Gen. 37 Joseph_s Dream pdf download
សុបិនរបស់លោកយ៉ូសែប
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៧
អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ
អត្ថបទនេះ ជាការចាប់ផ្តើមការនិទានដ៏វែងមួយចេញពី លោកុប្បត្ដិ ៣៧:២ ទៅដល់ ៥០:២៦ ហើយមានដំណើររឿងចម្បងមួយ។ សន្តិភាពនៅក្នុងផ្ទះរបស់យ៉ាកុបបានបែកខ្ចាយ នៅពេលដែលបងៗរបស់យ៉ូសែបបានស្អប់គាត់ (ខ ៤)។ បញ្ហានៅក្នុងគ្រួសារនេះត្រូវបានដោះស្រាយ នៅពេលដែលមានការផ្សះផ្សាជាមួយបងប្អូន ក្នុងជំពូក ៤៥ និង ៥០។ រឿងនិទានវែងនេះមានផ្ទៃរឿងចម្បងដែលយ៉ូសែបថ្លែងថា «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតមនុស្សជាច្រើន ដូចដែលបានកើតមានដល់សព្វថ្ងៃនេះ» (៥០:២០)។ បញ្ហាមួយនៅក្នុងការអធិប្បាយចេញពីរឿងទាំងនេះគឺជាការយល់រឿងទាំងនេះក្នុងបរិបទរឿងវែងតាមរយៈព្រះគម្ពីរ។ ការលំបាកមួយទៀតគឺជារបៀបដែលយើងត្រូវអធិប្បាយពីព្រះគ្រីស្ទចេញពីការនិទាន ដែលមិននិយាយអំពីព្រះជាម្ចាស់។
មានភាពស្រដៀងគ្នារវាងរឿងនេះនិងរឿងគ្រួសាររបស់អ៊ីសាក។ «អ៊ីសាកបានស្រលាញ់អេសាវ… ប៉ុន្តែរេបិកាបានស្រលាញ់យ៉ាកុប» (២៥:២៨) ហើយក្នុងរឿងនេះ «អ៊ីស្រាអែលស្រលាញ់យ៉ូសែបជាងកូនៗរបស់គាត់ផ្សេងទៀត» (៣៧:៣) អេសាវបានរកសម្លាប់យ៉ាកុប ជាប្អូនប្រុសរបស់គាត់ (២៧:៤១) ហើយបងៗរបស់យ៉ូសែបក៏រកសម្លាប់យ៉ូសែបដែរ (៣៧:២០) យ៉ាកុបបោកបញ្ឆោតឪពុករបស់គាត់ ដោយសំលៀកបំពាក់របស់បងប្រុសគាត់ សាច់ពពែ និងស្បែក (២៧:៩-១៦) ឯកូនប្រុសទាំងឡាយរបស់យ៉ាកុបបោកបញ្ឆោតឪពុករបស់ពួកគេ ដោយអាវប្អូនរបស់ពួកគេ និងឈាមពពែ (៣៧:៣១) ហើយយ៉ាកុបត្រូវបានបង្ខំឲ្យរត់ចេញទៅប្រទេសដទៃ (២៧:៤២) ឯយ៉ូសែបត្រូវបានបង្ខំចេញទៅប្រទេសដទៃដែរ (៣៧:៣៦)។
ពាក្យនិងគំនិតគន្លឹះផ្ទួនមួយចំនួនជួយយើងឲ្យឃើញការបញ្ជាក់របស់អ្នកនិពន្ធ។ បងៗរបស់យ៉ូសែបរឹតតែស្អប់គាត់ថែមទៀត (ខ. ៤, ៥, ៨) ពួកគេច្រណែន (ខ ១១) ពួកគេមានផែនការសម្លាប់យ៉ូសែប និងពួកគេមានផែនការបោកបញ្ឆោតឪពុកជរារបស់ពួកគេ (ខ ២០)។ មានយល់សប្តិពីរដង ហើយមានពាក្យ «យល់សប្តិ» ផ្ទួនគ្នាចំនួនប្រាំពីរដង (ខ ៥, ៦, ៨, ៩[ពីរដង], ១០, ២០)។ ពាក្យ «បងប្អូន»មានផ្ទួនគ្នាម្ភៃមួយដង (៣X៧) ដើម្បីបង្ហាញសកម្មភាពដែលគេធ្វើគឺអាក្រក់មែនទែន ដូចជារឿងកាអ៊ីននិងអេបិល (លោកុប្បត្ដិ ៤)។ មានពាក្យ «ប្អូន» ផ្ទួនគ្នាចំនួនប្រាំពីរដង។ «អាវ» របស់យ៉ូសែបត្រូវបានសរសេរចំនួនប្រាំបីដង (ខ ៣, ២៣ [ពីរដង], ៣១ [ពីរដង], ៣២[ពីរដង], ៣៣)។
យោងតាមការការផ្លាស់ប្តូរទីតាំង យើងអាចបែងចែករឿងនេះជាបួនវគ្គ៖
វគ្គទីមួយ (ខ ៥-១១)
ហេប្រុន៖ យ៉ូសែបបញ្ជាក់ប្រាប់បងៗអំពីការយល់សប្តិរបស់គាត់ ឪពុក និងប្រតិកម្មរបស់បងៗ។
វគ្គទីពីរ (ខ ១២-១៧)
ស៊ីគែម៖ យ៉ូសែបត្រូវបានបញ្ជូនឲ្យទៅមើលការរស់នៅរបស់បងៗ បុរសម្នាក់ជួបគាត់កំពុងដើរ និងប្រាប់គាត់ឲ្យទៅដូថាន់។
វគ្គទីបី (ខ ១៨-៣១)
ដូថាន់៖ បងៗរៀបផែនការសម្លាប់យ៉ូសែប រូបេនមានផែនការមួយដើម្បីសង្គ្រោះយ៉ូសែប ផែនការរបស់យូដា និងពួកគេលក់យ៉ូសែបអោយធ្វើជាទាសករ។
វគ្គទីបួន (ខ ៣២-៣៥)
ហេប្រុន៖ យ៉ាកុបស្គាល់អាវរបស់យ៉ូសែប គាត់កាន់ទុក្ខកូនរបស់គាត់។
លទ្ធផល (ខ ៣៦)
អេស៊ីព្ទ៖ យ៉ូសែបត្រូវបានលក់ទៅឲ្យប៉ូទីផារ ជាមេទ័ពម្នាក់របស់ផារ៉ោន។
តើព្រះជាម្ចាស់នៅឯណានៅក្នុងរឿងនេះ? ព្រះជាម្ចាស់មិនត្រូវបានសរសេរអំពីទេ សូម្បីតែម្តងក៏គ្មានដែរ ប៉ុន្តែព្រះជាម្ចាស់មិនអវត្តមាននៅក្នុងរឿងនេះទេ។ ទ្រង់បានឲ្យយ៉ូសែបយល់សប្តិពីទំនាយអនាគត។
សប្តិរបស់យ៉ូសែបអំពីបងៗរបស់គាត់ ក្រាបចុះចំពោះគាត់ ជាទំនាយពីផែនការព្រះជាម្ចាស់សម្រាប់ជីវិតរបស់គាត់។ ព្រឹត្តិការណ៍ទាំងអស់នេះកើតឡើង ស្របតាមផែនការរបស់ព្រះជាម្ចាស់ ហើយទ្រង់គ្រប់គ្រងស្ថានភាពទាំងមូល។ នេះជាអ្វីដែលយ៉ូសែបបានគិត នៅពេលគាត់បាននិយាយថា «អ្នករាល់គ្នាបានធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតមនុស្សជាច្រើនដូចបានកើតមានសព្វថ្ងៃនេះ (៥០:២០)។ ដូច្នេះ ទោះបីជារឿងនេះមិនបានសរសេរពីព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រងដែរ។ ព្រះជាម្ចាស់សង្គ្រោះយ៉ូសែប ជាដំបូងតាមរយៈរូបេន ជាអ្នកដែល «ខំជួយឲ្យរួចពីកណ្តាប់ដៃគេ» (ខ ២១) បន្ទាប់មកតាមរយៈយូដា ជាអ្នកដែលមានបំណងឲ្យពួកគេលក់យ៉ូសែប «រួច បងប្អូនក៏យល់ព្រមតាម» (ខ ២៧) និងចុងក្រោយតាមរយៈម៉ាឌាន ជាអ្នកដែលលក់គាត់ «ទៅដល់ស្រុកអេស៊ីព្ទលក់ឲ្យប៉ូទីផារ ជាមេទ័ពម្នាក់របស់ផារ៉ោន» (ខ ៣៦)។
