លោកុប្បត្ដិ ៣៧ សុបិនរបស់លោកយ៉ូសែប Genesis 37 Joseph’s Dream

Gen. 37 Joseph_s Dream pdf download

សុបិន​របស់​លោក​យ៉ូសែប

ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ លោកុប្បត្ដិ​ ៣៧

អ្នក​និពន្ធ​ រ៉ូហ្វ លេភិឡារ

 

អត្ថបទ​នេះ​  ជា​ការ​ចាប់​ផ្តើម​ការ​និទាន​ដ៏​វែង​មួយ​ចេញ​ពី​ លោកុប្បត្ដិ​ ៣៧:២ ទៅ​ដល់​ ៥០:២៦​ ​ហើយ​មាន​ដំណើរ​រឿង​ចម្បង​មួយ។ សន្តិភាព​នៅ​ក្នុង​ផ្ទះ​របស់​យ៉ាកុប​បាន​បែក​ខ្ចាយ​ នៅ​ពេល​ដែល​បងៗ​របស់​យ៉ូសែប​បាន​ស្អប់​គាត់​ (ខ ៤)។ បញ្ហា​នៅ​ក្នុង​គ្រួសារ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ ​នៅ​ពេល​ដែល​មាន​ការ​ផ្សះផ្សា​ជា​មួយ​បង​ប្អូន​ ក្នុង​ជំពូក​ ៤៥​ និង​ ៥០។ រឿង​និទាន​វែង​នេះ​មាន​ផ្ទៃរឿង​ចម្បង​ដែល​យ៉ូសែប​ថ្លែង​ថា​ «អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ​ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​ ដូច​ដែល​បាន​កើត​មាន​ដល់​សព្វ​ថ្ងៃ​នេះ»​ (៥០:២០)។ បញ្ហា​មួយ​នៅ​ក្នុង​ការ​អធិប្បាយ​ចេញ​ពី​រឿង​ទាំង​នេះ​គឺ​ជា​ការ​យល់​រឿង​ទាំង​នេះ​ក្នុង​បរិបទ​រឿង​វែង​តាមរយៈ​ព្រះគម្ពីរ។ ការ​លំបាក​មួយ​ទៀត​គឺ​ជា​របៀប​ដែល​យើង​ត្រូវ​អធិប្បាយ​ពី​ព្រះគ្រីស្ទ​ចេញ​ពី​ការ​និទាន ​ដែល​មិន​និយាយ​អំពី​ព្រះជាម្ចាស់។

មាន​ភាព​ស្រដៀង​គ្នា​រវាង​រឿង​នេះ​និង​រឿង​គ្រួសារ​របស់​អ៊ីសាក។ «អ៊ីសាក​បាន​ស្រលាញ់​អេសាវ​… ប៉ុន្តែ​រេបិកា​បាន​ស្រលាញ់​យ៉ាកុប​» (២៥:២៨) ហើយ​ក្នុង​រឿង​នេះ​ «អ៊ីស្រាអែល​ស្រលាញ់​យ៉ូសែប​ជាង​កូន​ៗ​របស់​គាត់​ផ្សេង​ទៀត​» (៣៧:៣) អេសាវ​បាន​រក​សម្លាប់​យ៉ាកុប​ ជា​ប្អូន​ប្រុស​របស់​គាត់​ (២៧:៤១) ​ហើយ​បងៗ​របស់​យ៉ូសែប​ក៏​រក​សម្លាប់​យ៉ូសែប​ដែរ​ (៣៧:២០) ​យ៉ាកុប​បោក​បញ្ឆោត​ឪពុក​របស់​គាត់​ ដោយ​សំលៀក​បំពាក់​របស់​បង​ប្រុស​គាត់​ ​សាច់​ពពែ​ និង​ស្បែក​ (២៧:៩-១៦) ឯ​កូន​ប្រុស​ទាំង​ឡាយ​របស់​យ៉ាកុប​បោក​បញ្ឆោត​ឪពុក​របស់​ពួក​គេ​ ដោយ​អាវ​ប្អូន​របស់​ពួក​គេ​ និង​ឈាម​ពពែ​ (៣៧:៣១) ​ហើយ​យ៉ាកុប​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ចេញ​ទៅ​ប្រទេស​ដទៃ​ (២៧:៤២) ឯ​យ៉ូសែប​ត្រូ​វ​បាន​បង្ខំ​ចេញ​ទៅ​ប្រទេស​ដទៃ​ដែរ​ (៣៧:៣៦)។

