សាម៉ារី (שֹׁמְרוֹן, shomeron; Σαμάρεια, Samareia) នៅក្នុងព្រះគម្ពីរ «សាម៉ារី» សំដៅទៅលើទីក្រុង (សូមមើលផែនទី «អ៊ីស្រាអែលកណ្តាលនិងភាគខាងត្បូង» http://www.dkdl.org/?page_id=1666) និងតំបន់មានភ្នំមួយ (១ពង្សាវតារក្សត្រ ១៦:២៤)។ ទីក្រុងសាម៉ារីមាន កម្ពស់ជាង១២០ ម៉ែត្រ ហើយវានៅយ៉ាងជិតផ្លូវធ្វើដំណើរដ៏ធំមួយ ជាពិសេសផ្លូវដែលភ្ជាប់ប្រទេសអេហ្ស៊ីបនិងប្រទេសស៊ីរី និងផ្លូវដ៏ធំមួយផ្សេងទៀតចំកណ្តាលប្រទេសអ៊ីស្រាអែល។ ទោះយ៉ាងណា សាម៉ារីគឺជាទីក្រុងខ្វះប្រភពទឹកប្រើប្រាស់។.
ប្រវត្តិសាស្ត្រ
ស្ដេចអំរីបានទិញភ្នំសាម៉ារីពីលោកសេមើរក្នុងតម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង (១ពង្សាវតារក្សត្រ ១៦:២៤) ដើម្បីសង់ទីក្រុង ធ្វើជារាជធានីនៃអាណាចក្ររបស់គាត់។ ក្នុងអំឡុងរជ្ជកាលនៃកូនចៅរបស់អំរី សាម៉ារីបានរីកចម្រើន ហើយបានធ្វើជាតំណាងឱ្យគោលនយោបាយនិងកិត្យានុភាពនៃ អ៊ីស្រាអែល។
បន្ទាប់ពីកូនចៅរបស់អំរីឈប់គ្រប់គ្រងលើអ៊ីស្រាអែល សាម៉ារីនៅតែជារាជធានីនៃអ៊ីស្រាអែល ហើយកិត្យានុភាពរបស់ក្រុងសាម៉ារីបន្តកើនឡើងឈានដល់ចំណុចខ្ពស់មួយខាងឥទ្ធិពលនិងទ្រព្យសម្បត្តិក្នុងកំឡុងរជ្ជកាលព្រះបាទយេរ៉ូបោមទី២។
បន្ទាប់ពីអនិច្ចកម្មរបស់ព្រះបាទយេរ៉ូបោមទី២ ការរីកចម្រើននៃចក្រភពអាសស៊ើរបានគ្របដណ្តប់អ៊ីស្រាអែលយ៉ាងលឿន។ នៅប្រហែលឆ្នាំ ៧២០ មុន គ.ស. អាសស៊ើរបានដាក់កងទ័ពរបស់ខ្លួនឡោមព័ទ្ធសាម៉ារី «ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរីអោយពួកគេរស់នៅក្រុងហាឡា» (២ពង្សាវតារក្សត្រ ១៧:៥-៦ គ.ខ.ប.)។
ពួកអាស្ស៊ីរីបានកសាងសាម៉ារីឡើងវិញយ៉ាងឆាប់រហ័សធ្វើជារាជធានីតំបន់។ «ស្ដេចស្រុកអាស្ស៊ីរីជម្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម អោយមករស់នៅតាមក្រុងនានានៅក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា» (២ពង្សាវតារក្សត្រ ១៧:២៤ គ.ខ.ប.)។ «ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះនៅតាមក្រុងនានាដែលពួកគេរស់នៅ» (២ពង្សាវតារក្សត្រ ១៧:២៩ គ.ខ.ប.)។ ទីក្រុងសាម៉ារីបន្តធ្វើជារាជធានីតំបន់ក្នុងអំឡុងពេលចក្រភពពើស៊ីនេះបាប៊ីឡូន។
