​ត្រូវ​នឹង​ ចក្រភព​  មេឌី​-ពើស៊ី​ ពីព្រោះ​ពេល​មេឌី​ និង​ពើស៊ី​បញ្ចូល​គ្នា​ជា​ចក្រភព​តែ​មួយ ពើស៊ី​ខ្លាំង​ជាង។ មាន​ការ​ប្រកាស​ដូច​គ្នា​ផង​ដែរ​ ដែល​គាំទ្រ​ការ​កាត់​ស្រាយ​ដែល​ថា សត្វ​ទី​បី​តំណាង​អោយ​មេឌី​-ពើស៊ី ​នៅ​ក្នុង​ ដានីយ៉ែល​ ៨:៣ កន្លែង​ដែល​ដានីយ៉ែល​ឃើញ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ «ស្នែង​មួយ​វែង​ជាង​មួយ​ទៀត​» ទេវតា​កាព្រីយ៉ែល​ ឲ្យ​អត្តសញ្ញាណ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ជា​ «ស្តេច​សាសន៍​មេឌី​ និង​សេ្តច​សាសន៍​ពើស៊ី​» (៨:២០) នោះ​ជា​អាណាចក្រ​  មេឌី​-ពើស៊ី​ ​ដែល​ពើស៊ី​ជា​ស្នែង​វែង។

ទី​បួន​ ក្នុង​ដានីយ៉ែល​ ៧:៦ នគរ​ទី​៣​ ខ្លារខិន ចេញ​មក​មាន ​«ក្បាល​បួន​»។ ស្រដៀង​នឹង​ពពែ​ឈ្មោល​ ៨:៥ ចេញ​មក​ជាមួយ​ «ស្នែងបួន​» (៨:៨)។ ហើយ​នៅ​ក្នុង​ ដានីយ៉ែល​ ១១:៣-៤ ស្តេច​មួយ​ខ្លាំង​ពូកែ​ «នគរ​ទ្រង់​នឹង​ត្រូវ​បែក​ខ្ញែក​ទៅ​ឯ​ខ្យល់​លើ​អាកាស​ទាំង​បួន ទិស​»។ ពពែ​ឈ្មោល​នៅ​ក្នុង​កណ្ឌ​ដានីយ៉ែល​ ៨ និង​នគរ​នៅ​ក្នុង​ ១១:៣-៤ តំណាង​ឲ្យ​ចក្រភព​ក្រេក​ ដែល​ត្រូវ​បាន​ឡើង​ដោយ​ អាឡិចសាន់ឌើ​បង្កើត​ឡើង។ ដូច្នេះ​នគរ​ទី៣​ នៅ​ក្នុង​ដានីយ៉ែល​ ៧ ​ដែល​តំណាង​ដោយ​ខ្លារខិន ​ត្រូវ​តែ​ជា​ចក្រភព​ក្រេក។ នគរ​សាសន៍​ពើស៊ី​មិន​ដែល​បែងចែក​ទៅ​ជា​ «បួន ក្បាល» ​ទេ ប៉ុន្តែ​នគរ​ក្រេក​ត្រូវ​បាន​បែងចែក​ជា​បួន។

ការ​កាត់​ស្រាយ​ឲ្យ​បាន​ល្អ​ ​ទាម​ទារ​អោយ​យើង​ត្រូវ​មើល​ដោយ​ល្អិត​ល្អន់​ចំពោះ​និមិត្ត​របស់​ដានីយ៉ែល​ទាំង​ស្រុង និង​ចំពោះ​ដំណើរ​ពេលវេលា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​៖ នគរ​ជោគជ័យ​ទាំង​បួន​របស់​មនុស្ស​ដែល​ទី​បញ្ចប់​នឹង​ត្រូវ​ជំនួស​ដោយ​នគរ​ព្រះជាម្ចាស់។ នគរ​ទីមួយ​ជា​បាប៊ីឡូន​ (៦០៥-៥៣៩ មុន គ.ស) ត្រូវ​បាន​ជំនួស​ដោយ​នគរ​មេឌី​-ពើស៊ី (៥៣៩-៣៣១ មុន គ.ស) ដែល​ត្រូវ​បាន​ជំនួស​ដោយ​នគរ​ក្រេក។ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ទាំង​មូល​  មាន​នគរ​របស់​មនុស្ស​ជាតិ​តែ​មួយ​ប៉ុណ្ណោះ​ ដែល​នៅ​សល់​ហើយ​អាច​ក្លាយ​ជា​នគរ​ទី​បួន​បាន​ ហើយ​នោះ​គឺ​ជា​ រ៉ូម។ នៅ​ក្នុង​រជ្ជកាល​អាណាចក្រ​រ៉ូម​ នគរ​ព្រះជាម្ចាស់​បាន​មក​ ហើយ​នឹង​មក​ដល់។

ការ​កាត់​ស្រាយ​នេះ​ត្រូវ​គ្នា​នឹង​ការ​កាត់​ស្រាយ​របស់​យើង​អំពី​លោហៈ​ធាតុ​ទាំង​បួន​/នគរ​ក្នុង​ ដានីយ៉ែល​ ២។ វា​ក៏​ស៊ីគ្នា​ទៅ​នឹង​ការ​ផ្តល់​អត្តសញ្ញាណ​របស់​កាព្រីយ៉ែល​ក្នុង​ដានីយ៉ែល​ ៨:២០-២១ គឺ​ មេឌី​-ពើស៊ី​ និង​ក្រេក​ ។ ហើយ​ការ​កាត់​ស្រាយ​នេះ​ស៊ីគ្នា​នឹង​កណ្ឌ​សញ្ញា​ថ្មី​ ​ពីព្រោះ​ក្នុង​រជ្ជកាល​នៃ​ចក្រភព​រ៉ូម​ ព្រះយេស៊ូវ​បាន​ប្រសូត​មក​និង​ចាប់​ផ្តើម​ប្រកាស​ថា​ «ពេល​វេលា​បាន​សម្រេច​ហើយ​  នគរ​ព្រះ​បាន​ជិត​មក​ដល់​ហើយ​» (ម៉ាកុស​ ១:១៥)។