ពាក្យ​និង​គំនិត​គន្លឹះ​ផ្ទួន​មួយ​ចំនួន​ជួយ​យើង​ឲ្យ​ឃើញ​ការ​បញ្ជាក់​របស់​អ្នក​និពន្ធ។ ​បងៗ​របស់​យ៉ូសែប​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត (ខ. ៤, ៥, ៨) ពួក​គេ​ច្រណែន​ (ខ ១១) ពួក​គេ​មាន​ផែនការ​សម្លាប់​យ៉ូសែប​ និង​ពួក​គេ​មាន​ផែនការ​បោក​បញ្ឆោត​ឪពុក​ជរា​របស់​ពួក​គេ​ (ខ ២០)។ មាន​យល់​សប្តិ​ពីរ​ដង​ ​ហើយ​មាន​ពាក្យ​ «យល់​សប្តិ​» ​ផ្ទួន​គ្នា​ចំនួន​ប្រាំ​ពីរ​ដង​ (ខ ៥, ៦, ៨, ៩[ពីរ​ដង​], ១០, ២០)។ ពាក្យ​ «បង​ប្អូន​»​មាន​ផ្ទួន​គ្នា​ម្ភៃ​មួយ​ដង​ (៣X៧) ដើម្បី​បង្ហាញ​សកម្មភាព​ដែល​គេ​ធ្វើ​គឺ​អាក្រក់​មែន​ទែន​ ដូច​ជា​រឿង​កាអ៊ីន​និង​អេបិល​ (លោកុប្បត្ដិ​ ៤)។ មាន​ពាក្យ​ «ប្អូន​» ផ្ទួន​គ្នា​ចំនួន​ប្រាំ​ពីរ​ដង។ «អាវ​»​ របស់​យ៉ូសែប​ត្រូវ​បាន​សរសេរ​ចំនួន​ប្រាំ​បី​ដង​ (ខ ៣, ២៣ [ពីរ​ដង​], ៣១ [ពីរ​ដង​], ៣២[ពីរ​ដង​], ៣៣)។​

យោង​តាម​ការ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ ​យើង​អាច​បែង​ចែក​រឿង​នេះ​ជា​បួន​វគ្គ​៖

វគ្គ​ទី​មួយ​ (ខ ៥-១១)

ហេប្រុន​៖    យ៉ូសែប​បញ្ជាក់​ប្រាប់​បង​ៗ​អំពី​ការ​យល់​សប្តិ​របស់​គាត់​ ឪពុក​ និង​ប្រតិកម្ម​របស់​បងៗ។

វគ្គ​ទី​ពីរ​ (ខ ១២-១៧)

ស៊ីគែម​៖     យ៉ូសែប​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​មើល​ការ​រស់​នៅ​របស់​បង​ៗ​ បុរស​ម្នាក់​ជួប​គាត់​កំពុង​ដើរ និង​ប្រាប់​គាត់​ឲ្យ​ទៅ​ដូថាន់។

វគ្គទីបី(ខ ១៨-៣១)

ដូថាន់​៖      បង​ៗ​រៀប​ផែនការ​សម្លាប់​យ៉ូសែប​ រូបេន​មាន​ផែនការ​មួយ​ដើម្បី​សង្គ្រោះ​យ៉ូសែប​ ផែនការ​របស់​យូដា​ ​និង​ពួក​គេ​លក់​យ៉ូសែប​អោយ​ធ្វើ​ជា​ទាសករ។

វគ្គទីបួន​ (ខ ៣២-៣៥)

ហេប្រុន​៖ យ៉ាកុប​ស្គាល់​អាវ​របស់​យ៉ូសែប​ គាត់​កាន់​ទុក្ខ​កូន​របស់​គាត់។

លទ្ធផល (ខ ៣៦)

អេស៊ីព្ទ​៖ យ៉ូសែប​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ប៉ូទីផារ​ ជា​មេទ័ព​ម្នាក់​របស់​ផារ៉ោន។

