ដានីយ៉ែល​​ ៤ ស្តេចនេប៊ូក្នេសា និមិត្តឃើញដើមឈើដ៏អស្ចារ្យ​ Daniel 4

ស្តេចនេប៊ូក្នេសានិមិត្តឃើញដើមឈើដ៏អស្ចារ្យ

Nebuchadnezzar’s Dream of a Great Tree

ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ដានីយ៉ែល

អ្នកនិពន្ធរុហ្វ លេភិឡារ

ដានីយ៉ែល​ ៤​  ប្រាប់​យើង​ពី​រៀប​ដែល​ព្រះជាម្ចាស់​បាន​បន្ទាប​ស្តេច​មាន​អំនួត​ចុះ​ ​(៤:២២) និង​ លើក​ស្តេច​ ​ឡើង នៅ​​ពេល​គាត់​ទទួល​ស្គាល់​ថា​ ព្រះ​របស់​អ៊ីស្រាអែល ​«ខ្ពស់​បំផុត​» និង​ជា​ «ស្តេច​ស្ថាន​សួគ៌​» (៤:៣៤, ៣៧)។​ នេះ​គឺ​ជា​សារ​មួយ​សម្រាប់​អ្នក​គ្រប់គ្រង​ទាំង​ឡាយ​ និង​សម្រាប់​អស់​អ្នក​ដែល​មាន​ការ​ភ័យខ្លាច​ ឬ​ការ​គំរាម​កំហែង​ ដោយ​សារ​មក​ពី​ស្តេច​និង​អាណាចក្រ​ទាំង​ឡាយ។

ទោះ​បី​ជា​យ៉ាង​ណា​  សមត្ថភាព​ព្រះជាម្ចាស់​ក្នុង​ការ​បន្ទាប​អស់​អ្នក​ដែល​មាន​ភាព​ក្រអឺតក្រទម​​មិនមែន​ជា​ផ្ទៃរឿង​ចម្បង​នៃ​ការ​និទាន​ទេ​ (​សូម​មើល ​«ផ្ទៃ​រឿង​ត្រឹមត្រូវ​តាម​អត្ថបទ​» ខាង​ក្រោម​នេះ​​)។ ប្រសិន​បើ​យើង​មាន​បំណង​អធិប្បាយ​ប្រឆាំង​អំពើ​បាប ដែល​​ជា​ «ភាព​ក្រអឺត​របស់​មនុស្ស»​ យើង​គួរ​តែ​យក​អត្ថបទ​ ដែល​និយាយ​​​ចំៗ​ពីបញ្ហា​នោះ​តែ​ម្តងទៅ​​​  ​គឺ​អត្ថបទ​ដូចជា ​សុភាសិត ​១៦:១៨ «សេចក្តី​ឆ្មើងឆ្មៃ​នាំ​មក​សេចក្តី​ហិន​វិនាស​ ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ​» ។ ក្នុង​ករណី​នោះ​ យើង​អាច​ប្រើ​ភាព​ក្រអឺតក្រទម​​​និង​ធ្លាក់​ចុះ​​របស់​នេប៊ូក្នេសា​ ដើម្បី​​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ផ្ទៃ​រឿង​​នៅ​ក្នុង ​សុភាសិត​ ១៦:១៨ បាន​។ ប៉ុន្តែ​បើ​អត្ថបទ​អធិប្បាយ​ជា​ ដានីយ៉ែល​ ៤​  យើង​ត្រូវ​ផ្ដោត​ការ​អធិប្បាយ​លើ​ផ្ទៃរឿង​​និង​គោលដៅ ​ដែល​អ្នក​និពន្ធ​បាន​បម្រុង​ទុក។

សូម​ចំណាំ​ថា​ ការ​អនុវត្តន៍​នេះ ​(កុំ​មាន​អំនួត​) មិន​ខុស​នឹង​ព្រះ​គម្ពីរ​​ទេ​ ប៉ុន្តែ​ការ​អនុវត្ត​នេះ​មិន​ទាន់​​ចាប់​បាន​​សារ​ឬ​គោល​បំណង​របស់​អ្នក​និពន្ធ​ឡើយ​។ បើ​សិន​ជា​យើង​តែ​អនុវត្ត​បែប​នេះ នោះ​យើង​​​បរាជ័យ​ក្នុង​ការ​គោរព​​ចំពោះ​ប្រភេទ​​ចំៗ​​នៃ​ការ​និទាន​ហើយ​។ បើ​សិន​យើង​ប្រាថ្នា​ចង់​ចាប់​បាន​​សារ ​ដែល​អ្នក​និពន្ធ​ចង់​ប្រកាសនោះ​​  ដំបូង​យើង​ត្រូវ​តែ​សួរ​​សំណួរ​​សំខាន់​ក្នុង​ការ​បក​ស្រាយ​គម្ពីរសិន​​គឺ តើ​ការ​និទាន​នេះ​អ្នក​និពន្ធ​មាន​ចេតនា​យ៉ាង​ដូចម្តេច​ចំពោះ​អ្នក​ស្តាប់​នា​​ពេល​នោះ​ ដើម្បី​ឲ្យ​គេ​បាន​យល់​? តើ​អ្វី​ជា​ផ្ទៃរឿង​នៃ​​ការ​និទាន​នេះ​? តើ​អ្វី​ជា​គោលដៅ​របស់​អ្នក​និពន្ធ​?  មុន​នឹង​យើង​ឆ្លើយ​សំនួរ​នេះ​  ទោះ​បី​ជា​យ៉ាង​ណា​ ដំបូង​យើង​ត្រូវ​សង្កេត​អំពី​អត្ថបទ​  បរិបទ​របស់​​វា​ និង​លក្ខណៈ​អក្សរសិល្ប៍​សំខាន់​ជា​មុនសិន​។​

