ស្តេចនេប៊ូក្នេសា និមិត្តឃើញដើមឈើដ៏អស្ចារ្យ
Nebuchadnezzar’s Dream of a Great Tree
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៤
អ្នកនិពន្ធ រុហ្វ លេភិឡារ
ដានីយ៉ែល ៤ ប្រាប់យើងពីរៀបដែលព្រះជាម្ចាស់បានបន្ទាបស្តេចមានអំនួតចុះ (៤:២២) និង លើកស្តេច ឡើង នៅពេលគាត់ទទួលស្គាល់ថា ព្រះរបស់អ៊ីស្រាអែល «ខ្ពស់បំផុត» និងជា «ស្តេចស្ថានសួគ៌» (៤:៣៤, ៣៧)។ នេះគឺជាសារមួយសម្រាប់អ្នកគ្រប់គ្រងទាំងឡាយ និងសម្រាប់អស់អ្នកដែលមានការភ័យខ្លាច ឬការគំរាមកំហែង ដោយសារមកពីស្តេចនិងអាណាចក្រទាំងឡាយ។
ទោះបីជាយ៉ាងណា សមត្ថភាពព្រះជាម្ចាស់ក្នុងការបន្ទាបអស់អ្នកដែលមានភាពក្រអឺតក្រទមមិនមែនជាផ្ទៃរឿងចម្បងនៃការនិទានទេ (សូមមើល «ផ្ទៃរឿងត្រឹមត្រូវតាមអត្ថបទ» ខាងក្រោមនេះ)។ ប្រសិនបើយើងមានបំណងអធិប្បាយប្រឆាំងអំពើបាប ដែលជា «ភាពក្រអឺតរបស់មនុស្ស» យើងគួរតែយកអត្ថបទ ដែលនិយាយចំៗពីបញ្ហានោះតែម្តងទៅ គឺអត្ថបទដូចជា សុភាសិត ១៦:១៨ «សេចក្តីឆ្មើងឆ្មៃនាំមកសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ» ។ ក្នុងករណីនោះ យើងអាចប្រើភាពក្រអឺតក្រទមនិងធ្លាក់ចុះរបស់នេប៊ូក្នេសា ដើម្បីធ្វើជាឧទាហរណ៍សម្រាប់ផ្ទៃរឿងនៅក្នុង សុភាសិត ១៦:១៨ បាន។ ប៉ុន្តែបើអត្ថបទអធិប្បាយជា ដានីយ៉ែល ៤ យើងត្រូវផ្ដោតការអធិប្បាយលើផ្ទៃរឿងនិងគោលដៅ ដែលអ្នកនិពន្ធបានបម្រុងទុក។
សូមចំណាំថា ការអនុវត្តន៍នេះ (កុំមានអំនួត) មិនខុសនឹងព្រះគម្ពីរទេ ប៉ុន្តែការអនុវត្តនេះមិនទាន់ចាប់បានសារឬគោលបំណងរបស់អ្នកនិពន្ធឡើយ។ បើសិនជាយើងតែអនុវត្តបែបនេះ នោះយើងបរាជ័យក្នុងការគោរពចំពោះប្រភេទចំៗនៃការនិទានហើយ។ បើសិនយើងប្រាថ្នាចង់ចាប់បានសារ ដែលអ្នកនិពន្ធចង់ប្រកាសនោះ ដំបូងយើងត្រូវតែសួរសំណួរសំខាន់ក្នុងការបកស្រាយគម្ពីរសិនគឺ តើការនិទាននេះអ្នកនិពន្ធមានចេតនាយ៉ាងដូចម្តេចចំពោះអ្នកស្តាប់នាពេលនោះ ដើម្បីឲ្យគេបានយល់? តើអ្វីជាផ្ទៃរឿងនៃការនិទាននេះ? តើអ្វីជាគោលដៅរបស់អ្នកនិពន្ធ? មុននឹងយើងឆ្លើយសំនួរនេះ ទោះបីជាយ៉ាងណា ដំបូងយើងត្រូវសង្កេតអំពីអត្ថបទ បរិបទរបស់វា និងលក្ខណៈអក្សរសិល្ប៍សំខាន់ជាមុនសិន។
