ក្រុង ទីរ៉ុស Tyre
ក្រុងទីរ៉ុសជាក្រុងពីសម័យបុរាណ ស្ថិតនៅក្នុងស្រុកភេនីស នៅតាមមាត់ច្រាំងសមុទ្រមេឌីទែរ៉ាណេ ហើយមានចម្ងាយប្រហែល៣២គីឡូម៉ែត្រពីខាងត្បូងស៊ីដូន។ ទីរ៉ុសមានផ្នែកពីរ គឺកំពង់ផែចាស់ និងក្រុងមួយទៀត ដែលស្ថិតនៅលើកោះមួយ មានចម្ងាយមិនដល់មួយគីឡូម៉ែត្រពីឆ្នេរសមុទ្រ។ បណ្តាជនភាគច្រើនបានរស់នៅកោះ។ នៅសម័យព្រះគម្ពីរ ក្រុងទីរ៉ុសគឺជាក្រុងមួយដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម (អេសាយ ២៣:៨) ហើយក៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃអ៊ីស្រាអែលផងដែរ (សូមមើល ២សាំយូអែល ៥:១១; ១ពង្សាវតារក្សត្រ ៥:១, ១០; ២របាក្សត្រ ២:៧–១៤; អេសេគាល ជំពូក២៦–២៨)។ ព្រះយេស៊ូវធ្លាប់បានទៅទីរ៉ុស (ម៉ាថាយ ១៥:២១) ហើយលោកប៉ុលបានស្នាក់នៅទីនោះអស់រយៈពេលប្រាំពីរថ្ងៃជាមួយគ្រីស្ទបរិស័ទដទៃទៀត (កិច្ចការ ២១:៣–៦)។
ពួកហោរាបានប្រកាសការវិនិច្ឆ័យរបស់ព្រះអង្គចំពោះក្រុងទីរ៉ុស (អេសាយ ២៣:១–១៨; យេរេមា ២៥:២២; ២៧:១–១១; អេសេគាល ២៦:១–២៨:១៩; យ៉ូអែល ៣:៤–៨; អេម៉ុស ១:៩, ១០)។ មានមូលហេតុច្រើនបង្ហាញថា ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ប្រឆាំងនឹងទីរ៉ុសគឺត្រឹមត្រូវ។ ទីរ៉ុសបានកេងប្រវ័ញ្ចផលប្រយោជន៍ពីបណ្តាជននៅជុំវិញ ហើយឈ្មួញរកស៊ីមិនមានភាពស្មោះត្រង់ទេ។ លើសពីនេះទៅទៀត ក្រុងទីរ៉ុសគឺជាមជ្ឈមណ្ឌលសម្រាប់ថ្វាយបង្គំរូបព្រះ និងប្រព្រឹត្តអំពើថោកទាប ហើយមនុស្សនៅក្រុងទីរ៉ុសមានអំនួតណាស់ ពីព្រោះគេជាអ្នកមាន។
ព្រះយេស៊ូវបានប្រៀបធៀបភូមិនៅស្រុកកាលីឡេ ដែលបានបដិសេធទ្រង់ ជាមួយនឹងទីរ៉ុសនិងស៊ីដូន ហើយបង្រៀនថា ភូមិនៅស្រុកកាលីឡេនៅសម័យព្រះយេស៊ូវមានទោសជាង ពីព្រោះគេបានឃើញព្រះយេស៊ូវនិងការការអស្ចារ្យរបស់ព្រះយេស៊ូវ ប៉ុន្តែគេនៅតែបដិសេធទ្រង់ (លូកា ១០:១៣, ១៤)។
Leave a Reply