Dan. 7 Daniel’s Vision and God’s Kingdom pdf download
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៧
អ្នកនិពន្ធ រុហ្វ លេភិឡារ
ដានីយ៉ែល ៧ សំដែងពីនិមិត្តមួយយ៉ាងអស្ចារ្យអំពីប្រវត្តិសាស្ត្រពិភពលោក និងផ្តល់ឲ្យអ្នកអាននូវគន្លឹះ ដើម្បីអោយបានយល់ប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណា ជំពូកនេះ ត្រូវបានសរសេរឡើងនៅក្នុងរបៀបមួយដែលពិបាកអានបន្តិច។ អក្សរសាស្ត្រប្រភេទនេះបានប្រើ និមិត្តរូប ពាក្យនិយាយបញ្ឆៀង សេចក្ដីប្រឌិត ឃ្លាប្រស្នា និងតួលេខ ដែលមានការពិបាកក្នុងការកាត់ស្រាយ។
បញ្ហាមួយសម្រាប់គ្រូអធិប្បាយគឺ ការរកផ្ទៃរឿងមានសារចំៗសម្រាប់ជំពូកនេះនៅពេលរៀបចំការអធិប្បាយចេញពី ដានីយ៉ែល ៧ នេះ ហើយមិនគ្រាន់តែចម្លងផ្ទៃរឿងពីដានីយ៉ែល ២ ដែលមានការយល់សប្តិអំពីរូបចម្លាក់ដ៏មានតម្លៃ ដែលធ្វើពីលោហៈ តំណាងឲ្យនគរទាំងបួន។
បរិបទ និងអត្ថបទ
យើងពិបាកនឹងអធិប្បាយអោយបានគ្រប់ចំណុចនៅក្នុងសេចក្តីអធិប្បាយតែមួយនៅក្នុងជំពូកសំខាន់នេះណាស់ ដូច្នេះយើងអាចអធិប្បាយសេចក្តីអធិប្បាយពីរចេញពីដានីយ៉ែល ៧ នេះបាន។ យើងពិតជាអាចធ្វើបែបនេះបាន ពីព្រោះជំពូកនេះមានពីរផ្នែកយ៉ាងច្បាស់លាស់៖ (១) និមិត្តរបស់ដានីយ៉ែល និងការកាត់ស្រាយសង្ខេបរបស់ទេវតា (៧:១-១៨) និងការស្នើសុំរបស់ដានីយ៉ែលសម្រាប់សេចក្តី «ពិត» អំពីសត្វធំទីបួន និងជាពិសេសស្នែងតូច និងការកាត់ស្រាយយ៉ាងវែងរបស់ទេវតា(៧:១៩-២៨)។ ការអធិប្បាយទីមួយនឹងផ្ដោតលើប្រវត្តិសាស្ត្រនគររបស់មនុស្សជាតិ ចាប់ពីនគរបាប៊ីឡូន ដល់ការយាងមកដល់នៃនគររបស់ព្រះជាម្ចាស់ ហើយការអធិប្បាយទីពីរនឹងយកចិត្តទុកដាក់ជាពិសេសលើថ្ងៃចុងក្រោយ គ្រារងទុក្ខចុងក្រោយ ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ និងនគររបស់ព្រះជាម្ចាស់។
ការនិមិត្តទាំងបួនក្នុងដានីយ៉ែល ៧-១២ មានទំនាក់ទំនងគ្នាជាមួយស្តេចនៅក្នុង ដានីយ៉ែល ៥-៦៖ ដានីយ៉ែលបានឃើញនិមិត្តទីមួយនៅឆ្នាំដំបូងនៃស្តេចបេលសាសារ (៧:១) បានឃើញនិមិត្តទីពីរនៅឆ្នាំ៣ នៅក្នុងរាជ្យនៃស្តេចបេលសាសារ (៨:១) និមិត្តទី៣ នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស (៩:១) និងការនិមិត្តទីបួន នៅឆ្នាំទី៣ក្នុងរាជ្យនៃស៊ីរូស (១០:១)។ ជំពូក ១-៦ បានប្រកាសពីអធិបតេយ្យភាពរបស់ព្រះនៅក្នុងមធ្យោបាយជាច្រើនផ្សេងៗពីគ្នា អំណាចរបស់ទ្រង់ក្នុងការទម្លាក់និងលើកស្តេចឡើង (២:២១) និងអំណាចទ្រង់ក្នុងការសង្គ្រោះរាស្រ្តស្មោះត្រង់របស់ទ្រង់។
នៅក្នុងចំណោមដានីយ៉ែល ជំពូក១-៦ ជំពូក២ មានទំនាក់ទំនងជាមួយជំពូក៧ ជាងគេ ដែលរៀបរាប់អំពីការយល់សប្តិរបស់នេប៊ូក្នេសាអំពីរូបចម្លាក់យ៉ាងធំមួយ ដែលមានលោហៈបួនយ៉ាងតំណាងឲ្យនគរបួន។ ដូច្នេះ និមិត្តរបស់ដានីយ៉ែលអំពីសត្វធំបួនតំណាងឲ្យនគរទាំងបួន។ នគរទាំងបួននៅក្នុងនិមិត្តរបស់ដានីយ៉ែលដូចគ្នានឹងនគរទាំងបួននៅក្នុងនិមិត្តរបស់នេប៊ូក្នេសា គឺចាប់ផ្តើមដោយនគរនៃបាប៊ីឡូន និងនគរទីបួនតំណាងឲ្យនគរចុងក្រោយ នៅមុននគរព្រះជាម្ចាស់ មកជំនួសនគរមនុស្សជាតិទាំងអស់។ អត្ថបទទាំងពីរ បានប្រកាសថា នគរព្រះជាម្ចាស់នឹងស្ថិតស្ថេរ «អស់កល្ប» (២:៤៤; ៧:១៤, ២៧)។ ចំណុចខុសគ្នាសំខាន់រវាងការបង្ហាញប្រវត្តិសាស្ត្រទាំងពីរគឺទស្សនៈវិស័យ។ ដានីយ៉ែល ២ ពណ៌នានគរទាំងបួនចេញពីទស្សនៈវិស័យមនុស្សជាតិ ប៉ុន្តែ ដានីយ៉ែល ៧ ពណ៌នាពីនគរទាំងបួនទស្សនៈវិស័យព្រះជាម្ចាស់៖ គឺអសីលធម៌និងភាពអាត្មានិយមបំផ្លាញមនុស្សដទៃយ៉ាងឃោរឃៅ ដូចជាសត្វមានអំណាច។ លើសពីនោះ ដានីយ៉ែល ៧ ផ្តល់ភាពលម្អិតយ៉ាងច្រើនអំពីនគរទីបួន (មានស្នែងទាំង១០ និងស្នែងតូច) និងអំពីអស់អ្នកដែលទទួលនគរព្រះជាម្ចាស់ («១អង្គដូចជាមនុស្សជាតិ» និង «ពួកបរិសុទ្ធ)។