​តើ​ព្រះជាម្ចាស់​នៅ​ឯ​ណា​នៅ​ក្នុង​រឿង​នេះ? ព្រះជាម្ចាស់​មិន​ត្រូវ​បាន​សរសេរ​អំពី​ទេ​ ​សូម្បី​តែ​ម្តង​ក៏​គ្មាន​ដែរ​ ប៉ុន្តែ​ព្រះជាម្ចាស់​មិន​អវត្តមាន​នៅ​ក្នុង​រឿង​នេះ​ទេ។ ទ្រង់​បាន​ឲ្យ​យ៉ូសែប​យល់​សប្តិ​ពី​ទំនាយ​អនាគត។
សប្តិ​របស់​យ៉ូសែប​អំពី​បងៗ​របស់​គាត់​ ក្រាប​ចុះ​ចំពោះ​គាត់​ ជា​ទំនាយ​ពី​ផែនការ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​គាត់។ ព្រឹត្តិការណ៍​ទាំង​អស់​នេះ​កើត​ឡើង​ ស្រប​តាម​ផែនការ​របស់​ព្រះជាម្ចាស់​ ​ហើយ​ទ្រង់​គ្រប់គ្រង​ស្ថានភាព​ទាំង​មូល។ នេះ​ជា​អ្វី​ដែល​យ៉ូសែប​បាន​គិត​ ​នៅ​ពេល​គាត់​បាន​និយាយ​ថា​ «អ្នក​រាល់​គ្នា​បាន​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ​ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​ដូច​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ​ (៥០:២០)។ ដូច្នេះ​ ទោះ​បី​ជា​រឿង​នេះ​មិន​បាន​សរសេរ​ពី​ព្រះជាម្ចាស់​ក៏​ដោយ​ ​ក៏​ទ្រង់​នៅ​តែ​គ្រប់គ្រង​ដែរ។ ព្រះជាម្ចាស់​សង្គ្រោះ​យ៉ូសែប​  ​ជាដំបូង​តាមរយៈ​រូបេន​ ជា​អ្នក​ដែល​ «ខំ​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​» (ខ ២១) បន្ទាប់​មក​តាមរយៈ​យូដា​ ជា​អ្នក​ដែល​មាន​បំណង​ឲ្យ​ពួក​គេ​លក់​យ៉ូសែប​ «រួច​ បង​ប្អូន​ក៏​យល់​ព្រម​តាម​» (ខ ២៧) និង​ចុង​ក្រោយ​តាម​រយៈ​ម៉ាឌាន​ ជា​អ្នក​ដែល​លក់​គាត់​ «ទៅ​ដល់​ស្រុក​អេស៊ីព្ទ​លក់​ឲ្យ​ប៉ូទីផារ​ ជា​មេទ័ព​ម្នាក់​របស់​ផារ៉ោន​» (ខ ៣៦)។

តាម​ពិត​ គឺ​ព្រោះ​តែ​សប្តិ​របស់​យ៉ូសែប​និង​អាវ​ធំ ​បាន​ធ្វើ​ឲ្យ​បងៗ​របស់​គាត់​បាន​ស្អប់​និង​លក់​គាត់​ ប៉ុន្តែ​សកម្មភាព​លក់​យ៉ូសែប​របស់​ពួកគេ​ដឹក​នាំ​យ៉ូសែប​ទៅ​ដល់​អេស៊ីព្ទ​ ដែល​ក្រោយ​មក​នាំ​ឲ្យ​ពួក​គេ​អោន​ចុះ​គោរព​ចំពោះ​យ៉ូសែប​ ​ជា​សំរេច​ការ​យល់​សប្តិ​របស់​គាត់​ទៅ​វិញ​ទេ។

ដូច្នេះ​ ពួកគេ​មិន​ចង់​អោន​ចុះ​គោរព​ចំពោះ​យ៉ូសែប ហើយ​ផែនការណ៍​របស់​ពួក​គេ​មាន​គោល​បំណង​ជៀស​វាង​ពី​ការ​អោន​ចុះ​គោរព​ចំពោះ​យ៉ូសែប ប៉ុន្តែ​លទ្ធផល​នៃ​សកម្មភាព​និង​ផែនការណ៍​របស់​ពួក​គេ​គឺ ​គេ​ត្រូវ​អោន​ចុះ​គោរព​ចំពោះ​យ៉ូសែប​មែន។ ប៉ុន្តែ​ទោះ​បី​ជា​ពួក​គេ​មាន​បំណង​ធ្វើ​អាក្រក់​ក៏​ដោយ​ ក៏​គ្រប់​ផ្នែក​ជា​ផែនការ​ព្រះជាម្ចាស់​សម្រាប់​ការ​ល្អ​ដែរ​ ​បាន​ជា​ព្រះជាម្ចាស់​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់ គឺ​គ្រួសារ​របស់​យ៉ាកុប​ ចេញ​ពី​សេចក្តី​ស្លាប់​ព្រោះ​តែ​ខ្វះ​អាហារ​  តាមរយៈ​យ៉ូសែប​ដែល​ត្រូវ​បាន​គេ​លក់​ទៅ​អេស៊ីព្ទ​ហើយ​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង។ ​យ៉ូសែប​ក្រោយ​មក​និយាយ​ទៅ​បងៗ​គាត់​ថា​៖ «ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា​ ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី​ ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា​ដោយ​សេចក្តី​ប្រោស​ប្រាណ​យ៉ាង​ធំ​  ដូច្នេះ​មក​មែន​អ្នក​រាល់​គ្នា​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ​ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន​ ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់​ ហើយ​ជា​ចៅហ្វាយ​ត្រួតត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង​» (៤៥:៧-៨)។