លើស​ពី​នេះ​ទៅ​ទៀត​ បើ​យើង​គិត​អំពី​ការ​ពណ៌នា​ពី​សត្វ​ធំ​ទាំង​បួន ​នោះ​ការ​កាត់​ស្រាយ​នេះ​ក៏​សមរម្យ​ប្រសើរ​ជាង។ សត្វ​ធំ​ទី​មួយ​ «ជា​សិង្ហ​ហើយ​មាន​ស្លាប​ជា​ឥន្ទ្រី​» (៧:៤)។ ហោរ៉ា​ក្នុង​សញ្ញា​ចាស់​ប្រៀបធៀប​ស្តេច​ នេប៊ូក្នេសា ​(នៃ​បាប៊ីឡូន) ទៅ​នឹង​សិង្ហ ​(ឧទាហរណ៍​ យេរេមា​ ៤:៧; ៥០:១៧, ៤៤) ​ហើយ​ទៅ​នឹង​ទេវតា​មួយ​អង្គ (ឧទាហរណ៍​ យេរេមា​ ៤៨:៤០; អេសេគាល​ ១៧:៣)។ ដូច្នេះ​ សត្វ​ទី​មួយ​តំណាង​ឲ្យ​បាប៊ីឡូន​ ដែល​ជា​ក្បាល​មាស​ក្នុង​និមិត្ត​របស់​នេប៊ូក្នេសា​ (ដានីយ៉ែល​ ២:៣៨)។​

សត្វ​ធំ​ទី​ពីរ​«មាន​សណ្ឋាន​ជា​ខ្លា​ឃ្មុំ​…

ឈរ​ចំខែង​» (៧:៥)។ ផ្នែក​មួយ​នៃ​ខ្លា​ឃ្មុំ​ខ្ពស់​ជាង​ ឬ​វែង​ជាង​ អាច​ចង្អុល​បង្ហាញ​ថា​ ខ្លាឃ្មុំ​តំណាង​អោយ​អាណាចក្រ ​ដែល​មាន​ពីរ​ផ្នែក ​ហើយ​ផ្នែក​មួយ​ខ្លាំង​ជាង​ផ្នែក​មួយ​ទៀត។ បើ​ដូច្នេះ​  មាន​ចំណែក​ពីរ​ជា​មេឌី​ និង​ពើស៊ី​ និង​ផ្នែក​ខាង​ខ្ពស់​ជា​និមិត្តរូប​នៃ​ពើស៊ី​ បាន​ឡើង​តំណែង​ខ្ពស់​ជាង​គេ​ក្នុង​សម្ព័ន្ធ។ ការ​កាត់​ស្រាយ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​ ដានីយ៉ែល​ ៨​ ជា​កន្លែង​ដែល​ដានីយ៉ែល​ឃើញ​ចៀម​ឈ្មោល​៖ មាន​ស្នែង​២​ ហើយ​ស្នែង​ទាំង​២​ក៏​វែង​ មាន​តែ​១​វែង​ជាង​ ឯ​ស្នែង​១​ដែល​វែង​ជាង​បាន​ដុះ​ឡើង​ជា​ក្រោយ​ (៨:៣)។ ម្តង​ទៀត​ អាណាចក្រ​បាន​បង្កើត​ឡើង​ជា​ពីរ​ផ្នែក។ ទេវតា​កាព្រីយ៉ែល​បាន​ផ្តល់​អត្តសញ្ញាណ​នៃ​ចក្រភព​នេះ​ដល់​ដានីយ៉ែល​ថា «ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​ឯង​បាន​ឃើញ​ នោះ​គឺ​ជា​ស្តេច​មេឌី​ និង​ស្តេច​ពើស៊ី​» (៨:២០)។

សត្វ​ធំ​ទី​បី​ មាន​សណ្ឋាន​ «ជា​ខ្លារខិន​ មាន​ស្លាប​បួន​នៃ​សត្វ​ហើរ​…ក៏​មាន​ក្បាល​បួន​ដែរ​» (៧:៦)។ ខ្លារខិន​ជា​សត្វ​មួយដែល​រហ័ស។ ប៉ុន្តែ​ដោយ​បន្ថែមស្លាប​បួន​ទៀត​ ​នោះ​សត្វ​នេះ​ពិត​ជា​លឿន​ណាស់។ សត្វ​ដ៏​លឿន​នេះ​តំណាង​ឲ្យ​អាឡិចសាន់ឌើ​ ​ ពីព្រោះ​ទ្រង់​បាន​ច្បាំង​ដណ្តើម​យក​តំបន់​យ៉ាង​ធំ​ក្នុង​ពិភពលោក​យ៉ាង​លឿន​បំផុត។ ក្នុង​អំឡុង​ពេល​ដប់​ឆ្នាំ​ (មុន​មាន​អាយុ​៣២​ឆ្នាំ) អាឡិចសាន់ឌើ​ បាន​ច្បាំង​យក​ចក្រភព​ មេឌី​-ពើស៊ី​ ឆ្ពោះ​ទៅ​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា។ ដូច្នេះ​ សត្វ​ធំ​ទី​បី​គឺ​ជា​នគរ​ក្រេក។

ការ​កាត់​ស្រាយ​នេះ​បាន​បញ្ជាក់​ដោយ​ប្រវត្តិសាស្ត្រ​ថា​ ​អាឡិចសាន់ឌើ​ ពិត​ជា​បាន​សុគត​ពេល​មាន​វ័យ​ក្មេង​មែន​ ហើយ​បន្ទាប់​មក​ចក្រភព​ក្រេក​បាន​បែកចែក​ជា​ «បួន ក្បាល​» (៧:៦) បួន​ចំណែក​ ​ដែល​ចំណែក​នីមួយ​ៗ​ គ្រប់គ្រង​ដោយ​ញាតិវង្ស​របស់​អាឡិចសាន់ឌើ។ ការ​ផ្តល់​អត្តសញ្ញាណ​ដល់​ក្រេក​ជា​សត្វ​ធំ​ទី​បី​ត្រូវ​បាន​អះអាង​ថែម​ទៀត​ក្នុង​ដានីយ៉ែល​ ៨ (៨:៥, ៨, ២១)។

សត្វ​ធំ​ទី​បួន​មិន​ដូចជាសត្វ​ទាំង​បី​ទៀត​នោះ​ទេ។ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ទាហាន​រ៉ូម​បាន​ចេញ​ទៅ​ពាសពេញ​តំបន់​ដ៏​ធំ​ ហើយ​បង្ខិតបង្ខំ​មនុស្ស​នៅ​ក្នុង​អាស៊ី​ អាហ្រ្វិក​ និង​អឺរ៉ុប​អោយ​ចុះចូល​ចំពោះ​សេសារ​នៃ​ទីក្រុង​រ៉ូម។ សត្វ​ចម្លែក​នោះ​ «ផ្សេង​ពី​អស់​ទាំង​សត្វ​ដែល​មក​ជា​មុន​នោះ​» (៧:៧ ខ)។ រ៉ូម​ជា​ចក្រភព​សកល​ទី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បុរាណ​នៃ​ពិភពលោក។ រ៉ូម​មាន​អំណាច​យ៉ាង​ខ្លាំង​ក្នុង​ការ​ច្បាំង​ដណ្តើម​និង​កំទេច​តំបន់​ជា​ច្រើន​ ​ហើយ​អាច​ក្តោប​ក្តាប់​អំណាច​បាន​យ៉ាង​យូរ​អង្វែង។

សត្វ​ធំ​ទី​បួន​មាន​ «ស្នែង​១០» (ខ ៧)។ ស្នែង​១០​ នេះ​បាន​មក​ដល់​បន្ទាប់​ពី​សម័យ​រីក​ចម្រើន​បំផុត​របស់​រ៉ូម​ ​ពីព្រោះ​ទេវតា​ប្រកាស​ថា​៖ «ស្នែង​ទាំង​១០​ នោះ​គឺ​នឹង​មាន​ស្តេច​១០​អង្គ​ កើត​ឡើង​ពី​នគរ​នោះ​» (ខ ២៤)។ ​ចក្រភព​ក្រេក​បាន​បែងចែក​ជា​៤ក្បាល​ បន្ទាប់​ពី​ឈាន​ដល់​កម្រិត​កំពូល​ ដូច​គ្នា​ដែរ ​រ៉ូម​នឹង​បាក់បែក​ជា​ស្តេច​១០​អង្គ​ ឬ​ជា​នគរ​១០​ បន្ទាប់​ពី​វា​ឡើង​ដល់​កម្រិត​កំពូល។ ចំនួន​លេខ​ «១០» ​ប្រហែល​ជា​ប្រើ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ភាព​ពេញលេញ​ (ប្រៀបធៀប​ «១​ជា​១០​សួន​» ក្នុង​ ១:២០)។ ដូច្នេះ​ នគរ​រ៉ូម​នឹង​បន្ត​ជាមួយ​នគរ​ចំនួន​លេខ​ពេញលេញ​ ដែល​មាន​ភាព​ងាយ​ផុយ​ស្រួយ​ បន្ទាប់​ពី​ធ្លាក់​ចុះ​ពី​រជ្ជកាល​ដ៏​មាន​អំណាច​បំផុត​របស់​គេ។ បន្ទាប់​ពី​នោះ​ យោង​តាម​ ៧:២៤ «នឹង​មាន​១​ទៀត​កើត​ឡើង​  ដែល​នឹង​ប្លែក​ពី​មុន​ៗ​» នេះ​ជា​ស្នែង​តូច​១។

ស្នែងតួច

«ស្នែង​តូច​១» នេះ​ខុស​ពី ​«ស្នែង​១​» ​នៅ​ក្នុង​ដានីយ៉ែល​៨។  ស្នែង​១​នៅ​ក្នុង​ដានីយ៉ែល​៨ ជា​ស្នែង​១​ ចេញ​មក​ពី​ស្នែង​ បួន (៨:៩) ពី​នគរ​ក្រេក​ (៨:២១) ស្នែង​តូច​នៅ​ក្នុង​ដានីយ៉ែល​ ៧​ ចេញ​មក​ពី​ក្នុង​ចំណោម​ស្នែង​ ១០​ ដែល​សល់​ពី​ស្នែង​សត្វ​ធំ​ទី​បួន​ និង​គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច​ (៧:៧-៨)។