ក្នុងដានីយ៉ែល ៧ យើងក៏បានអានអំពី «១អង្គដូចជាមនុស្សជាតិ» ទទួលនគរ១ «ក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លែងបាត់ឡើយ» (ខ ១៤) និង «ពួកបរិសុទ្ធ») បានទទួលរាជ្យ «នគរដ៏អស់កល្ប» (ខ ១៨)។ គំនិតនេះជាប់ទាក់ទងជាមួយការសារភាពរបស់នេប៊ូក្នេសា ដែលថា «រាជ្យទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច» (៤:៣) និងការសារភាពរបស់ដារីយុស ដែលថា «រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ» (៦:២៦)។
«បញ្ជីទាំងប៉ុន្មាន» បានបើកឡើងហើយ (៧:១០) នឹងសំគាល់ម្តងទៀតក្នុង ដានីយ៉ែល ១២:១។ ក៏មាន «ពួកបរិសុទ្ធ» អ្នកដែលត្រូវគេបៀតបៀន «១ ខួប» «២ ខួប» និង«កន្លះខួប» (៧:២៥) បានសំគាល់ម្តងទៀតក្នុង ១២:៧ ជា «ជនជាតិបរិសុទ្ធ» ជាអស់អ្នកមានអំណាច ដែលបែកខ្ទេចទៅ «១ ខួប» «២ ខួប» ហើយនិង «កន្លះខួប»។ អ្នកនិពន្ធប្រើពាក្យផ្ទួនទាំងនេះដើម្បី នាំអោយយើងកាត់ស្រាយនិមិត្តនីមួយៗដោយមិនចែកនិមិត្តទាំងនោះដាច់ពីគ្នា ប៉ុន្តែដោយពន្លឺសម្រាប់អ្នកបកស្រាយសប្តិអំពីនិមិត្តមុននិងនិមិត្តក្រោយមកទៀត។
ប្រភេទអក្សរសាស្ត្រ
ជាទូទៅប្រភេទអក្សរសាស្ត្រនេះ (ដូចកណ្ឌដានីយ៉ែលនិងកណ្ឌវិវរណៈ) នៅក្នុងព្រះគម្ពីរមានសារចំនួនបី៖ (១) លើកទឹកចិត្តអ្នកដែលរងការជិះជាន់ (២) ការព្រមានចំពោះអ្នកជិះជាន់គេ និង (៣) ការត្រាស់ហៅអ្នកដែលទៅជាខ្សោយរវាងសេចក្តីពិតរបស់ព្រះជាម្ចាស់និងប្រាជ្ញាមនុស្សឲ្យមានជំនឿ។ អក្សរសាស្ត្រប្រភេទនេះ មិនមានគោលបំណងសំដែងល្អិតល្អន់អំពីព្រឹត្តិការណ៍ទាំងអស់ដែលនឹងកើតឡើងក្នុងពិភពលោកទេ ប៉ុន្តែដើម្បីធានាមនុស្សជំនាន់នេះថា ព្រះជាម្ចាស់នៅតែសោយរាជ្យ (ប្រៀបធៀប ដានីយ៉ែល ៧:១៨, ២១–២២, ២៧; ៨:២៥; ១២:១–៤) ហើយអនាគតពិតជានៅក្នុងកណ្តាប់ព្រះហស្តរបស់ទ្រង់។ គ្រីស្ទបរិស័ទដែលមកពីវប្បធម៌ដូចជាប្រទេសកម្ពុជា ដែលទៅរកគ្រូទាយអំពីអនាគត ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលអានអត្ថបទប្រភេទនេះ។ ជារឿយៗមនុស្សចង់ដឹងលម្អិតពីអនាគត ដូច្នេះពេលគ្រីស្ទបរិស័ទអានអត្ថបទបែបនេះ ពួកគេអាចគិតថា គេមានចំណេះដឹងសំងាត់អំពីបច្ចុប្បន្នភាពចំៗ និងព្រឹត្តិការណ៍អនាគត ប៉ុន្តែនេះមិនមែនជាសារអត្ថបទទេ។
«មានសត្វធំ៤ ឡើងចេញពីសមុទ្រមក» (ខ ៣)។ សត្វធំឡើងមកពីសមុទ្រតំណាងអោយភាពទាស់ប្រឆាំងនឹងព្រះជាម្ចាស់។មួយទៀតយើងដឹងថា សត្វធំនេះតំណាងឲ្យភាពទាស់ប្រឆាំងពីព្រោះពួកវាត្រូវបានពណ៌នាជាសត្វចម្លែក៖ សិង្ហហើយមានស្លាបជាឥន្ទ្រី ខ្លាឃ្មុំ ឈរចំខែងពាំឆ្អឹងជំនីរ៣ ខ្លារខិនឯនៅលើខ្នងវាមានស្លាប៤នៃសត្វហើរ សត្វដែលគួរស្ញែងខ្លាចមានស្នែង១០។ សត្វចម្លែកទាំងនោះផ្ទុយពីការបង្កើតដ៏ល្អរបស់ព្រះ ពីព្រោះព្រះបង្កើតសព្វគ្រប់ «អាស្រ័យតាមប្រភេទរបស់វា»។ យោងតាមក្រិត្យវិន័យអំពីសត្វបរិសុទ្ធនិងមិនបរិសុទ្ធនៅក្នុង លេវីវិន័យ ១១ និងចោទិយកថា ១៤ សាសន៍យូដានឹងគិតថា សត្វដែលជាកូនកាត់ទាំងឡាយ (ដូចជាសត្វចម្លែកនៅក្នុងនិមិត្តនេះ) ជាសត្វមិនបរិសុទ្ធ។ សត្វធំទីបួនគឺអាក្រក់ណាស់ ដានីយ៉ែលឲ្យឈ្មោះវាថា «សត្វគួរស្ញែងខ្លាច ញញើត គួរសម្បើម» មាន «ធ្មេញដែកធំៗ» «ស្នែង១០» (ខ ៧) និង«ក្រចកលង្ហិន» (ខ ១៩)។
ដានីយ៉ែលពណ៌នាព្រះជាម្ចាស់ជា «ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» ដែលមានន័យថា ព្រះជាម្ចាស់ទ្រង់គង់នៅស្ថិតស្ថេរអស់កល្ប។ ដានីយ៉ែលពណ៌នាពីបុគ្គលដែលគង់លើបល្ល័ង្ករាជ្យ ព្រះពស្ត្រទ្រង់ «សស្គុសដូចហិមៈ» និង ព្រះកេសនៅព្រះសិរទ្រង់ «សដូចរោមចៀមយ៉ាងស្អាត» (ខ ៩)។ ពណ៌សមានន័យថាព្រះជាម្ចាស់គឺបរិសុទ្ធ (ប្រៀបធៀប អេសាយ ១:១៨)។ ដានីយ៉ែលពណ៌នារូបភាពបល្ល័ង្ករបស់ព្រះជាម្ចាស់ជា «អណ្តាតភ្លើង» ហើយ«កង់នៃបល្ល័ង្ក» ក៏ «ឆេះជាភ្លើង» (ខ.៩ ប្រៀបធៀប អេសេគាល ១:១៣–២១, ២៧)។ ភ្លើងក៏តំណាងអោយភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ផងដែរ (ឧទាហរណ៍ និក្ខមនំ ៣:២; ដានីយ៉ែល ៧:១០)។ ដោយសារភ្លើង ទ្រង់អាចវិនិច្ឆ័យមនុស្សមានបាបបាន (ដានីយ៉ែល ៧:១១)។ សូម្បីតែភ្លើងរបស់ទ្រង់ក៏អាចសំអាតនិងបន្សុទ្ធរាស្រ្តរបស់ទ្រង់បានដែរ (សាការី ១៣:៩; ម៉ាឡាគី ៣:២–៣; ប្រៀបធៀប ១កូរិនថូស ៣:១១–១៥)។ «កង់បល្ល័ង្ក» ប្រាប់ឲ្យដឹងថា រាជ្យព្រះជាម្ចាស់គឺមិននៅតែមួយកន្លែងទេ ប៉ុន្តែអាចមានវត្តមាននៅកន្លែងផ្សេងៗបានផងដែរ។