 

សារផ្ទៃរឿងនិងការអនុវត្តន៍

ព្រះជាម្ចាស់​បាន​ប្រើ​អំពើ​អាក្រក់​របស់​បងៗ​របស់​យ៉ូសែប​ ដើម្បី​បំពេញ​សម្រេច​ផែនការ​របស់​ទ្រង់​ គឺ​ដើម្បី​ធ្វើ​ឲ្យ​យ៉ូសែប​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ម្នាក់​នៅ​ក្នុង​អេស៊ីព្ទ​  ដើម្បី​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់​ គឺ​អ៊ីស្រាអែល ពី​ការ​អត់​អាហារ​ ដើម្បី​អោយ​ពួក​គេ​មាន​ចំនួន​កើន​ឡើង​នៅ​ក្នុង​អេស៊ីព្ទ​ និង​ប្រយោជន៍​ដើម្បី​អោយ​ពួកគេ​ត្រឡប់​ទៅ​កាណាន​វិញ​ជា​មួយ​ «ទ្រព្យ​សម្បត្តិ​យ៉ាង​អស្ចារ្យ​» (មើល​ លោកុប្បត្ដិ​ ១៥:១៣-១៦)។ ​នៅ​ក្នុង​ជំពូក​នេះ​ ផែនការ​ខ្លះ​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើក​សំដែង​នៅ​ក្នុង​យល់​សប្តិ​របស់​យ៉ូសែប។ ដូច្នេះ​យើង​អាច​កំណត់​ផ្ទៃ​រឿង​នៃ​រឿង​នេះ​ថា​ ព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងប្អូនរបស់យ៉ូសែបដើម្បីចាប់ផ្តើមបំពេញផែនការរបស់ទ្រង់ដូចជាបានសំដែងក្នុងយល់សប្តិរបស់យ៉ូសែបគឺដើម្បីឲ្យយ៉ូសែបបានធ្វើជាអ្នកគ្រប់គ្រង។

តាមរយៈ​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​ ជា​រឿយ​ៗ​ ពួក​គេ​ឆ្ងល់​ថា​ ហេតុ​អ្វី​ការ​អាក្រក់​បាន​កើត​ឡើង​ចំពោះ​ពួក​គេ។ រឿង​អំពី​យ៉ូសែប​នេះ​បាន​ផ្តល់​ការ​កំសាន្ត​ចិត្ត​ដល់​ពួក​គេ​ ទោះ​បី​ជា​ពួកគេ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ងងឹត​យ៉ាង​ណា​ក៏​ដោយ​ គឺ​ព្រះ​ដ៏​ជា​មហាក្សត្រ​របស់​យើង​ ​ទ្រង់​គ្រប់គ្រង​ជា​និច្ច​! ទ្រង់​អាច​គ្រប់គ្រង​លើ​ទាំង​អស់​ ​ហើយ​សូម្បី​តែ​អំពើ​អាក្រក់​មនុស្ស​ក៏​ទ្រង់​អាច​ប្រើ​ ដើម្បី​បំពេញ​ផែនការ​សង្គ្រោះ​របស់​ទ្រង់​បាន​ដែរ។ ការ​អនុវត្តន៍​ច្បាស់លាស់​សម្រាប់​អ៊ីស្រាអែល​គឺ​ ពួក​គេ​គួរ​តែ​ត្រូវ​បាន​កំសាន្ត​ចិត្ត​ដោយ​ដឹង​ថា​ សូម្បី​តែ​អំពើ​អាក្រក់​របស់​មនុស្ស​ក៏​ទ្រង់​អាច​ប្រើ​ ដើម្បី​បំពេញ​ផែនការ​សង្គ្រោះ​របស់​ទ្រង់​បាន​ដែរ។

មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ

បើ​មាន​ផ្ទៃរឿង​ «ព្រះជាម្ចាស់​បាន​ប្រើ​អំពើ​អាក្រក់​របស់​បងៗ​របស់​យ៉ូសែប​ ដើម្បី​ចាប់​ផ្តើម​បំពេញ​ផែនការ​របស់​ទ្រង់​ ដូច​ជា​បាន​សំដែង​ក្នុង​យល់​សប្តិ​របស់​យ៉ូសែប​ គឺ​ដើម្បី​ឲ្យ​យ៉ូសែប​បាន​ធ្វើ​ជា​អ្នក​គ្រប់គ្រង​» តើ​មធ្យោបាយ​ត្រឹមត្រូវ​ឲ្យ​យើង​អាច​អធិប្បាយ​ពី​ព្រះយេស៊ូវគ្រីស្ទ​ជា​អ្វី?

ជា​ដំបូង​ យើង​ត្រូវ​ដឹង​ថា​ ព្រឹត្តិ​ការណ៍​ទាំង​អស់នេះ​ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះ​ជា​ម្ចាស់ ​ដើម្បី​ការពារ​កូន​របស់​យ៉ាកុប​ទាំង​អស់។  ព្រះយេស៊ូវ​ជា​ពូជពង្ស​របស់​យ៉ាកុប​ ដូច្នេះ​នេះ​ជា​ផែនការ​ព្រះជាម្ចាស់​ ដើម្បី​ការពារ​ពូជ​ស្ត្រី​ដែល​នាំ​អោយ​មាន​ការ​យាង​មក​របស់​ព្រះ​មែស៊ី។

ទី​ពីរ​ វា​គួរ​អោយ​ចាប់​ ​អារម្មណ៍​ណាស់​ ​នៅ​ពេល​យើង​ប្រៀបធៀប​រឿង​យ៉ូសែប​នេះ​ជាមួយ​នឹង​រឿង​ព្រះយេស៊ូវ។ យើង​ត្រូវ​តែ​ចងចាំ​ផ្ទៃរឿង​ចម្បង​និង​សាច់​រឿង​យ៉ូសែប​ទាំង​មូល​ ដែល​ពួក​គេ​តាំង​ចិត្ត​ធ្វើ​អាក្រក់​ ប៉ុន្តែ​ព្រះជាម្ចាស់​មាន​ព្រះទ័យ​សម្រាប់​ការ​ល្អ​ ដើម្បី​មិន​គ្រាន់​តែ​សង្គ្រោះ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​ដើម្បី​ «ពេញ​ផែនដី​» ​ផង​ដែរ​(៤១:៥៧)។ នេះ​គឺ​ដូច​គ្នា​នឹង​រឿង​ព្រះគ្រីស្ទ​ខ្លាំង​ណាស់។ ផ្ដោត​លើ​ជំពូក​៣៧​  យើង​អាច​

ឃើញ​ភាព​ស្រដៀង​គ្នា​ខ្លះ​ៗ​រវាង​យ៉ូសែប​និង​ព្រះយេស៊ូវ​ដូច​ជា​បងៗ​របស់​យ៉ូសែប​ «រួម​គំនិត​សម្លាប់​គាត់​» (៣៧:១៨) ដូច្នេះ​បង​ប្អូន​របស់​ព្រះយេស៊ូវ​ ពួក​សង្គ្រាជ​ និង​ពួក​ចាស់​ទុំ​ «ពិគ្រោះ​គ្នា​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល​ និង​សម្លាប់​បង់​» (ម៉ាថាយ​ ២៦:៤) បង​ប្អូន​របស់​យ៉ូសែប​លក់​គាត់​ក្នុង​តម្លៃ​ប្រាក់​២០​ដួង​ ​ឯ​សាវក​យូដាស​របស់​ព្រះយេស៊ូវ​លក់​ទ្រង់​ក្នុង​តម្លៃ​ប្រាក់​៣០​ដួង ​(ម៉ាថាយ​ ២៦:១៥) ​បង​របស់​យ៉ូសែប​ប្រគល់​គាត់​ទៅ​ក្នុង​ដៃ​សាសន៍​ដទៃ​ ​ឯ​បង​ប្អូន​របស់​ព្រះយេស៊ូវ​ប្រគល់​ទ្រង់​ទៅ​ក្នុង​ដៃ​សាសន៍​ដទៃ ​(ម៉ាថាយ​ ២៧:១-២) ​យ៉ូសែប​រង​ទុក្ខ​ដោយ​ស្ងៀមស្ងាត់​ ​ហើយ​នៅ​ឯ​ទី​កាត់ទោស​ «ព្រះយេស៊ូវ​ទ្រង់​ស្ងៀមស្ងាត់​» ​ដែរ​ (ម៉ាថាយ​ ២៦:៦៣) ​ហើយ​ព្រះជាម្ចាស់​បាន​ប្រើ​អំពើ​អាក្រក់​របស់​បងៗ​របស់​យ៉ូសែប​ប្រយោជន៍​នឹង​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់​ ​ហើយ​ព្រះជាម្ចាស់​ប្រើ​អំពើ​អាក្រក់​របស់​បង​ប្អូន​ព្រះយេស៊ូវ​ដើម្បី​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់​ផង​ដែរ។

