ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រច័ណ្ឌ (និក្ខមនំ ២០:៥)
ព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រច័ណ្ឌ ទ្រង់មានព្រះហឫទ័យប្រច័ណ្ឌពិត (និក្ខមនំ ៣៤:១៤)
សេចក្ដីពិតមួយអំពីព្រះជាម្ចាស់ ដែលគ្រីស្ទបរិស័ទកម្រនឹងរៀន បង្រៀន និងច្រៀងគឺថា «ព្រះជាម្ចាស់មានសេចក្ដីប្រច័ណ្ឌ»។ ពេលខ្លះមនុស្សគិតថា ការបង្រៀននេះមិនល្អទេ ពីព្រោះគេគិតថា សេចក្ដីប្រច័ណ្ឌគឺជាអាកប្បកិរិយាអវិជ្ជមាន ប៉ុន្តែនេះជាសេចក្ដីពិតមួយដ៏សំខាន់ ដែលព្រះជាម្ចាស់បានសំដែងអំពីអង្គទ្រង់។ ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតនេះ ពីព្រោះព្រះអង្គចង់អោយយើងដឹងសេចក្ដីពិតនេះ ហើយស្គាល់ទ្រង់និងបម្រើព្រះអង្គយ៉ាងស្មោះត្រង់។ បើសិនជាគ្រីស្ទបរិស័ទរំពឹងគិតអំពីសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គ នោះនឹងជួយគេអោយស្គាល់ ទុកចិត្ត និងស្ដាប់បង្គាប់ព្រះជាម្ចាស់។
ផ្ទៃរឿងដ៏សំខាន់នៅក្នុងកណ្ឌនិក្ខមនំគឺថា ព្រះជាម្ចាស់បានសំដែងអង្គទ្រង់ ដោយព្រះអង្គសំដែងព្រះនាមរបស់ទ្រង់។ នៅក្នុងជំពូក៣ ព្រះអង្គសំដែងព្រះនាមថា «អញជាព្រះដ៏ជាព្រះ» («យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ» គ.ខ.ប.)។ នៅក្នុងជំពូក៦ ព្រះអង្គសំដែងព្រះនាម «ព្រះយេហូវ៉ា»។ នៅក្នុង ៣៤:៥-៧ ព្រះជាម្ចាស់សំដែងថា ទ្រង់ជាព្រះយេហូវ៉ា «ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច ព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់ដំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!» (គ.ខ.ប)។ នេះបង្ហាញថា ព្រះជាម្ចាស់ពោរពេញដោយសិរីល្អ។ បន្ទាប់មកនៅក្នុង ៣៤:១៤ ព្រះជាម្ចាស់សំដែងថា ព្រះនាមរបស់ព្រះអង្គគឺ «ប្រច័ណ្ឌ»។ ព្រះគម្ពីរខ្មែរ គ.ខ.ប. មិនបានបកប្រែអត្ថបទនេះបានល្អទេ គឺបានបកប្រែថា «យើងជាព្រះអម្ចាស់យើងមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត»។ ព្រះគម្ពីរខ្មែរបរិសុទ្ធបានបកប្រែពាក្យភាសាហេព្រើរដើមយ៉ាងត្រឹមត្រូវ «ព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រច័ណ្ឌ»។ ព្រះគម្ពីរ១បានប្រកាសច្រើនដងអំពីសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ (ឧទាហរណ៍ ជនគណនា ២៥:១១; ចោទិយកថា ៤:២៤; ៦:១៥; ២៩:២០; ៣២:១៦,២១; យ៉ូស្វេ ២៤:១៩; ១ពង្សាវតារក្សត្រ ១៤:២២; អេសេគាល ៨:៣-៥; ១៦:៣៨,៤២; ២៣:២៥; ៣៦:៥…; ៣៨:១៩; យ៉ូអែល ២:៨; ណាហ៊ុម ១:២; សេផានា ១:១៨; ៣:៨; សាការី ១:១៤; ៨:២0; ទំនុកដំកើង ៧៨:៥៨; ៧៩:៥)។
