មីកា​​ ២ ហោរាក្លែងក្លាយ និងសេចក្ដីសង្គ្រោះ​ Micah 2 False prophets and salvation

Micah 2 pdf download

ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​

មីកា​ជំពូក​២ ​អាច​​ចែក​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន​បាន​ ​៖ ខ.១-៥, ខ.៦-១១ និង​ ខ.១២-១៣។

.១-៥

នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​​យើង​គួរ​តែ​​យល់​ពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ជា​មុន​សិន​ ​ប្រយោជន៍​​អោយ​​យើង​នឹង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​បើ​សិន​អ្នក​នឹង​បង្រៀន​ពី​កណ្ឌ​មីកា​នេះ​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504

ខ.១-២ បាន​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​បាប​ខ្លះ​នៅ​ក្នុង​សង្គម​នៅ​ស្រុក​យូដា​និង​យេរូសាឡិម។  ខ​ទាំង​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា ព្រះជាម្ចាស់​​ទត​​ឃើញ​ទាំង​អស់​ ទ្រង់​ជ្រាប​ទាំង​អស់ ​ហើយ​ទ្រង់​​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​បាប​របស់​​ពួក​គេ។​  ខ.៣-៥ បង្ហាញ​​អំពី​លទ្ធផល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចំពោះ​អំពើ​បាប ​ដែល​ជា​ការ​លោភលន់​និង​សង្កត់​សង្កិន​របស់​ពួក​​គេ គឺ​ព្រះអង្គ​នឹង​ដាក់ទោស ​ហើយ​ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ និង​​ខាត​បង់​ទ្រព្យសម្បត្តិ​ ដែល​គេ​​ទទួល​​បាន​ដោយ​ការ​សង្កត់​សង្កិន​អ្នក​ដទៃ​។ ​

. ៦-១១

ខ.៦-១១ បង្ហាញ​អំពី​ការ​ឆ្លើយ​តប​របស់​បណ្តាជន​និង​ហោរា​ក្លែង​ក្លាយ ដោយ​​ប្រឆាំង​នឹង​ព្រះបន្ទូល ​ដែល​លោក​មីកា​បាន​ប្រកាស។  នៅ​ក្នុង​ ខ.៦-៧ ហោរា​ក្លែង​ក្លាយ​មិន​ចង់​ឮ​ព្រះរាជសារ ​ដែល​លោក​មីកា​បាន​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​​និង​ការ​ដាក់ទោស​ពី​ព្រះ​អង្គ​​ទេ គឺ​ពួក​​គេ​បដិសេធ​ព្រះរាជសារ​នេះ។  ​ផ្ទុយ​ទៅ​វិញ​ បណ្តាជន​បាន​បន្ត​មាន​ចិត្ត​លោភលន់​និង​ប្រព្រឹត្ត​ការ​សង្កត់​សង្កិន​ (៨, ៩)។  ខ.១១ បង្ហាញ​ថា បណ្តាជន​ចង់​ស្ដាប់​ហោរា​ ដែល​ប្រកាស​អ្វី​ដែល​គេ​ចង់​ឮ «បើ​អ្នក​យក​ស្រា​ទំពាំងបាយជូរ និង​ស្រា​ខ្លាំង​អោយ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​អោយ​ស្ដាប់»។

. ១២-១៣

ហោរា​មីកា​បាន​ប្រកាស​ព្រះបន្ទូល​មុន​ការ​និរទេស​ ប៉ុន្តែ​នៅ​ទី​នេះ​គាត់​បាន​ទាយ​អំពី​ពេល​អនាគត​ថា បន្ទាប់​ពី​ការ​និរទេស​ ព្រះជាម្ចាស់​នឹង​ប្រមូល​រាស្រ្ត​របស់​ព្រះ​ទៅ​ទឹក​ដី​សន្យា​វិញ ហើយ​លោក​មីកា​បាន​ប្រើ​រូប​ភាព​ពីរ​គឺ ​អ្នក​គង្វាល​ (ខ.១២) និង​ស្តេច​  (ខ.១៣)។