សាម៉ារីមិនសប្បាយចិត្តចំពោះដំណឹងអំពីការសាងសង់ព្រះវិហារនៅយេរូសាឡិមឡើងវិញ។ ហេតុនេះហើយបានជាទេសាភិបាលរបស់សាម៉ារីបានចោទប្រកាន់ប្រឆាំងនឹងប្រជាជនយូដា ហើយទៅគាល់ស្ដេចពើស៊ីក្នុងគោលបំណង ដើម្បីរារាំងការកសាងព្រះវិហារឡើងវិញ (អែសរ៉ា ៤–៥) ប៉ុន្តែផែនការណ៍របស់ពួកសាម៉ារីបានបរាជ័យ (អែសរ៉ា ៦:១–១២)។
ទោះជាយ៉ាងណា ភាពតានតឹងរវាងនគរយូដានិងសាម៉ារីបាននៅតែបន្តទៀតនៅក្នុងអំឡុងពេល (និងក្រោយ)អាណាចក្រពើស៊ី។ ក្នុងអំឡុងពេលនេះ និកាយសាសន៍សាម៉ារីបានបំបែកចេញពីសាសនាយូដា ដែលនាំឱ្យពួកគេសាងសង់ព្រះវិហារមួយនៅលើភ្នំកេរិស៊ីម។
សាម៉ារី ត្រូវបានចាត់ទុកជាគូបដិបក្ខរបស់ក្រុងយេរូសាឡឹម។ ក្រុងយេរូសាឡិមជាកន្លែងនៃរាជវង្សដាវីឌមានស្ថិរភាព ឯសាម៉ារីគឺជាកន្លែងមួយនៃរាជវង្សដែលមិនស្ថិតស្ថេរ ពោរពេញដោយការថ្វាយបង្គំរូបព្រះនិងអំពើទុច្ចរិតនៅក្នុងសង្គម។ ១ពង្សាវតារក្សត្រ ១៧–១៨ បានបង្ហាញសេចក្តីនយ៉ាងច្បាស់ ដោយកត់ត្រាទុកអំពីប្រវត្តិសាស្ត្រនៃកងទ័ពអាសស៊ើរបានឡោមព័ទ្ធសាម៉ារី និងឡោមព័ទ្ធក្រុងយេរូសាឡិម។ សាម៉ារីត្រូវបានបំផ្លាញ ប៉ុន្តែព្រះជាម្ចាស់បានសង្គ្រោះយេរូសាឡិម។
កណ្ឌពង្សាវតារក្សត្របង្រៀនថា យេរូសាឡិមបានធ្វើបាបដូចសាម៉ារីដូច្នោះដែរ ហើយក្រោយមកយេរូសាឡិមនិងយូដាត្រូវបានបំផ្លាញដូចជាសាម៉ារី (២ពង្សាវតារក្សត្រ ២១:១៣)។ ដូច្នេះ ប្រវត្តិសាស្ត្ររបស់សាម៉ារីគឺជាមេរៀនសម្រាប់យេរូសាឡិម គឺព្រមានគេអោយប្រែចិត្ត ប៉ុន្តែបណ្តាជននៅយូដានិងយេរូសាឡិមមិនស្ដាប់ការព្រមាននេះទេ។
ពួកហោរា (ព្យាការី) បានប្រកាសព្រះបន្ទូលអំពីការវិនិច្ឆ័យមកពីព្រះជាម្ចាស់ប្រឆាំងនឹងសាម៉ារី។ កណ្ឌមីកា ជំពូកមួយ ប្រកាសអំពីបាបរបស់សាម៉ារី។ កណ្ឌហូសេនិងអេម៉ុសប្រកាសព្រះបន្ទូលប្រឆាំងនឹងការពុករលួយ អំពើឃោរឃៅ និងការថ្វាយបង្គំរូបព្រះរបស់សាម៉ារីនិងស្តេចដែលគ្រប់គ្រងនៅទីនោះហើយក៏មានចោរកម្មនិងអំពើហិង្សាជាច្រើនផងដែរ (ហូសេ ៧:១)។ មន្ត្រីសាម៉ារីបានប្រព្រឹត្តអំពើពុករលួយនិងអំពើប្រាសចាកសីលធម៌ (ហូសេ ៧:២–៧) ហើយសង្កត់សង្កិនអ្នកក្រីក្រ (អេម៉ុស ៤:១)។ មានការថ្វាយបង្គំរូបព្រះជាច្រើន (ហូសេ ៨:៥–៦; អេម៉ុស ៨:១៤)។ ប៉ុន្តែពួកហោរាមិនគ្រាន់តែប្រកាសអំពីការវិនិច្ឆ័យទេ។ ឧទាហរណ៍ លោកអេសេគាលបានប្រកាសថា សាម៉ារីនឹងត្រូវបានស្ដារឡើងវិញ ក្រោយពីការវិនិច្ឆ័យរួមជាមួយក្រុងយេរូសាឡឹម (អេសេគាល ១៦)។ ដូច្នេះពួកហោរាបានប្រកាសអំពីសេចក្ដីសង្ឃឹមដល់ពួកគេ ប៉ុន្តែសេចក្ដីសង្ឃឹមនេះជាប់ទាក់ទងនឹងយេរូសាឡិម។