តើ សេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់មានន័យយ៉ាងដូចម្តេច? ជាញឹកញាប់ យើងគិតថា សេចក្ដីប្រច័ណ្ឌគឺជាអំពើបាប ហើយតាមធម្មតានៅក្នុងមនុស្ស វាពិតជាអំពើបាបមែន។ បើអញ្ចឹង ធ្វើដូចម្ដេចបានជាព្រះអង្គដែលមិនមានបាបសោះ ដែលទ្រង់ជាព្រះដ៏បរិសុទ្ធ ហើយមានសេចក្ដីប្រច័ណ្ឌដូច្នេះ? តាមពិត សេចក្ដីប្រច័ណ្ឌមិនតែងតែខុសទេ។ បើសិនជាប្រពន្ធមិនស្មោះត្រង់ហើយប្រព្រឹត្តសេចក្តីកំផិត នោះប្ដីពិតជាត្រូវប្រច័ណ្ឌហើយ ពីព្រោះរូបកាយរបស់ប្រពន្ធគឺសំរាប់ប្ដីតែមួយគត់។ (ហើយបើសិនជាប្ដីប្រព្រឹត្តសេចក្តីកំផិត នោះប្រពន្ធគួរតែប្រច័ណ្ឌផងដែរ ពីព្រោះរូបកាយរបស់ប្ដីគឺសំរាប់ប្រពន្ធតែមួយគត់)។ បើសិនជាគេមិនប្រច័ណ្ឌទេ នោះបង្ហាញថា គេខ្វះសេចក្ដីស្រឡាញ់ ហើយមិនខ្វល់ខ្វាយអំពីទំនាក់ទំនងរបស់ខ្លួនទេ។
ដូចគ្នាដែរ សេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់គឺជាសេចក្ដីប្រច័ណ្ឌដ៏ល្អ។ តាមពិត ព្រះជាម្ចាស់គឺជាព្រះតែមួយ ដែលបានបង្កើតទាំងអស់ ហើយទ្រង់ពោរពេញដោយសិរីរុងរឿង ដូច្នេះវាជាការខុសហើយ បើសិនជាមនុស្សលើកតម្កើងសិរីរុងរឿង ដែលយើងត្រូវថ្វាយព្រះជាម្ចាស់ ទៅថ្វាយអ្វីផ្សេងក្រៅពីព្រះជាម្ចាស់នោះ។ ជាការត្រឹមត្រូវនិងល្អ ដែលព្រះជាម្ចាស់ប្រច័ណ្ឌ នៅពេលមនុស្សប្រព្រឹត្តអំពើបាបនេះ។ ព្រះជាម្ចាស់នឹងមិនប្រគល់សិរីរុងរឿងរបស់ទ្រង់ទៅអោយព្រះ ឬអ្នកណាផ្សេងទៀតឡើយ ហើយទ្រង់មានសេចក្ដីប្រច័ណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់ព្រះអង្គ (អេសេគាល ៣៩:២៥; អេសាយ ៤២:៨; ៤៨:១១)។ មួយទៀតសោត ព្រះជាម្ចាស់បានចងការតាំងសញ្ញា (សម្ពន្ធមេត្រី) ជាមួយគ្រីស្ទបរិស័ទ ដូច្នេះគ្រីស្ទបរិស័ទជារាស្ត្ររបស់ទ្រង់ ហើយព្រះជាម្ចាស់គឺជាព្រះរបស់យើង។ ដូច្នេះហើយបានជាយើងមានទំនាក់ទំនងពិសេសជាមួយនឹងព្រះអង្គ គឺប្រៀបដូចជាប្ដីនិងប្រពន្ធ។ ដូច្នេះ ព្រះជាម្ចាស់ប្រច័ណ្ឌ នៅពេលយើងប្រគល់ភក្ដីភាពរបស់យើងទៅអ្នកណាផ្សេងក្រៅពីព្រះអង្គ ជាពិសេសនៅពេលមនុស្សថ្វាយបង្គំរូបព្រះតែម្តង។ ហេតុនេះហើយបានជា នៅពេលរាស្ត្ររបស់ទ្រង់ថ្វាយបង្គំរូបព្រះ ព្រះគម្ពីរបានហៅទង្វើនេះថា អំពើកំផិត ពីព្រោះយើងបានធ្វើអោយការថ្វាយបង្គំរបស់យើងនិងទំនាក់ទំនងរបស់យើងជាមួយព្រះអង្គបាក់បែក ហើយព្រះជាម្ចាស់មានសេចក្ដីប្រច័ណ្ឌដ៏សុចរិត