ដានីយ៉ែលបានពណ៌នាអំពីតួអង្គសំខាន់មួយទៀតគឺ «១អង្គដូចជាមនុស្សជាតិ» និង «យាងមកក្នុងពពកព្ធដ៏អាកាស» (ខ ១៣)។ ដោយហេតុថា សញ្ញាចាស់ពណ៌នាព្រះជាម្ចាស់ «គង់លើពពក» (ឧទាហរណ៍ ទំនុកដំកើង ៦៨:៤; ១០៤:៣; អេសាយ ១៩:១) «១អង្គដូចជាមនុស្សជាតិ» នេះគឺពិតជាព្រះ។ ព្រះនេះមានរូបរាងដូចជាមនុស្ស និងទទួលបាន «អំណាចគ្រប់គ្រងនិងសិរីល្អ ព្រមទាំងមានរាជ្យផង» ហើយក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច (ខ ១៤)។
ពាក្យផ្ទួន
មានពាក្យមួយចំនួន ជាពាក្យផ្ទួនគ្នាដូចជា«សត្វទីបួន» (ខ. ៧, ១៩, ២៣) «ស្នែង ១០» (ខ ៧, ២០, ២៤) «ស្នែងតូច១» (ខ. ៨, ១១, ២០, ២១, ២៤, ២៥) «ពួកបរិសុទ្ធ» (ខ. ១៨, ២២, ២៥, ២៧) និង «នគរ» ចុងក្រោយ (ខ. ១៤, ១៨, ២២, ២៧)។ ពាក្យផ្ទួនបង្ហាញពីផ្ទៃរឿងសំខាន់នៃជំពូកគឺ ការរងទុក្ខនិងជ័យជំនះរបស់ពួកបរិសុទ្ធ។
ពាក្យផ្ទួន ដែលសំខាន់ជាងនេះ ដើម្បីជួយយើងអោយមើលឃើញពីផ្ទៃរឿងអត្ថបទគឺ ចំនួនប្រាំពីរដងនៃពាក្យផ្ទួន «អំណាចគ្រប់គ្រង» (ខ ៦, ១២, ១៤ [ពីរដង], ២៦, ២៧ [ពីរដង])។ រឿងកាលពីដំបូងបង្ហាញថា «អំណាចគ្រប់គ្រង» អស់កល្បជានិច្ចគឺជាកម្មសិទ្ធិព្រះជាម្ចាស់ (៤:៣, ៣៤; ៦:២៦) ប៉ុន្តែទ្រង់ផ្តល់ «អំណាចគ្រប់គ្រង» ដល់ស្តេចជាមនុស្ស (៤:២២)។ ដានីយ៉ែល ៧ ប្រកាសថា ព្រះជាម្ចាស់ផ្តល់ «អំណាចគ្រប់គ្រង» ដល់ស្តេចទីបី (៧:៦) ប៉ុន្តែព្រះជាម្ចាស់បន្ថែមថា ទ្រង់នឹងដក «អំណាចគ្រប់គ្រង» ចេញពីនគរនេះ (៧:១២, ២៦) និងផ្តល់ «អំណាចគ្រប់គ្រងអស់កល្ប» ដល់«១អង្គដូចជាមនុស្សជាតិ» (៧:១៤) និង «ពួកបរិសុទ្ធ» (៧:២៧)។ អត្ថបទនេះរំលឹកបីដងថា នគរព្រះជាម្ចាស់នឹងត្រូវបានផ្តល់ឲ្យ «ពួកបរិសុទ្ធ» (៧:១៨, ២២, ២៧)។
ការកាត់ស្រាយនិមិត្តរូប
ដោយសារតែមានការជំទាស់ជាច្រើនពីការកាត់ស្រាយនិមិត្តរូបនៅក្នុង ដានីយ៉ែល ៧ យើងត្រូវការចំណាយពេលខ្លះនៅទីនេះ ដើម្បីស្វែងយល់អំពីរូបភាពមួយចំនួនសិន។
ការផ្តល់អត្តសញ្ញាណដល់សត្វទីបួនគឺសំខាន់បំផុតក្នុងការផ្តល់អត្តសញ្ញាណតួអង្គមួយចំនួននៅទីនេះ។ តើវាជានគរក្រេក ឬជាចក្រភពរ៉ូម? ការកាត់ស្រាយរបស់យើងអំពីសត្វទីបួននឹងមានឥទ្ធិពលលើការកាត់ស្រាយអំពីសត្វទីមួយដល់ទីបី។ ដូច្នេះ ដំបូងយើងត្រូវពិភាក្សាអំពីអត្តសញ្ញាណនៃ «សត្វទីបួន» បន្ទាប់ទៀត យើងនឹងរៀនអំពីអត្តសញ្ញាណនៃ «ស្នែងតូច» «១អង្គដូចជាមនុស្សជាតិ» (៧:១៤) និង «ពួកបរិសុទ្ធ»។
សត្វធំបួន
ទេវតាកាត់ស្រាយប្រាប់ដានីយ៉ែលថា សត្វធំបួនគឺជា «ស្តេច បួនអង្គដែលនឹងត្រូវដកចេញពីផែនដី។ ប៉ុន្តែពួកបរិសុទ្ធ…នឹងទទួលរាជ្យ» (៧:១៧-១៨)។ នៅក្នុង ខ ២៣ ទេវតាពន្យល់ថា សត្វធំទាំងបួន (ស្តេច) ជានគរទាំងបួន។ ដូច្នេះសំនួរគន្លឹះគឺ តើអត្តសញ្ញាណនៃនគរទាំងបួននេះជាអ្វី? អ្នកដែលបដិសេធហើយមិនជឿថា ដានីយ៉ែលអាចប្រាប់ពីអនាគត នោះគេជឿថា ដានីយ៉ែល ៧ ត្រូវបានសរសេរឡើងនៅក្នុងឆ្នាំ ១៦៧ មុន គ.ស. ក្នុងរជ្ជកាល Antiochus IV គេប្រកែកថា នគរទីបួនគឺជាក្រេក។ ដោយហេតុថា នគរទីមួយគឺជាបាប៊ីឡូន នោះនគរទាំងបួន (យោងតាមទ្រឹស្ដីនេះ) ត្រូវតែជាសាសន៍បាប៊ីឡូន មេឌី ពើស៊ី និងក្រេក។
មានបញ្ហាមួយចំនួនជាមួយការកាត់ស្រាយនេះ។ ទីមួយ ការសន្មតថាដានីយ៉ែល ៧ ត្រូវបានសរសេរឡើងនៅក្នុង ១៦៧ មុន គ.ស គឺខុស។ ទីពីរ តាមប្រវត្តិសាស្ត្រ មេឌី មិនដែលជំនួសបាប៊ីឡូនទេ ប៉ុន្តែ នគរមេឌីបានបញ្ចូលគ្នាជាមួយនគរពើស៊ី (ក្រោមអំណាចរបស់ពើស៊ី) កាលពីដប់មួយឆ្នាំមុនចក្រភព មេឌី-ពើស៊ី ឈ្នះនិងជំនួសចក្រភពបាប៊ីឡូន។ ដូច្នេះ ទ្រឹស្ដីនេះមានតែបីនគរ មិនមែនបួនទេ។
