ចំពោះមនុស្សដែលគ្រាន់តែខ្វល់ខ្វាយពីបញ្ហាផ្ទាល់ខ្លួន និងមិនគិតពីរូបភាពធំនៃប្រវត្តិសាស្ត្រមនុស្សជាតិ ដានីយ៉ែល ២ ជាអត្ថបទដ៏ប្រសើរសម្រាប់អធិប្បាយទៅកាន់ពួកគេ។ អត្ថបទនេះប្រកាសថា ព្រះជាម្ចាស់ត្រួតត្រា ហើយទ្រង់សន្យាពីនគរដ៏ឥតខ្មោះដែលនឹងមកជំនួសអោយអាណាចក្រនៃលោកិយនេះ។
បរិបទ
ដានីយ៉ែល ជំពូក២ បន្តរឿងអំពីដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់នៅក្នុងជំពូក១ និងមានទំនាក់ទំនងជាច្រើនជាមួយជំពូកបន្ទាប់។ ជំពូក២ មានចំណុចជាច្រើននិយាយម្តងទៀតនៅក្នុងជំពូក៤ ត្រង់ដានីយ៉ែលបកស្រាយសុបិនមួយទៀតរបស់នេប៊ូក្នេសា។ អាណាចក្រទាំងបួននៅក្នុងដានីយ៉ែល២ លេចឡើងម្តងទៀតនៅក្នុងជំពូក៧ ដែលជាសត្វសាហាវធំបួនឡើងចេញពីសមុទ្រមក។ ដានីយ៉ែលបាននិយាយនៅក្នុងសេចក្តីអធិស្ឋានរបស់គាត់ថា ព្រះសំដែងឲ្យឃើញអស់ទាំងសេចក្តីជ្រាលជ្រៅ ហើយលាក់កំបាំង (២:២២) ហើយយើងបានឃើញសេចក្ដីពិតនេះម្ដងទៀតនៅពេលព្រះជាម្ចាស់សំដែងឲ្យដានីយ៉ែលឃើញការលាក់កំបាំងនៅក្នុងនិមិត្តទាំងបួនរបស់គាត់នៅក្នុងជំពូក៧ ដល់១២។
រូបភាពនៅក្នុងដានីយ៉ែល ជំពូក២ ក៏ទាក់ទងនឹង អេសាយ ៤០-៦៦ ដែរ។ ជំពូកទាំងនោះបង្ហាញថា ព្រះនៃសាសន៍អ៊ីស្រាអែលជាអ្នកគ្រប់គ្រងលើអស់ទាំងការលាក់កំបាំងក្នុងទីងងឹត គឺទ្រង់ជាអម្ចាស់ពន្លឺ និងងងឹត(៤៥:៣, ៧; ដានីយ៉ែល ២:២២)។ អេសាយ៤០-៦៦ បង្ហាញថា ប្រជាជាតិជាច្រើន និងស្តេចរបស់ពួកគេធ្វើសេចក្តីគោរពចំពោះពួកនិរទេស និងព្រះរបស់គេ (៤៥:១៤; ៤៩:២៣, ៦០:៦-៧, ១៤)…[ប្រៀបធៀប ៖ ដានីយ៉ែល ២:៤៦-៤៧])។ អេសាយ៤០-៦៦ ក៏ប្រកាសសេចក្តីសន្យាថា នគរព្រះជាម្ចាស់នឹងមកដល់ (៤៤:៦, ៥២:៧ [ប្រៀបធៀប ៖ ដានីយ៉ែល ២:៤៤-៤៥])។
ពាក្យផ្ទួន
យើងគួរតែកត់ចំណាំពាក្យផ្ទួនខ្លះៗ ពីព្រោះពាក្យផ្ទួនទាំងនេះបង្ហាញអ្វីដែលអ្នកនិពន្ធបានរាប់ជារឿងសំខាន់។ អ្នកនិទានប្រើពាក្យថា «យល់សប្តិ» ចំនួនដប់ប្រាំដង «កាត់ស្រាយ» ចំនួនដប់បីដង «អាថ៌កំបាំង» ចំនួនប្រាំបីដង និងពាក្យ «បើកសំដែង» ចំនួនប្រាំមួយដង។ ចំនួនបីដង ដានីយ៉ែលនិយាយថា ព្រះជាម្ចាស់បើកសំដែងការអាថ៌កំបាំង (២:២២-២៣, ២៨, ២៩) និងនេប៊ូក្នេសាក៏បាននិយាយដូច្នេះដែរ (២:៤៧)។ ចំនួនពីរដង ដានីយ៉ែលនិយាយថា ថ្ម១ដាប់ផ្តាច់ចេញ «ឥតដៃអ្នកណាធ្វើ» (២:៣៤, ៤៥)។ ចំនួនបួនដង គាត់ហៅឈ្មោះរបស់ព្រះជាម្ចាស់ថា «ព្រះនៃស្ថានសួគ៌» (២:១៨, ១៩, ៣៧, និង ៤៤) ឈ្មោះនេះប្រកាសពីលក្ខណៈសំខាន់បំផុតនិងភាពឧត្តមផ្តាច់គេរបស់ព្រះ ដែលខ្ពស់លើសអ្វីទាំងអស់ក្នុងលោកិយនេះ។ ពាក្យ «នគរ» ត្រូវបាននិយាយចំនួនប្រាំបួនដង ក្នុងការស្រាយយល់សប្តិ (២:៣៧, ៣៩ [ពីរដង], ៤០, ៤១, ៤២, ៤៤ [បីដង]) ដែលពាក្យនេះមានសារៈសំខាន់ជាងគេក្នុងការជួយយើងអោយស្វែងរកផ្ទៃរឿង។