ការ​ប្រកាស​ព្រះគ្រីស្ទ​

​មុន​ដំបូង ​ព្រះរាជសារ​នៅ​ក្នុង​កណ្ឌ​មីកា​បាន​ប្រកាស​សម្រាប់​ជនជាតិ​អ៊ីស្រាអែល​និង​យូដា​ជាង​ ៧០០ ឆ្នាំ​មុន​ព្រះគ្រីស្ទ​ ប៉ុន្តែ​កណ្ឌ​នេះ​​ក៏​នៅ​តែ​ទាក់​ទង​នឹង​គ្រីស្ទបរិស័ទ​និង​លោកិយ​នា​បច្ចុប្បន្ន​កាល​នេះ​ផង​ដែរ​។  ​ហោរា​មីកា​បាន​ប្រកាស​ព្រះរាជសារ​ថា ព្រះជាម្ចាស់​ប្រឆាំង​នឹង​អំពើ​បាប ​ដូចជា​ការ​មាន​​ចិត្ត​លោភលន់​និង​ការ​សង្កត់​សង្កិន​ ហើយ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ហើយ​បំផ្លាញ​ ដូច​ជា​ព្រះគ្រីស្ទ​និង​សញ្ញា​ថ្មី​ក៏​បាន​ប្រកាស​ថា មនុស្ស​មាន​បាប​ ហើយ​ទ្រង់​នឹង​វិនិច្ឆ័យ​មនុស្ស​ ពីព្រោះ​គេ​មាន​បាប​ ដូចជា​​ការ​មាន​ចិត្ត​លោភលន់​និង​ការ​សង្កត់​សង្កិន ​ហើយ​មនុស្ស​នឹង​វិនាស​នៅ​ក្នុង​ស្ថាន​នរក​ផង​ដែរ​ (ឧទាហរណ៍ ម៉ាថាយ​ ២៣:២៣-២៦; ២៥:៣១–៤៦; លូកា​ ៣:១០-១៤; ១កូរិនថូស​ ៦:១០; អេភេសូរ​ ៥:៣; កូល៉ុស​ ៣:៥-៦)។  ដូច្នេះ​ ទី​បំផុត​ការ​វិនិច្ឆ័យ​នេះ​នឹង​សម្រេច​នៅ​ថ្ងៃ​ ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​ភារកិច្ច​របស់​យើង​សព្វ​ថ្ងៃ​នេះ​គឺ​ថា​ ​យើង​ត្រូវ​ព្រមាន​មនុស្ស​អំពី​ការ​វិនិច្ឆ័យ​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​នោះ។  ព្រះ​យេស៊ូវ​​ ​ហោរា​ និង​គ្រូ​អធិប្បាយ​ដ៏​ពិត​ប្រាកដ​ដែល​មក​ពី​ព្រះ​​ ប្រកាស​ប្រឆាំង​នឹង​អំពើ​បាប​ ហើយ​បង្គាប់​មនុស្ស​អោយ​ប្រែ​ចិត្ត​ដូច​គ្នា​។  រាស្រ្ត​របស់​ព្រះ​ដ៏​ពិត​ប្រាកដ​ស្ដាប់​ឮ​ព្រះបន្ទូល​នោះ ​ហើយ​ប្រែ​ចិត្ត។

ម្យ៉ាង​ទៀត​ នៅ​ក្នុង​សញ្ញា​ថ្មី ​យើង​ក៏​​ឃើញ​ការ​ឆ្លើយ​តប​ដូច​គ្នា​ចំពោះ​ហោរា​និង​គ្រូ​បង្រៀន​ដ៏​ពិត ដូច​នៅ​ក្នុង​មីកា​ ២:៦-១១​ផង​ដែរ​ គឺ​មនុស្ស​មិន​ចង់​ស្ដាប់​ឮ​គ្រូ ​ដែល​បាន​ប្រកាស​ប្រឆាំង​នឹង​អំពើ​បាប​របស់​គេ​ឡើយ​ ប៉ុន្តែ​គេ​តែ​ចង់​ស្ដាប់​ឮ​គ្រូ ​ដែល​បង្រៀន​អ្វី​ដែល​គេ​ចូល​ចិត្ត​វិញ​ (២ធីម៉ូថេ​ ៤:២-៤)។  ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា លោកិយ​នឹង​ស្អប់​ព្រះអង្គ​ ​ដោយ​ព្រោះ​ទ្រង់​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ (យ៉ូហាន​ ៧:៧) ហើយ​នៅ​ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក ទ្រង់​នឹង​សំដែង​ពី​អំពើ​បាប​របស់​មនុស្ស​លោក (យ៉ូហាន​ ១៦:៥-១១)។  ដូច្នេះ​ ​គ្រូ​បង្រៀន​ទាំង​អស់ ​ដែល​បង្រៀន​សេចក្ដី​ពិត​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ នឹង​ប្រកាស​ប្រឆាំង​នឹង​អំពើ​បាប​ ដូច​ជា​ហោរា​មីកា​និង​ព្រះ​យេស៊ូវ​ផង​ដែរ​។

មុន​ដំបូង​ សេចក្ដី​សន្យា​នៅ​ក្នុង​ កណ្ឌ​មីកា​ ២:១២-១៣ ​ត្រូវ​បាន​សម្រេច​ នៅ​ពេល​រាស្រ្ត​របស់​ព្រះ​បាន​មក​ទឹក​ដី​សន្យា​វិញ ​បន្ទាប់​ពី​ការ​និរទេស។ ប៉ុន្តែ​ សញ្ញា​ថ្មី​បាន​អនុវត្ត​សេចក្ដី​សន្យា​ទាំង​នេះ​តាម​រយៈ​ព្រះ​យេស៊ូវ។  ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​គង្វាល​ដ៏​ល្អ​ ដែល​​ប្រមូល​ផ្ដុំ​ចៀម​របស់​ទ្រង់ (យ៉ូហាន​ ១០:៧-១៨) ហើយ​ព្រះ​យេស៊ូវ​បង្ហាញ​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ដ៏​ល្អ​ ដោយ​ទ្រង់​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម​ ហើយ​ការ​ប្តូរ​ជីវិត​ជំនួស​យើង​គឺ​ជា​របៀប​ ដែល​ព្រះអង្គ​ប្រមូល​ផ្ដុំ​ចៀម​របស់​ទ្រង់។  ព្រះ​យេស៊ូវ​គឺ​ជា​ស្តេច​នៃ​នគរ​របស់​ព្រះ (ម៉ាថាយ​ ២៧:៣៧; កូល៉ុស​ ១:១៣)។  ដូច្នេះ​ ការ​ប្រកាស​ព្រះរាជសារ​នៃ​កណ្ឌ​មីកា​ ២:១២-១៣ គួរ​តែ​នាំ​យើង​អោយ​​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​ ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ​និង​ស្តេច​របស់​យើង។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top