សាម៉ារី Samaria

សាម៉ារី (שֹׁמְרוֹן, shomeron; Σαμάρεια, Samareia) នៅ​ក្នុង​ព្រះ​គម្ពីរ​ «សាម៉ារី»​ សំដៅ​ទៅ​លើ​ទី​ក្រុង (សូម​មើល​ផែនទី​ «​អ៊ីស្រាអែលកណ្តាល​និង​ភាគខាង​ត្បូង​» http://www.dkdl.org/?page_id=1666)​ និង​តំបន់​មាន​ភ្នំ​មួយ​ (១ពង្សាវតារក្សត្រ​ ១៦:២៤)។ ទីក្រុង​សាម៉ារី​មាន កម្ពស់​ជាង​១២០ ម៉ែត្រ​ ហើយ​វា​នៅ​យ៉ាង​ជិត​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​ធំ​មួយ ​ជា​ពិសេស​ផ្លូវ​ដែល​ភ្ជាប់​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ស៊ីរី​ និង​ផ្លូវ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ចំ​កណ្តាល​ប្រទេស​អ៊ីស្រាអែល។ ទោះ​យ៉ាង​ណា ​សាម៉ារី​គឺ​ជា​ទីក្រុង​ខ្វះ​ប្រភព​ទឹក​ប្រើ​ប្រាស់។.

ប្រវត្តិសាស្ត្រ​

ស្ដេច​អំរី​បាន​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរ​ក្នុង​តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី​រយ​តម្លឹង (១ពង្សាវតារក្សត្រ​ ១៦:២៤) ដើម្បី​សង់​ទីក្រុង​ ធ្វើ​ជា​រាជធានី​នៃ​អាណាចក្រ​របស់​គាត់។ ក្នុង​អំឡុង​រជ្ជកាល​នៃ​កូន​ចៅ​របស់​អំ​រី​ ​សាម៉ារី​បាន​រីក​ចម្រើន ហើយ​បាន​ធ្វើ​ជា​តំណាង​ឱ្យ​គោលនយោបាយ​និង​កិត្យានុភាព​នៃ​ ​អ៊ីស្រាអែល។

បន្ទាប់​ពី​កូន​ចៅ​របស់​អំរី​ឈប់​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ សាម៉ារី​នៅ​តែ​ជា​រាជធានី​នៃ​អ៊ីស្រាអែល​  ហើយ​កិត្យានុភាព​របស់​ក្រុង​សាម៉ារី​បន្ត​កើន​ឡើង​ឈាន​ដល់​ចំណុច​ខ្ពស់​មួយ​ខាង​ឥទ្ធិពល​និង​ទ្រព្យ​សម្បត្តិ​ក្នុង​កំឡុង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម​ទី​២។

បន្ទាប់​ពី​អនិច្ចកម្ម​របស់​ព្រះបាទ​យេរ៉ូបោម​ទី​២ ការ​រីក​ចម្រើន​នៃ​ចក្រភព​អាស​ស៊ើ​រ​បាន​គ្រប​ដណ្តប់​អ៊ីស្រាអែល​យ៉ាង​លឿន។ នៅ​ប្រហែល​ឆ្នាំ​ ៧២០ មុន ​គ.ស. អាស​ស៊ើ​រ​បាន​ដាក់​កង​ទ័ព​របស់​ខ្លួន​ឡោមព័ទ្ធ​សា​ម៉ា​រី​ «ហើយ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ស្រុក​អាស្ស៊ីរី​អោយ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា»​ (២ពង្សាវតារក្សត្រ​ ១៧:៥-៦ គ.ខ.ប.)។