បរិបទ

សាច់​រឿង​បញ្ចប់​អំពី​ស្តេច​នេប៊ូក្នេសា​ គឺ​ជា​គូរ​ជា​មួយ​នឹង​ជំពូក​ ៥ ដែល​ជា​រឿង​មួយ​ទៀត​អំពី​ព្រះ​វិនិច្ឆ័យ​ស្តេច​បាប៊ីឡូន​ម្នាក់។ តាម​ពិត​ អ្នក​និពន្ធ​និទាន​សង្ខេប​ម្តង​ទៀត​អំពី​ជំពូក​ ៤​ ក្នុង ​៥:១៨-២១។ រឿង​ក្នុង​ជំពូក​ ៤​ នេះ​ក៏​ទាក់ទង​នឹង​ការ​យល់​សប្តិ​ទី​មួយ ​ដែល​បាន​និទាន​ (ជំពូក​ ២)​ ត្រង់​កន្លែង​ដែល​ស្តេច​នេប៊ូក្នេសា​បាន​កើត​ក្តី​កង្វល់ ​ដោយ​សារ​យល់​សប្តិ​ ហើយ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​មិន​អាច​រៀបរាប់​ ឬ​កាត់​ស្រាយ​សប្តិ​នេះ​បាន​​  ប៉ុន្តែ​ដានីយ៉ែល​បាន​ទទួល​ជោគជ័យ​កាត់​ស្រាយ​សប្តិ​​នេះ​។ ជំពូក​ ៤​ គឺ​ខុស​គ្នា​នឹង​ជំពូក​ ២ ពីព្រោះ​ក្នុង​ជំពូក​ ៤ ស្តេច​បាន​សំដែង​ប្រាប់​សប្តិ​របស់​គាត់​ ប៉ុន្តែ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​តែ​មិន​អាច​កាត់​ស្រាយ​បាន​​ឡើយ           ខណៈ​ដែល​​ដានីយ៉ែល​អាច​ធ្វើ​បាន។ នេប៊ូក្នេសា​សារ​ភាព​ថា​ «រាជ្យ​ទ្រង់​ជា​រាជ្យ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​និច្ច​» (​សូម​មើល​ ខ. ​៣​ និង​ ៣៤​) ហើយ​ការ​ទទួល​សារភាព​ស្រដៀង​គ្នា​នឹង​ការ​សារភាព​របស់​ស្តេច​ដារីយុស​ (៦:២៦–២៧) និង​និមិត្ត​ពី​នគរ​ដែល​នឹង​មក​ដល់​ (៧:១៤, ២៧ ប្រៀបធៀប​ ៖ ដានីយ៉ែល​ ២:៤៤ និង ​ទំនុក​តម្កើង​ ១៤៥​:១៣)។

រឿង​នេះ​ក៏​មាន​ការ​ទាក់ទង​ច្រើន​ទៅ​នឹង​​អត្ថបទ​មុន​កណ្ឌ​ដានីយ៉ែល​ផង​ដែរ​។ ដូចជា​ជំពូក​ ២ ជីវិត​ដានីយ៉ែល​ដូចជា​ ជីវិត​យ៉ូសែប​ អ្នក​ដែល​ព្រះ​ប្រើ​ក្នុង​ប្រទេស​សាសន៍​ដទៃ​  ដើម្បី​បកស្រាយ​សប្តិ​​ជូន​​ស្តេច​សាសន៍​ដទៃ។ ផារ៉ោន​បាន​ពណ៌នា​យ៉ូសែប​ថា​ «ជា​ម្នាក់​ដែល​មាន​ព្រះវិញ្ញាណ​ព្រះ​សណ្ឋិត​នៅ​» (លោកុប្បត្ដិ​ ៤១:៣៨)។ នៅ​ក្នុង​រឿង​ដានីយ៉ែល​ ​ស្តេច​បាន​​ពណ៌នា​គាត់​ថា ​«វិញ្ញាណ​របស់​ព្រះ​ដ៏​វិសុទ្ធ​សណ្ឋិត​» (៤:៨, ៩, ១៨ ប្រៀបធៀប​ ៖ ៥:១១, ១៤)។