ចំណុចខ្សោយទី៣ជាមួយការកាត់ស្រាយនេះគឺ ដានីយ៉ែល ៧:៥ ពណ៌នាពីសត្វធំទី២ ដូចជា «ខ្លាឃ្មុំ ក៏ឈរចំខែង»។ រូបភាពនេះត្រូវនឹង ចក្រភព មេឌី-ពើស៊ី ពីព្រោះពេលមេឌី និងពើស៊ីបញ្ចូលគ្នាជាចក្រភពតែមួយ ពើស៊ីខ្លាំងជាង។ មានការប្រកាសដូចគ្នាផងដែរ ដែលគាំទ្រការកាត់ស្រាយដែលថា សត្វទីបីតំណាងអោយមេឌី-ពើស៊ី នៅក្នុង ដានីយ៉ែល ៨:៣ កន្លែងដែលដានីយ៉ែលឃើញចៀមឈ្មោលមានស្នែងពីរ «ស្នែងមួយវែងជាងមួយទៀត» ទេវតាកាព្រីយ៉ែល ឲ្យអត្តសញ្ញាណចៀមឈ្មោលមានស្នែងពីរជា «ស្តេចសាសន៍មេឌី និងសេ្តចសាសន៍ពើស៊ី» (៨:២០) នោះជាអាណាចក្រ មេឌី-ពើស៊ី ដែលពើស៊ីជាស្នែងវែង។
ទីបួន ក្នុងដានីយ៉ែល ៧:៦ នគរទី៣ ខ្លារខិន ចេញមកមាន «ក្បាលបួន»។ ស្រដៀងនឹងពពែឈ្មោល ៨:៥ ចេញមកជាមួយ «ស្នែងបួន» (៨:៨)។ ហើយនៅក្នុង ដានីយ៉ែល ១១:៣-៤ ស្តេចមួយខ្លាំងពូកែ «នគរទ្រង់នឹងត្រូវបែកខ្ញែកទៅឯខ្យល់លើអាកាសទាំងបួន ទិស»។ ពពែឈ្មោលនៅក្នុងកណ្ឌដានីយ៉ែល ៨ និងនគរនៅក្នុង ១១:៣-៤ តំណាងឲ្យចក្រភពក្រេក ដែលត្រូវបានឡើងដោយ អាឡិចសាន់ឌើបង្កើតឡើង។ ដូច្នេះនគរទី៣ នៅក្នុងដានីយ៉ែល ៧ ដែលតំណាងដោយខ្លារខិន ត្រូវតែជាចក្រភពក្រេក។ នគរសាសន៍ពើស៊ីមិនដែលបែងចែកទៅជា «បួន ក្បាល» ទេ ប៉ុន្តែនគរក្រេកត្រូវបានបែងចែកជាបួន។
ការកាត់ស្រាយឲ្យបានល្អ ទាមទារអោយយើងត្រូវមើលដោយល្អិតល្អន់ចំពោះនិមិត្តរបស់ដានីយ៉ែលទាំងស្រុង និងចំពោះដំណើរពេលវេលាប្រវត្តិសាស្ត្ររបស់មនុស្ស៖ នគរជោគជ័យទាំងបួនរបស់មនុស្សដែលទីបញ្ចប់នឹងត្រូវជំនួសដោយនគរព្រះជាម្ចាស់។ នគរទីមួយជាបាប៊ីឡូន (៦០៥-៥៣៩ មុន គ.ស) ត្រូវបានជំនួសដោយនគរមេឌី-ពើស៊ី (៥៣៩-៣៣១ មុន គ.ស) ដែលត្រូវបានជំនួសដោយនគរក្រេក។ ក្នុងប្រវត្តិសាស្ត្រពិភពលោកទាំងមូល មាននគររបស់មនុស្សជាតិតែមួយប៉ុណ្ណោះ ដែលនៅសល់ហើយអាចក្លាយជានគរទីបួនបាន ហើយនោះគឺជា រ៉ូម។ នៅក្នុងរជ្ជកាលអាណាចក្ររ៉ូម នគរព្រះជាម្ចាស់បានមក ហើយនឹងមកដល់។
ការកាត់ស្រាយនេះត្រូវគ្នានឹងការកាត់ស្រាយរបស់យើងអំពីលោហៈធាតុទាំងបួន/នគរក្នុង ដានីយ៉ែល ២។ វាក៏ស៊ីគ្នាទៅនឹងការផ្តល់អត្តសញ្ញាណរបស់កាព្រីយ៉ែលក្នុងដានីយ៉ែល ៨:២០-២១ គឺ មេឌី-ពើស៊ី និងក្រេក ។ ហើយការកាត់ស្រាយនេះស៊ីគ្នានឹងកណ្ឌសញ្ញាថ្មី ពីព្រោះក្នុងរជ្ជកាលនៃចក្រភពរ៉ូម ព្រះយេស៊ូវបានប្រសូតមកនិងចាប់ផ្តើមប្រកាសថា «ពេលវេលាបានសម្រេចហើយ នគរព្រះបានជិតមកដល់ហើយ» (ម៉ាកុស ១:១៥)។
លើសពីនេះទៅទៀត បើយើងគិតអំពីការពណ៌នាពីសត្វធំទាំងបួន នោះការកាត់ស្រាយនេះក៏សមរម្យប្រសើរជាង។ សត្វធំទីមួយ «ជាសិង្ហហើយមានស្លាបជាឥន្ទ្រី» (៧:៤)។ ហោរ៉ាក្នុងសញ្ញាចាស់ប្រៀបធៀបស្តេច នេប៊ូក្នេសា (នៃបាប៊ីឡូន) ទៅនឹងសិង្ហ (ឧទាហរណ៍ យេរេមា ៤:៧; ៥០:១៧, ៤៤) ហើយទៅនឹងទេវតាមួយអង្គ (ឧទាហរណ៍ យេរេមា ៤៨:៤០; អេសេគាល ១៧:៣)។ ដូច្នេះ សត្វទីមួយតំណាងឲ្យបាប៊ីឡូន ដែលជាក្បាលមាសក្នុងនិមិត្តរបស់នេប៊ូក្នេសា (ដានីយ៉ែល ២:៣៨)។
សត្វធំទីពីរ«មានសណ្ឋានជាខ្លាឃ្មុំ…
ឈរចំខែង» (៧:៥)។ ផ្នែកមួយនៃខ្លាឃ្មុំខ្ពស់ជាង ឬវែងជាង អាចចង្អុលបង្ហាញថា ខ្លាឃ្មុំតំណាងអោយអាណាចក្រ ដែលមានពីរផ្នែក ហើយផ្នែកមួយខ្លាំងជាងផ្នែកមួយទៀត។ បើដូច្នេះ មានចំណែកពីរជាមេឌី និងពើស៊ី និងផ្នែកខាងខ្ពស់ជានិមិត្តរូបនៃពើស៊ី បានឡើងតំណែងខ្ពស់ជាងគេក្នុងសម្ព័ន្ធ។ ការកាត់ស្រាយនេះបានបញ្ជាក់នៅក្នុង ដានីយ៉ែល ៨ ជាកន្លែងដែលដានីយ៉ែលឃើញចៀមឈ្មោល៖ មានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាងបានដុះឡើងជាក្រោយ (៨:៣)។ ម្តងទៀត អាណាចក្របានបង្កើតឡើងជាពីរផ្នែក។ ទេវតាកាព្រីយ៉ែលបានផ្តល់អត្តសញ្ញាណនៃចក្រភពនេះដល់ដានីយ៉ែលថា «ឯចៀមឈ្មោលមានស្នែងពីរដែលឯងបានឃើញ នោះគឺជាស្តេចមេឌី និងស្តេចពើស៊ី» (៨:២០)។