ពួក​អាស្ស៊ីរី​បាន​កសាង​សា​ម៉ា​រី​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ធ្វើ​ជា​រាជធានី​តំបន់។  «ស្ដេច​ស្រុក​អាស្ស៊ីរី​ជម្លៀស​ប្រជាជន​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត់ និង​ក្រុង​សេផាវែម អោយ​មក​រស់​នៅ​តាម​ក្រុង​នានា​នៅ​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សាម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា»​ (២ពង្សាវតារក្សត្រ​ ១៧:២៤ គ.ខ.ប.)។ «ប្រជាជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សាម៉ារី​ពី​មុន​បាន​សង់។ ប្រជាជាតិ​នីមួយៗ​ធ្វើ​ដូច្នេះនៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ»​ (២ពង្សាវតារក្សត្រ​ ១៧:២៩ គ.ខ.ប.)។ ទីក្រុង​សាម៉ារី​បន្ត​ធ្វើ​ជា​រាជធានី​តំបន់​ក្នុង​អំឡុង​ពេល​ចក្រភព​ពើ​ស៊ី​នេះ​បា​ប៊ី​ឡូ​ន។

សាម៉ារី​មិន​សប្បាយ​ចិត្ត​ចំពោះ​ដំណឹង​អំពី​ការ​សាង​សង់​ព្រះ​វិហារ​នៅ​យេរូសាឡិម​ឡើង​វិញ។​  ហេតុនេះ​ហើយ​បាន​ជា​ទេសាភិបាល​របស់​សាម៉ារី​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ប្រជាជន​យូដា ហើយ​ទៅ​គាល់​ស្ដេច​ពើ​ស៊ី​ក្នុង​គោល​បំណង ​ដើម្បី​រារាំង​ការ​កសាង​ព្រះ​វិហារ​ឡើងវិញ (អែសរ៉ា​ ៤–៥) ប៉ុន្តែ​ផែនការណ៍​របស់​ពួក​សាម៉ារី​បាន​បរាជ័យ​ (អែសរ៉ា​ ៦:១–១២)។

ទោះ​ជា​យ៉ាង​ណា ​ភាព​តាន​តឹង​រវាង​នគរ​យូដា​និង​សា​ម៉ា​រី​បាន​នៅ​តែ​បន្ត​ទៀត​នៅ​ក្នុង​អំឡុង​ពេល (និង​ក្រោយ​)អាណាចក្រ​ពើស៊ី។ ក្នុង​អំឡុង​ពេល​នេះ​ និកាយ​សាសន៍​សា​ម៉ា​រី​បាន​បំបែក​ចេញ​ពី​សាសនា​យូដា​ ដែល​នាំ​ឱ្យ​ពួក​គេ​សាង​សង់​ព្រះ​វិហារ​មួយ​នៅ​លើ​ភ្នំ​កេរិស៊ីម។

សាម៉ារី ត្រូវ​បាន​ចាត់​ទុក​ជា​គូបដិបក្ខ​របស់​ក្រុង​យេរូសាឡឹម។ ក្រុង​យេរូសាឡិម​ជា​កន្លែង​នៃ​រាជវង្ស​ដាវីឌ​មាន​ស្ថិរភាព ឯ​សា​ម៉ា​រី​គឺជា​កន្លែង​មួយ​នៃ​រាជវង្ស​ដែល​មិន​ស្ថិតស្ថេរ​ ​ពោរ​ពេញ​ដោយ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​អំពើ​ទុច្ចរិត​នៅ​ក្នុង​សង្គម។ ១ពង្សាវតារក្សត្រ​ ១៧–១៨ បាន​បង្ហាញ​សេចក្តី​ន​យ៉ាង​ច្បាស់​ ដោយ​កត់ត្រា​ទុក​អំពី​ប្រវត្តិសាស្ត្រ​នៃ​កង​ទ័ព​អាស​ស៊ើ​រ​បាន​ឡោមព័ទ្ធ​សាម៉ារី​ និង​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម។ សាម៉ារី​ត្រូវ​បាន​បំផ្លាញ​ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​សង្គ្រោះ​យេរូសាឡិម។