ស្តេច​និមិត្ត​ឃើញ​ដើម​ឈើ​ដ៏​អស្ចារ្យ​មួយ​ មាន​កម្ពស់​ដល់​ស្ថានសួគ៌​ សត្វ​ទាំង​ឡាយ​ស្វែង​រក​ម្លប់​ពី​វា​ និង​បក្សា​បក្សី​ធ្វើ​សំបុក​លើ​មែក​វា។ ការ​បកស្រាយ​គឺ​ ដើម​ឈើ​ដ៏​អស្ចារ្យ​នោះ​តំណាង​អោយ​​នេប៊ូក្នេសា។ អេសេគាល​ ៣១:១-១៤ បង្ហាញ​ការ​ពណ៌នា​ស្រដៀង​គ្នា​ពី​ផារ៉ោន​ ស្តេច​អេស៊ីព្ទ​ ជា​ដើម​ឈើ​អស្ចារ្យ​មួយ​ មាន​បក្សាបក្សី​ជា​ច្រើន​ធ្វើ​សំបុក​លើ​មែក​វា​ និង​សត្វ​ជា​ច្រើន​បង្កើត​កូន​ចៅ​ក្រោម​មែក​របស់​វា។ ទាំង​ពីរ​ករណី​នេះ​​ ដើម​ឈើ​មាន​អំនួត​ត្រូវ​ធ្លាក់​ក្នុង​ការ​វិនិច្ឆ័យ​របស់​ព្រះជាម្ចាស់​ និង​ត្រូវ​កាត់​ចេញ​ (អេសេគាល​ ១៧:១-១០)។

យើង​បាន​ឃើញ​ផ្ទៃរឿង​អំពី​ការ​វិនិច្ឆ័យ​ពី​ព្រះអង្គ​ចំពោះ​អំនួត​តាំងពី​ការ​ដែល​ព្រះ​ជំរុញ​ឲ្យ​មនុស្ស​ដំបូង​ចេញ​ពី​សួន​អេដែន​ ដើម្បី​ឲ្យ​បាន​ក្លាយ​ជា «ដូច​អង្គ​ទ្រង់​»  (លោកុប្បត្ដិ​ ៣:៥-៦) និង​ព្រះជាម្ចាស់​ឲ្យ​មាន​អ្នក​សាងសង់​ប៉ម​បាបិល​ ជា​អ្នក​ដែល​ប្រាថ្នា​សង់​ «ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃមេឃ​»  ដើម្បី​បាន​ «កេរ្តិ៍​ឈ្មោះ​»សម្រាប់​ពួក​គេ ​(លោកុប្បត្ដិ​ ១១:៤)។ មាន​ផ្ទៃរឿង​ចំៗ​​ពី​ការ​ព្រះ​វិនិច្ឆ័យ​ស្តេច​អំនួត​​ ជា​អ្នក​ដែល​គិត​ថា ​ពួកគេ​ជា​ព្រះ​ គឺ​​យើង​អាច​​មើល​​ឃើញ​ក្នុង​ អេសាយ​១០:៥-១២; ១៤:១២-១៥ និង​ អេសេគាល ​២៨:១-១០ បាន​។

ប្រយោគ​ផ្ទួន​គ្នា​ដែល​ថា​ «ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់គ្រង​លើ​រាជ្យ​របស់​មនុស្ស​ ក៏​ប្រគល់​ដល់​អ្នកណា​តាម​ព្រះហឫទ័យ​» (៤:១៧, ២៥, ៣២) គឺ​ស្រដៀងគ្នា​ជាមួយ​ព្រះបន្ទូល​ព្រះជាម្ចាស់​ក្នុង​ យេរេមា​ (២៧:៥-៦) «​អញ​នឹង​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ​ ឥឡូវ​នេះ​ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា​ ស្តេច​បាប៊ីឡូន​»។ «ហើយ​តាំង​មនុស្ស​សណ្ឋាន​ថោកទាប​បំផុត​ឡើង​»​ (៤:១៧) សំដៅ​ទលើ​ការ​ដែល​ព្រះ​លើក​អ្នក​ទាប​បំផុត​  ដែល​ជា​ផ្ទៃរឿង​សាមញ្ញ​មួយ​ក្នុង​សញ្ញាចាស់​ ដូចជា​ក្នុង​សញ្ញា​ថ្មី​ដែរ​ (បទ​ចំរៀង​នាង​ ហាណា ​ក្នុង​ ១​សាំយូអែល​ ២:៧-៨; យ៉ូប​ ៥:១១​; ទំនុក​តម្កើង​ ១១៣:៧-៨; អេសេគាល​១៧:២៤​; បទ​ចំរៀង​នាង​ម៉ារា​ក្នុង​លូកា​ ១:៥២; ១កូរិនថូស​ ១:២៦-២៩​; ភីលីព​ ២:៦-១១។ ចុង​ក្រោយ​ដានីយ៉ែល​ផ្តល់​ដំបូន្មាន​ឲ្យ​ស្តេច​ហាត់​រៀន​ធ្វើ​ «សេចក្តី​យុត្តិធម៌​» និង​បង្ហាញ​ «មេត្តា​ដល់​​មនុស្ស​ត្រូវ​គេ​​សង្កត់​សង្កិន​» គឺ​ស្រដៀងគ្នា​នឹង​បញ្ញត្ត​ព្រះ​តាម​ហោរ៉ា​ទ្រង់​ ឧទាហរណ៍​ «ស្វែង​រក​សេចក្តី​យុត្តិធម៌ ​ការពារ​មនុស្ស​ត្រូវ​គេ​សង្កត់​សង្កិន​» (អេសាយ​ ១​:១៧)។​