បរិបទ
សាច់រឿងបញ្ចប់អំពីស្តេចនេប៊ូក្នេសា គឺជាគូរជាមួយនឹងជំពូក ៥ ដែលជារឿងមួយទៀតអំពីព្រះវិនិច្ឆ័យស្តេចបាប៊ីឡូនម្នាក់។ តាមពិត អ្នកនិពន្ធនិទានសង្ខេបម្តងទៀតអំពីជំពូក ៤ ក្នុង ៥:១៨-២១។ រឿងក្នុងជំពូក ៤ នេះក៏ទាក់ទងនឹងការយល់សប្តិទីមួយ ដែលបាននិទាន (ជំពូក ២) ត្រង់កន្លែងដែលស្តេចនេប៊ូក្នេសាបានកើតក្តីកង្វល់ ដោយសារយល់សប្តិ ហើយអ្នកប្រាជ្ញទាំងប៉ុន្មានមិនអាចរៀបរាប់ ឬកាត់ស្រាយសប្តិនេះបាន ប៉ុន្តែដានីយ៉ែលបានទទួលជោគជ័យកាត់ស្រាយសប្តិនេះ។ ជំពូក ៤ គឺខុសគ្នានឹងជំពូក ២ ពីព្រោះក្នុងជំពូក ៤ ស្តេចបានសំដែងប្រាប់សប្តិរបស់គាត់ ប៉ុន្តែអ្នកប្រាជ្ញទាំងប៉ុន្មាននៅតែមិនអាចកាត់ស្រាយបានឡើយ ខណៈដែលដានីយ៉ែលអាចធ្វើបាន។ នេប៊ូក្នេសាសារភាពថា «រាជ្យទ្រង់ជារាជ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច» (សូមមើល ខ. ៣ និង ៣៤) ហើយការទទួលសារភាពស្រដៀងគ្នានឹងការសារភាពរបស់ស្តេចដារីយុស (៦:២៦–២៧) និងនិមិត្តពីនគរដែលនឹងមកដល់ (៧:១៤, ២៧ ប្រៀបធៀប ៖ ដានីយ៉ែល ២:៤៤ និង ទំនុកតម្កើង ១៤៥:១៣)។
រឿងនេះក៏មានការទាក់ទងច្រើនទៅនឹងអត្ថបទមុនកណ្ឌដានីយ៉ែលផងដែរ។ ដូចជាជំពូក ២ ជីវិតដានីយ៉ែលដូចជា ជីវិតយ៉ូសែប អ្នកដែលព្រះប្រើក្នុងប្រទេសសាសន៍ដទៃ ដើម្បីបកស្រាយសប្តិជូនស្តេចសាសន៍ដទៃ។ ផារ៉ោនបានពណ៌នាយ៉ូសែបថា «ជាម្នាក់ដែលមានព្រះវិញ្ញាណព្រះសណ្ឋិតនៅ» (លោកុប្បត្ដិ ៤១:៣៨)។ នៅក្នុងរឿងដានីយ៉ែល ស្តេចបានពណ៌នាគាត់ថា «វិញ្ញាណរបស់ព្រះដ៏វិសុទ្ធសណ្ឋិត» (៤:៨, ៩, ១៨ ប្រៀបធៀប ៖ ៥:១១, ១៤)។
ស្តេចនិមិត្តឃើញដើមឈើដ៏អស្ចារ្យមួយ មានកម្ពស់ដល់ស្ថានសួគ៌ សត្វទាំងឡាយស្វែងរកម្លប់ពីវា និងបក្សាបក្សីធ្វើសំបុកលើមែកវា។ ការបកស្រាយគឺ ដើមឈើដ៏អស្ចារ្យនោះតំណាងអោយនេប៊ូក្នេសា។ អេសេគាល ៣១:១-១៤ បង្ហាញការពណ៌នាស្រដៀងគ្នាពីផារ៉ោន ស្តេចអេស៊ីព្ទ ជាដើមឈើអស្ចារ្យមួយ មានបក្សាបក្សីជាច្រើនធ្វើសំបុកលើមែកវា និងសត្វជាច្រើនបង្កើតកូនចៅក្រោមមែករបស់វា។ ទាំងពីរករណីនេះ ដើមឈើមានអំនួតត្រូវធ្លាក់ក្នុងការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ និងត្រូវកាត់ចេញ (អេសេគាល ១៧:១-១០)។
