ដានីយ៉ែល​ ២ សុបិន្ដ​របស់​ស្តេច​នេប៊ូក្នេសា​ Daniel 2

 ចំពោះ​មនុស្ស​ដែល​គ្រាន់តែ​ខ្វល់ខ្វាយ​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ និង​មិន​គិត​ពី​រូបភាព​ធំ​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​  ដានីយ៉ែល​ ២​  ជា​អត្ថបទ​ដ៏​ប្រសើរ​សម្រាប់​អធិប្បាយ​ទៅ​កាន់​ពួក​គេ។ អត្ថបទ​នេះ​ប្រកាស​ថា ​ព្រះជាម្ចាស់​ត្រួតត្រា​  ​ហើយ​ទ្រង់​សន្យា​ពី​នគរ​ដ៏​ឥត​ខ្មោះ​ដែល​នឹង​មក​ជំនួស​អោយ​អាណាចក្រ​នៃ​លោកិយ​នេះ។

 

បរិបទ

ដានីយ៉ែល​ ជំពូក​២​ បន្ត​រឿង​អំពី​ដានីយ៉ែល​និង​មិត្ត​ទាំង​បី​នាក់​របស់​គាត់​នៅ​ក្នុង​ជំពូក​១​ និង​មាន​ទំនាក់ទំនង​ជា​ច្រើន​ជា​មួយ​ជំពូក​បន្ទាប់។ ​ជំពូក​២​ មាន​ចំណុច​ជា​ច្រើន​និយាយ​ម្តង​ទៀត​នៅ​ក្នុង​ជំពូក​៤​  ត្រង់​ដានីយ៉ែល​បកស្រាយ​សុបិន​មួយ​ទៀត​របស់​នេប៊ូក្នេសា។ អាណាចក្រ​ទាំង​បួន​នៅ​ក្នុង​ដានីយ៉ែល​២​ លេច​ឡើង​ម្តង​ទៀត​នៅ​ក្នុង​ជំពូក​៧​  ​ដែល​ជា​សត្វ​សាហាវ​ធំ​បួន​ឡើង​ចេញ​ពី​សមុទ្រ​មក។ ដានីយ៉ែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​គាត់​ថា ​ព្រះ​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្តី​ជ្រាលជ្រៅ​ ហើយ​លាក់​កំបាំង​ (២:២២) ហើយ​យើង​បាន​ឃើញ​សេចក្ដី​ពិត​នេះ​ម្ដង​ទៀត​នៅ​ពេល​ព្រះជាម្ចាស់​សំដែង​ឲ្យ​ដានីយ៉ែល​ឃើញ​ការ​លាក់​កំបាំង​នៅ​ក្នុង​និមិត្ត​ទាំង​បួន​របស់​គាត់​នៅ​ក្នុង​ជំពូក​៧​ ដល់​១២។​ ​

 

រូបភាព​នៅ​ក្នុង​ដានីយ៉ែល​ ជំពូក​២​ ក៏​ទាក់ទង​នឹង​ អេសាយ​ ៤០-៦៦ ដែរ។ ជំពូក​ទាំង​នោះ​បង្ហាញ​ថា​ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ការ​លាក់​កំបាំង​ក្នុង​ទី​ងងឹត​ ​គឺ​ទ្រង់​ជា​អម្ចាស់​ពន្លឺ​ និង​ងងឹត​(៤៥:៣, ៧; ដានីយ៉ែល ​២:២២)។ អេសាយ​៤០-៦៦​ បង្ហាញ​ថា ​ប្រជាជាតិ​ជា​ច្រើន​ និង​ស្តេច​របស់​ពួក​គេ​ធ្វើ​សេចក្តី​គោរព​ចំពោះ​ពួក​និរទេស​ និង​ព្រះ​របស់​គេ​ (៤៥:១៤; ៤៩:២៣, ៦០:៦-៧, ១៤)…[ប្រៀប​ធៀប ៖ ដានីយ៉ែល ​២:៤៦-៤៧])។ ​ អេសាយ​៤០-៦៦​ ក៏​ប្រកាស​សេចក្តី​សន្យា​ថា ​នគរ​ព្រះជាម្ចាស់​នឹង​មក​ដល់ ​(៤៤:៦, ៥២:៧ [ប្រៀប​ធៀប ៖ ដានីយ៉ែល ​២:៤៤-៤៥])។​ ​

