Micah 2 pdf download
ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។
មីកាជំពូក២ អាចចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀនបាន ៖ ខ.១-៥, ខ.៦-១១ និង ខ.១២-១៣។
ខ.១-៥
នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា យើងគួរតែយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកាជាមុនសិន ប្រយោជន៍អោយយើងនឹងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504
ខ.១-២ បានពិពណ៌នាយ៉ាងច្បាស់អំពីបាបខ្លះនៅក្នុងសង្គមនៅស្រុកយូដានិងយេរូសាឡិម។ ខទាំងនេះបានបង្ហាញផងដែរថា ព្រះជាម្ចាស់ទតឃើញទាំងអស់ ទ្រង់ជ្រាបទាំងអស់ ហើយទ្រង់មានសេចក្ដីក្រោធចំពោះអំពើបាបរបស់ពួកគេ។ ខ.៣-៥ បង្ហាញអំពីលទ្ធផលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាប ដែលជាការលោភលន់និងសង្កត់សង្កិនរបស់ពួកគេ គឺព្រះអង្គនឹងដាក់ទោស ហើយពួកគេនឹងត្រូវអាម៉ាស់ និងខាតបង់ទ្រព្យសម្បត្តិ ដែលគេទទួលបានដោយការសង្កត់សង្កិនអ្នកដទៃ។
ខ. ៦-១១
ខ.៦-១១ បង្ហាញអំពីការឆ្លើយតបរបស់បណ្តាជននិងហោរាក្លែងក្លាយ ដោយប្រឆាំងនឹងព្រះបន្ទូល ដែលលោកមីកាបានប្រកាស។ នៅក្នុង ខ.៦-៧ ហោរាក្លែងក្លាយមិនចង់ឮព្រះរាជសារ ដែលលោកមីកាបានប្រកាសអំពីការវិនិច្ឆ័យនិងការដាក់ទោសពីព្រះអង្គទេ គឺពួកគេបដិសេធព្រះរាជសារនេះ។ ផ្ទុយទៅវិញ បណ្តាជនបានបន្តមានចិត្តលោភលន់និងប្រព្រឹត្តការសង្កត់សង្កិន (៨, ៩)។ ខ.១១ បង្ហាញថា បណ្តាជនចង់ស្ដាប់ហោរា ដែលប្រកាសអ្វីដែលគេចង់ឮ «បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំងអោយខ្ញុំផឹក ខ្ញុំនឹងទាយអោយស្ដាប់»។
ខ. ១២-១៣
ហោរាមីកាបានប្រកាសព្រះបន្ទូលមុនការនិរទេស ប៉ុន្តែនៅទីនេះគាត់បានទាយអំពីពេលអនាគតថា បន្ទាប់ពីការនិរទេស ព្រះជាម្ចាស់នឹងប្រមូលរាស្រ្តរបស់ព្រះទៅទឹកដីសន្យាវិញ ហើយលោកមីកាបានប្រើរូបភាពពីរគឺ អ្នកគង្វាល (ខ.១២) និងស្តេច (ខ.១៣)។
ការប្រកាសព្រះគ្រីស្ទ
មុនដំបូង ព្រះរាជសារនៅក្នុងកណ្ឌមីកាបានប្រកាសសម្រាប់ជនជាតិអ៊ីស្រាអែលនិងយូដាជាង ៧០០ ឆ្នាំមុនព្រះគ្រីស្ទ ប៉ុន្តែកណ្ឌនេះក៏នៅតែទាក់ទងនឹងគ្រីស្ទបរិស័ទនិងលោកិយនាបច្ចុប្បន្នកាលនេះផងដែរ។ ហោរាមីកាបានប្រកាសព្រះរាជសារថា ព្រះជាម្ចាស់ប្រឆាំងនឹងអំពើបាប ដូចជាការមានចិត្តលោភលន់និងការសង្កត់សង្កិន ហើយព្រះអង្គនឹងវិនិច្ឆ័យហើយបំផ្លាញ ដូចជាព្រះគ្រីស្ទនិងសញ្ញាថ្មីក៏បានប្រកាសថា