លើស​ពី​នោះ​ទៅ​ទៀត​ ​បងៗ​របស់​យ៉ូសែប​បាន​គិត​ថា​ សកម្មភាព​របស់​ពួក​គេ​អាច​នឹង​បញ្ឈប់​យ៉ូសែប​ពី​ការ​គ្រប់គ្រង​លើ​ពួក​គេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​យ៉ូសែប​បាន​គ្រប់គ្រង​លើ​ពួក​គេ​  ​ហើយ​នៅ​ពេល​មនុស្ស​ក្បត់​ព្រះយេស៊ូវ​ ពួក​គេ​គិត​ថា​នឹង​អាច​បំបាត់​ទ្រង់​ចោល​បាន​ ​ហើយ​សកម្មភាព​ពួក​គេ​នឹង​បញ្ឈប់​ព្រះ​យេស៊ូវ​ពី​គ្រប់គ្រង​លើ​ពួក​គេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ព្រឹត្តិការណ៍​នេះ​វា​នាំ​ឲ្យ​ព្រះយេស៊ូវ​ទទួល​បាន​សិទ្ធិ​អំណាច​គ្រប់គ្រង​លើ​យើង។ ប៉ុន្តែ​ព្រះយេស៊ូវ​គឺ​ពិសេស​លើស​ពី​យ៉ូសែប​៖ ព្រះយេស៊ូវ​ជា​បុត្រា​ព្រះជាម្ចាស់​ ជា​អ្នក​បាន​សុគត​ និង​រស់​ឡើង​វិញ​ ដើម្បី​សង្គ្រោះ​រាស្រ្ត​ទ្រង់​អស់កល្ប​ជា​និច្ច។ ហើយ​ព្រះយេស៊ូវ​ឡើង​ទៅ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​របស់​ព្រះ​ជា​ម្ចាស់​ដ៏​ជា​ព្រះ​បិតា​ ជា​កន្លែង​ដែល​ទ្រង់​គ្រប់គ្រង​នគរ​រហូត​ដល់​ទ្រង់​យាង​មក​ម្តង​ទៀត​ ដើម្បី​តាំង​រាជ្យ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់​ឡើង​លើ​ផែនដី។

​អាវ​របស់​យ៉ូសែប​ប្រហែល​ជា​បាន​ផ្តល់​ភាព​ស្រដៀង​គ្នា​មួយ​ទៀត។ នៅ​ក្នុង​ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​ (Hammond) បាន​បកប្រែ​ថា «អាវ​ដ៏​មាន​ពណ៌​ច្រើន»​ (ប៉ុន្តែ​ការ​បកប្រែ​នេះ​មក​ពី​ព្រះ​គម្ពីរ​សញ្ញាចាស់​ភាសា​ក្រិក​មិន​មែន​ភាសា​ហេព្រើរ​ទេ​) ហើយ​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​បច្ចុប្បន្ន ​(គខប Khmer Standard Version) បាន​បកប្រែ​ថា «អាវ​បំពង់​ដ៏​ល្អ​ប្រណីត»។ ​