ព្រះជាម្ចាស់

ក្នុង​រឿង​នេះ​  ព្រះជាម្ចាស់ ​ដានីយ៉ែល​ និង​នេប៊ូក្នេសា​ ជា​តួអង្គ​ចម្បង។ ព្រះជាម្ចាស់​គឺ​​ជា​ «ព្រះ​ដ៏​ខ្ពស់​បំផុត​» (ខ.២ ប្រៀបធៀប​ ៖ ៣:២៦) «ដ៏​ខ្ពស់​បំផុត​» (ខ.១៧, ២៤, ២៥, ៣២, ៣៤) ហើយ​ «ស្តេច​នៃ​ស្ថានសួគ៌​» (ខ.៣៧)។ នគរ​ព្រះ​គឺ​ «ជា​រាជ្យ​នៅ​អស់កល្ប​» និង​ជា​មហាក្សត្រ​ «នៅ​គ្រប់​ទាំង​តំណ​មនុស្ស​តទៅ​» (ខ.៣, ៣៤)។ ព្រះជាម្ចាស់​អត់ធ្មត់​ចំពោះ​ស្តេច ​ដោយ​​ព្រមាន​ស្តេច​តាម​ការ​យល់សប្តិ​ និង​ឲ្យ​ពេលវេលា​ស្តេច​ដើម្បី​ប្រែចិត្ត​ ហើយ​ទ្រង់​មាន​អធិបតេយ្យ​ភាព​លើ​ទាំង​អស់​ ដែល​បាន​បង្ហាញ​ដោយ​ការ​បន្ទាប​អនុភាព​ស្តេច​បាប៊ីឡូន​ចុះ​​ និង​ក្រោយ​មក​លើក​ស្តេច​ឡើង​ឲ្យ​សោយរាជ្យ​វិញ។​

ពាក្យផ្ទួន

អ្នក​និពន្ធ​ប្រើ​ពាក្យ​ផ្ទួន ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​ពិត​ដ៏​សំខាន់។ ​អ្នក​និពន្ធ​បាន​សរសេរ​បី​ដង​​ថា «វិញ្ញាណ​របស់​ព្រះ​ដ៏​វិសុទ្ធ​សណ្ឋិត​លើ​ដានីយ៉ែល​»។ «ខ្ពស់​បំផុត​» បាន​ជួប​ក្នុង​ជំពូក​នេះ​ច្រើន​ជាង​ជំពូក​ដទៃ​ទៀត​ (ខ ២, ១៧, ២៤, ២៥, ៣២, ៣៤)។ «ផែនដី​» ​ផ្ទួន​គ្នា​​​១០​ដង​ ដែល​បួន​ដង​បង្ហាញ​ពី​អំណាច​នេប៊ូក្នេសា​លើ​ផែនដី​ (ខ.១០, ១១, ២០, ២២) និង​ពាក្យ​ថា​ «ស្ថាន​សួគ៌» បាន​ផ្ទួន​គ្នា​ដប់​ប្រាំ​មួយ​ដង​ ​ដែល​សំដែង​ពី​កម្មសិទ្ធិ​​និង​អំណាច​​របស់​ព្រះជាម្ចាស់។ ​ទាក់ទង​នឹង​​អំណាច​ផែន​ដី​ និង​អំណាច​ស្ថានសួគ៌​ អំណាច​នេប៊ូក្នេសា​ប្រឆាំង​អំណាច​ព្រះជាម្ចាស់​ ​ពិត​​ជា​ផ្ទៃរឿង​គន្លឹះ​ក្នុង​ជំពូក​នេះ។ ជំពូក​នេះ​ជា​កន្លែង​តែ​មួយ​ដែល​មាន​ឃ្លា​ «ស្តេច​នៃ​ស្ថានសួគ៌» ​ក្នុង​សញ្ញា​ចាស់។ អ្នក​និពន្ធ​ប្រើ​ពាក្យ​ «ស្តេច​» និង​ «នគរ​» ជា​ញឹកញាប់​ហើយ​នេះ​បង្ហាញ​ថា ផ្ទៃរឿង​ដ៏​សំខាន់​ក្នុង​ជំពូក​នេះ​ គឺ​ភាព​ជា​ស្តេច​របស់​នេប៊ូក្នេសា និង​ភាព​ជា​ស្តេច​របស់​ព្រះជាម្ចាស់​ (ប្រៀបធៀប​ ៤:១៧, ១៨, ២២, ២៤, ២៥, ២៦, ៣០, ៣១, ៣២, ៣៤, ៣៦, ៣៧)។ ​ចំណុច​សំខាន់​ពិសេស​​នៅ​ក្នុង​រឿង​នេះ​ គឺ​ជា​​ពាក្យ​ផ្ទួន​ «ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់គ្រង​លើ​រាជ្យ​ របស់​មនុស្ស​ ទ្រង់​ផ្តល់​ដល់​អ្នក​ណា​តាម​តែ​ព្រះទ័យ​» (ខ.១៧, ២៥, ៣២)។​