 

ពាក្យ​ផ្ទួន

យើង​គួរ​តែ​កត់​ចំណាំ​ពាក្យ​ផ្ទួន​ខ្លះៗ​  ពីព្រោះ​ពាក្យ​ផ្ទួន​ទាំង​នេះ​បង្ហាញ​អ្វី​ដែល​អ្នក​និពន្ធ​បាន​រាប់​ជា​រឿង​សំខាន់។ អ្នក​និទាន​ប្រើ​ពាក្យ​ថា​ «យល់​សប្តិ​» ​ចំនួន​ដប់​ប្រាំ​ដង​ «កាត់​ស្រាយ​» ​ចំនួន​ដប់​បី​ដង​ «អាថ៌កំបាំង​» ​ចំនួន​ប្រាំ​បី​ដង​ និង​ពាក្យ «បើក​សំដែង​»​ ​ចំនួន​ប្រាំ​មួយ​ដង។ ​ចំនួន​បី​ដង ​ដានីយ៉ែល​និយាយ​ថា​ ព្រះជាម្ចាស់​បើក​សំដែង​ការ​អាថ៌កំបាំង ​(២:២២-២៣, ២៨, ២៩) និង​នេប៊ូក្នេសា​ក៏​បាន​និយាយ​ដូច្នេះ​ដែរ (២:៤៧)។ ​ចំនួន​ពីរ​ដង​ ដានីយ៉ែល​និយាយ​ថា ថ្ម​១​ដាប់​ផ្តាច់​ចេញ ​«ឥត​ដៃ​អ្នក​ណា​ធ្វើ​» (២:៣៤, ៤៥)។ ​ចំនួន​បួន​ដង ​គាត់​ហៅ​ឈ្មោះ​របស់​ព្រះជាម្ចាស់​ថា​ «ព្រះ​នៃ​ស្ថាន​សួគ៌​» (២:១៨, ១៩, ៣៧, និង ៤៤)​ ឈ្មោះ​នេះ​ប្រកាស​ពី​លក្ខណៈ​សំខាន់​បំផុត​និង​ភាព​ឧត្តម​ផ្តាច់​គេ​របស់​ព្រះ​ ដែល​ខ្ពស់​លើ​ស​អ្វី​ទាំង​អស់​ក្នុង​លោកិយ​នេះ។ ពាក្យ «នគរ» ​ត្រូវ​បាន​និយាយ​ចំនួន​ប្រាំ​បួន​ដង​ ក្នុង​ការ​ស្រាយ​យល់​សប្តិ​ (២:៣៧, ៣៩ [ពីរ​ដង], ៤០, ៤១, ៤២, ៤៤ [បី​ដង​]) ដែល​ពាក្យ​នេះ​មាន​សារៈ​សំខាន់​ជាង​គេ​ក្នុង​ការ​ជួយ​យើង​អោយ​ស្វែង​រក​ផ្ទៃ​រឿង។

 