ខុស​ពី​ សត្វធំ​ បួន ស្នែង​តូច​ត្រូវ​បាន​ពណ៌នា​ជា​ មនុស្សជាតិ​ មាន «ភ្នែក​ដូច​ជា​ភ្នែក​នៃ​មនុស្ស​…ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ​» (៧:៨, ២០)។ ប្រហែល​ស្នែង​តូច​នេះ​តំណែង​អោយ​អ្វី​មួយ ​ដែល​ចង់​បំផ្លាញ​នគរ​ព្រះជាម្ចាស់​ ប៉ុន្តែ​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​លើ​ស្នែង​តូច​នេះ។ យោង​តាម​ ៧:២៦-២៧ ស្នែង​តូច​ប្រហែល​ជា​នឹង​មក​ក្នុង​គ្រា​ចុង​ក្រោយ​បំផុត គឺ​មក​នៅ​មុន​ថ្ងៃ​វិនិច្ឆ័យ​ចុង​ក្រោយ​និង​ការ​មក​ដល់​នគរ​ដ៏​អស់កល្ប​របស់​ព្រះជាម្ចាស់។ បើ​សិន​ដូច្នេះ​ ស្នែង​តូច​នេះ​អាច​ជា​មនុស្ស ​ដែល​ប៉ុល​បាន​ហៅ​ថា​ «មនុស្ស​ដែល​ជា​តួ​បាប​» («​មេ​ប្រឆាំង​សាសនា» ​[គខប] ២ថែស្សាឡូនីច​ ២:៣) ​ហើយ​យ៉ូហាន​បាន​ហៅ​ថា​ «ពួក​ទទឹង​នឹង​ព្រះគ្រីស្ទ​» (​មេ​ប្រឆាំង​ព្រះគ្រិស្ត [គខប]) (១យ៉ូហាន​ ២:១៨, ២២; ៤:៣; ២យ៉ូហាន​ ៧)។ សូម​មើល​ផង​ដែរ​ ២ថែស្សាឡូនីច​ ២:៧-៨។

១អង្គដូចជាមនុស្សជាតិ​ (កូនមនុស្ស​)

ភាសា​ដើម​អារាមិក​ក្នុង​ ដានីយ៉ែល​ ៧:១៣ ប្រកាស​ថា​ «១អង្គ​ដូច​ជា​កូន​មនុស្ស​» និង​មាន​ន័យ​ថា​ «១អង្គ​ដូច​ជា​មនុស្ស​ជាតិ​»។ កូន​មនុស្ស​បាន​មក​ «ក្នុង​ពពក​ដ៏​អាកាស​» ដែល​ខុស​គ្នា​ពី​សត្វ​ធំ​ទាំង​បួន ​ដែល​បាន​ចេញ​មក​ពី​ សមុទ្រ (៧:៣) សមុទ្រ​នៅ​ក្នុង​ព្រះគម្ពីរ​ជា​និមិត្ត​សញ្ញា​តំណាង​អោយ​ភាព​វឹកវរ។ ហោរ៉ា​និង​អ្នក​និពន្ធ​ទំនុក​តម្កើង​ផ្តល់​រូបភាព​ព្រះជាម្ចាស់​គង់​លើ​ពពក​ (សូម​មើល អេសាយ​ ១៩:១; ទំនុកដំកើង​ ៦៨:៤; ១០៤:៣ ប្រៀប​ធៀប​ ទំនុកដំកើង​ ១៨:៩–១២)។ ដូច្នេះ​ ពពក​បង្ហាញ​ថា ​បុត្រ​មនុស្ស​នេះ​គឺ​ជា​ព្រះ។ «នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​ មាន​អំណាច​គ្រប់គ្រង​ និង​សិរីល្អ​ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង​ ដើម្បី​ឲ្យ​បណ្តា​ជន​ទាំង​ឡាយ​ សាសន៍​ដទៃ​ និង​មនុស្ស​គ្រប់​ភាសា​ បាន​គោរព​ដល់​ទ្រង់​ ឯ​អំណាច​គ្រប់គ្រង​របស់​ទ្រង់​នោះ​ ក៏​ស្ថិតស្ថេរ​ នៅ​អស់កល្ប​ឥត​ដែល​កន្លែង​បាត់​ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​ផង​» (៧:១៤)។ សត្វ​ធំ​តំណាង​ឲ្យ​ស្តេច​គ្រប់គ្រង​លើ​នគរ​មនុស្ស​ជាតិ​ (៧:១៧) ដូច​គ្នា​ដែរ​ ​«១​អង្គ​ជា​កូន​មនុស្ស​» នឹង​ក្លាយ​ជា​ស្តេច​គ្រប់គ្រង​លើ​នគរ។ ទ្រង់​នឹង​ទទួល​អំណាច​គ្រប់គ្រង​បន្ទាប់​ពី​ព្រះជាម្ចាស់​វិនិច្ឆ័យ​នគរ​មនុស្ស (៧:១១-១២)។  ប៉ុន្តែ​នគរ​ទ្រង់​ខុស​ពី​នគរ​មនុស្ស​ជាតិ​ ​ពី​ព្រោះ​ទ្រង់​«មាន​អំណាច​គ្រប់គ្រង​ ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​ជា​និច្ច​» ​ហើយ​នគរ​ទ្រង់​ «នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​» (៧:១៤)។ ព្រះយេស៊ូវ​បាន​ហៅ​អង្គ​ទ្រង់​ថា​ «​កូន​មនុស្ស​» («បុត្រ​មនុស្ស»​ [គខប]) ដើម្បី​បង្ហាញ​ថា​ ទ្រង់​ជា​អង្គ ​ដែល​ត្រូវ​បាន​ពណ៌នា​នៅ​ក្នុង​ ដានីយ៉ែល​ ៧ (ឧទាហរណ៍​ ម៉ាកុស​ ១៤:៦១–៦២)។

ពួកបរិសុទ្ធ

ពួក​បរិសុទ្ធ​នៅ​ក្នុង​ ដានីយ៉ែល​ ៧:១៨, ២២, ២៥, និង​ ២៧ សំដៅ​ទៅ​កាន់​ពួក​បរិសុទ្ធ​របស់​ព្រះ (​សូម​មើល​ ទំនុកដំកើង​ ១៦:៣; ៣៤:៩)។ នៅ​ក្នុង​ ៧:២៥ និង​ ១២:៧ «ពួក​បរិសុទ្ធ​» ត្រូវ​គេ​បៀតបៀន​ «១ខួប​, ២ខួប, និង​ កន្លះ​ខួប​» ប៉ុន្តែ​គេ​នឹង​ទទួល​រាជ្យ​  ហើយ​ពួក​គេ​គ្រង​ព្រះរាជ្យ​ដ៏​ស្ថិត​នៅ​អស់កល្ប​ជានិច្ច ​(៧:១៨, ២២, ២៧)។ សូម​មើល ម៉ាថាយ​ ៥:៣, ៥; ២៥:៣១, ៣៤; លូកា​ ២២:២៩–៣០; កូល៉ុស​ ១:១៣; វិវរណៈ​ ១:៦)។