ផ្ទៃរឿងអត្ថបទនិងគោលដៅ

អ្វី​ដែល​យើង​បាន​កត់ត្រា​ខាង​លើ​នឹង​ជួយ​យើង​ស្វែងរក​ផ្ទៃរឿង​អត្ថបទ​ និង​គោលដៅ។ ការ​សរសើរ​ដល់​ព្រះជាម្ចាស់​របស់​នេប៊ូក្នេសា​ពីរ​ដង​  ទាំង​លើក​ដំបូង ​(៤:២-៣) និង​ពាក្យ​ផ្ទួន​នៃ​អធិបតេយ្យ​ (៤:៣៤–៣៧) និង​ភាព​ជា​ស្តេច​ លេច​ឡើង​ក្នុង​ជំពូក​ (ខ.៣, ១៧, ១៨, ២២, ២៥, ២៦, ៣១, ៣២, ៣៤, ៣៦) បង្ហាញ​ប្រធាន​បទ​ដ៏​សំខាន់​ក្នុង​ជំពូក​នេះ​គឺ​ អធិបតេយ្យ​ព្រះជាម្ចាស់​ប្រឆាំង​លើ​ស្តេច​ជា​មនុស្ស។ ដូច្នេះ​ យើង​អាច​និយាយ​ផ្ទៃរឿង​បាន​​គឺ​ «ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​អធិបតេយ្យ​លើ​នគរ​ទាំង​អស់​ក្នុង​ផែនដី​»។ ទោះបី​ជា​យ៉ាងណា​ផ្ទៃរឿង​នេះ​គឺ​ទូទៅ​ពេក​សម្រាប់​អត្ថបទ​នេះ ពីព្រោះ​បទ​គម្ពីរ​ច្រើន​ផ្សេង​ៗ​ទៀត​អាច​យក​មក​ប្រកាស​ផ្ទៃរឿង​នេះ​បាន​។ យើង​ត្រូវ​ការ​ផ្ទៃរឿង​ចំ​ៗ​ជាង​នេះ​ទៀត​ចេញ​ពី​ជំពូក​នេះ។ មក​ពី​ឃ្លា​ ប្រយោជន៍ឲ្យមនុស្ស​នៅ​រស់​បាន​ដឹង​ថា​  ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់គ្រង​លើ​រាជ្យ​​របស់​មនុស្ស​ ទ្រង់​ផ្តល់​ដល់​អ្នក​ណា​តាម​តែ​ព្រះទ័យ (ខ. ១៧, ២៥, ៣២) យើង​អាច​និយាយ​ផ្ទៃរឿង​បាន​​គឺ​ ព្រះ​ដ៏​ខ្ពស់បំផុតជាមហាក្សត្រលើនគរទាំងអស់នៅផែនដីនិងប្រទានដល់អ្នកណាដែលទ្រង់សព្វព្រះទ័យ។

តើ​អ្វី​ជា​សារ​នៃ​ជំពូក​នេះ​សម្រាប់​អ៊ីស្រាអែល​?

អ៊ីស្រាអែល​បាន​រងទុក្ខ​ក្នុង​ការ​និរទេស​នៅ​បាប៊ីឡូន។ ​យោង​តាម​បទពិសោធន៍​របស់​ពួកគេ​ មើល​ទៅ​ហាក់​ដូចជា​ព្រះ​របស់​បាប៊ីឡូន​បាន​យក​ឈ្នះ​លើ​ព្រះ​អ៊ីស្រាអែល។ ទោះបី​ជា​យ៉ាង​ណា​ ជំពូក​នេះ​ប្រាប់​អ្នក​និរទេស​ថា​ ព្រះ​របស់​គេ​អាច​​ធ្វើ​ឲ្យ​អនុភាព​រប​ស់​ស្តេច​បាប៊ីឡូន​​ធ្លាក់​ចុះ​​ រហូត​ដល់​ស្តេច​នោះ​បាន​ទាំង​សារភាព​ថា​ ព្រះជាម្ចាស់​របស់​គេ​ខ្ពស់​បំផុត​ ហើយ​ប្រទាន​នគរ​ដល់​អ្នក​ណា ​ដែល​ទ្រង់​សព្វ​ព្រះទ័យ។ ដូច្នេះ​  លើស​ពី​ការ​បង្រៀន ​អ្នក​និពន្ធ​មាន​គោល​បំណង​ ​​ ធានាអះអាងពួក​អ៊ីស្រាអែល​ដែលរងទុក្ខហើយមានការវល់គំនិតថា  ​ផ្ទុយពីស្ថានភាពដែលគេមើលឃើញដោយភ្នែកព្រះរបស់ពួកគេជាមហាក្សត្រលើនគរក្នុងផែនដីទាំងអស់ហើយប្រទានដល់អ្នកដែលទ្រង់នឹងប្រទានឲ្យ។

មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ

ក្នុង​ជំពូក​នេះ​  មិន​មាន​សេចក្តី​សន្យា​ពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី​ទេ​  ប៉ុន្តែ​នៅ​តែ​មាន​វិធី​ផ្សេង​ក្នុង​ការ​អធិប្បាយ​ពី​ព្រះគ្រីស្ទ។