ឧត្តមភាពរបស់ព្រះជាម្ចាស់
នៅក្នុងរឿងនេះ ឧត្តមភាពរបស់ព្រះជាម្ចាស់ពិតជាផ្ទៃរឿងដ៏សំខាន់មួយ។ ស្តេចបញ្ជាឲ្យអ្នកមានប្រាជ្ញាប្រាប់អំពីសប្តិរបស់ទ្រង់ ប៉ុន្តែពួកគេឆ្លើយតាមត្រង់ថា «គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ» (២:១១)។ ក្នុងការឆ្លើយតបទៅនឹងសេចក្តីអធិស្ឋានរបស់ដានីយ៉ែល និងមិត្តភក្ដិរបស់គាត់ ព្រះនៃស្ថានសួគ៌បានបើកសំដែងអាថ៌កំបាំងដល់ដានីយ៉ែល។ ដានីយ៉ែលថ្វាយព្រះពរដល់ «ព្រះនៃស្ថានសួគ៌» ជាអ្នកដែលគួរឲ្យកោតខ្លាចនិងថ្វាយបង្គំជាទីបំផុត (ជនជាតិបាប៊ីឡូនធ្លាប់ថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ)។ ព្រះជាម្ចាស់បានឲ្យអំណាចដល់នេប៊ូក្នេសា ហើយទ្រង់ក៏អាចដកអំណាចចេញវិញបានដែរពីព្រោះនគរទាំងអស់នៅក្នុងពិភពលោកនេះស្ថិតក្រោមអំណាចរបស់ទ្រង់។
នេប៊ូក្នេសា ប្រកាសថា «ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះ ហើយទ្រង់ជាអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្តីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែងឲ្យយល់សេចក្តីអាថ៌កំបាំងនេះឯង» (២:៤៧)។
ផ្ទៃរឿង និងគោលបំណងនៃអត្ថបទ
ផ្ទៃរឿងចម្បងក្នុងអត្ថបទនេះគឺ ការយល់សប្តិ និងអត្ថន័យរបស់វា។ យើងអាចនិយាយផ្ទៃរឿងនៃអត្ថបទបានថានគរព្រះដ៏នៅអស់កល្បនឹងមក ដើម្បីជំនួសនគរទាំងអស់របស់មនុស្ស។ ប៉ុន្តែអ្នកនិទានបានសង្កត់ធ្ងន់ទៅលើសេចក្តីអធិស្ឋានរបស់ដានីយ៉ែល ដូច្នេះយើងគួរតែបញ្ចូលសារនេះទៅក្នុងផ្ទៃរឿងផងដែរ។ ដានីយ៉ែលបានពោលក្នុងសេចក្តីអធិស្ឋានថា ព្រះនៃស្ថានសួគ៌ «ទម្លាក់ស្តេចចុះ និងលើកស្តេចឡើង» (២:២១) ហើយព្រះនៃស្ថានសួគ៌ «សំដែងឲ្យឃើញអស់ទាំងទីជ្រៅ និងលាក់បាំង« (២:២២)។ ដោយការប្រើប្រាស់សេចក្តីពិតនេះ ផ្ទៃរឿងអត្ថបទអាចជា ព្រះនៃស្ថានសួគ៌ ដែលជាអ្នកដែលលើកស្តេចឡើង និងទម្លាក់ស្តេចចុះ សំដែងឲ្យដឹងថា ទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់ ។
