ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រី(ការតាំងសញ្ញា)ជាមួយអ័ប្រាហាំ
ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ១៧:១–២៧
អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ
រឿងនេះនិយាយអំពីព្រះចងសម្ព័ន្ធមេត្រីជាមួយនឹងអ័ប្រាហាំ និងពូជពង្សរបស់លោក។ រឿងនេះមានសារៈសំខាន់ណាស់នៅក្នុងរឿងទាំងមូលអំពីលោកអ័ប្រាហាំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិជំពូក១២។
នៅក្នុងរឿងស្នូលនេះ ព្រះជាម្ចាស់ប្រទានឈ្មោះថ្មីដល់អាប់រ៉ាម និងសារ៉ាយ ហើយចងសម្ព័ន្ធមេត្រី «អស់កល្បជានិច្ច» មួយជាមួយពួកគេ (១៧:៧, ១៣, ១៩) ដើម្បីបញ្ជាក់ពីសេចក្តីសន្យាជាសម្ព័ន្ធមេត្រីរបស់ទ្រង់ «អញនឹងធ្វើអោយឯងបង្កើតកូនសុសសាយសន្ធឹក អោយមាននគរផ្សេងៗកើតចេញពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ» [ខ.៦] បញ្ជាក់ច្បាស់ថា សេចក្តីសន្យាទាំងនេះនឹងត្រូវបានបំពេញសំរេចតាមរយៈសារ៉ា (ខ.១៦) ហើយប្រទានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីនេះ (ខ.៩-១៤)។
ដោយសារតែគ្មានគ្រូអធិប្បាយគ្រីស្ទបរិស័ទណាម្នាក់ អធិប្បាយថា សព្វថ្ងៃនេះព្រះតម្រូវអោយមានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ នោះវាមានគុណប្រយោជន៍មួយនៅក្នុងការអធិប្បាយរឿងនេះគឺថា វាបង្ខំអោយអ្នកអធិប្បាយ (និងអ្នកស្តាប់) ពិចារណាសួរថា តើបញ្ជានេះទាក់ទងនឹងព្រះគម្ពីរសញ្ញាថ្មីយ៉ាងដូចម្ដេច? ការលំបាកមួយក្នុងការអធិប្បាយរឿងនេះគឺ ការស្វែងរកផ្ទៃរឿងខ្លី ហើយច្បាស់លាស់នៅក្នុងបទគម្ពីរនេះ ដែលមានប្រធានបទសំខាន់ជាច្រើន ដូចជា ព្រះបង្កើតសម្ព័ន្ធមេត្រីអស់កល្បជានិច្ចរបស់ទ្រង់ជាមួយអ័ប្រាហាំ ព្រះសន្យាប្រទានព្រះពរដ៏ធំដល់អ័ប្រាហាំនិងសារ៉ា ព្រះសន្យាប្រទានពរជាច្រើនដល់អ៊ីសម៉ាអែល ព្រះសន្យាប្រទានកូនប្រុសម្នាក់ដល់សារ៉ាពេលគាត់មានវ័យចាស់ ព្រះតម្រូវអោយមានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ ហើយ និងអ័ប្រាហាំស្តាប់បង្គាប់តាមយ៉ាងឆាប់រហ័ស។ អញ្ចឹង តើអ្វីគឺជាផ្ទៃរឿងជាក់លាក់នៅក្នុងនិទានកថាមួយនេះ?