ដានីយ៉ែល​ ៤​ ប្រកាស​ថា​ ព្រះ​ដ៏​ខ្ពស់​បំផុត​ ជា​មហាក្សត្រ​លើ​នគរ​ទាំង​អស់​លើ​ផែនដី​ ហើយ​ប្រទាន​នគរ​ទាំង​នោះ​ដល់​អ្នក​ដែល​សព្វ​ព្រះទ័យ។ ការ​នេះ​ជាប់​ទំនាក់ទំនង​ជាមួយ​ដានីយ៉ែល​ ៧ ដែល​ថា​ ទ្រង់​ប្រទាន​នគរ​ដល់​បុត្រ​មនុស្ស​ ​ដែល​​ប្រាកដ​ជា​ព្រះយេស៊ូវគ្រីស្ទ។ ក្នុង​អំឡុង​ពេល​ចក្រភព​រ៉ូម​  ព្រះ​ដ៏​ជា​មហាក្សត្រ​បាន​បញ្ជូន​បុត្រា​មក​ផែនដី ​ដើម្បី​ប្រយុទ្ធ​នឹង​អំណាច​អ្នក​គ្រប់គ្រង​ធំ​ជាង​គេ​លើ​ផែនដី​ គឺ​សាតាំង។ ព្រះយេស៊ូវ​បាន​ហៅ​សាតាំង​ថា​ «អ្នក​គ្រប់គ្រង​ផែនដី​» (យ៉ូហាន​ ១២:៣១; ១៤:៣០; ១៦:១១)។ ភ្លាម​ៗ ​ព្រះយេស៊ូវ​បាន​ចាប់ផ្តើម​ព័ន្ធកិច្ច​របស់​​ទ្រង់​ សាតាំង​បាន​វាយប្រហារ​ទ្រង់​ អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកិយ​ និង​សិរីល្អ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត។ រួច​ទូល​ថា​ «បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ​  នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក​» នោះ​ព្រះយេស៊ូវ​មាន​បន្ទូល​តប​ថា​  «នែ​!​សាតាំង​ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ​  ត្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា​  ឯង​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ​» (ម៉ាថាយ​៤:៨-១០)។ ព្រះយេស៊ូវ​បាន​តស៊ូ​នឹង​ការ​ដែល​អារក្ស​ល្បួង​ ហើយ​បាន​ឈ្នះ​ការ​ប្រឆាំង​ដ៏​សាហាវ​នេះ។ ពួក​សាវក​ទ្រង់​បាន​រាយការណ៍​ថា​ «ព្រះអម្ចាស់​អើយ​ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះចូល​ចំពោះ​ព្រះនាម​ទ្រង់​ដែរ​» ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក​ដូច​ជា​ផ្លេក​បន្ទោរ​» (លូកា​ ១០​:១៧-១៨)។

ប៉ុន្តែ​នៅ​ពេល​ព្រះ​យេស៊ូវ​បាន​សុគត​សាតាំង​គិត​ថា​ វា​បាន​ឈ្នះ​ការ​ប្រយុទ្ធ។ ជ័យជំនះ​វា​បាន​ធ្វើ​ឲ្យ​វា​ចាញ់​  ពីព្រោះ​ព្រះយេស៊ូវ​ទទួល​ជ័យជំនះ​ពេល​ទ្រង់​រស់​ពី​ស្លាប់​ ​ដែល​តាម​រយៈ​ការ​​នេះ​ទ្រង់​មាន​ជ័យជំនះ​លើ​អំពើ​បាប​ និង​សេចក្តី​ស្លាប់។ ក្រោយ​ពី​ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញ​ ព្រះយេស៊ូវ​ប្រកាស​ថា​ «គ្រប់ទាំងអំណាច  នៅ​លើ​ស្ថានសួគ៌​ និង​ផែនដី​បាន​ប្រគល់​មក​ខ្ញុំ» (ម៉ាថាយ​២៨:១៨)។ ចាប់​ពី​ពេល​នោះ​មក ​អំណាច​សាតាំង​ត្រូវ​បាន​កំរិត​យ៉ាង​តឹង​រឹង។ កណ្ឌ​វិវរណៈ​ពណ៌នា​ពី​សាតាំង​ជា​នាគ​យ៉ាង​សាហាវ​ ដែល​ជាប់​ច្រវាក់​លោត​ចុះ​ឡើង​ (វិវរណៈ​ ២០:១-២)  ហើយ​ក៏​បាន​ទាយ​ថា​ពេល​សម័យ​នេះ​បញ្ចប់​ទៅ​ សាតាំង​នឹង​ត្រូវ​ដោះលែង​ និង​ស្វែងរក​បំផ្លាញ​ក្រុម​ជំនុំ​លើ​លោកិយ​ (វិវរណៈ​ ២០:៧-៩)។​កណ្ឌ​ វិវរណៈ ពណ៌នា​ពី​សង្គ្រាម​ សាតាំង​ និង​ទ័ព​របស់​វា​ «ច្បាំង​ទាស់​នឹង​កូន​ចៀម​ តែ​កូន​ចៀម​នឹង​ឈ្នះ​គេ​ ពីព្រោះ​ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច​» (វិវរណៈ​ ១៧:១៤)។ កូន​ចៀម​ ​ដែល​ជា​ព្រះយេស៊ូវ​ នឹង​មាន​ជ័យជំនះ​ពេញលេញ​លើ​សាតាំង។ ទេវតា​បាន​ប្រាប់​ថា​ «ក្រុង​បាប៊ីឡូន​ដ៏​ធំ​បាន​រលំ​ហើយ​  បាន​រលំ​ហើយ​!» (វិវរណៈ​ ១៤:៨)។ ដូចនេះ​ «នគរ​លោកិយ​បាន​ក្លាយ​ជា​នគរ​ព្រះអម្ចាស់​យើង​ និងព្រះមែស៊ី  ទ្រង់​នឹង​សោយរាជ្យ​អស់កល្ប​រៀង​ទៅ​» (វិវរណៈ​ ១១:១៥; មើល​ផង​ដែរ​ ១កូរិនថូស​ ១៥:២៣-២៤)។ ទី​បញ្ចប់​ព្រះ​ដ៏​ខ្ពស់​បំផុត​ឲ្យ​នគរ​មក​បុត្រា​ទ្រង់​ ​គឺ​ព្រះយេស៊ូវគ្រីស្ទ។​