ព្រះជាម្ចាស់

​សេចក្តី​លម្អិត​ក្នុង​និមិត្ត​បង្ហាញ​ថា​  ព្រះជាម្ចាស់​គ្រប់គ្រង​លើ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស។ ទ្រង់​ផ្តល់​អំណាច​ដល់​ស្តេច​ផ្សេង​ៗ​ ទ្រង់​ដក​អំណាច​ពី​ស្តេច​វិញ​ និង​វិនិច្ឆ័យ​នគរ​ទាំង​ឡាយ។ ទោះ​បី​ជា​នគរ​នោះ​បៀតបៀន​  រាស្រ្ត​ព្រះជាម្ចាស់ ​ក៏​នគរ​នោះ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់​ដែរ។ ព្រះជាម្ចាស់​ផ្តល់​ភាព​ធំ​ឧត្តម​និង​អំណាច ​ដែល​ស្ថិត​ស្ថេរ​អស់កល្ប​ជា​និច្ច​ ដល់​បុត្រ​មនុស្ស។

ផ្ទៃរឿងនិងគោលដៅនៃអត្ថបទ

ផ្ទៃរឿង​ជំពូក​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ផ្ទៃរឿង​នៃ​ដានីយ៉ែល​ ២ ដែល​និទាន​សប្តិ​អំពី​រូប​លោហៈ​មួយ​យ៉ាង​ធំ​  ដែល​បាន​ទម្លាក់​ចុះ​មក​ដោយ​ថ្ម​មួយ។ ដើម្បី​មាន​លំដាប់​ផ្ទៃរឿង​ខុស​គ្នា​សម្រាប់​អត្ថបទ​នេះ​ យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​របៀប​ខុស​គ្នា​រវាង​ដានីយ៉ែល​ ៧ និង​ដានីយ៉ែល​ ២។ នគរ​ទី​បួន​ត្រូវ​បាន​ពណ៌នា​យ៉ាង​លម្អិត​នៅ​ក្នុង​ដានីយ៉ែល​ ៧ សត្វ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​មាន​ស្នែង​១០​ ហើយ​បន្ទាប់​មក​មាន​លេច​ឡើង​នូវ​ស្នែង​តូច​១​ «មាន​ភ្នែក​ដូច​ជា​មនុស្ស​ជាតិ​… និង​មាត់​កំពុង​ពោល​យ៉ាង​ធំ​» (៧:៨)។ ក្នុង​ជំពូក​ ៧​ និមិត្ត​បង្ហាញ​ថា​ ព្រះជាម្ចាស់​ទ្រង់​គង់​លើ​រាជ្យ​វិនិច្ឆ័យ​ដោយ​ព្រះអង្គ​ផ្ទាល់​ បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ ហើយ​សត្វ​កាច​សាហាវ​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ (៧:៩-១២)។ បន្ទាប់​មក​  ថ្ម​បាន​ក្លាយ​ជា​ភ្នំ​ធំ​អស្ចារ្យ​ហើយ​បំពេញ​ផែនដី​ទាំង​មូល​ (២:៣៥) អង្គ​១​ ដូច​ជា​កូន​មនុស្ស​ យាង​មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ​ និង​ទទួល​នគរ​អស់កល្ប​ជា​និច្ច​ (៧:១៣-១៤)។ ដូច្នេះ​ជំពូក​នេះ​ផ្ដោត​លើ១​អង្គ​ជា​មនុស្ស​ជាតិ ​ដែល​ទទួល​នគរ​អស់កល្ប​របស់​ព្រះជាម្ចាស់។ ជំពូក​នេះ​ក៏​មាន​សេចក្តី​លម្អិត​អំពី​ស្នែង​តូច​ ដែល​តំណាង​អោយ​ស្ដេច ​ដែល​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ហើយនឹង​ជិះជាន់​សង្កត់សង្កិន​ប្រជារាស្ត្រ​បរិសុទ្ធ​របស់​ព្រះ​ផង​ដែរ។ គេ​មើល​ទៅ​ដូច​ជា​ស្តេច​នេះ​ឈ្នះ​សង្គ្រាម ប៉ុន្តែ​ព្រះជាម្ចាស់​ធ្វើ​អន្តរាគមន៍​ យាង​គង់​វិនិច្ឆ័យ​ និង​បំផ្លាញ​ការ​គ្រប់គ្រង​អាក្រក់​ទាំង​អស់ ​(៧:២១–២២, ២៥–២៦)។ បន្ទាប់​មក​ព្រះជាម្ចាស់​ផ្តល់​នគរ​ដ៏​អស់កល្ប​ដល់​រាស្រ្ត​ទ្រង់ (៧:១៨, ២២, ២៧)។ ដូច្នេះ​យើង​អាច​និយាយ​ពី​ផ្ទៃរឿង​នៃ​ដានីយ៉ែល​ ៧​ ថា​ បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញអ្នកគ្រប់គ្រងដែលរឹងទទឹងព្រះជាម្ចាស់នឹងផ្តល់នគរដ៏អស់កល្បអោយបុត្រមនុស្សនិងរាស្រ្តរបស់​ទ្រង់។