ឧត្តម​ភាព​របស់​ព្រះជាម្ចាស់

​នៅ​ក្នុង​រឿង​នេះ​ ឧត្តម​ភាព​របស់​ព្រះជាម្ចាស់​ពិត​ជា​ផ្ទៃរឿង​ដ៏​សំខាន់​មួយ។ ស្តេច​បញ្ជា​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ប្រាប់​អំពី​សប្តិ​របស់​ទ្រង់​ ប៉ុន្តែ​ពួក​គេ​ឆ្លើយ​តាម​ត្រង់​ថា​ ​«គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះករុណា​បាន​ទេ​ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ​» (២:១១)។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អធិស្ឋាន​របស់​ដានីយ៉ែល​ និង​មិត្តភក្ដិ​របស់​គាត់​  ព្រះ​នៃ​ស្ថាន​សួគ៌​បាន​បើក​សំដែង​អាថ៌កំបាំង​ដល់​ដានីយ៉ែល។ ដានីយ៉ែល​ថ្វាយ​ព្រះពរ​ដល់​ «ព្រះ​នៃ​ស្ថាន​សួគ៌​» ជា​អ្នក​ដែល​គួរ​ឲ្យ​កោតខ្លាច​និង​ថ្វាយ​បង្គំ​ជា​ទីបំផុត ​(​ជនជាតិ​បាប៊ីឡូន​ធ្លាប់​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ​ ព្រះ​ច័ន្ទ​ និង​ផ្កាយ​)។ ព្រះជាម្ចាស់​បាន​ឲ្យ​អំណាច​ដល់​នេប៊ូក្នេសា​ ហើយ​ទ្រង់​ក៏​អាច​ដក​អំណាច​ចេញ​វិញ​បាន​ដែរ​ពីព្រោះ​នគរ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ​ស្ថិត​ក្រោម​អំណាច​របស់​ទ្រង់។​

 

នេប៊ូក្នេសា​ ប្រកាស​ថា «ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ ហើយ​ទ្រង់​ជា​អម្ចាស់​លើ​អស់​ទាំង​ស្តេច​ គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្តី​អាថ៌កំបាំង​ ពីព្រោះ​ឃើញ​ថា​  អ្នក​អាច​នឹង​សំដែង​ឲ្យ​យល់​សេចក្តី​អាថ៌កំបាំង​នេះ​ឯង» (២:៤៧)។

 

ផ្ទៃរឿងនិងគោលបំណងនៃអត្ថបទ

ផ្ទៃរឿង​ចម្បង​ក្នុង​អត្ថបទ​នេះ​គឺ​ ការ​យល់​សប្តិ​ និង​អត្ថន័យ​របស់​វា។ យើង​អាច​និយាយ​ផ្ទៃរឿង​នៃ​អត្ថបទ​បាន​ថា​នគរព្រះដ៏នៅអស់កល្បនឹងមកដើម្បី​ជំនួសនគរទាំងអស់របស់មនុស្ស។ ប៉ុន្តែ​អ្នក​និទាន​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សេចក្តី​អធិស្ឋាន​របស់​ដានីយ៉ែល​ ដូច្នេះ​យើង​គួរ​តែ​បញ្ចូល​សារ​នេះ​ទៅ​ក្នុង​ផ្ទៃរឿង​ផង​ដែរ។ ដានីយ៉ែល​បាន​ពោល​ក្នុង​សេចក្តី​អធិស្ឋាន​ថា​ ព្រះ​នៃ​ស្ថាន​សួគ៌​ «​ទម្លាក់​ស្តេច​ចុះ​ និង​លើក​ស្តេច​ឡើង» (២:២១) ​ហើយ​ព្រះ​នៃ​ស្ថាន​សួគ៌​ «សំដែង​ឲ្យ​ឃើញ​អស់​ទាំង​ទី​ជ្រៅ​ និង​លាក់​បាំង​« (២:២២)។ ដោយ​ការ​ប្រើប្រាស់​សេចក្តី​ពិត​នេះ​ ផ្ទៃរឿង​អត្ថបទ​អាច​ជា​ ព្រះនៃស្ថានសួគ៌​  ​ដែល​ជាអ្នកដែលលើកស្តេចឡើងនិងទម្លាក់ស្តេចចុះ សំដែងឲ្យដឹងថាទ្រង់នឹងជំនួស​នគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់​ ។

 