យើងបានឃើញផ្ទៃរឿងអំពីការវិនិច្ឆ័យពីព្រះអង្គចំពោះអំនួតតាំងពីការដែលព្រះជំរុញឲ្យមនុស្សដំបូងចេញពីសួនអេដែន ដើម្បីឲ្យបានក្លាយជា «ដូចអង្គទ្រង់» (លោកុប្បត្ដិ ៣:៥-៦) និងព្រះជាម្ចាស់ឲ្យមានអ្នកសាងសង់ប៉មបាបិល ជាអ្នកដែលប្រាថ្នាសង់ «ប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ» ដើម្បីបាន «កេរ្តិ៍ឈ្មោះ»សម្រាប់ពួកគេ (លោកុប្បត្ដិ ១១:៤)។ មានផ្ទៃរឿងចំៗពីការព្រះវិនិច្ឆ័យស្តេចអំនួត ជាអ្នកដែលគិតថា ពួកគេជាព្រះ គឺយើងអាចមើលឃើញក្នុង អេសាយ១០:៥-១២; ១៤:១២-១៥ និង អេសេគាល ២៨:១-១០ បាន។
ប្រយោគផ្ទួនគ្នាដែលថា «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ» (៤:១៧, ២៥, ៣២) គឺស្រដៀងគ្នាជាមួយព្រះបន្ទូលព្រះជាម្ចាស់ក្នុង យេរេមា (២៧:៥-៦) «អញនឹងប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ ឥឡូវនេះ អញបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន»។ «ហើយតាំងមនុស្សសណ្ឋានថោកទាបបំផុតឡើង» (៤:១៧) សំដៅទលើការដែលព្រះលើកអ្នកទាបបំផុត ដែលជាផ្ទៃរឿងសាមញ្ញមួយក្នុងសញ្ញាចាស់ ដូចជាក្នុងសញ្ញាថ្មីដែរ (បទចំរៀងនាង ហាណា ក្នុង ១សាំយូអែល ២:៧-៨; យ៉ូប ៥:១១; ទំនុកតម្កើង ១១៣:៧-៨; អេសេគាល១៧:២៤; បទចំរៀងនាងម៉ារាក្នុងលូកា ១:៥២; ១កូរិនថូស ១:២៦-២៩; ភីលីព ២:៦-១១។ ចុងក្រោយដានីយ៉ែលផ្តល់ដំបូន្មានឲ្យស្តេចហាត់រៀនធ្វើ «សេចក្តីយុត្តិធម៌» និងបង្ហាញ «មេត្តាដល់មនុស្សត្រូវគេសង្កត់សង្កិន» គឺស្រដៀងគ្នានឹងបញ្ញត្តព្រះតាមហោរ៉ាទ្រង់ ឧទាហរណ៍ «ស្វែងរកសេចក្តីយុត្តិធម៌ ការពារមនុស្សត្រូវគេសង្កត់សង្កិន» (អេសាយ ១:១៧)។
ព្រះជាម្ចាស់
ក្នុងរឿងនេះ ព្រះជាម្ចាស់ ដានីយ៉ែល និងនេប៊ូក្នេសា ជាតួអង្គចម្បង។ ព្រះជាម្ចាស់គឺជា «ព្រះដ៏ខ្ពស់បំផុត» (ខ.២ ប្រៀបធៀប ៖ ៣:២៦) «ដ៏ខ្ពស់បំផុត» (ខ.១៧, ២៤, ២៥, ៣២, ៣៤) ហើយ «ស្តេចនៃស្ថានសួគ៌» (ខ.៣៧)។ នគរព្រះគឺ «ជារាជ្យនៅអស់កល្ប» និងជាមហាក្សត្រ «នៅគ្រប់ទាំងតំណមនុស្សតទៅ» (ខ.៣, ៣៤)។ ព្រះជាម្ចាស់អត់ធ្មត់ចំពោះស្តេច ដោយព្រមានស្តេចតាមការយល់សប្តិ និងឲ្យពេលវេលាស្តេចដើម្បីប្រែចិត្ត ហើយទ្រង់មានអធិបតេយ្យភាពលើទាំងអស់ ដែលបានបង្ហាញដោយការបន្ទាបអនុភាពស្តេចបាប៊ីឡូនចុះ និងក្រោយមកលើកស្តេចឡើងឲ្យសោយរាជ្យវិញ។