សត្វធំទីបី មានសណ្ឋាន «ជាខ្លារខិន មានស្លាបបួននៃសត្វហើរ…ក៏មានក្បាលបួនដែរ» (៧:៦)។ ខ្លារខិនជាសត្វមួយដែលរហ័ស។ ប៉ុន្តែដោយបន្ថែមស្លាបបួនទៀត នោះសត្វនេះពិតជាលឿនណាស់។ សត្វដ៏លឿននេះតំណាងឲ្យអាឡិចសាន់ឌើ ពីព្រោះទ្រង់បានច្បាំងដណ្តើមយកតំបន់យ៉ាងធំក្នុងពិភពលោកយ៉ាងលឿនបំផុត។ ក្នុងអំឡុងពេលដប់ឆ្នាំ (មុនមានអាយុ៣២ឆ្នាំ) អាឡិចសាន់ឌើ បានច្បាំងយកចក្រភព មេឌី-ពើស៊ី ឆ្ពោះទៅព្រំដែនជាប់ប្រទេសឥណ្ឌា។ ដូច្នេះ សត្វធំទីបីគឺជានគរក្រេក។
ការកាត់ស្រាយនេះបានបញ្ជាក់ដោយប្រវត្តិសាស្ត្រថា អាឡិចសាន់ឌើ ពិតជាបានសុគតពេលមានវ័យក្មេងមែន ហើយបន្ទាប់មកចក្រភពក្រេកបានបែកចែកជា «បួន ក្បាល» (៧:៦) បួនចំណែក ដែលចំណែកនីមួយៗ គ្រប់គ្រងដោយញាតិវង្សរបស់អាឡិចសាន់ឌើ។ ការផ្តល់អត្តសញ្ញាណដល់ក្រេកជាសត្វធំទីបីត្រូវបានអះអាងថែមទៀតក្នុងដានីយ៉ែល ៨ (៨:៥, ៨, ២១)។
សត្វធំទីបួនមិនដូចជាសត្វទាំងបីទៀតនោះទេ។ នៅក្នុងប្រវត្តិសាស្ត្រ ទាហានរ៉ូមបានចេញទៅពាសពេញតំបន់ដ៏ធំ ហើយបង្ខិតបង្ខំមនុស្សនៅក្នុងអាស៊ី អាហ្រ្វិក និងអឺរ៉ុបអោយចុះចូលចំពោះសេសារនៃទីក្រុងរ៉ូម។ សត្វចម្លែកនោះ «ផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះ» (៧:៧ ខ)។ រ៉ូមជាចក្រភពសកលទីមួយនៅក្នុងប្រវត្តិសាស្ត្របុរាណនៃពិភពលោក។ រ៉ូមមានអំណាចយ៉ាងខ្លាំងក្នុងការច្បាំងដណ្តើមនិងកំទេចតំបន់ជាច្រើន ហើយអាចក្តោបក្តាប់អំណាចបានយ៉ាងយូរអង្វែង។
សត្វធំទីបួនមាន «ស្នែង១០» (ខ ៧)។ ស្នែង១០ នេះបានមកដល់បន្ទាប់ពីសម័យរីកចម្រើនបំផុតរបស់រ៉ូម ពីព្រោះទេវតាប្រកាសថា៖ «ស្នែងទាំង១០ នោះគឺនឹងមានស្តេច១០អង្គ កើតឡើងពីនគរនោះ» (ខ ២៤)។ ចក្រភពក្រេកបានបែងចែកជា៤ក្បាល បន្ទាប់ពីឈានដល់កម្រិតកំពូល ដូចគ្នាដែរ រ៉ូមនឹងបាក់បែកជាស្តេច១០អង្គ ឬជានគរ១០ បន្ទាប់ពីវាឡើងដល់កម្រិតកំពូល។ ចំនួនលេខ «១០» ប្រហែលជាប្រើជានិមិត្តសញ្ញាតំណាងឲ្យភាពពេញលេញ (ប្រៀបធៀប «១ជា១០សួន» ក្នុង ១:២០)។ ដូច្នេះ នគររ៉ូមនឹងបន្តជាមួយនគរចំនួនលេខពេញលេញ ដែលមានភាពងាយផុយស្រួយ បន្ទាប់ពីធ្លាក់ចុះពីរជ្ជកាលដ៏មានអំណាចបំផុតរបស់គេ។ បន្ទាប់ពីនោះ យោងតាម ៧:២៤ «នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីមុនៗ» នេះជាស្នែងតូច១។
ស្នែងតួច១
«ស្នែងតូច១» នេះខុសពី «ស្នែង១» នៅក្នុងដានីយ៉ែល៨។ ស្នែង១នៅក្នុងដានីយ៉ែល៨ ជាស្នែង១ ចេញមកពីស្នែង បួន (៨:៩) ពីនគរក្រេក (៨:២១) ស្នែងតូចនៅក្នុងដានីយ៉ែល ៧ ចេញមកពីក្នុងចំណោមស្នែង ១០ ដែលសល់ពីស្នែងសត្វធំទីបួន និងគេដកស្នែងមុនៗបីចេញពីមុខស្នែងតូច (៧:៧-៨)។
ខុសពី សត្វធំ បួន ស្នែងតូចត្រូវបានពណ៌នាជា មនុស្សជាតិ មាន «ភ្នែកដូចជាភ្នែកនៃមនុស្ស…ក៏មានមាត់កំពុងតែពោលយ៉ាងធំ» (៧:៨, ២០)។ ប្រហែលស្នែងតូចនេះតំណែងអោយអ្វីមួយ ដែលចង់បំផ្លាញនគរព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់នឹងវិនិច្ឆ័យលើស្នែងតូចនេះ។ យោងតាម ៧:២៦-២៧ ស្នែងតូចប្រហែលជានឹងមកក្នុងគ្រាចុងក្រោយបំផុត គឺមកនៅមុនថ្ងៃវិនិច្ឆ័យចុងក្រោយនិងការមកដល់នគរដ៏អស់កល្បរបស់ព្រះជាម្ចាស់។ បើសិនដូច្នេះ ស្នែងតូចនេះអាចជាមនុស្ស ដែលប៉ុលបានហៅថា «មនុស្សដែលជាតួបាប» («មេប្រឆាំងសាសនា» [គខប] ២ថែស្សាឡូនីច ២:៣) ហើយយ៉ូហានបានហៅថា «ពួកទទឹងនឹងព្រះគ្រីស្ទ» (មេប្រឆាំងព្រះគ្រិស្ត [គខប]) (១យ៉ូហាន ២:១៨, ២២; ៤:៣; ២យ៉ូហាន ៧)។ សូមមើលផងដែរ ២ថែស្សាឡូនីច ២:៧-៨។
១អង្គដូចជាមនុស្សជាតិ (កូនមនុស្ស)