តាមពិត គឺព្រោះតែសប្តិរបស់យ៉ូសែបនិងអាវធំ បានធ្វើឲ្យបងៗរបស់គាត់បានស្អប់និងលក់គាត់ ប៉ុន្តែសកម្មភាពលក់យ៉ូសែបរបស់ពួកគេដឹកនាំយ៉ូសែបទៅដល់អេស៊ីព្ទ ដែលក្រោយមកនាំឲ្យពួកគេអោនចុះគោរពចំពោះយ៉ូសែប ជាសំរេចការយល់សប្តិរបស់គាត់ទៅវិញទេ។
ដូច្នេះ ពួកគេមិនចង់អោនចុះគោរពចំពោះយ៉ូសែប ហើយផែនការណ៍របស់ពួកគេមានគោលបំណងជៀសវាងពីការអោនចុះគោរពចំពោះយ៉ូសែប ប៉ុន្តែលទ្ធផលនៃសកម្មភាពនិងផែនការណ៍របស់ពួកគេគឺ គេត្រូវអោនចុះគោរពចំពោះយ៉ូសែបមែន។ ប៉ុន្តែទោះបីជាពួកគេមានបំណងធ្វើអាក្រក់ក៏ដោយ ក៏គ្រប់ផ្នែកជាផែនការព្រះជាម្ចាស់សម្រាប់ការល្អដែរ បានជាព្រះជាម្ចាស់សង្គ្រោះរាស្រ្តរបស់ទ្រង់ គឺគ្រួសាររបស់យ៉ាកុប ចេញពីសេចក្តីស្លាប់ព្រោះតែខ្វះអាហារ តាមរយៈយ៉ូសែបដែលត្រូវបានគេលក់ទៅអេស៊ីព្ទហើយបានក្លាយជាអ្នកគ្រប់គ្រង។ យ៉ូសែបក្រោយមកនិយាយទៅបងៗគាត់ថា៖ «ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នា ឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នាដោយសេចក្តីប្រោសប្រាណយ៉ាងធំ ដូច្នេះមកមែនអ្នករាល់គ្នាឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង» (៤៥:៧-៨)។
សារ ផ្ទៃរឿង និងការអនុវត្តន៍
ព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងៗរបស់យ៉ូសែប ដើម្បីបំពេញសម្រេចផែនការរបស់ទ្រង់ គឺដើម្បីធ្វើឲ្យយ៉ូសែបក្លាយជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងអេស៊ីព្ទ ដើម្បីសង្គ្រោះរាស្រ្តរបស់ទ្រង់ គឺអ៊ីស្រាអែល ពីការអត់អាហារ ដើម្បីអោយពួកគេមានចំនួនកើនឡើងនៅក្នុងអេស៊ីព្ទ និងប្រយោជន៍ដើម្បីអោយពួកគេត្រឡប់ទៅកាណានវិញជាមួយ «ទ្រព្យសម្បត្តិយ៉ាងអស្ចារ្យ» (មើល លោកុប្បត្ដិ ១៥:១៣-១៦)។ នៅក្នុងជំពូកនេះ ផែនការខ្លះរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងនៅក្នុងយល់សប្តិរបស់យ៉ូសែប។ ដូច្នេះយើងអាចកំណត់ផ្ទៃរឿងនៃរឿងនេះថា ព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងប្អូនរបស់យ៉ូសែប ដើម្បីចាប់ផ្តើមបំពេញផែនការរបស់ទ្រង់ ដូចជាបានសំដែងក្នុងយល់សប្តិរបស់យ៉ូសែប គឺដើម្បីឲ្យយ៉ូសែបបានធ្វើជាអ្នកគ្រប់គ្រង។