ដានីយ៉ែល​ ៤​ មិន​គ្រាន់តែ​ជា​រឿង​មួយ ​ដែល​បង្ហាញ​ពី​គោលការណ៍​ថា​ ព្រះជាម្ចាស់​គ្រប់គ្រង​ និង​អាច​ប្រទាន​នគរ​ទៅ​អ្នក​ដែល​ទ្រង់​ចង់​ប្រទាន​នោះ​ទេ​  ​លើស​ពី​នេះ​ទៅ​ទៀត​ ជំពូក​នេះ​ជា​ភស្តុតាង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញថា គោល​ការណ៍​នេះ​ពិត​ជា​ត្រឹមត្រូវ។ ដូច្នេះ ​ដានីយ៉ែល​ ៤​ មិន​គ្រាន់​តែ​ជា​ឧទាហរណ៍​ និង​ការ​បង្រៀន​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​បាន​ជំរុញ​ជំនឿ​ថា​ ព្រះជាម្ចាស់​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​ក្នុងកណ្ឌ​​វិវរណៈ​  ​ពី​ព្រោះ​ទ្រង់​មាន​អំណាច​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​ក្នុង​អតីតកាល​ និង​មាន​អំណាច​ធ្វើ​ការ​នេះ) នៅ​អនាគត​កាល។ ការ​នេះ​បាន​ជំរុញ​ និង​កំសាន្ត​ចិត្ត​របស់​យើង​ ដូច​ជា​​ព្រះយេស៊ូវ​បាន​សន្យា​ថា​​  «កុំ​ឲ្យ​ភ័យ​ខ្លាច​ហ្វូង​តូច​អើយ​ ព្រោះ​ព្រះវបិតា​នៃ​អ្នក​រាល់​គ្នា​ ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត» (លូកា ១២:៣២, ប្រៀបធៀប​ ៖ ម៉ាថាយ​ ២៥:៣៤)។

គំនិត​សំខាន់​ក្នុង​ដានីយ៉ែល​ ៤:១៧​ បាន​បង្រៀន​ថា​ «មហាក្សត្រ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់គ្រង​លើ​រាជ្យ​របស់​មនុស្ស​ ក៏​ប្រគល់​ដល់​អ្នកណា​តាម​ព្រះទ័យ​»  គឺ​ជា​គោលការណ៍​ដូចគ្នា​  ​នៅ ពេល​ដែល​ព្រះយេស៊ូវ​ពោល​ទៅ​លោក​ ពីឡាត​ ​ថា​ «បើ​មិន​បាន​ប្រទាន​ពី​ស្ថាន​លើ​  នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ​ (យ៉ូហាន​ ១៩:១១)។

ផ្ទៃរឿង​បន្ទាប់​ទៀត​គឺ​ ព្រះជាម្ចាស់​នឹង​បន្ទាប​អ្នក​មាន​អំនួត​ (ដូច​ជា​ទ្រង់​បន្ទាប​នេប៊ូក្នេសា) ហើយ​លើក​អ្នក​បន្ទាប​ខ្លួន​ឡើង​ (៤:១៧) ដែល​យើង​អាច​ឃើញ​ក្នុង​បទចំរៀង​នាង​ហាណា ​(១សាំយូអែល​  ២:៧-៨) ដល់​បទចំរៀង​នាង​ម៉ារា​ (លូកា​១:៥២) ក្នុង ​១​កូរិនថូស​ ១:២៦-២៩ និង ​ភីលីព​ ២:៦-១១។ ប៉ុន្តែ​យើង​ត្រូវ​តែ​ចងចាំ​ថា​ ផ្ទៃរឿង​បន្ទាប់​នេះ​ ជា​ការ​អនុវត្តន៍​ដែល​មក​ពី​ផ្ទៃ​រឿង​ចម្បង​ «ព្រះ​ដ៏​ខ្ពស់​បំផុត​ ជា​មហាក្សត្រ​លើ​នគរ​ផែនដី​ទាំង​អស់​ ក៏​ប្រគល់​ដល់​អ្នកណា​តាម​ព្រះទ័យ​»។ បើ​សិន​ជា​យើង​ ​ប្តូរ​រឿង​នេះ​ទៅ​ គ្រាន់​តែ​ជា​ និទាន​ពី​សីលធម៌​ដើម្បី​ព្រមាន​កុំ​ឲ្យ​មាន​អំនួត​ ហើយ​បាត់បង់​ផ្ទៃរឿង​ចម្បង​ ដែល​ថា​ ព្រះ​ជា​មហាក្សត្រ​លើ​នគរ​ទាំង​អស់​  ក៏​ប្រគល់​ដល់​អ្នកណា​តាម​ព្រះទ័យ​  នោះ​យើង​មិន​គ្រាន់​តែ​បាត់បង់​ផ្ទៃរឿង​ចម្បង​ទេ​ យើង​ក៏​បាន​បាត់បង់​  មូលដ្ឋាន​ពី​របៀប​ដែល​ព្រះ​បន្ទាប​មនុស្ស​ដែល​អំនួត​ចុះ។  បើ​សិន​ជា​អ្នក​ស្តាប់​ ​ការ​អធិប្បាយ​​ ​គ្រាន់តែ​រៀន​ការ​អនុវត្ត​ថា កុំ​មាន​អំនួត​ឡើយ​ ប៉ុន្តែ​មិន​រៀន​និង​ជឿជាក់​ថា​ ព្រះ​គឺ​ជា​មហាក្សត្រ​លើ​ទាំង​អស់​ រួម​ទាំង​អ្នក​គ្រប់គ្រង​ផង​​ទេ នោះ​​យើង​បរាជ័យ​ហើយ។