អត្ថន័យ​ពាក្យ​ដើម​ភាសា​ហេព្រើរ​គឺ​មិន​មាន​ភាព​ច្បាស់លាស់​ ​ពីព្រោះ​ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​តែ​នៅ​ទី​នេះ​ និង​ពីរ​ដង​ទៀត​នៅ​ក្នុង​ ២សាំយូអែល​ ១៣:១៨-១៩ ត្រង់​កន្លែង​ពាក្យ​ពិពណ៌នា​អំពី​ព្រះភូសា​ព្រះ​នាង។ តើ​នេះ​អាច​ជា​ «អាវ​ស្តេច​» ឬ​ទេ? នេះ​ជួយ​ពន្យល់​ការ​ស្អប់​កន្លង​មក​របស់​បងៗ​ ហើយ​តាម​សុបិន​របស់​យ៉ូសែប​ដែល​គាត់​នឹង​គ្រប់គ្រង​លើ​បងៗ​ ​និង​ពន្យល់​អំពី​សកម្មភាព​របស់​បងៗ​នា​ពេល​កំពុង​ជួប​យ៉ូសែប​៖ «ពួក​គេ​បក​យក​អាវ​គាត់​ចេញ​ គឺ​ជា​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង​» (ខ ២៣)។ ពួក​គេ​មិន​ទទួល​ស្គាល់​គាត់​ជា​អ្នក​គ្រប់គ្រង​លើ​ពួក​គេ​ទេ​ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ដោះ​អាវ​របស់​គាត់​ចេញ។ ម្តង​ទៀត ​នេះ​ស្រដៀង​គ្នា​នឹង​ព្រះយេស៊ូវ។ ទាហាន​រ៉ូម​បាន​និយាយ​ចំអក​ដាក់​ព្រះយេស៊ូវ​ «ហៅ​ថា​ ស្តេច​សាសន៍​យូដា​»។ ពួក​គេ​មិន​ទទួល​ស្គាល់​ទ្រង់​ជា​អ្នក​គ្រប់គ្រង​  ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ដោះ​ព្រះពស្ត្រ​ទ្រង់​ចេញ។ ប៉ុន្តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អំពី​យ៉ូសែប​ក្លាយ​ជា​ការ​ពិត​ ហើយ​បងប្អូន​របស់​គាត់​បាន​លុត​ជង្គង់​ចំពោះ​គាត់​ ដូច​គ្នា​ដែរ ​ព្រះបន្ទូល​ព្រះជាម្ចាស់​អំពី​ព្រះយេស៊ូវ​ពិត​ជា​សម្រេច​ផង​ដែរ​ ទ្រង់​បាន​សុគត​ និង​រស់​ឡើង​វិញ​ ធ្វើ​ជា​ស្តេច​លើ​ទាំង​អស់​ គឺ​ទ្រង់​គង់​នៅ​ស្ថានសួគ៌​ ​ហើយ​ទ្រង់​នឹង​យាង​ត្រលប់​មក​វិញ​ ហើយ​គ្រប់​ទាំង​ជង្គង់​លត់​ចុះ​ និង​គ្រប់​ទាំង​អណ្តាត​សារភាព​ថា​ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​ (ភីលីព​ ២:៩-១១)។

យោង​តាម​កណ្ឌ​អេសាយ យើង​អាច​ធ្វើ​តាម​ផ្ទៃរឿង​អ្នក​បំរើ​ផង​ដែរ។ អ្នក​បំរើ​ព្រះជាម្ចាស់​ត្រូវ​បាន​គេ​ស្អប់​ និង​បដិសេធ​ ប៉ុន្តែ​គាត់​ក្លាយ​បាន​ជា​អ្នក​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​បំពាន​ដល់​ទ្រង់​ (អេសាយ​ ៥៣:៣-៦)។ តាម​ផ្លូវ​ទៅ​កាន់​ឈើ​ឆ្កាង​ ព្រះយេស៊ូវ​បាន​ជួប​ប្រទះ​ការ​ក្បត់​ពី​មិត្ត​ភក្តិ​ ​ការ​ព្រួយចិត្ត​និង​សេចក្តី​ស្លាប់​ ប៉ុន្តែ​វា​ជា​ផ្លូវ​ជីវិត​សម្រាប់​អ្នក​ជឿ​ទាំង​អស់​គ្នា។