យើង​ត្រូវ​តែ​ចងចាំ​ថា​ សារ​នេះ​ផ្តល់​ជា​ដំបូង​ដល់​រាស្រ្ត​ព្រះជាម្ចាស់ ​ដែល​បាន​រងទុក្ខ​ក្នុង​ការ​និរទេស​ ​ហើយ​រស់​នៅ​ឆ្ងាយ​ពី​ទឹកដី​សន្យា។ ពួក​គេ​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​បាន​បោះបង់​ពួក​គេ​ចោល​ ​ហើយ​គេ​បាន​អស់​សេចក្តី​សង្ឃឹម។ គោលដៅ​និង​សារ​គឺ​ដើម្បី​ ​ធានារាស្រ្តព្រះជាម្ចាស់ថា ព្រះដ៏ជាមហាក្សត្រទ្រង់គ្រប់គ្រងអាណាចក្រអាក្រក់ហើយពេលចុងបញ្ចប់នឹងផ្តល់នគរដ៏អស់កល្បដល់រាស្រ្តរបស់ទ្រង់តាមរយៈបុត្រាដ៏ជាព្រះរបស់ទ្រង់។

មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ

«កូន​មនុស្ស​» សំដៅ​យ៉ាង​ច្បាស់​ទៅ​កាន់​ព្រះគ្រីស្ទ​និង​សេចក្តី​យោង​នៅ​ក្នុង​សញ្ញា​ថ្មី​  ​ដែល​បាន​កត់​ទុក​ខាង​លើ​ ផ្តល់​ឲ្យ​មធ្យោបាយ​យ៉ាង​ច្បាស់​ក្នុង​ការ​អធិប្បាយ​ពី​ព្រះគ្រីស្ទ។ ​តាមរយៈ​ការ​ធ្វើ​ដូច្នេះ​ អ្វី​ដែល​យើង​ចង់​បញ្ជាក់​ពី​ព្រះគ្រីស្ទ​គឺ​ថា​ ទ្រង់​នឹង​វិនិច្ឆ័យ​គ្រប់​គ្នា​ ទ្រង់​ឈ្នះ​អំណាច​ទាំង​អស់​នៅ​លើ​ផែនដី​ ​ហើយ​នគរ​ទ្រង់​ស្ថិត​ស្ថេរ​អស់កល្ប​ជា​និច្ច។ ​ការ​បញ្ជាក់​នេះ​មាន​សារៈ​សំខាន់​ ​ពី​ព្រោះ​វា​បង្ហាញ​អំពី​ឧត្តម​ភាព​របស់​ព្រះយេស៊ូវ។ ជា​ញឹកញាប់​ណាស់ ​មនុស្ស​ជឿ​លើ​ព្រះយេស៊ូវ​ដ៏​តូច មិន​មែន​ព្រះយេស៊ូវ​ដ៏​ឧត្តម​នោះ​ទេ​ ឧទាហរណ៍​ គេ​ជឿ​ព្រះយេស៊ូវ​ជា​មិត្ត​របស់​ខ្ញុំ​ ព្រះយេស៊ូវ​ជា​អ្នក​ដែល​ជួយ​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ​ ព្រះយេស៊ូវ​ជា​បុគ្គល​អស្ចារ្យ​ម្នាក់​ និង​ជា​គ្រូបង្រៀន​ ប៉ុន្តែ​ព្រះយេស៊ូវ​អស្ចារ្យ​ជាង​នេះ​ឆ្ងាយ​ណាស់។ ​នៅ​ពេល​យើង​អធិប្បាយ​ពី​អត្ថបទ​នេះ​ យើង​ចង់​ឲ្យ​មនុស្ស​កោតខ្លាច​និង​គោរព​ឧត្តម​ភាព​របស់​ព្រះយេស៊ូវ។ សិទ្ធិ​អំណាច​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី​គឺ​ជា​មូលដ្ឋាន​សម្រាប់​បេសកកម្ម​របស់​យើង​ (ម៉ាថាយ​ ២៨:១៨-២០)​ ដើម្បី​បង្កើតសិស្ស​គ្រប់​ទាំង​សាសន៍។ ជា​រឿយ​ៗ ​គ្រីស្ទបរិស័ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យក​ពាក្យ​ពី​គម្ពីរ​ម៉ាថាយ​ ២៨​ ដែល​ជា​បង្គាប់​ដល់​យើង ​ដើម្បី​បង្កើត​សិស្ស​គ្រប់​ទាំង​សាសន៍​ ប៉ុន្តែ​គេ​ភ្លេច​ខ​ដែល​មាន​មុន​ដែល​ប្រាប់​ពី​សិទ្ធិ​អំណាច​របស់​ព្រះយេស៊ូវ​លើ​ផែនដី។ បើ​សិន​យើង​មិន​បញ្ជាក់​ថា ​យើង​គួរ​ឲ្យ​កោតខ្លាច​សិទ្ធិ​អំណាច​របស់​ព្រះយេស៊ូវ​នោះ​ទេ​ នោះ​យើង​មិនមែន​បង្កើត​សិស្ស​សម្រាប់​ព្រះយេស៊ូវ​ទេ​  ប៉ុន្តែ​យើង​ប្រើ​ព្រះយេស៊ូវ ​ដើម្បី​អោយ​ការ​រស់នៅ​របស់​យើង​រីក​ចំរើន​វិញ។ នេះ​ជា​ការ​អាក្រក់​ចំពោះ​ព្រះជាម្ចាស់។ ដូច្នេះ​ដានីយ៉ែល​ ៧ គឺ​ជា​ជំពូក​សំខាន់ ​ដើម្បី​អធិប្បាយ​បង្ហាញ​អំពី​ឧត្តម​ភាព​នៃ​ព្រះយេស៊ូវ។

ការវិវឌ្ឍន៍តាមរយៈប្រវត្តិសាស្ត្រ​៖ សារ​សម្រាប់​ដានីយ៉ែល​និង​អ៊ីស្រាអែល​នៅ​ក្នុង​ការ​និរទេស​គឺ​ ព្រះជាម្ចាស់​នឹង​ប្រទាន​នគរ​ដ៏​អស់កល្ប​របស់​ទ្រង់​អោយ​បុត្រ​មនុស្ស​ដ៏​ជា​ព្រះ​និង​រាស្រ្ត​របស់​ព្រះជាម្ចាស់។ សម្រាប់​ពួក​គេ ​ការ​សម្រេច​សេចក្ដី​សន្យា​នេះ​នៅ​តែ​ស្ថិត​ក្នុង​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ។ លើស​ពី​នេះ​ អាណាចក្រ​កាច​សាហាវ​ ត្រូវ​លើក​ឡើង​និង​ធ្លាក់ចុះ​មុន​ពេល​ព្រះជាម្ចាស់​ទ្រង់​នឹង​បំផ្លាញ​អ្នក​គ្រប់គ្រង​រឹងទទឹង​ ​ហើយ​នាំ​នគរ​អស់កល្ប​របស់​ទ្រង់​មក​ដល់។ ប៉ុន្តែ​សេចក្ដី​សន្យា​នេះ​ពិត​ជា​បាន​សម្រេច។ ក្នុង​រជ្ជកាល​សត្វ​ធំ​ដែល​គួរ​ឲ្យ​ខ្លាច​ ព្រះជាម្ចាស់​បាន​បញ្ជូន​បុត្រា​ទ្រង់​ ព្រះយេស៊ូវគ្រីស្ទ​មក​ផែនដី​នេះ។ ទេវតា​កាព្រីយ៉ែល​បាន​ប្រកាស​ពី​ការ​ប្រសូត​របស់​ទ្រង់​៖ បុត្រ​នោះ​នឹង​បាន​ធំ​ជា​ឧត្តម​ ហើយ​គេ​នឹង​ហៅ​ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​ ទ្រង់នឹងប្រទានរាជ្យ​នៃ​ហ្លួង​ដាវីឌ​ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ​  ទ្រង់​នឹង​សោយរាជ្យ​លើ​ពួក​វង្ស​យ៉ាកុបនៅអស់កល្បរៀងទៅហើយរាជ្យទ្រង់នឹងមិនផុតឡើយ(លូកា​ ១:៣២–៣៣)។

ការ​យាង​មក​ដល់​ផែនដី​របស់​ព្រះយេស៊ូវ​ ជា​ការ​ផ្តើម​បំពេញ​និមិត្ត​របស់​ដានីយ៉ែល​អំពី​អនាគត​ដ៏​វែង​ឆ្ងាយ។  សាវក​របស់​ព្រះយេស៊ូវ​ពី​ដំបូង​បាន​យល់​ថា​ ​និមិត្ត​នេះ​ត្រូវ​បាន​បំពេញ​សំរេច​ហើយ។ បន្ទាប់​ពី​ទ្រង់​រស់​ពី​សុគត​ឡើង​វិញ​ពួក​គេ​បាន​សួរ​ថា​ «ព្រះអម្ចាស់​អើយ​ យើង​នៅ​គ្រា​នេះ​ឬ​អី​ ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ?» តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា​ «មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល​ ដឹង​កំណត់​ ដែល​ព្រះបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ​ ប៉ុន្តែ​ កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា​ ហើយ​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ ព្រម​ទាំង​ស្រុក​យូដា​ នឹង​ស្រុក​សាម៉ារី​ទាំង​មូល​ ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង​» (កិច្ចការ​ ១:៦-៨)។ ព្រះយេស៊ូវ​នឹង​យាង​មក​ជា​លើក​ទី​ពីរ​ ​ហើយ​ទ្រង់​នឹង​ស្តា​នគរ​ពេញ​លេញ​របស់​ទ្រង់​ឡើង​វិញ ​(វិវរណៈ​ ១១:១៥; ២១-២២)។

ការបំពេញសំរេចសេចក្តីសន្យាដានីយ៉ែល​ ៧ ផ្តល់​សេចក្តី​សន្យា​របស់​ព្រះជាម្ចាស់​រាប់​រយ​ឆ្នាំ​មុន​ព្រះយេស៊ូវ​យាង​មក​ទៅ​ទៀត។ ព្រះជាម្ចាស់​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​អោយ​យាង​មក​សំរាប់​ការ​រក្សា​សេចក្តី​សន្យា​ហើយ​ ដូច្នេះ​យើង​ដឹង​ថា​ ទ្រង់​នឹង​បំពេញ​សេចក្តី​សន្យា​នៅក្នុង​ជំពូក​នេះ​យ៉ាង​ពេញ នៅ​ពេល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​ម្តង​ទៀត​ជា​មិន​ខាន។

សេចក្តីសន្យា​អំពីការផ្តល់នគរដល់រាស្រ្តរបស់​ព្រះជាម្ចាស់៖ ​សេចក្តី​សន្យា​របស់ព្រះជាម្ចាស់​ប្រទាន​នគរ​អស់កល្ប​ជានិច្ច​ដល់​រាស្រ្ត​ទ្រង់​ទាក់ទង​នឹង​ ម៉ាកុស​ ១០:១៣, យ៉ូហាន​ ១៤:២–៣, កូល៉ុស​ ១:១៣–១៤, ២ពេត្រុស​ ១:១១, វិវរណៈ​ ២២:៤–៥។ ​គោលបំណង​របស់​ដានីយ៉ែល​គឺ​ដើម្បី​បន្ត​ធានា​ដល់​រាស្រ្ត​របស់​ព្រះជាម្ចាស់ ​ដែល​ស្ថិត​ក្នុង​ការ​និរទេស​ ថា ​ព្រះជាម្ចាស់​ជា​មហាក្សត្រ​ទ្រង់​គ្រប់គ្រង​អាណាចក្រ​កាច​សាហាវ​ ហើយ​ទី​បញ្ចប់​ទ្រង់​នឹង​ប្រទាន​នគរ​អស់កល្ប​ដល់​រាស្រ្ត​របស់​ទ្រង់​ ​ហើយ​ដូច​គ្នា​ផង​ដែរ ​ព្រះយេស៊ូវ​ក៏​បន្ត​ធានា​រាស្រ្ត​របស់​ព្រះជាម្ចាស់​ ដែល​រងទុក្ខ​ក្រោម​អំណាច​គ្រប់គ្រង​របស់​រ៉ូម «កុំ​ឲ្យ​ខ្លាច​ហ្វូង​តូច​អើយ​ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត»​ (លូកា​ ១២:៣២)។