អត្ថបទគម្ពីរ និងបរិបទ
សេចក្តីសន្យារបស់ព្រះចំពោះអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១៧:៦ «អញនឹងធ្វើអោយឯងបង្កើតកូនសុសសាយសន្ធឹក» (ប្រៀបធៀប ខ.២) ទាក់ទងនឹងរឿងអំពីការបង្កបង្កើត «ចូរបង្កើតកូនអោយចំរើនជាច្រើនឡើង» (លោកុប្បត្ដិ ១:២៨) ហើយក៏ទាក់ទងនឹងសម្ព័ន្ធមេត្រីរបស់ព្រះជាមួយលោកណូអេ «ចូរបង្កើតកូនអោយចំរើនជាច្រើនឡើង» (លោកុប្បត្ដិ ៩:១, ៧)។ ដូច្នេះអាប់រ៉ាមប្រៀបធៀប នឹងអ័ដាម ហើយនិងណូអេ ដែលព្រះបង្កើតការចាប់ផ្តើមថ្មីមួយ ដើម្បីបង្កើតនគររបស់ព្រះនៅលើផែនដីតាមរយៈគាត់។ ប៉ុន្តែរឿងនេះខុសគ្នា ពីព្រោះព្រះបានបង្គាប់អោយ អ័ដាម និងណូអេបង្កើតកូនអោយចម្រើនជាច្រើនឡើង (នៅក្រោមព្រះពររបស់ព្រះ) ប៉ុន្តែនៅទីនេះព្រះសន្យាជាមួយអ័ប្រាហាំថា «អញនឹងធ្វើអោយឯងបង្កើតកូនសុសសាយសន្ធឹក»។
សម្ព័ន្ធមេត្រីរបស់ព្រះជាមួយអាប់រ៉ាមនៅក្នុងលោកុប្បត្ដិ ១៧ ក៏ទាក់ទងនឹងសម្ព័ន្ធមេត្រីរបស់ព្រះជាមួយគាត់នៅក្នុងលោកុប្បត្ដិ ១៥ ផងដែរ។ ភាពស្រដៀងគ្នាជាមួយជំពូក១៥ មានភាពច្បាស់លាស់៖ ព្រះណែនាំអំពីអង្គទ្រង់ (១៧:១ ប្រៀបធៀប ១៥:៧) ចងសម្ព័ន្ធមេត្រីមួយ (១៧:២-៧ ប្រៀបធៀប ១៥:៩-១៨) សន្យាប្រទានពូជពង្សជាច្រើនសន្ធឹក (១៧:៨ ប្រៀបធៀប៖ ១៥:៥) ទឹកដី (១៧:៨ ប្រៀបធៀប៖ ១៥:១៨) និងកូនប្រុសម្នាក់ (១៧:១៩, ២១ ប្រៀបធៀប ១៥:៤) ហើយអាប់រ៉ាមសួរទៅព្រះយេហូវ៉ា (១៧:១៧ ប្រៀបធៀប ១៥:៣, ៨)។ ក៏មានភាពខុសគ្នាមួយចំនួនផងដែរ គឺនៅក្នុងលោកុប្បត្ដិ ១៥ សេចក្តីសន្យារបស់ព្រះផ្ដោតជាសំខាន់លើទឹកដីនិង ជាតិសាសន៍អ៊ីស្រាអែល ប៉ុន្តែនៅក្នុង លោកុប្បត្តិ ១៧ សេចក្តីសន្យារបស់ព្រះផ្ដោតជាសំខាន់លើពូជពង្សច្រើនសន្ធឹក និងជាតិសាសន៍ច្រើនសន្ធឹក។
ពាក្យលេចឡើងម្តងហើយម្តងទៀត
ពាក្យលេចឡើងម្តងហើយម្តងទៀត ដែលបង្ហាញអំពីផ្ទៃរឿងសំខាន់គឺ «តាំងសញ្ញា» ដែលមានដប់បីដង, «កាត់ស្បែក» ដែលមានដប់ដង, ការតាំងសញ្ញា «ដ៏នៅអស់កល្បជានិច្ច» ដែលមានបីដង, អ័ប្រាហាំ «ជាឪពុកនៃសាសន៍ជាច្រើន» ដែលមានបីដង និង «អញនឹងធ្វើជាព្រះដល់ឯង» ដែលមានពីរដង។
ព្រះគឺជាតួអង្គសំខាន់បំផុត