ភាសាដើមអារាមិកក្នុង ដានីយ៉ែល ៧:១៣ ប្រកាសថា «១អង្គដូចជាកូនមនុស្ស» និងមានន័យថា «១អង្គដូចជាមនុស្សជាតិ»។ កូនមនុស្សបានមក «ក្នុងពពកដ៏អាកាស» ដែលខុសគ្នាពីសត្វធំទាំងបួន ដែលបានចេញមកពី សមុទ្រ (៧:៣) សមុទ្រនៅក្នុងព្រះគម្ពីរជានិមិត្តសញ្ញាតំណាងអោយភាពវឹកវរ។ ហោរ៉ានិងអ្នកនិពន្ធទំនុកតម្កើងផ្តល់រូបភាពព្រះជាម្ចាស់គង់លើពពក (សូមមើល អេសាយ ១៩:១; ទំនុកដំកើង ៦៨:៤; ១០៤:៣ ប្រៀបធៀប ទំនុកដំកើង ១៨:៩–១២)។ ដូច្នេះ ពពកបង្ហាញថា បុត្រមនុស្សនេះគឺជាព្រះ។ «នោះបានប្រទានឲ្យទ្រង់ មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់នោះ ក៏ស្ថិតស្ថេរ នៅអស់កល្បឥតដែលកន្លែងបាត់ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញផង» (៧:១៤)។ សត្វធំតំណាងឲ្យស្តេចគ្រប់គ្រងលើនគរមនុស្សជាតិ (៧:១៧) ដូចគ្នាដែរ «១អង្គជាកូនមនុស្ស» នឹងក្លាយជាស្តេចគ្រប់គ្រងលើនគរ។ ទ្រង់នឹងទទួលអំណាចគ្រប់គ្រងបន្ទាប់ពីព្រះជាម្ចាស់វិនិច្ឆ័យនគរមនុស្ស (៧:១១-១២)។ ប៉ុន្តែនគរទ្រង់ខុសពីនគរមនុស្សជាតិ ពីព្រោះទ្រង់«មានអំណាចគ្រប់គ្រង ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួនជានិច្ច» ហើយនគរទ្រង់ «នឹងមិនត្រូវបំផ្លាញឡើយ» (៧:១៤)។ ព្រះយេស៊ូវបានហៅអង្គទ្រង់ថា «កូនមនុស្ស» («បុត្រមនុស្ស» [គខប]) ដើម្បីបង្ហាញថា ទ្រង់ជាអង្គ ដែលត្រូវបានពណ៌នានៅក្នុង ដានីយ៉ែល ៧ (ឧទាហរណ៍ ម៉ាកុស ១៤:៦១–៦២)។
ពួកបរិសុទ្ធ
ពួកបរិសុទ្ធនៅក្នុង ដានីយ៉ែល ៧:១៨, ២២, ២៥, និង ២៧ សំដៅទៅកាន់ពួកបរិសុទ្ធរបស់ព្រះ (សូមមើល ទំនុកដំកើង ១៦:៣; ៣៤:៩)។ នៅក្នុង ៧:២៥ និង ១២:៧ «ពួកបរិសុទ្ធ» ត្រូវគេបៀតបៀន «១ខួប, ២ខួប, និង កន្លះខួប» ប៉ុន្តែគេនឹងទទួលរាជ្យ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច (៧:១៨, ២២, ២៧)។ សូមមើល ម៉ាថាយ ៥:៣, ៥; ២៥:៣១, ៣៤; លូកា ២២:២៩–៣០; កូល៉ុស ១:១៣; វិវរណៈ ១:៦)។
ព្រះជាម្ចាស់
សេចក្តីលម្អិតក្នុងនិមិត្តបង្ហាញថា ព្រះជាម្ចាស់គ្រប់គ្រងលើប្រវត្តិសាស្ត្ររបស់មនុស្ស។ ទ្រង់ផ្តល់អំណាចដល់ស្តេចផ្សេងៗ ទ្រង់ដកអំណាចពីស្តេចវិញ និងវិនិច្ឆ័យនគរទាំងឡាយ។ ទោះបីជានគរនោះបៀតបៀន រាស្រ្តព្រះជាម្ចាស់ ក៏នគរនោះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ផ្តល់ភាពធំឧត្តមនិងអំណាច ដែលស្ថិតស្ថេរអស់កល្បជានិច្ច ដល់បុត្រមនុស្ស។
ផ្ទៃរឿង និងគោលដៅនៃអត្ថបទ
ផ្ទៃរឿងជំពូកនេះគឺស្រដៀងគ្នាទៅនឹងផ្ទៃរឿងនៃដានីយ៉ែល ២ ដែលនិទានសប្តិអំពីរូបលោហៈមួយយ៉ាងធំ ដែលបានទម្លាក់ចុះមកដោយថ្មមួយ។ ដើម្បីមានលំដាប់ផ្ទៃរឿងខុសគ្នាសម្រាប់អត្ថបទនេះ យើងត្រូវការយកចិត្តទុកដាក់ដល់របៀបខុសគ្នារវាងដានីយ៉ែល ៧ និងដានីយ៉ែល ២។ នគរទីបួនត្រូវបានពណ៌នាយ៉ាងលម្អិតនៅក្នុងដានីយ៉ែល ៧ សត្វដែលគួរឲ្យភ័យខ្លាចមានស្នែង១០ ហើយបន្ទាប់មកមានលេចឡើងនូវស្នែងតូច១ «មានភ្នែកដូចជាមនុស្សជាតិ… និងមាត់កំពុងពោលយ៉ាងធំ» (៧:៨)។ ក្នុងជំពូក ៧ និមិត្តបង្ហាញថា ព្រះជាម្ចាស់ទ្រង់គង់លើរាជ្យវិនិច្ឆ័យដោយព្រះអង្គផ្ទាល់ បញ្ជីទាំងប៉ុន្មានបានបើកឡើង ហើយសត្វកាចសាហាវត្រូវបានបំផ្លាញដោយភ្លើង (៧:៩-១២)។ បន្ទាប់មក ថ្មបានក្លាយជាភ្នំធំអស្ចារ្យហើយបំពេញផែនដីទាំងមូល (២:៣៥) អង្គ១ ដូចជាកូនមនុស្ស យាងមកជាមួយពពកនៅលើផ្ទៃមេឃ និងទទួលនគរអស់កល្បជានិច្ច (៧:១៣-១៤)។ ដូច្នេះជំពូកនេះផ្ដោតលើ១អង្គជាមនុស្សជាតិ ដែលទទួលនគរអស់កល្បរបស់ព្រះជាម្ចាស់។ ជំពូកនេះក៏មានសេចក្តីលម្អិតអំពីស្នែងតូច ដែលតំណាងអោយស្ដេច ដែលបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្របរិសុទ្ធរបស់ព្រះផងដែរ។ គេមើលទៅដូចជាស្តេចនេះឈ្នះសង្គ្រាម ប៉ុន្តែព្រះជាម្ចាស់ធ្វើអន្តរាគមន៍ យាងគង់វិនិច្ឆ័យ និងបំផ្លាញការគ្រប់គ្រងអាក្រក់ទាំងអស់ (៧:២១–២២, ២៥–២៦)។ បន្ទាប់មកព្រះជាម្ចាស់ផ្តល់នគរដ៏អស់កល្បដល់រាស្រ្តទ្រង់ (៧:១៨, ២២, ២៧)។ ដូច្នេះយើងអាចនិយាយពីផ្ទៃរឿងនៃដានីយ៉ែល ៧ ថា បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញអ្នកគ្រប់គ្រងដែលរឹងទទឹង ព្រះជាម្ចាស់នឹងផ្តល់នគរដ៏អស់កល្បអោយបុត្រមនុស្ស និងរាស្រ្តរបស់ទ្រង់។