ពាក្យផ្ទួន
អ្នកនិពន្ធប្រើពាក្យផ្ទួន ដើម្បីបង្ហាញពីសេចក្ដីពិតដ៏សំខាន់។ អ្នកនិពន្ធបានសរសេរបីដងថា «វិញ្ញាណរបស់ព្រះដ៏វិសុទ្ធសណ្ឋិតលើដានីយ៉ែល»។ «ខ្ពស់បំផុត» បានជួបក្នុងជំពូកនេះច្រើនជាងជំពូកដទៃទៀត (ខ ២, ១៧, ២៤, ២៥, ៣២, ៣៤)។ «ផែនដី» ផ្ទួនគ្នា១០ដង ដែលបួនដងបង្ហាញពីអំណាចនេប៊ូក្នេសាលើផែនដី (ខ.១០, ១១, ២០, ២២) និងពាក្យថា «ស្ថានសួគ៌» បានផ្ទួនគ្នាដប់ប្រាំមួយដង ដែលសំដែងពីកម្មសិទ្ធិនិងអំណាចរបស់ព្រះជាម្ចាស់។ ទាក់ទងនឹងអំណាចផែនដី និងអំណាចស្ថានសួគ៌ អំណាចនេប៊ូក្នេសាប្រឆាំងអំណាចព្រះជាម្ចាស់ ពិតជាផ្ទៃរឿងគន្លឹះក្នុងជំពូកនេះ។ ជំពូកនេះជាកន្លែងតែមួយដែលមានឃ្លា «ស្តេចនៃស្ថានសួគ៌» ក្នុងសញ្ញាចាស់។ អ្នកនិពន្ធប្រើពាក្យ «ស្តេច» និង «នគរ» ជាញឹកញាប់ហើយនេះបង្ហាញថា ផ្ទៃរឿងដ៏សំខាន់ក្នុងជំពូកនេះ គឺភាពជាស្តេចរបស់នេប៊ូក្នេសា និងភាពជាស្តេចរបស់ព្រះជាម្ចាស់ (ប្រៀបធៀប ៤:១៧, ១៨, ២២, ២៤, ២៥, ២៦, ៣០, ៣១, ៣២, ៣៤, ៣៦, ៣៧)។ ចំណុចសំខាន់ពិសេសនៅក្នុងរឿងនេះ គឺជាពាក្យផ្ទួន «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យ របស់មនុស្ស ទ្រង់ផ្តល់ដល់អ្នកណាតាមតែព្រះទ័យ» (ខ.១៧, ២៥, ៣២)។
ផ្ទៃរឿងអត្ថបទ និងគោលដៅ
អ្វីដែលយើងបានកត់ត្រាខាងលើនឹងជួយយើងស្វែងរកផ្ទៃរឿងអត្ថបទ និងគោលដៅ។ ការសរសើរដល់ព្រះជាម្ចាស់របស់នេប៊ូក្នេសាពីរដង ទាំងលើកដំបូង (៤:២-៣) និងពាក្យផ្ទួននៃអធិបតេយ្យ (៤:៣៤–៣៧) និងភាពជាស្តេច លេចឡើងក្នុងជំពូក (ខ.