ទោះបីជាអ័ប្រាហាំគឺជាតួអង្គម្នាក់ក្នុងចំណោមតួអង្គពីរនៅក្នុងរឿងនេះ ក៏ព្រះគឺជាតួអង្គសំខាន់បំផុត។ យើងអាចមើលឃើញចំនុចនេះដោយការប្រៀបធៀបសេចក្តីថ្លែងវែងចំនួនប្រាំរបស់ព្រះ និងសេចក្តីថ្លែងខ្លីចំនួនពីររបស់អ័ប្រាហាំ។ ព្រះអម្ចាស់លេចមកឯអាប់រ៉ាម បើកសំដែងអង្គទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា (ខ.១) បង្គាប់ថា «ចូរអោយដើរនៅមុខអញ ហើយអោយបានគ្រប់លក្ខណ៍ចុះ» (ខ.២) ជាអ្នកចងសម្ព័ន្ធមេត្រីរបស់ទ្រង់ជាមួយអាប់រ៉ាម ផ្លាស់ប្តូរឈ្មោះរបស់គាត់ទៅជាអ័ប្រាហាំ ប្រទានសេចក្តីសន្យាដ៏អស្ចារ្យ ប្រទានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ ផ្លាស់ប្តូរឈ្មោះរបស់សារ៉ាយទៅជាសារ៉ា ប្រទានសេចក្តីសន្យាជាមួយសារ៉ា សន្យាប្រទានពរ អ៊ីសម៉ាអែល ប៉ុន្តែនឹងពង្រីកសម្ព័ន្ធមេត្រីរបស់ទ្រង់ទៅដល់អ៊ីសាក ដែលនឹងកើតមកក្នុងពេលអនាគត។ អ័ប្រាហាំធ្វើតាមសេចក្តីបង្គាប់របស់ព្រះ «ដូចជាព្រះបានបង្គាប់មក» (ខ.២៣)។ ដូច្នេះ ព្រះពិតជាតួអង្គសំខាន់បំផុតនៅក្នុងនិទានកថានេះ។
ផ្ទៃរឿង និងគោលដៅ
រឿងនេះគឺអំពីព្រះតាំងសម្ព័ន្ធមេត្រីរបស់ទ្រង់ («សម្ព័ន្ធមេត្រី» ចំនួន១៣ដង) ជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់, សេចក្តីសន្យារបស់ព្រះ និងការប្រទានការកាត់ស្បែក, ហើយនិង ការស្តាប់បង្គាប់របស់អ័ប្រាហាំ នៅពេលគាត់បានកាត់ស្បែកមនុស្សប្រុសទាំងអស់នៅក្នុងគ្រួសាររបស់គាត់។ យើងមានការលំបាកក្នុងអធិប្បាយប្រធានបទទាំងនេះនៅក្រោមផ្ទៃរឿងតែមួយ។ ប្រហែល «ព្រះតាំងសម្ព័ន្ធមេត្រីដ៏នៅអស់កល្បជានិច្ចមួយ ជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់ ដោយមានសេចក្តីសន្យា និងកាតព្វកិច្ច» ប៉ុន្តែផ្ទៃរឿងនេះមានលក្ខណៈទូទៅពេក គឺវាមិននិយាយអំពីការកាត់ស្បែក (១៧:៩-១៤) ឬអំពីអ័ប្រាហាំដែលស្ដាប់បង្គាប់ព្រះអង្គ (ខ.២៣-២៧) ទេ។ ដើម្បីបញ្ចូលធាតុសំខាន់ទាំងនេះនៅក្នុងផ្ទៃរឿង យើងអាចមានផ្ទៃរឿងមួយថា «ព្រះតាំងសម្ព័ន្ធមេត្រីដ៏នៅអស់កល្បជានិច្ចមួយជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់ ដែលរួមទាំងសេចក្តីសន្យា ក៏ដូចជាសេចក្តីបង្គាប់អោយគោរពសម្ព័ន្ធមេត្រី ដោយការកាត់ស្បែកមនុស្សប្រុសជាសញ្ញានៃសម្ព័ន្ធមេត្រី ដែលអ័ប្រាហាំស្តាប់បង្គាប់ធ្វើតាម» ប៉ុន្តែផ្ទៃរឿងនេះវែងពេកសំរាប់សេចក្តីអធិប្បាយមួយ។