កណ្ឌ​ពង្សាវតារក្សត្រ​បង្រៀន​ថា យេរូសាឡិម​បាន​ធ្វើ​បាប​ដូច​សាម៉ារី​ដូច្នោះ​ដែរ ​ហើយ​ក្រោយ​មក​យេរូសាឡិម​និង​យូដា​ត្រូវ​បាន​បំផ្លាញ​ដូច​ជា​សាម៉ារី​ (២ពង្សាវតារក្សត្រ​ ២១:១៣)។ ដូច្នេះ​ ប្រវត្តិសាស្ត្រ​របស់​សាម៉ារី​គឺ​ជា​មេរៀន​សម្រាប់​យេរូសាឡិម​ គឺ​ព្រមាន​គេ​អោយ​ប្រែ​ចិត្ត​ ប៉ុន្តែ​បណ្តាជន​នៅ​យូដា​និង​យេរូសាឡិម​មិន​ស្ដាប់​ការ​ព្រមាន​នេះ​ទេ។

ពួក​ហោរា​ (ព្យាការី​) បាន​ប្រកាស​ព្រះបន្ទូល​អំពី​ការ​វិនិច្ឆ័យ​មក​ពី​ព្រះជាម្ចាស់​ប្រឆាំង​នឹង​សាម៉ារី។ កណ្ឌ​មីកា​ ជំពូក​មួយ ប្រកាស​អំពី​បាប​របស់​សាម៉ារី។ កណ្ឌ​ហូសេ​និង​អេម៉ុស​ប្រកាស​ព្រះបន្ទូល​ប្រឆាំង​នឹង​ការ​ពុករលួយ​ អំពើឃោរឃៅ និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​សាម៉ារី​និង​ស្តេច​ដែល​គ្រប់​គ្រង​នៅ​ទី​នោះ​ហើយ​ក៏​មាន​ចោរកម្ម​និង​អំពើ​ហិង្សា​ជា​ច្រើន​ផង​ដែរ​ (ហូសេ​ ៧:១)។ មន្ត្រី​សាម៉ារី​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​អំពើ​ប្រាសចាក​សីលធម៌ (ហូសេ​ ៧:២–៧) ហើយ​សង្កត់​សង្កិន​អ្នក​ក្រី​ក្រ (អេម៉ុស​ ៤:១)។ មាន​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ជា​ច្រើន (ហូសេ​ ៨:៥–៦; អេម៉ុស​ ៨:១៤)។  ប៉ុន្តែ​ពួក​ហោរា​មិន​គ្រាន់តែ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទេ។ ឧទាហរណ៍​ លោក​អេសេគាល​បាន​ប្រកាស​ថា  សាម៉ារី​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ ក្រោយ​ពី​ការ​វិនិច្ឆ័យ​រួម​ជាមួយ​ក្រុង​យេរូសាឡឹម (អេសេគាល​ ១៦)។  ដូច្នេះ​ពួក​ហោរា​បាន​ប្រកាស​អំពី​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ​ ​ ប៉ុន្តែ​សេចក្ដី​សង្ឃឹម​នេះ​ជាប់​ទាក់​ទង​នឹង​យេរូសាឡិម។

នៅពេល​ដែល​លោក Alexander ដ៏​អស្ចារ្យ ​ ច្បាំង​ដណ្ដើម​យក​ពើស៊ី​ ​?​ចៅហ្វាយ​សា​ម៉ា​រី​បាន​បះបោរ។ ជា​ការ​ឆ្លើយ​តប​ Alexander ​បាន​បង្ហាញ​អំណាច​របស់​ខ្លួន​ ដោយ​បាន​បំផ្លាញ​ទីក្រុង​សា​ម៉ា​រី​និង​សាង​ឡើង​វិញ​ជា​ទីក្រុង​ក្រិក។ ​នៅ​ក្នុង​ឆ្នាំ​ប្រហែល​ ១១០ មុន គ.ស. John Hyrcanus បាន​បំផ្លាញ​ទីក្រុង​សាម៉ារី​ ហើយ​នាំ​អោយ​យូដា​គ្រប់​គ្រង​លើ​ទីក្រុង​សាម៉ារី​វិញ។

​នៅ​ពេល​អធិរាជិនី​ Pompey ​ដណ្ដើម​យក​តំបន់​ស៊ីរី​និង​ប៉ាឡេស្ទីន​សម្រាប់​ចក្រភព​រ៉ូម ​នោះ​សាម៉ារី​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សាសន៍​ដទៃ​ម្តង​ទៀត។  រ៉ូម​បាន​អោយ​សាម៉ារី​ទៅ​ស្តេច​ហេរ៉ូឌ​ ដែល​បាន​សាង​សង់​ទីក្រុង​សាម៉ារី​ឡើង​វិញ​ជា​ទីក្រុង​របស់​រ៉ូម​មាន​វប្បធម៌​រ៉ូម ​ហើយ​បាន​ដាក់​ឈ្មោះ​ថ្មី​ថា​ Sebaste។