មនុស្សមានបាប ហើយទ្រង់នឹងវិនិច្ឆ័យមនុស្ស ពីព្រោះគេមានបាប ដូចជាការមានចិត្តលោភលន់និងការសង្កត់សង្កិន ហើយមនុស្សនឹងវិនាសនៅក្នុងស្ថាននរកផងដែរ (ឧទាហរណ៍ ម៉ាថាយ ២៣:២៣-២៦; ២៥:៣១–៤៦; លូកា ៣:១០-១៤; ១កូរិនថូស ៦:១០; អេភេសូរ ៥:៣; កូល៉ុស ៣:៥-៦)។ ដូច្នេះ ទីបំផុតការវិនិច្ឆ័យនេះនឹងសម្រេចនៅថ្ងៃ ដែលព្រះយេស៊ូវយាងមកវិញ ហើយភារកិច្ចរបស់យើងសព្វថ្ងៃនេះគឺថា យើងត្រូវព្រមានមនុស្សអំពីការវិនិច្ឆ័យ ដែលនឹងមកដល់នៅថ្ងៃនោះ។ ព្រះយេស៊ូវ ហោរា និងគ្រូអធិប្បាយដ៏ពិតប្រាកដដែលមកពីព្រះ ប្រកាសប្រឆាំងនឹងអំពើបាប ហើយបង្គាប់មនុស្សអោយប្រែចិត្តដូចគ្នា។ រាស្រ្តរបស់ព្រះដ៏ពិតប្រាកដស្ដាប់ឮព្រះបន្ទូលនោះ ហើយប្រែចិត្ត។
ម្យ៉ាងទៀត នៅក្នុងសញ្ញាថ្មី យើងក៏ឃើញការឆ្លើយតបដូចគ្នាចំពោះហោរានិងគ្រូបង្រៀនដ៏ពិត ដូចនៅក្នុងមីកា ២:៦-១១ផងដែរ គឺមនុស្សមិនចង់ស្ដាប់ឮគ្រូ ដែលបានប្រកាសប្រឆាំងនឹងអំពើបាបរបស់គេឡើយ ប៉ុន្តែគេតែចង់ស្ដាប់ឮគ្រូ ដែលបង្រៀនអ្វីដែលគេចូលចិត្តវិញ (២ធីម៉ូថេ ៤:២-៤)។ ព្រះយេស៊ូវមានព្រះបន្ទូលថា លោកិយនឹងស្អប់ព្រះអង្គ ដោយព្រោះទ្រង់បានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (យ៉ូហាន ៧:៧) ហើយនៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមក ទ្រង់នឹងសំដែងពីអំពើបាបរបស់មនុស្សលោក (យ៉ូហាន ១៦:៥-១១)។ ដូច្នេះ គ្រូបង្រៀនទាំងអស់ ដែលបង្រៀនសេចក្ដីពិតតាមព្រះវិញ្ញាណបរិសុទ្ធ នឹងប្រកាសប្រឆាំងនឹងអំពើបាប ដូចជាហោរាមីកានិងព្រះយេស៊ូវផងដែរ។
មុនដំបូង សេចក្ដីសន្យានៅក្នុង កណ្ឌមីកា ២:១២-១៣ ត្រូវបានសម្រេច នៅពេលរាស្រ្តរបស់ព្រះបានមកទឹកដីសន្យាវិញ បន្ទាប់ពីការនិរទេស។ ប៉ុន្តែ សញ្ញាថ្មីបានអនុវត្តសេចក្ដីសន្យាទាំងនេះតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាអ្នកគង្វាលដ៏ល្អ ដែលប្រមូលផ្ដុំចៀមរបស់ទ្រង់ (យ៉ូហាន ១០:៧-១៨) ហើយព្រះយេស៊ូវបង្ហាញថា ទ្រង់គឺជាអ្នកគង្វាលដ៏ល្អ ដោយទ្រង់ស៊ូតែប្តូរជីវិតជំនួសចៀម ហើយការប្តូរជីវិតជំនួសយើងគឺជារបៀប ដែលព្រះអង្គប្រមូលផ្ដុំចៀមរបស់ទ្រង់។ ព្រះយេស៊ូវគឺជាស្តេចនៃនគររបស់ព្រះ (ម៉ាថាយ ២៧:៣៧; កូល៉ុស ១:១៣)។ ដូច្នេះ ការប្រកាសព្រះរាជសារនៃកណ្ឌមីកា ២:១២-១៣ គួរតែនាំយើងអោយប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលជាអ្នកគង្វាលដ៏ល្អនិងស្តេចរបស់យើង។
Leave a Reply