ដូចជាប្ដីដ៏ស្មោះត្រង់។ ហេតុនេះហើយបានជា អេសេគាល ៨:៣ បានហៅរូបព្រះនៅក្នុងយេរូសាឡិមថា «រូបព្រះក្លែងក្លាយដែលបណ្ដាលអោយព្រះជាម្ចាស់ប្រច័ណ្ឌ»។ មួយទៀតសោត សាវកប៉ុលបានព្រមានគ្រីស្ទបរិស័ទនៅក្រុងកូរិនថូសថា បើគេចូលរួមក្នុងពិធីសាសនាក្លែងក្លាយរបស់រូបព្រះ នោះគេនឹងធ្វើអោយព្រះជាម្ចាស់មានព្រះហឫទ័យច្រណែន (១កូរិនថូស ១០:១៨-២២)។ សេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់បាននាំអោយព្រះអង្គបំផ្លាញរាស្ត្ររបស់ទ្រង់ ដែលបានបះបោរនិងថ្វាយបង្គំរូបព្រះ (ចោទិយកថា ៦:១៤-១៥; យ៉ូស្វេ ២៤:១៩; សេផានា ១:១៨) ប៉ុន្តែសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ក៏បាននាំអោយព្រះអង្គស្អាងរាស្ត្ររបស់ទ្រង់ឡើងវិញផងដែរ (សាការី ១:១៤-១៥; ៨:២-៣; យ៉ូអែល ២:១៨-១៩)។
ដូច្នេះ អស់អ្នកដែលទទួលជឿលើព្រះយេស៊ូវត្រូវយល់ថា គេបានចូលទៅក្នុងទំនាក់ទំនងជាមួយព្រះ ដូចជាប្ដីនិងប្រពន្ធ។ ព្រះគ្រីស្ទគឺជាប្ដីរបស់យើង ដែលស្រឡាញ់យើងនិងបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង។ យើងត្រូវមានសេចក្ដីស្មោះចំពោះព្រះគ្រីស្ទ តែបើសិនជាយើងលាយបញ្ចូលការជឿលើព្រះយេស៊ូវជាមួយសាសនាផ្សេងៗទៀតនិងថ្វាយបង្គំ ព្រះផ្សេងៗ ឬបើសិនជាយើងប្រគល់ភក្ដីភាពរបស់យើងទៅអ្នកណាផ្សេងក្រៅពីព្រះអង្គ ឬបើសិនជាយើងលើកតម្កើងសិរីរុងរឿង ដែលយើងត្រូវថ្វាយព្រះជាម្ចាស់ ទៅថ្វាយដល់អ្វីផ្សេងក្រៅពីព្រះជាម្ចាស់ នោះយើងធ្វើអោយសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ផ្ទុះឡើង។ សេចក្តីពិតនេះគួរតែលើកទឹកចិត្តយើងអោយមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទជានិច្ច។
ប៉ុន្តែសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់មិនគ្រាន់តែលើកទឹកចិត្តយើងអោយមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ ហើយព្រមានយើងអោយជៀសវាងពីការថ្វាយបង្គំរូបព្រះប៉ុណ្ណោះទេ។ យើងក៏ត្រូវមានសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់សម្រាប់សិរីរុងរឿងរបស់ទ្រង់នៅក្នុងចិត្តរបស់យើងផងដែរ។ ឧទាហរណ៍ ហោរាអេលីយ៉ាមានសេចក្ដីប្រច័ណ្ឌ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ (១ពង្សាវតារក្សត្រ ១៩:១០)។ ព្រះគម្ពីរខ្មែរបរិសុទ្ធបានបកប្រែអត្ថបទនេះថា «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា» ហើយព្រះគម្ពីរខ្មែរ គ.ខ.