ភូមិបេថ្លេហិម (នៅ​ស្រុក​យូដា)​ Bethlehem of Judah

ភូមិបេថ្លេហិម (នៅ​ស្រុក​យូដា)​ (בֵּ֧ית לֶ֣חֶם) ភូមិ​នៅ​ស្រុក​យូដា​ (សូម​មើល​ផែនទី​ «​អ៊ីស្រាអែលកណ្តាល​និង​ភាគខាង​ត្បូង​» http://www.dkdl.org/?page_id=1666) ជា​ភូមិ​របស់​ដាវីឌ​ ហើយ​ព្រះយេស៊ូវ​បាន​ប្រសូត្រ​នៅ​ភូមិ​នេះ។​ បេថ្លេហិម​គឺ​ជា​ភូមិ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​នាងរស់​៖ ​លោក​អេលីម៉ាលេច​បាន​នាំ​ភរិយា​ឈ្មោះ ន៉ាអូមី​ ​ចាក​ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ក្រោយ​មក​ ន៉ាអូមី ​មក​ដល់​បេថ្លេហិម​វិញ​ជា​មួយ​នាងរស់​ (នាងរស់​ ១:១, ១៩)។  នាងរស់​បាន​ជួប​លោក ​បូអូស ​នៅ​ស្រែ​នៅ​បេថ្លេហិម​ (នាងរស់​ ២:៣) ហើយ​ពួក​គេ​បាន​រៀប​ការ​ជា​មួយ​គ្នា​នៅ​ទី​នោះ (នាងរស់​ ៣–៤)។

រឿង​ក្នុង​កណ្ឌ​នាង​រស់​អំពី​ការ​ប្រមូល​ផល​បង្ហាញ​អំពី​អត្ថន័យ​នៃ​ឈ្មោះ​បេថ្លេហិម​ (ដែល​មាន​ន័យ​ថា “ផ្ទះ​នំបុ័ង​”​) ហើយ​បញ្ជាក់​ផង​ដែរ​អំពី​ឈ្មោះ​របស់​បេថ្លេហិម​មួយ​ទៀត​គឺ «អេប្រាតា»​ (ដែល​មាន​ន័យ​ថា “បង្កើត​ផល​” “fruitful”​)។

ពង្សាវតារ​នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​នាង​រស់​នេះ​ប្រាប់​យើង​ថា​ ព្រះបាទ​ដាវីឌ ​ដែល​ជា​កូនចៅ​របស់​នាង​ណា​អូ​មី ​និង​ជា​កូន​របស់​លោក​អ៊ី​សាយ​ បាន​កើត​មក​នៅ​ក្រុង​បេថ្លេហិម​ (៤:១៧–២២)។ បេថ្លេហិម​គឺ​ជា​ភូមិ​ដ៏​សំខាន់​នៅ​ក្នុង​រឿង​របស់​ស្តេច​ដាវីឌ​៖

  • លោក​សាំយូអែល​បាន​ទៅ​ភូមិ​បេថ្លេហិម ​ដើម្បី​ចាក់​ប្រេង​អភិសេក​ដាវីឌ (១សាំយូអែល​ ១៦:១១–១៣)។
  • នៅពេល​ដែល​ការ​ច្រណែន​របស់​ព្រះបាទ​សូល​បាន​បង្ខំ​ឱ្យ​ដាវីឌ​រត់​គេច​ខ្លួន ​លោក​ដាវីឌ​បាន​នាំ​ឪពុក​និង​ម្តាយ​របស់​គាត់​ចេញ​ពី​បេថ្លេហិម (១សាំយូអែល​ ២២:៣–៤)។
  • ព្រះបាទ​ដាវីឌ​បាន​ធ្វើ​ឱ្យ​ក្រុង​យេ​រូ​សាឡិម​ក្លាយ​ជា​រដ្ឋធានី​នៃ​អ៊ីស្រាអែល ​ហើយ​បន្ទាប់​មក​ក្រុង​យេរូសាឡិម​បាន​ក្លាយ​ជា​ ​«​ក្រុង​របស់​ព្រះបាទ​ដាវីឌ»​ ជា​លើក​ទី​ពីរ (​បេថ្លេហិម​ជា​«​ក្រុង​របស់​ព្រះបាទ​ដាវីឌ» ទី​មួយ សូម​ប្រៀប​ធៀប​ ២សាំយូអែល ​៥:៧ នឹង លូកា​ ២:១១)។

​ជាង​ពីរ​សតវត្សរ៍​ក្រោយ​មក​ទៀត​ ​បេថ្លេហិម​ជា​ភូមិ​មិន​សូវ​សំខាន់​ទេ​ ប៉ុន្តែ​វា​បាន​ត្រឡប់​ជា​មាន​សារៈ​សំខាន់​ដោយ​សារ​តែ​បទ​ទំនាយ​អំពី​ព្រះ​មេស្ស៊ី​មួយ (មីកា​ ៥:២)។  ទំនាយ​នេះ​បាន​បំពេញ​សម្រេច​នៅពេល​ដែល​ព្រះយេស៊ូវ​ត្រូវ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម។  ស្ដេច​ហេរ៉ូឌ​បាន​បញ្ជា​ឱ្យ​ចាប់​យក​ក្មេង​ប្រុសៗ ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ចុះ​នៅ​ក្នុង​បេថ្លេហិម ​ទៅ​សម្លាប់​ចោល​ (ម៉ាថាយ ២:១៣–១៨)។

យោង​តាម​កណ្ឌ​យ៉ូហាន​ ៧:៤២ មនុស្ស​មួយ​ចំនួន ​ដែល​ស្ដាប់​ព្រះយេស៊ូវ​ ​បាន​ចាត់​ទុក​បេថ្លេហិម​ជា​កន្លែង​កំណើត​នៃ​បុត្រ​របស់​ព្រះបាទ​ដាវីឌ ​(ព្រះ​មែស៊ី​) ​ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា ​បេថ្លេហិម​ក៏​ជា​កន្លែង​កំណើត​នៃ​ព្រះ​យេស៊ូវ​ផង​ដែរ​នោះ​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top