ផ្ទៃរឿងគួរតែជាព្រះរាជសារចម្បង ដែលអ៊ីស្រាអែលបានស្តាប់លឺពីរឿងនេះ ហើយការអនុវត្តរបស់វាសំរាប់ គ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ យើងអាចបង្រួញគំនិតចម្បងមកត្រឹមថា «ព្រះ ដែលមានគ្រប់អំណាចព្រះចេស្ដាតាំងសម្ព័ន្ធមេត្រីដ៏នៅអស់កល្បជានិច្ចមួយជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់ ជាមួយលក្ខខ័ណ្ឌថា ត្រូវតែកាត់ស្បែកមនុស្សប្រុសទាំងអស់ទុកជាសញ្ញានៃសមាជិកភាពនៅក្នុងគ្រួសារសម្ព័ន្ធមេត្រីរបស់ព្រះ។» ផ្ទៃរឿងនេះនៅត្រូវការការអនុវត្តសំរាប់សព្វថ្ងៃនេះទៀត។
របៀបអធិប្បាយព្រះគ្រីស្ទ
ផ្ទៃរឿង៖ រាស្ត្ររបស់ព្រះ។ របៀបមួយក្នុងការអធិប្បាយព្រះគ្រីស្ទចេញពីរឿងនេះគឺដោយធ្វើតាមផ្ទៃរឿង «រាស្ត្ររបស់ព្រះ»។ នៅក្នុងរឿងនេះ ព្រះបានចងសម្ព័ន្ធមេត្រីរបស់ទ្រង់ជាមួយអ័ប្រាហាំ/អ៊ីស្រាអែល ដើម្បីធ្វើជា «ព្រះរបស់ពួកគេ» (១៧:៧) ហើយរយៈពេលរាប់រយឆ្នាំក្រោយមកទៀត ព្រះសន្យាតាមរយៈហោរាយេរេមាថា ទ្រង់នឹង «តាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល» ដើម្បីធ្វើជា «ព្រះរបស់ពួកគេ» (យេរេមា ៣១:៣១, ៣៣)។ សេចក្តីសន្យានេះត្រូវបានបំពេញសំរេចតាមរយៈព្រះយេស៊ូវ ដែលបានបង្កើតសម្ព័ន្ធមេត្រីថ្មី «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមរបស់ខ្ញុំ គឺជាឈាមដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា» (លូកា ២២:២០ សូមមើលហេព្រើរ ៩:៥)។
ផ្ទៃរឿង៖ ការកាត់ស្បែក។ របៀបមួយទៀត ដើម្បីប្រកាសព្រះគ្រីស្ទចេញពីរឿងនេះគឺ ដោយធ្វើតាមផ្ទៃរឿង «ការកាត់ស្បែក»។ នៅក្នុងកិច្ចការ ១៥:១-២៩ ពួកអ្នកដឹកនាំពួកជំនុំដំបូង ដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំ មិនបានអោយពួកសាសន៍ដទៃកាត់ស្បែកទេ ពួកសាសន៍ដទៃមិនត្រូវការកាត់ស្បែក ដើម្បីបានសង្គ្រោះ ឬចូលទៅក្នុងសម្ព័ន្ធមេត្រីរបស់ព្រះឡើយ។ ព្រះយេស៊ូវបានបញ្ជូនពួកសិស្សរបស់ទ្រង់ចេញទៅមិនមែនដើម្បីកាត់ស្បែកអោយគេទេ ប៉ុន្តែដើម្បីធ្វើបុណ្យជ្រមុជទឹកអោយគេវិញ៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ» (ម៉ាថាយ ២៨:១៩)។ សាវកប៉ុលបានសរសេរទៅកាន់ពួកជំនុំកាឡាទី ថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរតកតាមសេចក្តីសន្យាផង» (កាឡាទី ៣:២៧-២៩ ប្រៀបធៀប៖ កូល៉ុស ២:១១-១៤)។
របៀបមួយទៀត ដែលផ្ទៃរឿងអំពីការកាត់ស្បែក អភិវឌ្ឍន៍បានគឺដោយការសំឡឹងមើលទៅឯការកាត់ស្បែកចិត្ត។ ទោះបីជាអ៊ីស្រាអែលត្រូវតែកាត់ចុងស្រោមស្វាសរបស់ពួកគេ ក៏អត្ថបទក្រោយមកទៀតនិយាយអំពីការកាត់ស្បែកចិត្តផងដែរ (ចោទិយកថា ១០:១៦ ប្រៀបធៀប ៣០:៦; យេរេមា ៤:៤)។ ព្រះគម្ពីរសញ្ញាថ្មីប្រើផ្ទៃរឿងនេះ ដើម្បីជួយពន្យល់អំពីដំណឹងល្អ និងការរស់នៅរបស់គ្រីស្ទបរិស័ទ (រ៉ូម ២:២៨-២៩; កូល៉ុស ២:១១-១២)។
ការបំពេញសំរេចសេចក្តីសន្យា។ រឿងនេះមានសេចក្តីសន្យាជាច្រើន ដែលត្រូវបានបំពេញសំរេចនៅក្នុងព្រះយេស៊ូវ។ «ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន» (១៧:៤) ត្រូវបានបំពេញសំរេចនៅក្នុងព្រះគ្រីស្ទ នៅពេលទ្រង់បានបញ្ជូនពួកសិស្សរបស់ទ្រង់អោយទៅ «បង្កើតសិស្សពីគ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩ ប្រៀបធៀប៖ រ៉ូម ៤:១៦-១៧; ១៥:៨-១២)។ «ស្តេចជាច្រើននឹងចេញអំពីឯងមក» (១៧:៦ ប្រៀបធៀប ៤៩:៨-១២) ត្រូវបានបំពេញសំរេចដោយពូជរបស់អ័ប្រាហាំបានយាងមកដល់ គឺព្រះយេស៊ូវ ដែលជាស្តេចលើអស់ទាំងស្តេច។ «ឯស្រុកកាណាន អញនឹងអោយដល់ឯង» (១៧:៨) នឹងត្រូវបានបំពេញសំរេចនៅក្នុងព្រះយេស៊ូវនៅក្នុងកំរិតដ៏ល្អអស្ចារ្យជាង នៅពេលរាស្ត្ររបស់ព្រះនឹងគ្រងផែនដីថ្មីជាមរតក។ «អញនឹងធ្វើជាព្រះដល់គេ» ត្រូវបានបំពេញសំរេចនៅក្នុងព្រះយេស៊ូវ ដែលបានផ្សះផ្សាព្រះ នឹងរាស្ត្ររបស់ទ្រង់ ដោយយញ្ញបូជារបស់ទ្រង់។ សេចក្តីសន្យាទាំងនេះទាក់ទងនឹងសេចក្តីសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិ ៣:១៥ ដែលពូជរបស់ស្ត្រី (អេវ៉ា) នឹងកិនក្បាលរបស់សាតាំង។ ពូជរបស់ស្ត្រី (អេវ៉ា) ដែលនឹងកិនសាតាំង និងបង្កើតនគររបស់ព្រះ គឺជាស្តេចមួយអង្គ ដែលនឹងកើតពីសារ៉ា (១៧:១៦ សូមមើលលោកុប្បត្ដិ ៤៩:១០)។