ប. បានបកប្រែថា «ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់» ប៉ុន្តែពាក្យភាសាហេព្រើរដើមដូចគ្នានឹងពាក្យនៅក្នុងអត្ថបទផ្សេងៗទៀត ដែលយើងបានសិក្សាខាងលើ គឺ קנא (ដែលអាន “កីណេះ”) ដែលមានន័យថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ «ពេញទៅដោយការខ្នះខ្នែង»។ ដូច្នេះ នេះមានន័យថា ហោរាអេលីយ៉ាមានសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់នៅក្នុងចិត្ត ហើយនេះនាំអោយគាត់មានយតិភាពចំពោះព្រះអង្គហើយពេញទៅដោយការខ្នះខ្នែង។ លោកភីនេហាសមានអាកប្បកិរិយានេះផងដែរ (ជនគណនា ២៥:១១,១៣)។ ម្ដងទៀត អត្ថបទនេះប្រើពាក្យ קנא (ដែលអាន “កីណេះ”) ដែលមានន័យថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ «ពេញទៅដោយការខ្នះខ្នែង»។ (សូមមើលមេរៀនអំពីលោកភីនេហាស http://www.dkdl.org/?page_id=1243)។ ព្រះយេស៊ូវគឺជាគំរូល្អបំផុតនៃសេចក្ដីប្រច័ណ្ឌ (ឬយតិភាពរបស់ព្រះអង្គ) (យ៉ូហាន ២:១៧)។ ម្ដងទៀត ពាក្យដើមនៅក្នុងអត្ថបទនេះមានន័យថា «ប្រច័ណ្ឌ» និង «យតិភាព» ឬ «ពេញទៅដោយការខ្នះខ្នែង» ប៉ុន្តែព្រះគម្ពីរខ្មែរបានបកប្រែថា «សេចក្ដីឧស្សាហ៍» (បរិសុទ្ធ) និង «ស្រឡាញ់» (គ.ខ.ប.)។
តើ អ្នកមានអារម្មណ៍យ៉ាងម៉េច នៅពេលមនុស្សមិនគោរពព្រះយេស៊ូវហើយគិតថា ព្រះយេស៊ូវមានព្រះនាមថោកទាប? តើ អ្នកមានអារម្មណ៍យ៉ាងម៉េច នៅពេលគ្រីស្ទបរិស័ទមានជីវិត ដែលនាំអោយអ្នកមិនជឿអោយព្រះយេស៊ូវមានឈ្មោះថោកទាប? បើសិនជាយើងមានព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណបរិសុទ្ធនឹងដាក់សេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់នៅក្នុងចិត្តយើង។ នៅពេលយើងធ្វើអ្វីដែលមិនល្អ ប្រហែលជាយើងពិបាកចិត្ត ពីព្រោះយើងបាក់មុខ ប៉ុន្តែយើងកាន់តែពិបាកចិត្តទៅទៀត ពីព្រោះយើងនាំអោយព្រះយេស៊ូវមានឈ្មោះថោកនៅចំពោះអ្នកមិនជឿ។ ព្រះយេស៊ូវបានបង្រៀនអំពីសារៈសំខាន់នៃព្រះនាមរបស់ព្រះអង្គ នៅពេលទ្រង់បង្រៀនយើងអោយអធិស្ឋានថា «សូមឱ្យព្រះនាមទ្រង់ បានបរិសុទ្ធ»។ កត្តាសំខាន់បំផុតក្នុងការថ្វាយបង្គំរបស់យើងមិនមែនដែលយើងសប្បាយចិត្តទេ ប៉ុន្តែព្រះជាម្ចាស់សព្វព្រះហឫទ័យចំពោះការថ្វាយបង្គំរបស់យើង (សូមមើលមេរៀនអំពី «ថ្វាយបង្គំ» http://www.dkdl.org/?page_id=805)។ បើសិនយើងមានអាកប្បកិរិយាទាំងនេះ នោះយើងមានសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គ ហើយពោរពេញទៅដោយការខ្នះខ្នែងចំពោះទ្រង់ហើយ។
Leave a Reply