៣, ១៧, ១៨, ២២, ២៥, ២៦, ៣១, ៣២, ៣៤, ៣៦) បង្ហាញប្រធានបទដ៏សំខាន់ក្នុងជំពូកនេះគឺ អធិបតេយ្យព្រះជាម្ចាស់ប្រឆាំងលើស្តេចជាមនុស្ស។ ដូច្នេះ យើងអាចនិយាយផ្ទៃរឿងបានគឺ «ព្រះដ៏ខ្ពស់បំផុតមានអធិបតេយ្យលើនគរទាំងអស់ក្នុងផែនដី»។ ទោះបីជាយ៉ាងណាផ្ទៃរឿងនេះគឺទូទៅពេកសម្រាប់អត្ថបទនេះ ពីព្រោះបទគម្ពីរច្រើនផ្សេងៗទៀតអាចយកមកប្រកាសផ្ទៃរឿងនេះបាន។ យើងត្រូវការផ្ទៃរឿងចំៗជាងនេះទៀតចេញពីជំពូកនេះ។ មកពីឃ្លា ប្រយោជន៍ឲ្យ មនុស្សនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ទ្រង់ផ្តល់ដល់អ្នកណាតាមតែព្រះទ័យ (ខ. ១៧, ២៥, ៣២) យើងអាចនិយាយផ្ទៃរឿងបានគឺ ព្រះដ៏ខ្ពស់បំផុតជាមហាក្សត្រលើនគរទាំងអស់នៅផែនដីនិងប្រទានដល់អ្នកណាដែលទ្រង់សព្វព្រះទ័យ។
តើអ្វីជាសារនៃជំពូកនេះសម្រាប់អ៊ីស្រាអែល?
អ៊ីស្រាអែលបានរងទុក្ខក្នុងការនិរទេសនៅបាប៊ីឡូន។ យោងតាមបទពិសោធន៍របស់ពួកគេ មើលទៅហាក់ដូចជាព្រះរបស់បាប៊ីឡូនបានយកឈ្នះលើព្រះអ៊ីស្រាអែល។ ទោះបីជាយ៉ាងណា ជំពូកនេះប្រាប់អ្នកនិរទេសថា ព្រះរបស់គេអាចធ្វើឲ្យអនុភាពរបស់ស្តេចបាប៊ីឡូនធ្លាក់ចុះ រហូតដល់ស្តេចនោះបានទាំងសារភាពថា ព្រះជាម្ចាស់របស់គេខ្ពស់បំផុត ហើយប្រទាននគរដល់អ្នកណា ដែលទ្រង់សព្វព្រះទ័យ។ ដូច្នេះ លើសពីការបង្រៀន អ្នកនិពន្ធមានគោលបំណង ធានាអះអាងពួកអ៊ីស្រាអែលដែលរងទុក្ខ ហើយមានការវល់គំនិតថា ផ្ទុយពីស្ថានភាពដែលគេមើលឃើញដោយភ្នែក ព្រះរបស់ពួកគេជាមហាក្សត្រលើនគរក្នុងផែនដីទាំងអស់ ហើយប្រទានដល់អ្នកដែលទ្រង់នឹងប្រទានឲ្យ។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
ក្នុងជំពូកនេះ មិនមានសេចក្តីសន្យាពីការយាងមកនៃព្រះមែស៊ីទេ ប៉ុន្តែនៅតែមានវិធីផ្សេងក្នុងការអធិប្បាយពីព្រះគ្រីស្ទ។
ដានីយ៉ែល ៤ ប្រកាសថា ព្រះដ៏ខ្ពស់បំផុត ជាមហាក្សត្រលើនគរទាំងអស់លើផែនដី ហើយប្រទាននគរទាំងនោះដល់អ្នកដែលសព្វព្រះទ័យ។ ការនេះជាប់ទំនាក់ទំនងជាមួយដានីយ៉ែល ៧ ដែលថា ទ្រង់ប្រទាននគរដល់បុត្រមនុស្ស ដែលប្រាកដជាព្រះយេស៊ូវគ្រីស្ទ។ ក្នុងអំឡុងពេលចក្រភពរ៉ូម ព្រះដ៏ជាមហាក្សត្របានបញ្ជូនបុត្រាមកផែនដី ដើម្បីប្រយុទ្ធនឹងអំណាចអ្នកគ្រប់គ្រងធំជាងគេលើផែនដី គឺសាតាំង។ ព្រះយេស៊ូវបានហៅសាតាំងថា «អ្នកគ្រប់គ្រងផែនដី» (យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១)។ ភ្លាមៗ ព្រះយេស៊ូវបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ សាតាំងបានវាយប្រហារទ្រង់ អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំដ៏ខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកិយ និងសិរីល្អរបស់នគរទាំងនោះថ្វាយទ្រង់ទត។ រួចទូលថា «បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក» នោះព្រះយេស៊ូវមានបន្ទូលតបថា «នែ!សាតាំងចូរឯងថយចេញពីអញទៅ ត្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយអង្គប៉ុណ្ណោះ» (ម៉ាថាយ៤:៨-១០)។ ព្រះយេស៊ូវបានតស៊ូនឹងការដែលអារក្សល្បួង ហើយបានឈ្នះការប្រឆាំងដ៏សាហាវនេះ។ ពួកសាវកទ្រង់បានរាយការណ៍ថា «ព្រះអម្ចាស់អើយទោះទាំងពួកអារក្សក៏ចុះចូលចំពោះព្រះនាមទ្រង់ដែរ» ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ» (លូកា ១០:១៧-១៨)។
ប៉ុន្តែនៅពេលព្រះយេស៊ូវបានសុគតសាតាំងគិតថា វាបានឈ្នះការប្រយុទ្ធ។ ជ័យជំនះវាបានធ្វើឲ្យវាចាញ់ ពីព្រោះព្រះយេស៊ូវទទួលជ័យជំនះពេលទ្រង់រស់ពីស្លាប់ ដែលតាមរយៈការនេះទ្រង់មានជ័យជំនះលើអំពើបាប និងសេចក្តីស្លាប់។ ក្រោយពីទ្រង់បានរស់ពីសុគតឡើងវិញ ព្រះយេស៊ូវប្រកាសថា «គ្រប់ទាំងអំណាច នៅលើស្ថានសួគ៌ និងផែនដីបានប្រគល់មកខ្ញុំ» (ម៉ាថាយ២៨:១៨)។ ចាប់ពីពេលនោះមក អំណាចសាតាំងត្រូវបានកំរិតយ៉ាងតឹងរឹង។ កណ្ឌវិវរណៈពណ៌នាពីសាតាំងជានាគយ៉ាងសាហាវ ដែលជាប់ច្រវាក់លោតចុះឡើង (វិវរណៈ ២០:១-២) ហើយក៏បានទាយថាពេលសម័យនេះបញ្ចប់ទៅ សាតាំងនឹងត្រូវដោះលែង និងស្វែងរកបំផ្លាញក្រុមជំនុំលើលោកិយ (វិវរណៈ ២០:៧-៩)។កណ្ឌ វិវរណៈ ពណ៌នាពីសង្គ្រាម សាតាំង និងទ័ពរបស់វា «ច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្តេចលើអស់ទាំងស្តេច» (វិវរណៈ ១៧:១៤)។ កូនចៀម ដែលជាព្រះយេស៊ូវ នឹងមានជ័យជំនះពេញលេញលើសាតាំង។ ទេវតាបានប្រាប់ថា «ក្រុងបាប៊ីឡូនដ៏ធំបានរលំហើយ បានរលំហើយ!» (វិវរណៈ ១៤:៨)។ ដូចនេះ «នគរលោកិយបានក្លាយជានគរព្រះអម្ចាស់យើង និងព្រះមែស៊ី ទ្រង់នឹងសោយរាជ្យអស់កល្បរៀងទៅ» (វិវរណៈ ១១:១៥; មើលផងដែរ ១កូរិនថូស ១៥:២៣-២៤)។ ទីបញ្ចប់ព្រះដ៏ខ្ពស់បំផុតឲ្យនគរមកបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។