 ​ផ្ទៃរឿង​ព្រះ​ប្រទាន​នគរ​ដល់​អ្នក​ណា​តាម​ព្រះទ័យ​ទ្រង់​អាច​ផ្ដោត​លើ​ «តាំង​សណ្ឋាន​មនុស្ស​ថោកទាប​បំផុត​ឡើង» (៤:១៧)។ ព្រះជាម្ចាស់​បាន​តាំង​រាជ្យ​ទ្រង់​ឲ្យ​ស្តេច​ដាវីឌ ​ដោយ ​(មិន​មែន​បងប្រុស​របស់​គាត់​) ទ្រង់​ជ្រើស​ជ្រើសរើស​សាឡូម៉ូន​ជា​ប្អូន​ លើ​អ័ដូនីយ៉ា។ អេសាយ​បាន​ទាយ​ពី​ការ​ជ្រើសរើស​អ្នក​បំរើ​  «ទ្រង់​ត្រូវ​បាន​គេ​ស្អប់​ និង​បដិសេធ​ដោយ​អ្នក​ដទៃ​» (៥៣:៣) ប៉ុន្តែ​ព្រះជាម្ចាស់​ញែក​ទ្រង់​អោយ​​ «មាន​ចំណែក​មួយ​ជាមួយ​ពួក​អ្នកធំ​” (៥៣:១២)។ ដោយ​ហេតុនេះ ​យើង​អាច​ធ្វើ​ឲ្យផ្ទៃ​រឿង​នេះ​ទាក់ទង​នឹង​ព្រះយេស៊ូវ ​ដែល​ទ្រង់​​បាន​ប្រសូត​​មក​​ក្រីក្រ​ ​គេ​ស្អប់ គេ​ឆ្កាង​ ប៉ុន្តែ​ក្រោយ​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា «គ្រប់​ទាំង​អំណាច​នៅ​ស្ថានសួគ៌​ និង​ផែនដី​» (ម៉ាថាយ​ ២៨:១៨; មើល​ផង​ដែរ​ ភីលីព​ ២:៥-១១)

ផ្ទៃរឿងការអធិប្បាយ  គោល​ដៅ និងតម្រូវការរបស់អ្នកស្តាប់ដែលសេចក្តីអធិប្បាយត្រូវដោះស្រាយ

ផ្ទៃរឿង​ការ​អធិប្បាយ​ និង​គោលដៅ​គួរតែ​ផ្អែក​លើ​ផ្ទៃរឿង​និង​គោល​ដៅ​របស់​អត្ថបទ។ តាម​កិច្ចការ​​របស់​យើង​ខាង​លើ​ យើង​អាច​ឃើញ​ថា​ ផ្ទៃរឿង​​របស់​យើង​អាច​ជា​ ព្រះដ៏ខ្ពស់បំផុត ជាមហាក្សត្រលើនគរលើផែនដីទាំងអស់ក៏ប្រទាននគរដល់អ្នកដែលទ្រង់ចង់ប្រទានឲ្យ ហើយទ្រង់ប្រទាននគរអោយព្រះយេស៊ូវ ។ គោលដៅ​អធិប្បាយ​របស់​យើង​អាច​ជា​ ដើម្បីធានារាស្រ្តរបស់ព្រះជាម្ចាស់ដែលរងទុក្ខព្រះ​របស់​យើងគឺជាមហាក្សត្រលើនគរលើផែនដីទាំងអស់ក៏នឹងប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ។

ចំណុច​គោលដៅ​នេះ​  ត្រូវ​ការ​យក​ទៅ​ដាក់​ក្នុង​ការ​អធិប្បាយ​  ​ពីព្រោះ​គ្រីស្ទបរិស័ទ​ហាក់​ដូច​ជា​ខ្សោយ​ និង​គ្មាន​អំណាច​ ដោយ​ការ​បៀតបៀន​ក្នុង​ពិភពលោក។ រាស្រ្ត​ព្រះជាម្ចាស់​ចាប់ផ្តើម​មាន​ឆ្ងល់​​ថា ​ព្រះជាម្ចាស់​ជា​មហាក្សត្រ​លើ​នគរ​ទាំងអស់​ក្នុង​ផែនដី​ឬ​យ៉ាង​ណា​។ ការ​អធិប្បាយ​គួរ​តែ​បង្ហាញ​ថា ​អ៊ីស្រាអែល​ មាន​សំនួរ​ស្រដៀង​គ្នា​ និង​មាន​ការ​សង្ស័យ​ពេល​គេ​នៅ​ក្នុង​ការ​និរទេស​ ប៉ុន្តែ​រឿង​នេះ​បង្ហាញ​ថា​  ព្រះជាម្ចាស់​ជា​អ្នក​ត្រួតត្រា។​

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top