ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ The Jealousy of God

ដ្បិត​អញ​ដែល​ជា​យេហូវ៉ា​ ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ​ (និក្ខមនំ​ ២០:៥)

ព្រះយេហូវ៉ា​ ដែល​ព្រះ​នាម​ជា​​ព្រះ​ប្រច័ណ្ឌ​ ទ្រង់​មាន​ព្រះហឫទ័យ​ប្រច័ណ្ឌ​ពិត (និក្ខមនំ​ ៣៤:១៤)

 

សេចក្ដី​ពិត​មួយ​អំពី​ព្រះជាម្ចាស់ ​ដែល​គ្រីស្ទបរិស័ទ​កម្រ​​នឹង​រៀន បង្រៀន​ និង​ច្រៀង​គឺ​ថា​ «ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ»។  ពេល​ខ្លះ​មនុស្ស​គិត​ថា​ ការ​បង្រៀន​នេះ​មិន​ល្អ​ទេ​ ពីព្រោះ​គេ​គិត​ថា សេចក្ដី​ប្រច័ណ្ឌ​គឺ​ជា​អាកប្បកិរិយា​អវិជ្ជមាន​ ប៉ុន្តែ​នេះ​ជា​សេចក្ដី​ពិត​មួយ​ដ៏​សំខាន់ ​ដែល​ព្រះជាម្ចាស់​បាន​សំដែង​អំពី​អង្គ​ទ្រង់។  ព្រះជាម្ចាស់​បាន​សំដែង​សេចក្ដី​ពិត​នេះ ​ពីព្រោះ​ព្រះអង្គ​ចង់​អោយ​យើង​ដឹង​សេចក្ដី​ពិត​នេះ ​ហើយ​ស្គាល់​ទ្រង់​​និង​​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​ត្រង់។  បើ​សិន​ជា​គ្រីស្ទបរិស័ទ​រំពឹង​គិត​អំពី​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអង្គ​ នោះ​នឹង​ជួយ​គេ​អោយ​​ស្គាល់​ ទុក​ចិត្ត ​និង​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់។

ផ្ទៃរឿង​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​និក្ខមនំ​គឺ​ថា ព្រះជាម្ចាស់​បាន​សំដែង​អង្គ​ទ្រង់ ​ដោយ​ព្រះអង្គ​សំដែង​ព្រះ​នាម​របស់​ទ្រង់។  នៅ​ក្នុង​ជំពូក​៣ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»​ («យើង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ»​ គ.ខ.ប.)។  នៅ​ក្នុង​ជំពូក​៦ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ «ព្រះយេហូវ៉ា​»។  នៅ​ក្នុង​ ៣៤:៥-៧ ព្រះជាម្ចាស់​សំដែង​ថា ទ្រង់​ជា​ព្រះយេហូវ៉ា​ «ជា​ព្រះ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា និង​ស្មោះស្ម័គ្រ​ជា​និច្ច ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ព្រះអង្គ​តែងតែ​អត់ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!» (គ.ខ.ប)។ នេះ​បង្ហាញ​ថា ព្រះជាម្ចាស់​ពោរ​ពេញ​ដោយ​សិរីល្អ។  បន្ទាប់​មក​នៅ​ក្នុង​ ៣៤:១៤ ព្រះជាម្ចាស់​សំដែង​ថា ​ព្រះ​នាម​​របស់​ព្រះអង្គ​គឺ​ «ប្រច័ណ្ឌ»។  ព្រះ​គម្ពីរ​ខ្មែរ​ គ.ខ.ប. មិន​បាន​បកប្រែ​អត្ថបទ​នេះ​បាន​​ល្អ​​ទេ គឺ​បាន​បកប្រែ​ថា​​ «យើង​ជា​ព្រះអម្ចាស់​យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត»។  ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​បាន​បកប្រែ​ពាក្យ​ភាសា​ហេព្រើរ​ដើម​យ៉ាង​ត្រឹមត្រូវ​ «ព្រះយេហូវ៉ា​ ដែល​ព្រះ​នាម​ជា​ព្រះ​ប្រច័ណ្ឌ​»។  ព្រះ​គម្ពីរ​១បាន​ប្រកាស​ច្រើន​ដង​អំពី​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ (ឧទាហរណ៍​ ជនគណនា​ ២៥:១១; ចោទិយកថា​ ៤:២៤; ៦:១៥; ២៩:២០; ៣២:១៦,២១; យ៉ូស្វេ​ ២៤:១៩; ១ពង្សាវតារក្សត្រ​ ១៤:២២; អេសេគាល​ ៨:៣-៥; ១៦:៣៨,៤២; ២៣:២៥; ៣៦:៥…; ៣៨:១៩; យ៉ូអែល​ ២:៨; ណាហ៊ុម​ ១:២; សេផានា​ ១:១៨; ៣:៨; សាការី​ ១:១៤; ៨:២0; ទំនុកដំកើង​ ៧៨:៥៨; ៧៩:៥)។