ជំពូក១​ រំលឹក​អ៊ីស្រាអែល​ថា​ បាប៊ីឡូន​ជា​នគរ​ពេញ​ដោយ​អំពើ​បាប​ដែល​បដិសេធ​ព្រះ​នៃ​ស្ថាន​សួគ៌​ និង​សង្កត់​សង្កិន​រាស្រ្ត​របស់​ព្រះជាម្ចាស់។ ​ ដូច្នេះ ​គោលបំណង​របស់​អ្នក​និពន្ធ​នៅ​ក្នុង​ជំពូក​២​គឺ​ដើម្បី​ ផ្តល់សេចក្តីសង្ឃឹមដល់អ៊ីស្រាអែល ដែល​ស្ថិត​នៅ​ក្នុងការនិរទេសថា​ទាស​ភាពរបស់​ពួកគេមិនស្ថិតស្ថេរ​រហូតទេ ​ពីព្រោះព្រះនៃពួកគេ​ដែល​ជាអ្នកដែលលើកស្តេចឡើងនិងទម្លាក់ស្តេចចុះទ្រង់នឹងជំនួស​នគរមនុស្សទាំងអស់ដោយនគរដ៏អស់កល្បរបស់ទ្រង់នៅ​ចុង​បំផុត។

 

មធ្យោបាយ​អធិប្បាយ​ពី​ព្រះយេស៊ូវគ្រីស្ទ​

ដំណើរ​ការ​តាម​ព្រះគម្ពីរ​អំពី​ផ្ទៃរឿង​ នគរ​   ផ្ទៃរឿង​អត្ថបទ​នេះ​គឺ​ ព្រះនៃស្ថានសួគ៌ ​ដែល​ជាអ្នកដែលលើកស្តេចឡើងនិងទម្លាក់ស្តេចចុះ សំដែងឲ្យដឹងថាទ្រង់នឹងជំនួស​នគរមនុស្សទាំងអស់ដោយ​នគរដ៏អស់កល្បរបស់ទ្រង់។ កាល​ពី​ដើម​ដំបូង ​ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​នគរ​ទ្រង់​ឡើង​នៅ​លើ​ផែនដី​ (លោកុប្បត្ដិ​១-២)​បន្ទាប់​មក​មនុស្ស​បាន​សង់​នគរ​របស់​ពួក​គេ​នៅ​លើ​ផែនដី​ ​គឺ​កាអ៊ីន​បាន​សង់​ទីក្រុង​មួយ ​(លោកុប្បត្ដិ​ ៤:១៧) ក្រោយ​មក​ទៀត​ ​មនុស្ស​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់ ​ហើយ​តាំង​ទីលំនៅ​ក្នុង​ស្រុក​ស៊ីណើរ​ និង​សង់​ប៉ម​បាបិល ​(លោកុប្បត្ដិ  ១១:១-៤)។ ​ព្រះជាម្ចាស់​មាន​ផែនការណ៍​សាង​សង់​នគរ​ទ្រង់​ឡើង​វិញ​លើ​ផែនដី​នេះ។ ទ្រង់​បាន​ហៅ​អាប់រ៉ាម​ឲ្យ​ចាកចេញ​ពី​ស្រុក​កំណើត​របស់​គាត់ ​(បាប៊ីឡូន) ពី​ញាតិ​សន្តាន​ និង​ពី​ផ្ទះ​ឪពុក​ដើម្បី​បង្កើត​ជាតិ​សាសន៍​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​សន្យា​ ប៉ុន្តែ​កូនចៅ​អ៊ីស្រាអែល​មិន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​ឲ្យ​ក្លាយ​ជា​ប្រជាជាតិ​បរិសុទ្ធ​ទេ។ ជា​ចុង​ក្រោយ ​ព្រះជាម្ចាស់​បាន​យក​អ៊ីស្រាអែល​ចេញ​ពី​ទឹកដី​សន្យា​ និង​បាន​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ទឹកដី​ស៊ីណើរ ​(បាប៊ីឡូន)​ វិញ។ ​នៅ​ពេល​អ៊ីស្រាអែល​បាន​រងទុក្ខ​ក្នុង​ការ​និរទេស​ក្រោមអំណាច​របស់​ស្តេច​ជា​ច្រើន​ ដែល​មិន​គោរព​ព្រះជាម្ចាស់ ព្រះជាម្ចាស់​បាន​មាន​សារ​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​ពួក​គេ។ ទ្រង់​បាន​ឲ្យ​ស្តេច​នេប៊ូក្នេសា​យល់​សប្តិ​ ហើយ​សំដែង​សប្តិ​នេះ​ ​និង​អត្ថន័យ​របស់​វា​ដល់​ដានីយ៉ែល។ នគរ​ព្រះជាម្ចាស់​នឹង​មក​ជំនួស​នគរ​ទាំងឡាយ​របស់​មនុស្ស​ ​ហើយ​នគរ​នេះ​នឹង​ «ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច» (២:៤៤)។ អត្ថបទ​សញ្ញា​ចាស់​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​ពី​ភាព​ខុស​គ្នា​រវាង​នគរ​មនុស្ស​និង​នគរ​ព្រះ​ផង​ដែរ​ ​គឺ​នគរ​ព្រះ​នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​ (ទំនុកដំកើង ១៤៥:១៣; ​ប្រៀប​ធៀប​ ​៖ទំនុកដំកើង ១០:១៦; ២៩:១០; ១៤៦:១០) រី​ឯ​នគរ​របស់​មនុស្ស​នឹង​សាប​សូន្យ​ទៅ។