នៅ​ក្នុង​កណ្ឌ​សញ្ញា​ថ្មី​ សុន្ទរកថា​របស់​ស្ទេផាន​នៅ​ក្នុង​កិច្ចការ​ ៧ តាម​ផ្ទៃរឿង​អ៊ីស្រាអែល​បដិសេធ​អ្នក​ដឹក​នាំ​របស់​គេ។ «ឯ​ពួក​ឰយុកោ​ទាំង​នោះ​ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ ដោយ​មាន​ចិត្ត​ឈ្នានីស​ តែ​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក​ ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​សេចក្តី​វេទនា​ទាំង​អស់​វិញ​  ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាងវៃ​ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះទ័យ​ដល់​ផារ៉ោន​ ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ​ និង​លើ​ព្រះរាជ​វាង​ទាំង​មូល​ផង​» (កិច្ចការ​ ៧:៩-១០)។ ស្ទេផាន​ បន្ត​និយាយ​ម្តង​ទៀត​អំពី​អ៊ីស្រាអែល​បាន​បដិសេធ​ម៉ូសេ​ និង​និយាយ​សន្និដ្ឋាន​ជា​មួយ​ការ​ដែល​អ៊ីស្រាអែល​បដិសេធ​ពួក​ហោរ៉ា​ និង​ព្រះគ្រីស្ទ​៖ «តើ​មាន​ហោរ៉ា​ណា​មួយ​ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ ហើយ​ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ដែល​ត្រូវ​យាង​មក​ដែរ​ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់​ហើយ​សម្លាប់​ព្រះអង្គ​នោះ​» (កិច្ចការ​ ៧:៥២)។

ផ្ទៃរឿងនិងគោលដៅអធិប្បាយ

យើង​មាន​ផ្ទៃ​រឿង​គឺ​ «ព្រះជាម្ចាស់​បាន​ប្រើ​អំពើ​អាក្រក់​របស់​បងៗ​របស់​យ៉ូសែប​ ដើម្បី​ចាប់​ផ្តើម​បំពេញ​ផែនការ​របស់​ទ្រង់​ ដូច​ជា​បាន​សំដែង​ក្នុង​យល់​សប្តិ​របស់​យ៉ូសែប​ ឲ្យ​យ៉ូសែប​ធ្វើ​ជា​អ្នក​គ្រប់គ្រង​» ​ដើម្បី​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ យើង​ត្រូវ​ពិចារណា​អំពី​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ ចំណុច​ខាង​លើ​ជួយ​យើង​ធ្វើ​នេះ។ ចេញ​ពី​អ្វី​យើង​បាន​ឃើញ​ខាង​លើ​ យើង​អាច​មានគំនិត​ចម្បង​សម្រាប់​សេចក្ដី​អធិប្បាយ​ថា​ ដូចដែលព្រះជាម្ចាស់បានប្រើអំពើអាក្រក់បងៗរបស់យ៉ូសែបដើម្បីចាប់ផ្តើមបំពេញផែនការសង្គ្រោះរបស់ទ្រង់និងយ៉ូសែបធ្វើជាអ្នកគ្រប់គ្រងរាស្រ្តរបស់ទ្រង់ទ្រង់ក៏បានប្រើអំពើអាក្រក់មនុស្ស​  ដើម្បីនាំឲ្យព្រះយេស៊ូវសុគតលើឈើឆ្កាងប្រយោជន៍ឲ្យទ្រង់សង្គ្រោះនិងគ្រប់គ្រងផងដែរ។

ការ​អនុវត្ត​ដំបូង​ចេញ​ពី​គំនិត​ចំបង​នេះ​គឺ​ត្រូវ​ជំរុញ​ចិត្ត​របស់​អ្នក​ស្ដាប់​កុំ​អោយ​បដិសេធ​ព្រះយេស៊ូវ​ដូច​ជា​បងៗ​របស់​យ៉ូសែប​បាន​បដិសេធ​គាត់​នោះ​ឡើយ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ទទួល​ព្រះយេស៊ូវ​វិញ។ យើង​អាច​កំសាន្ត​ចិត្ត​ថា​ តាម​ពិត​ព្រះជាម្ចាស់​ប្រើ​អំពើ​អាក្រក់​ ដើម្បី​នាំ​មក​ការ​ល្អ​មក។ ការ​អនុវត្ត​មួយ​ទៀត​គឺ​យើង​គួរ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ​ហើយ​ដោយ​ព្រោះ​ទ្រង់​បំពេញ​ ​សម្រេច​ព្រះបន្ទូល​ទ្រង់​ទៅ​កាន់​យ៉ូសែប​ ​ទ្រង់​ក៏​នឹង​បំពេញ​ ​សម្រេច​ព្រះបន្ទូល​ទ្រង់​ដែល​ថា​ ព្រះយេស៊ូវ​នឹង​ត្រលប់​មកវិញ​ ហើយ​គ្រប់​ទាំង​ជង្គង់​នឹង​លត់​ចុះ​ និង​គ្រប់​ទាំង​អណ្តាត​សារភាព​ថា​ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ផង​ដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top