នៅពេលដែលលោក Alexander ដ៏អស្ចារ្យ ច្បាំងដណ្ដើមយកពើស៊ី ?ចៅហ្វាយសាម៉ារីបានបះបោរ។ ជាការឆ្លើយតប Alexander បានបង្ហាញអំណាចរបស់ខ្លួន ដោយបានបំផ្លាញទីក្រុងសាម៉ារីនិងសាងឡើងវិញជាទីក្រុងក្រិក។ នៅក្នុងឆ្នាំប្រហែល ១១០ មុន គ.ស. John Hyrcanus បានបំផ្លាញទីក្រុងសាម៉ារី ហើយនាំអោយយូដាគ្រប់គ្រងលើទីក្រុងសាម៉ារីវិញ។
នៅពេលអធិរាជិនី Pompey ដណ្ដើមយកតំបន់ស៊ីរីនិងប៉ាឡេស្ទីនសម្រាប់ចក្រភពរ៉ូម នោះសាម៉ារីត្រូវបានគ្រប់គ្រងដោយសាសន៍ដទៃម្តងទៀត។ រ៉ូមបានអោយសាម៉ារីទៅស្តេចហេរ៉ូឌ ដែលបានសាងសង់ទីក្រុងសាម៉ារីឡើងវិញជាទីក្រុងរបស់រ៉ូមមានវប្បធម៌រ៉ូម ហើយបានដាក់ឈ្មោះថ្មីថា Sebaste។
ក្នុងអំឡុងពេលសង្គ្រាមយូដា សាម៉ារីត្រូវបានបំផ្លាញម្ដងទៀត ប៉ុន្តែក្រោយមក ទីក្រុងនេះត្រូវបានសាងសង់ឡើងវិញម្ដងទៀត។
ក្នុងឆ្នាំប្រហែល ៥៥០ គ.ស. តំបន់សាម៉ារីមានការរញ្ជួយដីដ៏ធំ ដែលបំផ្លាញទីក្រុងម្ដងទៀត ហើយបន្ទាប់ពីពេលនោះមក ទីក្រុងនេះមិនដែលត្រូវបានសាងសង់ឡើងវិញជាក្រុងសំខាន់ទេ។
សញ្ញាថ្មី
នៅក្នុងសញ្ញាថ្មី «សាម៉ារី» សំដៅទៅលើតំបន់មានភ្នំមួយប៉ុណ្ណោះ មិនមែនទីក្រុងទេ។ នៅក្នុងអំឡុងសម័យសញ្ញាថ្មី ជនជាតិយូដាមិនប្រាស្រ័យទាក់ទងជាមួយជនជាតិសាម៉ារីឡើយ ពីព្រោះគេគិតថា ជនជាតិសាម៉ារីមិនស្អាត (សូមមើល យ៉ូហាន៤:៩)។
នៅក្នុង យ៉ូហានជំពូក ៤ ព្រះយេស៊ូវសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់។ ព្រះយេស៊ូវនិងស្ត្រីនោះបានប្រឹក្សាអំពីប្រវត្តិសាស្ត្រ គ្រួសាររបស់នាង និងការថ្វាយបង្គំ។ ព្រះយេស៊ូវបង្រៀនអំពីការថ្វាយបង្គំដ៏ពិត (យ៉ូហាន៤:២៣-២៤ សូមមើលមេរៀន «ការថ្វាយបង្គំ»)។ វាជាការសំខាន់ ដែលយើងយល់អំពីប្រវត្តិសាស្ត្រខ្លះៗរវាងយូដានិងសាម៉ារី ដើម្បីជួយយើងអោយយល់ការសន្ទនានេះ។
នៅក្នុងកណ្ឌកិច្ចការ សាម៉ារីគឺជាជំហានដ៏សំខាន់ក្នុងការរីករាលដាលនៃដំណឹងល្អ (កិច្ចការ ១:៨)។ នៅពេលមានការបៀតបៀននៅយេរូសាឡិមនិងយូដា ដំណឹងល្អបានក៏ឮសុសសាយដល់សាម៉ារី (កិច្ចការ ៨)។ ដំណឹងល្អរបស់ព្រះគ្រីស្ទបានរំលំជញ្ជាំង ដែលបំបាក់បំបែកជនជាតិយូដានិងជនជាតិសាម៉ារី (និងសាសន៍ដទៃ) ពីព្រោះព្រះគ្រីស្ទបានប្រមូលសាសន៍នានាអោយមករួមគ្នានៅក្នុងព្រះកាយតែមួយរបស់ព្រះអង្គ។
Leave a Reply