 

ក្នុង​គ្រា​សញ្ញា​ថ្មី​ ទេវតា​កាព្រីយ៉ែល​ បាន​ប្រាប់​ដំណឹង​ទៅ​កាន់​ម៉ារា​ថា​ នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១​ ហើយ​ «ទ្រង់​នឹង​សោយរាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប​អស់កល្ប  ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ» (លូកា ១:៣៣)។ ​នៅ​ពេល​ព្រះយេស៊ូវ​បាន​ចាប់​ផ្តើម​ព័ន្ធកិច្ច​របស់​ទ្រង់​ ទ្រង់​បាន​ «ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​» និង​មាន​បន្ទូល​ថា​ «ពេលវេលា​បាន​សំរេច​ហើយ​  នគរព្រះ​ជិត​មក​ដល់​» (ម៉ាកុស ១:១៤-១៥)។ ព្រះយេស៊ូវ​បាន​បន្ទូល​យ៉ាង​ច្បាស់​ថា «នគរ​ខ្ញុំ​មិនមែន​មក​ពី​លោកិយ​នេះ​ទេ» (យ៉ូហាន ១៨:៣៦)។ ដោយ​ការ​អធិប្បាយ​ និង​ការ​អស្ចារ្យ​របស់​ទ្រង់​ នោះ​ព្រះយេស៊ូវ​បាន​នាំ​នគរ​ព្រះ​មក​ផែនដី​នេះ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ «ប៉ុន្តែ​បើសិន​ជា​ខ្ញុំ​ដេញ​អារក្ស​ ដោយ​សារ​ព្រះវិញ្ញាណ​នៃ​ព្រះ​វិញ​ នោះ​ឈ្មោះ​ថា​ នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ» (ម៉ាថាយ ១២:២៨)។ ទ្រង់​គឺ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ​(វិវរណៈ​ ១៧:១៤, ១៩:១៦)។ យើង​រង់ចាំ​ការ​យាង​មក​របស់​ព្រះយេស៊ូវ ​ដើម្បី​បំពេញ​សំរេច​នគរ​របស់​ទ្រង់​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​ ( វិវរណៈ ១:៦, ២១:១-២២:៥)។​

 