តាមរយៈប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ជារឿយៗ ពួកគេឆ្ងល់ថា ហេតុអ្វីការអាក្រក់បានកើតឡើងចំពោះពួកគេ។ រឿងអំពីយ៉ូសែបនេះបានផ្តល់ការកំសាន្តចិត្តដល់ពួកគេ ទោះបីជាពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពងងឹតយ៉ាងណាក៏ដោយ គឺព្រះដ៏ជាមហាក្សត្ររបស់យើង ទ្រង់គ្រប់គ្រងជានិច្ច! ទ្រង់អាចគ្រប់គ្រងលើទាំងអស់ ហើយសូម្បីតែអំពើអាក្រក់មនុស្សក៏ទ្រង់អាចប្រើ ដើម្បីបំពេញផែនការសង្គ្រោះរបស់ទ្រង់បានដែរ។ ការអនុវត្តន៍ច្បាស់លាស់សម្រាប់អ៊ីស្រាអែលគឺ ពួកគេគួរតែត្រូវបានកំសាន្តចិត្តដោយដឹងថា សូម្បីតែអំពើអាក្រក់របស់មនុស្សក៏ទ្រង់អាចប្រើ ដើម្បីបំពេញផែនការសង្គ្រោះរបស់ទ្រង់បានដែរ។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
បើមានផ្ទៃរឿង «ព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងៗរបស់យ៉ូសែប ដើម្បីចាប់ផ្តើមបំពេញផែនការរបស់ទ្រង់ ដូចជាបានសំដែងក្នុងយល់សប្តិរបស់យ៉ូសែប គឺដើម្បីឲ្យយ៉ូសែបបានធ្វើជាអ្នកគ្រប់គ្រង» តើមធ្យោបាយត្រឹមត្រូវឲ្យយើងអាចអធិប្បាយពីព្រះយេស៊ូវគ្រីស្ទជាអ្វី?
ជាដំបូង យើងត្រូវដឹងថា ព្រឹត្តិការណ៍ទាំងអស់នេះជាផ្នែកនៃផែនការរបស់ព្រះជាម្ចាស់ ដើម្បីការពារកូនរបស់យ៉ាកុបទាំងអស់។ ព្រះយេស៊ូវជាពូជពង្សរបស់យ៉ាកុប ដូច្នេះនេះជាផែនការព្រះជាម្ចាស់ ដើម្បីការពារពូជស្ត្រីដែលនាំអោយមានការយាងមករបស់ព្រះមែស៊ី។
ទីពីរ វាគួរអោយចាប់ អារម្មណ៍ណាស់ នៅពេលយើងប្រៀបធៀបរឿងយ៉ូសែបនេះជាមួយនឹងរឿងព្រះយេស៊ូវ។ យើងត្រូវតែចងចាំផ្ទៃរឿងចម្បងនិងសាច់រឿងយ៉ូសែបទាំងមូល ដែលពួកគេតាំងចិត្តធ្វើអាក្រក់ ប៉ុន្តែព្រះជាម្ចាស់មានព្រះទ័យសម្រាប់ការល្អ ដើម្បីមិនគ្រាន់តែសង្គ្រោះអ៊ីស្រាអែលប៉ុណ្ណោះ ប៉ុន្តែក៏ដើម្បី «ពេញផែនដី» ផងដែរ(៤១:៥៧)។ នេះគឺដូចគ្នានឹងរឿងព្រះគ្រីស្ទខ្លាំងណាស់។ ផ្ដោតលើជំពូក៣៧ យើងអាច