ក្នុង​អំឡុង​ពេល​សង្គ្រាម​យូដា​ សាម៉ារី​ត្រូវ​បាន​បំផ្លាញ​ម្ដង​ទៀត​ ប៉ុន្តែ​ក្រោយ​មក ​ទីក្រុង​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ម្ដង​ទៀត។

​ក្នុង​ឆ្នាំ​ប្រហែល​ ៥៥០ គ.ស. តំបន់​សាម៉ារី​មាន​ការ​រញ្ជួយ​ដី​ដ៏​ធំ​ ដែល​បំផ្លាញ​ទីក្រុង​ម្ដង​ទៀត​ ហើយ​បន្ទាប់​ពី​ពេល​នោះ​មក ​ទីក្រុង​នេះ​មិន​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ជា​ក្រុង​សំខាន់​ទេ។

សញ្ញា​ថ្មី​

នៅ​ក្នុង​សញ្ញា​ថ្មី​ «សាម៉ារី»​ សំដៅ​ទៅ​លើ​តំបន់​មាន​ភ្នំ​មួយ​ប៉ុណ្ណោះ​ មិន​មែន​ទីក្រុង​ទេ។ ​នៅ​ក្នុង​អំឡុង​សម័យ​សញ្ញា​ថ្មី​ ជនជាតិ​យូដា​មិន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ជនជាតិ​សាម៉ារី​ឡើយ​ ពីព្រោះ​គេ​គិត​ថា ជនជាតិ​សាម៉ារី​មិន​ស្អាត (សូម​មើល យ៉ូហាន​៤:៩)។

នៅ​ក្នុង​ យ៉ូហាន​ជំពូក​ ៤ ព្រះ​យេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់។ ព្រះ​យេស៊ូវ​និង​ស្ត្រី​នោះ​បាន​ប្រឹក្សា​អំពី​ប្រវត្តិសាស្ត្រ​ គ្រួសារ​របស់​នាង និង​ការ​ថ្វាយ​បង្គំ។ ព្រះ​យេស៊ូវ​បង្រៀន​អំពី​ការ​ថ្វាយ​បង្គំ​ដ៏​ពិត (យ៉ូហាន​៤:២៣-២៤ សូម​មើល​មេរៀន​ «ការ​ថ្វាយ​បង្គំ​»​)។  វា​ជា​ការ​សំខាន់ ​ដែល​យើង​យល់​អំពី​ប្រវត្តិសាស្ត្រ​ខ្លះៗ​រវាង​យូដា​និង​សាម៉ារី​ ដើម្បី​ជួយ​យើង​អោយ​យល់​ការ​សន្ទនា​នេះ។

នៅ​ក្នុង​កណ្ឌ​កិច្ចការ សាម៉ារី​គឺ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​រីក​រាលដាល​នៃ​ដំណឹងល្អ (កិច្ចការ​ ១:៨)។  ​នៅ​ពេល​មាន​ការ​បៀតបៀន​នៅ​យេរូសាឡិម​និង​យូដា​ ដំណឹង​ល្អ​បាន​ក៏​ឮ​សុសសាយ​ដល់​សាម៉ារី (កិច្ចការ​ ៨)។ ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​បាន​រំលំ​ជញ្ជាំង ​ដែល​បំបាក់​បំបែក​ជនជាតិ​យូដា​និង​ជនជាតិ​សាម៉ារី​ (និង​សាសន៍​ដទៃ​) ពីព្រោះ​ព្រះគ្រីស្ទ​បាន​ប្រមូល​សាសន៍​នានា​អោយ​មក​រួម​គ្នា​នៅ​ក្នុង​ព្រះ​កាយ​តែ​មួយ​របស់​ព្រះអង្គ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top