មាន ថ្ម «ដាប់​ផ្តាច់​ចេញ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ» (២:៣៤) គឺ​និយាយ​ពី​ព្រះគ្រីស្ទ​ និង​នគរ​ដែល​ទ្រង់​នាំ​មក។ ព្រះយេស៊ូ​វ​បាន​យាង​មក​ពី​ស្ថាន​សួគ៌ ​ហើយ​នគរ​របស់​ទ្រង់​មិនមែន​ជា​របស់​លោកិយ​នេះ​ទេ ​(យ៉ូហាន ​១៨:៣៦)។ ព្រះយេស៊ូវ​ក៏​បាន​ឃើញ​អង្គទ្រង់​ជា​ថ្ម។ ទ្រង់​បាន​សួរ​បណ្តា​ជន​ «តើ​អ្នក​មាន​បាន​មើល​ក្នុង​គម្ពីរ​ទេ​ថា «ថ្ម​ដែល​អ្នក​សាងសង់​បោះបង់ ​[ព្រះយេស៊ូវ​] បាន​ក្លាយ​ជា​ថ្ម​ជ្រុង​…»? [ទំនុកដំកើង​១១៨​:២២]។ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា​ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត​  ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​ទាំង​នោះ​  អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ​នឹង​ត្រូវ​បាក់​បែក​ តែ​អ្នក​ណា​ដែល​ត្រូវ​ថ្ម​នោះ​ធ្លាក់​មក​លើ​ខ្លួន​ នោះ​នឹង​ត្រូវ​កិន​ខ្ទេច​ខ្ទី​ទៅ​» (ម៉ាថាយ ២១:៤២-៤៥)។ នៅ​ក្នុង​ប្រយោគ​ចុង​ក្រោយ​ ព្រះយេស៊ូវ​ពិត​ជា​បាន​និយាយ​ពី​ ដានីយ៉ែល២ ​ពីព្រោះ​ថ្ម​នេះ​បាន​ប៉ះ​ទង្គិច​នឹង​ជើង​រូប​ចម្លាក់​ ហើយ​ធ្វើ​ឲ្យ​វា​បាក់បែក​  ក្រោយ​មក​រូប​ចម្លាក់​ទាំង​មូល​បាន​ដួល​រលំ​ ហើយ​ធ្លាក់​លើ​ថ្ម​និង​បែក​ជា​បំណែក​ ​ប៉ុន្តែ​ក្រោយ​មក​ថ្ម​នេះ​ក្លាយ​ជា​អ្នក​បំពេញ​ភ្នំ​ដ៏​ធំ​នោះ​ «ផែនដី​ទាំង​មូល​» (២:៣៥) ​ឯ​ព្រះយេស៊ូវ​បង្រៀន​ថា​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង​ ដែល​មនុស្ស​ម្នាក់​យក​ទៅ​ព្រោះ​ក្នុង​ចំការ​ខ្លួន​ គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន​ តែ​កាលណា​បាន​ដុះ​ឡើង​នោះ​ ក៏​ធំ​ជាង​តិណជាតិ​ទាំង​អស់​ ហើយ​ក៏​ត្រលប់​ជា​ដើម​ដ៏​ធំ​ទាំង​ម្ល៉េះ​ បាន​ជា​សត្វ​ហើរ​លើ​អាកាស​មក​ទំ​លើ​មែក​ផង» (ម៉ាថាយ ១៣:៣១-៣២)។ ដើម្បី​បំពេញ​ការ​លូតលាស់​នេះ​ ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា​ «អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ ព្រម​ទាំង​ស្រុក​យូដា​ និង​សាម៉ារី​ទាំង​មូល​ ហើយ​រហូត​ដល់​ចុង​បំផុត​ផែនដី​ផង» (កិច្ចការ​ ១:៨)។​

 

គោលបំណង​របស់​អ្នក​និពន្ធ​បង្ហាញ​ភាព​ស្រដៀង​គ្នា​មួយ​ទៀត ​៖ ដូច​ជា​កណ្ឌ​ដានីយ៉ែល​បាន​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ពួក​និរទេស​តាមរយៈ​សារ​ថា ​នគរ​ព្រះ​នឹង​មក​ជំនួស​នគរ​ទាំង​អស់​របស់​មនុស្ស​ ​នោះ​ព្រះយេស៊ូវ​ក៏​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ពួក​សាវក​និង​ក្រុមជំនុំ​ផង​ដែរ​ថា​ «កុំ​ឲ្យ​ខ្លាច​ហ្វូង​តូច​អើយ​ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា» (លូកា ១២:៣២)។​ លើស​ពី​នេះ​ ​នៅ​ពេល​ព្រះយេស៊ូវ​បញ្ជូន​សាវក​ទ្រង់​ចេញទៅ​ក្នុង​លោកិយ​ដែល​ជា​សត្រូវ​ ទ្រង់​កំសាន្ត​ចិត្ត​ពួកគេ​ថា​ «យើង​មើល​ ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ​ ដរាប​ដល់​បំផុត​កល្ប​»។

 