ការវិនិច្ឆ័យចុងក្រោយ ដានីយ៉ែល​ ៧:៩-១១​ ជា​រូបភាព​នៃ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ ទ្រង់​ជា​កូន​មនុស្ស​ ​និង​ជា​អ្នក​វិនិច្ឆ័យ​នៅ​គ្រា​ចុង​ក្រោយ​ (ម៉ាថាយ​ ១៩:២៨; ២៥:៣១–៣២; យ៉ូហាន​ ៥:២៦–២៧)។

ស្នែងតូចវិវរណៈ​ ១៣:១, ៥, ៧; ១៧:១២-១៤ សំដៅ​យ៉ាង​ច្បាស់​ទៅ​លើ​ស្នែង​តូច​ ដែល​ចេញ​ពី​ដានីយ៉ែល​ ៧។ ដូច្នេះ​ ស្នែង​តូច​គឺ​ជា​ទំនាយ​អំពី​ការ​បៀតបៀន​ចំពោះ​គ្រីស្ទបរិស័ទ​ ​ជា​អ្នក​ដែល​បៀតបៀន​គ្រីស្ទបរិស័ទ​នឹង​មាន​ជ័យជំនះ​១​ខួប​២ខួប​ និង​កន្លះ​ខួប (៤២​ខែ​ ក្នុង​វិវរណៈ​គឺ​ដូច​គ្នា​ «១ខួប​ ២ខួប​ និង​កន្លះ​ខួប​» ក្នុង​ដានីយ៉ែល​) ប៉ុន្តែ​នៅ​គ្រា​ចុង​ក្រោយ​ ព្រះយេស៊ូវ​នឹង​បំផ្លាញ​អ្នក​ដែល​បៀតបៀន​រាស្រ្ត​របស់​ទ្រង់​ទាំង​នោះ ​(វិវរណៈ​ ១៩:២០)។  តាមរយៈ​ការ​នេះ ​យើង​ត្រូវ​អធិប្បាយ​ថា​ យើង​ប្រហែល​ជា​នឹង​ប្រឈម​មុខ​នឹង​ការ​លំបាក​ ​ពី​ព្រោះ​យើង​ដើរ​តាម​ព្រះយេស៊ូវ​  ប៉ុន្តែ​យើង​ត្រូវ​លើក​ទឹកចិត្ត​ថា​ នា​គ្រា​ចុង​ក្រោយ​ ព្រះយេស៊ូវ​ឈ្នះ​ ហើយ​បំផ្លាញ​អ្នក​ដែល​បៀតបៀន​យើង​ និង​ប្រទាន​ឲ្យ​យើង​នូវ​នគរ​អស់កល្ប​ជានិច្ច។

ផ្ទៃរឿងនិងគោលដៅនៃសេចក្តីអធិប្បាយនិងតម្រូវការរបស់អ្នកស្តាប់ដែលសេចក្តីអធិប្បាយដោះស្រាយ

យើង​បាន​និយាយ​ថា ​ផ្ទៃរឿង​ចេញ​ពី​ដានីយ៉ែល​ ៧​ គឺ​ បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញអ្នកគ្រប់គ្រងដែលរឹងទទឹងព្រះជាម្ចាស់នឹងប្រទាននគរដ៏អស់កល្បដល់បុត្រមនុស្សនិងរាស្រ្តរបស់ទ្រង់។  យោង​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​សញ្ញា​ថ្មី​ខាង​លើ​ យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផ្ទៃរឿង​បន្តិច​សម្រាប់​ការ​អធិប្បាយ​ ឲ្យ​ទៅ​ជា​ បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញ​ «ពួកទទឹងនឹងព្រះគ្រីស្ទ​» (​មេប្រឆាំងព្រះគ្រិស្ត [គខប]) ទ្រង់នឹងប្រទាននគរដ៏អស់កល្បដល់ព្រះយេស៊ូវនិងរាស្រ្តរបស់ទ្រង់

យើង​ឃើញ​ថា​ គោលបំណង​របស់​អ្នក​និពន្ធ​គឺ​ ដើម្បីបន្តធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់ក្នុងការនិរទេសថាព្រះដ៏ជា​មហាក្សត្រទ្រង់គ្រប់គ្រងលើ​អាណាចក្រកាចសាហាវហើយទី​បញ្ចប់ទ្រង់នឹងវិនិច្ឆ័យគេហើយប្រទាននគរអស់កល្បដល់រាស្រ្តរបស់ទ្រង់តាមរយៈកូនមនុស្ស។ ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​តិចតួច​ពី​កណ្ឌ​វិវរណៈ​នៅ​ក្នុង​សញ្ញា​ថ្មី​  យើង​អាច​បង្កើត​គោលបំណង​សម្រាប់​សេចក្តី​អធិប្បាយ​នេះ​បាន​ថា​៖ ដើម្បីបន្តធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះថាព្រះដ៏ជាមហាក្សត្រគ្រប់គ្រងអាណាចក្រកាចសាហាវហើយចុងបញ្ចប់ទ្រង់នឹងវិនិច្ឆ័យពួកគេហើយទ្រង់នឹងប្រទាននគរអស់កល្បដល់រាស្រ្តរបស់ទ្រង់តាមរយៈបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top