ជំពូក១ រំលឹកអ៊ីស្រាអែលថា បាប៊ីឡូនជានគរពេញដោយអំពើបាបដែលបដិសេធព្រះនៃស្ថានសួគ៌ និងសង្កត់សង្កិនរាស្រ្តរបស់ព្រះជាម្ចាស់។ ដូច្នេះ គោលបំណងរបស់អ្នកនិពន្ធនៅក្នុងជំពូក២គឺដើម្បី ផ្តល់សេចក្តីសង្ឃឹមដល់អ៊ីស្រាអែល ដែលស្ថិតនៅក្នុងការនិរទេសថាទាសភាពរបស់ពួកគេមិនស្ថិតស្ថេររហូតទេ ពីព្រោះព្រះនៃពួកគេ ដែលជាអ្នកដែលលើកស្តេចឡើង និងទម្លាក់ស្តេចចុះ ទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់នៅចុងបំផុត។
មធ្យោបាយអធិប្បាយពីព្រះយេស៊ូវគ្រីស្ទ
ដំណើរការតាមព្រះគម្ពីរអំពីផ្ទៃរឿង នគរ ៖ ផ្ទៃរឿងអត្ថបទនេះគឺ ព្រះនៃស្ថានសួគ៌ ដែលជាអ្នកដែលលើកស្តេចឡើង និងទម្លាក់ស្តេចចុះ សំដែងឲ្យដឹងថា ទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់។ កាលពីដើមដំបូង ព្រះជាម្ចាស់បានតាំងឲ្យមាននគរទ្រង់ឡើងនៅលើផែនដី (លោកុប្បត្ដិ១-២)បន្ទាប់មកមនុស្សបានសង់នគររបស់ពួកគេនៅលើផែនដី គឺកាអ៊ីនបានសង់ទីក្រុងមួយ (លោកុប្បត្ដិ ៤:១៧) ក្រោយមកទៀត មនុស្សបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយតាំងទីលំនៅក្នុងស្រុកស៊ីណើរ និងសង់ប៉មបាបិល (លោកុប្បត្ដិ ១១:១-៤)។ ព្រះជាម្ចាស់មានផែនការណ៍សាងសង់នគរទ្រង់ឡើងវិញលើផែនដីនេះ។ ទ្រង់បានហៅអាប់រ៉ាមឲ្យចាកចេញពីស្រុកកំណើតរបស់គាត់ (បាប៊ីឡូន) ពីញាតិសន្តាន និងពីផ្ទះឪពុកដើម្បីបង្កើតជាតិសាសន៍ផ្សេងទៀតនៅក្នុងទឹកដីសន្យា ប៉ុន្តែកូនចៅអ៊ីស្រាអែលមិនធ្វើតាមការត្រាស់ហៅឲ្យក្លាយជាប្រជាជាតិបរិសុទ្ធទេ។ ជាចុងក្រោយ ព្រះជាម្ចាស់បានយកអ៊ីស្រាអែលចេញពីទឹកដីសន្យា និងបានបញ្ជូនពួកគេត្រឡប់ទៅទឹកដីស៊ីណើរ (បាប៊ីឡូន) វិញ។ នៅពេលអ៊ីស្រាអែលបានរងទុក្ខក្នុងការនិរទេសក្រោមអំណាចរបស់ស្តេចជាច្រើន ដែលមិនគោរពព្រះជាម្ចាស់ ព្រះជាម្ចាស់បានមានសារនៃសេចក្តីសង្ឃឹមសម្រាប់ពួកគេ។ ទ្រង់បានឲ្យស្តេចនេប៊ូក្នេសាយល់សប្តិ ហើយសំដែងសប្តិនេះ និងអត្ថន័យរបស់វាដល់ដានីយ៉ែល។ នគរព្រះជាម្ចាស់នឹងមកជំនួសនគរទាំងឡាយរបស់មនុស្ស ហើយនគរនេះនឹង «ស្ថិតស្ថេរអស់កល្បជានិច្ច» (២:៤៤)។ អត្ថបទសញ្ញាចាស់ផ្សេងទៀតក៏បានប្រកាសពីភាពខុសគ្នារវាងនគរមនុស្សនិងនគរព្រះផងដែរ គឺនគរព្រះនឹងស្ថិតស្ថេរអស់កល្បជានិច្ច (ទំនុកដំកើង ១៤៥:១៣; ប្រៀបធៀប ៖ទំនុកដំកើង ១០:១៦; ២៩:១០; ១៤៦:១០) រីឯនគររបស់មនុស្សនឹងសាបសូន្យទៅ។