សេចក្តីយោងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី
ក្រៅពីសេចក្តីយោងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលគាំទ្រមេរៀនខាងលើ ក៏មានទំនាក់ទំនងផ្សេងៗពីលោកុប្បត្ដិ ១៧ ទៅកាន់អត្ថបទគម្ពីរដូចតទៅ (លូកា ១:៦៨-៧៣; រ៉ូម ៤:៩-២៥; ១កូរិនថូស ៧:១៤; ១កូរិនថូស ៧:១៩; កាឡាទី ៥:៦; កាឡាទី ៦:១៥; ភីលីព ៣:៣)។
Contrast
ភាពផ្ទុយគ្នា
មានការផ្ទុយគ្នាយ៉ាងច្បាស់លាស់រវាងសម្ព័ន្ធមេត្រីចាស់ និងសម្ព័ន្ធមេត្រីថ្មី និងរវាងការកាត់ស្បែកទុកជាសញ្ញានៃសម្ព័ន្ធមេត្រីចាស់សំរាប់អ៊ីស្រាអែល និងបុណ្យជ្រមុជទឹកជាសញ្ញានៃសម្ព័ន្ធមេត្រីថ្មីសំរាប់ពួកជំនុំ។ នៅពេលមនុស្សសួរថា «ហេតុអ្វីពួកជំនុំមិនអនុវត្តការកាត់ស្បែក?» ចំលើយគឺថា ព្រះយេស៊ូវបាននាំការបញ្ចប់ដល់សម្ព័ន្ធមេត្រីចាស់ ហើយបានបង្កើតសម្ព័ន្ធមេត្រីថ្មី (ហេព្រើរ ៨:៦, ៨, ១៣)។
គោលដៅនិងផ្ទៃរឿងសំរាប់សេចក្តីអធិប្បាយ
យើងបានមើលឃើញខាងលើហើយថា គំនិតចម្បងអត្ថបទនេះគឺថា «ព្រះតាំងសម្ព័ន្ធមេត្រីដ៏នៅអស់កល្បជានិច្ចមួយ ជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់ ដោយមានសេចក្តីបង្គាប់អោយកាត់ស្បែកមនុស្សប្រុសទាំងអស់ទុកជាសមាជិកភាពនៅក្នុងគ្រួសារសម្ព័ន្ធមេត្រីរបស់ព្រះ។» ដើម្បីអធិប្បាយរឿងនេះនៅក្នុងរបៀបមួយ ដែលទាក់ទងនឹងសព្វថ្ងៃនេះយ៉ាងត្រឹមត្រូវ យើងនឹងត្រូវសម្របសម្រួលផ្ទៃរឿងនេះ ដើម្បីអោយវាមានទាំងរឿងក្នុងព្រះគម្ពីរសញ្ញាចាស់ និងទាំងការអនុវត្តក្នុងព្រះគម្ពីរសញ្ញាថ្មីតាមរយៈព្រះយេស៊ូវ ដែលយើងបានមើលឃើញខាងលើ។ នៅក្នុងសេចក្តីអធិប្បាយ យើងនឹងចង់បង្ហាញអំពីអ្វី ដែលយើងរៀនអំពីព្រះ ផែនការរបស់ទ្រង់ សេចក្តីសន្យា និងសេចក្តីបង្គាប់ ហើយនិងរបៀបដែលចំនុចទាំងនេះនាំទៅដល់ការដែលព្រះរក្សាសេចក្តីសន្យាទាំងនេះតាមរយៈព្រះយេស៊ូវ។ យើងក្លាយជារាស្ត្ររបស់ព្រះដោយយើងជឿលើព្រះយេស៊ូវ។ នៅពេលយើងមានជំនឿលើព្រះយេស៊ូវ នោះព្រះកាត់ស្បែកចិត្តរបស់យើង ហើយយើងត្រូវតែរស់នៅក្នុងជីវិតថ្មីក្នុងនាមជាមនុស្សដែលបានកាត់ស្បែកចិត្តហើយ។ យើងក៏គួរតែទទួលបានសញ្ញានៃសម្ព័ន្ធមេត្រីថ្មីផងដែរ ដែលជាបុណ្យជ្រមុជទឹក។
Leave a Reply