ដានីយ៉ែល ៤ មិនគ្រាន់តែជារឿងមួយ ដែលបង្ហាញពីគោលការណ៍ថា ព្រះជាម្ចាស់គ្រប់គ្រង និងអាចប្រទាននគរទៅអ្នកដែលទ្រង់ចង់ប្រទាននោះទេ លើសពីនេះទៅទៀត ជំពូកនេះជាភស្តុតាងក្នុងប្រវត្តិសាស្ត្រដែលបង្ហាញថា គោលការណ៍នេះពិតជាត្រឹមត្រូវ។ ដូច្នេះ ដានីយ៉ែល ៤ មិនគ្រាន់តែជាឧទាហរណ៍ និងការបង្រៀនប៉ុណ្ណោះទេ តែវាក៏បានជំរុញជំនឿថា ព្រះជាម្ចាស់នឹងធ្វើអ្វីដែលទ្រង់បានសន្យាតាមរយៈព្រះយេស៊ូវគ្រីស្ទក្នុងកណ្ឌវិវរណៈ ពីព្រោះទ្រង់មានអំណាចធ្វើអ្វីដែលទ្រង់បានសន្យាក្នុងអតីតកាល និងមានអំណាចធ្វើការនេះ) នៅអនាគតកាល។ ការនេះបានជំរុញ និងកំសាន្តចិត្តរបស់យើង ដូចជាព្រះយេស៊ូវបានសន្យាថា «កុំឲ្យភ័យខ្លាចហ្វូងតូចអើយ ព្រោះព្រះវបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត» (លូកា ១២:៣២, ប្រៀបធៀប ៖ ម៉ាថាយ ២៥:៣៤)។
គំនិតសំខាន់ក្នុងដានីយ៉ែល ៤:១៧ បានបង្រៀនថា «មហាក្សត្រដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះទ័យ» គឺជាគោលការណ៍ដូចគ្នា នៅ ពេលដែលព្រះយេស៊ូវពោលទៅលោក ពីឡាត ថា «បើមិនបានប្រទានពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ (យ៉ូហាន ១៩:១១)។
ផ្ទៃរឿងបន្ទាប់ទៀតគឺ ព្រះជាម្ចាស់នឹងបន្ទាបអ្នកមានអំនួត (ដូចជាទ្រង់បន្ទាបនេប៊ូក្នេសា) ហើយលើកអ្នកបន្ទាបខ្លួនឡើង (៤:១៧) ដែលយើងអាចឃើញក្នុងបទចំរៀងនាងហាណា (១សាំយូអែល ២:៧-៨) ដល់បទចំរៀងនាងម៉ារា (លូកា១:៥២) ក្នុង ១កូរិនថូស ១:២៦-២៩ និង ភីលីព ២:៦-១១។ ប៉ុន្តែយើងត្រូវតែចងចាំថា ផ្ទៃរឿងបន្ទាប់នេះ ជាការអនុវត្តន៍ដែលមកពីផ្ទៃរឿងចម្បង «ព្រះដ៏ខ្ពស់បំផុត ជាមហាក្សត្រលើនគរផែនដីទាំងអស់ ក៏ប្រគល់ដល់អ្នកណាតាមព្រះទ័យ»។ បើសិនជាយើង ប្តូររឿងនេះទៅ គ្រាន់តែជា និទានពីសីលធម៌ដើម្បីព្រមានកុំឲ្យមានអំនួត ហើយបាត់បង់ផ្ទៃរឿងចម្បង ដែលថា ព្រះជាមហាក្សត្រលើនគរទាំងអស់ ក៏ប្រគល់ដល់អ្នកណាតាមព្រះទ័យ នោះយើងមិនគ្រាន់តែបាត់បង់ផ្ទៃរឿងចម្បងទេ យើងក៏បានបាត់បង់ មូលដ្ឋានពីរបៀបដែលព្រះបន្ទាបមនុស្សដែលអំនួតចុះ។ បើសិនជាអ្នកស្តាប់ ការអធិប្បាយ គ្រាន់តែរៀនការអនុវត្តថា កុំមានអំនួតឡើយ ប៉ុន្តែមិនរៀននិងជឿជាក់ថា ព្រះគឺជាមហាក្សត្រលើទាំងអស់ រួមទាំងអ្នកគ្រប់គ្រងផងទេ នោះយើងបរាជ័យហើយ។