យើងត្រូវតែចងចាំថា សារនេះផ្តល់ជាដំបូងដល់រាស្រ្តព្រះជាម្ចាស់ ដែលបានរងទុក្ខក្នុងការនិរទេស ហើយរស់នៅឆ្ងាយពីទឹកដីសន្យា។ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ពួកគេចោល ហើយគេបានអស់សេចក្តីសង្ឃឹម។ គោលដៅនិងសារគឺដើម្បី ធានារាស្រ្តព្រះជាម្ចាស់ថា ព្រះដ៏ជាមហាក្សត្រ ទ្រង់គ្រប់គ្រង អាណាចក្រអាក្រក់ ហើយពេលចុងបញ្ចប់នឹងផ្តល់នគរដ៏អស់កល្បដល់រាស្រ្តរបស់ទ្រង់ តាមរយៈ បុត្រាដ៏ជាព្រះរបស់ទ្រង់។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
«កូនមនុស្ស» សំដៅយ៉ាងច្បាស់ទៅកាន់ព្រះគ្រីស្ទនិងសេចក្តីយោងនៅក្នុងសញ្ញាថ្មី ដែលបានកត់ទុកខាងលើ ផ្តល់ឲ្យមធ្យោបាយយ៉ាងច្បាស់ក្នុងការអធិប្បាយពីព្រះគ្រីស្ទ។ តាមរយៈការធ្វើដូច្នេះ អ្វីដែលយើងចង់បញ្ជាក់ពីព្រះគ្រីស្ទគឺថា ទ្រង់នឹងវិនិច្ឆ័យគ្រប់គ្នា ទ្រង់ឈ្នះអំណាចទាំងអស់នៅលើផែនដី ហើយនគរទ្រង់ស្ថិតស្ថេរអស់កល្បជានិច្ច។ ការបញ្ជាក់នេះមានសារៈសំខាន់ ពីព្រោះវាបង្ហាញអំពីឧត្តមភាពរបស់ព្រះយេស៊ូវ។ ជាញឹកញាប់ណាស់ មនុស្សជឿលើព្រះយេស៊ូវដ៏តូច មិនមែនព្រះយេស៊ូវដ៏ឧត្តមនោះទេ ឧទាហរណ៍ គេជឿព្រះយេស៊ូវជាមិត្តរបស់ខ្ញុំ ព្រះយេស៊ូវជាអ្នកដែលជួយខ្ញុំនិងគ្រួសាររបស់ខ្ញុំ ព្រះយេស៊ូវជាបុគ្គលអស្ចារ្យម្នាក់ និងជាគ្រូបង្រៀន ប៉ុន្តែព្រះយេស៊ូវអស្ចារ្យជាងនេះឆ្ងាយណាស់។ នៅពេលយើងអធិប្បាយពីអត្ថបទនេះ យើងចង់ឲ្យមនុស្សកោតខ្លាចនិងគោរពឧត្តមភាពរបស់ព្រះយេស៊ូវ។ សិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីគឺជាមូលដ្ឋានសម្រាប់បេសកកម្មរបស់យើង (ម៉ាថាយ ២៨:១៨-២០) ដើម្បីបង្កើតសិស្សគ្រប់ទាំងសាសន៍។ ជារឿយៗ គ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាយកពាក្យពីគម្ពីរម៉ាថាយ ២៨ ដែលជាបង្គាប់ដល់យើង ដើម្បីបង្កើតសិស្សគ្រប់ទាំងសាសន៍ ប៉ុន្តែគេភ្លេចខដែលមានមុនដែលប្រាប់ពីសិទ្ធិអំណាចរបស់ព្រះយេស៊ូវលើផែនដី។ បើសិនយើងមិនបញ្ជាក់ថា យើងគួរឲ្យកោតខ្លាចសិទ្ធិអំណាចរបស់ព្រះយេស៊ូវនោះទេ នោះយើងមិនមែនបង្កើតសិស្សសម្រាប់ព្រះយេស៊ូវទេ ប៉ុន្តែយើងប្រើព្រះយេស៊ូវ ដើម្បីអោយការរស់នៅរបស់យើងរីកចំរើនវិញ។ នេះជាការអាក្រក់ចំពោះព្រះជាម្ចាស់។ ដូច្នេះដានីយ៉ែល ៧ គឺជាជំពូកសំខាន់ ដើម្បីអធិប្បាយបង្ហាញអំពីឧត្តមភាពនៃព្រះយេស៊ូវ។
ការវិវឌ្ឍន៍តាមរយៈប្រវត្តិសាស្ត្រ៖ សារសម្រាប់ដានីយ៉ែលនិងអ៊ីស្រាអែលនៅក្នុងការនិរទេសគឺ ព្រះជាម្ចាស់នឹងប្រទាននគរដ៏អស់កល្បរបស់ទ្រង់អោយបុត្រមនុស្សដ៏ជាព្រះនិងរាស្រ្តរបស់ព្រះជាម្ចាស់។ សម្រាប់ពួកគេ ការសម្រេចសេចក្ដីសន្យានេះនៅតែស្ថិតក្នុងពេលអនាគតដ៏វែងឆ្ងាយ។ លើសពីនេះ អាណាចក្រកាចសាហាវ ត្រូវលើកឡើងនិងធ្លាក់ចុះមុនពេលព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញអ្នកគ្រប់គ្រងរឹងទទឹង ហើយនាំនគរអស់កល្បរបស់ទ្រង់មកដល់។ ប៉ុន្តែសេចក្ដីសន្យានេះពិតជាបានសម្រេច។ ក្នុងរជ្ជកាលសត្វធំដែលគួរឲ្យខ្លាច ព្រះជាម្ចាស់បានបញ្ជូនបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទមកផែនដីនេះ។ ទេវតាកាព្រីយ៉ែលបានប្រកាសពីការប្រសូតរបស់ទ្រង់៖ បុត្រនោះនឹងបានធំជាឧត្តម ហើយគេនឹងហៅទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះជាម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សយ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ (លូកា ១:៣២–៣៣)។
ការយាងមកដល់ផែនដីរបស់ព្រះយេស៊ូវ ជាការផ្តើមបំពេញនិមិត្តរបស់ដានីយ៉ែលអំពីអនាគតដ៏វែងឆ្ងាយ។ សាវករបស់ព្រះយេស៊ូវពីដំបូងបានយល់ថា និមិត្តនេះត្រូវបានបំពេញសំរេចហើយ។ បន្ទាប់ពីទ្រង់រស់ពីសុគតឡើងវិញពួកគេបានសួរថា «ព្រះអម្ចាស់អើយ យើងនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ?» តែទ្រង់មានបន្ទូលឆ្លើយថា «មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង» (កិច្ចការ ១:៦-៨)។ ព្រះយេស៊ូវនឹងយាងមកជាលើកទីពីរ ហើយទ្រង់នឹងស្តានគរពេញលេញរបស់ទ្រង់ឡើងវិញ (វិវរណៈ ១១:១៥; ២១-២២)។