ឃើញភាពស្រដៀងគ្នាខ្លះៗរវាងយ៉ូសែបនិងព្រះយេស៊ូវដូចជាបងៗរបស់យ៉ូសែប «រួមគំនិតសម្លាប់គាត់» (៣៧:១៨) ដូច្នេះបងប្អូនរបស់ព្រះយេស៊ូវ ពួកសង្គ្រាជ និងពួកចាស់ទុំ «ពិគ្រោះគ្នាចាប់ព្រះយេស៊ូវដោយឧបាយកល និងសម្លាប់បង់» (ម៉ាថាយ ២៦:៤) បងប្អូនរបស់យ៉ូសែបលក់គាត់ក្នុងតម្លៃប្រាក់២០ដួង ឯសាវកយូដាសរបស់ព្រះយេស៊ូវលក់ទ្រង់ក្នុងតម្លៃប្រាក់៣០ដួង (ម៉ាថាយ ២៦:១៥) បងរបស់យ៉ូសែបប្រគល់គាត់ទៅក្នុងដៃសាសន៍ដទៃ ឯបងប្អូនរបស់ព្រះយេស៊ូវប្រគល់ទ្រង់ទៅក្នុងដៃសាសន៍ដទៃ (ម៉ាថាយ ២៧:១-២) យ៉ូសែបរងទុក្ខដោយស្ងៀមស្ងាត់ ហើយនៅឯទីកាត់ទោស «ព្រះយេស៊ូវទ្រង់ស្ងៀមស្ងាត់» ដែរ (ម៉ាថាយ ២៦:៦៣) ហើយព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងៗរបស់យ៉ូសែបប្រយោជន៍នឹងសង្គ្រោះរាស្រ្តរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើអំពើអាក្រក់របស់បងប្អូនព្រះយេស៊ូវដើម្បីសង្គ្រោះរាស្រ្តរបស់ទ្រង់ផងដែរ។
លើសពីនោះទៅទៀត បងៗរបស់យ៉ូសែបបានគិតថា សកម្មភាពរបស់ពួកគេអាចនឹងបញ្ឈប់យ៉ូសែបពីការគ្រប់គ្រងលើពួកគេ ប៉ុន្តែផ្ទុយទៅវិញ ព្រឹត្តិការណ៍នេះនាំឲ្យយ៉ូសែបបានគ្រប់គ្រងលើពួកគេ ហើយនៅពេលមនុស្សក្បត់ព្រះយេស៊ូវ ពួកគេគិតថានឹងអាចបំបាត់ទ្រង់ចោលបាន ហើយសកម្មភាពពួកគេនឹងបញ្ឈប់ព្រះយេស៊ូវពីគ្រប់គ្រងលើពួកគេ ប៉ុន្តែផ្ទុយទៅវិញ ព្រឹត្តិការណ៍នេះវានាំឲ្យព្រះយេស៊ូវទទួលបានសិទ្ធិអំណាចគ្រប់គ្រងលើយើង។ ប៉ុន្តែព្រះយេស៊ូវគឺពិសេសលើសពីយ៉ូសែប៖ ព្រះយេស៊ូវជាបុត្រាព្រះជាម្ចាស់ ជាអ្នកបានសុគត និងរស់ឡើងវិញ ដើម្បីសង្គ្រោះរាស្រ្តទ្រង់អស់កល្បជានិច្ច។ ហើយព្រះយេស៊ូវឡើងទៅគង់នៅខាងស្តាំព្រះហស្តរបស់ព្រះជាម្ចាស់ដ៏ជាព្រះបិតា ជាកន្លែងដែលទ្រង់គ្រប់គ្រងនគររហូតដល់ទ្រង់យាងមកម្តងទៀត ដើម្បីតាំងរាជ្យដ៏ឥតខ្ចោះរបស់ទ្រង់ឡើងលើផែនដី។
អាវរបស់យ៉ូសែបប្រហែលជាបានផ្តល់ភាពស្រដៀងគ្នាមួយទៀត។ នៅក្នុងព្រះគម្ពីរខ្មែរបរិសុទ្ធ (Hammond) បានបកប្រែថា «អាវដ៏មានពណ៌ច្រើន» (ប៉ុន្តែការបកប្រែនេះមកពីព្រះគម្ពីរសញ្ញាចាស់ភាសាក្រិកមិនមែនភាសាហេព្រើរទេ) ហើយព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន (គខប Khmer Standard Version) បានបកប្រែថា «អាវបំពង់ដ៏ល្អប្រណីត»។