ផ្ទៃរឿងព្រះប្រទាននគរដល់អ្នកណាតាមព្រះទ័យទ្រង់អាចផ្ដោតលើ «តាំងសណ្ឋានមនុស្សថោកទាបបំផុតឡើង» (៤:១៧)។ ព្រះជាម្ចាស់បានតាំងរាជ្យទ្រង់ឲ្យស្តេចដាវីឌ ដោយ (មិនមែនបងប្រុសរបស់គាត់) ទ្រង់ជ្រើសជ្រើសរើសសាឡូម៉ូនជាប្អូន លើអ័ដូនីយ៉ា។ អេសាយបានទាយពីការជ្រើសរើសអ្នកបំរើ «ទ្រង់ត្រូវបានគេស្អប់ និងបដិសេធដោយអ្នកដទៃ» (៥៣:៣) ប៉ុន្តែព្រះជាម្ចាស់ញែកទ្រង់អោយ «មានចំណែកមួយជាមួយពួកអ្នកធំ” (៥៣:១២)។ ដោយហេតុនេះ យើងអាចធ្វើឲ្យផ្ទៃរឿងនេះទាក់ទងនឹងព្រះយេស៊ូវ ដែលទ្រង់បានប្រសូតមកក្រីក្រ គេស្អប់ គេឆ្កាង ប៉ុន្តែក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវមានព្រះបន្ទូលថា «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងផែនដី» (ម៉ាថាយ ២៨:១៨; មើលផងដែរ ភីលីព ២:៥-១១)
ផ្ទៃរឿងការអធិប្បាយ គោលដៅ និងតម្រូវការរបស់អ្នកស្តាប់ដែលសេចក្តីអធិប្បាយត្រូវដោះស្រាយ
ផ្ទៃរឿងការអធិប្បាយ និងគោលដៅគួរតែផ្អែកលើផ្ទៃរឿងនិងគោលដៅរបស់អត្ថបទ។ តាមកិច្ចការរបស់យើងខាងលើ យើងអាចឃើញថា ផ្ទៃរឿងរបស់យើងអាចជា ព្រះដ៏ខ្ពស់បំផុត ជាមហាក្សត្រលើនគរលើផែនដីទាំងអស់ ក៏ប្រទាននគរដល់អ្នកដែលទ្រង់ចង់ប្រទានឲ្យ ហើយទ្រង់ប្រទាននគរអោយព្រះយេស៊ូវ ។ គោលដៅអធិប្បាយរបស់យើងអាចជា ដើម្បីធានារាស្រ្តរបស់ព្រះជាម្ចាស់ដែលរងទុក្ខ ព្រះរបស់យើងគឺជាមហាក្សត្រលើនគរលើផែនដីទាំងអស់ ក៏នឹងប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ។
ចំណុចគោលដៅនេះ ត្រូវការយកទៅដាក់ក្នុងការអធិប្បាយ ពីព្រោះគ្រីស្ទបរិស័ទហាក់ដូចជាខ្សោយ និងគ្មានអំណាច ដោយការបៀតបៀនក្នុងពិភពលោក។ រាស្រ្តព្រះជាម្ចាស់ចាប់ផ្តើមមានឆ្ងល់ថា ព្រះជាម្ចាស់ជាមហាក្សត្រលើនគរទាំងអស់ក្នុងផែនដីឬយ៉ាងណា។ ការអធិប្បាយគួរតែបង្ហាញថា អ៊ីស្រាអែល មានសំនួរស្រដៀងគ្នា និងមានការសង្ស័យពេលគេនៅក្នុងការនិរទេស ប៉ុន្តែរឿងនេះបង្ហាញថា ព្រះជាម្ចាស់ជាអ្នកត្រួតត្រា។
Leave a Reply