ក្នុងគ្រាសញ្ញាថ្មី ទេវតាកាព្រីយ៉ែល បានប្រាប់ដំណឹងទៅកាន់ម៉ារាថា នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយ «ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្ប ហើយរាជ្យទ្រង់នឹងមិនផុតឡើយ» (លូកា ១:៣៣)។ នៅពេលព្រះយេស៊ូវបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បាន «ប្រកាសប្រាប់ដំណឹងល្អពីនគរព្រះ» និងមានបន្ទូលថា «ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់» (ម៉ាកុស ១:១៤-១៥)។ ព្រះយេស៊ូវបានបន្ទូលយ៉ាងច្បាស់ថា «នគរខ្ញុំមិនមែនមកពីលោកិយនេះទេ» (យ៉ូហាន ១៨:៣៦)។ ដោយការអធិប្បាយ និងការអស្ចារ្យរបស់ទ្រង់ នោះព្រះយេស៊ូវបាននាំនគរព្រះមកផែនដីនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា «ប៉ុន្តែបើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ» (ម៉ាថាយ ១២:២៨)។ ទ្រង់គឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្តេចលើអស់ទាំងស្តេច (វិវរណៈ ១៧:១៤, ១៩:១៦)។ យើងរង់ចាំការយាងមករបស់ព្រះយេស៊ូវ ដើម្បីបំពេញសំរេចនគររបស់ទ្រង់ដែលស្ថិតស្ថេរអស់កល្បជានិច្ច ( វិវរណៈ ១:៦, ២១:១-២២:៥)។
មាន ថ្ម «ដាប់ផ្តាច់ចេញឥតមានដៃអ្នកណាធ្វើ» (២:៣៤) គឺនិយាយពីព្រះគ្រីស្ទ និងនគរដែលទ្រង់នាំមក។ ព្រះយេស៊ូវបានយាងមកពីស្ថានសួគ៌ ហើយនគររបស់ទ្រង់មិនមែនជារបស់លោកិយនេះទេ (យ៉ូហាន ១៨:៣៦)។ ព្រះយេស៊ូវក៏បានឃើញអង្គទ្រង់ជាថ្ម។ ទ្រង់បានសួរបណ្តាជន «តើអ្នកមានបានមើលក្នុងគម្ពីរទេថា «ថ្មដែលអ្នកសាងសង់បោះបង់ [ព្រះយេស៊ូវ] បានក្លាយជាថ្មជ្រុង…»? [ទំនុកដំកើង១១៨:២២]។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នាប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលគេនឹងបង្កើតផលរបស់នគរទាំងនោះ អ្នកណាដែលធ្លាក់លើថ្មនោះនឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ» (ម៉ាថាយ ២១:៤២-៤៥)។ នៅក្នុងប្រយោគចុងក្រោយ ព្រះយេស៊ូវពិតជាបាននិយាយពី ដានីយ៉ែល២ ពីព្រោះថ្មនេះបានប៉ះទង្គិចនឹងជើងរូបចម្លាក់ ហើយធ្វើឲ្យវាបាក់បែក ក្រោយមករូបចម្លាក់ទាំងមូលបានដួលរលំ ហើយធ្លាក់លើថ្មនិងបែកជាបំណែក ប៉ុន្តែក្រោយមកថ្មនេះក្លាយជាអ្នកបំពេញភ្នំដ៏ធំនោះ «ផែនដីទាំងមូល» (២:៣៥) ឯព្រះយេស៊ូវបង្រៀនថា «នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅព្រោះក្នុងចំការខ្លួន គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើងនោះ ក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រលប់ជាដើមដ៏ធំទាំងម្ល៉េះ បានជាសត្វហើរលើអាកាសមកទំលើមែកផង» (ម៉ាថាយ ១៣:៣១-៣២)។ ដើម្បីបំពេញការលូតលាស់នេះ ព្រះយេស៊ូវបង្រៀនពួកសិស្សទ្រង់ថា «អ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងសាម៉ារីទាំងមូល ហើយរហូតដល់ចុងបំផុតផែនដីផង» (កិច្ចការ ១:៨)។