អត្ថន័យពាក្យដើមភាសាហេព្រើរគឺមិនមានភាពច្បាស់លាស់ ពីព្រោះពាក្យនេះត្រូវបានប្រើតែនៅទីនេះ និងពីរដងទៀតនៅក្នុង ២សាំយូអែល ១៣:១៨-១៩ ត្រង់កន្លែងពាក្យពិពណ៌នាអំពីព្រះភូសាព្រះនាង។ តើនេះអាចជា «អាវស្តេច» ឬទេ? នេះជួយពន្យល់ការស្អប់កន្លងមករបស់បងៗ ហើយតាមសុបិនរបស់យ៉ូសែបដែលគាត់នឹងគ្រប់គ្រងលើបងៗ និងពន្យល់អំពីសកម្មភាពរបស់បងៗនាពេលកំពុងជួបយ៉ូសែប៖ «ពួកគេបកយកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង» (ខ ២៣)។ ពួកគេមិនទទួលស្គាល់គាត់ជាអ្នកគ្រប់គ្រងលើពួកគេទេ ដូច្នេះហើយបានជាពួកគេដោះអាវរបស់គាត់ចេញ។ ម្តងទៀត នេះស្រដៀងគ្នានឹងព្រះយេស៊ូវ។ ទាហានរ៉ូមបាននិយាយចំអកដាក់ព្រះយេស៊ូវ «ហៅថា ស្តេចសាសន៍យូដា»។ ពួកគេមិនទទួលស្គាល់ទ្រង់ជាអ្នកគ្រប់គ្រង ដូច្នេះហើយបានជាពួកគេដោះព្រះពស្ត្រទ្រង់ចេញ។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីយ៉ូសែបក្លាយជាការពិត ហើយបងប្អូនរបស់គាត់បានលុតជង្គង់ចំពោះគាត់ ដូចគ្នាដែរ ព្រះបន្ទូលព្រះជាម្ចាស់អំពីព្រះយេស៊ូវពិតជាសម្រេចផងដែរ ទ្រង់បានសុគត និងរស់ឡើងវិញ ធ្វើជាស្តេចលើទាំងអស់ គឺទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់នឹងយាងត្រលប់មកវិញ ហើយគ្រប់ទាំងជង្គង់លត់ចុះ និងគ្រប់ទាំងអណ្តាតសារភាពថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ (ភីលីព ២:៩-១១)។
យោងតាមកណ្ឌអេសាយ យើងអាចធ្វើតាមផ្ទៃរឿងអ្នកបំរើផងដែរ។ អ្នកបំរើព្រះជាម្ចាស់ត្រូវបានគេស្អប់ និងបដិសេធ ប៉ុន្តែគាត់ក្លាយបានជាអ្នកសង្គ្រោះដល់អស់អ្នកដែលបំពានដល់ទ្រង់ (អេសាយ ៥៣:៣-៦)។ តាមផ្លូវទៅកាន់ឈើឆ្កាង ព្រះយេស៊ូវបានជួបប្រទះការក្បត់ពីមិត្តភក្តិ ការព្រួយចិត្តនិងសេចក្តីស្លាប់ ប៉ុន្តែវាជាផ្លូវជីវិតសម្រាប់អ្នកជឿទាំងអស់គ្នា។
នៅក្នុងកណ្ឌសញ្ញាថ្មី សុន្ទរកថារបស់ស្ទេផាននៅក្នុងកិច្ចការ ៧ តាមផ្ទៃរឿងអ៊ីស្រាអែលបដិសេធអ្នកដឹកនាំរបស់គេ។ «ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ហើយក៏ប្រោសឲ្យលោករួចពីគ្រប់សេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាងទាំងមូលផង» (កិច្ចការ ៧:៩-១០)។ ស្ទេផាន បន្តនិយាយម្តងទៀតអំពីអ៊ីស្រាអែលបានបដិសេធម៉ូសេ និងនិយាយសន្និដ្ឋានជាមួយការដែលអ៊ីស្រាអែលបដិសេធពួកហោរ៉ា និងព្រះគ្រីស្ទ៖ «តើមានហោរ៉ាណាមួយដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយពួកគេបានសម្លាប់ពួកអ្នកដែលទាយពីដំណើរព្រះដ៏សុចរិតដែលត្រូវយាងមកដែរ ឥឡូវនេះអ្នករាល់គ្នាក៏បានក្បត់ហើយសម្លាប់ព្រះអង្គនោះ» (កិច្ចការ ៧:៥២)។
ផ្ទៃរឿង និងគោលដៅអធិប្បាយ
យើងមានផ្ទៃរឿងគឺ «ព្រះជាម្ចាស់បានប្រើអំពើអាក្រក់របស់បងៗរបស់យ៉ូសែប ដើម្បីចាប់ផ្តើមបំពេញផែនការរបស់ទ្រង់ ដូចជាបានសំដែងក្នុងយល់សប្តិរបស់យ៉ូសែប ឲ្យយ៉ូសែបធ្វើជាអ្នកគ្រប់គ្រង» ដើម្បីអធិប្បាយចេញពីអត្ថបទនេះសម្រាប់ពេលបច្ចុប្បន្ននេះ យើងត្រូវពិចារណាអំពីអ្វីដែលបានចែងទុកក្នុងព្រះគម្ពីរទាំងមូល។ ចំណុចខាងលើជួយយើងធ្វើនេះ។ ចេញពីអ្វីយើងបានឃើញខាងលើ យើងអាចមានគំនិតចម្បងសម្រាប់សេចក្ដីអធិប្បាយថា ដូចដែលព្រះជាម្ចាស់បានប្រើអំពើអាក្រក់បងៗរបស់យ៉ូសែប ដើម្បីចាប់ផ្តើមបំពេញផែនការសង្គ្រោះរបស់ទ្រង់ និងយ៉ូសែបធ្វើជាអ្នកគ្រប់គ្រងរាស្រ្តរបស់ទ្រង់ ទ្រង់ក៏បានប្រើអំពើអាក្រក់មនុស្ស ដើម្បីនាំឲ្យព្រះយេស៊ូវសុគតលើឈើឆ្កាង ប្រយោជន៍ឲ្យទ្រង់សង្គ្រោះនិងគ្រប់គ្រងផងដែរ។
ការអនុវត្តដំបូងចេញពីគំនិតចំបងនេះគឺត្រូវជំរុញចិត្តរបស់អ្នកស្ដាប់កុំអោយបដិសេធព្រះយេស៊ូវដូចជាបងៗរបស់យ៉ូសែបបានបដិសេធគាត់នោះឡើយ ប៉ុន្តែពួកគេត្រូវតែទទួលព្រះយេស៊ូវវិញ។ យើងអាចកំសាន្តចិត្តថា តាមពិតព្រះជាម្ចាស់ប្រើអំពើអាក្រក់ ដើម្បីនាំមកការល្អមក។ ការអនុវត្តមួយទៀតគឺយើងគួរតែមានទំនុកចិត្តក្នុងព្រះជាម្ចាស់របស់យើង ហើយដោយព្រោះទ្រង់បំពេញ សម្រេចព្រះបន្ទូលទ្រង់ទៅកាន់យ៉ូសែប ទ្រង់ក៏នឹងបំពេញ សម្រេចព្រះបន្ទូលទ្រង់ដែលថា ព្រះយេស៊ូវនឹងត្រលប់មកវិញ ហើយគ្រប់ទាំងជង្គង់នឹងលត់ចុះ និងគ្រប់ទាំងអណ្តាតសារភាពថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះជាម្ចាស់ផងដែរ។
Leave a Reply