ការបំពេញសំរេចសេចក្តីសន្យា៖ ដានីយ៉ែល ៧ ផ្តល់សេចក្តីសន្យារបស់ព្រះជាម្ចាស់រាប់រយឆ្នាំមុនព្រះយេស៊ូវយាងមកទៅទៀត។ ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូវគ្រីស្ទអោយយាងមកសំរាប់ការរក្សាសេចក្តីសន្យាហើយ ដូច្នេះយើងដឹងថា ទ្រង់នឹងបំពេញសេចក្តីសន្យានៅក្នុងជំពូកនេះយ៉ាងពេញ នៅពេលព្រះយេស៊ូវយាងត្រឡប់មកម្តងទៀតជាមិនខាន។
សេចក្តីសន្យាអំពីការផ្តល់នគរដល់រាស្រ្តរបស់ព្រះជាម្ចាស់៖ សេចក្តីសន្យារបស់ព្រះជាម្ចាស់ប្រទាននគរអស់កល្បជានិច្ចដល់រាស្រ្តទ្រង់ទាក់ទងនឹង ម៉ាកុស ១០:១៣, យ៉ូហាន ១៤:២–៣, កូល៉ុស ១:១៣–១៤, ២ពេត្រុស ១:១១, វិវរណៈ ២២:៤–៥។ គោលបំណងរបស់ដានីយ៉ែលគឺដើម្បីបន្តធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់ ដែលស្ថិតក្នុងការនិរទេស ថា ព្រះជាម្ចាស់ជាមហាក្សត្រទ្រង់គ្រប់គ្រងអាណាចក្រកាចសាហាវ ហើយទីបញ្ចប់ទ្រង់នឹងប្រទាននគរអស់កល្បដល់រាស្រ្តរបស់ទ្រង់ ហើយដូចគ្នាផងដែរ ព្រះយេស៊ូវក៏បន្តធានារាស្រ្តរបស់ព្រះជាម្ចាស់ ដែលរងទុក្ខក្រោមអំណាចគ្រប់គ្រងរបស់រ៉ូម «កុំឲ្យខ្លាចហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នាទ្រង់សព្វព្រះទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត» (លូកា ១២:៣២)។
ការវិនិច្ឆ័យចុងក្រោយ៖ ដានីយ៉ែល ៧:៩-១១ ជារូបភាពនៃការវិនិច្ឆ័យចុងក្រោយ ហើយព្រះយេស៊ូវមានបន្ទូលថា ទ្រង់ជាកូនមនុស្ស និងជាអ្នកវិនិច្ឆ័យនៅគ្រាចុងក្រោយ (ម៉ាថាយ ១៩:២៨; ២៥:៣១–៣២; យ៉ូហាន ៥:២៦–២៧)។
ស្នែងតូច៖ វិវរណៈ ១៣:១, ៥, ៧; ១៧:១២-១៤ សំដៅយ៉ាងច្បាស់ទៅលើស្នែងតូច ដែលចេញពីដានីយ៉ែល ៧។ ដូច្នេះ ស្នែងតូចគឺជាទំនាយអំពីការបៀតបៀនចំពោះគ្រីស្ទបរិស័ទ ជាអ្នកដែលបៀតបៀនគ្រីស្ទបរិស័ទនឹងមានជ័យជំនះ១ខួប២ខួប និងកន្លះខួប (៤២ខែ ក្នុងវិវរណៈគឺដូចគ្នា «១ខួប ២ខួប និងកន្លះខួប» ក្នុងដានីយ៉ែល) ប៉ុន្តែនៅគ្រាចុងក្រោយ ព្រះយេស៊ូវនឹងបំផ្លាញអ្នកដែលបៀតបៀនរាស្រ្តរបស់ទ្រង់ទាំងនោះ (វិវរណៈ ១៩:២០)។ តាមរយៈការនេះ យើងត្រូវអធិប្បាយថា យើងប្រហែលជានឹងប្រឈមមុខនឹងការលំបាក ពីព្រោះយើងដើរតាមព្រះយេស៊ូវ ប៉ុន្តែយើងត្រូវលើកទឹកចិត្តថា នាគ្រាចុងក្រោយ ព្រះយេស៊ូវឈ្នះ ហើយបំផ្លាញអ្នកដែលបៀតបៀនយើង និងប្រទានឲ្យយើងនូវនគរអស់កល្បជានិច្ច។
ផ្ទៃរឿងនិងគោលដៅនៃសេចក្តីអធិប្បាយ និងតម្រូវការរបស់អ្នកស្តាប់ដែលសេចក្តីអធិប្បាយដោះស្រាយ
យើងបាននិយាយថា ផ្ទៃរឿងចេញពីដានីយ៉ែល ៧ គឺ បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញអ្នកគ្រប់គ្រងដែលរឹងទទឹង ព្រះជាម្ចាស់នឹងប្រទាននគរដ៏អស់កល្បដល់បុត្រមនុស្សនិងរាស្រ្តរបស់ទ្រង់។ យោងតាមអ្វីដែលយើងបានរៀនពីសញ្ញាថ្មីខាងលើ យើងអាចធ្វើការផ្លាស់ប្តូរផ្ទៃរឿងបន្តិចសម្រាប់ការអធិប្បាយ ឲ្យទៅជា បន្ទាប់ពីការវិនិច្ឆ័យដែលព្រះជាម្ចាស់នឹងបំផ្លាញ «ពួកទទឹងនឹងព្រះគ្រីស្ទ» (មេប្រឆាំងព្រះគ្រិស្ត [គខប]) ទ្រង់នឹងប្រទាននគរដ៏អស់កល្បដល់ព្រះយេស៊ូវនិងរាស្រ្តរបស់ទ្រង់ ។
យើងឃើញថា គោលបំណងរបស់អ្នកនិពន្ធគឺ ដើម្បីបន្តធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់ក្នុងការនិរទេសថា ព្រះដ៏ជាមហាក្សត្រ ទ្រង់គ្រប់គ្រងលើអាណាចក្រកាចសាហាវ ហើយទីបញ្ចប់ទ្រង់នឹងវិនិច្ឆ័យគេ ហើយប្រទាននគរអស់កល្បដល់រាស្រ្តរបស់ទ្រង់តាមរយៈកូនមនុស្ស។ ជាមួយនឹងការផ្លាស់ប្តូរតិចតួចពីកណ្ឌវិវរណៈនៅក្នុងសញ្ញាថ្មី យើងអាចបង្កើតគោលបំណងសម្រាប់សេចក្តីអធិប្បាយនេះបានថា៖ ដើម្បីបន្តធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះថា ព្រះដ៏ជាមហាក្សត្រគ្រប់គ្រងអាណាចក្រកាចសាហាវ ហើយចុងបញ្ចប់ទ្រង់នឹងវិនិច្ឆ័យពួកគេ ហើយទ្រង់នឹងប្រទាននគរអស់កល្បដល់រាស្រ្តរបស់ទ្រង់ តាមរយៈបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។
Leave a Reply