តើ សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​មាន​ន័យ​យ៉ាង​ដូច​ម្តេច​​​?​ ជា​ញឹក​ញាប់ ​យើង​គិត​ថា ​សេចក្ដី​ប្រច័ណ្ឌ​គឺ​ជាអំពើ​​បាប ​ហើយ​តាម​ធម្មតា​នៅ​ក្នុង​មនុស្ស ​វា​ពិត​ជាអំពើ​​បាប​មែន។  បើ​អញ្ចឹង​ ធ្វើ​ដូច​ម្ដេច​​​បាន​ជា​ព្រះអង្គ​ដែល​មិន​មាន​បាប​សោះ ដែល​ទ្រង់​​ជា​ព្រះ​ដ៏​បរិសុទ្ធ​ ​ហើយ​មាន​សេចក្ដី​ប្រច័ណ្ឌ​ដូច្នេះ​​?  តាម​ពិត​ សេចក្ដី​ប្រច័ណ្ឌ​មិន​តែង​តែ​ខុស​ទេ។ បើ​សិន​ជា​ប្រពន្ធ​មិន​ស្មោះ​ត្រង់​ហើយ​ប្រព្រឹត្ត​សេចក្តី​​កំផិត នោះ​ប្ដី​ពិត​ជា​ត្រូវ​ប្រច័ណ្ឌ​ហើយ​ ​ពីព្រោះ​រូបកាយ​របស់​ប្រពន្ធ​គឺ​សំរាប់​ប្ដី​តែ​មួយ​គត់។  ​(ហើយ​បើ​សិន​ជា​ប្ដី​ប្រព្រឹត្ត​​សេចក្តី​កំផិត​ នោះ​ប្រពន្ធ​គួរ​តែ​ប្រច័ណ្ឌ​ផង​ដែរ ពីព្រោះ​រូបកាយ​របស់​ប្ដី​គឺ​សំរាប់​ប្រពន្ធ​តែ​មួយ​គត់​)។  បើ​សិន​ជា​គេ​មិន​ប្រច័ណ្ឌ​ទេ នោះ​បង្ហាញ​ថា គេ​ខ្វះ​សេចក្ដី​ស្រឡាញ់​ ហើយ​មិន​ខ្វល់ខ្វាយ​អំពី​ទំនាក់​ទំនង​របស់​ខ្លួន​​ទេ។