ផ្ទៃ​រឿង​និង​គោលដៅ​នៃ​ការអធិប្បាយ

យើង​បាន​និយាយ​ថា​ ផ្ទៃរឿង​អត្ថបទ​នេះ​គឺ ព្រះនៃស្ថានសួគ៌​  ​ដែល​ជាអ្នកដែលលើកស្តេចឡើង​និង​ដាក់ស្តេចចុះ សំដែងឲ្យដឹងថាទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយ​នគរដ៏អស់កល្បរបស់ទ្រង់នៅ​ទី​បញ្ចប់។ ទោះ​បី​ជា​ព្រះយេស៊ូវ​មក ​ដើម្បី​នាំ​នគរ​ទ្រង់​មក​ដល់​ក៏​ដោយ​  ​ក៏​នៅ​ក្នុង​ការ​យាង​មក​លើក​ទី​មួយ ​ទ្រង់​មិន​បាន​ជំនួស​នគរ​ទាំង​អស់​របស់​មនុស្ស​ទេ។ ដោយ​សារ​ការ​ជំនួស​នៅ​តែ​ស្ថិត​ក្នុង​ពេល​អនាគត​នៅ​ឡើយ​ យើង​អាច​រក្សា​ផ្ទៃរឿង​អត្ថបទ​សម្រាប់​ធ្វើ​ការ​អធិប្បាយ​បាន​ថា​ ព្រះ​នៃ​ស្ថានសួគ៌​ ​ដែល​ជា​អ្នក​លើក​ស្តេច​ឡើង​  ​និង​ទម្លាក់​ស្តេច​ចុះ​ សំដែង​ឲ្យ​ដឹង​ថា​ ទ្រង់​នឹង​ផ្លាស់​ប្តូរ​នគរ​មនុស្ស​ទាំង​អស់​ដោយ​នគរ​ដ៏​អស់​កល្ប​របស់​ទ្រង់​នៅ​ចុង​បញ្ចប់។​

 

គោលបំណង​របស់​អ្នក​និពន្ធ​គឺ​ ដើម្បីផ្តល់សេចក្តីសង្ឃឹមដល់អ៊ីស្រាអែល ដែល​ស្ថិត​នៅ​ក្នុងនិរទេស​ថា​ ទាស​ភាពរបស់​ពួកគេ​មិន​ស្ថិតស្ថេរ​រហូតទេ​  ​ពី​ព្រោះព្រះជា​ម្ចាស់អាចទម្លាក់ស្តេចចុះបាន​ ហើយនៅពេលចុងក្រោយទ្រង់នឹងជំនួស​នគរមនុស្សទាំងអស់ដោយ​នគរដ៏អស់កល្បរបស់ទ្រង់វិញ។ ​យើង​អាច​យក​គោលបំណង​របស់​អ្នក​និពន្ធ​មក​ធ្វើ​ជា​គោលដៅ​ក្នុង​ការ​អធិប្បាយ​បាន ដោយ​យើង​ប្តូរ​គោលបំណង​នេះ​បន្តិច​បន្តួច​ ​៖ ​ដើម្បីផ្តល់សេចក្តីសង្ឃឹមដល់រាស្រ្តរបស់ព្រះនៅ​សព្វថ្ងៃ​នេះ (គ្រីស្ទបរិស័ទ​)ដោយសារថា​ ព្រះរបស់​យើងអាចទម្លាក់ស្តេចចុះបាន​ ហើយនៅទីបញ្ចប់ទ្រង់នឹងជំនួសនគរមនុស្សទាំងអស់ដោយ​នគរដ៏អស់កល្បរបស់ទ្រង់វិញ។

សារ​នេះ​សំខាន់ ពី​ព្រោះ​រាស្រ្ត​ព្រះជាម្ចាស់​នៅ​សព្វ​ថ្ងៃ​នេះ​ខ្វះ​សេចក្តី​សង្ឃឹម​  ដោយ​សារ​តែ​ការ​បៀតបៀន​ និង​ការ​ឈឺ​ចាប់​ដែល​គេ​បាន​ឃើញ​មាន​នៅ​ក្នុង​ពិភពលោក​នេះ។​

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top