គោលបំណងរបស់អ្នកនិពន្ធបង្ហាញភាពស្រដៀងគ្នាមួយទៀត ៖ ដូចជាកណ្ឌដានីយ៉ែលបានផ្តល់សេចក្តីសង្ឃឹមដល់ពួកនិរទេសតាមរយៈសារថា នគរព្រះនឹងមកជំនួសនគរទាំងអស់របស់មនុស្ស នោះព្រះយេស៊ូវក៏ផ្តល់សេចក្តីសង្ឃឹមដល់ពួកសាវកនិងក្រុមជំនុំផងដែរថា «កុំឲ្យខ្លាចហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះទ័យនឹងប្រទាននគរមកអ្នករាល់គ្នា» (លូកា ១២:៣២)។ លើសពីនេះ នៅពេលព្រះយេស៊ូវបញ្ជូនសាវកទ្រង់ចេញទៅក្នុងលោកិយដែលជាសត្រូវ ទ្រង់កំសាន្តចិត្តពួកគេថា «យើងមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។
ផ្ទៃរឿងនិងគោលដៅនៃការអធិប្បាយ
យើងបាននិយាយថា ផ្ទៃរឿងអត្ថបទនេះគឺ ព្រះនៃស្ថានសួគ៌ ដែលជាអ្នកដែលលើកស្តេចឡើង និងដាក់ស្តេចចុះ សំដែងឲ្យដឹងថាទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់នៅទីបញ្ចប់។ ទោះបីជាព្រះយេស៊ូវមក ដើម្បីនាំនគរទ្រង់មកដល់ក៏ដោយ ក៏នៅក្នុងការយាងមកលើកទីមួយ ទ្រង់មិនបានជំនួសនគរទាំងអស់របស់មនុស្សទេ។ ដោយសារការជំនួសនៅតែស្ថិតក្នុងពេលអនាគតនៅឡើយ យើងអាចរក្សាផ្ទៃរឿងអត្ថបទសម្រាប់ធ្វើការអធិប្បាយបានថា ព្រះនៃស្ថានសួគ៌ ដែលជាអ្នកលើកស្តេចឡើង និងទម្លាក់ស្តេចចុះ សំដែងឲ្យដឹងថា ទ្រង់នឹងផ្លាស់ប្តូរនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់នៅចុងបញ្ចប់។
គោលបំណងរបស់អ្នកនិពន្ធគឺ ដើម្បីផ្តល់សេចក្តីសង្ឃឹមដល់អ៊ីស្រាអែល ដែលស្ថិតនៅក្នុងនិរទេសថា ទាសភាពរបស់ពួកគេមិនស្ថិតស្ថេររហូតទេ ពីព្រោះព្រះជាម្ចាស់អាចទម្លាក់ស្តេចចុះបាន ហើយនៅពេលចុងក្រោយទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់វិញ។ យើងអាចយកគោលបំណងរបស់អ្នកនិពន្ធមកធ្វើជាគោលដៅក្នុងការអធិប្បាយបាន ដោយយើងប្តូរគោលបំណងនេះបន្តិចបន្តួច ៖ ដើម្បីផ្តល់សេចក្តីសង្ឃឹមដល់រាស្រ្តរបស់ព្រះនៅសព្វថ្ងៃនេះ (គ្រីស្ទបរិស័ទ) ដោយសារថា ព្រះរបស់យើងអាចទម្លាក់ស្តេចចុះបាន ហើយ នៅទីបញ្ចប់ ទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់វិញ។
សារនេះសំខាន់ ពីព្រោះរាស្រ្តព្រះជាម្ចាស់នៅសព្វថ្ងៃនេះខ្វះសេចក្តីសង្ឃឹម ដោយសារតែការបៀតបៀន និងការឈឺចាប់ដែលគេបានឃើញមាននៅក្នុងពិភពលោកនេះ។
Leave a Reply