ដូច​​គ្នា​​ដែរ​​ សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​គឺ​ជា​សេចក្ដី​ប្រច័ណ្ឌ​ដ៏​ល្អ។  តាម​ពិត ​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​តែ​មួយ ​ដែល​បាន​បង្កើត​ទាំង​អស់​ ហើយ​ទ្រង់​ពោរ​ពេញ​ដោយ​សិរី​រុង​រឿង​ ដូច្នេះ​វា​ជា​ការ​ខុស​​​ហើយ ​បើ​សិន​ជា​មនុស្ស​លើក​តម្កើង​សិរីរុងរឿង ដែល​យើង​ត្រូវ​ថ្វាយ​ព្រះជាម្ចាស់ ​ទៅ​ថ្វាយ​អ្វី​​ផ្សេង​​ក្រៅ​ពី​ព្រះជាម្ចាស់​នោះ​។​  ជា​ការ​ត្រឹមត្រូវ​និង​ល្អ​ ដែល​ព្រះជាម្ចាស់​ប្រច័ណ្ឌ ​នៅ​ពេល​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​នេះ។  ព្រះជាម្ចាស់​នឹង​មិន​ប្រគល់​សិរីរុងរឿង​របស់​ទ្រង់​ទៅ​អោយ​ព្រះ​ ឬ​អ្នក​ណា​ផ្សេង​ទៀត​ឡើយ ហើយ​ទ្រង់​មាន​សេចក្ដី​ប្រច័ណ្ឌ ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​ព្រះអង្គ  (អេសេគាល​ ៣៩:២៥; អេសាយ​ ៤២:៨; ៤៨:១១)។  មួយ​​ទៀត​សោត​ ព្រះជាម្ចាស់​បាន​ចង​ការ​តាំង​សញ្ញា​ (​សម្ពន្ធមេត្រី) ​ជា​មួយ​គ្រីស្ទបរិស័ទ​ ដូច្នេះ​គ្រីស្ទបរិស័ទ​ជា​រាស្ត្រ​របស់​ទ្រង់​ ហើយ​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​របស់​យើង។ ​ដូច្នេះ​ហើយ​​​បាន​ជា​យើង​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នឹង​ព្រះអង្គ​ ​គឺ​​ប្រៀប​ដូច​ជា​ប្ដី​និង​ប្រពន្ធ។  ដូច្នេះ ​ព្រះជាម្ចាស់​ប្រច័ណ្ឌ ​នៅ​ពេល​យើង​ប្រគល់​​ភក្ដីភាព​របស់​យើង​​ទៅ​អ្នក​ណា​​ផ្សេង​ក្រៅ​​ពី​​ព្រះអង្គ​ ជា​ពិសេស​នៅ​ពេល​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ​តែ​ម្តង​។  ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​រាស្ត្រ​របស់​ទ្រង់​ថ្វាយ​បង្គំ​រូប​ព្រះ​ ព្រះ​គម្ពីរ​បាន​ហៅទង្វើ​​នេះ​ថា អំពើ​កំផិត​ ​ពីព្រោះ​យើង​បាន​ធ្វើ​អោយ​ការ​ថ្វាយ​បង្គំ​របស់​យើង​និង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះអង្គ​​បាក់បែក​​ ហើយ​ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ​ដ៏​សុចរិត ​ដូច​ជា​ប្ដី​ដ៏​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ អេសេគាល​ ៨:៣ បាន​ហៅ​រូប​ព្រះ​នៅ​ក្នុង​យេរូសាឡិម​ថា «​រូប​ព្រះ​ក្លែងក្លាយ​ដែល​បណ្ដាល​អោយ​ព្រះជាម្ចាស់​ប្រច័ណ្ឌ»។  ​មួយ​ទៀត​សោត​ សាវក​ប៉ុល​បាន​ព្រមាន​គ្រីស្ទបរិស័ទ​នៅ​ក្រុង​កូរិនថូស​ថា បើ​គេ​ចូល​រួម​​ក្នុង​​ពិធី​សាសនា​ក្លែង​ក្លាយ​របស់​រូប​ព្រះ​ នោះ​​គេ​នឹង​​ធ្វើ​អោយ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ច្រណែន (១កូរិនថូស​ ១០:១៨-២២)។ សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​បាន​នាំ​អោយ​​ព្រះអង្គ​បំផ្លាញ​រាស្ត្រ​របស់​ទ្រង់ ​ដែល​បាន​បះបោរ​និង​ថ្វាយ​បង្គំ​រូប​ព្រះ​ ​ (ចោទិយកថា​ ៦:១៤-១៥; យ៉ូស្វេ​ ២៤:១៩; សេផានា​ ១:១៨) ប៉ុន្តែ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ក៏​បាន​នាំ​អោយ​​ព្រះអង្គ​ស្អាង​រាស្ត្រ​របស់​ទ្រង់​ឡើង​វិញ​ផង​ដែរ​ (សាការី​ ១:១៤-១៥; ៨:២-៣; យ៉ូអែល​ ២:១៨-១៩)។

ដូច្នេះ​ អស់​អ្នក​ដែល​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ត្រូវ​យល់​ថា ​គេ​បាន​ចូល​​ទៅ​ក្នុង​ទំនាក់​ទំនង​​ជា​មួយ​ព្រះ​ ដូច​ជា​ប្ដី​និង​ប្រពន្ធ។  ព្រះគ្រីស្ទ​គឺ​ជា​ប្ដី​របស់​យើង ​ដែល​ស្រឡាញ់​យើង​​និង​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សំរាប់​យើង។  យើង​ត្រូវ​មាន​សេចក្ដី​ស្មោះ​ចំពោះ​ព្រះគ្រីស្ទ​ ​តែ​បើ​សិន​ជា​យើង​លាយ​បញ្ចូល​ការ​ជឿ​លើ​ព្រះ​យេស៊ូវ​ជា​មួយ​សាសនា​ផ្សេងៗ​ទៀត​និង​ថ្វាយ​បង្គំ ​ព្រះ​​ផ្សេងៗ​ ឬ​បើ​សិន​ជា​យើង​ប្រគល់​ភក្ដីភាព​របស់​យើង​​ទៅ​អ្នក​ណា​​ផ្សេង​ក្រៅ​ពី​​ព្រះអង្គ ​ឬ​បើ​សិន​ជា​​យើង​​លើក​តម្កើង​សិរីរុងរឿង​ ដែល​យើង​ត្រូវ​ថ្វាយ​ព្រះជាម្ចាស់ ​ទៅ​ថ្វាយ​ដល់​​អ្វី​ផ្សេង​​ក្រៅ​ពី​ព្រះជាម្ចាស់​ នោះ​យើង​ធ្វើអោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​​​ផ្ទុះ​ឡើង។ ​សេចក្តី​ពិត​នេះ​គួរ​​តែ​លើក​ទឹក​ចិត្ត​យើង​អោយ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះគ្រីស្ទ​ជា​និច្ច​។ ​ ​

ប៉ុន្តែ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​មិន​គ្រាន់តែ​លើក​ទឹក​ចិត្ត​យើង​អោយ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះគ្រីស្ទ ​ហើយ​ព្រមាន​យើង​​អោយ​ជៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ប៉ុណ្ណោះ​ទេ។ ​ យើង​ក៏​​ត្រូវ​មាន​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​សម្រាប់​សិរី​រុង​រឿង​របស់​ទ្រង់​នៅ​ក្នុង​ចិត្ត​របស់​យើង​ផង​ដែរ។  ឧទាហរណ៍​ ហោរា​អេលីយ៉ា​មាន​សេចក្ដី​ប្រច័ណ្ឌ​ ដោយ​យល់​ដល់​ព្រះ​នាម​របស់​ព្រះអង្គ​ (១ពង្សាវតារក្សត្រ​ ១៩:១០)។  ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​បាន​បកប្រែ​អត្ថបទ​នេះ​ថា​ «ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះយេហូវ៉ា»​ ហើយ​ព្រះ​គម្ពីរ​ខ្មែរ​ គ.ខ.ប. បាន​បកប្រែ​ថា​ «ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់»​  ប៉ុន្តែ​ពាក្យ​ភាសា​ហេព្រើរ​ដើម​ដូច​គ្នា​នឹង​ពាក្យ​នៅ​ក្នុង​អត្ថបទ​ផ្សេងៗ​ទៀត ​ដែល​យើង​បាន​សិក្សា​ខាង​លើ គឺ קנא (ដែល​អាន “កីណេះ”) ដែល​មាន​ន័យ​ថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ​ «ពេញ​ទៅ​ដោយ​ការ​ខ្នះខ្នែង»។​ ដូច្នេះ​ នេះ​មាន​ន័យ​ថា ហោរា​អេលីយ៉ា​មាន​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត ហើយ​នេះ​នាំ​អោយ​គាត់​មាន​យតិភាព​ចំពោះ​ព្រះអង្គ​ហើយ​ពេញ​ទៅ​ដោយ​ការ​ខ្នះខ្នែង។  លោក​ភីនេហាស​មាន​អាកប្បកិរិយា​នេះ​ផង​ដែរ​  (ជនគណនា​ ២៥:១១,១៣)។  ម្ដង​ទៀត អត្ថបទ​នេះ​ប្រើ​ពាក្យ ​ קנא (ដែល​អាន “កីណេះ”) ដែល​មាន​ន័យ​ថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ​ «ពេញ​ទៅ​ដោយ​ការ​ខ្នះខ្នែង»។​  (សូម​មើល​មេរៀន​អំពី​លោក​ភីនេហាស​ http://www.dkdl.org/?page_id=1243)។  ព្រះ​យេស៊ូវ​គឺ​ជា​គំរូ​ល្អ​បំផុត​នៃ​សេចក្ដី​ប្រច័ណ្ឌ​ (ឬ​យតិភាព​​របស់​​ព្រះអង្គ​) (យ៉ូហាន​ ២:១៧)។  ម្ដង​ទៀត ពាក្យ​ដើម​នៅ​ក្នុង​អត្ថបទ​នេះ​មាន​ន័យ​ថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ​ «ពេញ​ទៅ​ដោយ​ការ​ខ្នះខ្នែង»​  ប៉ុន្តែ​ព្រះ​គម្ពីរ​ខ្មែរ​បាន​បកប្រែ​ថា «សេចក្ដី​ឧស្សាហ៍»​ (បរិសុទ្ធ​) និង «ស្រឡាញ់»​ (គ.ខ.ប.)។ ​

តើ អ្នក​មាន​អារម្មណ៍​យ៉ាង​ម៉េច ​នៅ​ពេល​មនុស្ស​មិន​គោរព​ព្រះ​យេស៊ូវ​ហើយ​គិត​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​នាម​ថោកទាប?   តើ អ្នក​មាន​អារម្មណ៍​យ៉ាង​ម៉េច​ នៅ​ពេល​គ្រីស្ទបរិស័ទ​មាន​ជីវិត​ ដែល​នាំ​អោយ​អ្នក​មិន​ជឿ​អោយ​ព្រះ​យេស៊ូវ​មាន​ឈ្មោះ​ថោកទាប?​  បើ​សិន​ជា​យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ដាក់​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត​យើង។   ​នៅ​ពេល​យើង​ធ្វើ​អ្វី​ដែល​មិន​ល្អ ប្រហែល​ជា​យើង​ពិបាក​ចិត្ត​ ពីព្រោះ​យើង​បាក់មុខ ប៉ុន្តែ​យើងកាន់​តែ​​ពិបាក​ចិត្ត​​ទៅ​ទៀត​ ​ពីព្រោះ​យើង​នាំ​អោយ​ព្រះ​យេស៊ូវ​មាន​ឈ្មោះ​ថោក​​នៅ​ចំពោះ​អ្នក​មិន​ជឿ។​  ព្រះ​យេស៊ូវ​បាន​បង្រៀន​អំពី​សារៈ​សំខាន់​នៃ​ព្រះ​នាម​របស់​ព្រះអង្គ​ នៅ​ពេល​ទ្រង់​បង្រៀន​យើង​អោយ​​អធិស្ឋាន​ថា​ «សូម​ឱ្យ​ព្រះនាម​ទ្រង់ បាន​បរិសុទ្ធ»។ កត្តា​សំខាន់​បំផុត​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​យើង​មិន​មែន​ដែល​យើង​សប្បាយ​ចិត្ត​ទេ ប៉ុន្តែ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ចំពោះ​​ការ​ថ្វាយ​បង្គំ​របស់​យើង (សូម​មើល​មេរៀន​អំពី​ «ថ្វាយ​បង្គំ​» http://www.dkdl.org/?page_id=805)។  បើ​សិន​យើង​មាន​អាកប្បកិរិយា​ទាំង​នេះ នោះ​យើង​មាន​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអង្គ ​ហើយ​​ពោរ​ពេញ​ទៅ​ដោយ​ការ​ខ្នះខ្នែង​ចំពោះ​ទ្រង់​ហើយ​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top